Saturday, November 19, 2022

វិភាគអន្តរជាតិ៖ តើអ៊ុយក្រែន អាចដណ្ដើមយកតំបន់គ្រីមៀ មកវិញ ឬទេ?

 

(វ៉ាស៊ីនតោន)៖ ជោគជ័យជាបន្តបន្ទាប់នៅក្នុង «ប្រតិបត្តិការវាយលុក ដណ្ដើមយកទឹកដីមកវិញ» ប្រឆាំងនឹងកងទ័ពរុស្ស៉ី បាន និងកំពុងជំរុញឱ្យមាន​ការសន្និដ្ឋានមួយចំនួនថា កងទ័ពអ៊ុយក្រែនអាចបន្តដំណើរទៅមុខ ដើម្បីវាយដណ្ដើមយក «តំបន់គ្រីមៀ» មកវិញ។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញជាច្រើនយល់ស្រប​ដូចគ្នាថាប្រតិបត្តិការវាយលុកលើតំបន់គ្រីមៀ នឹងត្រូវជួបផលលំបាកជាងការវាយណ្ដើមយកទីក្រុងខាកៀវ និងទីក្រុងខឺសុន ឆ្ងាយណាស់។

ចាប់តាំងពីបានក្រសោបយកតំបន់គ្រីមៀ កាលពីឆ្នាំ២០១៤មក រុស្ស៉ីបានពង្រឹងវត្តមានយោធា និងដាក់ពង្រាយសព្វាវុធយ៉ាងសម្បើម នៅក្នុងតំបន់មួយនេះតាមរយៈការដំឡើង មូលដ្ឋានទ័ព ប្រព័ន្ធមីស៊ីល ព្រមទាំងសាងសង់ស្ពានមួយភ្ជាប់ទៅកាន់ទឹកដីរុស្ស៉ីផងដែរ ខណៈតាមផ្លូវការទូត ទីក្រុងមូស្គូបានគំរាមត្រង់ៗថាវត្តមានរបស់កងទ័ព NATO នៅលើ តំបន់គ្រីមៀ នឹងបង្កឱ្យសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣ផ្ទុះឡើង។ ដូច្នេះថាតើការប៉ុនប៉ងដណ្ដើមយកតំបន់គ្រីមៀ ត្រឡប់មកវិញអាចធ្វើទៅរួចដែរ ឬទេ?

កាលពីខែមិថុនាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េស្នីកូវ (Oleksii Reznikov) បាននិយាយថា «តំបន់គ្រីមៀ គឺជាគោលដៅយុទ្ធសាស្ត្រសម្រាប់អ៊ុយក្រែន ពីព្រោះតែតំបន់នេះជាទឹកដីរបស់អ៊ុយក្រែន»។ តែ នៅក្នុងខែមិថុនាដដែល លោក រ៉េស្នីកូវ ក៏បានបញ្ជាក់ដែរថារដ្ឋាភិបាលរបស់លោកនឹងពិគ្រោះយោបល់ជាមុនជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ថាតើត្រូវធ្វើរឿងមួយនេះយ៉ាងដូចម្ដេច? នៅត្រង់ចំណុចនេះ ប្រតិបត្តិការយោធា ឬការប៉ុនប៉ុងវាយលុកលើតំបន់គ្រីមៀ វាមិនមែនអាស្រ័យទៅលើ ការសម្រេចចិត្តរបស់អ៊ុយក្រែនតែម្នាក់ឯងនោះទេ ពោលគឺទីក្រុងកៀវ ក៏ត្រូវមើលទឹកមុខសហរដ្ឋអាមេរិក និងអង្គការ NATO ថាតើពួកគេត្រៀមខ្លួនធ្វើសង្រ្គាមដោយផ្ទាល់ជាមួយ រុស្ស៉ី ដែរឬក៏យ៉ាងណា?

នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកឧត្តមសេនីយ៍ Mark Milley កាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកាកន្លងទៅនេះបានលើកឡើងក្នុងសន្និសីទមួយ នៅឯមន្ទីរបញ្ចកោណថា ឱកាសដែលអ៊ុយក្រែន អាចទទួលបានជ័យជម្នះផ្នែកយោធា ឬក៏ដណ្ដើមយកទឹកដីរបស់ខ្លួនទាំងអស់ នៅមុនសង្រ្គាមផ្ទុះឡើងពីរុស្ស៉ីមកវិញ ក្នុងនោះរួមមានទាំងតំបន់គ្រីមៀ ក្នុងពេលឆាប់ៗនេះ គឺមិនមានច្រើននោះទេ ដោយលោកព្រមានថារុស្ស៉ីនៅតែមានកម្លាំងប្រយុទ្ធសំខាន់ៗនៅក្នុងប្រទេសអ៊ុយក្រែន។ ទោះជាបីជាបានដកថយចេញពីទីក្រុងខឺសុន ក៏ពិតមែន តែបច្ចុប្បន្ន កងទ័ពរុស្ស៉ីបានបង្កើតខ្សែការពារជាច្រើននៅតាមបណ្ដោយច្រាំងខាងកើត នៃទន្លេឌីនីប្រូ ដោយពួកគេអាចប្រើប្រាស់ទន្លេនេះជារបាំងធម្មជាតិ ក្នុងការបង្អាក់ភាពរីកចម្រើនទៅមុខរបស់កងទ័ពអ៊ុយក្រែន។ ម្លោះហើយ ប្រសិនបើអ៊ុយក្រែនចង់វាយប្រហារលើតំបន់គ្រីមៀ មុនដំបូងពួកគេត្រូវវាយកាត់ផ្ដាច់ខ្សែការពាររវាង កងទ័ពរុស្ស៉ីក្នុងតំបន់ដុនបាស់ និងកងទ័ពរុស្ស៉ី នៅច្រាំងខាងកើតទន្លេឌីនីប្រូ ជាមុនសិន។​

ដោយឡែក នៅក្នុងសន្និសីទដដែលនោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសង្កត់ធ្ងន់ថាបញ្ហាតំបន់គ្រីមៀ នឹងត្រូវបានគិតគូរ ក៏ដូចជាដោះស្រាយដោយ ថ្នាក់ដឹកនាំអ៊ុយក្រែន។ លោក Austin បញ្ជាក់ដូច្នេះថា «យើងនឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់យើង ដើម្បីធានាឱ្យបានថាពួកគេ (អ៊ុយក្រែន) មានមធ្យោបាយដើម្បី សម្រេចគោលបំណង និងគោលដៅរបស់ពួកគេ ហើយតាមរយៈខ្សែបន្ទាត់នេះ គោលបំណង និងគោលដៅនៃការប្រយុទ្ធគឺសម្រេចទៅលើអ៊ុយក្រែន...ដោយយើងនឹងមិនបង្គាប់ ឬក៏ប្រាប់ឱ្យអ៊ុយក្រែន ធ្វើអ្វីដែលពួកគេអាចធ្វើបាន និងមិនអាចធ្វើបាននោះទេ»។

ការកត់សម្គាល់បែបនេះរបស់លោក Austin គឺស្របគ្នាទៅនឹងការលើកឡើងរបស់ក្រុមមន្ត្រីអាមេរិក នៅក្នុងរដ្ឋបាលលោក ចូ បៃដិន នោះគឺចៀសវាងការជំរុញ ឬបង្ហាញការគាំទ្រ ជាសាធារណៈដល់អ៊ុយក្រែនពាក់ព័ន្ធនឹងការដណ្ដើមយកតំបន់គ្រីមៀមកវិញ។ ក្រុមមន្ត្រីអាមេរិកមិនដែលបង្ហាញពីជំហរគាំទ្រអ៊ុយក្រែន ឱ្យវាយប្រហារលើតំបន់គ្រីមៀឡើយ ផ្ទុយទៅវិញពួកគេថែមទាំងបង្ហាញការប្រឆាំងដោយប្រយោលកុំឱ្យអ៊ុយក្រែនធ្វើដូច្នេះទៀតផង តាមរយៈការបដិសេធមិនព្រមប្រគល់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយឱ្យ អ៊ុយក្រែនជាដើម។

