Thursday, July 15, 2021

រាជរដ្ឋាភិបាលចេញគោលការណ៍ណែនាំទូទៅស្តីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរក អង់ទីហ្សែនកូវីដ១៩ (គោលការណ៍ណែនាំ២៦ទំព័រ)


នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល បានចេញគោលការណ៍ណែនាំទូទៅស្តីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរក អង់ទីហ្សែនកូវីដ១៩ ដែលមានចំនួន២៦ទំព័រ។ គោលការណ៍ណែនាំនេះរៀបចំដោយ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឹកូវីដ១៩។

(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល បានចេញគោលការណ៍ណែនាំទូទៅស្តីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរក អង់ទីហ្សែនកូវីដ១៩ ដែលមានចំនួន២៦ទំព័រ។ គោលការណ៍ណែនាំនេះរៀបចំដោយ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឹកូវីដ១៩។ សូមអានសេចក្តីណែនាំទាំងស្រុង៖


អភិបាលខេត្តស្វាយរៀង ប្រគល់ថវិការាជរដ្ឋាភិបាលឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ  បាន ប្រគល់ថវិការាជរដ្ឋាភិបាលឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀង ចំនួន ៥គ្រួសារ ក្នុងមួយគ្រួសារថវិកាចំនួន ៥.០០០.០០០រៀល។ ពិធីនេះក៏មានការ ចូលរួមពីអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងបងប្អូនប្រជាពលរដ្ឋជាសមាជិកគ្រួសារសព។

ក្នុងឱកាសនោះ លោក ម៉ែន វិបុល បានចូលរួមរំលែកទុក្ខដល់គ្រួសារ នៃសព និងបានបញ្ជាក់ផងដែរថា ការរៀបចំផ្ដល់ជូនថវិការបស់រាជរដ្ឋាភិបាលនូវនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុត និងជាការចូលរួមចំណែករំលែកទុក្ខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់សមាជិកគ្រួសារ សាច់ញ្ញាតិ ជាទីគោរពស្រលាញ់ដោយសារជំងឺកូវីដ-១៩ ទន្ទឹមនេះរដ្ឋបាលខេត្ត និងបន្តរៀបចំថវិការបស់លោកនាយករដ្ឋមន្ត្រីប្រគល់ទៅដល់គ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង នាពេលកន្លងទៅជាបន្តបន្ទាប់ទៀត។ 

លោកបានបន្ថែមទៀតថា ក្រោមការគិតគូនិងយកចិត្តទុកដាក់បំផុតរបស់ ប្រមុខរាជរដ្ឋាភិបាលអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀងបាន និងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដើម្បីបង្កើតភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺ ដែលជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ហើយទោះបីមានការឆ្លង ក៏អ្នកជំងឺមិនមានអាការៈធ្ងន់ធ្ងរ និងមិនមានហានិភ័យដល់ជីវិតនោះឡើយ។

លោកអភិបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋ សូមមកទទួលសេវាចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា តាមទីតាំង និងពេលវេលាដែលអាជ្ញាធរមូលដ្ឋានបានកំណត់ និងសូមចូលរួមអនុវត្តវិធានការ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង ពីជំងឺកូវីដ-១៩៕





ក្រសួងពាណិជ្ជកម្ម សម្រេចប្រគល់ទីតាំងដីស៊ីទែនប្រេងឲ្យមករដ្ឋបាលខេត្តក្រចេះកាន់កាប់វិញ ដើម្បីធ្វើការកែលម្អ និងអភិវឌ្ឍន៍

ក្រចេះ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១ លោក វ៉ា ថន អភិបាលខេត្តក្រចេះបានទទួលសិទ្ធក្នុងការគ្រប់គ្រង និងកាន់កាប់ទីតាំងដីស៊ីទែនប្រេង ពីក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការកែលម្អសោភ័ណ្ឌភាព និងអភិវឌ្ឍន៍ច្រាំងទន្លេ ក្នុងទីរួមខេត្ត  ក្រោមអធីបតីភាពលោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។ 

