Friday, April 19, 2019

រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងអំពីការចុះរុះរើសំណង់​ខ្ទមអនាធិបតេយ្យជាង៦០០ខ្នង

ព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញជូនដំណឹងមួយ អំពីការចុះរុះរើសំណង់ខ្ទមអនាធិបតេយ្យជាង៦០០ខ្នង នៅលើដីដែលមានម្ចាស់កម្មសិទ្ធិ នៅចំណុចចំណោតអូរត្រាវ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកមិញនេះ។

រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា ក្នុងពេលសមត្ថកិច្ចកំពុងអនុវត្តកិច្ចការនេះ មានប្រជាជនមួយចំនួនបាននាំគ្នាធ្វើការតវ៉ាបិទផ្លូវជាតិលេខ៤ផ្អាកចរាចរណ៍មួយរយៈពេលខ្លីផងដែរ។ ប៉ុន្តែក្រោយមកក៏បានបើកឱ្យយានយន្តធ្វើដំណើរឆ្លងកាត់ជាធម្មតាឡើងវិញ បន្ទាប់ពីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចបានចុះទៅពន្យល់ណែនាំ និងលើកឡើងពីវិធានការផ្លូវច្បាប់ជូនពួកគាត់ឱ្យបានយល់ដឹងរួចមក។

ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបថា សំណង់ដែលអាជ្ញាធរបានចុះរុះរើទាំងនោះ គឺត្រូវបានប្រជាជនដែលមកពីតំបន់នានាក្នុងខេត្ត និងក្រៅខេត្តលួចសាងសង់ដោយខុសច្បាប់ នៅលើដីមានម្ចាស់កម្មសិទ្ធិស្របច្បាប់ក្នុងរយៈពេលថ្មីៗកន្លងមកនេះ។ អាជ្ញាធរឃុំ ស្រុក និងខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំពួកគាត់ជាច្រើនលើកច្រើនសារឱ្យរុះរើសំណង់ខុសច្បាប់ទាំងនោះចេញពីដីកម្មសិទ្ធិអ្នកដទៃព្រោះជាទង្វើខុសច្បាប់ ប៉ុន្តែពួកគាត់ទាំងនោះមិនស្តាប់តាមការពន្យល់ណែនាំរបស់អាជ្ញាធរឡើយ។

រដ្ឋបាលខេត្តព្រះសីហនុ នៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងកម្មសិទ្ធិឯកជនស្របច្បាប់ ដោយបន្តអនុវត្តវិធានការច្បាប់ ទប់ស្កាត់អំពើអនាធិបតេយ្យទាំងឡាយ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កចលាចលសង្គម។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាជនដែលបានចូលទៅសង់ខ្ទមដោយខុសច្បាប់ នៅលើដីសាធារណៈរបស់រដ្ឋ និងដីកម្មសិទ្ធិឯកជនស្របច្បាប់ទាំងឡាយត្រូវបញ្ឈប់សកម្មភាពចូលទៅទន្ទ្រានកាន់កាប់ជាបន្ទាន់ ព្រោះជាទង្វើដែលត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន ហើយត្រូវឈប់ជឿតាមការឃោសនា ញុះញងរបស់ពួកមេខ្យល់ដែលបានដើរបំផុសបំផុល ដោយអះអាងថាមានការបែងចែកដី និងលក់ដីជូនក្នុងតម្លៃទាបតទៅទៀត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ មានក្រុមប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ ដែលបានទៅសង់ខ្ទមអនាធិបតេយ្យ នៅលើដីមានម្ចាស់កម្មសិទ្ធិ នៅចំណុចភូមិចំណោតរាមឃុំបិតត្រាង(អូរត្រាវ)ស្ រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាតវ៉ា យកដើមឈើមកបាំងបិទផ្លូវជាតិលេខ៤ បណ្តាលឱ្យកកស្ទះមួយស្របក់ ក្រោយពេលអាជ្ញាធរ និងសមត្ថកិច្ច បានចុះរុះរើសំណង់អនាធិបតេយ្យទាំងនោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កម្លាំងនគរបាលបានរៀបចំបំបែក និងសម្រួលសណ្តាប់ធ្នាប់ឲ្យធ្វើចរាចរណ៍ធម្មតាវិញភ្លាមៗផងដែរ៕


