Wednesday, May 23, 2018

ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ផ្ញើសារអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានវេទិកានយោបាយអាស៊ី-អឺរ៉ុប ទទួលស្គាល់ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី

ក្នុងឱកាសដែលវេទិកានយោបាយអាស៊ី-អឺរ៉ុប កាលពីពេលថ្មីៗនេះ បានទទួលស្គាល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស បានផ្ញើសារអបអរសាទរ ចំពោះការទទួលស្គាល់នេះ ដែលជាការផ្តល់នូវកិត្តិយសជាថ្មីម្តងទៀត ដល់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលកន្លងមកតែងតែទទួលបាននូវការកោតសរសើរ និងផ្តល់កិត្តិយសលើឆាកអន្តរជាតិជាបន្តបន្ទាប់។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី២ ដែលរៀបចំនៅទីក្រុងឡុងដ៍ ចេញសេចក្តីថ្លែងការណ៍រួមទទួលស្គាល់ជា ប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council-ACC) ដែលជាស្ថាប័នមួយរបស់ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP)។
វេទិកានយោបាយអាស៊ី-អឺរ៉ុប (2nd Asia Political Forum- AEPF) ដែលបានរៀបចំឡើង ដោយក្រុមអ្នកនយោបាយអភិរក្ស និងកែទម្រង់អឺរ៉ុប (European Conseratives and reformists Group-ECR) បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ជាមួយនឹងការចេញសេចក្តីថ្លែងការណ៍រួមទីក្រុងឡុងដ៍។

អត្ថន័យក្នុងបណ្តាលិខិតអបអរសាទរ ថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស បានប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សមាជិកគណបក្សប្រជាជនកម្ពុជា មានជាង ៥លាននាក់ ក្នុង ៨លាននាក់ នៃអ្នកមានឈ្មោះក្នុងបញ្ជីរបោះឆ្នោតសាកលខាងមុខ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងអំពីទង្វើអាក្រក់ក្នុងការរារាំងដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ពីសំណាក់ជនមួយចំនួនតូចបានអំពាវនាវហើយ អំពាវនាវទៀត ឱ្យប្រជាពលរដ្ឋធ្វើពហិការមិនទៅចូលរួមបោះឆ្នោតថា ទង្វើនោះនឹងបរាជ័យ ដោយលោកនាយករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនឹងមានចំនួនច្រើនលើសលុប នៃប្រជាពលរដ្ឋបោះឆ្នោតសរុប «ខ្ញុំមិនជឿថា អ្នកដែលអំពាវនាវឱ្យប្រជាជនធ្វើពហិការមិនចូលរួមបោះឆ្នោត វានឹងក្លាយទៅជាចំនួនភាគច្រើននោះទេ ព្រោះនេះជាការប្រើសិទ្ធិ ហើយបើនិយាយពីចំនួនអ្នកគាំទ្រជាសមាជិក-សមាជិកា គណបក្សប្រជាជន មានជាង ៥លាននាក់រួចទៅហើយ ក្នុងចំណោម ៨លាននាក់ដែលបានចុះឈ្មោះបោះឆ្នោត»។

លោកនាយករដ្ឋមន្ត្រី ថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកូនក្មួយ កម្មករ កម្មការិនី និងនិយោជិត សរុប ១៩,៩៤៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧ នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្រ្តី បានហៅជនដែលអំពាវនាវកុំឱ្យប្រជាជនទៅបោះឆ្នោត ថាជាការបំពានទៅលើសិទ្ធិ ដោយលោកបានមានប្រសាសន៍បន្ថែមថា «នៅអូស្ត្រាលីពេលដែលខ្ញុំទៅ គេមានច្បាប់ដោយឡែកមួយរបស់អូស្ត្រាលី នៅអូស្ត្រាលីកាលណាមិនទៅបោះឆ្នោតគឺគេដាក់ទោស ផាកពិន័យតែម្តង ឯប្រទេសយើងការបោះឆ្នោតគឺជាការប្រើសិទ្ធិសម្រាប់ការទៅបោះ ឬមិនទៅបោះ ប៉ុន្តែខ្ញុំជឿជាក់ទៅលើប្រជាពលរដ្ឋរបស់យើង គឺមិនមើលរំលងទៅលើសិទ្ធិរបស់ខ្លួន ដែលខ្លួនមាននោះទេ»។

