Friday, April 19, 2019

រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងអំពីការចុះរុះរើសំណង់​ខ្ទមអនាធិបតេយ្យជាង៦០០ខ្នង

ព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញជូនដំណឹងមួយ អំពីការចុះរុះរើសំណង់ខ្ទមអនាធិបតេយ្យជាង៦០០ខ្នង នៅលើដីដែលមានម្ចាស់កម្មសិទ្ធិ នៅចំណុចចំណោតអូរត្រាវ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកមិញនេះ។

រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា ក្នុងពេលសមត្ថកិច្ចកំពុងអនុវត្តកិច្ចការនេះ មានប្រជាជនមួយចំនួនបាននាំគ្នាធ្វើការតវ៉ាបិទផ្លូវជាតិលេខ៤ផ្អាកចរាចរណ៍មួយរយៈពេលខ្លីផងដែរ។ ប៉ុន្តែក្រោយមកក៏បានបើកឱ្យយានយន្តធ្វើដំណើរឆ្លងកាត់ជាធម្មតាឡើងវិញ បន្ទាប់ពីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចបានចុះទៅពន្យល់ណែនាំ និងលើកឡើងពីវិធានការផ្លូវច្បាប់ជូនពួកគាត់ឱ្យបានយល់ដឹងរួចមក។

ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបថា សំណង់ដែលអាជ្ញាធរបានចុះរុះរើទាំងនោះ គឺត្រូវបានប្រជាជនដែលមកពីតំបន់នានាក្នុងខេត្ត និងក្រៅខេត្តលួចសាងសង់ដោយខុសច្បាប់ នៅលើដីមានម្ចាស់កម្មសិទ្ធិស្របច្បាប់ក្នុងរយៈពេលថ្មីៗកន្លងមកនេះ។ អាជ្ញាធរឃុំ ស្រុក និងខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំពួកគាត់ជាច្រើនលើកច្រើនសារឱ្យរុះរើសំណង់ខុសច្បាប់ទាំងនោះចេញពីដីកម្មសិទ្ធិអ្នកដទៃព្រោះជាទង្វើខុសច្បាប់ ប៉ុន្តែពួកគាត់ទាំងនោះមិនស្តាប់តាមការពន្យល់ណែនាំរបស់អាជ្ញាធរឡើយ។

រដ្ឋបាលខេត្តព្រះសីហនុ នៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងកម្មសិទ្ធិឯកជនស្របច្បាប់ ដោយបន្តអនុវត្តវិធានការច្បាប់ ទប់ស្កាត់អំពើអនាធិបតេយ្យទាំងឡាយ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កចលាចលសង្គម។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាជនដែលបានចូលទៅសង់ខ្ទមដោយខុសច្បាប់ នៅលើដីសាធារណៈរបស់រដ្ឋ និងដីកម្មសិទ្ធិឯកជនស្របច្បាប់ទាំងឡាយត្រូវបញ្ឈប់សកម្មភាពចូលទៅទន្ទ្រានកាន់កាប់ជាបន្ទាន់ ព្រោះជាទង្វើដែលត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន ហើយត្រូវឈប់ជឿតាមការឃោសនា ញុះញងរបស់ពួកមេខ្យល់ដែលបានដើរបំផុសបំផុល ដោយអះអាងថាមានការបែងចែកដី និងលក់ដីជូនក្នុងតម្លៃទាបតទៅទៀត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ មានក្រុមប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ ដែលបានទៅសង់ខ្ទមអនាធិបតេយ្យ នៅលើដីមានម្ចាស់កម្មសិទ្ធិ នៅចំណុចភូមិចំណោតរាមឃុំបិតត្រាង(អូរត្រាវ)ស្ រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាតវ៉ា យកដើមឈើមកបាំងបិទផ្លូវជាតិលេខ៤ បណ្តាលឱ្យកកស្ទះមួយស្របក់ ក្រោយពេលអាជ្ញាធរ និងសមត្ថកិច្ច បានចុះរុះរើសំណង់អនាធិបតេយ្យទាំងនោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កម្លាំងនគរបាលបានរៀបចំបំបែក និងសម្រួលសណ្តាប់ធ្នាប់ឲ្យធ្វើចរាចរណ៍ធម្មតាវិញភ្លាមៗផងដែរ៕


No comments:

Post a Comment