Thursday, March 07, 2019

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចុះសួរសុខទុក្ខនារីជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ (ម២)

នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានមេធាវីស្ម័គ្រចិត្ត​លោកនាយករដ្ឋមន្រ្ដី និងលោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាលជាមួយនារីជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែ (ម២) រាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំគណៈកម្មាធិការ​សិទ្ធិ​មនុស្សកម្ពុជា សមាជិកមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ផងដែរ។
របាយការណ៍បានឱ្យដឹងថា សម្រាប់នារីដែលជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ (ម២) មានចំនួន១០៩៤ ស្ត្រីមានផ្ទៃពោះចំនួន២៦នាក់។ ដោយឡែកប្រភេទជាប់ឃុំស្ត្រីត្រូវចោទចំនួន២១០នាក់, ស្ត្រីជាប់ចោទមានចំនួន១០៣នាក់, ស្ត្រីជាប់ពិរុទ្ធមានចំនួន៥៨២នាក់ និងទណ្ឌិតជាស្ត្រីមានចំនួន៣៣នាក់។

សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្គាប់ឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យលើការលើកលែងទោស ធ្វើយ៉ាងណាសម្រួលដល់ស្រ្តីមួយចំនួន ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារ។ លោកនាយករដ្ឋមន្រ្ដី បានបន្តទៀតថា «មុខសញ្ញា គឺទណ្ឌិតជាស្រ្តី ដែលគប្បីសម្រាលទោស ឬលើកលែងទោស ដោយមិនចាំបាច់រង់ចាំដល់ពេលបុណ្យទានទេ» ៕


No comments:

Post a Comment