លោក វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថាជារៀងរាល់ឆ្នាំខេត្តក្រចេះតែងទទួលរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ បានបង្កផលប៉ះពាល់ជាច្រើនដល់វិស័យកសិកម្ម វិស័យសង្គមកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅពេលទឹកជំនន់ស្រកចុះរដ្ឋបាលខេត្តបានលើកគម្រោងជួសជុលស្ដារនិងកសាងឡើងវិញ។ ចំពោះការបាក់ស្រុតច្រាំងទន្លេតែងកើតមានជាបន្តបន្ទាប់ ប៉ុន្តែខេត្តក៏បានសាងសង់សំណង់ជញ្ជាំងច្រាំងទន្លេទីរួមខេត្តដើម្បីការពារការបាក់ស្រុតច្រាំង បច្ចុប្បន្នសំណង់ចិញ្ចឹមច្រាំងទន្លេរដ្ឋបាលខេត្តបានសាងសង់ក្នុងទីរួមខេត្តស្ទើររួចរាល់ទាំងស្រុង ។ 

លោកបន្តថា នៅទីតាំងស៊ីទែនប្រេងកំពុងរងការប្រេះស្រាំបម្រុងបាក់ស្រុតច្រាំងទៀត ហើយផ្ទៃដីនៅសល់មានទំហំតូចជាផ្ទៃដីចិញ្ចឹមទន្លេ រដ្ឋបាលខេត្តបានលើកសំណើតាមលិខិតលេខ៤៣៥/២០ ល.ស ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើសុំបញ្ចប់ការជួលទីតាំងដីស៊ីទែនប្រេងស្ថិតនៅមាត់ទន្លេបឹងហ្គាឡូ ភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីរៀបចំសាងសង់សំណង់ជញ្ជាំងច្រាំងទន្លេការពារការបាក់ស្រុតច្រាំង ក្នុងគោលបំណងកែលំអសោភ័ណភាពមាត់ទន្លេក្នុងទីរួមខេត្តកាន់តែប្រសើរ ផ្អែកតាមសំណើខាងលើក្រសួងពាណិជ្ជកម្មបានឯកភាពបញ្ចប់នីតិវិធីជួល និងផ្ទេរទីតាំងដីស៊ីទែនប្រេងរបស់មន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ពីការកាន់កាប់របស់ក្រសួងពាណិជ្ជកម្ម ទៅការកាន់កាប់របស់រដ្ឋបាលខេត្តក្រចេះ សម្រាប់ប្រើប្រាស់សាងសង់ជញ្ចាំងច្រាំងទន្លេវិញ។ 

លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់សម្រាប់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អសោភ័ណភាពរបស់ខេត្តដ៏ស្រស់បំព្រង នៅភាគឦសាននៃប្រទេសកម្ពុជាមួយនេះ អោយកាន់តែមានភាពទាក់ទាញនូវភ្ញៀវទេសចរឲ្យមកកម្សាន្តកាន់តែច្រើនក្រោយពេលស្ថានភាពជំងឺកូវីដ-១៩ មានការធូរស្រាល ដែលទីតាំងដីស៊ីទែនប្រេងដែលកាន់កាប់ដោយក្រសួងពាណិជ្ជកម្មតាំងពីឆ្នាំ១៩៧៩ បានផ្ទេរឱ្យរដ្ឋបាលខេត្តក្រចេះកាន់កាប់ និងប្រើប្រាស់បន្តវិញ ។ 

រដ្ឋលេខាធិការ បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានវិធានការម្មត់ចត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឲ្យក្រសួងពាណិជ្ជកម្ម ក្នុងការទប់ស្កាត់ការដំឡើងតម្លៃនូវផលិតផលមួយចំនួនដូចជា ស្រូវ អង្ករអាល់កុល ប្រេងឥន្ធនៈ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ឱ្យមានស្ថានភាពថ្លៃទំនិញនៅលើទីផ្សារនិងសម្របសម្រួលក្នុងការផ្គត់ផ្គង់ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ គ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ៕





