Friday, September 20, 2019

ទស្សនៈមិត្តអ្នកអាន៖ ជារដ្ឋប្រហារ ឬជាសេរីភាពបញ្ចេញមតិ?


ដោយ​សារ​សកម្មភាព​ញុះញង់​របស់​មេឧទ្ទាម​ក្រៅ​ច្បាប់​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​កាន់​តែ​មាន​ភាព​សាហាវ​ និង​ជា​​ពិសេស​​ការ​​ប្រើ​​វោ​ហាសាសន៍ រួម​ជាមួយ​ទឹក​ប្រាក់​បន្តិច​បន្តួច​​​ជា​​ឧបាយ​​កល​​បញ្ជោ​​រ​ប្រជា​ពលរដ្ឋ​​​ឱ្យ​​ទៅ​ស្លាប់​ជំនួស​ខ្លួន ​ក្នុង​​ការ​ចេញ​មុខ​ប្រឆាំង​នឹង​ច្បាប់កាន់​តែ​ឃ្លាត​ចាក​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រ​ជា​ធិ​ប​តេយ្យ​​​​នោះ ក្រុម​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​អាច​សន្និដ្ឋាន​បាន​ថា​ មេឧទ្ទាម​​ក្រៅ​ច្បាប់​រូប​នេះនិង​គូកន​ ​ពិត​ជា​មិន​ហ៊ាន​វិលត្រឡប់​ចូល​ស្រុក​វិញ​យ៉ាង​ពិត​ប្រាកដ​។ អ្វី​ដែ​​ល​​ជា​​ផែន​​ការ​ចុង​ក្រោយ​របស់​ក្រុម​ឧទ្ទាម​រៀប​ចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​នោះ​គឺ​ជាផែន​ការ​ធ្វើ​រដ្ឋប្រហារផ្តួល​រំលំ​រាជរដ្ឋាភិបាល​យ៉ាង​ច្បាស់​ក្រឡែត​​​​ ព្រោះ​ថា​ការ​ប្រើ​សារ​​​អំ​ពាវ​នាវ​ឱ្យ​កង​កម្លាំង​ប្រ​ដាប់​​អា​វុ​ធ​​​រើ​​បម្រះ​​ខ្លួន​ ហើយ​ផ្តាច់​ខ្លួ​ន​មិន​ស្តាប់​បញ្ជា​នោះ​គឺ​ជា​សកម្មភាព​បំបែក​បំបាក់​ជាតិ​រុញ​ច្រាន​ប្រទេស​ឱ្យ​កើត​សង្គ្រាម​ស៊ីវិល​សារ​ជាថ្មី​ទៀត​។​ ការ​អំពាវ​នាវ​ធានា​ត្រៀម​ថវិកា​សម្រាប់​ផ្គត់​ផ្គង់​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ផ្តាច់​ខ្លួន​នេះ​ គឺ​គ្រាន់​តែ​ជា​ចេតនា​បង្កើត​នូវ​សង្គ្រាម​ចិត្តសាស្ត្រ​ញុះញង់​ឱ្យ​កង​ទ័ពភ័ន្ត​ស្មារតី​​ជឿលង់​លើការ​បោក​ប្រាស់​របស់​ពួក​ក្រុម​ឧទ្ទាម​តែប៉ុណ្ណោះ​ ធាតុ​ពិតក្រុម​ឧទ្ទាម​ក្រៅច្បាប់​នេះ​រក​តែ​ថវិកា​​​ដើម្បី​ចិញ្ចឹមជីវិត​​ខ្លួន​ឯង​ដែល​កំពុង​គេច​ខ្លួន​នៅ​​ក្រៅ​​ប្រទេស​​ដោយ​​លំ​បាក​​ផង​ តើ​​មាន​​ថ​វិ​កា​​ឯ​ណា​មក​​ផ្គត់​ផ្គង់​កង​ទ័ពនោះ​? ​​​​​ជាក់​ស្តែង​​ នៅគ្រប់​កម្មវិធី​ជួប​ជុំ​នៅក្រៅ​ប្រទេស​គឺ​តែង​តែ​មាន​ដាក់​ហិប​មូលនិធិ​​សម្រាប់​រៃ​អង្គាស​ប្រាក់​ជានិច្ច​​ ដូច្នេះតើ​នរណា​ទៅ​ជឿ​ទៅ​កើត​ បើ​ធាតុ​ពិត​ខ្លួន​ឯង​កំពុង​នៅ​ផ្ទះ​ខ្ទម​សោះ​ បែរ​ជា​ខំ​ស្រែក​ប្រកាស​ធានា​ថា​នឹង​សង់​ផ្ទះ​វី​ឡា​ឱ្យ​អ្នក​ដទៃ​នៅ​ទៅវិញ​នោះ​?​​
