Friday, September 20, 2019

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងការ បំភ្លឺតបទៅនឹងទង្វើក្បត់ជាតិ និងការធ្វើរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៊ី

ទស្សនៈមិត្តអ្នកអាន៖ ជារដ្ឋប្រហារ ឬជាសេរីភាពបញ្ចេញមតិ?


ដោយ​សារ​សកម្មភាព​ញុះញង់​របស់​មេឧទ្ទាម​ក្រៅ​ច្បាប់​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​កាន់​តែ​មាន​ភាព​សាហាវ​ និង​ជា​​ពិសេស​​ការ​​ប្រើ​​វោ​ហាសាសន៍ រួម​ជាមួយ​ទឹក​ប្រាក់​បន្តិច​បន្តួច​​​ជា​​ឧបាយ​​កល​​បញ្ជោ​​រ​ប្រជា​ពលរដ្ឋ​​​ឱ្យ​​ទៅ​ស្លាប់​ជំនួស​ខ្លួន ​ក្នុង​​ការ​ចេញ​មុខ​ប្រឆាំង​នឹង​ច្បាប់កាន់​តែ​ឃ្លាត​ចាក​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រ​ជា​ធិ​ប​តេយ្យ​​​​នោះ ក្រុម​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​អាច​សន្និដ្ឋាន​បាន​ថា​ មេឧទ្ទាម​​ក្រៅ​ច្បាប់​រូប​នេះនិង​គូកន​ ​ពិត​ជា​មិន​ហ៊ាន​វិលត្រឡប់​ចូល​ស្រុក​វិញ​យ៉ាង​ពិត​ប្រាកដ​។ អ្វី​ដែ​​ល​​ជា​​ផែន​​ការ​ចុង​ក្រោយ​របស់​ក្រុម​ឧទ្ទាម​រៀប​ចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​នោះ​គឺ​ជាផែន​ការ​ធ្វើ​រដ្ឋប្រហារផ្តួល​រំលំ​រាជរដ្ឋាភិបាល​យ៉ាង​ច្បាស់​ក្រឡែត​​​​ ព្រោះ​ថា​ការ​ប្រើ​សារ​​​អំ​ពាវ​នាវ​ឱ្យ​កង​កម្លាំង​ប្រ​ដាប់​​អា​វុ​ធ​​​រើ​​បម្រះ​​ខ្លួន​ ហើយ​ផ្តាច់​ខ្លួ​ន​មិន​ស្តាប់​បញ្ជា​នោះ​គឺ​ជា​សកម្មភាព​បំបែក​បំបាក់​ជាតិ​រុញ​ច្រាន​ប្រទេស​ឱ្យ​កើត​សង្គ្រាម​ស៊ីវិល​សារ​ជាថ្មី​ទៀត​។​ ការ​អំពាវ​នាវ​ធានា​ត្រៀម​ថវិកា​សម្រាប់​ផ្គត់​ផ្គង់​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ផ្តាច់​ខ្លួន​នេះ​ គឺ​គ្រាន់​តែ​ជា​ចេតនា​បង្កើត​នូវ​សង្គ្រាម​ចិត្តសាស្ត្រ​ញុះញង់​ឱ្យ​កង​ទ័ពភ័ន្ត​ស្មារតី​​ជឿលង់​លើការ​បោក​ប្រាស់​របស់​ពួក​ក្រុម​ឧទ្ទាម​តែប៉ុណ្ណោះ​ ធាតុ​ពិតក្រុម​ឧទ្ទាម​ក្រៅច្បាប់​នេះ​រក​តែ​ថវិកា​​​ដើម្បី​ចិញ្ចឹមជីវិត​​ខ្លួន​ឯង​ដែល​កំពុង​គេច​ខ្លួន​នៅ​​ក្រៅ​​ប្រទេស​​ដោយ​​លំ​បាក​​ផង​ តើ​​មាន​​ថ​វិ​កា​​ឯ​ណា​មក​​ផ្គត់​ផ្គង់​កង​ទ័ពនោះ​? ​​​​​ជាក់​ស្តែង​​ នៅគ្រប់​កម្មវិធី​ជួប​ជុំ​នៅក្រៅ​ប្រទេស​គឺ​តែង​តែ​មាន​ដាក់​ហិប​មូលនិធិ​​សម្រាប់​រៃ​អង្គាស​ប្រាក់​ជានិច្ច​​ ដូច្នេះតើ​នរណា​ទៅ​ជឿ​ទៅ​កើត​ បើ​ធាតុ​ពិត​ខ្លួន​ឯង​កំពុង​នៅ​ផ្ទះ​ខ្ទម​សោះ​ បែរ​ជា​ខំ​ស្រែក​ប្រកាស​ធានា​ថា​នឹង​សង់​ផ្ទះ​វី​ឡា​ឱ្យ​អ្នក​ដទៃ​នៅ​ទៅវិញ​នោះ​?​​
ឧបាយ​កល​ដ៏ពិស​ពុល​ដែល​មេឧទ្ទាម​ក្រៅ​ច្បាប់​កំពុង​ប្រើ​នៅ​ពេល​នេះ​ គឺ​ជា​ការ​ខ្ចី​ដៃ​​​​កម្លាំង​ប្រជា​ពលរដ្ឋ​​​និង​​កម្លាំង​​ប្រដាប់​អាវុធ​មក​​ប្រើ​ប្រាស់​ជាឈ្នាន់​នយោបាយ ​ដើម្បី​​សម្រេច​​មហិច្ឆិតា​ដណ្តើម​អំណាច​​​​របស់​​ខ្លួន​​តាម​បែប​​មិន​​ប្រ​ជា​ធិ​ប​តេ​យ្យ ក្រោយ​ពេល​ដែល​ការ​រត់​ទៅ​ពឹង​បរទេស​ដែល​ជា​ចៅ​ហ្វាយ​​ឱ្យ​ជួយ​លែង​បាន​​​ ចំណែក​ខ្លួន​ឯង​និង​គូកន​ គឺ​នៅ​​តែ​​គេច​យក​រួច​ខ្លួន​នៅក្រៅ​ប្រទេស​ដដែល​។​ ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​យល់ដឹង​​ថា​​ក្រុម​ឧទ្ទាម និង​មេក្លោង​​ដែល​បាន​​​រៀប​ចំ​គម្រោង ​ឬ​ផែន​ការចង់​ផ្តួល​​រំលំ​រាជ​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត គឺ​ជាការ​ផ្លាស់​ប្តូរ​របប​ផ្ទុយពី​គន្លង​​លទ្ធិ​ប្រជា​ធិ​ប​​តេយ្យ​​ និង​​ជា​អំពើ​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​​ដោយ​ខុស​ច្បាប់​ ហើយ​ជន​ណា​ក៏​ដោយដែល​ចូល​រួម​ធ្វើ​សកម្មភាព​ជាមួយ​ក្រុម​ឧទ្ទាមខុស​ច្បាប់​ទាំង​នោះ ​ក៏​នឹង​ត្រូវ​ចាប់​ខ្លួនដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​​យក​មក​ផ្ទន្ទាទោស​​​​​ផង​ដែរ​។​
ប្រជាជន​កម្ពុជាភាគ​ច្រើន​​ ធ្លាប់​​បាន​​ឆ្លង​​កាត់​​នូវ​​ប្រវត្តិ​សាស្ត្រ​ដ៏ជូរចត់​នៃ​ការ​ញុះ​ញង់​ឱ្យ​មាន​អំពើ​រដ្ឋ​ប្រហារ​​​​ក្នុង​​ទស្សវត្ស​ឆ្នាំ​៧០​រួច​មក​ហើយ​។​ វិនាសកម្មនៃ​សង្គ្រាម​​​ស៊ី​​វិល​​ដ៏​​រ៉ាំ​រ៉ៃ​​អស់​​រយៈ​ពេ​ល​​ជាង២​ទស្សវត្ស​កន្លង​មក​ គឺ​ជា​លទ្ធផលនៃការ​ធ្វើរដ្ឋ​ប្រហារដោយ​ខុស​ច្បាប់​​​ដែល​​​​បាន​​បន្សល់​​ទុក​​នូវ​ការ​ស្លាប់​ ​វិនាស​​​ព្រាត់​​​ប្រាស​​​​ និង​ភាព​ខ្ទេច​ខ្ទាំ​ខឿន​សេដ្ឋកិច្ច​ជាតិ​ទាំង​ស្រុង​។​ ដូច្នេះ​ សូម​បងប្អូន​ប្រជា​ពលរដ្ឋ​​កុំ​​ជឿ​​តាម​​ការ​​ញុះ​​ញង់​​អូស​​ទាញ​​របស់​​ក្រុ​ម​​ឧ​ទ្ទា​ម​​ក្រៅ​​ច្បាប់​​ ដែ​ល​​ច​ង់​​យក​​បង​​ប្អូន​​ធ្វើ​​ជា​ខែល​​ការ​ពារ​​ពួក​​គេ​​ពី​​ចំ​ណាត់​​ការ​​ផ្លូវ​​ច្បា​ប់​​​​របស់​សមត្ថកិច្ច​ឱ្យ​សោះ​។​
តាម​ពិត​ ការ​កំណត់​ថ្ងៃ​វិល​ត្រឡប់​មក​កម្ពុជា​នេះ​ មិន​មែន​ជា​គំនិត​ផ្ទាល់​របស់​មេឧទ្ទាម​នោះ​ទេ​ ប៉ុន្តែ​​វា​​ជា​គំនិត​របស់​បរិវា​រ​ដែល​ចង់​ឱ្យ​មេ​ឧទ្ទាម​មក​ជាប់​គុគ​ និង​ស្លាប់​ក្នុង​គុគតែ​ម្តង​​ ដើម្បី​ពួក​គេ​បាន​ដោះ​​ដៃ​​ចេញ​ពី​​គំនាប​​ផ្លូវ​ចិត្ត​នៃ​មេឧទ្ទាម​នេះ​ ដែល​តែង​តែ​រុញ​កូន​ចៅ​ឱ្យ​មក​ស្លាប់​ជំនួស​ខ្លួន​ជានិច្ច​។ ម្យ៉ាង​​ទៀត​តាម​​ប្រភព​​ដែល​​នៅ​​ជា​មួយ​​មេឧទ្ទាម​​បាន​ប្រាប់​ថា​ មេឧទ្ទាម​​ក្រៅ​ច្បាប់​​​​​អាច​វិល​​ត្រឡ​ប់​​មក​កម្ពុជា​​​វិញ​​​នៅ​​ថ្ងៃ​​ទី​​៩​ ខែ​វិច្ឆិកាមែន​នោះ​​​ ល្គិក​​ណា​​តែ​​ការ​ញុះ​ញង់​អូស​ទាញ​កម្លាំង​ឱ្យ​មក​ប្រមូល​ផ្តុំ​មាន​ចំនួន​​​ច្រើន​ ប៉ុន្តែ​បើ​គ្មាន​អ្នក​មក​ប្រមូល​ផ្តុំ​ទេ​នោះ​គឺ​នឹង​មិន​មក​តាម​ការ​សន្យា​ដូច​ពេល​មុនៗ ជាក់ជា​មិន​​​ខា​ន​​​​។​​
ជារួម​ អំពើ​ញុះ​ញង់​ប្រមូល​ផ្តុំ​មនុស្ស​​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​​ដែល​បាន​និង​កំពុង​ធ្វើ​នាពេល​នេះ​គឺ​ពិត​ជា​គម្រោង​ដែល​មា​ន​ផែន​​ការ​​យ៉ាង​​ច្បាស់​​ក្រឡែត ​​​ក្នុង​​កា​រ​ត្រៀម​​ធ្វើ​​រដ្ឋ​​ប្រ​ហារ​​ផ្តួល​​រំលំ​​រា​ជ​​រដ្ឋា​ភិ​បា​ល​ ​កើត​​ឡើង​​ពី​ការ​​បោះ​​ឆ្នោត​​​​ ដែល​សកម្មភាព​នេះ​​មិន​​មែន​​ជា​សេ​រី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ ឬ​ជាការ​ផ្លាស់​ប្តូរ​រដ្ឋ​អំណាច​ស្រប​តាម​គោលការណ៍​​លទ្ធិប្រជាធិបតេយ្យ​នោះ​ឡើយ​ ប៉ុន្តែ​ច្បាស់​ណាស់​ វា​ជា​រដ្ឋ​ប្រ​ហារ​ទៅវិញ​ទេ​ ដែល​ច្បាប់​មិនអាច​អត់​ឱន​ឱ្យ​បាន​ជាដាច់​ខាត​។ មួយវិញ​ទៀត​ ជន​ទាំង​ឡាយ​ណា​ដែល​ចូល​រួម​ទទួល​ផែន​ការ​ពី​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដើម្បី​ត្រៀម​ និង​កំពុង​អនុវត្ត​នូវ​ផែន​ការ​ដ៏​ខ្មៅ​កខ្វក់​នេះ​ នឹង​ត្រូវ​ច្បាប់​ចាត់​បញ្ចូល​ថា​ជា​អ្នក​ចូល​រួម​គំនិត​ក្បត់​ក្នុង​ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ ​ផ្តួល​រំលំ​រាជ​រដ្ឋា​ភិ​បាល​​ដូច​​គ្នា​ ហើយ​ដែល​នឹង​ត្រូវ​មាន​ទោស​ដោយ​មិន​អាច​លើក​លែង​បាន​ឡើយ។​ ទោះ​ជាយ៉ាង​ណា​ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា​ ប្រជាពលរដ្ឋបច្ចុប្បន្ន​បាន​និង​កំពុងរស់​នៅ​ប្រកប​ដោយ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ​ ពួក​គាត់​នឹង​មិន​ចង់​ឃើញ​ប្រទេស​ជាតិ​យើង​ធ្លាក់​ទៅ​ក្នុង​ភ្លើង​សង្គ្រាម​​ដូច​​ពី​​អ​តីត​​កាល​​នោះ​​ឡើយ​​ ដូច្នេះ​ពួកគាត់​នឹង​មិន​ជឿ​តាម​ការ​អូស​ទាញ​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​​​​​​​បំផ្លាញ​នូវ​ភាព​សុខដុម​រមនា​ បំផ្លាញ​ការអភិវឌ្ឍ​ និង​បំផ្លាញ​សុខ​សន្តិភាព​ដែល​រក​បាន​ដោយ​លំបាក​ដូច​ពេល​បច្ចុប្បន្ននេះ​ឡើយ​៕​
ដោយ​៖ សួន ចំរើន