លោកនាយករដ្ឋមន្ត្រី បានបន្តថា «ក្មួយត្រូវចាំថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ នៅសល់តែជាង ២ខែជាងទៀតតែប៉ុណ្ណោះ ការបោះឆ្នោតមួយនឹងមកដល់ សង្ឃឹមថាក្មួយៗ រួមជាមួយនិងឪពុកម្តាយ និងក្រុមគ្រួសារ ទៅចូលរួមការបោះឆ្នោត ព្រោះនេះជាការប្រើប្រាស់សិទ្ធិ ក្នុងរយៈពេល ៥ឆ្នាំម្តង មិនគប្បីត្រូវបានបោះបង់សិទ្ធិមួយនេះដើម្បីជ្រើសរើស មេដឹកនាំដែលខ្លួនពេញចិត្តនោះទេ»៕




កាកបាទក្រហមខេត្តសៀមរាប នាំយកអំណោយចែកជូនកុមារមានជំងឺ និងឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃចន្ទទី២១ ខែឧសភា ឆ្នាំ២០១៨ លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានអញ្ជើញសួរសុខទុក្ខកុមារកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។
ជាមួយនឹងការសួរសុខទុក្ខនេះដែរ លោក ឃឹម ប៊ុនសុង ក៏បាននាំយកថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ ដែលរួមមាន៖
• សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ថវិកា ២០,០០០ ដុល្លារអាមេរិក
• លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី គួយ ណាលីន ថវិកាផ្ទាល់ខ្លួន ចំនួន ៥,០០០ ដុល្លារអាមេរិក
• លោកស្រី អ៊ាន សុខា ប្រធានក្រុមហ៊ុន រតនា ខូអបភើរេសិន និងសំណង់ ថវិកា ៥០០ ដុល្លារអាមេរិក
• លោកស្រី សេន កញ្ញា និងស្វាមី ថវិកា ១០០ ដុល្លារអាមេរិក
• លោកស្រី រស់ សៀងហ៊ួរ និងស្វាមី ថវិកា ១០០ ដុល្លារអាមេរិក៕







លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ទោះបីត្រូវជេរប្រទេចដោយពួកប្រឆាំង ទោះបីរងនូវការមិនពេញចិត្តពីពួកបរទេសមួយចំនួន ក៏ពូមិនរួញរា!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំទៅក្មួយៗ កម្មករ កម្មាការិនីថា ត្រូវចងចាំឱ្យច្បាស់ ប្រទេសកម្ពុជាយើងបើគ្មានសន្តិភាពទេ វាគ្មានការអភិវឌ្ឍទេ ហើយលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កើតមានតែនៅក្នុងប្រទេសដែលមានសន្តិភាពតែប៉ុណ្ណោះ វាគ្មានទេនៅក្នុងប្រទេសដែលមានសង្គ្រាម ដោយលោកបានគូសបញ្ជាកថា «អ្នកដែលយកខ្លួនពាំងដើម្បីរក្សាសន្តិភាពប្រទេសនេះ គឺពូនេះតែម្តង គឺគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនបានតម្រូវឱ្យពូបំពេញបេសកកម្មក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពូត្រូវមានភារកិច្ចយកខ្លួនពាំងដើម្បីរក្សាសន្តិភាព ដើម្បីរក្សាភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ទោះបីត្រូវជេរប្រទេចដោយពួកប្រឆាំង ទោះបីរងនូវការមិនពេញចិត្តនៃពួកបរទេសមួយចំនួន ក៏ពូមិនរួញរា ជាមួយបញ្ហាទាំងនោះទេ»។
លោកនាយករដ្ឋមន្ត្រី ថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកូនក្មួយ កម្មករ កម្មការិនី និងនិយោជិត សរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧ នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នឹងកាន់តំណែងជានាយករដ្ឋមន្ត្រី ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍជឿនលឿនទៅមុខជូនប្រជាពលរដ្ឋកម្ពុជា ១០ឆ្នាំទៅមុខទៀត ដោយលោកបានសង្កត់ធ្ងន់ថា «សន្តិភាព ដែលខំរកយកមកដោយលំបាកនេះ ត្រូវការពារឱ្យបាន ហើយអ្នកដែលមានសមត្ថភាពការពារសន្តិភាពនេះពិតប្រាកដគឺគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី គឺឈ្មោះ ហ៊ុន សែន នេះតែម្តង គ្មានអ្នកដទៃមានលទ្ធភាពធ្វើបែបនេះទេ»៕





