Tuesday, March 27, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា អ្នកឯងខុសច្បាប់ មិនមែនជារឿងនយោបាយទេ ឥឡូវមានភ័ស្តុតាងថ្មីមួយទៀតដែលអ្នកឯងកាត់ទឹកដីឱ្យពួកម៉ុងតាញ៉ាវៀតណាម!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំផ្ញើទៅថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិ និងក្រុមដែលបាត់បង់សិទ្ធិធ្វើនយោបាយ កុំសង្ឃឹមលើដំណោះស្រាយនយោបាយ និងកុំសង្ឃឹមលើអន្តរជាតិឱ្យសោះ ដោយលោកបានមានប្រសាសន៍បញ្ជាក់ថា «ឯងធ្វើខុសច្បាប់ រឿងរបស់ឯងត្រូវចូលគុក មិនមែនមនុស្សទាំងអស់ត្រូវជាប់គុកនោះទេ អ្នកឯងធ្វើខុសច្បាប់ អ្នកឯងទាស់ជាមួយច្បាប់ មិនមែនរឿងនយោបាយឯណា ដែលត្រូវដោះស្រាយរឿងនយោបាយ? ភ័ស្តុតាងនៅក្រឡាញ ឥឡូវភ័ស្តុតាងថ្មីមួយទៀតដែលអ្នកឯងកាត់ទឹកដីឱ្យពួកម៉ុងតាញ៉ា»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ២,១២៥នាក់ នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ។

សូមរំលឹកផងដែថាទណ្ឌិត សម រង្ស៊ី កាលជាប្រធានគណបក្សសង្គ្រោះជាតិ បានចុះកិច្ចព្រមព្រៀង ជាមួយឈ្មោះ កុក សរ មេដឹកនាំរដ្ឋដេហ្គា របស់ជនជាតិភាគតិចម៉ុងតាញ៉ា វៀតណាម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ នៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការកាត់ទឹកដី០៤ ខេត្ត ឲ្យជនជាតិដើមភាគតិតនោះគ្រប់គ្រង គឺខេត្តរតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ នៅពេលដែលគណបក្សសង្គ្រោះជាតិបានកាន់អំណាច។ ថ្មីៗបន្ទាប់ពីមានការបែកធ្លាយឯកសារកិច្ចព្រមព្រៀងខាងលើ ទណ្ឌិត សម រង្ស៊ី ក៏បានចេញមុខមកទទួលស្គាល់នៅក្នុងប្រព័ន្ធឃោសនាក្រុមប្រឆាំង និងបានប្រកែកថា ជាការចុះហត្ថលេខាផ្តល់សិទ្ធិជាមូលដ្ឋានឱ្យជនជាតិដើមភាគតិចខ្មែរទៅវិញ។

ឆ្លើយតបនឹងការប្រកែកដោះសារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «លោកឯងចេញមកទទួលស្គាល់ហើយ រួចលោកឯងប្រកាសថាអាហ្នឹងជាសិទ្ធិ នៃជនជាតិដើមភាគតិច ប៉ុន្តែខ្ញុំចេញជាសំណួរសួរប្រជាជនកម្ពុជាថា នៅកម្ពុជាមានជនជាតិម៉ុងតាញ៉ាឬអត់ ហើយចាំបាច់អីចុះហត្ថលេខាមានទង់ជាតិរហូតដល់ទៅ ៣ ទង់ជាតិអាមេរិកកាំងនៅកណ្តាល ទង់ជាតិខ្មែរតំណាងឱ្យអាក្បត់ជាតិនេះ និងទង់ជាតិមួយទៀតតំណាងឱ្យអា កុក ស ដែលជាមេនៃរដ្ឋដេហ្គា របស់ជនជាតិម៉ុងតាញ៉ា បើខ្មែរនិងខ្មែរហេតុអ្វីចុះហត្ថលេខា? កុក ស អត់ចេះនិយាយខ្មែរសូម្បីតែមួយម៉ាត់? បើសិនជាខ្មែរនិងខ្មែរមែនហេតុអ្វីបានជាមានទង់ជាតិ២? ស្របពេលដែលរដ្ឋធម្មនុញ្ញយើងមិនអនុញ្ញាតិឱ្យមានអប្បគម សូម្បីតែនៅក្នុងសម្បថនៃ សមាជិកតំណាងរាស្ត្រ អត់មាននិយាយរឿងអនុញ្ញាតិឱ្យមានអប្បគមទេ»។