ត្រូវអនុវត្តប្រាំចំណុច ប្រសិនបើ ប៉ាទ្រីក ម័រហ្វី ចង់បានទំនាក់ទំនងល្អឡើងវិញរវាងអាមេរិក និងកម្ពុជា


ការទើបមកដល់របស់លោក ប៉ាទ្រីក ម័រហ្វី ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បាននិងកំពុងក្លាយជាចំណុចនៃការចាប់អារម្មណ៍បំផុតរបស់មហាជនទូទៅ អាស្រ័យដោយកន្លងមក ពិសេសចាប់តាំងពីឆ្នាំ២០១៣មក ទំនាក់ទំនងការទូតរវាងអាមេរិក និងកម្ពុជា មិនបានល្អប្រសើរទាល់តែសោះ។ ភាពល្អក់កករនិងតានតឹងត្រូវបាន​បង្កើតឡើងដោយសារការលូកដៃរបស់មន្រ្តីទូតអាមេរិក ពិសេស ពីក្រសួងការបរទេសអាមេរិកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាចំហរ ដែលបានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិខ្លះបានលើកឡើងថា តើអាមេរិកពិតជាម៉ែឪរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមាន សម រង្ស៊ី ជាមេខ្លោងឬ? តើអាមេរិក ពិតជានៅពីក្រោយខ្នងនៃផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា?
ជាការពិត ប្រទេសកម្ពុជាអនុវត្តនយោបាយសន្តិសហវិជ្ជមាន ក្នុងអព្យាក្រិត្យភាពជាអចិន្រ្តៃយ៍មិនចូលបក្សសម្ព័ន្ធយោធាជាមួយបរទេសណាឡើយ។ ប្រវត្តិសាស្រ្តាអតីតកាល ពិតជាបានបង្រៀនប្រទេស និងប្រជាជនកម្ពុជាអំពីការឈឺចាប់ មហន្តរាយ និងការបំផ្លាញខ្ទេចខ្ទីស្ទើរទាំងស្រុងនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងធនធានមនុស្សស្ទើគ្មានសល់។ល។ ដែលបានបង្កើតឡើងដោយសារអំពើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដូររបបរាជានិយម កំទេចស្ថាប័នរាជបល្ល័ង ដោយភាពល្ងង់ខ្លៅបំផុត និងដ៏មហាសោកស្តាយ ហើយដែលការបំផ្លាញទាំងនោះក៏បានបង្កើតឡើងដោយសារមានការជាប់ពាក់ព័ន្ធនឹងបរទេសជាមហាអំណាចតែម្តង។
វាប្រាកដណាស់ ប្រជាជនកម្ពុជា ពិតជាបានរីករាយសាទរបំផុតចំពោះការអញ្ជើញមកដល់នៃលោកឯក​អគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិក គឺលោក ប៉ាទ្រីក ម័រហ្វី មន្ត្រីការទូតប្រកបដោយបទពិសោធន៍ក្នុងកិច្ចការតំបន់អាស៊ីអាគ្នេយ៍នេះ ហើយប្រជាជនកម្ពុជាក៏បានសង្ឃឹមផងដែរថា លោក ម័រហ្វី នឹងបំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ ក្នុងការស្តារទំនាក់ទំនងខាងការទូតរវាងអាមេរិក និងកម្ពុជាឱ្យបានល្អប្រសើរឡើង ទាំងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការលើផ្នែកជាច្រើនទៀត។ល។នាពេលខាងមុខនេះ។ ក៏ប៉ុន្តែ សម្រាប់ប្រជាជនកម្ពុជាអាចនឹងមានសុទិដ្ឋិនិយមច្រើន ប្រសើនបើសហរដ្ឋអាមេរិក ពិតជាមានសុឆន្ទៈក្នុងការស្តារទំនាក់ទំនងល្អរវាងអាមេរិក និងកម្ពុជា ឱ្យបានល្អប្រសើរឡើងវិញប្រាកដមែននោះ គឺលោក ម័រហ្វី គួរគប្បីត្រូវបំពេញឱ្យបានដាច់ខាតនូវកិច្ចការប្រាំយ៉ាង ដើម្បីជៀសវាងការវិលត្រឡប់មកវិញ នូវស្រមោលអតីតកាល ដ៏ល្វីងជូរចត់រវាងកម្ពុជា និងអាមេរិក។ កិច្ចការទាំងប្រាំយ៉ាងនោះរួមមាន៖
ទី១៖ ប្រជាជនកម្ពុជាសង្ឃឹមថា លោក ម័រហ្វី នឹងមិនត្រូវធ្វើបូរេវិនិច្ឆ័យចំពោះស្ថានការណ៍នៅកម្ពុជាឡើយ ក្នុងអ្វីដែលបាននិងកំពុងកើតឡើងក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ជាការពិត ក្នុងបរិបទបនេះ មជ្ឈដ្ឋានជាតិ និងអន្តរជាតិភាគច្រើនលើសលុប ពិតជាបានសាទរបំផុត និងដោយមោទនភាពចំពោះសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ក្នុងន័យនេះ ប្រជាជនកម្ពុជាមានសង្ឃឹមថា អាមេរិក ដែលមានលោក ម័រហ្វី ជាប្រមុខការទូតប្រចាំនៅកម្ពុជានឹងមិនធ្វើបូរេវិនច្ឆ័យចំពោះស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច និងដំណើការក្នុងការអនុវត្តលទិ្ធប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងប្រទេសកម្ពុជា ដែលនឹងនាំឱ្យមានការបកស្រាយខុស យល់ដឹងមិនត្រូវ ហើយដែលនឹងអាចបង្កើតឱ្យមានភាពល្អក់កករក្នុងកិច្ចប្រឹងប្រែងស្តារទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកឱ្យបានល្អប្រសើរឡើងវិញ ដើម្បីជាផលប្រយោជន៍នៃប្រទេសទាំងពីរយូរអង្វែង។ ជាការពិត ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ សន្តិភាព និងការអភិវឌ្ឍ គឺជាអាយុជីវិតរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានខ្នះខ្នែងជ្រោងទង់សន្តិភាព ដែលជាបូរេលក្ខខណ្ឌចាំបាច់បំផុត ដើម្បីធានាការកសាងសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនលូតលាស់ មានវឌ្ឍនភាព វិបុលភាព និងថ្កុំថ្កើងរុងរឿង ភ្លឺស្វាង។ រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់ និងអនុវត្តដោយឥតងាករេតាមមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ដោយឈរលើការពង្រឹង និងការអនុវត្តនីតិរដ្ឋជាសំខាន់ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់សង្គមដ៏ល្អសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។ ហើយលើទស្សនៈវិស័យនេះ ប្រជាជនកម្ពុជាក៏សង្ឃឹមថា លោក ម័រហ្វី ពិតជាបានយល់ដឹងលើមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ប្រជាធិបតេយ្យមួយនឹងចាក់គ្រឹះបានរឹងមាំ អាស្រ័យលើការពង្រឹង និងការអនុវត្តនីតិរដ្ឋមួយយ៉ាងហ្មត់ចត់បំផុត។ ប្រជាធិបតេយ្យមួយដែលនឹងមានភាពស៊ីសង្វាក់ និងមានសុខដុមរមនីយកម្មជាមួយវប្បធម៌នយោបាយ សង្គម សេដ្ឋកិច្ច និងប្រពៃ​ណី​នៃប្រជាជនកម្ពុជា។
