Wednesday, May 23, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា កម្ពុជា ខុសពី វេណេហ្សូអេឡា

បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានអំពាវនាវ តាម Facebook ធ្វើចលនាកុំឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតសាកលនាពេលខាងមុខ ដោយយកព្រឹត្តិការណ៍នៅប្រទេស វេណេហ្សូអេឡា មកបង្ហាញដោយអ្នកមិនទៅបោះឆ្នោតមានចំនួន ៥៣ ភាគរយ និងអ្នកទៅចូលរួមបោះឆ្នោតមានចំនួន ៤៧ ភាគរយ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា «នៅលើលោកនេះគ្មានច្បាប់កំណត់ ប៉ុន្មានភាគរយទៅបោះឆ្នោតបានគ្រប់កិច្ចនោះទេ ក៏ប៉ុន្តែខ្ញុំគ្រាន់តែចង់ឱ្យអ្នកភ្លឺភ្នែកថា គ្រាន់តែសមាជិក-សមាជិកា គាំទ្រគណបក្សប្រជាជន មានជាង ៥លាននាក់រួចទៅហើយ ក្នុងចំណោម ៨លាននាក់ដែលបានចុះឈ្មោះបោះឆ្នោត» លោកបានបន្ថែមថា «អ្នកត្រូវបើកភ្នែកឱ្យធំ រង់ចាំមើលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ រឿងនៅវេណេហ្សូអេឡា គឺជារឿងផ្សឹង តែរឿងនៅកម្ពុជា គ្រាន់តែសមាជិកគណបក្សប្រជាជនទៅបោះឆ្នោតវាគ្រប់គ្រាន់ និងច្រើនលើសលប់ជាភាគរយទៅហើយ អ្នកត្រូវចាំរឿងនេះឱ្យច្បាស់»។
លោកនាយករដ្ឋមន្ត្រី ថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកូនក្មួយ កម្មករ កម្មការិនី និងនិយោជិត សរុប ជាង២ម៉ឺនាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧ នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា «បើនិយាយពីបច្ចេកទេសនៃការបោះឆ្នោត ខ្ញុំគួរតែរុញទូកបណ្តោយទឹកឱ្យអ្នកតែម្តងទៅ ផ្តាំផ្ញើទៅអ្នក បើនិយាយពីការបោះឆ្នោត ពួកអ្នកប្រឆាំងទៅកាន់តែតិច សន្លឹកឆ្នោតកាន់តែល្អសម្រាប់បក្សកាន់អំណាច ប៉ុន្តែខ្ញុំមិនចង់ធ្វើបញ្ហាហ្នឹងទេ ខ្ញុំចង់ឱ្យប្រជាពលរដ្ឋចេះប្រើប្រាស់សិទ្ធិ»។
លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៀតថា មេបញ្ជាការទ័ពគេនៅក្បែរទ័ព ទើបគេអាចបញ្ជាកងទ័ពទៅរួច អ្នកទៅតាម Facebook ទៅមិនរួចទេ «កន្លងទៅអ្នកបានធ្វើរួចស្រេចទៅហើយ ២០១៣មនុស្ស ១៥លាននាក់ អ្នកឯងរកបានប៉ុន្មានម៉ឺននាក់មកធ្វើបាតុកម្មហ្នឹង អ្នកបានធ្វើរួចហើយ ប៉ុនប៉ងរួចហើយ ប៉ុន្តែធ្វើមិនបានក្នុងពេលដែលអ្នកបានដឹកនាំ ហើយបរទេសគាំទ្រទៀតផង អ្នកធ្វើមិនកើត ពេលនេះដងខ្លួនរបស់អ្នក ឆ្អឹងខ្នងរបស់អ្នក ត្រូវវាយបំបាក់ កប់ទៅជាខ្មោចហើយ អ្នកទៅនៅក្រៅប្រទេសអ្នកមិនអាចធ្វើរឿងនេះបានទេ»៕








No comments:

Post a Comment