Tuesday, March 23, 2021

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគ របេង ថ្ងៃទី២៤ខែ មីនា ឆ្នាំ២០២១

 










លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រាប់ទូតសិង្ហបុរីថា មិនត្រូវឱ្យកូវីដ១៩ បំផ្លាញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យលោកស្រី ឆៃ ឡេឈីង ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រជានៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងជំនួបនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សិង្ហបុរី ដែលមានតាំងពីយូរលង់មក។

លោកស្រីឯកអគ្គរដ្ឋទូត ឆៃ ឡេឈីង បានកត់សម្គាល់ថា ប្រទេសទាំងពីរមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អ ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ បច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សផងដែរ។

លោកស្រី បានលើកឡើងដែរថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន ដែលអាចស្វែងរកកិច្ចសហប្រតិបត្តិការរួមគ្នា។ ក្នុងន័យនេះ លោកស្រីអគ្គរដ្ឋទូត បានបង្ហាញការប្តេជ្ញាថា លោកស្រី នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនឡើងថែមទៀត។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍នូវការប្តេជ្ញាចិត្តរបស់លោកស្រីឯកអគ្គរដ្ឋទូត។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានលើកពីឧបសគ្គមយយចំនួន ដែលបង្កឡើងដោយជំងឺកូវីដ១៩ផងដែរ។ លោកនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា ជំងឺកូវីដ១៩ បានបំផ្លាញមនុស្សជាតិគ្រប់គ្នា ដាក់គម្លាតពីគ្នា ក្នុងសូម្បីជំនួបនាពេលនេះត្រូវពាក់ម៉ាស់ពេលសន្ទនាគ្នាផងដែរ។

លោកនាយករដ្ឋមន្រ្ដី បានបន្ថែមថា ទោះបីមានឧបសគ្គដ៏លំបាកយ៉ាងណាក្តី តែគប្បីជម្នះបញ្ហាទាំងនេះ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ លោកនាយករដ្ឋមន្រ្ដី បានផ្តល់ទស្សនទានថា កម្ពុជា និងសិង្ហបុរី ត្រូវជំរុញទំនាក់ទំនង និងជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយ ដែលបានចុះកន្លងមក។ បន្ថែមពីលើនោះ ត្រូវស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ស្របតាមសក្តានុពលដែលប្រទេសទាំងពីរកំពុងមាន។

សូមបញ្ជាក់ថា នៅក្នុងជំនួបនេះលោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញក្តីរីករាយ និងមានកិត្តិយស ដែលត្រូវបានតែងតាំងមកបំពេញការងារនៅកម្ពុជា។ លោកស្រី បានអរគុណសម្តេចតេជោ ដែលបានឆ្លៀតពេលពីការងារដ៏មមាញឹកទទួលជួបលោកស្រី។

លោកស្រី បានកោតសរសើរការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហើយបានសម្តែងការអបអរសាទរលោកនាយករដ្ឋមន្រ្ដី ដែលបានដឹកនាំកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាបរហ័ស។ ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយជាប់ៗគ្នា និងកាត់បន្ថយភាពក្រីក្របានឆាប់រហ័ស ៕









លិខិតមិត្តអ្នកអាន៖ «ដល់ពេលហើយ! ប្រជាពលរដ្ឋខ្មែរត្រូវតែរួមដៃគ្នាដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ »

 រយៈពេលជាងមួយខែទៅហើយ ដែលកម្ពុជាត្រូវបានញាំញីទៅ ដោយករណីឆ្លងរាតត្បាតនៃជំងឺកូវដី-១៩ ក្នុងសហគមន៍ជាលើក ទី៣ ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ។ ព្រឹត្តិការណ៍ ឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលបាននិងកំពុងបន្តរហូតមកដល់ពេលនេះ គឺមិនទាន់ត្រូវបានបិទបញ្ចប់នៅ ឡើយនោះទេ ហើយអ្វីដែលរឹតតែគួរឱ្យព្រួយបារម្ភកាន់តែខ្លាំងទៀតនោះ គឺការដែលមានករណីអ្នកជំងឺវិជ្ជមានហើយបានស្លាប់ ដោយសារតែមេរោគកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាបានបន្តមានជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភជាទីបំផុត។

