Wednesday, December 11, 2019

ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់

(FN)៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ និស្សិតដែលទទួលសញ្ញាបត្រមានចំនួនសរុប ៦,៧៦២នាក់ ក្នុងនោះនារី ២,៧៦១នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត។

 ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ៖
 * សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការអាក់ខានកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ និងមេគង្គ-សាធារណរដ្ឋកូរ៉េ ព្រមទាំងកម្មវិធីផ្សេងៗក្នុងប្រទេសកម្ពុជាផង ដោយសារតែស្ថានភាពជំងឺរបស់ម្តាយក្មេក។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានភាពរីករាយចំពោះសាកលវិទ្យាល័យ CUS ដែលមិនត្រឹមតែមានទីតាំងក្នុងរាជធានីភ្នំពេញទេ តែក៏មានទីតាំងនៅខេត្តចំនួន៦ផ្សេងទៀត ជាការជួយសម្រួលដល់ការសិក្សារបស់និស្សិត។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យសាកលវិទ្យាល័យ CUS ដែលបានប្រឹងប្រែងវិនិយោគពង្រីកសាខាទៅតាមបណ្តាខេត្ត។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបច្ចុប្បន្នបានដើរចេញឆ្ងាយហើយពីស្ថានភាពអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ ក្រោយប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។
 * សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យគ្រឹះស្ថានអប់រំពង្រឹងនូវគុណភាពអប់រំឱ្យកាន់តែល្អប្រសើរ។
 * សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់សាកលវិទ្យាល័យ CUS ដែលបានផ្តល់អាហារូបករណ៍ជូនសម្តេច ដើម្បីសម្តេចបានផ្តល់លទ្ធភាពជូននិស្សិតក្រីក្របានសិក្សារៀនសូត្រ។ មកដល់ពេលបច្ចុប្បន្នសាកលវិទ្យាល័យបានផ្តល់អាហារូបករណ៍ជូនសម្តេចចំនួន ១,៤៧៦កន្លែង។
 * សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់សិស្ស និស្សិតកុំធ្វើឱ្យឪពុកម្តាយខកបំណង ហើយត្រូវប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។ 
* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកនិស្សិតថា ត្រូវយកចំណេះដឹងធ្វើជាប្រយោជន៍សម្រាប់ជាតិ គ្រួសារ និងសហគមន៍។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍលើវិស័យអប់រំ និងអនុញ្ញាតឱ្យសាកលវិទ្យាល័យរដ្ឋយកថ្លៃសិក្សារបស់និស្សិត គឺជាការដាក់ចេញនូវគោលនយោបាយមួយដ៏ត្រឹមត្រូវក្នុងបណ្តុះបណ្តាលដែលមានកំណើនជារៀងរាល់ឆ្នាំ។
 * សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅ កែវ សុខផេង កុំឱ្យបាក់ទឹកចិត្ត ហើយលទ្ធផលបាល់ទាត់នេះ គឺជាលទ្ធផលប្រវត្តិសាស្ត្រ។
 * សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការទាត់ហ្វ្រីឃីក របស់ កែវ សុខផេង គឺជាគ្រាប់បាល់ដ៏ល្អ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទម្រង់លេងបាល់ទាត់របស់កម្ពុជាជាទម្រង់ដ៏ល្អ។ សម្តេចតេជោសង្ឃឹមថា ចលនាកីឡានេះ នឹងក្លាយទៅជាចលនាជាតិមួយដ៏ធំ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមត្ថភាពកីឡារបស់កម្ពុជានឹងកាន់តែប្រសើរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាឆ្នាំ២០២១។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា កម្ពុជាចាប់ផ្តើមសន្សំប្រាក់ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣។
 * សម្តេចតេជោ ហ៊ុន សែន បានស្នើសុំដល់ប្រជាពលរដ្ឋមានការយោគយល់ដល់កីឡាករ កែវ សុខផេង ព្រោះការប្រកួតតែងមានចាញ់ និងឈ្នះ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងអកុសលបំផុត ចំពោះការលើកពីបញ្ហា កែវ សុខផេង មានម្តាយជាជនជាតិវៀតណាម នៅពេលកម្ពុជា ប្រកួតចាញ់វៀតណាម។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាតិសាសន៍ណាក៏ដោយអត់ត្រូវលាបពណ៌ប្រជាពលរដ្ឋខ្លួនឯងនោះឡើយ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលាបពណ៌នេះ គឺជាវប្បធម៌ដ៏អាក្រក់របស់ក្រុមប្រឆាំងផ្កាប់មុខ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងនេះនៅពេលចង់ផ្តួលសម្តេច នរោត្តម សីហនុ ក៏ចោទសម្តេច សីហនុ ប្រគល់ដីឱ្យយួន ហើយនៅពេលចង់ផ្តួលសម្តេច ក៏ចោទសម្តេចថាកាត់ដីឱ្យយួនទៀត។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា នយោបាយ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ឬនយោបាយ «មានស៊ីអត់សែន មានសែន អត់ស៊ី» មិនមែនជានយោបាយដែលសម្តេចដាក់ចេញនោះឡើយ។
 * សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ជាតិខ្មែរនឹងមិនបានសុខនោះឡើយ បើធ្វើនយោបាយចោទគ្នា «ជាអាយ៉ងចិន វៀតណាម អាមេរិក ឬបារាំង»។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្រិតទឹកទន្លេមេគង្គបើបន្តធ្លាក់កាន់តែទាប ទឹកសមុទ្រអាចចូលដល់ទន្លេអ្នកលឿង។ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យមានការគិតគូរទៅលើបញ្ហានេះ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដូវរងារឆ្នាំនេះអាចអូសបន្លាយរហូតដល់ខែមករា ហើយធាតុអាកាសត្រជាក់ចំណេញច្រើន ជាពិសេសការប្រើប្រាស់ថាមពលអគ្គិសនី ហើយទឹកក៏មិនសូវហួត។
 * សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋបង្វែរការធ្វើស្រូវរដូវប្រាំង ទៅជាការដាំបន្លែបង្ការជំនួសវិញ ដើម្បីសន្សំទឹកសម្រាប់ប្រើប្រាស់។
 * សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់រោងម៉ាស៊ីនកិនស្រូវទាំងអស់ កុំទម្លាក់ថ្លៃស្រូវរបស់ប្រជាពលរដ្ឋ ហើយទទួលការទិញក្នុងតម្លៃសមរម្យ។
 * សម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ចតាមដានលើរឿងនេះ។
 * សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅសភាពាណិជ្ជកម្ម ពិនិត្យទៅលើការទិញស្រូវរបស់ប្រជាពលរដ្ឋផងដែរ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ បានប្រមាថជីវិតម្តាយក្មេករបស់សម្តេច។ សម្តេចផ្តាំឱ្យបុគ្គលនោះថា បានជ្រុលជារត់ហើយ ត្រូវរត់ឱ្យឆ្ងាយ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យកាល់ម៉ែត្រ បានធ្វើជាសហគ្រាសសធារណៈតាំងពីចុងទសវត្សរ៍ឆ្នាំ៩០។ មន្ទីរពេទ្យនេះ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការព្យាបាលជំងឺជាមួយពហុបច្ចេកទេស។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចធ្វើកម្មវិធីផ្សេងៗក្នុងប្រទេសបាន តែមិនទាន់អាចចេញទៅបំពេញការងារនៅក្រៅប្រទេសនោះឡើយ ដោយត្រូវរង់ចាំតាមដានស្ថានភាពជំងឺម្តាយក្មេក។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះសប្បុរសជនបានជួយថវិកាជាង ៧២លានដុល្លារសម្រាប់សាងសង់អាគារ និងបំពាក់ឧបករណ៍គ្រឿងបរិក្ខានៅអគារមន្ទីរពេទ្យកាល់ម៉ែត។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជួយការសាងសង់អគារ និងបំពាក់ឧបករណ៍នៅមន្ទីរពេទ្យកាល់ម៉ែត។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋមានបណ្ណក្រីក្រ បណ្ណសមធម៌ បណ្ណបេឡាជាតិរបបសន្តិសុខសង្គម នឹងទទួលបានការព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតដោយមិនបង់ថ្លៃ។ ដោយឡែកអ្នកមានលទ្ធភាព ត្រូវបង់លុយសម្រាប់ការព្យាបាល។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលមន្ទីរពេទ្យកាល់ម៉ែត សាងសង់ និងបំពាក់ឧបករណ៍បច្ចេកទេសទំនើបរួចហើយ សម្តេចនឹងពិចារណាបញ្ឈប់ការទៅពិនិត្យជំងឺនៅក្រៅប្រទេស។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចឆ្លុះបញ្ចាំងបានថា កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់ប្រមាណ ៧ភាគរយ តែតួលេខរបស់ធនាគារជាតិ និងអ្នកឯកទេស គឺកំណើនសេដ្ឋកិច្ច ៧.១ភាគរយ ខណៈអត្រាអតិផរណាមានជាង ២ភាគរយ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ និងអត្រាអតិផរណាជាង ២ភាគរយនេះ គឺជាស្ថានភាពសេដ្ឋកិច្ចដ៏ល្អ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចក្ខុវិស័យតាំងពីដើមរបស់រាជរដ្ឋាភិបាល គឺមានសន្តិភាព ទើបមានអ្វីៗទាំងអស់ ពោលមានសន្តិភាព ទើបមានសិទ្ធិមនុស្ស។ សិទ្ធិមនុស្ស ចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិត។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមមនុស្ស «សិទ្ធិមនុស្សនិយម» នៅពេលប្រទេសមានបញ្ហា គឺរត់លឿនជាងគេទាំងអស់។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលពន្ធពីគយ និងពន្ធដារ មកដល់ត្រឹមថ្ងៃទី០៩ ខែធ្នូ ទទួលបានចំនួន ៥,៦៥២លានដុល្លារអាមេរិក លើសផែនការគ្រោងទុកប្រមាណ ១,១០៣លានដុល្លារ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលបានពីពន្ធទិញរថយន្ត និងម៉ូតូ មានរហូតដល់ ៥២ភាគរយ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមានថវិកាប្រមាណ ៣,៥០០លានដុល្លារ សម្រាប់យកទៅប្រើប្រាស់ពេលមានការបន្ទាន់។ ថវិកានេះ មិនទាន់បូកបញ្ចូលប្រាក់បម្រុងអន្តរជាតិ ១៥ពាន់លានដុល្លារ និងមាស ៣០តោននៅឡើយនោះទេ។
 * បើទោះបីមានថវិកាសល់សម្រាប់ប្រើប្រាស់ច្រើនយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រសួងមិនអាចស្នើសុំចាយថវិកាបន្ថែមបាននោះឡើយ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលទាំងអស់នេះ បានមកពីកិច្ចខិតខំទាំងអស់គ្នា។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជាប់កាតព្វកិច្ចពន្ធទាំងឡាយ ត្រូវតែនាំគ្នាចូលរួមបង់ពន្ធ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់បង់ពន្ធ គឺយកទៅប្រើប្រាស់សម្រាប់ការធ្វើផ្លូវ និងសាងសង់មន្ទីរពេទ្យជាដើម។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្រុកខ្មែរចាប់ពីថ្ងៃនេះតទៅមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ។ ការបញ្ជាក់ពីបញ្ហានេះបន្ទាប់ពីក្រុមអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ រំពឹងថា នឹងមានការវិវឌ្ឍន៍លើបញ្ហានយោបាយនៅថ្ងៃទី១២ ខែធ្នូ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងរង់ចាំមើលការបោះឆ្នោតនៅប្រទេសអង់គ្លេស ក្នុងការចាកចេញពីសហភាពអឺរ៉ុប។ សម្តេចតេជោ បញ្ជាក់ថា រឿងនេះមានការពាក់ព័ន្ធទាំងអង់គ្លេស ជាមួយសហភាពអឺរ៉ុប រួមទាំងកម្ពុជាផងដែរ។
 * សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា កម្ពុជាមិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាមួយនោះឡើយ។
 * សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់យកវីដេអូនេះ ទៅបង្ហាញទូតនានាដែលនិយាយពីបញ្ហាសេរីភាពព័ត៌មាននេះ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាប់ខ្លួនអ្នកព័ត៌មានម្នាក់ ដែលជាអតីតអ្នកព័ត៌មានវិទ្យុអាស៊ីសេរី មិនមែនចាប់ពាក់ព័ន្ធរឿងផ្សាយព័ត៌មានទេ គឺចាប់រឿងយកប្រពន្ធខ្លួនឯងសេពកាម ហើយខ្លួនឯងជាអ្នកថត។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់យកវីដេអូនេះ ទៅបង្ហាញទូតនានាដែលនិយាយពីបញ្ហាសេរីភាពព័ត៌មាននេះ។
 * សម្តេចតេជោ ហ៊ុន សែន បានហៅសកម្មភាពរបស់អ្នកព័ត៌មានរូបនេះ យកប្រពន្ធទៅសេពកាមជាមួយបរទេស ហើយខ្លួនឯងជាអ្នកថតនេះ ជាសកម្មភាពលើសពីសត្វតិរច្ឆានទៅទៀត។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកជំនួញម្នាក់ បានយកដីចំនួន៤កន្លែង សម្រាប់ធ្វើកន្លែងចាក់សំរាម ដោយដោះដូរជាមួយទីលានចាក់សំរាមពេលបច្ចុប្បន្ន។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីផ្សារផលិតផលរបស់កម្ពុជា កំពុងរីកកាន់តែធំទៅប្រទេសចិន និងសាធារណរដ្ឋកូរ៉េជាដើម។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាអ្នកគាំទ្រមុនគេសម្រាប់ការប្រជុំកំពូលរវាងអាស៊ាន និងអាមេរិក នៅសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានត្រៀមដងវាយកូនហ្គោលរួចហើយ ដើម្បីទៅវាយកូនហ្គោលនៅអាមេរិក បើមានឱកាសសម្តេចនឹងវាយកូនហ្គោល ជាមួយត្រាំថែមទៀតផង។
 * សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១០៖២២នាទី,

