Thursday, March 07, 2019

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចុះសួរសុខទុក្ខនារីជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ (ម២)

នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានមេធាវីស្ម័គ្រចិត្ត​លោកនាយករដ្ឋមន្រ្ដី និងលោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាលជាមួយនារីជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែ (ម២) រាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំគណៈកម្មាធិការ​សិទ្ធិ​មនុស្សកម្ពុជា សមាជិកមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ផងដែរ។
របាយការណ៍បានឱ្យដឹងថា សម្រាប់នារីដែលជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ (ម២) មានចំនួន១០៩៤ ស្ត្រីមានផ្ទៃពោះចំនួន២៦នាក់។ ដោយឡែកប្រភេទជាប់ឃុំស្ត្រីត្រូវចោទចំនួន២១០នាក់, ស្ត្រីជាប់ចោទមានចំនួន១០៣នាក់, ស្ត្រីជាប់ពិរុទ្ធមានចំនួន៥៨២នាក់ និងទណ្ឌិតជាស្ត្រីមានចំនួន៣៣នាក់។

សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្គាប់ឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យលើការលើកលែងទោស ធ្វើយ៉ាងណាសម្រួលដល់ស្រ្តីមួយចំនួន ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារ។ លោកនាយករដ្ឋមន្រ្ដី បានបន្តទៀតថា «មុខសញ្ញា គឺទណ្ឌិតជាស្រ្តី ដែលគប្បីសម្រាលទោស ឬលើកលែងទោស ដោយមិនចាំបាច់រង់ចាំដល់ពេលបុណ្យទានទេ» ៕


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន រំលឹករឿងធ្វើជារដ្ឋមន្រ្តីការបរទេសក្មេងជាងគេលើពិភពលោក ក្នុងវ័យ២៧ឆ្នាំ

ខណៈដែលអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងការដាក់ចេញនូវការងារឆ្នាំថ្មីឆ្នាំ២០១៩ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានឆ្លៀតរំលឹករឿងលោកធ្វើជារដ្ឋមន្រ្តីការបរទេសក្មេងជាងគេ នៅលើពិភពលោក ដែលកាលនោះ ក្នុងវ័យទើបតែ២៧ឆ្នាំ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងនៅលើ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ «នៅថ្ងៃទី៨ មករា ១៩៧៩ ក្រោយពីរំដោះប្រទេសកម្ពុជាចេញផុតពី របបប្រល័យពូជសាសន៍ប៉ុលពត រដ្ឋាភិបាលថ្មីដែលមានឈ្មោះថា “ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា” ត្រូវបានបង្កើតឡើង ដែលពេលនោះ ខ្ញុំត្រូវបានតែងតាំងជា “រដ្ឋមន្រ្តីការបរទេស” ក្នុងវ័យមិនទាន់គ្រប់អាយុ២៧ឆ្នាំផង គឺជារដ្ឋមន្រ្តីវ័យក្មេងជាងគេនៅលើពិភពលោក»។
ឯកសារប្រវត្តិលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហាញថា លោកនាយករដ្ឋមន្រ្ដី ជោ ហ៊ុន សែន បានចាកចេញពីគ្រួសារជាទីស្រឡាញ់ នៅឆ្នាំ១៩៧៧ ដើម្បីដឹកនាំចលនាតស៊ូមួយ ដែលមានគោលបំណងរំដោះប្រទេសកម្ពុជា និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍។ នៅឆ្នាំ១៩៧៨ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានក្លាយជា សមាជិកស្ថាបនិកនៃរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ដោយមានការសហការជាមួយចលនាស្នេហាជាតិនានា និងការគាំទ្រពីកងកម្លាំងស្ម័គ្រចិត្តវៀតណាម រណៈសិរ្សបានសង្គ្រោះប្រទេស និងប្រជាជនកម្ពុជាទាំងស្រុងនៅថ្ងៃ ០៧ មករា ១៩៧៩។

ចាប់ពីឆ្នាំ១៩៧៩ ដល់មុនឆ្នាំ ១៩៩៣ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានទទួលដឹកនាំមុខតំណែងជាច្រើន ក្នុងរដ្ឋបាលកម្ពុជា ទាំងក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងក្រោយមករដ្ឋកម្ពុជា។ ជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ១៩៧៩ ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ១៩៨១ ដល់ ១៩៨៥ និងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨៥ ដល់ ១៩៩១ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឱ្យមានមនុញ្ញផលគួរអោយកត់សំគាល់ជាច្រើន ដែលរៀបរៀងបានជាមូលដ្ឋានសម្រាប់ធ្វើឱ្យមានសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍នៅកម្ពុជា ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបិទសន្និបាតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងការបរទេស និងសហប្រិបត្តការអន្តរជាតិ។ សន្និបាតនេះមានរយៈពេល ២ថ្ងៃកន្លងមកហើយ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ក៏ដូចជា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជា។ កម្ពុជាបច្ចុប្បន្នមានទំនាក់ទំនងការទូតជាមួយប្រទេសជាមិត្ដចំនួន ១៧២ ប្រទេស និងមានស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសសរុបចំនួន ៦០។
សន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេសនេះ គឺជាកាលានុវត្តភាពសម្រាប់អ្នកការទូតកម្ពុជា ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ឧទ្ទេសនាមដោយវាគ្មិនសំខាន់ៗ លើបញ្ហាជាសារវ័ន្តពាក់ព័ន្ធនឹង «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា» «ការជំរុញការទូតសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌» និង “«ជំហររបស់កម្ពុជា លើបញ្ហាការប្រែប្រួលអាកាសធាតុ» ដែលនឹងលើកកម្ពស់បន្ថែមទៀតដល់ចំណេះដឹងជាក់ស្តែង ធ្វើឲ្យស៊ីជម្រៅកម្រិតវិភាគ និងការយល់ដឹងទូលំទូលាយដល់អ្នកការទូតកម្ពុជា ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះការអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាពេលនេះ ដែលជាក្រសួងមួយដែលលោកធ្លាប់បានបម្រើការងារជាតួនាទីជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដំបូងគេនៅកម្ពុជា ក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយលោកតែងតែបានអញ្ជើញចូលរួមក្នុងពិធីបូកសរុបការងាររបស់ក្រសួងការបរទេសជាបន្តបន្ទាប់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងបានយកឱកាសនេះ ដើម្បីផ្តល់នូវបទពិសោធន៍ និងអនុសាសន៍សំខាន់ជូនដល់មន្ត្រីការទូតរបស់កម្ពុជា។
សម្តេចថ្លែងបន្តថាកិច្ចការបរទេស គឺជារឿងដ៏សំខាន់របស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនទៅកាន់ឆាកអន្តរជាតិ។ លោក បានវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើឡើងរយៈពេលពីរថ្ងៃកន្លងមកនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងការអភិវឌ្ឍទៅលើកិច្ចសហប្រតិបត្តិការសំខាន់ៗជាមួយបណ្ដាប្រទេសនានា ក្នុងការពង្រឹង និងកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដើម្បីទទួលបានផលប្រយោជន៍រួមដល់ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន៕