លោកនាយករដ្ឋមន្ត្រីបានចោទជាសំនួរថា «ខ្ញុំសូមសួរបងប្អូនយើង តើប្រទេសយើងមានជនជាតិភាគតិចឈ្មោះថា ម៉ុងតាញ៉ាឬទេ? ដែលលឺទេ? យើងធ្លាប់តែលឺ ស្ទៀង ភ្នង ចារ៉ាយ កញ្ចក់ ទំពួន គួយ យើងធ្លាប់លឺ ប៉ុន្តែម៉ុងតាញ៉ាយើងមិនដែលលឺទេ ហេតុអ្វីបានជាប្រគល់ឱ្យគេស្វ័យភាព ៤ខេត្តមាន រតនគិរី មណ្ឌល់គិរី ស្ទឹងត្រែងនិងក្រចេះ រឿងនេះអត់តូចទេលោក កុំយកសិទ្ធិជាមូលដ្ឋាន សិទ្ធិជាមូលដ្ឋានយើងធ្វើបានតែជាមួយនឹងជនជាតិស្ទៀង ភ្នង ចារ៉ាយ ទំពួន កញ្ចក់ ដែលមាននៅក្នុងសញ្ជាតិកម្ពុជា តែរឿងម៉ុងតាញ៉ា គឺជាជនជាតិភាគតិចរបស់វៀតណាមទេ»៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ពីមូលហេតុនៃការឃ្លាតគ្នានៃវប្បធម៌សន្ទនា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីមូលហេតុនៃការឃ្លាតគ្នានៃវប្បធម៌សន្ទនា រហូតលោកប្រកាសដាច់ខាតមិនចរចា និងគ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសឱ្យក្រុមពួកក្បត់ជាតិ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុបនាវិទ្យាស្ថានជាតិអប់រំ។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងពីមូលហេតុចំបងមួយចំនួន ១ អំពីរឿងសីលធម៌ ដោយបានប្រមាថភរិយារបស់លោកថាជា ភរិយាមេដឹកនាំវៀតណាម បានប្រមាថកូនប្រុសច្បងរបស់លោកថាជាកូនរបស់មេដឹកនាំវៀតណាម និងការដែលបានជេរប្រមាថរូបលោក ដែលការប្រមាថនេះម្តងហើយម្តងទៀត ដោយលោកបានផ្តល់ឱកាសឱ្យបដិសេធ តែមិនមានការបដិសេធនោះទេ។ ២ អំពីការដែលដុតរូបលោក(ទីងមោង) ជាច្រើន នៅគ្រប់ទីកន្លែង រហូតមានការខាបព្រលឹងរូបលោក និង៣ ការដែលបានប្រកាសថា ពេលនេះ ហ៊ុនសែន ត្រូវកងទ័ពប្រឆាំង ក្នុងគណបក្សក៏ប្រឆាំង រដ្ឋបាលក៏ប្រឆាំង ប្រជាជនក៏ប្រឆាំង ដែលនេះជាការញុះញង់ឱ្យមានការបះបោរធ្វើបដិវត្តន៍។

ការព្រហើនរបស់ក្រុមប្រឆាំងទាំងនេះហើយ ទើបធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាច់ខាតអត់ចរចា និង គ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសឱ្យក្រុមពួកក្បត់ជាតិនេះទេ៕






ប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ចុះពិនិត្យសាលារៀនពីរខ្នងនៅ ស្រុកបន្ទាយមាស ដែលជាអំណោយរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន

កំពត៖ លោក ជិន ប៊ុនធឿន លេខាលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងជាប្រធានសម្ព័នយុវជនស្រលាញ់ សន្តិភាពសាខារាជធានីភ្នំពេញ និងលោក ដេវិដ ឆាណាយវ៉ា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ដឹកនាំក្រុម ការងារចុះទៅមើលការដ្ឋានសាងសង់សាលារៀនពីរខ្នង ដែលមានទីតាំងស្ថិតនៅភូមិពេជ្ជនា ឃុំបន្ទាយមាស ខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។

អំណោយសាលារៀនពីរខ្នងនេះ គឺជាអំណោយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន។ ក្នុងឱកាសនោះដែរ លោក ជិន ប៊ុនធឿន និងលោក ដេវិដ ឆាណាយវ៉ា បានផ្តាំផ្ញើដល់ក្រុមជាង ទាំងអស់ឲ្យយកចិត្តទុកដាក់ ធ្វើការងារធ្វើយ៉ាងណាឲ្យសំណង់មានគុណភាពខ្ពស់ នឹងសង់រួចរាល់មុនបំណាច់ ខែឧសភា ខាងមុខនេះផងដែរ ៕




លោក ហ៊ុន សែន បញ្ជាក់ថា ការញុះញង់ឱ្យកងទ័ពបះបោរប្រឆាំងរដ្ឋាភិបាល មានន័យថា​ រដ្ឋប្រហារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ក្នុងជំនួបពិភាក្សាការងាររជាមួយលោក ខេនថារ៉ូ សូណូរីឡា សមាជិកសភា និងជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ លោកបាននិយាយថា «ខ្ញុំថាឯកឧត្តម ទង្វើឱ្យកងទ័ពបះបោរប្រឆាំងរដ្ឋាភិបាលមានន័យថាម៉េច? មានន័យថារដ្ឋប្រហារ បើកាលណាកងទ័ពចេញមកដើម្បីផ្តួលរដ្ឋាភិបាលវាមានន័យថា រដ្ឋប្រហារ អញ្ចឹងទោសឯងមួយជាន់ទៀត»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ២,១២៥នាក់ នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ។