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វប្បធម៌លាបពណ៌គឺជារបស់ក្រុមប្រឆាំងផ្កាប់មុខ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាវប្បធម៌លាបពណ៌គឺជារបស់ក្រុមប្រឆាំងផ្កាប់មុខដែលការលាបពណ៌ទាំងនេះបានធ្វើឱ្យប្រទេសជាតិលិចលង់រួចមកហើយនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសយើង។ លោកបានថ្លែងដូចនេះនៅថ្ងៃពុធទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS ជិត៧ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា ដោយសារចង់បានអំណាច ក្រុមប្រឆាំងបានលាបពណ៌សម្តេចព្រះនរោត្តម សីហនុ ថាចូលដៃជាមួយប្រទេសវៀតណាមខាងជើងរហូតនាំឱ្យមានសង្រ្គាមទម្លាក់សម្តេចព្រះបរមរតនកោដ្ឋ ចង់បានអំណាចលាបពណ៌រូបលោកថាលក់ដីឱ្យយួនជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ដូចក្នុងករណីកីឡាករ កែវ សុខផេង ប្រកួតចាញ់ក្រុមកីឡាករវៀតណាម បែរជាលាបពណ៌គ្នាថាជាកូនរបស់វៀតណាម ដែលនេះជារឿងគួរឱ្យឈឺចាប់បំផុត៕


ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប នៅប្រទេសអេស្ប៉ាញ ពាក់កណ្តាលខែនេះ

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ (ASEM FMM14) នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
ក្រោមមូលបទ «អាស៊ី និងអឺរ៉ុប រួមគ្នាដើម្បីពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព» កិច្ចប្រជុំ ASEM FMM14 នឹងពិភាក្សារិះរកមធ្យោបាយ ដើម្បីធ្វើឲ្យប្រព័ន្ធពហុភាគីនិយមដំណើរការឡើងវិញ និងដើម្បីកសាងការតភ្ជាប់ប្រកបដោយនិរន្តរភាព សម្រាប់ជាប្រយោជន៍ដល់ទ្វីបទាំងពីរ គឺ អាស៊ី និងអឺរ៉ុប។
ក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំ ASEM FMM14 លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញថ្លែងសុន្ទរកថាប្រកបដោយខ្លឹមសារ ដោយផ្តោតជាសំខាន់ទៅលើបញ្ហាសមភាពយេនឌ័រ និងតួនាទីរបស់ស្រ្តីនៅក្នុងសន្តិភាពនិងសន្តិសុខ ជាពិសេសនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN PKO)។ លោកក៏នឹងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ការងារ ដែលត្រូវបានរៀបចំឡើងក្នុងលក្ខណៈ ប្រជុំចង្អៀត ដែលក្នុងឱកាសនោះ ប្រមុខការទូតកម្ពុជា នឹងថ្លែងសុន្ទរកថាអំពីបញ្ហាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
ក្រសួងការបរទេសកម្ពុជា បានបន្ថែមថា ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជម្រាបជូនកិច្ចប្រជុំអំពីការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅក្នុងឆ្នាំ២០២០ (13th ASEM Summit 2020)។ ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយរដ្ឋមន្រ្តីការបរទេស និងឥស្សរជនមួយចំនួននៃប្រទេសជាសមាជិក ASEM ផងដែរ។
កិច្ចប្រជុំ ASEM គឺជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប ដោយផ្តោតលើសសរស្តម្ភបី គឺ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ កម្ពុជា បានក្លាយជាសមាជិក ASEM នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០០៤។ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០ ដែលនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយថែមទៀតសម្រាប់កម្ពុជា ហើយក៏ជាការបង្ហាញពីតួនាទីដ៏សកម្ម និងប្រកបដោយការស្ថាបនានៅក្នុងក្របខ័ណ្ឌ ASEM ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា៖


