Tuesday, April 02, 2019

វឌ្ឍនភាពសំខាន់ៗទាំង ៧ចំណុចរបស់ក្រសួងកិច្ចការនារី ដែលជាទិសដៅអាទិភាពសម្រាប់អនុវត្តបន្ត

លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារភ្នំពេញ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឱ្យដឹងថា សន្និបាតក្រសួងកិច្ចការនារី ដែលប្រព្រឹត្តទៅអស់រយៈពេល ១ថ្ងៃកន្លះកន្លងមក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងកិច្ចការនារី តំណាងក្រសួង-ស្ថាប័ន សមាជិកាក្រុមប្រឹក្សា ប្រធានគណកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ (គ.ក.ស.ក) អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត តំណាងអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍សរុបប្រមាណ៣០៥នាក់ (ស្រី្ត២៦០នាក់)។
លោកស្រីបានបញ្ជាក់ថា អង្គសន្និបាតទាំងមូល បានពិនិត្យមើលលើវឌ្ឍនភាពសំខាន់ៗ របស់ក្រសួង និងមន្ទីរកិច្ចការនារី ដែលបានអនុវត្តកាលពីឆ្នាំ២០១៨ កំណត់លើបញ្ហាប្រឈម ចំណុចខ្លាំង និងលើកជាទិសដៅអាទិភាពសម្រាប់ការអនុវត្តបន្តនៅឆ្នាំ២០១៩។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា ទិសដៅអាទិភាពសម្រាប់ឆ្នាំ២០១៩ រួមមាន៖
ទី១៖ បន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការធ្វើបច្ចុប្បន្នភាព និងអនុវត្តផែនការសកម្មភាជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី (ឆ្នាំ២០១៩-២០២៣) លើការពង្រឹងការអនុវត្តកម្មវិធីមាតាបិតាភាព វប្បធម៌អហិង្សា ជំរុញការអនុវត្តច្បាប់និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធ រួមទាំងលើក កម្ពស់សុខុមាលភាពគ្រួសារ ក៏ដូចជាកិច្ចគាំពារសង្គមសម្រាប់ស្ត្រី និងក្មេងស្រី។
ទី២៖ បន្តចូលរួមលើកកម្ពស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យអប់រំនិងជំនាញ ឱ្យស្របតាមបរិបទនៃទីផ្សារការងារ និងអប់រំកម្រិតខ្ពស់ ជាពិសេសពាក់ព័ន្ធការអប់រំផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM)។
ទី៣៖ បន្តពង្រឹង និងពង្រីកភាពជាដៃគូ និងកិច្ចសហការជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធ រួមទាំងការចូលរួមការទទួលខុសត្រូវពីបុរស និងបណ្តាញអ្នកសារព័ត៌មាន ក្នុងការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងលើកកម្ពស់សមភាពយេនឌ័រ។
ទី៤៖ បន្តលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ស្ត្រី និងការអភិវឌ្ឍន៍សហគ្រិនភាពរបស់ស្រ្ដី រួមទាំងការធ្វើឱ្យប្រសើរឡើងនូវមុខងាររបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ការពិនិត្យលើសក្តានុពល និងកាលានុវត្តភាពនានា នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល។
ទី៥៖ បង្កើនការចូលរួមរបស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ ក្នុងវិស័យសាធារណៈ នយោបាយ និងវិស័យឯកជន ដើម្បីចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន។
ទី៦៖ ពង្រឹងប្រសិទ្ធភាព ក្នុងការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយ ផែនការអភិវឌ្ឍន៍គ្រប់វិស័យនៅគ្រប់កម្រិតជាពិសេសផ្តោតលើរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ និងការពង្រឹងប្រព័ន្ធ និងសមត្ថភាពក្នុងការងារតាមដាន និងវាយតម្លៃ។

ទី៧៖ បង្កើនការយល់ដឹង និងការបញ្ជ្រាបយេនឌ័រនៅក្នុងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការអភិវឌ្ឍន៍បៃតង។
-ទី៨៖ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់សហួគមន៍អាស៊ាន និងជាសកលក្នុងការលើក កម្ពស់ និងកិច្ចការពារសិទ្ធិស្រ្តី និងកុមារ ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ខេត្តកំពតនឹងមានកំពង់ផែទឹកជ្រៅដើម្បីនាំទំនិញទៅបរទេស

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានថ្លែងថា ក្រៅពីយុទ្ធសាស្រ្តប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍ និងទីផ្សារ រាជរដ្ឋាភិបាលកម្ពុជាក៏នឹងកំពុងប្រែក្លាយខេត្តកំពតឱ្យមានកំ​ព​ង់ផែទឹកជ្រៅដើម្បីងាយស្រួលក្នុងការនាំទំនិញទៅបរទេសផងដែរ។ លោកបានថ្លែងដូចនេះនៅ​ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញស​ម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន។


លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានបញ្ជាក់ថា កម្ពុជាមិនអាចពឹងផ្អែកតែទៅលើកំពង់ផែខេ​ត្តព្រះសីហនុនោះទេ គឺត្រូវមានកំពង់ផែទឹកជ្រៅនៅខេត្តកំពត ដែលជាខេត្តមួយសម្រាប់តភ្ជា​ប់ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មទៅប្រទេសជិតខាងជាប់ព្រំដែនផងដែរ៕





រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅតំបន់មួយចំនួនក្នុងក្រុងតាខ្មៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ ដោយសារតែអ្នកជំនាញនឹងកាត់ភ្ជាប់បំពង់ ចែកចាយទឹកថ្មី។
សេចក្តីជូនដំណឹងបញ្ជាក់ថា រដ្ឋាករទឹកនឹងផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ៤ម៉ោង ចាប់ពីម៉ោង២០:០០នាទីយប់ ដល់ម៉ោង២៤:០០នាទីយប់ ៕

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិនតិចជាង៩០%ដែលកម្ពុជាបានប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍និងទីផ្សារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានថ្លែងថា លោកបានអនុវត្តជោគជ័យនូវយុទ្ធសាស្រ្ត២យ៉ាងបន្ទាប់ពីការដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះឈ្នះដែលបានបង្រួបបង្រួមជាតិនិងឯកភាពទឹកដីបង្កើតបាននូវសុខសន្តិភាពពេញ​លេញ ហើយជាលទ្ធផលមិនតិចជាង៩០%ដែលកម្ពុជាបានប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍និងទីផ្សារ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញស​ម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានបញ្ជាក់ថា យុទ្ធសាស្រ្តទាំងពីរនោះរួមមាន៖ ទី១- ការប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍និងទីផ្សារ និងទី២- ការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសនានាទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅសល់តំបន់អតីតសមរភូមិប្រមាណ១០%ទៀត កំពុងត្រូវបានដោះស្រាយបញ្ហាដូចជា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលយើងមិនអាចឱ្យប្រជាពលរដ្ឋទៅប្រថុយគ្រោះថ្នាក់ទាំងនោះឡើយ៕





ផ្សាយបន្តផ្ទាល់ (Live) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យដំណើរ​ការ​ជាផ្លូវ​ការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត​ខេត្តកំពត

ផ្សាយបន្តផ្ទាល់ (Live) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យដំណើរ​ការ​ជាផ្លូវ​ការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត​ខេត្តកំពត ក្រោមគម្រោងជំនួយ​ហិរញ​ប្បទាន​ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន

ថ្ងៃអង្គា ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