សូមរំលឹកថា ជាច្រើនលើកច្រើនសារ ទណ្ឌិត សម រង្ស៊ី បានធ្វើការអំពាវនាវពីក្រៅប្រទេស ឱ្យកងកម្លាំងប្រដាប់អាវុធ បែរចុងកាណុង ងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ហើយទង្វើរនេះ ត្រូវបាននាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅបានថ្លែងនៅក្នុងសន្នីីទសារព័ត៌មានថា មិនសុខចិត្តចំពោះការអំពាវនាវរបស់ លោក សម រង្ស៊ី ឡើយ លោកថា ការអំពាវនាវនេះ បានធ្វើឱ្យខុសវិន័យ និងលក្ខន្តិកៈកងទ័ព និងរដ្ឋធម្មនុញ្ញ ហើយកងទ័ពត្រូវតែតស៊ូតាមផ្លូវច្បាប់ចំពោះករណីនេះ ហើយបន្ទាប់មកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៊ី ដែលញុះញង់ឱ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលស្របនៃកម្ពុជា ដោយ ទណ្ឌិតសម រង្ស៊ី ត្រូវបានចោទប្រកាន់ចំនួនពីរបទល្មើស គឺបទ”ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ និងធ្វើឱ្យខូចទឹកចិត្តកងទ័ព”តាមមាត្រា៤៧១និងមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ៕





(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាច់ខាតមិនចរចាជាមួយពួកក្បត់ជាតិ និងគ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសឱ្យក្រុមពួកក្បត់ជាតិនេះទេ!

កងទ័ពកម្ពុជា-ចិន ស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បី ជួយសង្គ្រោះជីវិតមនុស្ស

កំពង់ស្ពឺ៖ ដើម្បីរួមគ្នាក្នុងការជួយសង្គ្រោះអ្នកដែលមានបញ្ហា ជួបគ្រោះថ្នាក់ ឬខ្វះឈាមផ្សេងៗ ព្រមទាំង ទទួលបានការអនុញ្ញាត ពីក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានចូលចួមបរិច្ចាគឈាមជូនដល់ មជ្ឈមណ្ឌលជាតិ ផ្ដល់ឈាម នៅក្នុងសាលាហ្វឹកហ្វឺនកងពលតូចលេខ៧០ភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ។ ការបរិច្ចាគឈាមនេះបាន ធ្វើឡើងស្របតាម គោលបំណងនៃសមយុទ្ធយោធានាគមាសឆ្នាំ២០១៨ រវាងកងទ័ពប្រទេសទាំងពីរ គឺប្រឆាំងភាវកម្ម និង ដើម្បីមនុស្សធម៌។

សូមបញ្ជាក់ថា បើយោងតាមលោក ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា ធ្លាប់បានថ្លែងថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាពិតជាមានត្រូវការខ្ពស់ ក្នុងការសេវាផ្តល់ឈាម និងខ្វះធនធានបុគ្គលិកផ្នែកនេះ។ លោកបានបញ្ជាក់ទៀតថា នៅរៀងរាល់ថ្ងៃមជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា ត្រូវការឈាមចំនួន២០០ប្លោក ដើម្បីយកទៅពិនិត្យរកមេរោគ ឬកែច្នៃឈាមទាំងនោះ ឲ្យសមស្របទៅតាមបច្ចេកបន្ថែម មុននឹងបញ្ជូនទៅ កាន់មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋនានា នៅក្នុងកម្ពុជា។

ការផ្ដល់ឈាមពិតជាមានសារៈសំខាន់ ខ្លាំងណាស់ក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្សឲ្យរួចផុតពីសេចក្ដី ស្លាប់។ ក្នុងនោះដែលមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជ រដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរដែលបានរៀបចំសមយុទ្ធនេះឡើង ៕






អភិបាលខេត្តត្បូងឃ្មុំ បានធ្វើ​ការចែកពូជស្រូវក្រអូបដល់ប្រជាកសិករ ក្នុងសហគមន៍កសិកម្ម​នាងទាវ ក្នុងគម្រោងជំរុញ​ផលិត​​​កម្មស្បៀង

(ត្បូងឃ្មុំ)៖នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានធ្វើ​ការចែកពូជស្រូវក្រអូបដល់ប្រជាកសិករ ក្នុងសហគមន៍កសិកម្មនាងទាវ ក្នុងគម្រោងជំរុញ​ផលិត​​​កម្មស្បៀង ស្ថិតក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោក លី ឡេង បានឲ្យដឹងថា ក្រោមការយក​ចិត្តទុកដាក់​ខ្ពស់ពី​សំណាក់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចផ្តល់ហិរញ្ញប្បទាន​ថវិការជាតិ​ទាំង​ស្រុង​២០​​លានដុល្លារអាមេរិក ដើម្បីជំរុញផលិតកម្មស្រូវក្រអូប និងបន្លែសុវត្ថិភាព នៅក្នុងខេត្ត​ចំនួន​១១ ដោយគិតគូរពីការផ្សារភ្ជាប់ទីផ្សារ ក្នុងនោះមានខេត្តត្បូងឃ្មុំផងដែរ ។

លោក លី ឡេង បន្តថា ដោយឡែក នាពេលនេះ ប្រជាកសិករដែល​ជាសមាជិក​សហគមន៍​កសិកម្មចំនួន១១៣គ្រួសារ នឹងទទួលបានពូជស្រូវក្រអូប ៩៧,៥០០គីឡូក្រាម សម្រាប់​អនុវត្ត​លើផ្ទៃដី ៦៥០ហិកតា ដែលឧបត្ថម្ភមួយចំនួនពីរាជរដ្ឋាភិបាល ដើម្បីយកទៅសាបព្រួស តាម​ស្រែ​រៀងៗខ្លួន ហើយសង្ឃឹមថានឹងទទួលបានទិន្នផលល្អជាទីគាប់ចិត្ត។