នាយឧត្ដមសេនីយ៍ សៅ សុខា ទទួលជួបអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ចកងទ័ពរំដោះប្រជាជនចិន

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ទោ Jiang Hong Jun អគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ច កងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ការជួបពិភាក្សាការងារនេះដែរបានធ្វើឡើងក្នុងឱកាសដែលលោក ឧត្ដមសេនីយ៍ បានដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការល្អ រវាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គនាយកដ្ឋាននៃកងទ័ពរំដោះប្រជាជនចិន៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៤ចំណុចដើម្បីឱ្យសហព័ន្ធនេះសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ដែលមហាសន្និបាតនេះ បានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៤ចំណុចដើម្បីឱ្យសហព័ន្ធនេះសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងក្របខណ្ឌសកម្មភាពអាស៊ាន។
អនុសាសន៍៤ចំណុចនោះមានដូចខាងក្រោម៖
ទី១- សហព័ន្ធអតីតយុទ្ធជនអាស៊ានត្រូវរួមគ្នាបន្តជំរុញការលើកកម្ពស់ប្រណិតភាពជីវិតនិងការពារផលប៉ះពាល់នៃអាយុកាលដែលបញ្ហាលមកពីសង្គ្រាមទៅលើសុខភាពអតីតយុទ្ធជន តាមរយៈការការពារសិទ្ធិស្របច្បាប់ ដើម្បីអត្ថប្រយោជន៍រួមរបស់អតីតយុទ្ធជនដោយសារសង្គ្រាម និងក្រុមគ្រួសាររបស់ពួកគេជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់នៃសមាគមអតីតយុទ្ធជន នៃបញ្ហាប្រទេសជាសមាជិកសហ ព័ន្ធ ។
ទី២- សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវរួមគ្នារៀបចំគោលនយោបាយ ផែនការសកម្មភាព និងយន្តការអនុវត្តនានា ដើម្បីពង្រីកវិស័យអតីតយុទ្ធជនឱ្យបានកាន់តែទូលំទូលាយ ជាពិសេសការបន្តលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនឱ្យស័ក្តិសមទៅនឹងគុណបំណាច់របស់ពួកគេ តាមរយៈការលើកទឹកចិត្តខាងផ្នែកស្មារតីការផ្តល់កិត្តិយស ការផ្គត់ផ្គង់ដល់ជីវភាពរស់នៅឱ្យបានសមរម្យស្របតាមស្ថានភាពនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម។
ទី៣- ត្រូវបន្តលើកកម្ពស់សមត្ថភាពចំណេះ ដឹងឱ្យបានទូលំទូលាយដល់អតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមនៅក្នុងតំបន់ តាមរយៈការរៀបចំជាកម្មវិធីអភិវឌ្ឍ សិក្ខាសាលា។
ទី៤- ថ្នាក់ដឹកនាំនៃបញ្ហាប្រទេសសមាជិកអាស៊ានទាំងអស់សូមបន្តចូលរួមឱ្យកាន់តែសកម្មឡើង ដើម្បីពង្រីកវិសាលភាពនៃការលើកទឹកចិត្តដល់អតីតយុទ្ធជនអាស៊ាន ការការពារសិទ្ធិរស់រានមានជីវិត សុវត្ថិភាពបុគ្គល ជាមួយនឹងការពង្រឹងចំណងមិត្តភាពនិងសាមគ្គីភាពឱ្យកាន់តែជិតស្និទ្ធ ដើម្បីបង្កើតនូវកិច្ចសហការគ្នាល្អ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដែលជាប្រយោជន៍រួមរបស់សហព័ន្ធអតីតយុទ្ធជនអាស៊ាន៕