អាជ្ញាធរជាតិអប្សរាបានប្រកាន់ខ្ជាប់នូវគោលការណ៍ពីរសំខាន់គឺការអភិរក្ស និងការអភិវឌ្ឍ

សៀមរាប៖ ក្នុងការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក និងជាដួងព្រលឹងជាតិខ្មែរ អាជ្ញាធរជាតិអប្សរាបានប្រកាន់ខ្ជាប់នូវគោលការណ៍ពីរសំខាន់ គឺការអភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាព ដែលចាំបាច់ត្រូវដើរទន្ទឹមគ្នា និងបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ផ្តោតលើគោលការណ៍ខាងលើ សមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនបានរំលេចចេញតាមរយៈការជួសជុល និងអភិរក្សប្រាង្គប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍ការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងការបណ្តុះបណ្តាលធនធានមនុស្ស។

ដូចគ្នាដែរ ការកសាងហេដ្ឋារចនាសម្ពន្ធរូបវន្តដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹកជាដើម ក៏បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរ និងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋម្ចាស់ស្រុក។

ជាក់ស្តែង នាដើមឆ្នាំ២០១៩នេះ អាជ្ញាធរជាតិអប្សរាបានកែលម្អររួចរាល់ផ្លូវវង់ធំបាន១០គីឡូម៉ែត្រ និងផ្លូវផ្សេងទៀតជាច្រើន ហើយក៏កំពុងបន្តការជួសជុលផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ចេញពីផ្លូវជាតិលេខ៦ ទៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងផ្លូវពីព្រលានយន្តហោះមកអង្គរវត្តជាដើម។  ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាមានផែនការកែលម្អផ្លូវទាំងអស់ក្នុងរមណីយដ្ឋានអង្គរ ឱ្យរួចរាល់ជាស្ថាពរក្នុងឆ្នាំ២០២០។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការកសាងផ្លូវថ្នល់នានាក្នុងតំបន់អង្គរ មានលក្ខណៈពិសេសខុសប្លែកពីកន្លែងដទៃទៀត ដោយត្រូវគោរពតាមបទដ្ឋានបេតិកភណ្ឌអន្តរជាតិ និងយកចិត្តទុកដាក់ថែរក្សាទេសភាពវប្បធម៌និងលក្ខណៈដើមនៃរមណីយដ្ឋាន។

ជាពិសេសគិតគូរដល់ផលប៉ះពាល់ផ្នែកបុរាណវិទ្យា បរិស្ថាន និងធម្មជាតិ។ ការកសាងផ្លូវនីមួយៗតែងតែមានការធ្វើកំណាយបង្ការបុរាណវិទ្យាជាមុន ហើយទំហំផ្លូវក្រាលកៅស៊ូជាទូទៅមិនឱ្យលើសពី៦ម៉ែត្រឡើយ។

ម្យ៉ាងទៀត អាជ្ញាធរជាតិអប្សរាក៏ត្រូវគិតគូរខ្ពស់ ដើម្បីបញ្ជៀសការរំញ័រដល់ប្រាង្គប្រាសាទបណ្តាលមកពីការចរាចរយានយន្ត ការបំពុលបរិស្ថានដោយផ្សែងរថយន្ត សុវត្ថិភាពរបស់អ្នកធ្វើដំណើរដោយបែងចែកផ្លូវកង់/ម៉ូតូ/រថយន្ត និងរក្សាភាពបៃតងក្នុងរមណីយដ្ឋានអង្គរផងដែរ៕