ទី២៖ អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិកបានប្រែក្លាយទៅជារឿងដ៏ល្អក់កករ ហើយកាន់តែតានតឹងឡើង ដោយសារតែឥរិយាបទ និងទង្វើរបស់ប្រមុខការទូតពីររូបរបស់អាមេរិកចុងក្រោយនេះ គឺ វីលាម ថូដ និង វីលាម ហេគ តែម្តង ដែលបានបរាជ័យក្នុងការកសាង និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបានល្អប្រសើរឡើងវិញ។ ដូច្នេះ ប្រជាជនកម្ពុជាទំនងជានឹងមានសុទិដ្ឋិនិយមច្រើនចំពោះបេសកកម្មការទូតរបស់លោក ម័រហ្វី ដែលជាអ្នកការទូតប្រកបដោយបទពិសោធន៍ក្នុងកិច្ចការតំបន់អាស៊ីអាគ្នេយ៍ ជាងនេះទៅទៀត លោកប្រហែលបានយល់ដឹងច្បាស់អំពីកម្ពុជា ពិសេស បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។ រឿងអតីតកាល គួរគប្បីត្រូវបានបំភ្លេចចោល គឺបំភ្លេចចោលនូវរឿងដែលនាំឱ្យមានការឈឺចាប់ និងល្វីងជូរចត់សម្រាប់​ប្រជាជនកម្ពុជាតែម្តង។ ដូច្នេះ ប្រជាជនកម្ពុជាសង្ឃឹមថា លោក ម័រហ្វី ប្រហែលនឹងដើរតាមលំនាំនៃអតីតឯក​អគ្គ​រដ្ឋទូតអាមេរិកមុនៗនោះទេ ពិសេស យើងមិនចង់ឃើញអ្វីដែលបានកើតមានឡើងក្នុងអំឡុងឆ្នាំ២០១៣នោះឡើយ។
ទី៣៖ ប្រជាជនកម្ពុជាក៏មានសង្ឃឹមផងដែរថា ទំនាក់ទំនងរវាងប្រទេសទាំងពីរអាចនឹងត្រូវបានស្តារឡើងឡើងវិញឱ្យបានល្អប្រសើរ ប្រសិនបើប្រទេសទាំងពីរមានសុឆន្ទៈគោរពអធិបតេយ្យជាតិរបស់ផងគ្នាទៅវិញទៅមក ដោយស្មើសិទ្ធិ និងស្មើមុខលើឆាកអន្តរជាតិ។ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវឈើរលើគោលការណ៍គោរពច្បាប់អន្តរជាតិ និងច្បាប់ជាតិ ដោយមិនត្រូវរំលោភអធិបតេយ្យជាតិនៃរដ្ឋមួយ និងមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដូចដែលខ្លួនធ្លាប់ជ្រៀតជ្រែកក្នុងទសវត្យឆ្នាំ១៩៧០ ដែលបានទាញទំលាក់រាជរដ្ឋាភិបាលរបស់អតីតព្រះនរោត្តម សីហនុ ដោយអំពើរដ្ឋប្រហារ និងការដូររបបនយោបាយដឹកនាំមួយដ៏ឈឺចាប់បំផុត។
ទី៤៖ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាជ្រោងទង់សន្តិភាព និងការអភិវឌ្ឍេសេដ្ឋកិច្ចជាតិ ព្រមជាមួយនឹងការពង្រឹង និងការអនុវត្តនីតិរដ្ឋ ដើម្បីធានា សង្គមកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងសណ្តាប់សង្គម។ ក្នុងន័យនេះ ប្រជា​ជនកម្ពុជាសង្ឃឹមថា មន្រ្តីទូតអាមេរិក នឹងមិនតាំងខ្លួនជាម៉ែឪ ឬ ឆ្អឹងខ្នងបង្អែករបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដើម្បីធ្វើសកម្មភាពទាំងឡាយ ដែលនឹងនាំឆ្ពោះទៅរកការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ រដ្ឋប្រហាររដ្ឋធម្មនុញ្ញ និងដូររបបដឹកនាំនៅកម្ពុជានោះឡើយ។
ទី៥៖ ប្រជាជនកម្ពុជាក៏សង្ឃឹមផងដែរថា មន្រ្តីស្ថានទូតអាមេរិកនឹងមិនធ្វើជាបញ្ជាការរដ្ឋានចេញបញ្ជររាល់សកម្មភាពទៅក្រុមឧទ្ទាម ដែលនឹងបង្កើតឱ្យមានស្ថានភាពមិនល្អក្នុងការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ពីព្រោះ រាល់បញ្ហាទាំងអស់គួរគប្បីត្រូវបានដោះស្រាយតាមទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដោយឈរលើការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ពិសេស គោរពគោលការណ៍មិនរំលោភអធិបតេយ្យជាតិនៃរដ្ឋ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ជារួម ប្រជាជនកម្ពុជាទាំងមូល ពិតជាសុទិដ្ឋិនិយមបំផុត ចំពោះបេសកកម្មការទូតរបស់លោក ម័រហ្វី ក្នុងកាលៈទេសៈមួយដ៏តានតឹងក្នុងទំនាក់ទំនងការទូត និងជាពិសេស ការប៉ុនប៉ងម្តងហើយម្តងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលបាននិងកំពុងអនុវត្តនូវផែនការធ្វើរដ្ឋប្រហារទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ ដែលជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ តាមកម្លាំងប្រដាប់អាវុធ និងកម្លាំងមហាជនដោយខុសច្បាប់ (People Power) ដើម្បីផ្លាស់ប្តូររបបដឹកនាំ ដែលនាំឆ្ពោះទៅរលាយចោលនូវស្ថាប័នរាជបល្ល័ង របបរាជនិយមដ៏គួរឱ្យព្រួយបារម្ភជាទីបំផុត។ ហើយប្រជាជនកម្ពុជាពិតជាមានបំណងប្រាថ្នាចង់បានទំនាក់ទំនងការទូតល្អប្រសើរ និងសហប្រតិបត្តិការលើគ្រប់វិស័យដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដោយស្មើមុខ និងស្មើសិទ្ធិ និងគោរពអធិបតេយ្យផងគ្នាទៅវិញទៅមក ដោយមិនត្រូវបណ្តោយកម្ពុជាឱ្យធ្លាក់ចូលក្នុងជម្លោះខាងផលប្រយោជន៍ភូមិសាស្រ្តនយោបាយ និងសង្រ្គាមស៊ីវិលដូចទសវត្យឆ្នាំ១៩៧០ទៀតឡើយ៕
ដោយ ឡុង បូរិតា




វីដេអូ៖ ទណ្ឌិត សម រង្ស៊ី បន្តព្រហើនប្រមាថព្រះមហាក្សត្រនៅលើ Facebook ខណៈតុលាការបង្គាប់ឱ្យចាប់ខ្លួន

ខេត្តស្វាយរៀង ធ្វើការបំភ្លឺចំពោះគណនីហ្វេសប៊ុកឈ្មោះ Saphea Kong ដែលបានបង្ហោះផ្សាយពត៌មានមិនពិត

ស្វាយរៀង ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ខេត្តស្វាយរៀង បានធ្វើការបំភ្លឺចំពោះគណនីហ្វេសប៊ុកឈ្មោះ Saphea Kong ដែលបានបង្ហោះផ្សាយពត៌មានមិនពិតមកផុស ។
រដ្ឋបាលខេត្តស្វាយរៀងបានឱ្យដឹងថា លោក គង់ សាភា គឺជាក្រុមបក្សពួក សម រង្ស៊ី បានយកពត៌មានមិនពិតមកផុស គឺរូបភាពផ្លូវតាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ មកម្លេះ ដែលផ្លូវនេះស្ថិតនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។មកដល់បច្ចុប្បន្នឆ្នាំ២០១៩ នេះផ្លូវមួយខ្សែនេះត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងបានជួសជុលសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរស្រួលហើយ ដូចរូបដែលបានបង្ហាញនៅខាងក្រោមនេះ។

រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថាលោក គង់ សាភា រត់ចោលស្រុកយូពេកបានជាមិនដឹងថាស្រុកទេសមានការអភិវឌ្ឍ ដល់ណា។ អាស្រ័យហេតុនេះសូមសាធារណៈជនកុំមានការយល់ច្រឡំ៕




