Tuesday, January 14, 2014

សម្តេច​​តេជោ៖ ​ចាត់​​ទុក​​​លំហូរ​ទុន​វិនិ​យោគ​ចូល​ពី​វៀត​ណាម​ក្នុង​​ទស​វត្សរ៍​​កន្លង​​ទៅ​​បាន​រួម​ចំណែក​​យ៉ាង​ខ្លាំង​ក្នុង​ការ​​ជម្រុញ​​កំណើន​​សេដ្ឋ​កិច្ច​​កម្ពុជា​

សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍ចាត់​ទុកលំហូរ ទុន​វិនិ​យោគពីវៀត​ណាម​មក​កាន់​កម្ពុជា នៅតាមវិស័យ​សំខាន់​ៗ​ជា​ច្រើន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ​បានរួម​ចំណែក​យ៉ាងខ្លាំងក្លា​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ចកម្ពុជានោះ។ សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាលកម្ពុជា ​បាននិង​កំពុង​ផ្តល់​នូវ​កាលានុវត្តភាព​ដល់​ប្រជាកសិករ ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ និង​ក្រុមហ៊ុននាំចេញ​ទាំងឡាយ​ផងដែរ។

នៅ​ក្នុង​ឱកាស​ធ្វើជាអធិបតី​រួមគ្នា​ជាមួយ​សមភាគី​ឯកឧត្តម ង្វៀន តាន់យុង នាយករដ្ឋ​មន្រ្តី​នៃ​សាធារណ​រដ្ឋសង្គម​វៀតណាម​ក្នុងសន្និសីទ​ស្តីពីកិច្ច​សហប្រតិ​បត្តិការ​វិនិយោគ កម្ពុជា-​វៀត​ណាម​លើកទី៤ នៅ​វិមានសន្តិភាព​ក្នុងរាជធានីភ្នំពេញ នា​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន មានប្រសា​សន៍ថា «ខ្ញុំរីករាយ​ចំពោះ​លំហូរ​ទុន​វិនិ​យោគ​វៀតណាម​មក​ក្នុងប្រទេស​កម្ពុជា ក្នុងទស​វត្សរ៍​កន្លងទៅនេះ នៅតាមវិស័យ​សំខាន់​មួយ​ចំនួន​រួម​មានវិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ទូរគម​នាគមន៍ កសិ-ឧស្សាហកម្ម ទេសចរណ៍ អាកាស​ចរណ៍ និង​សុខាភិបាល។ ការវិនិយោគ​ទាំង​អស់ នេះ​បាន​ចូលរួម​ចំណែក​ក្នុង​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ការបង្កើត​ការងារ និង​ការជំរុញ​កំណើន សេដ្ឋកិច្ច​នៅ​កម្ពុជា»។