លោកអភិបាលខេត្ត ក៍បានធ្វើការជំរុញដល់មន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តត្បូងឃ្មុំ បន្តយកចិត្តទុកដាក់ណែនាំបច្ចេកទេសថ្មីៗ ដល់ប្រជាកសិករ ព្រម​ទាំង​តាមដានត្រួតពិនិត្យជួយអន្តរាគមន៍ អោយបានទាន់ពេលវេលា ក្នុងករណី មាន​លេច​ចេញ​នូវជំងឺ ឬសត្វល្អិតយាយីដល់ដំណាំស្រូវរបស់កសិករ ជាពិសេសអាជ្ញាធរដែនដីស្រុក ឃុំ ភូមិ ក៍ត្រូវតាមដាន និងរាយការណ៍ជាបន្ទាន់ទៅមន្ត្រីជំនាញ ក្នុងករណីជួបនូវបញ្ហា និងការ​លំបាក​ក្នុងផលិតកម្មកសិកម្ម ព្រោះថា “ការលំបាករបស់ប្រជាកសិករ គឺជាការលំបាក​របស់​រាជរដ្ឋាភិបាល និងយើងទាំងអស់គ្នា” ។

បើតាម លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨នេះ គម្រោងជម្រុញផលិតកម្មស្បៀង របស់មន្ទីរ បានពង្រីក​ទំហំ​ផលិត​កម្មពូជស្រូវ ចំនួន៩៦គ្រូសារ លើផ្ទៃដី៥៧ហិកតា និងផលិតស្រូវចំណី ជាង១០០០​គ្រួសារ លើផ្ទៃដីជាង១៦៦០ហិកតាបន្ថែមទៀត ហើយពូជដែលប្រើប្រាស់ មានពូជសែន​ក្រអូប​(ស្រូវរយៈពេលខ្លី) និងស្រូវផ្ការំដួល(ស្រូវកណ្តាល) ។

លោក បន្តថា នាថ្ងៃនេះ ប្រជាកសិករចំនួន១១៣គ្រួសារ នឹងទទួលបានពូជស្រូវសុទ្ធល្អ ពី​គម្រោងជំរុញផលិតផល ដោយ១ហិចតា កសិករនឹងទទួលបានពូជស្រូវក្រអូប ចំនួន​១៥០​គីឡូក្រាម ដើម្បីជួយដោះស្រាយការលំបាក លើការចំណាយប្រាក់ទិញពូជនេះ ក្នុងការដាំដុះ ។ តាមគម្រោងពូជនេះមានតម្លៃ៣០០០ពាន់រៀល ក្នុង១គីឡូក្រាម ប៉ុន្តែរាជរដ្ឋាភិបាល តម្រូវ​អោយប្រជាកសិករចំណាយត្រឹមតែ ១០០០ពាន់រៀល ក្នុង១គីឡូក្រាម ចំណែក​២០០០ពាន់​រៀល​​​​ទៀត ជាការឧបត្ថម្ភធនពីរាជរដ្ឋាភិបាល ៕




(Live) សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពបិទសន្និបាតសុខាភិបាល ប្រចាំឆ្នាំលើកទី៣៩

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញ គោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ ឯម សំអាន

លោកស្រី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងគោរពវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ៦:៤៥នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។

សពនាយឧត្តមសេនីយ៍ ឯម សំអាន ត្រូវបានតម្កល់ទុកធ្វើបុណ្យ ទក្ខិណានុប្បទានតាមប្រពៃណី និងសាសនា នៅគេហដ្ឋានលេខ១៦៨ ផ្លូវលេខ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពនឹងត្រូវដង្ហែឆ្ពោះទៅកាន់ឈាបនដ្ឋាន នៅទីលានមុខវត្តបទុមវតី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៧:០០នាទីព្រឹក។

សូមរំលឹកថា នាយឧត្តមសេនីយ៍ ឯម សំអាន ទទួលមរណភាពជន្មាយុ៧១ឆ្នាំ នៅម៉ោង ៦:៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ ហើយសពដឹកតាមយន្តហោះពីទីក្រុងបាងកក មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី២៥ ខែមីនា ឆ្នាំ២០១៨។

នាយឧត្តមសេនីយ៍ ឯម សំអាន ក៏ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានកៀកស្មាជាមួយ ឥស្សរិយនយោបាយជាន់ខ្ពស់កម្ពុជាដទៃទៀត តស៊ូប្រយុទ្ធរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ និងជាបន្ដ បន្ទាប់ប្រឹងស្រោចស្រង់ និងអភិវឌ្ឍន៍ជាតិកម្ពុជា ពីស្ថានភាពដ៏សែនលំបាកឆ្ពោះមករកវឌ្ឍនភាព មកដល់ ពេលបច្ចុប្បន្ន ៕












លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាជប៉ុនមិនបានកៀបសង្កត់ឬដាក់សម្ពាធណាមួយឱ្យមានការចរចាជាមួយក្រុមមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងជំនួបជាមួយបេសកកម្មជនជប៉ុន ដែលជាទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន មិនបានកៀបសង្កត់ ឬដាក់សម្ពាធណាមួយ ឱ្យមានការចរចាជាមួយក្រុមមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិនោះឡើយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុបសរុប ២,១២៥នាក់ ក្នុងនោះនារី៧៥៩នាក់ នាវិទ្យាស្ថានជាតិអប់រំ។