សប្បុរសជនខ្មែរក្នុងស្រុកដំបូងៗចូលរួមបណ្តុះពូជអ្នកអភិរក្សបេតិកភណ្ឌអង្គរ

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារកេរមរតក និងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា បង្កើតកម្មវិធីអប់រំថ្មីមួយហៅថា «អប់រំបេតិកភណ្ឌ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងបញ្ជ្រាបតម្លៃបេតិកភណ្ឌ ដល់សិក្សានុសិស្សនៃសាលាបឋមសិក្សានៅក្នុងតំបន់អង្គរ តាមរយៈការបើកវគ្គបណ្តុះបណ្តាល អប់រំខ្លីៗចំនួនមួយឆមាសម្តង។ កម្មវិធីក្នុងជំហានដំបូងបានចាប់ដំណើរការពីខែឧសភា ដល់ខែសីហា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាស្រះស្រង់។

ដើម្បីដំណើរការកម្មវិធីអប់រំបេតិកភណ្ឌកាន់តែទទួលបានភាពជោគជ័យ អាជ្ញាធរជាតិអប្សរាបានបញ្ជូនបុគ្គលិកជំនាញផ្នែកបេតិកភណ្ឌវប្បធម៌ អ្នកស្រាវជ្រាវបុរាណវិទ្យា ចុះអប់រំផ្ទាល់ក្នុងសាលាគោលដៅក្នុងតំបន់ រួមមានសាលាបឋមសិក្សាស្រះស្រង់និងវិទ្យាល័យនគរធំ ដោយមានការសហការជាមួយអង្គការគាំពារមរតក លោកនាយកសាលា លោកគ្រូ អ្នកគ្រូ មជ្ឈមណ្ឌលជាតិយុវជនកម្ពុជា។

កម្មវិធីនេះអាចដំណើរការបានក៏ដោយសារការឧបត្ថម្ភគាំទ្រពីមជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងវប្បធម៌នៅអាស៊ីដីគោក និងជាពិសេសពីសប្បុរសជនអ្នកសៀមរាបតែម្តង។

ជំនួយឧបត្ថម្ភពីសប្បុរសជនអ្នកសៀមរាបក្នុងកម្មវិធីរបៀបនេះ ក៏បានអនុវត្តកន្លងមកនៅសាលារៀនក្នុងតំបន់រមណីយដ្ឋានបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យដែរ មានលោក អ៊ឹម ផាន់មូលីវណ្ណ និងគ្រួសារ លោក ហ្វីលីព កៅ និងគ្រួសារ ។ល។

សម្រាប់ឱកាសបើកកម្មវិធីអប់រំបេតិកភណ្ឌនៅអង្គរ ដោយមានក្តីស្រឡាញ់វិស័យបេតិកភណ្ឌនិងបុរាណវិទ្យា តែមិនមានឱកាសបានរៀនសូត្រ ឬក៏ធ្វើការដិតដល់នឹងផ្នែកនេះ លោកស្រី ម៉ម សុម៉ាលី សេរី និងស្វាមី ព្រមទាំងបុត្រ មានកំណើតកើតជានៅសៀមរាបផ្ទាល់ បាននាំយកអំណោយ មានសៀវភៅ២០០ក្បាល ប៊ិច៣០០ដើម កូល័រផាត់ពណ៌១៨០ប្រអប់ ខ្មៅដៃ និងជ័រលុបជាច្រើនដើម ដែលជាតម្រូវការចាំបាច់សម្រាប់ការសិក្សា ឧបត្ថម្ភដល់សិស្សានុសិស្សសាលាបឋមសិក្សាស្រះស្រង់ ដើម្បីជាការលើកចិត្តនិងរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យបេតិកភណ្ឌជាមួយអាជ្ញាធរជាតិអប្សរា។