ទាក់​ទង​នឹង​ការ​វិយោគ​លើ​វិស័យ​កសិកម្មក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​ សម្តេច​តេ​ជោ​មាន​ប្រ​សា​សន៍​ថា «​ខ្ញុំ ​សូម​សំដែង​នូវ​ការ​កោតសរសើរ​ដោយ​ស្មោះ​ជូន​ចំពោះ​បងប្អូន​ប្រជាកសិករ វិនិ​យោគិន​ក្នុង​វិស័យម៉ាស៊ីន​កិនស្រូវ និង​នាំចេញ​អង្ករ និង​តួអង្គ​ដែល​មាន​ការ​ពាក់ព័ន្ធ​ទាំង​អស់ ដែល​បាន​ចាប់ដៃគ្នា សម្រេច​បាន​នូវ​លទ្ធផល​ដ៏​ត្រចះត្រចង់​ធ្វើ​ឲ្យ​អង្ករ​ខ្មែរ​យើង​ត្រូវ​បាន​ គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ តាមរយៈ​ការ​ឈ្នះ​ពានរង្វាន់​ «​អង្ករ​ល្អ​បំផុត​ក្នុង​លោក​» ​ពីរ​ឆ្នាំ​ជាប់​គ្នា ២០១២-២០១៣ នៅក្នុង​វេទិកា​អង្ករ​ពិភពលោក​នោះ ដែល​ការ​ទទួលបាន​ពានរង្វាន់​ដ៏​វិសេស​វិសាល​នេះ គឺ​ជា​មោទនភាព​ជាតិ​ទាំងមូល។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ដើម្បី​សម្រេច​បាន​គោលដៅ​របស់​យើង​ក្នុង ការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​មួយ​លាន​តោន​នៅ​ឆ្នាំ២០១៥ ខាងមុខនេះ ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​បង ប្អូន​ប្រជាកសិករ និង​តួអង្គ​ដែលមាន​ការពាក់ព័ន្ធ ត្រូវ​រួមគ្នា​ខិតខំ​បន្ថែម​ទៀត ជំរុញ​ការ​ផ្សព្វ​ផ្សាយ ក៏ដូចជា​ការផលិត​ស្រូវ​-​អង្ករ ​ខ្មែរ​យើង​ឲ្យ​បាន​ទាំង​បរិមាណ និង​គុណភាព។ សម្តេច​តេ​ជោ​ថ្លែង​ថា កំណើន​នៃ​ការនាំចេញ និង​កេរ្តិ៍ឈ្មោះ​ដែល​អង្ករ​យើង​ទទួល​​បាន​ក្លាយជា​គំរូល្អ​សម្រាប់​ការ​បើកផ្លូវ​ដល់​ដំណាំ​កសិកម្ម​ផ្សេងទៀត ដែល​មាន​តម្រូវការ​ខ្ពស់ ដូចជា​កៅស៊ូ ដំឡូង​មី ពោត សណ្តែក​សៀង ស្វាយចន្ទី និង​ម្រេច ដូច្នេះ​វិស័យ​កសិឧស្សាហកម្ម ដែល​ជា​អា​ទិ​ភាពរំពឹង​ថា នឹង​ចាក់​ឬ​ស​បន្ថែមទៀត និង​ឈាន​ទៅ​រក​ការ​កសាង​មូលដ្ឋាន ផលិតកម្ម​ដ៏​រឹងមាំ​មួយ។

ទាក់​ទិន​ទៅ​នឹង​ទំនាក់​ទំនង​លើ​វិស័យ​ទេសចរណ៍​ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រ​សាស​ន៍​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ ​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ចំនួន ៤.២លាន​នាក់ ដែល​មាន​ការ​កើនឡើង​១៧​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១២ ​ក្នុង​នោះ​ទេសចរ​វៀតណាម​មាន​ចំនួន​ជាង​៨៥ ម៉ឺន​នាក់។

សម្តេច​តេ​ជោ​ថ្លែង​ថា ភាព​សម្បូរ​បែប​នៃ​មរតក​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​រមណីយដ្ឋាន ធម្មជាតិ និង​វប្បធម៌ ដូចជា​ព្រៃ​ព្រឹក្សា បឹងបួ សមុទ្រ និង​ទេសភាព​មាន​លក្ខណៈ​ទាក់ទាញ​បាន​ធ្វើ​ឲ្យ​កម្ពុជា​កា្លយ​ជាទី​ ចាប់អារម្មណ៍ នៃ​ភ្ញៀវទេសចរ ប៉ុន្តែ​ទោះជា​ដូច្នេះ​ក្តី កត្តា​ចម្បង ដែល​ចូលរួម​ដល់​កំណើន​ខ្ពស់​ប្រកបដោយ​គុណភាព​នៃ​វិស័យ​នេះ គឺ​ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្ដាប់​ធ្នាប់​សង្គម ដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​បាន​ខិតខំ​ប្រឹង ប្រែង​រួមគ្នា​កសាង និង​ថែរក្សា​នា​ពេល​កន្លងមក។

