Tuesday, September 01, 2020

ប្រវត្តិ ពិធី​បុណ្យភ្ជុំបិណ្ឌ និង ពិធីបុណ្យកាន់បិណ្ឌ

បុណ្យកាន់បិណ្ឌ ជាពិធីដែលគេត្រូវចាប់ធ្វើឡើងតាំងពីថ្ងៃ ១ រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក ។ ពិធីនោះត្រូវធ្វើអស់កាលកន្លះខែគត់ ។នៅខែភទ្របទ មេឃមានអាកាសអួរអាប់ដោយពពកទឹក ចំនែកខាងរនោច ព្រះចន្ទដែលបញ្ចេញរស្មីនៅវេលាយប់ ក៏កាន់តែហោចទៅ ៗ ធ្វើឲ្យវេលាយប់កាន់តែងងឹតបន្តិចម្ដង ៗ ។ នៅពេលនោះហើយ ដែលយមរាជ (ស្ដេចមច្ចុរាជ) ដោះលែងពួកសត្វនរកទាំងឡាយ ក្នុង ១ ឆ្នាំម្ដង ដើម្បីឲ្យឡើងទៅរកបងប្អូន កូនចៅ ដើម្បីនឹងទទួលកុសលផលបុណ្យ ដែលគេធ្វើឧទ្ទិសឲ្យ ។ ដោយសត្វនរក ជាអ្នកខ្លាចពន្លឺ ទើបអ្នកស្រុកនិយមធ្វើបុណ្យឲ្យអ្នកទាំងនោះនៅខែងងឹត ។ អ្នកខ្លះនិយាយថា តែដល់រដូវហើយ សត្វនរកដែលគេដោះលែងមក ខំដើររកបងប្អូនកូនចៅគ្រប់ ៧ វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន ហើយនឹងប្រទេចផ្ដាសាដល់ញាតិមិត្តមិនលែងឡើយ ។ការដែលគេធ្វើបុណ្យក្នុងកន្លះខែក្នុងខែភទ្របទនោះ គេហៅថា “ កាន់បិណ្ឌ” ។ ពាក្យថាបិណ្ឌ មកពីពាក្យបាលីថា “ បិណ្ឌៈ” មានន័យថា “ ដុំបាយ” ។



ក្នុងសិលាចរឹករបស់ព្រះបាទយសោវរ្ម័ន ដែលទ្រង់សោយរាជសម្បត្តិក្នុងរវាង គ.ស. ៨៨៩ ដល់ ៩១០ យើងដឹងថា នៅក្នុងអាវាសជាច្រើនដែលព្រះអង្គទ្រង់បានកសាង គេតែងធ្វើពិធីបូជាបាយបិណ្ឌ ចំពោះវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ក្នុងចំបាំងរាំងជល់ និង ចំពោះខ្មោចដែលគ្មានបងប្អូនជាទីពឹងទាំងឡាយជារៀងរាល់ខែ ។

សម័យសព្វថ្ងៃបុណ្ឌជាដុំបាយដំណើប ដែលគេចំអិនដោយខ្ទិះដូង ហើយលាយ ឬ បុកជាមួយគ្រឿងផ្សំឯទៀត តាមទម្លាប់ស្រុក ។ គេរៀបបាយបិណ្ឌ នៅជុំវិញបាយបត្តបូរ បាយបត្តបូរ ក៏ធ្វើដូចជាបាយបិណ្ឌដែរ គ្រាន់តែពូត ជាពំនូតធំ ៗ មានកំពូលស្រួចហើយគ្របដោយសាជីស្លឹកចេក និង មានដោតទៀតធូបភ្ញីផ្កាជាលំអផង ។ តាមទម្លាប់នៅថ្ងសកាន់បិណ្ឌទី ១ គេដាក់បាយបិណ្ឌតែ ១ ពំនូតទេ ។ ហើយគេចេះតែថែម ១ ថ្ងៃ ១ ដុំ លុះត្រាតែគ្រប់ ១៥ ដុំ ។ ប៉ុន្តែមានស្រុកខ្លះ មានទំនៀមធ្វើប្លែកពីនេះ ភូមិខ្លះ គេធ្វើបាយធ្វើបាយបិណ្ឌតែ ៥ ទេ ដេលគេទុកជានិមិត្តរូបព្រះពុទ្ធ ទាំង ៥ ព្រះអង្គប្រចាំកប្បយើងនេះ ។ នៅភូមិខ្លះទៀត, ជុំវិញជើងបាយបត្តបូរ មានដាកបាយកន្ទោង ៨ ផង ហើយកន្ទោងនិមួយ ៗ មានតាំងពីបាយ ១ ដុំ ដល់ ១៥ ដុំ ។ កន្ទោងបាយទាំង ៨ នោះ គេទុកបម្រុង យកទៅដាក់ជុំវិញ ព្រះវិហារគ្រប់ទិសទាំងប្រាំបី ។

តាមទម្លាប់ ជាធម្មតា គេត្រូវទុកបាយបត្តបូរនៅទីវត្ត, ឯបាយបិណ្ឌ គេត្រូវនាំយកទៅ ផ្ទះ ដើម្បីនឹងប្រើការនៅពេលដែលគេបញ្ចប់បុណ្យនេះ ។ ក្រៅពីបាយបិណ្ឌ និង បាយបត្តបូរ គេមានធ្វើផ្កាបិណ្ឌ ដែលមានបាច់ផ្កា ១ រាងដូចសាជីជ្រុង ថែមទៀត ។ ផ្កាបិណ្ឌមានឆ្អឹង កណ្ដាលធ្វើអំពីឫស្សី កំពស់ប្រហែលជា ១ម. មានស៊កកង់ឈើមូល ៗ ជាថ្នាក់រាងធំក្រោម រៀវតូចទៅលើ ។ នៅកន្លែងកង់ជាថ្នាក់ ៗ នោះមានដោតផ្កាញ័រ ធ្វើដោយស្ពាន់ក្រាបនឹងក្រដាសគ្រប់ពណ៌ ដោយនៅចុងទង់ ធ្វើដោយខ្សែលួស តែកាលណាមានខ្យល់បក់មក សូម្បីតិចយ៉ាងណា ក៏អាចធ្វើផ្កាទាំងនោះ ឲ្យរញ្ជួយញ័រ ៗ ដែរ នៅកំពូលស៊ុម ផ្កានោះមានរូបហ្សតូចមួយធ្វើដោយឈើ នៅលើខ្នងហង្សមានដោយទៀន ១ ផង ។ នៅវត្តខ្លះ ពួកទាយក ទាយិកា នាំគ្នាផ្លាស់ទៀននេះ រាល់យប់ ។គេធ្វើផ្កាបិណ្ឌ ដើម្បីឧទ្ទិសបូជាដល់ប្រះចូឡាមណីចេតិយ នៅឯឋានត្រៃត្រឹង្ស ដែលជាទីតម្កល់ព្រះកេសានៃព្រះបរមសាស្ដា ដែលទ្រង់បានកាត់នៅពេលដែលទ្រង់ចេញសាងព្រះផ្នួស ។

ចាប់តាំងពីថ្ងៃពេញបូរមី ខែភទ្របទមក ទាយក ទាយិកា នាំគ្នាទៅប្រជុំនៅទីសាលាវត្ត ដែលគេវានចាត់ចែង រៀបចំលំអរ ជាស្រេចសម្រាប់បុណ្យ ដើម្បីស្ដាប់ព្រះសង្ឃសូត្រមន្ត និង សំដែងធម្មទេសនា ។ លុះចប់ធម៌ទេសនា ហើយគេនាំគ្នាត្រឡប់ទៅកាន់ទីលំនៅរៀង ៗ ខ្លួនដល់ថ្ងៃបន្ទាប់មក ទើបនាំគ្នាក្រោកពីយប់ទីប្រជុំនៅឯទីវត្តទៀត ។អ្នកណាទៅដល់វត្តមុនគេ អ្នកនោះ ទូងស្គរជាសញ្ញា ដល់អ្នកជើងវត្តឯទៀត ។ ពេលឮសញ្ញាស្គរវត្តហើយ គេប្រញាប់ប្រញាល់នាំបាយបិណ្ឌ បាយបត្តបូរ និង ម្ហូបចំណីផ្សេង ៗ ទៅកាន់វត្តយ៉ាងរួសរាន់ ។ ដល់ហើយនាំគ្នាដើរទក្ខិណាព័ត៌ព្រះវិហារ ៣ ជុំ រួចទើបនាំគ្នាចូលទៅស្ដាប់ព្រះសង្ឃស្វាធ្យាយធម៌ ។ ធម៌ដែលព្រះសង្ឃសូត្រនៅពេលនោះមាន ២ យ៉ាង, ធម៌មួយយ៉ាង សម្រាប់ឧទ្ទិសគ្រៀងសំណែនដល់ខ្មោច ធម៌មួយទៀត សម្រាប់តឿនព្រះអាទិត្យឲ្យរះឆាប់ឡើង ។ព្រលឹមឡើង អ្នកវេនរៀបចង្ហាន់ប្រគេនព្រះសង្ឃស្រស់ស្រូបហើយ ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ យកទាំងបាយបិណ្ឌទៅផង ។ ដល់ថ្ងៃជិតត្រង់ ទើបនាំគ្នាយកចង្ហាន់ ទៅប្រគេនព្រះសង្ឃឆាន់ត្រង់ម្ដងទៀត ។ គេធ្វើដូច្នេះរហូតដល់គ្រប់ ១៥ ថ្ងៃ ។ ថ្ងៃទី ១៥ នេះហើយដែលជាថ្ងៃសំខាន់ជាងគេ ។