ខណៈពេលនេះ ស្ថាប័នទទួលបន្ទុកកិច្ចការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺ
កូវីដ-១៩ ដែលជាសេនាធិការ របស់រដ្ឋាភិបាល រួមមានក្រសួងសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត គឺបាននឹងកំពុង ចេញមកអំពាវនាវព្រមៗគ្នា ឱ្យមានការចូលរួមពីប្រជាពលរដ្ឋ
ក្នុងការអនុវត្តន៍នូវវិធានការ
សុខាភិបាលឱ្យបានម៉ឺងម៉ាត់និងខ្ជាប់ខ្ជួន ហើយនឹងការរួមគ្នាដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឱ្យបានឆាប់ៗ ព្រោះថាការទប់ទល់នូវស្ថានការណ៍ដ៏លំបាកនេះ «បាន ឬមិនបានគឺវាអាស្រ័យទាំងស្រុង លើការចូលរួមរបស់ប្រជាពលរដ្ឋ ទូទៅ »។
ដូច្នេះ បើសិនជាមិនមានការចូលរួមទាំងអស់គ្នានោះទេ ការឆ្លងរាតត្បាត នឹងបន្តកើនឡើង បន្តទៀត។

សម្រាប់កម្ពុជាដែលធ្លាប់តែជាប្រទេសដែលមានការគ្រប់គ្រងបានល្អនូវជំងឺកូវីដ-១៩ នោះ ពេលនេះហាក់កំពុងតែជួបនឹង ហានិភ័យដែលគួរឱ្យព្រួយបារម្ភ ដោយសារតែតួលេខនៃការឆ្លងជំងឺដ៏កាចសាហាវនេះប្រចាំថ្ងៃ គឺចេះតែកើនឡើងនិងរីករាលដាលពីកន្លែងមួយទៅកន្លែង មួយទៀត។
ស្ថានភាពដ៏លំបាកនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ គឺវាមិនគ្រាន់តែធ្វើឱ្យក្រុមគ្រួពេទ្យ អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធដែលធ្វើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជួបការលំបាកតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជះឥទ្ធិពលនិងផលប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិនិងគ្រួសារនីមួយៗផងដែរ។
រហូតមកដល់ពេលនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋដែលប្រកបមុខរបរខ្នាតតូចនិងមានជីវភាពខ្វះខាត គឺបានរងផលប៉ះពាល់មុនគេ។ ជាមួយគ្នានេះ ការកាត់បន្ថយម៉ោងធ្វើការ និងចំនួនបុគ្គលិកនៅតាមបណ្តាក្រុមហ៊ុន សណ្ឋារគារ
ភោជនីយដ្ឋាននិងស្ថាប័នមួយចំនួន ព្រមទាំងការបិទទ្វារអាជីវកម្មរបស់សហគ្រាសខ្លះ ក៏បានធ្វើឱ្យចំណូលជាទូទៅ របស់ប្រជាពលរដ្ឋធ្លាក់ចុះផងដែរ។ ការលំបាកនេះ គឺមិនមានអ្នកណាមួយចង់ជួបនោះទេ។ ប៉ុន្តែដោយសារតែស្ថានការណ៍បានចាប់បង្ខំដោយជៀសមិនរួច ហេតុដូច្នេះហើយ អ្វីៗគ្រប់យ៉ាងវាអាចប្រែប្រួលទៅរកស្ថានភាព ល្អវិញបានលុះត្រាណាតែការ គ្រប់គ្រងករណីឆ្លងក្នុង