ទន្ទឹម​នឹងការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​បណ្តា​ក្រុម​ហ៊ុន​វិនិយោគវៀត​ណាមទាំង​អស់ ដែល​បានចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋា​ភិបាល​កម្ពុជា នៅ​ក្នុង​ការអភិវឌ្ឍ​កម្ពុជា​ឲ្យ​មា​ន​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ បាន​មានប្រសាន៍ថា ខ្ញុំស​ង្ឃឹ​ម​ថា រដ្ឋាភិបាលវៀត​ណាម ដែល​មាន​ឯក ឧត្តម ង្វៀន តាន់យុង ជាប្រមុខ​នឹងបន្ត​ផ្តល់​ការ​គាំ​ទ្រ​ដល់កម្ពុជា តាមរយៈ​ការជំរុញនូវកិច្ច​សហ​ប្រតិបត្តិការលើគ្រប់​វិស័យ​ឲ្យបាន​កាន់​តែ​រឹង​មាំ​ថែម​ទៀត នៅ​ក្នុង​គោលដៅ​បន្ត​ជួយ​អភិ​វឌ្ឍន៍សង្គម-សេដ្ឋកិច្ច​កម្ពុជា។ ខ្ញុំ​មាន​ជំនឿយ៉ា​ង​មុត​មាំថា ការ​បន្ត​កិច្ចសហប្រតិបត្តិការ​របស់​យើង​ពិត​ជា​នាំ​មកនូវ​ភាព​សម្បូរ​សប្បាយ​ដល់​ប្រទេស និង​ប្រជាជន​យើង​ទាំងពីរ ហើយ​ចំណង​មិត្តភាពកម្ពុជា-វៀតណាម​កាន់​តែរឹងមាំ និងស្អិត​ល្មួត​តទៅ​យូរ​អង្វែង។

សម្តេចតេជោ​ថ្លែងបញ្ជាក់​ថា ខ្ញុំ​មានមោទនភាព​នឹង​ជម្រាបជូន​ថា ការខិតខំ​ទាំងអស់​របស់​យើង​ក្នុង​រយៈ​ពេល​មួយ​ទស​វត្សរ៍ កន្លងទៅ​បានផ្តល់​ផល​ល្អ​ត្រឡប់​មក​វិញគួរ​ឲ្យកត់​សម្គាល់​ដោយ​បានឲ្យ​ធ្វើមាន​កំណើន​ប្រកប​ដោយស្ថិរភាព និង​ជោគជ័យ​ជាច្រើនឆ្នាំ​កន្លង​មកនេះ កម្ពុជា​មានការ​ជឿជាក់​លើ​ខ្លួន​ឯង​ថា ឥឡូវនេះ​យើង​កំពុងស្ថិត​នៅលើច្រក​ផ្លូវ​ដ៏សំខាន់​មួយ ក្នុង​ការបោះ​ជំហាន​ទៅ​មុខ​ឆ្ពោះ​ទៅ​រកអនាគត​ដ៏ភ្លឺស្វាង​ប្រកប​ដោយ​សុទិដ្ឋិនិយម និងសេ​ច​ក្តី​សង្ឃឹម។

តាម​រយៈ​សុន្ទរកថារបស់​សម្តេច​តេជោបាន​ឲ្យ​ដឹង​ថា ក្នុងរយៈ​ពេល ១ ទសវត្សរ៍​ចុង​ក្រោយ​នេះ សេដ្ឋកិច្ច​កម្ពុជា​មានសន្ទុះ​កំណើន​ប្រកប​ដោយចីរ ភាព​ក្នុងកម្រិត​ប្រមាណ ៨% ជាមធ្យមក្នុង​មួយឆ្នាំ។ កំណើន​សេដ្ឋកិច្ច​កម្ពុជានៅឆ្នាំ ២០១២ សម្រេច​បានផលិតផល​សរុបក្នុង​ស្រុក​កើន​ឡើង ៧.៣% ដោយតាមការ​ប៉ាន់ប្រមាណ​ជាបឋម របស់​វិទ្យាស្ថានជាតិ​ស្ថិតិ​កំណើនសេដ្ឋ​កិច្ច​ឆ្នាំ២០១៣ នេះ​អាចនឹង​សម្រេច​បានចំនួនជាង ៧% ដែលនៅ​តែជាអត្រា​ល្អនៅឡើយ​ធៀប​ទៅ​នឹងកំណើន​សេដ្ឋកិច្ច នៃប្រទេសមួយ​ចំនួន​ក្នុង​តំបន់។ ផលិតផល​សរុប​ក្នុងស្រុក​សម្រាប់​ប្រជា​ជនម្នាក់ៗបានកើនពី ៧៦០ដុល្លារ ក្នុងឆ្នាំ២០០៨ ដល់ជិត ១ ០០០ដុល្លារ ក្នុងឆ្នាំ២០១២ និងជាង ១ ០០០ ដុល្លារ នៅឆ្នាំ២០១៣។