ក្រសួងការបរទេស៖ ការដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរដោយសហរដ្ឋអាមេរិក ជាការវាយប្រហារកិច្ចខិតខំប្រឹងប្រែងស្តារទំនុកចិត្តនិងភាពជឿជាក់រវាងប្រទេសទាំងពីរ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានចាត់ទុកសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរណាម្នាក់ថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍អន្តរជាតិស្តីពីគោលការណ៍ស្មើភាពនៃអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
ទន្ទឹមនឹងនេះក្រសួងការបរទេសកម្ពុជា ក៏បានចាត់ទុកថា បទបញ្ជាប្រតិបត្តិនេះគឺជាការវាយប្រហារប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមេដឹកនាំកំពូលប្រទេសទាំងពីរបានប្តេជ្ញានាពេលកន្លងទៅនេះ។ តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការកំណត់ជ្រើសរើសដោយបំពាន នូវជនជាតិកម្ពុជាដែលបម្រើការងាររដ្ឋ និងក្នុងផ្នែកឯកជន ក្រោមច្បាប់សាកលម៉ានីតស្គី (Global Magnitsky Act) របស់អាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេស បានបន្តថា «ទង្វើនេះធ្វើឱ្យមានការស្រងាកចិត្តយ៉ាងខ្លាំង នៅពេលដែលបុគ្គលសាធារណៈរបស់ប្រទេសមួយ ត្រូវបានក្លាយទៅជាកម្មវត្ថុនៃវិធានការទណ្ឌកម្មរបស់ ប្រទេសដទៃផ្សេងទៀត ដោយផ្អែកលើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការគោរពទាល់តែសោះចំពោះភាពឯករាជ្យនៃច្បាប់ និងយុត្តិធម៌របស់ប្រទេសមួយ។
ប្រការនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍អន្តរជាតិស្តីពីគោលការណ៍ស្មើភាពនៃអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដ៏ទៃផ្សេងទៀត»។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានបញ្ជាក់ទៀតថា «បទបញ្ជាប្រតិបត្តិនេះគឺជាការវាយប្រហារប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់រវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈការផ្ញើសារទៅវិញទៅមកនាពេលថ្មីៗនេះរវាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាព កម្ពុជា ហើយមានបំណងដ៏មុតមាំក្នុងការលើកស្ទួយទំនាក់ទំនងទ្វេរភាគី ដោយឈរលើការគោរពគ្នាទៅវិញទៅមក»។
អ្នកនាំពាក្យក្រសួងការបរទេស ក៏បានរំលេចផងដែរថា លោក គន់ គីម ត្រូវបានទទួលស្គាល់ជាសាធារណៈ ចំពោះការរួមចំណែកយ៉ាងច្រើនរបស់លោក ក្នុងការការពារ និងថែររក្សាសុខសន្តិភាព ស្ថេរភាព និងសណ្តាប់សង្គម ហើយលោកឧកញ៉ា ទ្រី ភាព ក៏បានដើរតួនាទីដ៏សកម្មក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចដាក់ទណ្ឌកម្ម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកឧកញ៉ា ទ្រី ភាព ព្រមទាំងក្រុមគ្រួសារដោយចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងប្រព្រឹត្តអំពើពុករលួយ។ ការដាក់ទណ្ឌកម្មនេះធ្វើឡើងក្រោមច្បាប់ Global Magnitsky៕
សូមអានសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ក្រុមជនដែលបានធ្វើពលិកម្មដើម្បីជាតិមាតុភូមិគឺជានិមិត្តរូបនៃស្មារតីលះបង់ខ្ពស់ជាមួយនឹងមនសិការស្នេហាជាតិរបស់ខ្លួន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ប្រវត្តិអតីតយុទ្ធជនដែលបានឆ្លងកាត់សង្គ្រាមពិតជាមានភាពស្រដៀងគ្នានៅគ្រប់បណ្តាប្រទេសនៅលើពិភពលោក ក្នុងន័យនេះ ក្រុមជនដែលបានធ្វើពលិកម្មដើម្បីជាតិមាតុភូមិរបស់ខ្លួនគឺជានិមិត្តរូបនៃស្មារតីលះបង់ខ្ពស់ជាមួយនឹងមនសិការស្នេហាជាតិរបស់ខ្លួន ដែលត្រូវបានចារឹកទុកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ដែលមហាសន្និបាតនេះ បានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនមកពីបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយនិងស្វាគមន៍ ប្រធាន-អនុប្រធានសហព័ន្ធអតីតយុទ្ធជនអាស៊ាន ព្រមទាំងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសជាសមាជិកសហព័ន្ធ ដែលបានអញ្ជើញចូលរួមក្នុងមហាសន្និបាតដ៏មានសារៈសំខាន់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ៕





ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេច​តេជោ ហ៊ុន សែន ថ្លែងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា

ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ​ជា ថ្លែងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា
ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