សហគមន៍នៅលើកទី៣នេះ ត្រូវបានគ្រប់គ្រងបានទាំងស្រុង។ បច្ចុប្បន្ននេះ ពលរដ្ឋភាគច្រើន មិនហ៊ានចំណាយប្រាក់ផ្តេសផ្តាសនោះទេ ហើយខ្លះទៀត ក៍ត្រូវបង្ខំចិត្តកាត់បន្ថយ ការចំណាយមិនចំាបាច់ជាបណ្តើរៗ ក៏ព្រោះតែស្ថានការណ៍ នៃការរាតត្បាតជំងឺកូវីដ-១៩ នៅមិនទាន់ធូរស្រាលនៅឡើយ។ ដោយសារតែពេលនេះ មេរោគកូវីដ-១៩ ដែលកំពុងឆ្លងក្នុងសហគមន៍ ២០កុម្ភៈ នៅក្នុងប្រទេសកម្ពុជាគឺជាមេរោគដែល មានទាំងប្រភេទចាស់និងប្រភេទថ្មីដែលមានលក្ខណៈកាចសាហាវជាងមុន ឆ្លងលឿនជាងមុន និងអាចពិបាកព្យាបាលជាងមុន ដូច្នេះហើយបាន ជានៅ ពេលថ្មីៗនេះ គេសង្កេតឃើញថា ករណីឆ្លងបានកើនឡើងខ្លាំង បើប្រៀបធៀបនឹងចំនួនឆ្លងក្នុងរយៈពេលជាង១ឆ្នាំ គឺចាប់តាំងពីដើមឆ្នាំ២០២០មកហើយជាពិសេសគឺបានឆក់យកជីវិត
ប្រជាពលរដ្ឋខ្មែរយើងជាបន្តបន្ទាប់ដែលស្ទើរតែនឹកស្មានមិនដល់ថា កម្ពុជាអាចឈានមកដល់ ដំណាក់កាលដ៏លំបាកបែបនេះ។ សោកនាដកម្មនៃការស្លាប់បាត់បង់ជីវិតរបស់ជនរងគ្រោះដោយ សារជំងឺកូវីដ-១៩ : ទី១នោះ គឺជាក្តីឈឺចាប់ជាពន់ពេករបស់គ្រួសារនៃសព។ប៉ុន្តែការឈឺចាប់ដែលគេមិន បានមើលឃើញនោះ គឺក្រុម
គ្រូពេទ្យដែលទទួលបន្ទុកព្យាបាលអ្នកជំងឺនោះតែម្តង។ ក្រុមគ្រូពេទ្យបានបង្ហាញនូវការខូចចិត្តនិងសោកស្តាយដែលពួកគាត់មិនអាចជួយសង្រ្គោះអាយុជីវិតរបស់អ្នកជំងឺខ្លួនបាន។
បើពីនិត្យទៅលើស្ថានភាពអ្នកជំងឺដែលបានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺមេរោគនេះបានវាយលុកទៅ លើសួតរបស់អ្នកជំងឺយ៉ាងធ្ងន់ធ្ងរ ហើយបានឆក់យកអាយុជីវិតរបស់អ្នកជំងឺក្នុងរយៈពេលដ៏ខ្លីបំផុត។
ជនរងគ្រោះខ្លះមុនពេលស្លាប់បាត់បង់ជីវិត និងមុនពេលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺមិនទាំងដឹងខ្លួនផង ថាខ្លួនបានឆ្លងមេរោគកូវីដ-១៩។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខ្លះ ឈឺសំរាកពេទ្យបានត្រឹម តែ១០ថ្ងៃ ខ្លះ៥ថ្ងៃ ខ្លះ៣ថ្ងៃ ហើយខ្លះទៀតសម្រាកពេទ្យ ទើបតែ បាន១ថ្ងៃក៏មាន។
ការស្លាប់បាត់បង់ជីវិតយ៉ាង លឿនរបស់ជនរងគ្រោះ គឺពិតជារឿងដ៏គួរឱ្យរន្ធត់និងតក់ស្លុតខ្លាំងណាស់ចំពោះក្រុមគ្រួសារ ខណៈដែលពួកគាត់គឺសុទ្ធតែមិនបានជួបអ្នកផ្ទះរបស់ខ្លួនជាលើកចុងក្រោយដើម្បីនិយាយពាក្យថាលាឡើយ។

ដូច្នេះល្មមដល់ពេលវេលាហើយ ដែលប្រជាពលរដ្ឋខ្មែរត្រូវភ្ញាក់ខ្លួនឡើង ហើយនាំគ្នា
ភ័យខ្លាចនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា។ ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពធ្វេសប្រហែស
ការមិនគោរពនឹងមិនអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។ ជាពិសេសត្រូវ