ពិធីក្នុងព្រះបរមរាជវាំងៈ
នៅព្រះបរមរាជវាំង ព្រះមហាក្សត្រខ្មែរតែងធ្វើព្រះរាជកុសលកាន់បិណ្ឌជាទម្លាប់មក ចាប់តាំងពីថ្ងៃ ១១ រោច ។
នៅពេលនេះ យើងសូមជូនអំពី ព្រះរាជពីធីយ៉ាងសង្ខេប, ព្រោះថាក្រៅអំពីការរុងរឿង អធិកអធមក្នុងការរៀបចំពិធី ពុំមានទំនៀមប្លែកប៉ុន្មានអំពីទំនៀមរាស្ត្រឡើយ ។
ខាងទំនៀមព្រះមហាក្សត្រ ធ្វើផ្កាបិណ្ឌច្រើនជាំងនៅទីដទៃ ព្រោះគេធ្វើជំនួសបាយ បត្តបូរយើងធម្មតា ។ ផ្កាបិណ្ឌដែលប្រើក្នុងព្រះរាជពីធី ក៏មានរាងធំក្រោម ស្រួចលើដែរ ប៉ុន្តែនៅចន្លោះផ្កាញ័រ មានដោតក្បាច់កញចាំងឆ្លាក់ភ្ជាប់ នឹងសាច់អំពៅព្រោះតែម្ដង ហើយនៅថ្នាក់ក្រោមបង្អស់មានដោតទង់រូបក្រពើ និង ទង់រូបនាគធ្វើដោយស្ពាន់ក្រាប ។ ព្រះរាជពិធីតែងធ្វើនៅក្នុងព្រះទេវាវិនិច្ឆ័យ, នៅលើតុមួយគេតំកល់ប្រះពុទ្ធរូប ១ អង្គដែលគេបានអភិសេកពីឆ្នាំមុនរួចហើយ ដល់ថ្ងៃបង្ហើយបុណ្យ គេត្រូវអភិសេកព្រះពុទ្ធរូបមួយអង្គថ្មីទៀត ។

នៅថ្ងៃ ១១ រោច ដែលជាថ្ងៃផ្ដើមបុណ្យ ព្រះសង្ឃចំរើនព្រះបរិត្តនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ។ ស្អែកឡើងគឺថ្ងៃ ១២ រោច ព្រះសង្ឃត្រូវនិមន្តតាំងពីម៉ោង ៤ ភ្លឺដើម្បីស្វាធ្យាយ ធម៌រហូតដល់ម៉ោង ១០ ទើបក្រុមសង្ឃការី រៀបចង្ហាន់ប្រគេនព្រះសង្ឃការីរៀបចង្ហាន់ប្រគេនព្រះសង្ឃឆាន់ ។ វេលារសៀល ថ្ងៃដដែល ត្រូវវេនព្រះសង្ឃដ៏ទៃទៀត ទៅបំពេញកិច្ចដូចថ្ងៃទី ១ ដែលយើងបានពោលរួចមកហើយ ។ថ្ងៃ ១៣ រោច ពិធីដែលធ្វើតាំងពីរសៀលថ្ងៃនេះ ទៅទល់នឹងព្រឹកថ្ងៃស្អេកទៀត ជាពីធីថ្វាយព្រះរាជកុសលចំពោះព្រះអតីតមហាក្សត្រទាំងឡាយ ជាពិសេសគឺប្រះរាជា ៥ ព្រះអង្គដែលទ្រង់សោយទីវង្គតក្រោយគេ គឺព្រះករុណា ព្រះអង្គឌួង ព្រះករុណាព្រះនរោត្ដម ព្រះករុណាព្រះស៊ីសុវត្ថិ ព្រះករុណាព្រះមុនីវង្ស និង ព្រះករុណាព្រះសុរាម្រិត ។

នៅថ្ងៃ ១៤ រោច ព្រះករុណា, ព្រះរាជវង្សានុវង្ស ស្ដេចចេញជាព្រះរាជាធិបតីជាមួយ នឹងនាម៉ឺនសព្វមុខមន្ត្រី ។

បន្ទាប់មក គេនិមន្តព្រះសង្ឃបង្សុកូល គឺជាការពិចារណាដល់ភាពឥតខ្លឹមសារនៃមនុស្សជាតិ និង ជាកិច្ចបញ្ជូនកុសលចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ឲ្យបានរំដោះផុតពីទុក្ខវេទនា ។ នៅវេលាលោកសង្ឃកំពុងសូត្រគេយកអំបោះឆៅប្រគេនព្រះសង្ឃគ្រប់អង្គកាន់ ហើយយកចុងសរសៃអំពោះម្ខាងដាក់ទៅក្នុងផ្តិលទឹកមន្តមួយ ។ ដែលតម្កល់នៅមុខព្រះសង្ឃនាយក ហើយចុងម្ខាងទៀត យកទៅដាក់ព័ទ្ធជុំវិញហោព្រះអដ្ឋិឯណោះ ។ អំពោះនៅជានិមិត្តរូបនៃការចម្លងកម្លាំងធម៌ ខាងសាសនាពីអ្នករស់នៅទៅកាន់អ្នកស្លាប់ ។

រួចពីនោះមក ព្រះករុណាទ្រង់យកបាច់ផ្កាទៅថ្វាយចំពោះព្រះបរមរូប រូបចាងហ្វាងក្រុមព្រះរាជមន្ទីរចូលថ្វាយផ្កា និង ថ្វាយបង្គំព្រះបរមរូប ជាបន្ទាប់ក្រោយព្រះអង្គ ។ តមកទៀត ក្រុមបារគូចូលទៅសូត្រប្រសិទ្ធិពរថ្វាយព្រះបរមរូប រូបចាងហ្វាងក្រុមព្រះរាជមន្ទីរ ថ្វាយព្រះរាជកុសលចំពោះព្រះបរមរូបទៀត ដើម្បីសូមព្រះអង្គបានប្រកបដោយព្រះសុភមង្គលគ្រប់យ៉ាងក្នុងបរលោក ។
នៅម៉ោង ៩ យប់ ព្រះករុណាទ្រង់យាងមកជួបជុំ និង ព្រះរាជវង្សានុវង្ស ចៅជិតចៅចម ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រី ម្ដងទៀតដើម្បីធ្វើពិធី “ ប្រជុំបិណ្ឌ” ។ នៅឱកាសនោះ ព្រះខ័នស្ដេចត្រាញ់ទាំង ៤ ក៏ត្រូវអញ្ជើញមកតម្កល់ក្នុងពិធីនោះដែរ ។

សម័យបុរាណ តែកាលណាព្រះរាជអាណាចក្រត្រូវបានរីកធំឡើង ព្រះករុណាទ្រង់ជ្រើសតាំង ព្រះរាជវង្សានុវង្ស ១ អង្គ ជាស្ដេចត្រាញ់ដើម្បីគ្រប់គ្រងតំបន់ដែលនៅជិតព្រំប្រទល់ ។ កាលនោះ មានតែស្ដេចត្រាញ់បួនទេ ប្រចាំទិសទាំង ៤ នៃព្រះនគរ ។ ព្រះអង្គទ្រង់ព្រះរាជទាន មកុដ ១ ព្រះខ័ន ១ និង ត្រា ១ ដល់ស្ដេចត្រាញ់ទាំងនោះ មួយគ្រឿង ៗ មួយអង្គ ។

ប៉ុន្តែមកុដ និង ត្រាបាត់បង់អស់ទៅហើយ នៅសល់តែព្រះខ័ន ដែលមានពួកបាគូមួយក្រុម នៅវត្តបារាយណ៍ក្នុងខេត្តកំពង់ធំ នៅរក្សាដល់សព្វថ្ងៃនេះ ។ ព្រះខ័ន ទាំងបួនមានសភាពដូចគ្នា នៅលើមុខព្រះខ័ន មានឆ្លាក់មន្តអាគមផង ហើយនៅលើដងមានឆ្លាក់រូបសត្វ ៤ បែប ។ សត្វទាំង ៤ បែបនោះ ទំនងជាតំណាងចតុទិសនោះឯង ។ ដោយហេតុថាសម័យមុន ពួស្ដេចត្រាញ់ទាំង ៤ ត្រូវចូលខ្លួនទៅ រាជធានី ដើម្បីគោរពបូជាចំពោះវិញ្ញាណក្ខ័ន្ធ នៃបុព្វបុរស របស់ខ្លួន ទើបព្រះខ័ន ទាំងបួន ដែលជាតំនាងស្ដេចត្រាញ់ ក៏ត្រូវយកមកតម្កល់ ក្នុងរាជពិធីថ្វាយព្រះរាជកុសលនោះដែរ ។