អបអរសាទរចូលឆ្នាំថ្មី ២៥ ខេត្តក្រុង ក្រោមម្លប់សន្តិភាព

ភ្នំពេញ៖ ឆ្នាំនេះពលរដ្ឋខ្មែរស្គាល់ក្តីសប្បាយរីករាយដែលមិនធ្លាប់មានពីមុន! យើងអាចនិយាយបានថា មិនដែលដែលធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលប្រជាពលរដ្ឋបានជួបជុំធ្វើដំណើរកម្សាន្តនិងសប្បាយរីករាយពេលបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិដែលទើបតែបញ្ចប់ទៅនេះជាដើមដូចរូបភាពនៅតាម25រាជធានីខេត្តដែលមិត្តភក្រ្តរួមការងារជាមួយខ្ញុំបានផ្ញើមកជាភស្តុតាងជាក់ស្តែងហើយដែលខ្ញុំដាក់ភ្ជាបនឹងអត្ថបទនេះ។ឆ្នាំនេះពលរដ្ឋគ្រប់ ទិសទីបានសប្បាយរីករាយលើសពីបណ្តាឆ្នាំណាៗទាំង អស់។ ក្នុងរយៈពេល៣ថ្ងៃនៃពិធី បុណ្យចូលឆ្នាំថ្មី ឆ្នាំកុរនេះគេបានសង្កេតឃើញយ៉ាងច្បាស់ថា ពលរដ្ឋខ្មែរមានក្តីសប្បាយ រីករាយលើសពីបណ្តាឆ្នាំមុនៗទៅទៀត។ នៅលើបណ្តាញសង្គម គេឃើញតែរូបភាព សប្បាយរីករាយ ជួបជុំគ្រួសារ រាំរែក ហូបចុក និងដើរកម្សាន្តដោយក្តីសោមនស្សនិងសុខដុមរមនាយ៉ាងក្រៃលែង។

កាកបាទក្រហមខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកពួក

សៀមរាប៖ លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បាននាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកពួកចំនួន១៨គ្រួសារ ។ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់រួមមាន៖ ១- ឃុំដូនកែវ រលំ៣ខ្នង របើកដំបូលធ្ងន់ធ្ងរ ៦ខ្នង សរុប ៩ខ្នង និង២- ឃុំរើល៖ រលំ ២ខ្នង របើកដំបូលធ្ងន់ធ្ងរ ៧ខ្នង សរុប ៩ខ្នង ។
លោកស្រីអនុប្រធាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រីក៏បានបន្តថា ថ្វីត្បិតតែអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោលឡើយ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន៖ ១ – គ្រួសាររលំផ្ទះទួទលបាន មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា ១សែន៥ម៉ឺនរៀល។ ២ – គ្រួសារប៉ះពាល់ធ្ងន់ធ្ងរ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។
បន្ទាប់ពីជួបសំណេះសំណាលជាមួយបងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់រួច លោកស្រី និងសហការី បានជួបសួរសុខទុក្ខកុមារា រឿន ផាន់ណា អាយុ៨ឆ្នាំ រងគ្រោះដោយរលាកភ្លើងពេលចាក់សាំងម៉ូតូ រស់នៅភូមិ ទឹកជប់ ឃុំប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប និងបានផ្តល់ជូនអំណោយ មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស និងថវិការមួយចំនួនផងដែរ។ ជាមួយគ្នានេះដែរ លោកស្រីក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់គ្រួសារទារកអាយុ៥ខែ មានជំងឺរលាកស្រោមខួរ កំពុងសម្រាកព្យាបាលនេះមន្ទីរពេទ្យនេះដែរ៕




លិខិតមិត្តអ្នកអាន៖ « តំលៃនៃសន្តិភាពកាន់តែមានហាងឆេង »