ចាត់ទុកជាបន្ទាន់ថា ពេលនេះកម្ពុជាកំពុងជួបហានិភ័យដែល ម្នាក់ៗត្រូវតែម្ចាស់ការរួមដៃគ្នា ចូលរួមទាំងអស់គ្នា ប្រុងប្រយ័ត្ន
ខ្ពស់ទាំងអស់គ្នា អនុវត្តន៍វិធានការ ៣កុំ ៣ការពារ និង២ចូលរួមទាំងអស់គ្នាឱ្យបានជាដាច់ខាត បើមិនចង់ឱ្យ ស្ថានការណ៍អាក្រក់នេះនៅបន្តអូសបន្លាយនិងឆក់យកជីវិត ប្រជាពលរដ្ឋស្លូតត្រង់តទៅទៀត។
សូមបងប្អូនប្រជាពលរដ្ឋ គិតនិងសង្វេគដល់ក្មេងៗតូចៗ ដែលមិនទាន់ដឹងក្តី សូមអាណិតអាសូរ ដល់មនុស្សចាស់ដែលមានជំងឺ ប្រចាំកាយ សុខភាពខ្សោយ ហើយជាក្រុមដែលប្រឈមខ្ពស់នឹងគ្រោះថ្នាក់ សូមកុំធ្វើខ្លួនជាអ្នកចម្លងមេរោគទៅពួកគាត់ ឱ្យសោះ។ នេះជាពេល ដែលយើងម្នាក់ៗ ក្នុងនាមជាពលរដ្ឋ ខ្មែរ រស់នៅក្រោមដំបូលតែមួយ រួមគ្នា ជួយគ្នា សហការគ្នា ស្តាប់តាមការណែនាំរបស់
រដ្ឋាភិបាល ប្រឹងប្រែងជាមួយគ្នា ដើម្បីរក្សាជីវិតរបស់ពលរដ្ឋខ្មែរ យើង កុំឱ្យជំងឺកូវីដដ៏កាចសាហាវ នេះឆក់យកបន្តទៅទៀត។
ថ្ងៃនេះ ការឈឺចាប់នៃគ្រួសារជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតគឺជាគេ។ ប៉ុន្តែយើងមិនដឹងទេថា ជំងឺនេះនឹងបន្ត រាតត្បាត កាចសាហាវយ៉ាងណាទៀតនោះទេ ។ ដូច្នេះបើមិនចង់ឱ្យអ្នកដែលស្លាប់បាត់បង់ជីវិត ធ្លាក់មកលើសាច់ញាតិនិង
ក្រុមគ្រួសាររបស់យើង ជម្រើសមានតែមួយគត់ គឺរួមគ្នាឱ្យអស់ពីកម្លាំងកាយចិត្ត តាមគ្រប់រូបភាព កម្ចាត់មេរោគកូវីដ-១៩ ដែលជាសត្រូវលាក់មុខឱ្យបានឆាប់ៗ និងឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ដោយ៖ ស ជាតិ






ពលរដ្ឋខ្មែរម្នាក់ទៀត អាយុ៦២ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី ដែលជាករណីស្លាប់ទី៥ នៅកម្ពុជា

 ស្រ្តីម្នាក់អាយុ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ខណៈកំពុងសម្រាកព្យាបាលដែលនេះគឺករណីស្លាប់ទី៥ហើយ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ។

អ្នកជំងឺដែលបានបាត់បង់ជីវិតនេះមានឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយរបស់ស្រីពីនតារាកំប្លែងក្រុមនាយក្រឹម) រស់នៅក្រោយផ្សារសឡា ភូមិមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

ក្រសួងសុខាភិបាល នឹងចេញសេចក្តីជូនដំណឹងនៅពេលបន្ទាប់។

រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់ហើយបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩

* ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
* ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
* ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
* ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១៕
* ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕



ក្រសួងសុខាភិបាល ចេញប្រកាសពីកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍

 លោក ម៉ម ហ៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញប្រកាសថ្មីមួយ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

ប្រកាសដែលទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ប្រកាសនេះ មានគោលបំណងកំណត់អំពីបុគ្គល ដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព និងទីកន្លែងដែលតម្រូវឲ្យមានការពាក់ម៉ាស និងការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ស្របតាមអនុក្រឹត្យស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ៕

 

ខាងក្រោមនេះជាប្រកាសរបស់ក្រសួងសុខាភិបាល៖