ក្រសួងយុត្តិធម៌ប្រកាសថា ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី គឺជាការធ្វើ «រដ្ឋប្រហារ»

នៅទីបំផុតក្រសួងយុត្តិធម៌ បានចេញប្រកាសជាផ្លូវការមួយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ផែនការវិលចូលប្រទេសរបស់ ទណ្ឌិត សម រង្ស៊ី ដែលអំពាវឱ្យកងទ័ពបំបែកខ្លួននោះគឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។
យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី២០ ខែកញ្ញា បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះមានមនុស្សមួយក្រុម ក្នុងនាមជាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាអង្គការខុសច្បាប់បានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទងទៅនឹងអ្វីដែលគេហៅថា ផែនការនៃការវិលត្រឡប់មកកម្ពុជារបស់ទណ្ឌិត សម រង្ស៊ី។
ក្រសួងយុត្តិធម៌បានអះអាងថា «ក្រសួងយុត្តិធម៌ បានពិនិត្យតាមដាន និងសិក្សាដោយយកចិត្តទុកដាក់ចំពោះករណីខាងលើនេះ និងបានពិនិត្យឃើញថា ផែនការទាំងមូលនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្សី ខាងលើ ពុំមែនជារឿងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ មនុស្សនោះទេ ប៉ុន្តែគឺជាផែនការធ្វើរដ្ឋប្រហារ តាមរយៈការប្រើប្រាស់វិធីញុះញង់អុជអាលបំផុសបំផុល និងការប្រើឧបាយកលបោកបញ្ឆោត ដើម្បីអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តដោយហិង្សា ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពជុំវិញផែនការខាងលើនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ»។
យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ពិនិត្យឃើញថា៖
ទី១៖ ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាគឺជាបទឧក្រិដ្ឋកម្ម ធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម «បទល្មើសឧបឃាត» តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្ម ទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ «បទល្មើសឧបឃាត»នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។
ទី២៖ ចំពោះរាល់បុគ្គលទាំងឡាយដែលចូលរួមនៅក្នុងគម្រោងការនេះ ត្រូវជាប់ទោសពី «បទល្មើសរួមគំនិតក្បត់» ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមទម្ងន់ដាក់ពន្ធនាគារពី ១០ទៅ២០ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។ ដោយឡែក ចំពោះបុគ្គលណាដែលបានចូលរួម ក្នុងអំពើរួមគំនិតក្បត់ខាងលើ ហើយបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងសហការបង្ក្រាបបទល្មើសនេះ នឹងត្រូវទទួលបានការលើកលែងឲ្យរួចផុតពីការទទួលទោស ដោយអនុលោមតាមបញ្ញត្តិមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ទី៣៖ ការប្រើរចនាសម្ព័ន្ធនៃអតីតគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ ដែលគណបក្សនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលដោយសាលដីកាស្ថាពរលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចូលរួមអនុវត្តផែនការខាងលើ គឺជាទង្វើប្រឆាំងនឹងសាលដីការបស់តុលាការកំពូលផងខុសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយផង និងខុសទៅនឹងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាផង។
ទី៤៖ ផែនការនៃការប្រឆាំងនឹងសន្តិសុខរបស់ប្រទេស ជាតិខាងលើ មិនត្រឹមតែខុសទៅនឹងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចខុសផងដែរទៅនឹងច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម អាស្រ័យទៅតាមករណីប្រព្រឹត្តជាក់ស្តែងនីមួយៗ។
ផ្អែកលើមូលដ្ឋានផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាខាងលើ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានស្នើសុំដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យចាត់វិធាន ការឲ្យបានម៉ឺងម៉ាត់បំផុត និងតឹងរឹងបំផុតចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខនៃរដ្ឋខាងលើ ដើម្បីធានាការពារ និងថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងវិបុលភាពរបស់ប្រទេសជាតិ ព្រមទាំងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។
ក្រសួងយុត្តិធម៌ ក៏អំពាវនាវជូនដល់ជនរួមជាតិ កុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ឧក្រិដ្ឋជន ដែលអាចនាំឲ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវមានទោសធ្ងន់ធ្ងរតាមច្បាប់ និងសូមចូលរួមប្រឆាំងឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិខាងលើនេះ ដោយសហការរាយការណ៍អំពីផែនការក្បត់ខាងលើ និងមុខសញ្ញាពាក់ព័ន្ធ ជូនទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីឈានទៅចាត់វិធានការច្បាប់ឲ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី កាលពីពេលថ្មីៗនេះបានប្រកាសផ្តល់ថវិកាដល់កងកម្លាំងប្រដាប់អាវុធដែលផ្ដាច់ខ្លួនពីរដ្ឋាភិបាល ហើយទៅចុះចូលជាមួយលោក។ ទន្ទឹមនឹងនេះ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមដែលកំពុងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា នៅតែបន្តប្រមាថដល់អង្គព្រះមហាក្សត្រ ជាទៅសក្ការៈដ៏ខ្ពង់ខ្ពស់បន្តទៀត ដោយហាក់មិនមានភាពរាងចាលនោះទេ ទោះបីជាសំណុំរឿងបែបនេះ ធ្លាប់ត្រូវបានតុលាការកាត់ទោស ហើយបង្គាប់ឱ្យចាប់ខ្លួនយ៉ាងណាក៏ដោយ។

រហូតមកដល់ពេលនេះ ទណ្ឌិត សម រង្ស៉ី កំពុងមានសំណុំរឿងនៅតុលាការ ចំនួន១៤ករណី ដែលក្នុងនោះមានទាំងបណ្ដឹងប្រមាថព្រះមហាក្សត្រ និងបណ្ដឹងរបស់ថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមសំណុំរឿងទាំង១៤របស់លោក សម រង្ស៉ី មានចំនួន៦ សំណុំរឿងហើយ ដែលសាលក្រមបានចូលជាស្ថាពរផងដែរ៕


ទស្សនៈមិត្តអ្នកអាន៖ អ្នកសមគំនិតនិងមេរដ្ឋប្រហារ នឹងត្រូវផ្តន្ទារទោសតាមច្បាប់

ថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សមួយចំនួន ពាក់ព័ន្ធនឹងការទៅទទួលយកផែនការរដ្ឋប្រហាររបស់ សម រង្ស៊ី មេចលនាឧទ្ទាមប្រឆាំងក្រៅច្បាប់ មកអនុវត្តនៅកម្ពុជា។ បញ្ហា​នេះត្រូវបានគេចោទថា រាជរដ្ឋាភិបាលមានការរឹតត្បិតសិទ្ធិសេរីភាពធ្វើនយោបាយរបស់ប្រជាពលរដ្ឋ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល​របស់​ព្រះរាជាណាចក្រកម្ពុជា។