ទាក់​ទង​នឹង​កំណើន​សេដ្ឋកិច្ច​របស់​ព្រះ​រាជាណាចក្រកម្ពុជា​ សម្តេចតេជោនាយករដ្ឋមន្រ្តី​មាន​ប្រ​សាសន៍ថា ក្នុងរយៈ​ពេលមធ្យម​យើងរំពឹង​ទុក​ថា សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ ដោយ​សារ​តែ​កា​រខិតខំ​ប្រឹងប្រែង​នៃវិស័យសំណង់ វិស័យវាយនភ័ណ្ឌ វិស័យ​ទេស​ចរណ៍ វិស័យ​កសិកម្ម និង​ការ​ពង្រីកវិសាលភាព​សេដ្ឋកិច្ច​ទៅលើវិស័យ​មិនមែន​កសិកម្ម ដែល​ជាហេតុធ្វើ​ឲ្យ​យើង​អាច​រំពឹង​ទុកបាន​ថា កំណើន​ទូទៅជាមធ្យម​អាចនឹង សម្រេ​ច​បាន​ក្នុង​រង្វង់​ប្រមាណ ៧% ក្នុង​មួយ​ឆ្នាំ។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​វាយ​តម្លៃ អំពី​បញ្ហា​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ និង​បញ្ហា​ប្រឈម​ថា៖ ប្រសិនបើ​យើងគ្មាន​ស្ថិរភាព គ្មាន​ភាពដែល​អាច​ប៉ាន់​ប្រមា​ណ​​ អ្នក​ធុរជន និងវិនិយោគិន​គ្មានទំនុកចិត្ត និងគ្មានការជឿ​ជាក់លើ​សមត្ថភាព​ក្នុង​ការ​ដឹក​នាំ​ប្រទេស​របស់​រាជរដ្ឋាភិបាល។ ដូចគ្នានេះដែរ តើកំណើន​នៃការវិនិយោគ​នឹង​បន្ត​កើន​ឡើង​​ដូច​ឆ្នាំ​២០១៣ ទៀតដែរទេ? ក្នុងខណៈ​ដែល (១) ពួក​អគតិមួយ​ចំនួន​បន្ត​បំពុល​បរិយា​កា​សសង្គម (២) ប្រាក់បៀវត្សរ៍​កម្លាំងពលកម្ម​នៃប្រទេស​ជិតខាង​មាន ភាពប្រកួត​ប្រ​ជែង និង​ជា​ពិសេស (៣) ការងើប​ឡើង​នៃប្រទេស​មីយ៉ាន់ម៉ា ដែល​បាន និងកំពុង​បើក​ទ្វារ​យ៉ាង​ទូលំ​ទូលាយ​ធ្វើការ ស្វាគមន៍​ការវិនិយោគ។

ដោយ​ឡែក ឯកឧត្តម ង្វៀន តាន់យុង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម បានមាន​ប្រសាសន៍​លើកឡើងពីការ​វិវត្តន៍ថ្មីៗ នៃ​កិច្ចសហប្រតិបត្តិការ​លើវិស័យវិនិ​យោគ​រវាង​ប្រទេស​ទាំងពី​រ​ (វៀតណាម-កម្ពុជា) ដែលមាន​ការ​កើន​ឡើងជាលំដាប់​។ ឯកឧត្តម​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​មានប្រសាសន៍ថា បច្ចុប្បន្ន​គម្រោង​វិនិយោគរបស់​វៀតណាម មក​កម្ពុជា​មាន​ចំនួន ១​២៨គម្រោង ​មានទុនវិនិយោគ​សរុប​ជិត ​៣ ០០០លានដុល្លារ។ ​ដោយ​ឡែក​គម្រោង​វិនិ​យោគ​របស់កម្ពុជានៅ​ប្រទេស​វៀតណាមមាន​ចំនួន ១៣គម្រោង ស្មើនឹង ៥៤លានដុល្លារ​អា​មេ​រិក។