ជាមួយគ្នានោះលោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា « ខ្ញុំអត់មានសិទ្ធិចរចាទេ ព្រោះខ្ញុំត្រូវគោរពនូវសាលក្រមតុលាការ បើសិនជាខ្ញុំចរចា នោះខ្ញុំនឹងត្រូវជាប់ទោសខ្លួនឯង។ អ្នកដែលប្រឆាំងនឹងសាលក្រមតុលាការកំពូល នឹងត្រូវមានទោសជាប់គុក ២ឆ្នាំកន្លះ» ។

លើសពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ជប៉ុន បញ្ជាក់ហើយបញ្ជាក់ទៀតអំពីបញ្ហាគោរពអធិបតេយ្យជាតិ របស់កម្ពុជា បន្តផ្តល់ជំនួយ និងសហការ ជប៉ុនមិនបានគាបសង្កត់អ្វីនោះទេ ។ បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បានបញ្ជាក់ថា នៅសប្តាហ៍ក្រោយនឹងមានជំនួបរវាងលោក ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ហើយក៏នឹងមានការចុះហត្ថលេខាលើការផ្តល់ជំនួយ របស់ជប៉ុន មកដល់កម្ពុជា មិនមែននិយាយរឿងអតីតបក្សសង្គ្រោះជាតិនោះឡើយ៕





ប្រធាន គ.ជ.ប អនុញ្ញាតឱ្យ ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា ចូលជួបដើម្បីស្តាប់របាយការណ៍ ដែលសមាគមន៍នេះចូលរួមសង្កេតការណ៍បោះឆ្នោតព្រឹទ្ធសភា

នាព្រឹកថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨ ស្អែកនេះ លោក ស៊ិក ប៊ុនហុក ប្រធាន​ គ.ជ.ប នឹងជួបពិភាក្សា​ការងារ​ជាមួយ លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា នៅទីស្តីការ គ.ជ.ប ដើម្បីស្តាប់​របាយការណ៍​សង្កេតការណ៍ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភារបស់ សមាគមនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប នៅថ្ងៃទី២៧ ខែមីនានេះ។

សេចក្តីប្រកាសបានបញ្ជាក់ថា ជំនួបនេះ គឺជាឱកាសដែលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នឹងធ្វើ​របាយការណ៍ជូន គ.ជ.ប ស្តីពីការងារសង្កេតការណ៍បោះឆ្នោតរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៤​។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៤​ កាលពីខែកុម្ភៈ កន្លងទៅនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏បានដាក់អ្នកសង្កេតការណ៍ជាង៤០នាក់ផងដែរ ដើម្បីឃ្លាំមើលសកម្មភាព​ក្នុងថ្ងៃបោះឆ្នោត។ សមាគមនេះ ក៏បានអបអរសាទរចំពោះលទ្ធផលដ៏ល្អ នៃការបោះឆ្នោតនេះផងដែរ ៕


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាច់ខាតមិនចរចាជាមួយពួកក្បត់ជាតិ និងគ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសឱ្យក្រុមពួកក្បត់ជាតិនេះទេ!

«២មិន ១មាន ឬ ២អត់ ១មាន» គឺជាពាក្យខ្លី តែមានន័យជ្រៅ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង សំដៅទៅលើ ការមិនចរចា និងមិនបន្ធូបន្ថយ ឬលើកលែងទោសឱ្យក្រុមក្បត់ជាតិ ប៉ុន្តែមានការបោះឆ្នោតប្រព្រឹត្តទៅជាធម្មតានៅប្រទេសកម្ពុជា ដោយលោកបានប្រកាសថា «ឥឡូវនិយាយពីបញ្ហាចរចា ប្រកាសដាច់ខាតអត់ចរចាប្រាប់ឱ្យហើយ ខ្ញុំបញ្ជាក់តែពីរចំណុចទេ ទី១គ្មានការចរចាជាមួយពួកក្បត់ជាតិ ទី២ គ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសឱ្យក្រុមពួកក្បត់ជាតិនេះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ២,១២៥នាក់ នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថាចំពោះអ្នកដែលនៅមានសិទ្ធិធ្វើនយោបាយអាចទៅចូលរួមជាមួយគណបក្សដទៃបាន ឬក៏បង្កើតគណបក្សនយោយបាយថ្មីបាន ដើម្បីទៅចូលរួមបោះឆ្នោត ព្រោះគ្មានការចរចាកើតឡើងនោះទេ ដោយសារផ្លូវច្បាប់មិនអនុញ្ញាតិ ដោយលោកបានលើកឡើងថា «សម្រាប់សិទ្ធិដែលខ្ញុំមាន គឺសិទ្ធិចុះហត្ថលេខា សុំទៅព្រះមហាក្សត្រដើម្បីលើកលែងទោស ឱ្យអ្នកដែលបានជាប់គុកដោយសាលដីការតុលាការស្ថាពរ»។