ភ្នំពេញ៖ ឆ្នាំនេះពលរដ្ឋខ្មែរស្គាល់ក្តីសប្បាយរីករាយដែលមិនធ្លាប់មានពីមុន! យើងអាចនិយាយបានថា មិនដែលដែលធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលប្រជាពលរដ្ឋបានជួបជុំធ្វើដំណើរកម្សាន្តនិងសប្បាយរីករាយពេលបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិដែលទើបតែបញ្ចប់ទៅនេះជាដើមដូចរូបភាពនៅតាម25រាជធានីខេត្តដែលមិត្តភក្រ្តរួមការងារជាមួយខ្ញុំបានផ្ញើមកជាភស្តុតាងជាក់ស្តែងហើយដែលខ្ញុំដាក់ភ្ជាបនឹងអត្ថបទនេះ។ឆ្នាំនេះពលរដ្ឋគ្រប់ ទិសទីបានសប្បាយរីករាយលើសពីបណ្តាឆ្នាំណាៗទាំង អស់។ ក្នុងរយៈពេល៣ថ្ងៃនៃពិធី បុណ្យចូលឆ្នាំថ្មី ឆ្នាំកុរនេះគេបានសង្កេតឃើញយ៉ាងច្បាស់ថា ពលរដ្ឋខ្មែរមានក្តីសប្បាយ រីករាយលើសពីបណ្តាឆ្នាំមុនៗទៅទៀត។ នៅលើបណ្តាញសង្គម គេឃើញតែរូបភាព សប្បាយរីករាយ ជួបជុំគ្រួសារ រាំរែក ហូបចុក និងដើរកម្សាន្តដោយក្តីសោមនស្សនិងសុខដុមរមនាយ៉ាងក្រៃលែង។
យោងរបាយការណ៍វាយតម្លៃជាបឋម មានអ្នកទេសចរជាតិ និងអន្តរជាតិប្រមាណ ជាង៧ លាន នាក់បាននាំគ្នាដើរកម្សាន្តនៅគ្រប់ទិសទីពេញផ្ទៃប្រទេស។ តួលេខនេះមិនទាន់រាប់បញ្ចូលអ្នកដែលជួបជុំគ្រួសារសប្បាយ រីករាយនៅតាមផ្ទះដោយសារ
អាកាសធាតុក្តៅ ឬម្យ៉ាងដោយសារតែមិនចង់ប្រជ្រៀតជាមួយមនុស្សម្នាច្រើនពេកពេលបុណ្យទាននោះឡើយ។
ម្យ៉ាងវិញទៀត ក៏មានពលរដ្ឋខ្មែរជាច្រើនទៀតបានចាកចេញទៅធ្វើទេសចរណ៍នៅក្រៅប្រទេសក្នុងកំឡុងពេលបុណ្យចូលឆ្នាំនេះផងដែរ។ បើនិយាយឲ្យចំទៅ ពលរដ្ឋខ្មែរទូទាំងប្រទេសសុទ្ធតែបានសប្បាយរីករាយពេលបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ រីឯការ សប្បាយរបស់ពួកគេទៀតសោត ក៍មានសភាពអឺងកង អធិកអធម ប្រកបដោយក្តីសោមស្សលើស ពីបណ្តាឆ្នាំមុនៗទៅទៀត។
មានមូលហេតុច្រើនយ៉ាង ដែលគេអាចលើកមកពន្យល់ពីទិដ្ឋភាពនេះបាន ៖
មូលហេតុទី១៖ គឺដោយសារតែ ប្រទេសកម្ពុជាមានសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះមិនអាច បដិសេធបានក្នុងការបង្កការ សប្បាយរីករាយដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ។
មូលហេតុទី២៖ គឺដោយសារតែ ប្រជាពលរដ្ឋខ្មែរកាន់តែមានជីវភាពកាន់តែកើនឡើងល្អប្រសើរដែលអនុញ្ញាតឲ្យពួកគេមានលទ្ធភាពធ្វើដំណើរកម្សាន្តសប្បាយតាមដែលពួកគេចង់បាន។ កត្តាជីវភាពកើនឡើងជាហេតុផលដ៏សំខាន់មួយដែលធ្វើឲ្យពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះទទួលបានការសប្បាយ រីករាយភ្លូកទឹកភ្លូកដីមិនធ្លាប់មាន។ យានជំនិះគ្រប់ប្រភេទបានធ្វើដំណើរទៅគ្រប់ច្រកល្ហកនៅ ទូទាំងប្រទេស។