លោកស្រី សេរី បាននិយាយថា នេះជាសន្តានចិត្តបន្តិចបន្តួច បរិច្ចាគសម្ភារៈសិក្សាទៅតាមលទ្ធភាព ព្រោះខ្ញុំពីក្មេងស្រលាញ់ការសិក្សាណាស់ និងចង់ឱ្យក្មេងៗមានការសិក្សាបានខ្ពស់ យល់ដឹងពីតម្លៃនៃបេតិកភណ្ឌដែលយើងមាននិងមើលឃើញសព្វថ្ងៃ ជាពិសេសការចូលរួមថែរក្សាតែម្តង។ អ្នកស្រីក៏បានសំណូមពរឱ្យកុមារា កុមារីទាំងអស់យកចិត្តទុកដាក់រៀនសូត្រឱ្យបានច្រើន ជាជាងយកពេលវេលាទៅលេងឥតប្រយោជន៍ ព្រោះវ័យនេះត្រូវខំបណ្តុះខ្លួនក្នុងការសិក្សា ដើម្បីទទួលបានអនាគតល្អនៅថ្ងៃមុខ។

លោក អ៊ឹម សុខរិទ្ធី អនុប្រធាននៃគម្រោងអប់រំបេតិកភណ្ឌនេះ បានចាប់អារម្មណ៍ថា នេះជាសកម្មភាពចូលរួមយ៉ាងប្រពៃរបស់សប្បុរសជនក្នុងស្រុករបស់ខ្លួន។ ជាសញ្ញាណនៃក្តីសង្ឃឹមសម្រាប់បណ្តុះពូជអ្នកអភិរក្សបេតិកភណ្ឌជាតិ។ មុនៗយើងសង្កេតឃើញមានតែជំនួយមកពីបរទេស។ ថ្មីៗនេះ ការជួយជ្រោមជ្រែងគ្នាមានកំណើតហើយ និងជាទីសង្ឃឹមសម្រាប់អភិវឌ្ឍន៍ស្រុក។ ប្រៀបដូចនឹងពាក្យបុរាណពោលថា « អ្នកមានរក្សាខ្សត់ ដូចសំពត់ពាត់ពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនៅសំប៉ាន»៕





គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសវេទិកានយោបាយអាស៊ី-អឺរ៉ុប ទទួលស្គាល់ជា​ប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី

លោក ម៉ែន វិបុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលសម្ដេច ត្រូវបានវេទិកានយោបាយអាស៊ី-អឺរ៉ុប ​ទទួលស្គាល់ជា​ប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ម៉ែន វិបុល តាងនាមថ្នាក់ដឹកនាំ មន្ដ្រី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង សូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី២ ដែលរៀបចំនៅទីក្រុងឡុង ចេញសេចក្តីថ្លែងការណ៍រួមទទួលស្គាល់ជា ប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council-ACC) ដែលជាស្ថាប័នមួយរបស់ សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP)។

វេទិកានយោបាយអាស៊ី-អឺរ៉ុប (2nd Asia Political Forum- AEPF) ដែលបានរៀបចំឡើង ដោយក្រុមអ្នកនយោបាយអភិរក្ស និងកែទម្រង់អឺរ៉ុប (European Conseratives and reformists Group-ECR) បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ជាមួយនឹងការចេញសេចក្តីថ្លែងការណ៍រួមទីក្រុងឡុង។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា អ្នកដែលអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោតគឺជាការបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីប្រើប្រាស់សិទ្ធិ៥ឆ្នាំម្តងក្នុងការជ្រើសមេដឹកនាំរបស់ខ្លួន។ លោក បានហៅការអំពាវនាវប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត គឺជាការបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ។​ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃពុធទី២៣ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ។
 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បើអ្នកគាំទ្របក្សសង្គ្រោះជាតិមិនទៅបោះឆ្នោត គឺលទ្ធផលឆ្នោតកាន់តែល្អ ព្រោះគណបក្សប្រជាជនកម្ពុជានឹងទទួលបានសំឡេងឆ្នោតកាន់តែប្រសើរប៉ុន្តែលោកចង់ឱ្យប្រជាពលរដ្ឋចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន ទើបអំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា៕