ពិតមែនហើយ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូបត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែការទៅទទួលយកផែន​​ការ​​របស់ទណ្ឌិត សម រង្ស៊ី ក្បត់​ជាតិ​ ដែលបាននិងកំពុងធ្វើសកម្មភាពញុះញង់ទឹកចិត្តកងទ័ព បំផុសបំផុលឲ្យ​ប្រជាពល​រដ្ឋបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ពីក្រៅប្រទេស ជាទង្វើបំពានច្បាប់។ បំពានច្បាប់ គឺបង្ក​ភាពវឹកវរដល់​សង្គម ​បង្កអស្ថិរភាពនយោបាយ ធ្វើ​ឲ្យមានការ​បែក​បាក់​ជាតិ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ផ្ទុយ​ទៅ​វិញ ​ការលើកឡើងថា រាជរដ្ឋាភិបាលរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ គឺគ្រាន់តែជាលេសដើម្បីបិទបាំងទង្វើក្បត់ជាតិរបស់ក្រុមខ្លួនតែប៉ុណ្ណោះ។
គួរដឹងថា ផែនការដែលដាក់ចេញដោយ សម រង្ស៊ី គឺជាផែនការក្បត់ជាតិ ហើយអ្នកដែលសមគំនិតជាមួយជននេះ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។ អ្នកសមគំនិតជាមួយ សម រង្ស៊ី ប៉ុនប៉ងផ្តួល​រំលំ​រាជរដ្ឋាភិបាលកម្ពុជា គឺជាការធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ហើយ​ក៏​ជា​ការ​ក្បត់ឆន្ទៈ​ប្រជាពលរដ្ឋកម្ពុជាចំនួន ៨៣.០២% ដែលបានចេញទៅបោះឆ្នោត។
គួរបញ្ជាក់​ថា ចលនាឧទ្ទាមក្រៅច្បាប់ដឹកនាំដោយ សម រង្ស៊ី និងគូកន ត្រូវបានធ្វើឡើងនៅក្នុងទឹកដីប្រ​ទេសមហាអំណាចមួយដែលមានអង្គការចាត់តាំងជាប្រព័ន្ធ និងមានរចនាសម្ព័ន្ធនៅក្រៅស្រុក និងក្នុងស្រុក។ ចលនាឧទ្ទាមប្រឆាំងក្រៅច្បាប់នេះ បានធ្វើសកម្មភាពញុះញង់ឲ្យមានអំពើបះបោរ ប៉ុនប៉ងផ្តួលរំលំ​រដ្ឋា​​ភិបាល​ស្រប​ច្បាប់ ពិសេសការកៀរគរកម្លាំងពីក្រៅស្រុក និងក្នុងស្រុកឲ្យចូលទៅចាប់នាយករដ្ឋមន្ត្រីក្នុងមុខតំណែងដែល​​ជ្រើសតាំងដោយប្រជាជនកម្ពុជាជាម្ចាស់ជោគវាសនារបស់ប្រទេសជាតិ។ តើវាត្រឹមត្រូវដែរឬទេ ដែល​ជនទាំង​អស់នោះ​ធ្វើសកម្មភាពក្រៅច្បាប់ ធ្វើសកម្មភាពតាមការបញ្ជាពីក្រៅប្រទេស ដែលមានរចនាសម្ព័ន្ធ អង្គការ​ចាត់តាំងត្រឹម​ត្រូវ ​ដែល​គេ​អាច​និយាយ​បាន​ថា ជា​បណ្តាញ​ភេរវជនដឹកនាំ​ដោយ​ សម រង្ស៊ី?
ជាការ​ពិត​ រាជរដ្ឋាភិបាលមានកាតព្វកិច្ចស្របច្បាប់ អនុវត្តវិធានការ​ច្បាប់​យ៉ាង​ម៉ឹងម៉ាត់​បំផុតទោះក្នុង​តម្លៃ​ណា​ក៏ដោយ​​ ដើម្បី​ទប់​ស្កាត់​​រាល់អំពើទាំងឡាយណាដែលនាំឆ្ពោះទៅរកការផ្តួលរំលំរាជរដ្ឋាភិបាល គឺជាការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលខុសពីគោល​ការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ជនទាំងឡាយណាដែលចូលរួមនៅក្នុងសកម្មភាពញុះញង់ បំបះបំបោរ អុជ​អាល នៅក្នុងអំពើរដ្ឋប្រហារប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ប៉ុនប៉ងចាប់នាយករដ្ឋមន្ត្រី ជនទាំងនោះ គឺត្រូវតែផ្តន្ទារទោស​តាម​ច្បាប់​ជាដាច់ខាត់។
ប្រជាជាតិកម្ពុជា ធ្លាប់មានប្រវត្តិជូរចត់​ជួប​គ្រោះ​មហន្តរាយកាល​ពី​ឆ្នាំ​១៩៧០ ដែល​ពួក​សាធារណរដ្ឋ​និយមដែលមាន​​​ប្រទេស​មហាអំណាច​មួយ​នៅ​ពីក្រោយ ​បាន​ធ្វើ​រដ្ឋ​ប្រហារផ្តួលរំលំ​​របប​រាជានិយម​ទី​១។ លទ្ធផល​នៃការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​របប​ដែល​ដឹកនាំ​ដោយ​អតីតព្រះមហាក្សត្រ​សម្តេច​ព្រះនរោត្តម សីហនុ បាន​ធ្វើ​ឲ្យ​ប្រជាជន និង​ប្រ​ទេស​​កម្ពុជា​ទាំង​មូល ​ទទួល​រង​នូវ​គ្រោះ​មហន្តរាយ​ទាំង​ស្រុង គឺ​ខ្ទេច​ខ្ទី​អស់​ហេដ្ឋារចនា​សម្ព័ន្ធ​សង្គម សេដ្ឋកិច្ច មនុស្ស​​រាប់​លាននាក់​បាន​ស្លាប់ និង​ព្រាត់​ប្រាស់​គ្រួសារ​។
ឆ្លង​តាម​បទ​ពិសោធន៍ដ៏ឈឺ​ចុកចាប់​នេះ​ ​ប្រជាពលរដ្ឋ​ខ្មែរនឹង​មិន​លុះចូល​រួម​ក្នុង​សកម្ម​ភាព​ដ៏ល្ងង់​ខ្លៅដឹកនាំ​ដោយ​ សម រង្ស៊ី ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហាររបប​រាជានិយម​ទី​២នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ ពោល​គឺ​ប្រជាជនកម្ពុជា​បច្ចុប្បន្ន​​ចេះ​ស្រឡាញ់​ជីវិត​ខ្លួន​ឯង ចង់​បាន​កា​រអភិវឌ្ឍ និង​យក​ចិត្ត​ទុក​ដាក់​នឹង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែល​កំពុង​​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ពួក​គេ​មាន​មោទកភាព​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ ពី​ព្រោះ​ប្រជាជន​កម្ពុជា​បច្ចុប្បន្នមានការ​ចេះ​ដឹង​ច្រើន សិស្សនិស្សិត​ បញ្ញាវ័ន្ត បច្ចុប្បន្នទទួល​បាន​ការ​សិក្សា​អប់រំ​រៀន​សូត្រ​ច្រើន​ពី​ប្រវត្តិ​​អតីតកាល​អំឡុង​ទស្សវត្សរ៍ឆ្នាំ​១៩៧០​ ដែលបានទាញទម្លាក់កម្ពុជាឲ្យ​ធ្លាក់​​ក្នុងគ្រោះមហន្តរាយជាងពីរទស្សវត្សរ៍។ បច្ចុប្បន្ន ជាយុគសម័យថ្មី សម័យសន្តិភាព ប្រជាជនកម្ពុជាទូទាំងប្រ​ទេស​នាំគ្នាជ្រោងទង់សន្តិភាព ដើម្បីបន្តការគាំទ្រការកសាង ការអភិវឌ្ឍប្រទេស​ជាតិតទៅមុខ​ទៀត។
យ៉ាង​ណា​មិញ អ្នកដើរតាមការបោកប្រាស់របស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី និង​គូកន សូមកុំលង់ក្នុងឧបាយកលរបស់ជនក្បត់ជាតិនេះ ព្រោះពួកគេគ្រាន់​តែ​យក​បងប្អូន​ធ្វើ​ជា​ឈ្នាន់ប៉ុណ្ណោះ​ អ្នកដែលរងគ្រោះយកជីវិតទៅការ​ពារ​​ជនក្បត់ជាតិ គឺបងប្អូន ហើយអ្នកដែលលំបាក គឺក្រុមគ្រួសារបងប្អូនផ្ទាល់​។ ចំណែក សម រង្ស៊ី និងបរិវាមួយតំបរស្វា មិនស្ម័គ្រចូលគុកឡើយ ពួកគេគ្រាន់តែបោកប្រាស់បងប្អូន ដើម្បីធ្វើតេស្តកម្លាំង សាកល្បងកម្លាំង និងរៃអង្គាសប្រាក់ពីបងប្អូនដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកទាំងនេះ គឺជាសត្រូវប្រជាជនបំផ្លាញសេចក្តីសុខរបស់យើងទាំងអស់គ្នា បម្រើផលប្រយោជន៍បរទេសតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគោលជំហរ​ម៉ឹងម៉ាត់​ច្បាស់​លាស់​ហើយ​ថា ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជា នឹងមិនអនុញ្ញាតឲ្យក្រុមជនក្បត់ជាតិមួយក្តាប់តូចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនមួយប្រទេសបាន​ឡើយ៕
ដោយ៖ សេង កំពូល


រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បង្ហាញតារាងពេលវេលានៃការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បានបង្ហាញ តារាងពេលវេលាចេញដំណើររថយន្តក្រុងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តមករាជធានីភ្នំពេញវិញ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ ។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បានបញ្ជាក់ ប្រជាពលរដ្ឋ កម្មករ កម្មការិនី មន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធទាំងអស់សប្បាយរីករាយនឹងការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ប្រកបដោយសុវត្ថិភាព និងផាសុកភាព៕







តើហេតុអ្វីការប្រជុំនៅទីក្រុង ឡូវែល រដ្ឋម៉ាឆាឈូសេត បាត់មុខតួឯក?