សាលាឧទ្ធរណ៍​ នៅ​តែ​បន្ត​សវនាការ ប្រឆាំងនឹងការពន្យារពេលឃុំខ្លួនរបស់លោក កឹម សុខា

លោក​មេធាវី​ សំ​ សុគង់​ បានថ្លែង​ប្រាប់ឱ្យដឹងថា​ សវនាការ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ លើសំណុំរឿង ប្តឹងប្រឆាំងនឹងការពន្យារពេលឃុំខ្លួនរបស់ លោក កឹម សុខា នៅ​តែ​បន្ត​ធ្វើជាធម្មតា នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៨​ នេះ​ ទោះបីជា​អវត្តមាន​ជនជាប់ចោទយ៉ាងណាក៏ដោយ ប៉ុន្តែករណីនេះ មិនបានខុសនឹងនីតិវិធីទេ។

បើតាម​ដីកា​អញ្ជើញ​ លោក​មេធាវី​ សំ​ សុគង់​ ឱ្យចូលរួម​សវនាការ​ បានបង្ហាញ​ថា​ សវនាការ​នេះ​ នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨:០០ព្រឹក​ សាល​សវនាការ​ទី៣​ លើ​បទ​ចោទប្រកាន់​ សន្ធិដ្ឋិភាពជាមួយ​បរទេស​ ឬ​ ហៅ​ថា​បទល្មើស​ក្បត់​ជាតិ​ ហើយលោក កឹម សុខា ត្រូវបានរំពឹងថា នឹងចូលសវនាការនៅព្រឹកនេះដែរ។

លោក​មេធាវី ​សំ​ សុគង់​ អះអាងថា​ កម្មវត្ថុ​សំខាន់​នៃ​សវនាការ​នេះ​ គឺ​ក្រុម​មេធាវី​ប្តឹង​ប្រឆាំង​នឹង​ដីកា​សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​៦ខែ ​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ ក្រុម​មេធាវី​ថ្លែងថា​ ការ​សម្រេច​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ គឺ​ មិន​ត្រឹម​ត្រូវ​ ហើយ​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​។ ប៉ុន្ដែ​យោង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ កំណត់​ថា​ ជនណា​ជាប់​ចោទ​បទ​ឧក្រិដ្ឋ​ គឺ​ចៅក្រម​ស៊ើបសួរ​អាច​ពន្យារ​ពេល​នៃ​ការ​ឃុំ​ខ្លួន​បាន​ ដោយ​មាន​សំអាង​ហេតុ​ និង​មូលហេតុ​ច្បាស់លាស់​។

គួរ​រំលឹក​ថា លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំហើយ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ព្រះរាជ​អាជ្ញា​៣រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុង ដើម្បី​សាកសួរ​លោក កឹម សុខាដោយ​ការ​សាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង៥​រូប របស់​លោក កឹម សុខា ផងដែរ ៕



សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ចេញសេចក្ដីថ្លែងការណ៍ បកអាក្រាតការឆបោកសិល្បករទៅសម្ដែងនៅ​អូស្ដ្រាលី

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ បានចេញសេចក្ដីថ្លែងការណ៍ បកអាក្រាតអំពើឆបោកសិល្ប​ករទៅសម្ដែងនៅប្រទេសអូស្ដ្រាលី ដែលចូលរួមជាមួយក្រុមប្រឆាំង និងសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដោយមានសកម្មភាពជាប្រព័ន្ធជាមួយ លោក ហុង លឹម ប្រធានសហព័ន្ធខ្មែរអូស្រ្ដាលីសាជីវកម្ម លោក ជា យូហន ប្រធានសមាគខ្មែររដ្ឋវិចតូរីយ៉ា និងកញ្ញា ដារា នីតា តាមរយៈ អង្គការ IKARE ដើម្បីកុំឲ្យសិល្បករកម្ពុជាបន្ដចាញ់បោក។
បើតាមសេចក្ដីថ្លែងការណ៍ ដែលទទួលបានបញ្ជាក់ថា កញ្ញា តារា នីតា បានធ្វើការបញ្ចុះបញ្ជូលសិល្បករ សិល្បការិនីជាច្រើនរូបមកហើយ ឲ្យទៅច្រៀង និងសម្ដែងទៅប្រទេសអូស្ដ្រាលីដែលជ្រកក្រោមស្លាកការ ប្រគុំតន្ដ្រីមនុស្សធម៌ ដោយមិនបានប្រាប់ការពិត ដល់ពួកគាត់ត្រង់នោះទេ ក្រុមល្មើសច្បាប់ទាំងនេះដែល ប្រមូលផ្ដុំតាមរយៈ អង្គការ IKARE បានធ្វើការគាំទ្រនូវសកម្មភាពបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។
សេចក្ដីថ្លែងការណ៍បន្ថែមថា ក្រុមបាតុករទាំងអស់បានរៀបចំកម្មវិធីជប់លៀងដោយបាន អញ្ជើញតារាប្រុស ស្រីពីប្រទេសកម្ពុជា ឲ្យចូលរួមនឹងបានធ្វើការបញ្ជ្រាប នូវសារនយោបាយ និងយកសិល្បករ សិល្បការិនី ដើម្បីអូសទាញប្រជាប្រិយភាព ប្រសិនបើបងប្អូនមិត្តសិល្បករ សិល្បការិនីទាំងអស់ចូលរួម ឬគាំទ្រសកម្មភាព នោះ មានន័យថា បងប្អូនបានចូលរួមសកម្មភាពក្បត់ជាតិនឹងចលនាក្រុមប្រឆាំង។