ក្រៅពីនោះ មានតុពីរទៀត នៅចំពីមុខកន្លែង តម្កល់ព្រះបរមរូប ។ តុមួយមានគ្រឿងប្រដាប់សុទ្ធសឹងមាស គឺជាដង្វាយថ្វាយ ព្រះបិតរចំពោះព្រះសពនៃព្រះមហាក្សត្រ ទ្រង់រាជ្យ ។ តុ ១ ទៀតមានសុទ្ធតែគ្រឿងប្រាក់ ជាដង្វាយសម្រាប់ថ្វាយព្រះបិតរ ចំពោះវិញ្ញាណក្ខ័ន្ធ នៃព្រះរាជវង្សានុវង្ស ។ នៅជិតតុនោះ មានតុមួយតូចមួយទៀត តម្កល់កែវទឹកដូង ។

កាលព្រះករុណាទ្រង់យាង ដល់ទីប្រជុំហើយ ព្រះអង្គទ្រង់ព្រះរាជទានភ្លើងអុជទៀន គោលទាំងគូ ដែលដាក់នៅចំពោះព្រះភក្ត្រ ព្រះបរមរូប ។ បារគូ ៩ នាក់ សូត្រថ្វាយជ័យរួចចាក់ទឹកស័ង្ខលើបាតព្រះហស្ថព្រះរាជា ហើយថ្វាយស័ង្ខ រួចថ្វាយស្លឹកព្នៅខ្ចី ១ សន្លឹក ដែលព្រះរាជាទ្រង់ទទួលសៀតនៅព្រះកាណ៌ឆ្វេង ដើម្បីសិរីសួស្ដី ។

បន្ទាប់មកទៀត ចាងហ្វាងក្រុមព្រះរាជមន្ទីរ សូត្របួងសួងព្រះបិតរ សូមឲ្យលោកទ្រទ្រង់ព្រះមហាក្សត្រ និង រាស្ត្រប្រជា ធំ-តូច មាន-ក្រ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ទោះជាជាតិសាស្ត្រណាក៏ដោយ សូមឲ្យបានសេចក្ដីសុខ ចម្រើនទាំងអស់ ។

លុះចប់កិច្ចបួងសួងហើយ ព្រះករុណាទ្រង់យាងថ្វាយបង្គំព្រះបរមរូបរួចទើបទ្រង់យាងចាក់ដូងជាក្រោយ ។ តមកតៀត ពួកនាម៉ឺនសព្វមុខមន្ត្រី ក៏ចូលម្ដង ៤ នាក់ ៗ ដូចមុនដែរ ។

បន្ទាប់មកទៀត, ព្រះមហាក្សត្រីយានីយាងចាក់ទឹកដូងតែមួយព្រះអង្គឯង រួចទើបក្រុមក្សត្រី ចៅជិត ចៅចម និង ភរិយានាម៉ឺនសព្វមុខមន្ត្រី ចូលចាក់ទឹកដូង ម្ដង ៤ នាក់ ៗ ជាលំដាប់ ។ លុះចប់ពិធីចាក់ទឹកដូងហើយ គេនិមន្តព្រះសង្ឃទេសនា រឿងពុទ្ធប្រវត្តិ រួចរៀបអភិសេកព្រះពុទ្ធរូបមួយព្រះអង្គ នៅក្នុងយប់ជាមួយគ្នានោះ ។ នៅទីវត្តទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា ក៏មានធ្វើពិធីដូចគ្នានេះដែរ ដែលយើងនឹងជូនសេចក្ដីអធិប្បាយទៅខាងមុខ ។

ប៉ុន្តែ សូមកត់សម្គាល់ថា ពិធីចាក់ទឹកដូង និង បិធីអភិសេកព្រះពុធ្ធរូប តែងធ្វើនៅព្រះបរមរាជវាំង ២៤ ម៉ោង មុនទំនៀមរាស្ត្រក្នុងព្រះនគរជាដរាប ។

ព្រះសង្ឃសូត្រពុទ្ធាភិសេកទល់ភ្លឺ ។ លុះភ្លឺស្រាង ៗ ហើយ ពួកភ្នាក់ងារយកគ្រឿងផ្ទុកក្នុងសង្ឃឹកឈើមួយតូច ដែលមានភាពដូចជាតំណាក់ផែ រួចសែងយកទៅឯងកំពង់ផែ ទៅដល់គេផ្ទេរគ្រឿងទាំងនោះដាក់ទៅក្នុងក្បូនដើមចេក ។ គេយកទូក ១ មកសណ្ដោងអូសរហូតដល់កណ្ដល់ទន្លេ ៤ មុខ ទើបលែងក្បូនឲ្យអណ្ដែតទៅតាមខ្សែទឹក បញ្ជូនទាំងវិញ្ញាណក្ខ័ន្ធ ព្រះបិតរទៅស្រុកទេសវិញផង ។
លុះត្រឡប់មកវិញ ពួកភ្នាក់ងាររៀបធ្វើពិធីបង្សុកូល និង ប្រគេនចង្ហាន់សង្ឃជាការស្រេច ។ ក្នុងពេលជាមួយនឹងព្រះរាជពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ក្រុមបារគូក៏ធ្វើពិធីបូជាចំពោះទេវរូបនៅនាយោព្រះបញ្ចក្សេត្រដែរ ។ គេធ្វើពិធីអញ្ជើញទេវរូបទាំងនោះឲ្យចេញវស្សាជាមួយផង ។




ទំនៀមរាស្ត្រៈ
ថ្ងៃខែដាច់ខែភទ្របទ ជាថ្ងៃសំខាន់ជាងគេក្នុងរដូវបិណ្ឌ គឺជាថ្ងៃ “ ប្រជុំបិណ្ឌ” ឬ “ ភ្ជុំបិណ្ឌ” ។
មុនថ្ងៃភ្ជុំ ជាថ្ងៃភ្ជុំធំ, នៅគ្រប់គ្រួសារខ្មែរគេនាំគ្នាធ្វើនំអន្សម នំគម ដើម្បីយកទៅវត្តអារម ចែកញាតិមិត្តជិតឆ្ងាយ និង សែនជីដូនជីតា ដែលធ្វើមរណកាលទៅហើយនោះ ។ ចំនែកនៅឯវត្ត គេរៀបចំបោសសំអាតតុបតែងសាលាបុណ្យឲ្យសរម្យ តាមរបៀប ព្រោះនៅវេលាយប់ ១៤ រោចនោះ ព្រះសង្ឃត្រូវនិមន្តស្វាធ្យាយធម៌ និង ទេសនាទល់ភ្លឺ ហើយគេមានធ្វើពិធីបង្សុកូល និង អភិសេកព្រះពុទ្ធរូប ដូចជាយើងបានពោលមកហើយក្នុងព្រះរាជពិធី ។

មានរឿងដំណាលថា កាលនោះ ព្រះបរមពោធិសត្វទ្រង់មានសេក្ដីតក់ស្លុត នឹងជរាព្យាធិ និង មរណៈជាពន់ពេក ទ្រង់យាងចាកភេទជាក្សត្រ ដើម្បីទៅស្វែងរកព្រះនិព្វានជាឋានបរមសុខ ។ ព្រះអង្គទ្រង់ធ្វើទុក្ខកិរិយាអស់រយៈកាល ៦ ឆ្នាំ ទាល់តែមានប្រះ កាយស្គាំងស្គមយ៉ាងខ្លាំង ប៉ុន្តែក្រោយបន្តិចមក ប្រះអង្គទ្រង់ពិចារណាឃើញថា ការដេលទ្រង់ប្រព្រឹត្តនេះ មិនអាចធ្វើឲ្យសម្រេចមគ្គផលបានទែ ទើបព្រះអង្គចាប់ឆាន់ចង្ហាន់ឡើងវិញ ។ តពីនោះមក ប្រះអង្គក៏ព្រមទទួលចង្ហាន់ដែលនាងសុជាតាបានធ្វើដោយផ្ចិតផ្ចង់អស់ពីចិត្តថ្វាយព្រះអង្គ ។

ព្រះអង្គទ្រង់បានសម្រេចព្រះសម្ពោធិញ្ញាណ នៅពេលដែលព្រះអង្គទ្រង់គង្គនៅក្រោមដើមពោធិព្រឹក្សមួយ ប៉ុន្តែមុននឹងទ្រង់បានត្រាស់ដឹង មារាធិរាជដែលជាសត្រូវ តាមព្យាបាទព្រះអង្គជាយូរណាស់មកហើយ ហើយដោយសេចក្ដីក្ដៅក្រហាយនឹងបំបែរព្រះទ័យព្រះអង្គឲ្យចុះអំពីរតនបល្ល័ង្ក ។ ព្រះបរមសាស្ដាទ្រង់អាងដល់នាងគង្ហីងព្រះធរណី ជាកស្សិណ នាងគង្ហីងចាង់ផ្នួងសក់ច្បូតចេញជាទឹកលិច​លង់​ពល​មារ​បរាជ័យក្នុងពេលនោះហោង ។ ឯទំនៀមធ្វើបុណ្យ អភិសេកព្រះពុទ្ធរូប ជាទំនៀមរំឭកដល់រឿងពុទ្ធប្រវត្តិ ត្រង់ដែលព្រះអង្គផ្ចាញ់មារាធិរាជនេះឯង ។ ហេតុនេះហើយ បានជាក្នុងពិធីពុទ្ធាពិសេកមានក្មេងព្រហ្មចារី អង្គុយបកស្រូវភោជសាលី និង ចំអិនមធុបាយាស ដោយទឹកដុង និង ភ្លើងទៀនជាតំណាងនាងសុជាតា ។ ដល់ពេលទៀបភ្លឺ មានយវជនជាច្រើនរូបតំណាងពលមារ ចូលទៅធ្វើអាការហាក់ជាកំហែងព្រះអង្គ ពេលនោះពួកកុមារីបានព្រាចនូវស្រទាប់ផ្កាឈូក ជាការរំឭកដល់កាលដែលនាងគង្ហីងធរណីច្បូតសក់បង្ហូរទឹកឲ្យលិចលង់ពលមារ ។