ពិធីប្រកាសចូលកាន់តំណែង និងបំពេញការងារអភិបាលរងខេត្តព្រះវិហារថ្មី

ព្រះវិហារ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ពិធីប្រកាសចូលកាន់តំណែង និងបំពេញការងារអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ  និងមានការចូលរួមពីលោកសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។

មានប្រសាសន៍នាឱកាសនោះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ថ្លែងការកោតសសើរពីការខិតខំបំពេញភារកិច្ចរបស់លោកលោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជក្នុងខេត្តរយះពេលកន្លងមកជាពិសេសលោក គោស៊ុ ប៊ុនសឿត ដែលត្រូវផ្ទេរភារកិច្ចជំនួសដោយលោក យុង គឹមហ៊ាន ដែលត្រូវតែងតាំងជាអភិបាលរងខេត្តថ្មី និងធ្វើពិធីផ្សព្វផ្សាយនាពេលនេះ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។

លោកអភិបាលខេត្តបន្តថា នៅបរិការនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ យើងទាំងអស់គ្នា កាតព្វកិច្ចរួមសាមគ្គីគ្នាជាធ្លុងមួយចូលរួមរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩ដ៏កាចសាហាវនេះ និងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវវិធានការណ៍៣ កុំ ៣ការពារ តាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល ដោយត្រូវរៀនរស់តាមគន្លងថ្មី ។

លោកអភិបាលខេត្ត បានផ្តាំផ្ញើរដល់អភិបាលរងដែលទើបតែងតាំថ្មីត្រូវអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល បន្តថែរក្សាការពារសន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់និងស្ថិរភាពសង្គមឲ្យបានល្អប្រសើរ រក្សាសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីក្រោមឱវាទ ខិតខំបំពេញការងារប្រកបដោយស្មារតីយកចិត្តទុកដាក់ មានទំនួលខុសត្រូវខ្ពស់ ពិសេសសហការណ៍ល្អប្រសើរជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តនូវកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងទិសដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គម ។

សូមបញ្ជាក់ថា លោក យុង គឹមហ៊ាន ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងខេត្តព្រះវិហារ ស្របពេលលោក គោស៊ុ ប៊ុនសឿត  ត្រូវផ្ទេរភារកិច្ចជាអភិបាលរងខេត្តប៉ៃលិនវិញ ។





បទវិភាគអន្តរជាតិ៖ «វ៉ាក់សាំងជំងឺកូវីដ១៩របស់ចិន ត្រូវដាក់បញ្ចូលក្នុងឃ្លាំងវ៉ាក់សាំង នៃកម្មវិធី COVAX»

 (ប៉េកាំង)៖ ជាការបង្ហាញដ៏សំខាន់ដែលចិនធ្វើតាមពាក្យសន្យា អំពីការតម្កល់ទុកវ៉ាក់សាំងជំងឺកូវីដ១៩ជា “ផលិតផលសាធារណៈសកល” តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការបានប្រកាស នៅពេលថ្មីៗកន្លងទៅនេះថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុន SINOPHARM របស់ប្រទេសចិន និងក្រុមហ៊ុន SINOVAC នៃក្រុងប៉េកាំងដោយឡែកពីគ្នា។ នេះមានន័យថា វ៉ាក់សាំងស៊ីណូហ្វាម និងវ៉ាក់សាំងស៊ីណូវ៉ាក់របស់ប្រទេសចិន ត្រូវបានដាក់បញ្ចូលក្នុងឃ្លាំងវ៉ាក់សាំងរបស់ “កម្មវិធី COVAX” ជាផ្លូវការ ចាប់ពីខែកក្កដាតទៅ ក្រុមហ៊ុនទាំងពីរនេះនឹងផ្តល់វ៉ាក់សាំងដល់កម្មវិធី COVAX ដើម្បីប្រើប្រាស់ក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩របស់ប្រទេសកំពុងអភិវឌ្ឍន៍។