(សូមទស្សនាវីដេអូ)៖ ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធី ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៩,៩៤៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា កម្ពុជា ខុសពី វេណេហ្សូអេឡា

បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានអំពាវនាវ តាម Facebook ធ្វើចលនាកុំឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតសាកលនាពេលខាងមុខ ដោយយកព្រឹត្តិការណ៍នៅប្រទេស វេណេហ្សូអេឡា មកបង្ហាញដោយអ្នកមិនទៅបោះឆ្នោតមានចំនួន ៥៣ ភាគរយ និងអ្នកទៅចូលរួមបោះឆ្នោតមានចំនួន ៤៧ ភាគរយ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា «នៅលើលោកនេះគ្មានច្បាប់កំណត់ ប៉ុន្មានភាគរយទៅបោះឆ្នោតបានគ្រប់កិច្ចនោះទេ ក៏ប៉ុន្តែខ្ញុំគ្រាន់តែចង់ឱ្យអ្នកភ្លឺភ្នែកថា គ្រាន់តែសមាជិក-សមាជិកា គាំទ្រគណបក្សប្រជាជន មានជាង ៥លាននាក់រួចទៅហើយ ក្នុងចំណោម ៨លាននាក់ដែលបានចុះឈ្មោះបោះឆ្នោត» លោកបានបន្ថែមថា «អ្នកត្រូវបើកភ្នែកឱ្យធំ រង់ចាំមើលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ រឿងនៅវេណេហ្សូអេឡា គឺជារឿងផ្សឹង តែរឿងនៅកម្ពុជា គ្រាន់តែសមាជិកគណបក្សប្រជាជនទៅបោះឆ្នោតវាគ្រប់គ្រាន់ និងច្រើនលើសលប់ជាភាគរយទៅហើយ អ្នកត្រូវចាំរឿងនេះឱ្យច្បាស់»។
លោកនាយករដ្ឋមន្ត្រី ថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកូនក្មួយ កម្មករ កម្មការិនី និងនិយោជិត សរុប ជាង២ម៉ឺនាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧ នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា «បើនិយាយពីបច្ចេកទេសនៃការបោះឆ្នោត ខ្ញុំគួរតែរុញទូកបណ្តោយទឹកឱ្យអ្នកតែម្តងទៅ ផ្តាំផ្ញើទៅអ្នក បើនិយាយពីការបោះឆ្នោត ពួកអ្នកប្រឆាំងទៅកាន់តែតិច សន្លឹកឆ្នោតកាន់តែល្អសម្រាប់បក្សកាន់អំណាច ប៉ុន្តែខ្ញុំមិនចង់ធ្វើបញ្ហាហ្នឹងទេ ខ្ញុំចង់ឱ្យប្រជាពលរដ្ឋចេះប្រើប្រាស់សិទ្ធិ»។
លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៀតថា មេបញ្ជាការទ័ពគេនៅក្បែរទ័ព ទើបគេអាចបញ្ជាកងទ័ពទៅរួច អ្នកទៅតាម Facebook ទៅមិនរួចទេ «កន្លងទៅអ្នកបានធ្វើរួចស្រេចទៅហើយ ២០១៣មនុស្ស ១៥លាននាក់ អ្នកឯងរកបានប៉ុន្មានម៉ឺននាក់មកធ្វើបាតុកម្មហ្នឹង អ្នកបានធ្វើរួចហើយ ប៉ុនប៉ងរួចហើយ ប៉ុន្តែធ្វើមិនបានក្នុងពេលដែលអ្នកបានដឹកនាំ ហើយបរទេសគាំទ្រទៀតផង អ្នកធ្វើមិនកើត ពេលនេះដងខ្លួនរបស់អ្នក ឆ្អឹងខ្នងរបស់អ្នក ត្រូវវាយបំបាក់ កប់ទៅជាខ្មោចហើយ អ្នកទៅនៅក្រៅប្រទេសអ្នកមិនអាចធ្វើរឿងនេះបានទេ»៕