ឧបាយ​កល​ដ៏ពិស​ពុល​ដែល​មេឧទ្ទាម​ក្រៅ​ច្បាប់​កំពុង​ប្រើ​នៅ​ពេល​នេះ​ គឺ​ជា​ការ​ខ្ចី​ដៃ​​​​កម្លាំង​ប្រជា​ពលរដ្ឋ​​​និង​​កម្លាំង​​ប្រដាប់​អាវុធ​មក​​ប្រើ​ប្រាស់​ជាឈ្នាន់​នយោបាយ ​ដើម្បី​​សម្រេច​​មហិច្ឆិតា​ដណ្តើម​អំណាច​​​​របស់​​ខ្លួន​​តាម​បែប​​មិន​​ប្រ​ជា​ធិ​ប​តេ​យ្យ ក្រោយ​ពេល​ដែល​ការ​រត់​ទៅ​ពឹង​បរទេស​ដែល​ជា​ចៅ​ហ្វាយ​​ឱ្យ​ជួយ​លែង​បាន​​​ ចំណែក​ខ្លួន​ឯង​និង​គូកន​ គឺ​នៅ​​តែ​​គេច​យក​រួច​ខ្លួន​នៅក្រៅ​ប្រទេស​ដដែល​។​ ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​យល់ដឹង​​ថា​​ក្រុម​ឧទ្ទាម និង​មេក្លោង​​ដែល​បាន​​​រៀប​ចំ​គម្រោង ​ឬ​ផែន​ការចង់​ផ្តួល​​រំលំ​រាជ​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត គឺ​ជាការ​ផ្លាស់​ប្តូរ​របប​ផ្ទុយពី​គន្លង​​លទ្ធិ​ប្រជា​ធិ​ប​​តេយ្យ​​ និង​​ជា​អំពើ​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​​ដោយ​ខុស​ច្បាប់​ ហើយ​ជន​ណា​ក៏​ដោយដែល​ចូល​រួម​ធ្វើ​សកម្មភាព​ជាមួយ​ក្រុម​ឧទ្ទាមខុស​ច្បាប់​ទាំង​នោះ ​ក៏​នឹង​ត្រូវ​ចាប់​ខ្លួនដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​​យក​មក​ផ្ទន្ទាទោស​​​​​ផង​ដែរ​។​
ប្រជាជន​កម្ពុជាភាគ​ច្រើន​​ ធ្លាប់​​បាន​​ឆ្លង​​កាត់​​នូវ​​ប្រវត្តិ​សាស្ត្រ​ដ៏ជូរចត់​នៃ​ការ​ញុះ​ញង់​ឱ្យ​មាន​អំពើ​រដ្ឋ​ប្រហារ​​​​ក្នុង​​ទស្សវត្ស​ឆ្នាំ​៧០​រួច​មក​ហើយ​។​ វិនាសកម្មនៃ​សង្គ្រាម​​​ស៊ី​​វិល​​ដ៏​​រ៉ាំ​រ៉ៃ​​អស់​​រយៈ​ពេ​ល​​ជាង២​ទស្សវត្ស​កន្លង​មក​ គឺ​ជា​លទ្ធផលនៃការ​ធ្វើរដ្ឋ​ប្រហារដោយ​ខុស​ច្បាប់​​​ដែល​​​​បាន​​បន្សល់​​ទុក​​នូវ​ការ​ស្លាប់​ ​វិនាស​​​ព្រាត់​​​ប្រាស​​​​ និង​ភាព​ខ្ទេច​ខ្ទាំ​ខឿន​សេដ្ឋកិច្ច​ជាតិ​ទាំង​ស្រុង​។​ ដូច្នេះ​ សូម​បងប្អូន​ប្រជា​ពលរដ្ឋ​​កុំ​​ជឿ​​តាម​​ការ​​ញុះ​​ញង់​​អូស​​ទាញ​​របស់​​ក្រុ​ម​​ឧ​ទ្ទា​ម​​ក្រៅ​​ច្បាប់​​ ដែ​ល​​ច​ង់​​យក​​បង​​ប្អូន​​ធ្វើ​​ជា​ខែល​​ការ​ពារ​​ពួក​​គេ​​ពី​​ចំ​ណាត់​​ការ​​ផ្លូវ​​ច្បា​ប់​​​​របស់​សមត្ថកិច្ច​ឱ្យ​សោះ​។​
តាម​ពិត​ ការ​កំណត់​ថ្ងៃ​វិល​ត្រឡប់​មក​កម្ពុជា​នេះ​ មិន​មែន​ជា​គំនិត​ផ្ទាល់​របស់​មេឧទ្ទាម​នោះ​ទេ​ ប៉ុន្តែ​​វា​​ជា​គំនិត​របស់​បរិវា​រ​ដែល​ចង់​ឱ្យ​មេ​ឧទ្ទាម​មក​ជាប់​គុគ​ និង​ស្លាប់​ក្នុង​គុគតែ​ម្តង​​ ដើម្បី​ពួក​គេ​បាន​ដោះ​​ដៃ​​ចេញ​ពី​​គំនាប​​ផ្លូវ​ចិត្ត​នៃ​មេឧទ្ទាម​នេះ​ ដែល​តែង​តែ​រុញ​កូន​ចៅ​ឱ្យ​មក​ស្លាប់​ជំនួស​ខ្លួន​ជានិច្ច​។ ម្យ៉ាង​​ទៀត​តាម​​ប្រភព​​ដែល​​នៅ​​ជា​មួយ​​មេឧទ្ទាម​​បាន​ប្រាប់​ថា​ មេឧទ្ទាម​​ក្រៅ​ច្បាប់​​​​​អាច​វិល​​ត្រឡ​ប់​​មក​កម្ពុជា​​​វិញ​​​នៅ​​ថ្ងៃ​​ទី​​៩​ ខែ​វិច្ឆិកាមែន​នោះ​​​ ល្គិក​​ណា​​តែ​​ការ​ញុះ​ញង់​អូស​ទាញ​កម្លាំង​ឱ្យ​មក​ប្រមូល​ផ្តុំ​មាន​ចំនួន​​​ច្រើន​ ប៉ុន្តែ​បើ​គ្មាន​អ្នក​មក​ប្រមូល​ផ្តុំ​ទេ​នោះ​គឺ​នឹង​មិន​មក​តាម​ការ​សន្យា​ដូច​ពេល​មុនៗ ជាក់ជា​មិន​​​ខា​ន​​​​។​​
ជារួម​ អំពើ​ញុះ​ញង់​ប្រមូល​ផ្តុំ​មនុស្ស​​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​​ដែល​បាន​និង​កំពុង​ធ្វើ​នាពេល​នេះ​គឺ​ពិត​ជា​គម្រោង​ដែល​មា​ន​ផែន​​ការ​​យ៉ាង​​ច្បាស់​​ក្រឡែត ​​​ក្នុង​​កា​រ​ត្រៀម​​ធ្វើ​​រដ្ឋ​​ប្រ​ហារ​​ផ្តួល​​រំលំ​​រា​ជ​​រដ្ឋា​ភិ​បា​ល​ ​កើត​​ឡើង​​ពី​ការ​​បោះ​​ឆ្នោត​​​​ ដែល​សកម្មភាព​នេះ​​មិន​​មែន​​ជា​សេ​រី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ ឬ​ជាការ​ផ្លាស់​ប្តូរ​រដ្ឋ​អំណាច​ស្រប​តាម​គោលការណ៍​​លទ្ធិប្រជាធិបតេយ្យ​នោះ​ឡើយ​ ប៉ុន្តែ​ច្បាស់​ណាស់​ វា​ជា​រដ្ឋ​ប្រ​ហារ​ទៅវិញ​ទេ​ ដែល​ច្បាប់​មិនអាច​អត់​ឱន​ឱ្យ​បាន​ជាដាច់​ខាត​។ មួយវិញ​ទៀត​ ជន​ទាំង​ឡាយ​ណា​ដែល​ចូល​រួម​ទទួល​ផែន​ការ​ពី​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដើម្បី​ត្រៀម​ និង​កំពុង​អនុវត្ត​នូវ​ផែន​ការ​ដ៏​ខ្មៅ​កខ្វក់​នេះ​ នឹង​ត្រូវ​ច្បាប់​ចាត់​បញ្ចូល​ថា​ជា​អ្នក​ចូល​រួម​គំនិត​ក្បត់​ក្នុង​ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ ​ផ្តួល​រំលំ​រាជ​រដ្ឋា​ភិ​បាល​​ដូច​​គ្នា​ ហើយ​ដែល​នឹង​ត្រូវ​មាន​ទោស​ដោយ​មិន​អាច​លើក​លែង​បាន​ឡើយ។​ ទោះ​ជាយ៉ាង​ណា​ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា​ ប្រជាពលរដ្ឋបច្ចុប្បន្ន​បាន​និង​កំពុងរស់​នៅ​ប្រកប​ដោយ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ​ ពួក​គាត់​នឹង​មិន​ចង់​ឃើញ​ប្រទេស​ជាតិ​យើង​ធ្លាក់​ទៅ​ក្នុង​ភ្លើង​សង្គ្រាម​​ដូច​​ពី​​អ​តីត​​កាល​​នោះ​​ឡើយ​​ ដូច្នេះ​ពួកគាត់​នឹង​មិន​ជឿ​តាម​ការ​អូស​ទាញ​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​​​​​​​បំផ្លាញ​នូវ​ភាព​សុខដុម​រមនា​ បំផ្លាញ​ការអភិវឌ្ឍ​ និង​បំផ្លាញ​សុខ​សន្តិភាព​ដែល​រក​បាន​ដោយ​លំបាក​ដូច​ពេល​បច្ចុប្បន្ននេះ​ឡើយ​៕​
ដោយ​៖ សួន ចំរើន



No comments:

Post a Comment