កិច្ចប្រជុំមួយដែលបានកំណត់ធ្វើជាលើកចុងក្រោយនៅទីក្រុងឡូវែល រដ្ឋម៉ាហ្សាឈូសេត សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ហើយដែលអ្នតគាំទ្ររបស់ខ្លួនយល់ឃើញថា វាមានសារៈសំខាន់បំផុត ក្នុងការវាយរម្លៃស្ថានការនយោបាយចុងក្រោយរបស់ពួកចលនាឧទ្ទាមក្រៅច្បាប់ និងការសម្រេចអនុវត្តតាមការកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីវិលត្រឡប់ចូលស្រុកវិញនោះ បែរជាមិនបានឃើញវត្តមានរបស់មេចលនាឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ទៅវិញ។  អវត្តមានរបស់ សម រង្ស៊ី ក្នុងកិច្ចប្រជុំនោះ វាពិតជាបាននិងកំពុងបង្កើតឱ្យមានការមន្ទិលសង្ស័យកាន់តែខ្លាំងឡើងពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ពិសេសពីសំណាក់អ្នកស្ម័គ្រស្លាប់របស់តែម្តង។ តើហេតុអ្វីការប្រជុំនោះ បានជាបាត់មុខតួឯកដ៏សំខាន់ក្នុងសាច់រឿងដ៏សំខាន់បំផុតក្នុងពេលនោះ? តើនោះអាចជាផែនការដកថយរបស់ សម រង្ស៊ី ទេឬ?
ជាការពិត កិច្ចប្រជុំនេះមានសារសំខាន់បំផុត សម្រាប់ថ្នាក់ដឹកនាំនៃចលនាឧទ្ទាមក្រៅច្បាប់ ពិសេស សម្រាប់អ្នកគាំទ្រ និងពួកអ្នកស្ម័គ្រស្លាប់របស់ខ្លួន ដែលបានទន្ទឹងរងចាំការថ្លែងឱ្យប្រាកដច្បាស់ និងជាការសម្រេចចុងក្រោយសម្រាប់ការវិលត្រឡប់របស់មេចលនាឧទ្ទាមក្រៅច្បាប់។ ហើយការប្រជុំនេះ មានសារសំខាន់​បំផុតក្នុងការកំណត់ផែនការប្រមូលកម្លាំងសរុប ការបញ្ជាកម្លាំង និងថវិកា ដែលចាំបាច់បំផុតក្នុងផែន​ការវិលត្រឡប់ចូលស្រុកវិញរបស់ សម រង្ស៊ី តែម្តង។ ក៏ប៉ុន្តែ ទីបំផុតវាមានហេតុផលដ៏គួរឱ្យមានការសង្ស័យជាច្រើនជុំវិញការបាត់មុខតួឯកក្នុងកិច្ចប្រជុំដ៏សំខាន់មួយនោះទៅវិញ។ រឿងពិតប្រាកដនោះ ក៏ដោយសារវាគ្មានការគាំទ្រពីទី១៖ កិច្ចប្រជុំនោះ ត្រូវបានគេតម្រូវឱ្យមានអ្នកចូលរួមឱ្យបាន ១០០០អ្នក ក៏ប៉ុន្តែជាក់ស្តែងអ្នកដែលបានទៅចូលរួម មានចំនួនតិចជាងមួយរយនាក់ ដែលមិនបានឆ្លើយតបតាមការរំពឹងទុក ទី២៖ ប្រសិន​បើមេចលនាឧទ្ទាមនោះ ទៅចូលរួមក្នុងកិច្ចប្រជុំនោះ វានឹងទទួលការអាម៉ាស និងបាក់មុខយ៉ាងខ្លាំងបំផុត ដោយតែសំណួរសួរដេញដោលជុំទិសក្នុងកិច្ចប្រជុំនោះ ដែលខ្លួននឹងពិបាកឆ្លើយឱ្យប្រាកដច្បាស់ អំពីការសម្រេចចិត្តថា តើនឹងវិលត្រឡប់ចូលស្រុកវិញតាមកាលកំណត់ ឬយ៉ាងណា? បើវិលចូលស្រុក តើហ៊ានប្រឈមមុខនឹងខ្នោះ ដាក់គុក តាមរយៈការអនុវត្តវិធានការផ្លូវច្បាប់របស់រាជរដ្ឋាភិបាលដែរឬទេ? តើពិតជាក្លាហ៊ានទៅចាប់លោកនាយករដ្ឋមន្រ្តីឬទែ? តើពិតជាហ៊ានទទួលយកមធ្យោបាយបង្ហូរឈាមមែនឬ? តើអ្នកគាំទ្រប្រាកដជាហ៊ានស្ម័គ្រស្លាប់ជាមួយឬទេ?។ល។ ដែលសុទ្ធសឹងជាសំណួរចាក់ដោតចំៗ ដែលមេចលនាឧទ្ទាមមិនហ៊ានទៅប្រឈមនឹងសំណួរទាំងនោះទេ។ ជាក់ស្តែង មេចលនាឧទ្ទាមមិនបានទៅទេ តែខ្លួនបានធ្វើការរឆ្លើយឆ្លងតាមស្កាយទៅវិញ ហើយគេឃើញតែ ជូឡុង សូមួរ៉ា ចូលរួមទៅវិញ ដែលមើលទៅហាក់ដូចជាសោះកក្រោះជាទីបំផុត។
ដូច្នេះ អវត្តមាន ឬការបាត់មុខរបស់មេចលនាឧទ្ទាមពីកិច្ចប្រជុំនោះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់​នូវផែនការដកថយយ៉ាងប្រាកដរបស់មេចលនាឧទ្ទាមក្រៅច្បាប់នេះ។ មូលហេតុក៏ព្រោះតែទី១៖ មេចលនាឧទ្ទាមបានវាយតម្លៃយ៉ាងច្បាស់ថា វានឹងគ្មានការគាំទ្រពីមជ្ឈដ្ឋានជាតិនិងជាតិ ក្នុងផែនការទៅផ្តួលរំលំរាជរដ្ឋាភិបាល ឬ ទៅចូលរួមការញុះញង់ និងបំផុសបំផុលឱ្យមានអំពើរដ្ឋប្រហាររំលំរាជរដ្ឋាភិបាលស្របច្បាប់បានឡើយ។ ទី២៖ មេចលនាឧទ្ទាមបានដឹងច្បាស់ថា សមត្ថកិច្ចនឹងអនុវត្តវិធានការផ្លូវច្បាប់ចាប់វៃខ្នោះ មេឧទ្ទាម សម រង្ស៊ី បញ្ចូលគុកភ្លាមតែម្តង ព្រោះនោះ គឺជាជំហរដាច់ខាតរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញរួចជាស្រេចហើយថា បើទោះក្នុងតម្លៃណាក៏ដោយក៏ត្រូវចាប់វៃខ្នោះ និងដាក់គុកតែម្តង ហើយជនទាំង​ឡាយ​ណាដែលបានចូលរួមក្នុងសកម្មភាពញុះញង់ និងបំផុសបំផុលជាមួយនឹងក្រុមចលនាឧទ្ទាមក្រៅច្បាប់នឹងប្រឈមមុខនឹងវិធានការផ្លូវច្បាប់។
បើទោះបីគេឃើញ គណៈអចិន្ត្រៃយ៍នៃចលនាឧទ្ទាមក្រៅច្បាប់នោះ បានចេញសេចក្តីសម្រេចប្រាំចំណុចរបស់ខ្លួន ដើម្បីរៀបចំរបស់ដែលហៅថា ផែនការជាយុទ្ធសាស្រ្តចូលស្រុករបស់មេឧទ្ទាម និងថ្នាក់ដឹក​នាំ​ឧទ្ទាមក្រៅច្បាប់នោះក៏ដោយក៏មជ្ឈដ្ឋានជាតិ និងអន្តរជាតិនៅតែមើលឃើញមានមន្ទិលសង្ស័យជាច្រើនដែលបានបង្ហាញយ៉ាងច្បាស់ថា មេចលនាឧទ្ទាមក្រៅច្បាប់មួយនេះនឹងមិនហ៊ានវិលត្រឡប់ចូលស្រុកវិញទេ អាស្រ័យដោយបុគ្គលនេះ ជាជនមហាកំសាកបានរត់គេចចេញពីសំណាញ់ច្បាប់ជាដរាបរហូតមក ហើយមេចលនាឧទ្ទាមក្រៅច្បាប់មួយនេះនៅតែប្រើប្រាស់វោហាសាស្រ្តអណ្តាតរលាស់គ្មានការទទួលខុសត្រូវ ដោយប្រើយុទ្ធសាស្រ្តមេស្វានឹងកូនស្វាឱ្យចូលទៅជាប់ក្នុងទ្រុងជំនួសខ្លួន គឺឱ្យអ្នកគាំទ្ររបស់ខ្លួនទៅជាប់គុក រងគ្រោះ​ជំនួសខ្លួន ក្នុងចលនាញុះញង់ និងបំផុសបំផុលឱ្យមានអំពើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋភិបាលស្របច្បាប់ទៅវិញ។
ហើយក្នុងសេចក្តីសម្រេចដ៏ឆ្កួតលីលា ដែលពួកគេអួតអាងអំពីការត្រៀមផ្តល់ថវិកាជូនកងទ័ពដែលនឹងផ្តាច់ខ្លួនចេញពីលោកនាយករដ្ឋមន្រ្តី គឺឧបាកលដ៏ស្មោគគ្រោកបង្កើតឱ្យមានការបែកបាក់ជាតិ ក្នុងចេនាទុច្ចរិតញុះញង់ និងបំផុសបំផុលឱ្យមានការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ផ្ទុយពីរដ្ឋធម្មនុញ្ញ ផ្ទុយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ផ្ទុយនឹងឆន្ទៈរបស់ប្រជាជនជាម្ចាស់ឆ្នោត ម្ចាស់ជោគវាសនានៃប្រទេសជាតិ ដែលអ្នកបោះឆ្នោតជាង៨៣.០២% បានចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដីគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេស ដែលមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែនជាប្រមុខ។
ជារួម មជ្ឈដ្ឋានជាតិ និងអន្តរជាតិបានយល់កាន់តែច្បាស់ថា មេចលនាឧទ្ទាមក្រៅច្បាប់នឹងមិនហ៊ានចូលស្រុកតាមការសន្យារបស់ខ្លួននោះឡើយ ដោយសារបុគ្គលរូបនេះ បានដឹងច្បាស់ថា ទោះក្នុងតម្លៃណាក៏ដោយ សមត្ថកិច្ចនឹងចាប់ខ្លួន និងញាត់គុកតែម្តង ពេលណាបុគ្គលរូបនេះបានជាន់ដីខ្មែរ។ ម្យ៉ាងវិញទៀត បុគ្គលជាទណ្ឌិតរូបនេះបាននិងកំពុងដើរធ្លាក់ចូលក្នុងមហាជ្រោះមរណៈខាងនយោបាយដោយខ្លួនឯង បញ្ចប់ជីវិតនយោបាយដោយខ្លួនឯង ដោយសារទង្វើចុងក្រោយរបស់ខ្លួននេះ ជាពិសេស ថ្លើមពាសមេឃ ហ៊ានប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ដែលប្រជារាស្រ្តក្នុងនគរនេះបានចាត់ទុកព្រះមហាក្សត្រ ជាម្លប់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់បំផុតរបស់ប្រជារាស្រ្តខ្មែរ។ ដូច្នេះ ការបាត់មុខ ឬ អវត្តមានរបស់តួឯកក្នុងកិច្ចប្រជុំនៃគណអចិន្ត្រៃយ៍នៃចលនាឧទ្ទាមក្រៅច្បាប់កាលពីថ្ងៃទី១៣-១៤ កញ្ញា នៅទីក្រុងឡូវែល គឺវាមិនមែនជាអចតនារបស់មេចលនាឧទ្ទាមក្រៅច្បាប់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ការពិតការរៀបចំផែនការដកថយទាំងស្រុង ដោយមិនហ៊ានវិលត្រឡប់ចូលស្រុកតាមការសន្យានោះឡើយ៕

ដោយ ឡុង បូរិតា



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរណ៍អោយបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅគ្រប់ទីកន្លែងទូទាំងប្រទេស ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា នៅក្នុងថ្ងៃកាន់បិណ្ឌទី៧នេះ សូមបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងប្រទេសទទួលបាននូវបុណ្យកុសល និងជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។ ដោយសារសន្តិភាព និងស្ថិរភាពពេញលេញ ទើបយើងមានឱកាសប្រារព្ឋពិធីបុណ្យតូចធំនៅក្នុងប្រទេសជាតិបាន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសំណួមពរឱ្យប្រជាពលរដ្ឋបើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ៕