នេះជាការទទួលស្គាល់ប្រកបដោយកិត្យានុភាពមួយទៀត ចំពោះវ៉ាក់សាំងជំងឺកូវីដ១៩ចិនរបស់អង្គការអន្តរជាតិ បន្ទាប់ពីអង្គការសុខភាពពិភពលោក បានដាក់បញ្ចូលវ៉ាក់សាំងទាំងពីរនេះ ក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់នៅពីរខែមុន។ ហើយនេះក៏ជាភាគីចិនធ្វើតាមពាក្យសន្យា អំពីការតម្កល់ទុកវ៉ាក់សាំងជំងឺកូវីដ១៩ជា “ផលិតផលសាធារណៈសកល” តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួនម្តងទៀតផងដែរ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ប្រការនេះនឹងជំរុញការបែងចែកវ៉ាក់សាំង ដោយយុត្តិធម៌ និងបង្កើនកម្លាំងជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩សកល។

តាមការពិត សុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងស៊ីណូហ្វាម និងវ៉ាក់សាំងស៊ីណូវ៉ាក់របស់ប្រទេសចិន ដែលត្រូវដាក់បញ្ចូលក្នុងឃ្លាំងវ៉ាក់សាំងលើកនេះ បានឆ្លងកាត់ការសាកល្បងរួចហើយ។ ប្រទេសជាង ១០០បានអនុម័តឱ្យប្រើប្រាស់ វ៉ាក់សាំងជំងឺកូវីដ១៩របស់ចិន មេដឹកនាំបរទេសជាង ៣០រូបបាននាំមុខក្នុងការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិន ប្រការទាំងនេះបានបង្ហាញយ៉ាងពេញលេញ នូវកម្លាំងជាក់ស្តែងនៃវ៉ាក់សាំងរបស់ប្រទេសចិន។

អ្នកសិក្សាស្រាវជ្រាវនៃក្រសួងសុខាភិបាលស៊ីលី បានចេញផ្សាយនិក្ខេបបទនៅទស្សនាវដ្តី «The New England Journal of Medicine» របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៧ ខែកក្កដា ដោយរាយការណ៍ពីទិន្នន័យស្តីពី សមត្ថភាពការពារពិតប្រាកដ នៃវ៉ាក់សាំងស៊ីណូវ៉ាក់នៅប្រទេសស៊ីលី ដែលបានបង្ហាញថា បន្ទាប់ពីចាក់វ៉ាក់សាំងពីរដូសរួច អត្រាមានប្រសិទ្ធភាពខាងការបង្ការការឆ្លង ដោយមានរោគសញ្ញាគឺ ៦៥.៩ភាគរយ អត្រាមានប្រសិទ្ធភាពខាងការបង្ការការចូលក្នុងបន្ទប់ថែទាំករណីឈឺធ្ងន់ (ICU) គឺ ៩០.៣ភាគរយ អត្រាមានប្រសិទ្ធភាពខាងការបង្ការការចូលដេកពេទ្យគឺ ៨៧.៥ភាគរយ ហើយអត្រាមានប្រសិទ្ធភាពខាងការបង្ការការស្លាប់បាត់បង់ជីវិតគឺ ៨៦.៣ភាគរយ។

ក្នុងនាមជាប្រទេសដែលមានកម្រិតឈានមុខគេ ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងលើពិភពលោក ប្រទេសចិនបានប្រកាន់ខ្ជាប់នូវលក្ខណៈដំបូងបង្អស់ នៃវ៉ាក់សាំងដែលជាផលិតផលសាធារណៈសកលជាប់រហូតមក ដែលបានផ្តល់វ៉ាក់សាំងនិងធាតុរាវដើមជាង ៥រយលានដូសដល់ប្រទេស និងអង្គការអន្តរជាតិជាង ១០០លើទូទាំងពិភពលោក ក្លាយជាប្រទេសដែលបានផ្តល់វ៉ាក់សាំង ច្រើនបំផុតដល់ពិភពលោក។

សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនប្រទេសចិនលើកនេះ ខណៈពេលទូទាំងពិភពលោក ជាពិសេសគឺប្រទេសកកំពុងអភិវឌ្ឍន៍ ត្រូវការជាបន្ទាន់នូវការពង្រីកអត្រាចាក់វ៉ាក់សាំង។