បើតាមក្រុមជំនាញភាគច្រើន ការវាយដណ្ដើមយកតំបន់គ្រីមៀ មកវិញ មិនមែនជារឿងងាយស្រួលនោះទេ ហើយសឹងតែមិនអាចទៅរួចទៀតផង ក្នុងរយៈពេលខ្លី ឬមធ្យម ហើយ ឧបសគ្គមុនគេដែលអ៊ុយក្រែនត្រូវប្រឈម នោះគឺការបញ្ជូនកងទ័ពចូលទៅក្នុងតំបន់គ្រីមៀ ដែលភ្ជាប់ទៅអ៊ុយក្រែនតាមច្រកផ្លូវដ៏តូចចង្អៀតមួយឈ្មោះថា អ៉ីស្មូស (isthmus)។ លោក Mick Ryan ជាឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់របស់អូស្រ្តាលី បាននិយាយថាមានច្រកផ្លូវតិចតួចប៉ុណ្ណោះដែលអាចចូលទៅកាន់តំបន់គ្រីមៀ នោះគឺតាមផ្លូវអាកាស តែតម្រូវ ឱ្យមានកងទ័ពអាកាសដ៏ខ្លាំងក្លាមួយ ដែលអ៊ុយក្រែនមិនទាន់មាននោះទេ។ រីឯ ផ្លូវមួយទៀត គឺតាមផ្លូវទឹក តែអ៊ុយក្រែនក៏មិនទាន់មានកងទ័ពជើងទឹកខ្លាំងក្លានោះដែរ បើធៀបទៅ នឹងរុស្ស៉ីដែលជាមហាអំណាចកងទ័ពជើងទឹកនៅក្នុងតំបន់សមុទ្រខ្មៅដែលមាននាវាចម្បាំង និងនាវាមុជទឹកបំពាក់ដោយអាវុធនុយក្លេអ៊ែរ។

ក្រោយទទួលបានជ័យជម្នះលើកងទ័ពរុស្ស៉ី នៅក្នុងតំបន់ខឺសុន ស្ថិតនៅភាគខាងត្បូងនៃប្រទេស កងទ័ពអ៊ុយក្រែន ត្រូវបានគេមើលឃើញថាមានទីតាំងយោធាដ៏ល្អមួយដែលអាច វាយប្រហារលើតំបន់គ្រីមៀ។ ដើម្បីមានឱកាសជោគជ័យ អ៊ុយក្រែនមិនអាចធ្វើកិច្ចការនេះតែម្នាក់ឯងបាននោះទេ ដោយត្រូវមានការជួយគាំទ្រនូវអាវុធ ឬមីស៊ីលរយៈចម្ងាយឆ្ងាយ ដូចជាប្រព័ន្ធមីស៊ីលអាមេរិក ATACMS ដែលអាចបាញ់បានចម្ងាយ ៣០០គីឡូម៉ែត្រ។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក មកទល់នឹងពេលនេះមិនបានបង្ហាញសញ្ញា ឬបំណងបញ្ជូន ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយឱ្យអ៊ុយក្រែនទេ និងបានអះអាងជារឿយៗថាទីក្រុងវ៉ាស៊ីនតោននឹងជួយឱ្យអ៊ុយក្រែនមានជំហររឹងមាំ មុននឹងចូលតុចរចាសន្តិភាពជាមួយរុស្ស៉ី ហើយ គោលដៅសំខាន់នៅចំពោះមុខ នោះគឺជួយអ៊ុយក្រែនបណ្ដេញកងទ័ពរុស្ស៉ីឱ្យចេញពីទឹកដីរបស់ខ្លួន ដូចកាលពីពេលមុនសង្រ្គាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ដោយមិនបាននិយាយពីតំបន់គ្រីមៀ ឡើយ៕ Fresh News