ពេលភ្លឺស្រាង ៗ ទាយកទាយិកា នាំគ្នាត្រឡប់ទៅកាន់ទីលំនៅរៀង ៗ ខ្លួន ទៅសំរាកបន្តិច ដើម្បីនឹងត្រឡប់មកកាន់វត្តវិញ នៅពេលថ្ងៃជិតត្រង់ ។

ជិតដល់ពេលហើយ អ្នកស្រុកជើងវត្តនាំគ្នាទូលបាយបត្តបូរ បាយបិណ្ឌម្ហូបចំណីផ្សេង ៗ ដែលធ្វើដោយផ្ចិតផ្ចង់ទៅប្រគេនព្រះសង្ឃ ដើម្បីឲ្យបានផលដល់ខ្មោចជីដូនជីតា ដែលគេលែងឲ្យមកជួបជុះក្នុងពេលនោះ ។ នៅស្រុកខ្លះ គេបង្វិលពពិលបំបួស ដូនជីមួយផង នៅឱកាសនោះ ។

ពេលព្រលប់ថ្ងៃដដែល អ្នកស្រុកប្រមូលក្រុមញាតិនៅផ្ទះរៀងខ្លួន ដើម្បីសែនជីដូនជីតា ។ គេក្រាល់កន្ទេល ១ ដាក់សំពត់សក្រាលពីលើ មានខ្នើយ ១ ផង នៅអមកន្ទេលទាំងសង្ខាង មានថាសចំអាប បង្អែម បាយបិណ្ឌ និង បាយបត្តបូរ ។ លុះរៀបចំស្រេចកាលនា មនុស្សចាស់ម្នាក់ក្នុងគ្រួសារ អុចធូបទៀន សំបូងសំរូង អញ្ជើញជីដូនជីតា ញាតិមិត្ត ដែលបានធ្វើមរណកាលទៅនោះ ឲ្យអញ្ជើញមកសេពសោយ អាហារភោជនដែលគេរៀបជូន និង ឲ្យសព្ទសាធុការពរ ដល់កូនចៅញាតិសន្ដានផង ។

ថ្ងៃជាបន្ទាប់មក គឺថ្ងៃ ១ កើតខែអស្សុជ គេក្រោកតាំងពីយប់នាំយកក្បូនដើមចេក ផ្ទុកដោយស្បៀងអាហារ ស្រូវអង្ករ នំនែកគ្រប់យ៉ាង យកទៅបណ្ដែតឲ្យរសាត់តាមខ្សែទឹកហូរ ហើយនិយាយថា សូមឲ្យជីដូនជីតាអញ្ជើញត្រឡប់ទៅស្រុកដើមវិញចុះ ។

ក្នុងភូមិខ្លះនៅក្បែរក្រុងភ្នំពេញ នាថ្ងៃដដែលនោះ គេមានថ្វើពីធីសេន ឬ ថ្វាយព្រះភូមិផង ។ គេរៀបចំកន្ទេលខ្នើយ បាយទឹក និង សំណែនផ្សេង ៗ ដូចជាសែនដូនតាពីល្ងាចដែរ រួចគេអញ្ជើញព្រះភូមិ ព្រះធរណី ឲ្យមកសេពសោយព្រមទាំងសុំឲ្យកើតផល្លានុផលបរិបូរផង ។ ជួនកាល បន្ទាប់ពីការសែនព្រេន និង បួសងួងនោះមក កូនក្មេងដែលនៅចាំក្រោមផ្ទះ នាំគ្នាស្រែកហ៊ោកញ្ជ្រៀវ វាយសរសរផ្ទះក្ដុងក្ដាំង បណ្ដើរថា “ ឱ ! ព្រះភូមិករ ព្រះធរណី យាងមកឲ្យយើងសុខសប្បាយហើយ” រួចនាំគ្នាសើចលាន់យ៉ាងសប្បាយទៅ ។

បន្ទាប់មកទៀត កេយកអំពោះឆៅទៅចងដៃម្ចាស់ផ្ទះប្រុសស្រី ចង់សរសរកន្ទោង ចងស្នែងគោក្របី នង្គ័ល និង រនាស់ ។ អំបោះនេះ ជានិមិត្តរូបនៃសម្ពន្ឌមួយយ៉ាងតឹងរ៉ឹង រវាងភ្ញៀវចូលមកជួបជុំ និង អ្នកផ្ទះ ។ គេយកប្រេង ម្សៅទៅលាបស្នែងសត្វពាហនៈទាំងនោះ ហើយសុំខមាទោស កុំឲ្យមានកម្មពៀរ ដោយបានប្រើ និង វាយដំសត្វនោះ ក្នុងការធ្វើស្រែចំការ ។ រួចអ្នកស្រែចំការ នាំគ្នាយកច្រមទៅដោតមួយ ៗ គ្រប់រែស ។ ច្រមនោះធ្វើអំពីដើមឫស្សីមួយកំណាត់ គេច្រៀកចុងម្ខាងជាបន្ទះស្ដើង ៗ ហើយយកវល្លិ៍ក្រងឲ្យមានរាងរីកចុងរួមគល់ ដូចជីវឡាវ មានដាក់បាយ នំ ចំណី និង ចងស្លាបមាន់ខ្មៅ ១ នៅមាត់ច្រកនោះផង ។ អ្នកស្រែយកច្រមនោះទៅដោតនៅទិសឥសានស្រែ ហើយថយមកអង្គុយ បួងសួងមួយសន្ទុះ សុំឲ្យធ្វើស្រែបានផលច្រើន ។ នៅកន្លែងខ្លះទៀត គេយកបាយបិណ្ឌទៅចោលក្នុងស្រែដើម្បីឲ្យបានផលច្រើន ។

ដកស្រង់ចេញពី ដោយ៥០០០ឆ្នាំ




















ក្រសួងបរិស្ថានរៀបចំពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤

ភ្នំពេញ៖ ថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងបរិស្ថាន និងក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ សកលវិទ្យាល័យ អង្គការជាតិ និងអង្គការ អន្តរជាតិ ដែលទទួលបន្ទុកការងារទាក់ទងនឹងបរិស្ថាន និងធនធានធម្មជាតិ បានជួបជុំគ្នាក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤ កាលពីថ្មីៗមកនេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

លោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានឱ្យដឹងថាវេទិកានេះរៀបចំឡើងក្នុងគោលបំណងនៃសិក្ខាសាលា គឺដើម្បី៖បង្ហាញពីវឌ្ឍនភាពនៃការកសាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤ និងប្រមូលធាតុចូលសំខាន់ៗពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សំដៅបម្រើឱ្យការធ្វើបច្ចុប្បន្នភាព និងបង្កើន គុណភាពរបាយការណ៍ស្ថានភាពបរិស្ថានជាតិឱ្យកាន់តែប្រសើរ។

ក្នុងពេលអញ្ជើញជាអធិបតី បើកសិក្ខាសាលានេះ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ចាក់ថាបរិស្ថាន គឺជាការងារពហុវិស័យ និង ពហុជំនាញ ដែលក្នុងន័យនេះតម្រូវឱ្យមានការចូលរួមផ្តល់គំនិតយោបល់មតិ ក៏ដូចជាការចែករំលែកទិន្នន័យ ព័ត៌មានគ្នាសម្រាប់ការកសាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ។ លោកបានបន្ថែមថា «ការកសាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ គឺជាការចងក្រង ប្រមូលផ្តុំនូវឯកសារ ទិន្នន័យគោល និងព័ត៌មានបែបវិទ្យាសាស្រ្តអំពីបរិស្ថាន និងធនធានធម្មជាតិ សម្រាប់អ្នករៀបចំគោលនយោបាយ អ្នកធ្វើផែនការ អ្នកគ្រប់គ្រង អ្នកសិក្សាស្រាវជ្រាវ វិនិយោគិន អង្គការជាតិ និងអន្តរជាតិ។ល។ ប្រើប្រាស់ជាមូលដ្ឋាន ដើម្បីសម្រេចបានទៅតាមគោលបំណងរៀងៗខ្លួនតួយ៉ាងដូចជាការធ្វើសេចក្តីសម្រេច ការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមកម្មវិធីនយោបាយជាតិ ការបង្កើនចំណេះដឹងបញ្ញាញាណក្នុងវិស័យបរិស្ថាន»