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការរីកចម្រើនឆាប់រហ័សកម្ពុជា

នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ លោក ម៉ារែក លីរីស្គី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ។
នៅក្នុងជំនួបនោះ លោក ម៉ឹង សំផន បានមានប្រសាសន៍លើកឡើង ពីការពង្រឹងពង្រីកកិច្ចសហការល្អរវាងប្រទេសទាំងពីរកម្ពុជា និងសាធារណរដ្ឋឆែក ក៏ដូចជាក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដែលបានធ្លាប់ធ្វើជាមួយគ្នាក្នុងពេលកន្លងមក។ លោក ម៉ឹង សំផន ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆែក ដែលត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រី ដែលនឹងទៅធ្វើទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋឆែកនៅពេលខាងមុខ ដើម្បីពង្រឹងនូវកិច្ចសហការ រវាងប្រទេសទាំងពីរអោយកាន់តែប្រសើរឡើងថែមទៀត។
មានមតិឆ្លើយតបវិញ លោក ម៉ារែក លីរីស្គី ឯកអគ្គរដ្ឋទូតនៃសាធារដ្ឋឆែក បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការរីកចម្រើនឆាប់រហ័សនៅកម្ពុជា ៕




លិខិតចំហ៖ សូមលោកទូតអាមេរិក «មូហ្វី» បំពេញបេសកកម្មដើម្បីភាពប្រសើរនៃទំនាក់ទំនងកម្ពុជា-អាមេរិក កុំដើម្បីក្រុមឧទ្ទាម

(ភ្នំពេញ)៖ បន្ទាប់ពីអវត្តមានអស់រយៈពេលជិតមួយឆ្នាំ នៅថ្ងៃនេះឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកលោក ផាតទ្រីក ម៉ូហ្វី បានចាប់ផ្តើមចូលបំពេញការងាររបស់ខ្លួនហើយ។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរខ្ញុំបាទសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះ វត្តមានដ៏ឧត្តុង្គឧត្តមលើទឹកដីកម្ពុជា ដែលជាទឹកដីដ៏សែនកម្សត់ព្រោះតែវិបត្តិនៃភ្លើងសង្គ្រាម វិបត្តិព្រោះតែការជ្រៀតជ្រែករបស់បណ្តាប្រទេសអមិត្តទាំងឡាយ។
ការអញ្ជើញមកបំពេញការងាររបស់ឯកឧត្តមនៅលើទឹកដីនៃកម្ពុជាចំពេលដែលកម្ពុជា និងអាមេរិកមានរឿងរ៉ាវមួយចំនួនកំពុងតែមានការមិនយល់ចិត្តគ្នា ឬគងគ្នាលើទស្សនៈផ្សេងៗ។ ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បេសកកម្មការងារដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម នឹងក្លាយជាវិភាគទានដ៏ចាំបាច់បំផុតក្នុងការផ្សះផ្សារការធ្លុះធ្លាយ និងការមិនយល់ចិត្តទាំងឡាយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ឯកឧត្តមជាទីគោរព ខ្ញុំបានដឹងច្បាស់ថា មុនពេលមកកាន់ការងារដ៏ឧត្តុងឧត្តមនៅក្នុងប្រទេសកម្ពុជា ឯកឧត្តមបានបំពេញការងារជាច្រើននៅក្នុងតំបន់អាស៊ី រួមទាំងប្រទេសសមាជិកអាស៊ានផងដែរ។ ក្នុងបទពិសោធន៍ការងារដ៏ច្រើននេះ ខ្ញុំជឿថា ឯកឧត្តមពិតជាបានជ្រូតជ្រាបយ៉ាងច្បាស់អំពីជម្រៅបេះដូង និងទស្សនៈរបស់ប្រជាជាតិនៅតំបន់អាស៊ី ក៏ដូចជាអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ ដែលជាវិភាគទានដ៏សំខាន់បំផុតជួយឱ្យបេសកកម្មរបស់ឯកឧត្តមទទួលបានជោគជ័យខ្ពស់បំផុត។ ជាពិសេសការធ្វើឱ្យចំណងបេះដូងកម្ពុជា និងអាមេរិកអាចផ្សះផ្សារ និងមិនរងនូវការប្រេះស្រាំដូចអតីតកាលនោះឡើយ។
ខ្ញុំជឿជាក់ថា ឯកឧត្តមជាទីគោរពពិតជាបានដឹង និងចងចាំយ៉ាងច្បាស់ពីប្រវត្តិទំនាក់ទំនងអតីតកាលរវាងកម្ពុជា និងអាមេរិកនាចុងទសវត្សរ៍ឆ្នាំ៦០ និងដើមទសវត្សរ៍ឆ្នាំ៧០។ ដូច្នេះខ្ញុំសូមផ្ញើក្តីរំពឹងយ៉ាងខ្ពស់ និងមុតមាំជាមួយឯកឧត្តមថា បេសកកម្មដ៏វិសេសវិសាលរបស់ឯកឧត្តមនឹងមិនធ្វើឱ្យកម្ពុជា និងអាមេរិក មានប្រវត្តិដ៏ល្វីងជូរចត់ដូចអតីតកាលទៀតនោះឡើយ។
តាមរយៈប្រវត្តិបេសកកម្មការងារ ខ្ញុំជឿជាក់ថា ឯកឧត្តមជាទីគោរពច្បាស់ជាបានជ្រូតជ្រាបយ៉ាងច្បាស់ពីជម្រៅបេះដូងរបស់មនុស្សជាតិនៅតំបន់អាស៊ី អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ ដែលជាដើមទុនដ៏អស្ចារ្យមួយជួយឱ្យឯកឧត្តមសម្រេចបេសកកម្មនៅកម្ពុជាប្រកបដោយលទ្ធផលគាប់ប្រសើរ។ តែទោះជាយ៉ាងណា ដើម្បីឱ្យប្រាកដថាបេសកកម្មរបស់ឯកឧត្តមនៅកម្ពុជាទទួលបានជោគជ័យនោះ ខ្ញុំសម្បទាននូវគំនិតខ្លះថា ប្រជាពលរដ្ឋកម្ពុជាដ្បិតថាជាជាតិសាសន៍មិនស៊ីវិល័យដូចប្រជាពលរដ្ឋក្នុងប្រទេសរបស់ឯកឧត្តម តែប្រជាពលរដ្ឋកម្ពុជា ជាជាតិសាសន៍មួយមានវប្បធម៌ និងអរិយធម៌រឹងមាំ ចាក់គ្រឹះមុនប្រទេសរបស់ឯកឧត្តមទៅទៀត។
ជាតិសាសន៍កម្ពុជា ដ្បិតមែនធ្លាក់ទន់ខ្សោយមិនល្បីរន្ទឺដូចចក្រភពអង្គរ តែពលរដ្ឋកម្ពុជា នៅតែមានដួងចិត្តមួយឯករាជ្យ និងមិនចូលចិត្តការដាក់គំនាបបង្គាប់បញ្ជា ឬបង្ខិតបង្ខំពីនរណាម្នាក់ឱ្យធ្វើអ្វីនោះឡើយ។ ជាតិសាសន៍កម្ពុជា ជាជាតិសាសន៍ដែលស៊ូជម្នះការលំបាកគ្រប់បែបយ៉ាង ក៏មិនព្រមធ្វើតាមការបង្គាប់បញ្ជារបស់នរណាម្នាក់នោះឡើយ។
ពលរដ្ឋកម្ពុជាចូលចិត្តពាក្យពេចន៍ផ្អែមល្ហែម ចូលចិត្តភាពទន់ភ្លន់ រហូតមានពាក្យមួយឃ្លាដែលចាស់បុរាណរបស់ខ្មែរចែង «ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ»។ ខ្ញុំជឿថា តាមរយៈការបង្ហាញជម្រៅដួងចិត្ត និងបេះដូងរបស់កម្ពុជានេះ នឹងជួយឯកឧត្តមធ្វើការងារដោយយល់ចិត្តជាមួយខ្មែរ និងជួយឱ្យបេសកកម្មរបស់ឯកឧត្តមទទួលបានជោគជ័យ។
នៅបញ្ហាមិនយល់គ្នាមួយទៀតរវាងកម្ពុជា និងអាមេរិក ដែលខ្ញុំរំពឹងថា ក្នុងបេសកកម្មរបស់ឯកឧត្តមជាទីគោរពនឹងអាចបិទបញ្ចាប់ការមិនយល់គ្នានេះ។ ពាក់ព័ន្ធទៅនឹងបញ្ហារបស់អតីតមេដឹកនាំអតីតគណបក្សប្រឆាំងនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកក្នុងរយៈពេលចុងក្រោយនេះ តែងតែចេញមកនិយាយមួយដងជាពីរដង ដោយទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា នឹងបើកផ្លូវឱ្យអតីតបក្សសង្គ្រោះជាតិមានដង្ហើមធ្វើនយោបាយឡើងវិញ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសបានចេញបកស្រាយបំភ្លឺ ដោយបញ្ជាក់ថា ករណីរបស់លោក កឹម សុខា និងអតីតគណបក្សសង្គ្រោះជាតិ ជាទង្វើផ្ទុយនឹងច្បាប់កម្ពុជា ដោយភ្ជាប់ជាមួយវីដេអូជាច្រើនដែលជាភស្តុតាងរបស់លោក កឹម សុខា ប្រកាសបង្ហាញពីការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយមានបរទេសជាអ្នកជួយជ្រុំជ្រែង។ ខ្ញុំជឿជាក់ថា ឯកឧត្តមបានជ្រូតជ្រាបពីគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ តាមរយៈប្រព្រឹត្តទង្វើក្បត់ជាតិដោយរួមដៃជាមួយបរទេសណាមួយ ដើម្បីដណ្តើមអំណាចមិនតាមបែបលទ្ធិប្រជាធិបតេយ្យ។ សូម្បីប្រទេសរបស់ឯកឧត្តម ក៏បានហាមប្រាមក្នុងច្បាប់យ៉ាងច្បាស់ ហើយកន្លងទៅធ្លាប់បានបើកការស៊ើបអង្កេតជាច្រើនករណីរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ រឿងជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលរុស្ស៉ី ក្នុងពេលធ្វើយុទ្ធាការស្វែងរកសំឡេងឆ្នោត។
ការមិនយល់របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនេះ ប្រហែលជាពេលកន្លងមកអាមេរិកមិនទាន់មានឯកអគ្គរដ្ឋទូតនៅកម្ពុជា ជាហេតុធ្វើឱ្យការឆ្លើយឆ្លងមានឧបសគ្គបង្កជាភាពមិនយល់គ្នាបែបនេះ។ ដូច្នេះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមនឹងធ្វើឱ្យសហរដ្ឋអាមេរិកបានជ្រូតជ្រាបពីការអនុវត្តច្បាប់របស់កម្ពុជា។
ខ្ញុំក៏រំពឹងយ៉ាងមុតមាំថា បេសកកម្មរបស់ឯកឧត្តមនឹងប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរនូវការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អាមេរិក ដោយធ្វើការជាមួយរាជរដ្ឋាភិបាលស្របច្បាប់។ មិនមែនធ្វើការជាមួយក្រុមជនល្មើសច្បាប់ ក្រុមជនឧទ្ទាម សម រង្ស៉ី ដែលបានប្រកាសដោយចំហរកលុយចិញ្ចឹមកងទ័ព ដើម្បីដណ្តើមអំណាចដោយខុសច្បាប់នោះឡើយ។
សូមបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមទទួលបានជោគជ័យដ៏វិសេសវិសាល។
ដោយក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ ពីខ្ញុំបាទ វ៉ាន់ សារាយ ពលរដ្ឋខ្មែរដែលមិនចង់ឃើញកម្ពុជា-អាមេរិក មានប្រវត្តិឈឺចាប់ដូចអតីតកាល៕