មូលហេតុទី៣៖ ដោយសារឆ្នាំនេះ ប្រទេសជាតិមានស្ថានភាពនយោបាយល្អប្រសើរពោលគឺគ្មានវិបត្តិនយោបាយអូសបន្លាយរ៉ាំរ៉ៃ គ្មានភាពវឹកវរក្រោយការបោះឆ្នោតដូចកាលពីលើកមុនៗឡើយ។ ការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ២០១៨ ដែលមានអ្នកចូលរួមបោះឆ្នោតរហូតដល់ជាង ៨៣% គឺជាការបោះឆ្នោតដែលប្រកបដោយសុខសន្តិភាព បំផុត។ ក្រោយការបោះឆ្នោត អ្វីៗ ដំណើរការទៅជាធម្មតាដោយគ្មានផលរមាស់អ្វីកើតឡើងទាំងអស់។ ស្ថានភាពនយោបាយល្អក្រោយការបោះឆ្នោតគឺជាឱកាសមានសម្រាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិក កម្មករ ក៏ដូចជាកសិករ និងពាណិជ្ជករគ្រប់ប្រភេទ ក្នុងការបង្កើនជីវភាព របស់ខ្លួនដោយគ្មានក្តីបារម្ភ គ្មានការរំខានអ្វីទាំងអស់។
មូលហេតុទី៤៖ មន្ត្រីរាជការ ក៏ដូចជាកម្មករកម្មការនីបានទទួលការ ដំឡើងប្រាក់ខែជាបន្តបន្ទាប់ ជាពិសេសអាចបើកប្រាក់ខែដល់ទៅពីរដងក្នុងមួយខែ។ នេះគឺដោយសារគោលនយោបាយគិតគូរដល់ជីវភាពរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ ពីសំណាក់រាជរដ្ឋាភិបាល។ ក្រៅពីបានប្រាក់ខែច្រើនជាងមុន មន្ត្រីរាជការក៏បានទទួលប្រាក់ឧបត្ថម្ភបន្ថែម ៥ ម៉ឺនរៀលសម្រាប់ពិធីបុណ្យ ចូលឆ្នាំគួបផ្សំនឹងការអាចបើកប្រាក់ខែពេញមួយខែមេសាមុនពិធីបុណ្យចូលឆ្នាំថែមទៀត។ ចំណែកឯប្រជាពលរដ្ឋ ក៏ដូចជាកម្មករ មន្ត្រីរាជការដែលខ្វះខាតមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ក៏អាចធ្វើដំណើរទៅកាន់ស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃថែមទៀតដែលរដ្ធាភិបាលបានគិតគូររៀបចំ។ តើអ្នកណាមិនសប្បាយរីករាយក្នុងការទទួលផលប្រយោជន៍អស់ទាំងនេះ?
មូលហេតុទី៥៖ គឺដោយសាររដ្ឋាភិបាលទើបតែបានប្រកាសចេញគោលនយោបាយកំណែទម្រង់ដ៏មុតស្រួចជាកញ្ចប់ដែលធានាដល់អ្នកវិនិយោគទុនក្នុងស្រុកទាំងអ្នកវិនិយោគទុន បរទេស ក៏ដូចជាពលរដ្ឋខ្មែរទូទៅជាពិសេសបុគ្គលិកកម្មករ ដែលបម្រើការងារក្នុងគ្រប់វិស័យឲ្យមានភាពកក់ក្តៅក្នុងចិត្តយ៉ាងខ្លាំងអំពីអនាគរបស់ខ្លួន។
មូលហេតុទី៦៖ ឆ្នាំនេះ បណ្តាខេត្ត រាជធានីនីមួយៗបានរៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរៀងៗខ្លួនដោយគ្មានការរៀបចំ ពិធីធំតែមួយដូចជាការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដូចរាល់ឆ្នាំឡើយ។ ការអនុញ្ញាតឲ្យខេត្ត រាជធានី នីមួយៗរៀបចំ
ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរៀងៗខ្លួនធ្វើឲ្យពលរដ្ឋក៏ដូចជាអាជ្ញាធរដែនដីនីមួយៗមានឱកាស បង្កការកម្សាន្តសប្បាយជាមួយគ្នាដោយមោទនភាព។ ម្យ៉ាងទៀត អាជ្ញាធរដែនដីនិមួយៗបានចូលរួមយ៉ាងសកម្មក្នុងការបង្កការសប្បាយរីករាយដល់ពលរដ្ឋដូចជាការបញ្ចេញឡានទឹកដើម្បីបាញ់ទឹកនៅ កន្លែងជួបជុំធ្វើឲ្យបរិយកាសមានសភាពត្រជាក់ចៀសផុតពីកម្តៅថ្ងៃដ៏ក្តៅស្អុះស្អាប់ ហើយក៏ជាការបង្កបរិយាកាសឲ្យពលរដ្ឋសប្បាយរីករាយយ៉ាងក្រៃលែង។ កិច្ចការពារសន្តិសុខក៏បានទទួលជោគជ័យយ៉ាងល្អប្រសើរផងដែរ។
សរុបទៅ អ្វីៗគ្រប់យ៉ាងដូចបាន រៀបរាប់ខាងលើនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់ប្រជាពលរដ្ឋខ្មែរនិងក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។ សមិទ្ធផលទាំងនេះបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សុខសន្តិភាព ស្ថិរភាព នយោបាយនិងការអភិវឌ្ឍន៍ ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ គឺជាក្តីសង្ឃឹមថ្មី និងកាន់តែរឹមាំជាលំដាប់សម្រាប់ប្រជាពលរដ្ឋខ្មែរ។ មិនត្រឹមតែពលរដ្ឋខ្មែរ ក្នុងស្រុកទេ សូម្បីពលករដែលកំពុងបម្រើការងារនៅក្រៅប្រទេសដូចជានៅកូរ៉េ ជប៉ុន ជាដើម ក៏ទទួលបានការសប្បាយរីករាយដូចគ្នាដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ ភាពស្ងប់ស្ងាត់ខាងនយោបាយគឺជាមុខមាត់ថ្មី និងក្តីសង្ឃឹមថ្មីសម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។
មជ្ឈដ្ឋានប្រឆាំងជ្រុលនិយម ដែលពឹងផ្អែកលើបរទេសឲ្យមកបំផ្លាញខ្មែរបានឈានដល់ទីបញ្ចប់ រីឯសករាជនយោបាយថ្មីដែលឈរលើកម្លាំងខ្លួនឯង ការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ កំពុងបើកទំព័រថ្មីនៅលើទឹកដីព្រះរាជាណាចក្រអច្ឆរិយៈ។ ក្តីសប្បាយរីករាយទាំងនេះ សុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍន៍ ដែលកំពុងមានពេលនេះត្រូវបានធានាយ៉ាងរឹងមាំដោយឆន្ទៈយ៉ាងមុតស្រួចរបស់លោកហ៊ុនសែន។ ដូច្នេះ យើងទាំងអស់គ្នាសូមចូលរួមការពារក្តីសប្បាយរីករាយដែលពុំធ្លាប់មាននេះឲ្យស្ថិតស្ថេរគង់វង្សជារៀងរហូតដោយមិនអនុញ្ញាតឲ្យមានមជ្ឈដ្ឋានអគតិណាមួយមកបំផ្លាញបាននូវតំលៃនៃសន្តិភាពដែលកាន់តែមានហាងឆេងនេះអោយបានជាដាច់ខាត៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