ជាមួយគ្នានេះ លោក នេត្រ ភក្រ្តា បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់លើគោលនយោបាយ បរិស្ថាន និងធនធានធម្មជាតិដោយក្នុងនោះមានសសរស្តម្ភទាំង ៤ គឺកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពដើម្បី៖
ទី១) សម្រេចបាននូវចក្ខុវិស័យបរិស្ថាន៖ គុណភាពនិងនិរន្តរភាពបរិស្ថានត្រូវបានធានា និងកេរដំណែលធនធម្មជាតិរបស់កម្ពុជាត្រូវបានការពារនិងអភិរក្សសម្រាប់ជាប្រយោជន៍ដល់ប្រជាជនគ្រប់ៗរូប និងទី២ សម្រេច បាននូវចក្ខុវិស័យនៃការអភិវឌ្ឍន៍ដោយចីរភាព៖ ការអភិវឌ្ឍគ្រប់វិស័យនៃសង្គមនិងសេដ្ឋកិច្ចកម្ពុជាដើរតាម មាគ៌ាឆ្ពោះទៅអនាគតមួយប្រកបដោយវិបុលភាពជានិរន្ត សម្រាប់ប្រជាជនគ្រប់រូបនូវបរិស្ថានល្អ និងប្រព័ន្ធអេកូឡូស៊ីរាំងមាំ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការធ្វើបច្ចុប្បន្នភាពរបាយការណ៍
ស្ថានភាពបរិស្ថានជាតិលើកទី៤នេះ ត្រូវពឹងផ្អែកលើការផ្តល់ធាតុចូល ដែលជាមូលដ្ឋានគ្រឹះសម្រាប់
គាំទ្រដល់ជំពូកនីមួយៗនៃរបាយការណ៍។ ក្នុងន័យនេះ ស្ថិតិ ទិន្នន័យ និងព័ត៌មាន គឺជាធាតុចូល
ដែលដើរតួនាទីសំខាន់ គឺជាឆ្អឹងខ្នងនៃរបាយការណ៍។ ការរាយការណ៍អំពីស្ថានភាពបរិស្ថាន និន្នាការ ការវាយតម្លៃ ឬសេចក្តីសន្និដ្ឋាន អាចមានលក្ខណៈកាន់តែសុក្រឹត្យទៅបាន ល្គឹកណា ធាតុចូលដែលផ្តល់ឱ្យដោយសិក្ខាកាមយើងទាំងអស់ មានលក្ខណៈសម្បូរបែប មានតាមលំដាប់លំដោយពេលវេលា និងមានលក្ខណៈពិតជាក់ស្តែង។ល។

សូមបញ្ចាក់ថា ក្រសួងបរិស្ថាន បានរៀបចំរបាយការណ៍ស្ថានភាពបរិស្ថានជាតិ និងបានអនុវត្តការងារនេះចំនួន៣លើករួចមកហើយ។ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា និងអង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការរៀបចំកសាងរបាយការណ៍ស្ថានភាពបរិស្ថាន ជាតិលើកទី៤។ របាយការណ៍នេះមានរួមបញ្ចូលនូវប្រធានបទ៖ គុណភាពខ្យល់ ការប្រែប្រួលអាកាសធាតុ ជីវចម្រុះ (ព្រៃឈើ និងសត្វព្រៃ) ទឹកសាប ដី (ការប្រើប្រាស់ដី និងគុណភាពដី) សំណល់ (សំណល់រឹង និងសំណល់រាវ) និង សុវត្ថិភាពចំណីអាហារ។ តាមផែនការ របាយការណ៍នេះគ្រោងនឹងធ្វើការបោះពុម្ពជា២ភាសា គឺជាភាសាខ្មែរ និងជាភាសា អង់គ្លេស។

ជាមួយគ្នានេះ សិក្ខាសាលា មានវាគ្មិនកិត្តិយនិងអ្នកជំនាញ ធ្វើការបង្ហាញលើប្រធានបទសំខាន់ៗទាក់ទងនឹងប្រធានបទនៃរបាយការណ៍បរិស្ថានមានដូចជាៈ បទបង្ហាញស្តីពី គុណភាពខ្យល់,
បទបង្ហាញស្តីពីការប្រែប្រួលអាកាសធាតុ ,បទបង្ហាញស្តីពី ទឹក ,បទបង្ហាញស្តីពីធនធានដី និងគុណភាពដី,បទបង្ហាញស្តីពី ជីវៈចម្រុះ ,បទបង្ហាញស្តីពី សំណល់ ,បទបង្ហាញស្តីពីសុវត្ថិភាពចំណីអាហារនៅកម្ពុជា៕







 

អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ចុះរុះរើសំណង់ខុសច្បាប់នៅទីបុរាណដ្ឋានត្រពាំងហែផ្កាជាលើកទី២

 សៀមរាប÷ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះអនុវត្តន៍ការរុះរើសំណង់របស់លោក ឃន់ សុខន ដូចជារបង បន្ទប់ទឹក រោង ដែលធ្វើខុសច្បាប់ប៉ុនប៉ងយកទីបុរាណដ្ឋានត្រពាំងហែផ្កាធ្វើជាកម្មសិទ្ធិឯកជនជាថ្មីម្ដងទៀត នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ នាព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា ការចុះរុះរើសំណង់ខុសច្បាប់នៅថ្ងៃនេះ គឺដើម្បីការពារការប៉ុនប៉ងយកដីបុរាណដ្ឋានត្រពាំងហែផ្កាដោយខុសច្បាប់មកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីក្រុមការងារចម្រុះបានរុះរើរាបដល់ដីនិងការយល់ព្រមបញ្ឈប់ការសាងសង់ទាំងអស់ពីម្ចាស់សំណង់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ រួចមកហើយ។

អាជ្ញាធរជាតិអប្សរា បង្ហាញជំហរថា បើទោះបីជាយ៉ាងណា អាជ្ញាធរត្រូវតែប្រឆាំងចំពោះអំពើរំលោភបំពានប៉ុនប៉ងយកទីបុរាណដ្ឋានដែលជាទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ ដែលត្រូវការពារជាដាច់ខាត ហើយអ្វីដែលឈ្មោះ ឃន់ សុខន បានធ្វើម្តងជាពីរដងនេះ គឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់មរត៌កនៃបេតិកភណ្ឌ។

លោក សំរិទ្ធិ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លើកឡើងថា អំពើរំលោភបំពានបុរាណដ្ឋានធ្វើជាកម្មសិទ្ធិរបស់ខ្លួន គឺបុគ្គលនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទៅតាមស្ថានភាពនៃការបំផ្លាញដែលប៉ះពាល់ដល់សម្បត្តិវប្បធម៌ទាំងនោះ។

ជាមួយនឹងការរុះរើនូវរាល់សំណង់ខុសច្បាប់ទាំងនោះ តំណាងរដ្ឋបាលក្រុងសៀមរាប លោក ហៃ យ៉ុង ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ត្រពាំងហែផ្កា និងការលើកតម្លៃទីបុរាណដ្ឋាននេះឡើងវិញ តាមរយៈការស្តារត្រពាំងហែផ្កានេះឱ្យស្អាត ដើម្បីធ្វើជាប្រភពទឹកសម្រាប់អ្នកភូមិបានប្រើប្រាស់នៅពេលឆាប់ៗ ដោយអាជ្ញាធរក្រុង បានទទួលបានច្បាប់អនុញ្ញាតជាគោលការណ៍ពីអាជ្ញាធរជាតិអប្សរារួចហើយដែរ។

ត្រពាំងហែផ្កា មានបណ្តោយ៣៥០ម៉ែត្រ ទទឹង១៧០ម៉ែត្រ មានខ្នងទំនប់ពី៤០ទៅ៦០ម៉ែត្រ។ ត្រពាំងនេះ មានតាំងពីសម័យអង្គរ ជាសហគមន៍មនុស្សរស់នៅ ព្រោះមានបំណែកកុលាភាជន៍បុរាណនៅរ៉ាយប៉ាយពេលបុរាណដ្ឋាននេះ ហើយនៅខាងត្បូងត្រពាំង ក៏មានប្រាសាទហែផ្កាមួយដែរដែលធ្វើពីឥដ្ឋ ជាទីគោរពបូជានាមនុស្សសម័យនោះ៕






ជំងឺគ្រុនផ្តាសាយធំ(Influenza A)បានកេីតឡេីងលេីក្រុមមនុស្សនៅក្នុងពន្ធគារខេត្តព្រះវិហារដោយមានការចម្លងបន្តគ្នា

 នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា នាព្រឹកវេលាម៉ោង ០៧ និង១៥នាទីនៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពីមានហេតុការណ៌ករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំជាច្រេីននាក់ បានកេីតឡេីងលេីក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធធនាគារខេត្តព្រះវិហារ។