ឯកឧត្តម​នាយករដ្ឋមន្រ្តី​វៀតណាម ​បានមាន​ប្រសាសន៍​ផ្តាំផ្ញើ​សូម​ឲ្យបន្តគាំទ្រ ការពារ​អ្នកវិនិ​យោគ​នៃ​ប្រទេស​ទាំងពីរ ដោ​យ​យកចិត្តទុកដាក់ក៏​ដូច​ជា​ការ​កាត់​បន្ថយ​បែបបទច្បាប់ ការ​ប្រឹក្សា​យោបល់​សម្រាប់​អ្នកវិនិយោគ​នៃ​ប្រទេស​ទាំងពីរផង​ដែរ។ ដោយសំអាង​ទៅ​លើ​សក្តា​នុ​ពល​វិនិយោ​គផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍​ដែល​ប្រទេស​ទាំងពីរ (វៀតណាម-កម្ពុជា) មាន ឯកឧត្តម ង្វៀន តាន់យ៉ុង នាយក​រដ្ឋមន្ត្រីវៀតណាម បាន​ស្នើសុំឲ្យមាន​ការ​យកចិត្តទុក ដាក់​លើ​បញ្ហា​មួយចំនួនមានជាអាទិ៍ ការ​បង់​ពន្ធ និង​ប្រាក់​ជួល​ដី​ត្រូវ​បាន​តម្លៃថោកសមរម្យ។

បញ្ហា​ទំនាក់ទំនង​រវាង​ក្រសួងស្ថាប័ន​នៃប្រ​ទេស​ទាំងពីរ ត្រូវផ្សព្វផ្សាយ​បែបបទ​កិច្ចព្រម​ព្រៀង ទាំង​ឡាយសម្រួល​ដល់អ្នក​វិនិយោគ ការពារ​យន្តការ​ពិភាក្សា​ដោះ​ស្រាយ សម្រាប់អ្នក​វិនិ​យោគ​ផ្លាស់ប្តូរព័ត៌មាន​បទពិសោធន៍​រវាងស្ថាប័ន​ក្រសួង និងអ្នក​វិនិយោគ​ពីគ្នាទៅ​វិញទៅមក ។


រដ្ឋាភិបាល​ក្រសួងស្ថាប័ន​នានា នៃប្រទេសទាំងពីរកម្ពុជា-វៀត​ណាមត្រូវគាំទ្រអ្នក​វិនិយោគ​ទុន​ទាំង​នៅ​ប្រទេសវៀត​ណាម និង​កម្ពុជា។ រដ្ឋាភិបាល ក្រសួងស្ថាប័ន នៃប្រទេស​ទាំង​ពីរ​ត្រូវ​ចូលរួមថែ​រក្សាការពារ​អ្នក​វិនិយោគ​ដោយឈរ​លើច្បាប់ នៃ​ប្រទេស​ទាំងពីរ។

ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រី​វៀតណាម បាន​សំដែង​នូវក្តីសង្ឃឹម​ថា សន្និសីទ​ស្តីពី​កិច្ច​សហប្រតិ​បត្តិ​ការវិនិយោគកម្ពុជា-​វៀត​ណា​ម​លើកទី៤នេះ ​នឹ​ង​ចូលរូមចំណែកធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជ​កម្មនៃប្រទេសទាំងពីរ (វៀតណាម-កម្ពុជា) ឈានដល់ចំនួន ៥ ០០០លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៥ ​ខាង​មុខនេះ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សន្និសីទស្តីពីកិច្ច​សហប្រតិ​បត្តិ​​ការវិនិយោគ កម្ពុជា-​វៀត​ណា​ម​លើក​ទី៤ តំណាង​អ្នក​វិនិយោគ នៃប្រទេសវៀតណាម​ដែលក្នុងនោះ​រួមមាន​លោក ជិន វ៉ាន់ម៉ើយ ប្រធាន​ក្រុមហ៊ុន​អន្តរជាតិជី​កសិកម្មផ្កាយប្រាំ លោក ដុង ឡាំ ប្រធាន​ក្រុមហ៊ុនស្ករ ខាមាដេនូ និង​លោក ជិន ហួងវៀត ប្រធានមន្ទីរពេទ្យជោរៃភ្នំពេញ ក៏​បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍លើក​ឡើង​ពី​បរិយាកាសល្អទាក់​ទិន​ពី​កិច្ចការ​វិនិយោគរវាង​ប្រទេសទាំងពីរផង​ដែរ។