Friday, May 04, 2018

(សូមទស្សនាវីដេអូ)៖ កម្ពុជាបញ្ជូនកងទ័ពមួកខៀវ ទៅបំពេញបេសកកម្មរក្សាសន្ដិ​ភាពអង្គការសហប្រជាជាតិ ទៅកាន់ប្រទេសម៉ាលី និងស៊ូដង់ខាងត្បូង

(សូមទស្សនាវីដេអូ)៖ ចិនបន្តប្រកាសថា ខ្លួនគាំទ្រដំណើរការបោះឆ្នោតនៅ​កម្ពុជាដោយពេញលេញ

ពិធីប្រកាសទទួលស្គាល់សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរ និងប្រកាស ទទួលស្គាល់សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ដោយមានការចូលរួមផងដែរពី លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។







មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិនៅកម្ពុជា ទទួលស្គាល់ថា គ្រាប់មីនពិតជាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា

លោកស្រី Pauline Tamesis តំណាងរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ និងជាអ្នកសម្រប សម្រួលរបស់ អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានទទួលស្គាល់ថា បញ្ហាគ្រាប់មីននៅកម្ពុជា ពិតជាបានធ្វើ ឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាយ៉ាងខ្លាំង ជាពិសេស ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាព ក្រីក្ររបស់រាជរដ្ឋាភិបាល។

ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ លោកស្រី Pauline Tamesis បានប្តជ្ញាថា លោកស្រី នឹងខិតខំស្វែងរកជំនួយ ជាពិសេសជំរុញឲ្យរដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត។

ជាការឆ្លើយតបវិញ លោកទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបដល់លោកស្រី Pauline Tamesis អំពីការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងការអនុវត្តអនុសញ្ញា ស្តីពីការហាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ក្នុងនាមជារដ្ឋភាគីផង និងដើម្បីប្រជាពលរដ្ឋកម្ពុជាតែម្តង។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឲ្យប្រតិបត្តិករទាំងអស់ ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យបានមានប្រសិទ្ធភាព ថែមទៀត នៅក្នុងតំបន់ដែលខ្លួនកំពុងធ្វើប្រតិបត្តិការ ដើម្បីកុំឲ្យមានប្រជាពលរដ្ឋកម្ពុជា រងគ្រោះដោយ សារគ្រាប់មីន ថែមទៀត ជាពិសេស ត្រូវផ្តោតការយកចិត្តទុកដាក់ លើតំបន់គោលដៅដែលមានគ្រោះថ្នាក់ខ្ពស់ និងក្មេងតូចៗដែលរស់នៅតំបន់ទាំងនោះផងដែរ ៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រទេសជាដៃគូអភិវឌ្ឍន៍ដែលបានផ្តល់ ជំនួយថវិកា និងបច្ចេកទេសដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារថ្លែងអំណរគុណដល់ប្រទេសជាដៃគូអភិវឌ្ឍន៍ដែលបានផ្តល់ ជំនួយថវិកា និងបច្ចេកទេសដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

បើតាមដំណឹងពី (គ.ជ.ប) គឺមានគណបក្ស៣ហើយដែលបាន ចុះបញ្ជីរួចរាល់ក្នុងការចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោតថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះគឺ ១-គណបក្សប្រជាជន កម្ពុជា ២-គណបក្សសញ្ជាតិកម្ពុជា និង ៣-គណបក្សយុវជនកម្ពុជា។ ការចុះឈ្មោះគឺចំណាយ ពេលខ្លី។ ទន្ទឹមនឹងនោះគឺមានគណបក្ស៦ទៀតដែលបានបញ្ជាក់ពីជំហរចុះបញ្ជីចូលរួមប្រកួត ប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ដោយបានរៀបចំប្រាក់កក់១៥លានរៀល នៅរតនាគាជាតិនៃកម្ពុជា។ សរុបទាំងអស់មានគណបក្សនយោបាយចំនួន២១ កំពុងបំពេញបែបបទ។

ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះគឺសំខាន់ខ្លាំងណាស់។ មាត្រា៣៤ នៃ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា គឺបញ្ជាក់ច្បាស់អំពីសិទ្ឋិជាមូលដ្ឋាន របស់ពលរដ្ឋខ្មែរទាំង២ភេទ គឺមានសិទ្ឋិបោះឆ្នោត និងមានសិទ្ឋិឈរឈ្មោះបោះឆ្នោត នៅក្នុងរបបដឹកនាំប្រជាធិបតេយ្យសេរីពហុបក្ស។ ការឃោសនាមិនអោយពលរដ្ឋទៅបោះឆ្នោត គឺរំលោភច្បាប់ប្រទេសដែលបានចែងច្បាស់នៅក្នុងមាត្រា១៤២ នៃច្បាប់ស្តីពីការជ្រើស តាំងតំណាងរាស្រ្ត។

ខ្ញុំសូមអរគុណប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមជួយកសាងកម្ពុជា និងជួយរៀបចំ ព្រមទាំងផ្តល់នូវជំនួយទាំងថវិកា និងបច្ចេកទេសដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា ដូចជាប្រទេសជប៉ុន ប្រទេសចិន និងកិច្ចសហការជាមួយប្រទេសរុស្សីជាដើម។ ជាមួយគ្នានេះដែរ ខ្ញុំសូមអរគុណដល់ (គ.ជ.ប) ដែលជាស្ថាប័នច្បាប់ និងបច្ចេកទេសរបស់កម្ពុជា ដែលមានសមត្ថភាពក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជាទទួលបានជោគជ័យ៥លើករួចមកហើយ ចាប់តាំងពីឆ្នាំ ១៩៩៨។
អរគុណបងប្អូនជនរួមជាតិដែលមានជំនឿទុកចិត្តលើការដឹកនាំរបស់ខ្ញុំ ហើយតែងតែបោះឆ្នោតអោយគណបក្សប្រជាជនគ្រប់អាណត្តិដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

ចិនបន្តប្រកាសថា ខ្លួនគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាដោយពេញលេញ

ការបោះឆ្នោតនៅកម្ពុជារំកិលកាន់តែជិតមកដល់នោះ លោក លី សៅប៊ីន (Liu Shaobin) អគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខក្រៅប្រទេសក្រសួងការបរទេសចិន បានចេញមកអះអាងថា រដ្ឋាភិបាលចិន គាំទ្រយ៉ាងពេញលេញ ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា។

លោក លី សៅប៊ីន (Liu Shaobin) អគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខក្រៅប្រទេសក្រសួងការបរទេសចិន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨បានអះអាងបែបនេះក្នុងពេលដឹកនាំប្រតិភូចូលសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ។

បើតាមលោក ជុំ សុន្ទរថា អ្នកនាំពាក្យក្រសួងការបរទេសឲ្យដឹងនៅក្រោយជំនួបថា មន្ត្រីជាន់ខ្ពស់របស់ចិន រូបនេះ មិនត្រឹមតែបានប្រកាសបង្ហាញពីការគាំទ្រដល់ដំណើរការបោះឆ្នោតនៅកម្ពុជានោះទេ ថែមទាំងបាន ប្រកាសថា រដ្ឋាភិបាលចិន មានជំហរឥតងាករេក្នុងការគោរពឯករាជ្យ អធិបតេយ្យ និងចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាការពារនូវសន្តិសុខ និងស្ថេរភាពនៅក្នុងប្រទេស។