សូមជម្រាបផងដែរថា ក្រោយពីការចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺ ដោយក្រុមការងារឆ្លេីយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារតាមលក្ខណ:បច្ចេកទេសអ្នកជំងឺ និងអ្នកសង្ស័យថាឆ្លងជំងឺត្រូវបានធ្វេីការបែងចែកចេញដូចខាងក្រេាម៖
១-អ្នកជំងឺចំនួន ១៤៧នាក់ (ស្រ្តី ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដេាយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាកដេីម្បីធ្វេីតេស្តរកវីរុសកូវីដ-១៩
២-អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន ១១នាក់ ត្រូវបាន ដាក់ឲ្យនៅបន្ទប់ដាច់ដេាយឡែកផ្សេងមួយទៀត និង
៣-អ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្រ្តី ២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដេាយឡែកផ្សេងៗគ្នា។

ទើបនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ:បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់គ្នា ដូច្នេះមិនមែនជាករណីជំងឺកូវីដ-១៩នោះទេ ហេីយលទ្ធផលវិភាគមន្ទីរពិសោធន៍ក៏បានបញ្ជាក់ដែរថា ជាករណីជំងឺផ្តាសាយធំ (Influenza A)ដែលជាជំងឺអាចឆ្លងបន្តគ្នាបានក្នុងទ្រង់ទ្រាយបែបនេះដែរ ប្រសិនបេីបុគ្គលម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រុមការងារក៏បានធ្វេីការអប់រំ សុខភាព ដេីម្បីឲ្យអ្នកនៅក្នុងពន្ធគារទាំងអស់ចេះការពារខ្លួន កុំឲ្យមានការចម្លងបន្តគ្នាបន្ថែមទៀត។

បច្ចុប្បន្នស្ថានភាពសុខភាពរបស់អ្នកជំងឺ មានសភាពល្អប្រសេីរជាបណ្តេីរៗ និងស្ថិតក្រោមការតាមដានដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។

អាស្រ័យដូចបានជម្រាបជូនខាងលេី សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមប្រជាពលរដ្ឋទាំងអស់បន្តចូលរួមអនុវត្តវិធានការការពារកុំឲ្យមានការចម្លងជំងឺកូវីដ-១៩ ផង និងការពារជំងឺផ្តាសាយធំផង ដែលជាជំងឺអាចឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត ឫឆ្លងនៅក្នុងក្រុមគ្រួសារ ឫនៅក្នុងក្រុមមនុស្សណាមួយនោះដែរ៕



ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

 បន្ទាយមានជ័យ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយ លោក លី សារី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្ត រួមជាមួយក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរស្រុក ក្រុមប្រឹក្សាស្រុក បានសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៦គ្រួសារ នៅក្នុងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ចំពោះអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១ការ៉ុង ២៥គីឡូក្រាម ត្រីខ ១យួរ ១០កំប៉ុង ទឹកស៊ីអុីវ ៣ដប ប្រេងឆា១ លីត្រ ភួយ ១ មុង ១ មី ០១ កេសតូច សារុង ០១ ក្រមា០១ ថវិកា ៥០០០០ រៀល៕





កិច្ចប្រជុំបន្ទាន់ស្តីពីការវាយតម្លៃពីការខូចខាតនៅផ្សារណាត់បាត់ដំបង និងដាក់វិធានការម៉ត់ចត់លើការពង្រឹងប្រព័ន្ធសុវត្ថិភាព និងសណ្តាប់ធ្នាប់

 បាត់ដំបង៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត និងលោក ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំចាត់ក្រុមការងារធ្វើការវាយតម្លៃពីការខូចខាតនៅផ្សារណាត់បាត់ដំបង និងមានវិធានការម៉ត់ចត់ ការពង្រឹងប្រព័ន្ធសុវត្ថិភាពទឹក-ភ្លើងនិងអនាម័យ បរិស្ថាន នៅតាមបណ្តាផ្សារធំៗនានាក្នុងទីប្រជុំជនក្រុង-ខេត្តបាត៎ដំបង

ក្រោយទទួលការណែនាំពី លោក ងួន រតនៈ អភិបាល នៃគណៈអភិបាខេត្តបាត់ដំបង និងជា ប្រធាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់និងគោលការបទបញ្ជាសំខាន់ៗមួយចំនួន ជាគន្លឹះក្នុងការដឹកនាំនៃកិច្ចប្រជុំបន្ទាន់មួយពាក់ព័ន្ធ និងមហន្តរាយការឆេះផ្សារណាត់បាត់ដំបង កាលពីព្រលប់ៗថ្ងៃទី៣០ ខែសីហា ម្សិលមិញនេះបានចាត់ លោកអភិបាលរង នៃគណៈអភិបាលខេត្ត ២រូប ក្នុងការកំណត់ពីរបៀបវារៈដើម្បីធ្វើការដឹកនាំកិច្ចប្រជុំ ក្នុងការត្រួតពិនិត្យនិងវាយតម្លៃពីហេតុការណ៍កើតឡើងបណ្តាលឲ្យមានអគ្គីភ័យឆេះផ្សារ និងឆេះតូបខូចខាតទាំងស្រុង ចំនួន៣៣តូប ក្នុងនោះ មានតូបលក់ចាប់ហ៊ួយ តូបលក់ខោអាវ និងតូបលក់ចានឆ្នាំង។

នេះបើតាមការអះអាង របស់គណៈកម្មការផ្សារធំបាត់ដំបង ដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ។ ហើយក្នុងនោះ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា៖ គណៈកម្មការផ្សារនេះគ្រប់គ្រងចាប់តាំងពីឆ្នាំ១៩៩៧មកម៉្លេះ ដោយក្នុងនោះ មានតូបលក់ដូរ ចំនួន៥៥១តូប និងរានលក់ដូរ ចំនួនជាង ២៦០ផងដែរ។ ដោយឡែក បើតាមការអះអាងពីលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឲ្យដឹងទៀតថា៖បើតាមក្រុមការងារចុះពិនិត្យមើលជាក់ស្តែងនៅព្រឹកថ្ងៃទី៣១សីហានេះ តូបដែលឆេះទាំងស្រុងមានចំនួន៣៣តូបក្នុងនោះ៖តូបចាប់ហ៊ួយចំនួន១៦តូប,តូបចានឆ្នាំង៤និងតូបលក់ខោអាវ១៣។
និងមានតូបរងផលប៉ះពាល់សរុបប្រមាណ៤០តូប។

នៅក្នុងកិច្ចប្រជុំមិនទាន់បានវាយតម្លៃពីទំហំនៃការខូចខាតសរុប ជាទឹកប្រាក់នៅឡើយនោះទេ? ដោយសារតែរដ្ឋបាលខេត្ត អាជ្ញាធរក្រុង និងសមត្ថកិច្ចពាក់កំពុងពិនិត្យវាយតម្លៃបន្ថែមពីទំហំនៃការខូចខាតនេះ។ហើយក្នុងហេតុការណ៍ ក្រោយការពន្លត់ទាំងស្រុងនៅចន្លោះវេលាម៉ោង៧,៣០-៨យប់និងគ្រប់គ្រងបានទាំងស្រុង ហើយនោះ គឺនៅយប់ថ្ងៃដដែលក៏មានហេតុការកើតឡើងចំនួន២ដងឡើងទៀតនៅវេលាម៉ោងជាង១០យប់ និងម៉ោង០៣ទៀបភ្លឺដោយសារតែចំហាយនៅងំ ពីគំនរដែលឆេះ ក៏បង្កឲ្យមានអណ្តាតភ្លើងឆេះឡើងវិញ២ដងទៀត។ តែត្រូវកម្លាំងសមត្ថកិច្ចប្រចាំការនៅទីនោះចាត់វិធាន
ការពន្លត់ បានទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំនេះ ក្រោយការលើកឡើងពីចំណុចអវិជ្ជមានពីការគ្រប់គ្រង និងពីការទទួលខុសត្រូវលើផ្សារ មិនបានម៉ត់ចត់ជាក់លាក់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ទាំងក្នុងទីផ្សារ និងនៅខាងក្រៅរបងផ្សារ ជាពិសេសសណ្តាប់នៅតាមចិញ្ចើមផ្លូវ និងលើដងផ្លូវសាធារណៈកន្លងមក។

នៅក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង បានកំណត់ និងដាក់ចេញនូវវិធានការក្នុងការចុះរៀបចំនិងធ្វើការកែលម្អនៅតាមទីតាំងផ្សារធំៗនៅក្នុងទីប្រជុំជននៃក្រុងបាត់ដំបង ដោយកំណត់ឲ្យគ្រប់បណ្តាស្ថាប័នមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងកងកម្លាំងចុះធ្វើការសិក្សាលម្អិតបន្ថែមទៀត ពីផលប៉ះពាល់ ពីគំរោងពាក់ព័ន្ធគ្រប់ស្ថាប័នជំនាញ ធ្វើការសិក្សាលម្អិតនិងអំពីការរៀបចំប្លង់មេ ដើម្បីធ្វើការវាយតម្លៃនូវក្នុងការស្តារ និងរៀបចំផ្សារណាត់បាត់ដំបងឡើងវិញ ដើម្បីអភិវឌ្ឍន៍ផ្សារនេះ ឲ្យមានទាំងសោភ័ណភាពទាំងអនាម័យបរិស្ថានល្អ ក្នុងការរក្សាទាំងបរិយាកាសខ្យល់ចេញចូលឲ្យបានល្អប្រសើរ និងពីអត្តសញ្ញាណរបស់ផ្សារដែលជាសម្បត្តិបិតិកភ័ណ្ឌបន្សល់ទុកពីសម័យបារាំងកន្លងមក។