ឯកឧត្ដម ង្វៀន តាន់យ៉ុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រីនៃ​សាធារ​ណ​រដ្ឋ​សង្គម​និយម​វៀតណាម បាន​ដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មកដល់​កម្ពុជា​ កាល​ពីវេលា​ម៉ោង​៤រសៀលថ្ងៃ​ទី១២ ខែមករា ឆ្នាំ២០១៤ តាម​ជើងយន្ត​ហោះពិសេស ដើម្បី​បំពេញ​ទស្សនកិច្ច​ការងារ​រយៈ​ពេល ៣ថ្ងៃ (ថ្ងៃទី១២-១៤ ខែមករា ឆ្នាំ២០១៤) នៅលើទឹកដីនៃព្រះ​រាជាណា​ចក្រ​កម្ពុជា តប​តាម​ការអញ្ជើញ​របស់​សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រមុខ​​រដ្ឋា​ភិបាល​​កម្ពុជា-វៀតណាម​ ប្រកាស​​ដាក់​​ឲ្យ​​ដំណើរ​ការ​​មន្ទីរ​ពេទ្យ​​​ជោរៃ​​ភ្នំពេញ​

មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ ដែល​បាន​សា​ង​សង់​ឡើង​ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ ៤២​លាន ដុល្លារ​អាមេរិក មាន​ទីតាំង​លើ ផ្ទៃដី​ទំហំ ៥០០០០​ម៉ែត្រការ៉េ នៅ​ខាងត្បូង ផ្លូវជាតិ​លេខ​១ ក្នុង​ភូមិ​បឹង​ឈូក សង្កាត់ និរោធ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៤ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រី​នៃ​សា​ធា​រណរដ្ឋ​សង្គម​និយមវៀតណា​។

ថ្លែង​ក្នុង​ពិធី​សម្ពោធមន្ទីរពេទ្យជោរៃ ឯកឧត្តម ង្វៀន តាន់យ៉ុង នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​ចាត់​ទុក​មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ ជា​សមិទ្ធ​ផល​ថ្មី​មួយ​បន្ថែម​ទៀត នៃ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា និង​វៀតណាម​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ គឺជា​គម្រោង​ដំបូងនៃ​កិច្ចសហប្រតិបត្តិការលើ​វិស័យ​សុខាភិបាល ហើយ​សង្ឃឹមថា គ្រូ​​ពេទ្យ​នៅ​ទីនេះ គឺជា​ស្ពាន​ដ៏​ល្អនៃ​ទំនាក់ទំនង​រវាង ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​វៀត​ណាម។

សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន​ ក៏​បានមាន​ប្រសាសន៍​រម្លឹកអំពី​ប្រវត្តិ​នៃ​ការនាំ​ឲ្យ​កើត​មាន​មន្ទីរ​ពេទ្យជោរៃភ្នំពេញ​ថា ដោយ​សង្កេតឃើញពលរដ្ឋ​កម្ពុជា​តែងតែ​ស្វែងរក​ការ​ព្យា​បាល​នៅ​ក្រៅប្រទេស ជា​ពិសេស​ប្រទេស​វៀតណាម គឺ​មន្ទីរពេទ្យ​ជោរៃ ដោយ​រាប់​ទាំង​សម្តេច​ផង​នោះ ដូច្នេះ​ទើប​សម្តេច​បាន​ស្នើសុំឱ្យ​មាន​ការវិនិយោគ​មន្ទីរពេទ្យ ដ៏​ទំនើប​បែប​នេះ​មួយ នៅ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ដោយសារ​ផ្លូវ​វែងឆ្ងាយ​ទៅកាន់​ប្រទេស​វៀតណាម។ ដោយសារ​ហេតុនេះ​ហើយ ទើប​សម្តេច និង​លោកនាយករដ្ឋមន្ត្រី​វៀត​ណាម ពិនិត្យ​ឱ្យ​មាន​ការកសាង​មន្ទីរពេទ្យ​នេះ​ឡើងនៅលើ​ទីតាំងសមស្រប​មួយ ដើម្បី​ឆ្លើយ​តប​ទៅនឹងសេចក្តីត្រូវការរបស់​អ្នក​អាច​ទទួល អ្នកជំងឺ​មកពី​គ្រប់​ទីកន្លែង ដោយ​រាប់​ទាំងជន​បរទេស ដែល​រស់​នៅ​កម្ពុជា និង​អ្នក​ទេសចរណ៍​ផងដែរ​។​

