Tuesday, March 27, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាជប៉ុនមិនបានកៀបសង្កត់ឬដាក់សម្ពាធណាមួយឱ្យមានការចរចាជាមួយក្រុមមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងជំនួបជាមួយបេសកកម្មជនជប៉ុន ដែលជាទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន មិនបានកៀបសង្កត់ ឬដាក់សម្ពាធណាមួយ ឱ្យមានការចរចាជាមួយក្រុមមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិនោះឡើយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុបសរុប ២,១២៥នាក់ ក្នុងនោះនារី៧៥៩នាក់ នាវិទ្យាស្ថានជាតិអប់រំ។

ជាមួយគ្នានោះលោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា « ខ្ញុំអត់មានសិទ្ធិចរចាទេ ព្រោះខ្ញុំត្រូវគោរពនូវសាលក្រមតុលាការ បើសិនជាខ្ញុំចរចា នោះខ្ញុំនឹងត្រូវជាប់ទោសខ្លួនឯង។ អ្នកដែលប្រឆាំងនឹងសាលក្រមតុលាការកំពូល នឹងត្រូវមានទោសជាប់គុក ២ឆ្នាំកន្លះ» ។

លើសពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ជប៉ុន បញ្ជាក់ហើយបញ្ជាក់ទៀតអំពីបញ្ហាគោរពអធិបតេយ្យជាតិ របស់កម្ពុជា បន្តផ្តល់ជំនួយ និងសហការ ជប៉ុនមិនបានគាបសង្កត់អ្វីនោះទេ ។ បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បានបញ្ជាក់ថា នៅសប្តាហ៍ក្រោយនឹងមានជំនួបរវាងលោក ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ហើយក៏នឹងមានការចុះហត្ថលេខាលើការផ្តល់ជំនួយ របស់ជប៉ុន មកដល់កម្ពុជា មិនមែននិយាយរឿងអតីតបក្សសង្គ្រោះជាតិនោះឡើយ៕





No comments:

Post a Comment