ក្នុងជំនួបនេះលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបពីដំណើរនៃការបោះឆ្នោតនៅកម្ពុជាថា កំពុងប្រព្រឹត្តទៅក្នុងបរិយាកាសមួយល្អប្រសើរ ហើយមានគណបក្សនយោបាយជាច្រើនកំពុងរៀបចំដាក់ បេក្ខភាពចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ប្រាប់ប្រតិភូចិនថា គណបក្សចូលរួមប្រកួតប្រជែងការ បោះឆ្នោតនេះមានទាំងបក្សគាំទ្រ បក្សកាន់អំណាច និងបក្សនយោបាយដែលប្រឆាំងជាមួយបក្សកាន់អំណាច។ ក្រៅពីបានពិភាក្សាលើប្រធានបទស្តីពីការបោះឆ្នោតហើយនោះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក លី សៅប៊ីន ក៏បានពិភាក្សាពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដែលបច្ចុប្បន្ន ឈានដល់ខួប៦០ឆ្នាំហើយនោះ។ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏គ្រោងនឹងបំពេញទស្សនកិច្ចនៅ ប្រទេសចិននាចុងឆ្នាំ២០១៨នេះ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធ សាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា លោក លី ស៊ីប៊ីន បានដឹកនាំគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះ យោបល់កម្ពុជា-ចិនលើកទី៣ស្តីពី «បញ្ហាសន្តិសុខគ្រប់ជ្រុងជ្រោយ» និងកិច្ចប្រជុំក្រុមការងារការពារ សន្តិសុខនៃការអនុវត្តន៍គម្រោងខ្សែក្រវ៉ាត់ និងផ្លូវឆ្នាំ២០១៨ ដែលធ្វើឡើងនៅខេត្តសៀមរាប នៅថ្ងៃទី៤ ខែឧសភា ៕







គណបក្សប្រជាជនកម្ពុជានៅស្រុកកោះធំ រៀបចំពិធីបញ្ចូលសមាជិកមកពីបក្សដទៃជិត ១ពាន់នាក់

កណ្តាល៖ គណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកកោះធំនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ បានបើកទ្វារទទួល និងបញ្ចូលសមាជិកថ្មីជិត ៩៩៦នាក់ មកពីគណបក្សសំបុក្រឃ្មុំ បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងអតីតគណបក្សសង្គ្រោះជាតិ។

សមាជិកថ្មីនេះមាន ៩៦៥រូប មកពីអតីតគណបក្សសង្គ្រោះជាតិ និងមួយចំនួនទៀតមកពីគណបក្សសំបុក្រឃ្មុំ និងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ថ្លែងទៅកាន់សមជិកថ្មីទាំងនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ បានរំលឹកពីសមិទ្ធផលធំៗជាច្រើន បានកើតចេញពីមកពីគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រធាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា សមិទ្ធផលក្នុងស្រុកកោះទាំងនោះរួមមាន ការកសាងផ្លូវ ជាតិលេខ២១ ផ្លូវជាតិលេខ១១០ ស្ពានកោះធំ ស្ពានជ្រៃធំ ពហុកីឡាដ្ឋានស្រុកកោះធំ ការសាងសង់ឡើងវិញ ផ្សារកោះធំ ការកសាងផ្លូវបេតុងក្នុងភូមិ សាលារៀន និងមន្ទីរពេទ្យជាដើម។ លើសពីនេះទៅទៀតក៏មាន ការផ្តល់ជូនសេវាពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ការផ្តល់សេវាបង្រៀនភាសាអង់គ្លេង ជូនអ្នកកោះធំដោយឥតគិតថ្លៃ ព្រមទាំងការសេវាសាធារណៈផ្សេងទៀត ដែលបានជួយសម្រួលដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងស្រុកកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀត។

លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់សមាជិកថ្មីទាំងអស់ ដែលបានផ្តល់សេចក្តី ទុកចិត្តជូនគណបក្សប្រជាជនកម្ពុជា តាមរយៈការចូលជាសមាជិកបក្ស និងការត្រៀមខ្លួនជាស្រេចបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើន។
តាមរយៈនៃការចូលមករួមរស់របស់សមាជិកថ្មីមកពីបណ្តាបក្សដទៃនេះ បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋក្នុងស្រុកកោះធំកាន់តែច្រើន បានជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ៕