ប្រការនេះនឹងធ្វើឱ្យភាគីដែលបានចូលរួមកម្មវិធី COVAX អាចទទួលបានវ៉ាក់សាំងភ្លាម ហើយគិតរហូតដល់ឆមាសទីមួយឆ្នាំ ក្រោយនឹងទិញវ៉ាក់សាំងជំងឺកូវីដ១៩របស់ចិនចំនួន ៥៥០លានដូស។ ក្រៅពីនេះ មានសហគ្រាសផលិតវ៉ាក់សាំងរបស់ចិនជាច្រើន បានបង្ហាញពីបំណងប្រាថ្នាយ៉ាងសកម្ម ក្នុងការចូលរួមកម្មវិធី COVAX នេះគឺមានន័យថា នឹងមានវ៉ាក់សាំងប្រទេសចិនកាន់តែច្រើនឡើងៗ នឹងរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩សកល៕ (#CCFR Comment#)



ដោយ៖ FN

អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ពីប្រធានសមាគមស្បែកជើងកម្ពុជា សម្រាប់ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

កំពត៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២១នេះ លោក  ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពីលោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា រួមមាន៖ អាវពេទ្យ PPE. 2,000ឈុត ម៉ាស 10,000បន្ទះ ថ្នាំបូរាណចិន 400ប្រអប់ ដែលផ្តល់ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ ក៏ដូចជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់លោកប្រធានសមាគម ដែលបានផ្តល់នូវអំណោយសប្បុរសធម៌ នាពេលនេះ។ ហើយនេះគឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ពេលដែលប្រទេសជាតិយើងកំពុងតែជួបប្រទះនឹងជំងឺកូវីដ-១៩ ហើយសព្វថ្ងៃរាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដល់ជនរងគ្រោះ ងាយរងគ្រោះ និងរងផលប៉ះពាល់ពីជំងឺដ៏កាចសាហាវមួយនេះ។

លោកអភិបាលខេត្ត បានបន្តទៀតថា ចំពោះអំណោយសប្បុរសធម៌ទាំងនេះ រដ្ឋបាលខេត្ត និងធ្វើការចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន ឃុំ-សង្កាត់ទាំងអស់ក្នុងខេត្តកំពត៕




ពិធីប្រកាសជាផ្លូវការតាមប្រព័ន្ធអនឡាញ Zoom ស្តីពីផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ

កំពង់ឆ្នាំង៖ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកស្រី តុង ណារី សមាជិក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្ដី និងកុមារ លោកស្រី ប៊ន សុភី អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត បានចូលរួមពិធីប្រកាសជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក  ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្សតាមរយៈប្រព័ន្ធអេឡិចត្រូនិច (Zoom)។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ច ផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ រៀបចំដោយ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ សហការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងគោលបំណងដើម្បីជំរុញ លើកកម្ពស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស តួអង្គយុត្តិធម៌ ព្រហ្មទណ្ឌ អ្នកអនុវត្តច្បាប់ និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីទទួលយកផែនការ សកម្មភាព ដើម្បីបង្ការទប់ស្ដាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមរយៈប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ មកអនុវត្ត ដោយផ្សារភ្ជាប់នឹងផែនការយុទ្ធសាស្ដ្ររបស់ ក្រសួង ស្ថាប័នសាមី៕






រដ្ឋបាលខេត្តស្វាយរៀង ចូលរួមសោកស្តាយចំពោះមរណៈភាពរបស់ប្រជាពលរដ្ឋដែលស្លាប់ដោយសារកូវីដ-១៩ កាលពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១

រដ្ឋបាលខេត្តស្វាយរៀង ចូលរួមសោកស្តាយចំពោះមរណៈភាពរបស់ប្រជាពលរដ្ឋដែលស្លាប់ដោយសារកូវីដ-១៩១៩ ចំនួន ២នាក់ កាលពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១ ។

រដ្ឋបាលខេត្តស្វាយរៀង ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារដោយសារជំងឺកូវីដ-១៩ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត ៣កុំ និង ៣ការពារ ៕