ជាពិសេសពីការរៀបចំឲ្យមានសណ្តាប់ធ្នាប់នៃការលក់ដូរ ដោយរៀបចំរចនាតូបពីគម្លាតតូបលក់ដូរឲ្យបានល្អប្រសើរឡើងវិញនិងទុកចន្លោះផ្លូវដើរក្នុងផ្សារ និងការរៀបចំឲ្យមាននូវប្រព័ន្ធសុវត្ថិភាពទឹក-ភ្លើងក្នុងផ្សារ នៅតាមតូបនិមួយៗ និងនៅក្បែរៗជិតផ្សារ ដើម្បីបំរុងទុកជាមុន នៅពេលមានហេតុការអាក្រក់កើតឡើងជាយថាហេតុ ដើម្បីបានដោះស្រាយជាបឋមនៅពេលកើតឡើង។

លោក សឿម ប៊ុនរិទ្ធិ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ សូមស្នើដល់រដ្ឋបាលក្រុង គណៈកម្មការផ្សារ អ្នកវិនិយោគភាស៊ីផ្សារ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំពន្លឿនការរៀបចំសម្អាតផ្សារឡើងវិញឲ្យបានឆាប់ដើម្បីជួយសម្រួលដល់ការលក់ដូររបស់អាជីវករក្នុងផ្សារឲ្យមានដំណើរការលក់ដូរធម្មតាឡើងវិញ។

ដោយឡែកគ្រប់អាជីវករដែលលក់ដូរទាំងក្នុងនិងនៅខាងក្រៅផ្សារត្រូវចូលរួមសហការជាមួយគណៈកម្មការនិងអ្នកវិនិយោគផ្សារទាំងសណ្តាប់ធ្នាប់ពីការកំណត់ការលក់ដូរទៅតាមការណែនាំរបស់ផ្សារនិងអាជ្ញាធរក្រុង ដើម្បីដំណើរការឲ្យផ្សារឆាប់បានលក់ដូរនៅក្នុងពេលវេលាសមស្របណាមួយ ចៀសវាងការយឺតយ៉ាវ។

លោក សឿម ប៊ុនរិទ្ធិ និងលោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ក៏បានជំរុញដល់គណៈកម្មការផ្សារណាត់និងម្ចាស់ផាស៊ីផ្សារ ត្រូវពិនិត្យកែលម្អឡើងវិញនិងត្រូវបញ្ឈប់បន្ទាន់ពីភាពអសកម្មកើតឡើងនៅក្នុងបរិវេណផ្សារ និងជុំវិញផ្សារ ជាពិសេស និងពីបញ្ហាការយឺតយ៉ាវពីការប្រមូលសម្រាមរបស់ក្រុមហ៊ុន សិន ទ្រី កន្លងមក៕







លោករដ្ឋមន្ត្រីក្រសួងផែនការ បានបើកកិច្ចប្រជុំប្រចាំឆមាសឆ្នាំ២០២០

 នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ គណៈគ្រប់គ្រងនៃយន្តការគ្រប់គ្រងគ្រោះមហន្តរាយក្រសួងផែនការ បានបើកកិច្ចប្រជុំប្រចាំឆមាស ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ដើម្បីពិនិត្យ និងពិភាក្សាបញ្ហាមួយចំនួន ពាក់ព័ន្ធលើប្រព័ន្ធសុវត្ថិភាពក្នុងអគារទីស្តីការ មន្ទីរផែនការរាជធានី ខេត្ត ក្រុង ជាពិសេសសុវត្ថិភាពសម្រាប់ការបុគ្គលិក មន្ត្រីរាជការនៃក្រសួងផែនការទាំងមូល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ ព្រមទាំងលេខាធិការដ្ឋាន នៃយន្តការគ្រប់គ្រងគ្រោះមហន្តរាយក្រសួងផែនការ ដោយអនុវត្តតាមវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាល។

ក្នុងកិច្ចប្រជុំនេះ លោកបានស្នើដល់លេខាធិការដ្ឋាននៃយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងផែនការ ត្រូវមានការប្រជុំឱ្យបានទៀងទាត់ សហការឱ្យបានជិតស្និទជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងបានស្នើដល់អនុគណៈកម្មាធិការទាំង៣ របស់យន្តការគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងផែនការ រៀបចំផែនការ សកម្មភាពការងារ ត្រៀមបង្ការ ទប់ស្កាត់នូវហានិភ័យណាមួយដែលអាចកើតឡើងជាយថាហេតុ។

ជាមួយគ្នានេះលោក ក៏បានស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ មេត្តាជួយប្រុងប្រយ័ត្ន ក៏ដូចជាបង្ការនូវហានិភ័យកើតឡើងក្នុងបន្ទប់ធ្វើការរបស់ខ្លួន ជាពិសេសជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្គិសនី ដែលមិនចាំបាច់ ចូលរួមសន្សំសំចៃឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន៕





រាជរដ្ឋាភិបាល បន្តចាត់ក្រុមការងារចុះស្វែងយល់ពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

 ក្រចេះ ÷ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅភូមិដីដុះ ឃុំព្រែកប្រសព្វ ខេត្តក្រចេះ បានរៀបចំវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ចៅ ផល្លី រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ។

ក្នុងនោះ លោក ចៅ ផល្លី ប្រធានអង្គវេទិការ បានមានប្រសាសន៍បកស្រាយ និងជម្រុញបន្ថែមដល់អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមនិងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលុបបំបាត់អោយអស់នូវចំណុចអវិជ្ជមានទាំងឡាយដែលប្រជាពលរដ្ឋបានលើកឡើង -ត្រូវតែធ្វើយ៉ាងណាឲ្យមូលដ្ឋាន ភូមិ.ឃុំ ទទួលបានសុខសុវត្ថិភាព និងមានការអភិវឌ្ឍន៍ឲ្យកាន់តែរីកចំរើនឡើងបន្ថែមទៀត -ខិតខំជួយដោះស្រាយរាល់ទុក្ខកង្វល់ បញ្ហាសុខភាព សន្តិសុខសណ្ដាប់ធ្នាប់ និងការផ្តល់សេវាសាធារណៈ (ការធ្វើលិខិតស្នាមនានា) ជូនប្រជាពលរដ្ឋបានទាន់ពេលវេលាដោយគ្មានយកកំរ៉ៃសេវាឡើយ ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។

លោកបានបន្តទៀតថា បញ្ហាប្រឈមមុខនាពេលនេះ គឺសុវត្ថិភាពសហគមន៍ និងសុវត្ថិភាពសង្គមទាំងមូល ដោយគ្មានកូវីដ១៩ គឺអាស្រ័យលើបងប្អូនប្រជាពលរដ្ឋនេះតែម្តង ព្រោះប្រសិនបើបងប្អូនចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល នោះយើងប្រាកដជាយកឈ្នះកូវីដ១៩ ហើយយើងក៏ក្លាយជាប្រទេសគំរូលើពិភពលោកដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះឲ្យរលាយបាត់។

ជាមួយគ្នានេះដែរ លោកក៏បានជម្រុញណែនាំដល់បងប្អូនទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួននិងគ្រួសារដោយរស់នៅស្អាត ហូបស្អាត ពិសារទឹកឆ្អិន ត្រូវខិតខំប្របករបររកប្រាក់ចំណូលបន្ថែម ដូចជាការចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ និងការងារផ្សេងៗទៀត ដើម្បីទំនុកបំរុងជីវភាពគ្រួសារឲ្យបានល្អប្រសើរឡើង និងកុំភ្លេចការពារខ្លួឯង កុំអោយឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩ តាមរយៈការអនុវត្តអោយបានជាប់ជាប្រចាំ នូវវិធានការរក្សាអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លើសពីនេះ រដូវនេះជារដូវវស្សាដូច្នេះត្រូវធ្វើអនាម័យសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាតល្អ កុំឲ្យមានទឹកដក់ ដែលជាជម្រកកកើតមូសខ្លា បង្កឲ្យកើតជម្ងឺគ្រុនឈាម ឬជម្ងឺផ្សេងៗទៀត ៕




ពិធីប្រកាសតែងតាំងចូលកាន់តំណែងអភិបាលរងនៃគណៈអភិបាលស្រុករំដួល

 ស្វាយរៀង៖ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុករំដួល មានរៀបចំពិធីប្រកាសតែងតាំងចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាល ស្រុករំដួល ក្រោមអធិបតីភាពលោក រស់ ផារិទ្ធ អភិបាល រងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀ ង ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្រីនាយក រងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការធនធាន មនុស្សសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងមន្រ្តីដែលពាក់ព័ន្ធនានាជាច្រើនរូបទៀត ។