សម្តេច​តេជោនាយករដ្ឋមន្ត្រី​ បាន​អំពាវនាវឱ្យ​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវការ​ពិនិត្យព្យាបាលជំងឺ ឱ្យ​មក​ពិនិត្យ​ព្យាបាលនៅ​មន្ទី​ពេទ្យ​ជោរៃភ្នំពេញ ពីព្រោះ​មិន​ចំណាយ​ពេលវេលា​ និង​ផ្លូវ​វែងឆ្ងាយ ទៅ​ប្រទេស​វៀតណាម​ទៀតឡើយ។

លោក ង្វៀន ហ័ង​ណា​ម ( Nguyen Hoang Nam) ប្រធាន​មន្ទីរពេទ្យ​ជោរៃ​ បាន​ឲ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​ជោរៃភ្នំពេញ ​បាន​បញ្ចុះ​បឋមសិលា​សាង​សង់ កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១០ និង បញ្ចប់​ការសាងសង់ នា​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ កន្លងទៅ ​បំពាក់​ដោយ​ឧបករណ៍ និង​លក្ខណៈ​បច្ចេកទេស​ត្រូវ​បាន​នាំចូល​ពី​ក្រៅ​ប្រទេស​ទាំងអស់ ដែលមាន​ស៊េរី​ខ្ពស់ តាម​កម្រិត​ស្តង់ដារ​ឆ្នាំ​២០១៣។

មន្ទីរពេទ្យ​នេះ មាន​អគារ​ធំៗចំនួន​៣ ដែល​មាន​ទំហំ ១០០០០​ម៉ែត្រការ៉េ បើកបម្រើ​សេវា​ពិនិត្យ​ជំងឺ និង​ផ្តល់​ប្រឹក្សា​តាម​ផ្នែក​ជំនាញ​ជូន​អ្នកជំងឺ​ដោយ​សមរម្យ​។ បច្ចុប្បន្នមន្ទីរពេទ្យ​នេះ មាន​បន្ទប់​សម្រាករៀបចំ​ទៅតាម​បទដ្ឋាន​ចំនួន ១០៦​បន្ទប់ មាន​គ្រែ​ប្រមាណ​២០០ និង​បុគ្គលិក​មានសមត្ថភាព ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ប្រមាណ​២០០​នាក់ បម្រើ​ការងារដោយសុជីវធម៌ និង​វិជ្ជាជីវៈ រួមមាន វេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និង​បុគ្គលិក​គ្រប់គ្រង​រដ្ឋបាល​។

ប្រធាន​មន្ទីរពេទ្យ​ជោរៃ បាន​បន្ត​ឲ្យដឹងដែរ​ថា មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ មាន​ចំនួន ៤០​ឯកទេស ក្នុងនោះ មានជំនាញ​ខាងរំលាយ​អាហារ ត្រចៀក បំពង់ក លលាដ៍ក្បាល ថ្លើម បេះដូង វះកាត់​ពុះ​ច្រៀក​បេះដូង ត​សរសៃ​ខួរក្បាល វះកាត់​ត​ឆ្អឹង បាញ់​ក្រួស ក្នុង​ប្រមាត់ និង​វះកាត់​កែ​សម្ផស្ស។

ក្រៅ​ពី​គ្រូពេទ្យ​ជំនាញ​របស់​វៀតណាម កម្ពុជា​ក៏​មាន​វេជ្ជបណ្ឌិត ចំនួន​៥០​នាក់ ដែល​បាន​ទៅ​សិក្សា​ជំនាញ​ច្បាស់លាស់នៅ​ប្រទេស​វៀតណាម និង​មាន​គិលានុបដ្ឋាយិកា​ចំនួន​៨០​នាក់​បាន​​សិក្សា​បន្ថែម លើ​មុខ​ជំនាញដាក់​ថ្នាំ​សណ្តំ ផ្នែក​ពិសោធន៍ វិទ្យុ​សាស្ត្រ ឆ្មប ឱសថ​សាស្ត្រ ម៉ាស៊ីន អេកូ​ថត​ឆ្លុះ លើ​មុខ​ជំនាញ ជាង​៣០ និង គិលានុបដ្ឋាយិកា​ទូទៅ៕