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នឹងសិក្សានីតិវិធីច្បាប់លើ កញ្ញា តារា នីតា ក្នុងករណីខាងលើនេះ និងសូមអំពាវនាវដល់សមាជិកទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការអញ្ជើញទៅច្រៀង និងសម្ដែងទៅក្រៅប្រទេសដែលជ្រកក្រោមស្លាកតន្ដ្រីមនុស្សធម៌ ៕​


លោក សុខ ឥសាន បង្ហាញពីជ័យជម្នះរបស់ទណ្ឌិត សម រង្ស៊ី 

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ​ លោក សុខ ឥសាន អ្នកនាំពាក្សគណបក្ស​ប្រជាជន​កម្ពុជា បាន​​លើកឡើងថា    ជាវប្បធ៌មរបស់ សម រង្ស៊ី ចាប់តាំងពីចូលប្រឡូកក្នុងនយោបាយមក សម រង្ស៊ី ស្រែកថាឈ្នះរហូត គឺមិនដែលស្រែកថាចាញ់ម្តងណាទេ ។ ប៉ុន្តែការឈ្នះរបស់ សម រង្ស៊ី បានបង្ហាញច្បាស់តាមរយៈ៖

១-បានធ្វើជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ១៩៩៣ បានឈ្នះធ្លាក់ពីតំណែងនៅ ឆ្នាំ១៩៩៤ ។

២- បង្កើតគណបក្សជាតិខ្មែរ នៅឆ្នាំ១៩៩៥ បានឈ្នះដូរឈ្មោះបក្សទៅជាគណបក្ស សម រង្ស៊ី វិញ ។

៣-ដឹកនាំធ្វើ​បាតុកម្មប្រឆាំងនឹង​លទ្ធផលបោះ​ឆ្នោតឆ្នាំ១៩៩៧​ បានឈ្នះធ្វើ​ឲ្យមនុស្សស្លាប់​ជាង​១៤​នាក់ និងរបួសរាប់សិបនាក់ ។

៤-ចូលរួមការប្រកួតប្រជែងបោះឆ្នោតចាប់ពីឆ្នាំ១៩៩៨ រហូតដល់២០១៣ ទោះ​បីបាន​សម្លេង​ឆ្នោត​ខ្លះ តែនៅតែចាញ់គណបក្សប្រជាជនកម្ពុជាដដែល នេះហៅថាឈ្នះរបស់សម រង្ស៊ី ?

៥-សម រង្ស៊ី ឈ្នះតាំងពីធ្វើជាប្រធានគណបក្ស មកអស់តួនាទី អស់តំណែង រហូតអស់ជា​សមាជិ​បក្ស ឈ្នះពីមានសិទ្ធិជាពលរដ្ឋធម្មតា មកជាទណ្ឌិត ឈ្នះតាំងពីនៅក្នុង​ស្រុករហូតរត់​ចោល​ស្រុក ពនេចរ កណ្តោចកណ្តែងឯនាយសមុទ្រ គ្មានកោះត្រើយ ។

៦-ឈ្នះតាំងជាអ្នកប្រជាធិបតេយ្យ ក្លាយទៅជាអ្នកអនាធិបតេយ្យ ធ្វើ​សកម្មភាព​ឧទ្ទាម​និយម​ក្រៅ​ច្បាប់ ដើរញុះញង់គ្រប់ទីកន្លែងប្រឆាំងនឹងជាតិសាសន៍ឯងគ្មានស្រាកស្រាន ។

៧-ឈ្នះតាំងពីនៅជាអ្នកនយោបាយក្លាយទៅជាជនក្បត់ជាតិ ដើ​រតាមលំអាន​ត្រកូលក្បត់​ជាតិ​ខ្លួន​​រ​ហូតដល់ប្រព្រឹត្តអំពើសន្និដ្ឋិភាពជាមួយបរទេស និងហ៊ានចុះកិច្ច​ព្រមព្រៀង​កាត់ដី៤​ខេត្តឲ្យ​យួន​សេរីកាន់កាប់ដែលជាទោសក្បត់ជាតិពេញទី ។

៨-បង្កើតក្រុមឧទ្ទាមក្រៅច្បាប់ ប្រឆាំងនឹងប្រទេសខ្លួនឯង ដែលជាទោសក្បត់ជាតិថែមលើថែម ។

៩-ឈ្នះតាំងពីមានដៃគូសន្ទនារហូតដល់អស់ដៃគូសន្ទនា ដោយសារខ្លួនឯង​បំផ្លាញវប្បធម៌​សន្ទនា​ចោល ឥឡូវមុខឆ្កែស្រែជម្រៅមករកសុំចរចា ។

លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា     ទាំង៩ចំណុចខាងលើនេះ គឺជាជ័យជម្នះរបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួកដែលមួយថ្ងៃព្ញតែឈ្នះៗរហូតអស់គូថខោ ហៅលែងព្ញតែម្តង ។ លោកសុខ ឥសាន ក៏បាន​ជូន​ពរ​ឲ្យ​ទណ្ឌិត សម រង្ស៊ី និងបក្សពួកបន្តឈ្នះដោយបរាជ័យរហូត៕