មានប្រសាសន៍នៅក្នុងពិធីនោះ លោក រស់ ផា រិទ្ធ បាន សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ក្រុមប្រឹក្សា ស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ គ្រប់លំដាប់ ថ្នាក់កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំង ស្រុក ដែល កន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ច ប្រកបដោយ ការ សាមគ្គីភាព ក្នុង ជួរ គណៈ អភិបាលស្រុក និងមន្ត្រីរាជការ ទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួនសម្រេចបាន នូវ លទ្ធផល ល្អប្រសើរ ទាំង ការផ្ដល់សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ និង ការថែរក្សា បាន នូវ សន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់ សាធារណៈ រួមចំណែក យ៉ាងសំខាន់ ក្នុងការ អភិវឌ្ឍ សេដ្ឋកិច្ចសង្គម និង កាត់បន្ថយ ភាពក្រីក្រ របស់ ប្រជាពលរដ្ឋ ដោយឡែក ចំពោះ ការតែងតាំង មុខតំណែង នៅថ្ងៃនេះ គឺជា ដំណើរការ រដ្ឋបាល ធម្ម តា ក្នុង ការរៀបចំ មុខតំណែង មន្ត្រីរាជការ ក្នុង មុខងារសាធារណៈ ស្របទៅតាម គោលការណ៍ គ្រប់គ្រង របស់ រដ្ឋបាល ថ្នាក់ក្រោម ជាតិ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោក ក៏បាន ផ្ដាំផ្ញើ នូវ កិច្ចការ សំខាន់ៗ ដូចជា ៖
– ពង្រឹង ការ សាមគ្គីភាព ឯកភាព ផ្ទៃក្នុង និង ពង្រឹង របៀបរបប ធ្វើ ការងារ ដោយ ត្រូវ ចៀសវាង ឲ្យ បាន នូវ ទំនាស់ ផលប្រយោជន៍ និង ទំនាស់ ដែល កើតចេញពី ការប្រើ អំណាច មិន ត្រឹមត្រូវ ។
– បង្កើន ការសហការ ក្នុងការ ថែរក្សា ពង្រឹង សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ការបង្ការ ទប់ស្កាត់ និង បង្ក្រាប បទល្មើស នានា ជាពិសេស បទល្មើស គ្រឿងញៀន ចោរកម្ម និង ល្បែងស៊ីសង ។
– បន្ត ពង្រឹង ការផ្តល់សេវា ជូន ប្រជាពលរដ្ឋ ឱ្យបាន ល្អ ។
– បង្កើន ការរៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ នៅក្នុង ស្រុក ជាពិសេស នៅតាម ទីប្រជុំជន និង នៅតាម ដងផ្លូវ សាធារណៈ ដើម្បី លើកកម្ពស់ សោភ័ណភាព ស្រុក ។
– បន្ត ជំរុញ និង រឹតបន្តឹង ការអនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក ឲ្យ បាន ម៉ឺងម៉ាត់ បំផុត ។

ទន្ទឹមនេះ មន្ត្រីរាជការ ដែល ទើប ទទួលបាន ការតែងតាំង ថ្មី និង ប្រកាស ចូលកាន់ មុខតំណែង នាពេលនេះ ត្រូវ បន្ត បេសកកម្ម ចូលរួម សហការ ជាពិសេស ត្រូវខិតខំ ពង្រឹង ការ សាមគ្គីភាព ឯកភាព ផ្ទៃក្នុង គោរព តាម ឋានានុក្រម ដឹកនាំ ស្របតាម ការបែងចែក ភារកិច្ច ទទួលខុសត្រូវ ឱ្យបាន ល្អ ។

សូមបញ្ជាក់ ផងដែរ ថា តាម ប្រកាស របស់ ក្រសួងមហាផ្ទៃ លេខ ៣៤៦៧ ប្រក ចុះ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ ត្រូវបាន ផ្ទេរ ភារកិច្ច លោក ចាប ណុល ឋានន្តរ ស័ ក្កិ នាយក្រមការ ថ្នាក់ លេខ ៣ ពី អភិបាលរង នៃ គណៈ អភិបាល ស្រុក រមាសហែក ឲ្យ ទៅកាន់ មុខដំណែង ជា អភិបាលរង នៃ គណៈ អភិបាលស្រុក រំដួល ខេត្តស្វាយរៀង ៕





លោក ម៉ៅ ធនិន៖ សុខសន្តិភាព និងស្ថេរភាពតាមរយៈនយោបាយឈ្នះ-ឈ្នះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ធានានូវការអភិវឌ្ឍន៍លើគ្រប់វិស័យ

 ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិ បាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២០ បានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ ជាពិសេសតាមបណ្តាការិយាល័យអប់រំក្រុងស្រុក ទូទាំងខេត្ត ត្រូវចុះ ពិនិត្យវាយតម្លៃជាប្រចាំ និងខិតខំរៀបចំសាលារៀន ប្រកបទៅដោយបរិស្ថានអប់រំ ឱ្យសាកសមជាមជ្ឈមណ្ឌល ជាថ្នាល ជាពុម្ព ជាជាងចម្លាក់ ដែលបណ្តុះមនុស្សថ្មី ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅអប់រំឱ្យក្លាយជាសាលារៀនគម្រូពិតប្រាកដ។

លោក បានស្នើបែបនេះ នៅបរិវេណសាលាស្រុកបាកាន ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការស្រុកបាកាន និងប្រកាសតែងតាំងប្រធានស្តីទី ការិយាល័យអប់រំ យុវជន និងកីឡាស្រុកបាកាន ដោយបានការចូលរួមពី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរស្រុក ឃុំ ប្រធានការិយាល័យអប់រំតាមបណ្តាស្រុកក្រុង និងមន្ត្រីអប់រំ យុវជន និងកីឡាយ៉ាងច្រើនកុះករ។

លោក ម៉ៅ ធនិន បានមានប្រសាសន៍ថា ការប្រកាសតែងតាំង ប្រធានស្តីទី ការិយាល័យអប់រំស្រុកបាកាននាពេលនេះ គឺដោយសារប្រធានចាស់មានកំហុសឆ្គង និងខ្វះចន្លោះក្នុងការដឹកនាំ ដែលនេះវាមិនមានអ្វីផ្លែកនោះទេ ព្រោះកន្លងមករដ្ឋបាលខេត្ត បានអនុវត្តរួចមកហើយក្នុងការតែងតាំង គឺមានតាំងពីថ្នាក់ដឹកនាំមន្ទីរ អភិបាលស្រុក ក្រុង និងការិយាល័យនានា ដើម្បីឱ្យយន្តការគ្រប់គ្រងដឹកនាំមានតម្លាភាព និងគុណភាព។

លោកអភិបាលខេត្ត បានថ្លែងថា សុខសន្តិភាព និងស្ថេរភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ធានានូវការអភិវឌ្ឍន៍លើគ្រប់វិស័យ សម្តៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនយើង។ កត្តាដែលយើងផ្តោតការយកចិត្តទុកដាក់សំខាន់នោះ សូមថ្នាក់ដឹកនាំជាន់ថ្នាក់ គប្បីអនុវត្តតួនាទីភារកិច្ចដែលរដ្ឋប្រគល់ជូនឱ្យអស់លទ្ធភាព ក្នុង នាមខ្លួនយើងជាថ្នាក់ដឹកនាំគេ ត្រូវមានព្រហ្មវិហាធម៌ទាំង៤ មានវប្បធម៌ចែករំលែក បង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ ស្រលាញ់គ្នាដូចគ្រួសារតែមួយ មានមនសិការស្នោះត្រង់ និងយោគយល់ឱ្យគ្នាទៅវិញទៅមក។ ទាំង អស់នេះ គឺជាកិត្តិយស និងភាពថ្លៃថ្នូ របស់លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តទាំងមូល ដែលទទួលបានការសាទរពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋជាក់ជាមិនខាន។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ដល់លោកគ្រូ អ្នកគ្រូ និងអ្នកចូលរួម ជាង ៤០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១។ ដោយឡែកសម្រាប់អ្នកគ្រូមានផ្ទៃពោះ និងត្រៀមឆ្លងទន្លេ ក្នុងម្នាក់ៗទទួលបានការឧបត្ថម្ភនូវសារុង៣ និងថវិកាបន្ថែមមួយចំនួនជូនដល់គ្រួសារនិវត្តន៍ជនផងដែរ៕









ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងសូមព្រះបរមរាជានុញ្ញាត ដើម្បីជួសជុលមណ្ឌបវិមានព្រះបរមរូប















*********************
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេច យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងសូមព្រះបរមរាជានុញ្ញាត ដើម្បីជួសជុលមណ្ឌបវិមានព្រះបរមរូបដ៏មានឫទ្ធានុភាព នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម បរមរាមទេវាវតារ ព្រះសុវណ្ណកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចគង់ប្រថាប់លើព្រះទីន័ងអស្សតរ ក្នុងបរិវេណខាងមុខព្រះវិហារព្រះឧបោសថរតនារាម ព្រះកែវមរតក ព្រះបរមរាជវាំង នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ។
រូបថត៖ ព្រះបរមរាជវាំង