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន

នៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានធ្វើកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត ដើមី្បត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប  ដើមី្បអនុវត្តនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៅខេត្តសៀមរាប  ។

មានប្រសាសន៍បើកកិច្ចប្រជុំនោះលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ អំពីគោលបំណង នៃកិច្ចប្រជុំជូនដល់សមាជិកសមាជិកាអង្គប្រជុំទាំងមូល ដោយបានផ្តោតទៅលើការងារសំខាន់ៗ មួយចំនួន  ក្នុងការកំណែទម្រង់ស៊ីជម្រៅ សម្រេចឲ្យបានគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ សំខាន់ដើមី្បបន្តពង្រឹងនូវយន្តការនានារបស់រាជរដ្ឋាភិបាលកម្ពុជា   ឲ្យធានាបាននូវកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា។

ក្នុងនោះលោក សូមឲ្យកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ត្រូវផ្តោតសំខាន់ ចំពោះមហិច្ឆតារបស់ក្រុមជនអគតិមួយចំនួន ដែលបានចិញ្ចឹមចិត្តប្រឆាំងផ្កាប់មុខ មិនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និង មិនចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើន គឺពួកជនទាំងនោះចង់បង្កចលាចល ធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម  ជាសំខាន់ក្នុងពេលថ្មីៗនេះ បុគ្គលជនក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថដល់ព្រះមហាក្សត្រថែមទៀតផង។ បញ្ហានេះហើយ ដែលត្រូវក្រុមការងារចុះជួយគ្រប់ក្រុង ស្រុក ត្រូវធ្វើការផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋ ដើមី្បឲ្យពួកគាត់ចាញ់ នូវឧបាយកលរបស់ក្រុមជ្រុលនិយម ដែលជាក្រុមឧទាមរត់ចោលស្រុក ។

តាមលទ្ធផលនៃសេចក្តីរាយការណ៍ស្តីពីសមិទ្ធិផលរដ្ឋបាលខេត្ត និង សកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាបប្រចាំត្រីមាសទី៣ឆ្នាំ២០១៩  អានដោយលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ក៏បានធ្វើការបញ្ជាក់ជូនអង្គប្រជុំ ដោយយោងតាមលទ្ធផលតាមបណ្តាក្រុង ស្រុក កិច្ចអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក និងសមទ្ធិផលនានា  ដើមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំខាន់លើការងារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត និង ធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែមានភាពប្រសើរទ្វេឡើង ។  ក្នុងរបាយការណ៍នោះដែរ ក៏បានលើកនូវបញ្ហាមួយចំនួនដែលនៅសេសសល់ មិនទាន់បានធ្វើការដោះស្រាយនៅឡើយផងដែរ ។

ក្នុងនោះដែរក៏មានការចូលរួមមតិយោបល់ពីលោក លោកស្រី ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយតាមមូលដ្ឋានក្រុង ស្រុក ដែលបានលើកឡើងពីលទ្ធផលអនុវត្តបាន និង បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានរួចមក កិច្ចប្រជុំទាំងមូល ក៏បានធ្វើការពិភាក្សា ផ្លាប់ប្តូរនូវមតិយោបល់គ្នា ដោយបានទទួលនូវចំណុចល្អៗ ជាមួយគ្នានេះដែរលោក លោកស្រី ប្រធានក្រុមការងារចុះជួយក្រុង ស្រុក បានលើក ឡើងនូវចំណោទបញ្ហាមួយចំនួន ដែលមានការពាក់ព័ន្ធ បញ្ហាគ្រឿងញៀន ,សុខភាពសាធារណៈ, បរិស្ថាន អនាម័យ , បញ្ហាដីធ្លី និង ផ្លូវថ្នល់ ១ខ្សែពីស្រុកអង្គរធំ ទៅស្រុកវ៉ារិនរងការខូចខាត  និង បញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និងឧត្តរមានជ័យ ព្រមទាំងបញ្ហា ការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ ។

មានប្រសាសន៍បូកសរុបបិទកិច្ចប្រជុំនោះក្នុងនាមតំណាងលោកឧបនាយករដ្ឋមន្ត្រី លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិក៏បានលើកឡើង អំពីបញ្ហាប្រឈមកន្លងមក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាចំណោទយ៉ាងខ្លាំងដែលធ្វើបាត់នូវប្រជាប្រិយ៍ភាព ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋបាត់អស់នូវទំនុកចិត្ត ក្នុងការដឹកនាំរបស់អាជ្ញាធរមូលដ្ឋានរបស់ខ្លួននោះ ។លោកក៏បានលើកបញ្ជាក់ថា គ្រប់រាល់សមទ្ធិផលទាំងអស់ ដែលក្រុមការងារ និង សប្បុរសជន កសាងស្ថាបនាឡើង នៅតាមបណ្តាក្រុង ស្រុក គឺត្រូវធ្វើការបែងចែកឲ្យបានច្បាស់លាស់ពីសមទ្ធិផលរបស់រាជរដ្ឋាភិបាល និងសមទ្ធិផលរបស់សប្បុរសជនចូលរួម។

ម៉្យាងវិញទៀត ត្រូវពង្រឹងការផ្តល់សេវាសាធារណៈលើវិស័យមួយចំនួន ដែលជាកង្វះខាតដែលយើងគ្រប់គ្នាត្រូវធ្វើការកែប្រែលម្អ និងធ្វើការពង្រឹងដោះស្រាយ ទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះមូលដ្ឋានធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រដ្ឋាភិបាលកម្ពុជា៕









TOP NEWS: ទណ្ឌិត សម រង្ស៊ី បន្តព្រហើនប្រមាថព្រះមហាក្សត្រនៅលើ Facebook ខណៈតុលាការបង្គាប់ឱ្យចាប់ខ្លួន

(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមដែលកំពុងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា នៅពេលនេះនៅតែបន្តប្រមាថដល់ចេស្តាអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់រាស្រ្តខ្មែរជាបន្តទៀត ដោយហាក់មិនមានភាពរាងចាលនោះទេ ទោះបីជាសំណុំរឿងបែបនេះធ្លាប់ត្រូវបានតុលាការកាត់ទោស ហើយបង្គាប់ឱ្យចាប់ខ្លួនយ៉ាងណាក៏ដោយ។
លោក សម រង្ស៊ី បានបន្តសរសេរនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា៖ «ខ្ញុំ សម រង្ស៊ី អស់សំណើចពីតុលាការអាយ៉ង នៅទីក្រុងភ្នំពេញ ដែលបានចេញ ហើយកំពុងតែចេញ ដីកាចាប់ខ្លួនខ្ញុំ ជាបន្តបន្ទាប់កាន់តែច្រើនឡើងៗ តែគ្មានប្រសិទ្ធភាពអ្វីទាល់តែសោះ។ ក្នុងរឿងគេចោទប្រកាន់ខ្ញុំ ថាខ្ញុំប្រមាថព្រះមហាក្សត្រ ខ្ញុំនៅតែបន្តអះអាងថា មហាក្សត្រសព្វថ្ងៃ ជាស្ដេចល្ខោនដែល ហ៊ុន សែន ប្រើដើម្បីគ្រាន់តែលម្អរបបតិរច្ឆានរបស់គាត់។ អត្ថាធិប្បាយរបស់ខ្ញុំនេះមានបំណងចង់ ឲ្យមានការជជែក តាមរបៀបប្រជាធិបតេយ្យ អំពីតួនាទីមហាក្សត្រសព្វថ្ងៃ ដែលគ្មានប្រយោជន៍អ្វីទាល់តែសោះ សម្រាប់ប្រជារាស្ត្រខ្មែរ»
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក កូយ សៅ អនុប្រធាន និងចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយបង្គាប់ឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ និងនាំខ្លួន ទណ្ឌិត សម រង្ស៉ី ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ក្រោមការចោទប្រកាន់ពីបទ ប្រមាថ អង្គព្រះមហាក្សត្រ។
ការចេញដីកាឱ្យចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានប្រមាថ យ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។
រហូតមកដល់ពេលនេះ ទណ្ឌិត សម រង្ស៉ី កំពុងមានសំណុំរឿងនៅតុលាការ ចំនួន១៤ករណី ដែលក្នុងនោះមានទាំងបណ្ដឹងប្រមាថព្រះមហាក្សត្រ និងបណ្ដឹងរបស់ថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមសំណុំរឿងទាំង១៤របស់លោក សម រង្ស៉ី មានចំនួន៦សំណុំរឿងហើយ ដែលសាលក្រមបានចូលជាស្ថាពរផងដែរ។
ទណ្ឌិត សម រង្ស៊ី ក៏ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៤ឆ្នាំផង ចំពោះបទប្រមាថអង្គព្រះមហាក្សត្រកន្លងមក។ ទោះជាយ៉ាងណា លោកមិនទាន់បានអនុវត្តទោសនៅឡើយទេ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