មន្ត្រីជាន់ខ្ពស់រាជបណ្ឌិតសភាកម្ពុជា លើកឡើងថា កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ ក្រោយឆ្លងកាត់សង្គ្រាមរាប់ទសវត្ស

នៅរសៀលថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានអញ្ជើញជាអធិបតីក្នងពិធីចម្លាក់ឈើ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ផងដែរ។

លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា កម្ពុជានាពេលបច្ចប្បន្ន ពោរពេញដោយស្នាមញញឹម សន្តិភាពនិងការរស់ឡើងវិញរបស់កម្ពុជា ពីព្រោះថា កាលពី៣៥ឆ្នាំមុន នៅកម្ពុជាពោរពេញទៅដោយសង្គ្រាម និងជាសមរភូមិប្រយុទ្ធ ផ្ទុយទៅវិញនៅពេលនេះ កម្ពុជាជាពិសេសខេត្តសៀមរាប បានក្លាយទៅជាកន្លែងជួបជុំគ្នាគ្រប់ជាតិសាសន៍ បង្ហាញនូវវប្បធម៌សន្តិភាព និងក្លាយទៅជាកន្លែងសន្តិភាព មិត្តភាព ធ្វើឱ្យពិភពលោកក្លាយទៅជាពិភពលោកយើងទាំងអស់គ្នា។ ស្នាមញញឹមរបស់កម្ពុជានៅពេលនេះ មិនមែនស្នាមញញឹមនៅលើផ្ទាំងថ្មទៀតទេ គឺញញឹមដោយសុខសន្តិភាព និងញញឹមដោយក្តីស្រឡាញ់ ។

ក្នុងនាមប្រធានរាជបណ្ឌិតសភាកម្ពុជា និងក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាលនៃកម្ពុជា លោកបានថ្លែងអំណរគុណ ដល់ក្រុមការងារជាងឈើ ជាងចម្លាក់ តន្រ្តីករ សិល្បករ សិល្បការិនីជាតិ អន្តរជាតិ ទាំង១០០ប្រទេស ដែលបានចូលរួមបង្ហាញនូវទឹកដៃដ៏មានប្រសិទ្ធភាព ដែលទឹកដៃទាំងអស់នេះ បានផ្ញើជូនទៅដល់ប្រជាជននៅលើពិភពលោកថា កម្ពុជាពិតជាមានសន្តិភាព បើគ្មានសន្តិភាពទេ មិនអាចមកជួបជុំគ្នានៅកម្ពុជាបាននោះទេ ។

លោកក៏បានថ្លែងអំណរគុណ ដល់អង្គការសង្គមវប្បធម៌ឈើអន្តរជាតិ  ដែលហៅកាត់ថា ( IWCS ) អង្គការសហព័ន្ធអន្តរជាតិនៃការស្រាវជ្រាវផ្នែករុក្ខកម្ម ( IUFOR ) និងមូលនិធិទិវាចម្លាក់ឈើពិភពលោក ( WWDF ) ដែលបានជួយឲ្យការបង្ហាញនូវស្នាដៃដ៏វិចិត្ររបស់ខ្លួន ស្តីពីការប្រើប្រាស់ចម្លាក់លើឈើបានទទួលលទ្ធផលល្អ និងជោគជ័យ។

លោក សុខ ទូច មានប្រសាសន៍បន្ថែមថា អ្នកនយោបាយអាចបង្កើតព្រំដែននយោបាយបានប៉ុន្តែ សិល្បៈ វប្បធម៌ និងចម្លាក់គឺគ្មានព្រំដែនទេ។ តាមការសង្កេតនៅលើចម្លាក់ជាច្រើន អស់រយៈពេលពេញមួយថ្ងៃ លោកយល់ឃើញថា គ្រប់ចម្លាក់ទាំងអស់ បានផ្តោត និងបង្កប់នូវទស្សនវិជ្ជាបី គឺជីវិត ធម្មជាតិ និងការបន្តវេន។ ក្នុងនោះ លោកក៏បានលើកនូវទស្សនៈល្អៗ ទៅនឹងទូរទស្សន៍ពណ៌ ដូច្នេះហើយទូរទស្សន៍ពណ៌នេះ បានបង្កើតគំនិតតែមួយ គឺរក្សានូវធម្មជាតិ ព្រៃឈើសម្រាប់យើងទាំងអស់គ្នា ។

លោកបណ្ឌិតបានបន្តទៀតថា ជីវិតមនុស្សពេលដែលស្លាប់គេនាំគ្នាភ័យ និងខ្លាចតែបើដើមឈើ បើស្លាប់វិញគេអាចយកវាមកច្នៃជាគ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់ផ្សេងៗ តាមរយៈភាពប៉ិនប្រសព្វនៃជាងចម្លាក់ មានន័យថា ឈើនិងព្រៃឈើគឺជាជិវិតរបស់មនុស្សនៅលើភពផែនដី គ្មានឈើគឺគ្មានជីវិត ហេតុនេះយើងត្រូវនាំគ្នាស្រឡាញ់ និងថែរក្សាព្រៃឈើ អភិរក្ស និងដាំឈើឡើងវិញ សម្រាប់យុវជនជំនាន់ក្រោយផងដែរ ៕











ផ្សាយបន្តផ្ទាល់ (Live) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប