Tuesday, September 01, 2020

លោករដ្ឋមន្ត្រីក្រសួងផែនការ បានបើកកិច្ចប្រជុំប្រចាំឆមាសឆ្នាំ២០២០

 នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ គណៈគ្រប់គ្រងនៃយន្តការគ្រប់គ្រងគ្រោះមហន្តរាយក្រសួងផែនការ បានបើកកិច្ចប្រជុំប្រចាំឆមាស ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ដើម្បីពិនិត្យ និងពិភាក្សាបញ្ហាមួយចំនួន ពាក់ព័ន្ធលើប្រព័ន្ធសុវត្ថិភាពក្នុងអគារទីស្តីការ មន្ទីរផែនការរាជធានី ខេត្ត ក្រុង ជាពិសេសសុវត្ថិភាពសម្រាប់ការបុគ្គលិក មន្ត្រីរាជការនៃក្រសួងផែនការទាំងមូល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ ព្រមទាំងលេខាធិការដ្ឋាន នៃយន្តការគ្រប់គ្រងគ្រោះមហន្តរាយក្រសួងផែនការ ដោយអនុវត្តតាមវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាល។

ក្នុងកិច្ចប្រជុំនេះ លោកបានស្នើដល់លេខាធិការដ្ឋាននៃយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងផែនការ ត្រូវមានការប្រជុំឱ្យបានទៀងទាត់ សហការឱ្យបានជិតស្និទជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងបានស្នើដល់អនុគណៈកម្មាធិការទាំង៣ របស់យន្តការគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងផែនការ រៀបចំផែនការ សកម្មភាពការងារ ត្រៀមបង្ការ ទប់ស្កាត់នូវហានិភ័យណាមួយដែលអាចកើតឡើងជាយថាហេតុ។

ជាមួយគ្នានេះលោក ក៏បានស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ មេត្តាជួយប្រុងប្រយ័ត្ន ក៏ដូចជាបង្ការនូវហានិភ័យកើតឡើងក្នុងបន្ទប់ធ្វើការរបស់ខ្លួន ជាពិសេសជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្គិសនី ដែលមិនចាំបាច់ ចូលរួមសន្សំសំចៃឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន៕





No comments:

Post a Comment