Tuesday, October 20, 2015

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធ​ផល​ប្រជុំ​រដ្ឋសភា​លើក​ទី៥ នីតិកាល​ទី៥ ថ្ងៃទី២០ តុលា ២០១៥




កម្ពុជាទទួលស្គាល់ពីអត្ថប្រយោជន៍នៃគម្រោង RIA របស់ADBថាបានដើរតួនាទីសំខាន់នៅក្នុងការជួយពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា

រាជរដ្ឋាភិបាល​កម្ពុជាគាំទ្រគម្រោងស្តី​ពីការវិភាគផលប៉ះពាល់ នៃលិខិតបទដ្ឋាន​គតិយុត្ត ដោយទទួលស្គាល់​ថាគម្រោងនេះបានជួយគាំទ្រ​ធ្វើឲ្យការអនុវត្តន៍ច្បាប់ របស់កម្ពុជាកាន់តែមានភាព​ប្រសើរឡើង មានតម្លាភាព និងបានរួម​ចំណែកដល់ការកាត់បន្ថយ​អំពើពុករលួយ។

ជំនួបរវាង​ឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាមួយលោក Kelly Bird នាយកផ្នែកគ្រប់​គ្រងសាធារណផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្ម​របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើ​ឡើងនៅវិមានមិត្តភាព​ទីស្តីការគណរដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃទី១៩ តុលា ភាគីទាំងពីរបាន​ពិភាក្សាគ្នាលើការងារសំខាន់​ទាក់ទងនឹងគម្រោង RIA គឺគម្រោងសម្រាប់​ធ្វើការវិភាគលើផល​ប៉ះពាល់នៃលិខិតបទ​ដ្ឋានគតិយុត្ត។

គម្រោងវិភាគ​ផលប៉ះពាល់លើផ្នែក​លិខិតបទដ្ឋាន​គតិយុត្តនេះ គឺជាគម្រោង​របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយដល់ក្រុម​ប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែលផ្តោត​ពិសេសលើការធ្វើការងារ​មកលើផ្នែកច្បាប់ ដើម្បីធ្វើឲ្យ​ប្រាកដថាលិខិតបទ​ដ្ឋានគតិយុត្ត ដែលបានដាក់​ចេញទៅនោះ គឺទទួលបាននូ​វផលប្រយោជន៍ក្នុងការ​បម្រើឲ្យរាជរដ្ឋាភិបាល ដើម្បីកុំឲ្យ​មានកុំហុសឆ្គងណា​មួយកើតឡើង។

គួរបញ្ជាក់​ដែរថា ក្នុងពេល​កន្លងមក ក្រុមអ្នកជំនាញ​របស់ធនាគារអភិវឌ្ឍន៏​អាស៊ី បានធ្វើការជាមួយ ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមនិងវប្ប​ធម៌កម្ពុជា ដោយបាន​វាយតម្លៃមក​លើការអនុវត្តន៍លិខិតបទ​ដ្ឋានគតិយុត្ត នៅកម្ពុជា​កន្លងមកនោះគឺ​បានប្រព្រឹត្តទៅ​យ៉ាងល្អ។ កម្មវិធីវាយតម្លៃលើផល​ប៉ះពាល់ នៃលិខិតបទ​ដ្ឋានគតិយុត្ត​របស់ADB នេះបានចាប់ផ្តើម​អនុវត្តន៏ចាប់​តាំងពីឆ្នាំ២០១០ ដោយបានអនុវត្តន៏​លើក្រសួងស្ថាប័ន​រដ្ឋចំនួន៧។ នៅក្នុងជំហាន​ដំបូងនោះ គម្រោងកម្មវិធី RIA នេះ មានទឹកប្រាក់​ប្រមាណជាង១០ម៉ឺន​ដុល្លារសហរដ្ឋ​អាមេរិក ហើយសម្រាប់ដំណាក់​កាលទី២ មានទឹកប្រាក់​ប្រមាណជាង២លាន​ដុល្លារសម្រាប់​ជួយកម្មវិធី​គម្រោងនេះ។

ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៏ថា មកដល់ពេលនេះយើង​ពង្រីកបាន១៩ ក្រសួងស្ថាប័ន​ហើយសម្រាប់ការអនុវត្ត​គម្រោងនេះ ហើយរាជរដ្ឋាភិបាល​នឹងប្តេជ្ញាចិត្តខិតខំធ្វើយ៉ាងណា ឲ្យការអនុវត្តន៏លិខិត​បទដ្ឋានគតិយុត្តទាំង​ឡាយបំរើឲ្យផល​ប្រយោជន៏ដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺធ្វើ​ឲ្យច្បាប់ទាំងឡាយ​បានកាន់តែប្រសើរឡើង កាន់តែមាន​សុក្រឹត្យភាព កាត់បន្ថយ​អំពើរពុករលួយ និងធ្វើឲ្យ​មានតម្លាភាព។

ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន បានបង្ហាញ​ពីការរីករាយជាមួយការ​អនុវត្តន៍គម្រោងវាយតម្លៃលើផល​ប៉ះពាល់លិខិតបទដ្ឋានកតិ​យុត្តរបស់ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលសម្រេច​បាននូវលទ្ធផល ដ៏ជោគជ័យ​យ៉ាងត្រចះ​ត្រចង់ជាមួយនិងការ ពេញចិត្តពីធនាគារ​អភិវឌ្ឍន៍​អាស៊ីផងដែរ ។

លោក Kelly Bird លើកឡើងថាធនា​គារអភិវឌ្ឍន៍អាស៊ី​នៅតែគាំទ្រ​យ៉ាងពេញលេញ​ទៅលើគម្រោងស្តី​ពីការវិភាគ​លើផលប៉ះពាល់ នៃលិខិត​វទដ្ឋានគតិយុត្ត​នេះហើយលោក​សន្យាថានិងខិតខំក្នុង​ការជួយដល់​រាជរដ្ឋាភិបាល​កម្ពុជាបន្តទៀត៕



សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង

នៅថ្ងៃទី២០​ ខែតុលា ​ឆ្នាំ២០១៥​ នេះ ក្រសួង​ការបរទេស ​និងសហប្រ​តិបត្តិការ​អន្តរជាតិ ​បានចេញសេចក្តី​ជូនព័ត៌មានថា ​សម្តេចអគ្គ​មហាសេនា​បតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋ​មន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា ​នឹងដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់មួយ​ចំនួន ​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការនៅសា​ធារណរដ្ឋ​បារាំង​ ពីថ្ងៃទី២៥ ​ដល់ទី២៧ ​ខែតុលា ​ឆ្នាំ២០១៥ ​តាមការអញ្ជើញ​របស់ ឯកឧត្តម​ ហ្រ្វង់ស្វ័រ ​ហូឡង់ ​ប្រធានាធិបតី​នៃសាធារណៈ​រដ្ឋបារាំង។​

គណៈប្រតិភូ​អមដំណើរ​រួមមាន ​ឯកឧត្តមឧបនា​យករដ្ឋមន្រ្តី ​ហោ ណាំហុង ​រដ្ឋមន្រ្តីការ​បរទេស និង​សហប្រតិបត្តិកា​រអន្តរជាតិ ​ឯកឧត្តម ​ថោង ខុន ​រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ ​ឯកឧត្តម​ អង្គ វង្សវឌ្ឍានា ​រដ្ឋមន្រ្តីក្រ​សួងយុត្តិធម៌ ​និងសមាជិ​ដទៃទៀត​នៃរាជរដ្ឋាភិ​បាលកម្ពុជា។ ​នៅក្នុងពេលទស្សនកិច្ច​នោះផងដែរ​ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ​នឹងជួបចរ​ចាជាផ្លូវការ​ជាមួយឯកឧត្តម​ ហ្រ្វង់ស្វ័រ ​ហូឡង់ ​និងជួបជាមួយ ​ឯកឧត្តម ​ឡូរ៉ង់ ​ហ្វាប៊ីយូស រ​ដ្ឋមន្រ្តីការបរទេស ​និងការអភិវឌ្ឍន៍​អន្តរជាតិ​បារាំង ​និងធ្វើជាអធិបតី​ក្នុងពិធី ​ចុះហត្ថលេខា​លើឯកសារមួ​យចំនួនដូច​ជាៈ

១. អ​នុសញ្ញា ស្តី​ពីបត្យាប័នរវា​ងរាជរដ្ឋាភិបា​លកម្ពុជា ​និងរដ្ឋាភិបាល​នៃសាធារណរ​ដ្ឋបារាំង ២.​ កិច្ចព្រមព្រៀង ​ស្តីពីការអនុវត្ត​គំរោងផ្គត់​ផ្គង់ទឹក​ស្អាតនៅខេត្តសៀមរាប​ ៣. កិច្ចព្រម​ព្រៀងស្តីពីការសាង​សង់សាលាបណ្តុះបណ្តាលជា​តិជំនាញទេសចរណ៍ ​និងឧស្សាហកម្ម ​សណ្ឋាគារនៅភ្នំពេញ​និងខេត្តព្រះ​សីហនុ ​៤. កិច្ចព្រមព្រៀងស្តី​ពីការតភ្ជាប់​ និងចែកចាយ​បណ្តាញអគ្គីសនីថ្មី​ នៅខេត្តកំពង់​ចាម ក្រចេះ ​និងកោះកុង ​៥. កិច្ចព្រម​ព្រៀងស្តីពីការ​ប្តូរបញ្ញើវត្ថុ​សិល្បៈ ៦. កិច្ចព្រមព្រៀងស្តី​ពីកម្មវិធីអភិវឌ្ឍន៍វិ​ស័យអប់រំ​ បណ្តុះបណ្តាល​បច្ចេកទេស ​និងវិជ្ជាជីវៈ​។

ក្រៅពីនេះ ​សម្តេចតេជោ ​ហ៊ុន សែន​ នឹងជួបសំណេះ​សំណាលជាមួយនិ​ស្សិត ​និងជនរួមជាតិកម្ពុជាពី​គ្រប់ ​ទីកន្លែងក្នុង​ប្រទេសបារាំង ​នៅទីក្រុងប៉ារីស​ផងដែរ​។

សម្តេចតេជោនាយករដ្ឋមន្រ្តីជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីវៀតណាម

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ជួបពិភាក្សាការ​ងារជាមួយ​អនុរដ្ឋមន្រ្តី​ការពារជាតិ​វៀតណាម ​ឯ.ឧ. ង្វៀន ​ជីវិញ ​[Quyen Chivinh] ​នៅវិមានសន្តិភាព ​នារសៀល​ថ្ងៃទី១៩ ​ខែតុលានេះ ​ដើម្បីស្វែងយល់​ពីលទ្ធផល ​នៃជំនួបវិស័យ​ការពារជាតិ​រវាងប្រទេស​កម្ពុជា ​និងវៀត​ណាមដែលត្រូវ​បានរៀបចំ​ធ្វើនៅកម្ពុជា​កន្លងមកនេះ ​ដែលចាត់ទុក​ជាកិច្ចសន្ទនា​កំរិតនយោបាយ​មួយរវាង​ ថ្នាក់អនុរដ្ឋមន្រ្តី ​និងរដ្ឋម​ន្រ្តីការពារជាតិ ​នៃប្រទេស​ទាំង២។ ​
ឯ.ឧ​. ង្វៀន ជីវិញ ​បានជំរាបជូន​សម្តេចតេជោថា ​ក្នុងជំនួបវិស័យ​ការពារជាតិ​កំរិតខ្ពស់លើក​ទី១ រវាង​ប្រទេសកម្ពុជា​ និងវៀតណាមនេះ ​គណៈប្រតិភូប្រ​ទេសទាំង២ ​បានពិភាក្សា ​និងផ្លាស់ប្តូរ​ យោបល់គ្នា​ពីការវិវត្តន៍​វិស័យការពារ​ជាតិ ទាំងទ្វេ​ភាគី ក្នុ​ងតំបន់ ​និងអន្តរជាតិ។​
ឯ.ឧ​. ង្វៀនជីវិញ ​ក៏បានស្នើសុំឲ្យ​ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ​បន្តយកចិត្តទុក​ដាក់លើវិស័យយោធា ​នៃប្រទេស​ទាំង២ ​កម្ពុជា-វៀតណាម ​ដោយប្រទេស​ទាំង២បានឯក​ភាពគ្នាលើ​កិច្ចសហប្រតិ​បត្តិការ​ ទាំងវិស័យន​យោបាយ ​សន្តិសុខ ​និងវិស័យការពារ​ជាតិ។ ​
ដូចគ្នានេះ ​សម្តេចតេជោ ​ក៏ចង់អោយ​បង្កើននូវកិច្ច​សហប្រតិបត្តិការ​ការពារជាតិរវាង​ប្រទេសទាំង២​ ឲ្យបានជិតស្និទ្ធ​ថែមទៀត ​ដោយមើលឃើញ​ថាស្ថានភាព​នយោបាយអន្តរ​ជាតិ ជាពិសេស​ក្នុងតំបន់ ​អាស៊ីប៉ាស៊ីហ្វិក ​កំពុងស្ថិត​ក្នុងស្ថានភាពក្តៅ។ ​ទន្ទឹមនេះ ស​ម្តេចតេជោ ​ហ៊ុន សែន ​ក៏បានលើក ​ឡើងថា ​ជាក់ស្តែងកិច្ច​សហប្រតិបត្តិការ​វិស័យការពា​រជាតិរវាងកម្ពុជានិ​ងវៀតណាម​ គឺមិនត្រឹមតែ​ ថ្នាក់ជាតិនោះទេ ​គឺមានរវាង​ភូមិភាគនិង​ភូមិភាគនៃប្រទសទាំ​ង២ផងដែរ ដើម្បី​ផ្លាស់ប្តូរព័ត៌មាន ​និងយល់​ដឹងពីគ្នា។ ​
យោងតាមការ​ជំរាបជូន​របស់ ឯ.ឧ​. ង្វៀន ជីវិញ ​ក្នុងជំនួបជា​មួយសម្តេចតេជោនេះ ​បញ្ជាក់ថាជំនួបវិស័យ​យោធាកំរិត​នយោបាយនេះ ​នឹងត្រូវធ្វើជា​លើកទី២នៅ​ក្នុងប្រទេសវៀតណាម​វិញម្តង ​នៅឆ្នាំក្រោយ។​



លោក​​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​ ថ្វាយ​សា​រលិខិត​ថ្លែងអំណ​រ​ព្រះគុណ​ស​ម្តេចម៉ែ​

លោកនា​យករដ្ឋមន្ត្រី ហ៊ុន សែ​ន នៅរសៀលថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២​០១៥នេះ បាន​ក្រាបបង្គំទួលថ្វាយ​លិខិតមួយច្បា​ប់ចំពោះសម្តេច​ព្រះមហា​ក្សត្រីយ៍ នរោត្តម មុនិ​នាថ សីហនុ​ ព្រះវររាជមា​តាជាតិខ្មែរ ក្នុង​សេរីភាព សេ​ចក្តីថ្លៃថ្នូរ និ​ងសុភមង្គល បន្ទាប់ពី​អង្គសម្តេចម៉ែ​ទ្រង់សព្វព្រះរាជ​ហរទ័យប្រោ​សព្រះរាជទាន​នូវការអបអរសា​ទរ និងប្រទានព្រះ​សព្ទសាធុការ​ពរបវរសួស្តីមង្គលវិបុលសុខ មហា​ប្រសើរចំពោះ​លោក ហ៊ុន សែន​ ក្នុងឱកាសដែ​លលោក ហ៊ុ​ន សែន បានទទួលសញ្ញា​បត្រកិត្តិយស ផ្នែកអក្សរ​សាស្ត្រ ពីសាកលវិទ្យា​ល័យក្វាងស៊ី នៃសា​ធារណរដ្ឋប្រជា​មានិតចិន នាថ្ងៃទី១៥ ខែតុ​លា ឆ្នាំ២០១៥ថ្មីៗនេះ។​
លោក ហ៊ុ​ន សែន បានទូលថ្វា​យសម្តេច​ម៉ែនៅក្នុងសារលិខិតថា « តបចំពោះ​ព្រះរាជហរទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់​បំផុត និងព្រះថោ​មវាទកថា ( ពាក្យ​សរសើរ) ដ៏មានអត្ថរ​សក្បោះក្បាយ ព្រមទាំងពាក្យ​ពេចន៍ព្រះពរជ័យប្រ​កបដោយអត្ថ​ន័យជ្រាលជ្រៅ​ឧត្តុង្គឧត្តម ខណៈនេះទូលព្រះបង្គំជាខ្ញុំនិង​ភរិយា សូមលំ​ឱនកាយ​វាចាថ្លែងនូវកា​រគោរពកោ​តស្ញប់ស្ញែងដោ​យសុទ្ធចិត្តបំផុត ថ្វា​យអង្គសម្តេចម៉ែ​ ជាអម្ចាស់ » ព្រមទាំងចាត់​ទុកថា កិត្តិយស​ដែលលោក បានទទួលក្នុងឱ​កាសនេះ ក៏ដូ​ចមុនៗ គឺជាកិត្តិយ​ស កិត្យានុភាព នៃព្រះ​រាជាណា​ចក្រកម្ពុជា ព្រមទាំងប្រជានុ​រាស្ត្រ ជាកូន ជាចៅ ចៅទួត ចៅលួតរបស់​អង្គសម្តេចម៉ែទូទាំង​ប្រទេសផងដែរ៕

កម្ពុជា នឹង​បើក​វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក នៅទីក្រុង​ភ្នំពេញ ក្នុងឆ្នាំ​២០១៧

តាមរយៈ​ជំនួប​រវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន  នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែតុលា នេះ  លោក ហ្វីលីព រ៉ូសស្លឺរ​(Philipp​ Roesler)  នាយក​គ្រប់​គ្រង និងជាសមាជិក​ក្រុមប្រឹក្សា​ភិបាល នៃវេទិកា​សេដ្ឋកិច្ច​ពិភព​លោក បានបញ្ជាក់ថា​ វេទិកាសេដ្ឋកិច្ច ពិភពលោក​ស្តីពីអាស៊ី​បូព៌ានៅ​ឆ្នាំ២០១៧ គ្រោង​នឹងធ្វើ​នៅទីក្រុង​ភ្នំពេញ ព្រោះ​នៅ​ចុងឆ្នាំ២០១៦ វេទិកា​នេះនឹង​ធ្វើនៅប្រទេស​ម៉ាឡេស៊ី​។

លោក ហ្វីលីព បានមើលឃើញថា កំណើនសេដ្ឋកិច្ចរបស់ កម្ពុជាមានល្បឿនថេរ ជាពិសេស​ក្នុងរយៈ​ពេល២​ទសវត្ស​ចុងក្រោយ​នេះ ដែលត្រូវបានគេ មើលឃើញ​ថាកម្ពុជាមាន​សេដ្ឋកិច្ចយ៉ាង​ល្អប្រសើរ ប្រកប​ដោយ​សន្តិភាព សន្តិសុខ ដែលនេះ​ជាកត្តាដែល​អាចបើក​វេទិកា​ពិភពលោក​ដ៏ធំនេះ​បាន​នៅកម្ពុជា៕

ក្នុងជំនួបនេះដែរ គណៈប្រតិភូ និងសម្តេចតេជោ ក៏បាន​សំណេះសំណាល​ជុំវិញការងារ នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​កន្លងមកសម្តេច​តេជោនាយក​រដ្ឋមន្ត្រីក៏ធ្លាប់​បានចូល​រួមនៅក្នុង វេទិកា​នេះដែរ​នៅ​ទីក្រុង​ហ្សាការ​តា ប្រទេស​ឥណ្ឌូនេស៊ី ហើយសម្តេច​តេជោ​ក៏ធ្លាប់បាន​ជួបជា មួយលោក ហ្វីលីព រ៉ូសស្លឺរ​ ផងដែរ។

លោក ហ្វីលីព រ៉ូសស្លឺរ​ បានបញ្ជាក់ពី​គោលបំណង សំខាន់នៅក្នុង​ឆ្នាំ២០១៦ ខាងមុខនេះ ដែលនឹង​មានរៀប​ចំវេទិកា​សេដ្ឋកិច្ច​ថ្នាក់តំបន់​មួយនៅ រាជធានីភ្នំពេញ ក្នុងនោះមានការ​ចូលរួម នៃប្រទេសកម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា  ដែលនេះ​គឺជាការលើក​កំពស់កិត្តិយស​របស់យើង ពាក់ព័ន្ធនឹង​បញ្ហាសេដ្ឋកិច្ច​ក្នុងតំបន់ ជាពិសេស​នៅពេល​ដែលប្រទេស​​ទាំងអស់ ​នឹងចូល​ក្នុ​ង​សហគម​សេដ្ឋកិច្ច​អាស៊ាន នៅចុង ឆ្នាំ២០១៥នេះ។

ទន្ទឹមនេះ លោក រ៉សស្លឺរ បានសន្យាថា​នឹងខិតខំ​សហការ ជាមួយកម្ពុជា​លើកិច្ចការនេះ ។

អបអរ​សាទរ​ទិវា​សន្តិភាព ២៣ តុលា ខួបទី ២៤


ការពន្យល់បកស្រាយអំពីការខិតខំប្រឹងប្រែងរបស់ សម្តេច តេជោ ហ៊ុន សែន និង អតីតព្រះមហាវីរៈក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ក្នុងការស្វែងរកដំណោះស្រាយ សន្តិភាព និងការបញ្ចប់សង្រ្គាមទាំងស្រុង នៅកម្ពុជាចាប់តាំងពី ឆ្នាំ ១៩៨៧ ដែល ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចងចាំជានិច្ចនូវបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ប្រមុខ ដឹកនាំកម្ពុជា៕






សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ


សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រាបបង្គុំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា


លោក ហ៊ុន សែន បានចាត់ទុកទិសដៅនយោបាយបក្សប្រឆាំង គឺនាំអន្តរាយដល់ប្រទេសជាតិ

លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បានបង្ហោះផ្សាយ​នូវសារនយោបាយ​ដ៏សំខាន់​១នៅថ្ងៃទី២០​ ខែតុលា ​ឆ្នាំ២០១៥នេះ ​ក្នុងបណ្តាញ​ផ្សព្វផ្សាយ​សង្គមហ្វេស​ប៊ុកផ្ទាល់ខ្លួន​ ឈ្មោះ Samdech Hun Sen,Cambodian Prime Minister ដែល​ដាក់ចំណង​ជើងថា​ទិសដៅនយោបាយ​បក្សប្រឆាំង ​គឺនាំអន្តរាយ​ដល់ប្រទេសជាតិ​។
ខាងក្រោមនេះ ​គឺជាខ្លឹមសារទាំង​ស្រុងនៃសារនយោបាយ​របស់លោក ​ហ៊ុន សែន៖​

 « ទិសដៅនយោបាយ​បក្សប្រឆាំង ​គឺនាំអន្តរាយដ​ល់ប្រទេសជាតិ​»

ដូចសាធារណៈជន​បានដឹង​ស្រាប់ហើយថា ​គណបក្ស​ប្រឆាំងតែងតែ​ឃោសនាភ្ជាប់​ជាមួយផ្នត់គំនិត​ចងគំនំ ​និងចង់ផ្តួល​រំលំ ដែល​ធ្វើអោយបាក់​បែកដល់ការ​បង្រួបបង្រួម​ជាតិ សន្តិភាព​ និង ចុង​ក្រោយអាចឈាន​ទៅរកសង្រ្គាម​ដែលផ្តើមចេញ​ដោយបក្សប្រ​ឆាំងខ្លួនឯង​តែម្តង ក្នុ​ងចំណោមសមា​ជិកអ្នកគាំ​ទ្ររបស់ខ្លួន។ ​តើមូលហេតុអ្វី​បានជាដូច្នោះ?
ចំណុច​ឃោសនាគ្រោះថ្នាក់​ធំៗមួយចំនួន​របស់បក្សប្រឆាំង​ដូចជា ​នៅពេលដែល​គណបក្សប្រឆាំងជា​ប់ឆ្នោត គឺគណបក្ស​ប្រឆាំងនឹង​បង្កើតតុលាការ​កាត់ទោសអ្នក​រកស៊ីខុស​ច្បាប់។ អញ្ចឹង​អ្នករកស៊ីមាន​បាននៅកម្ពុជា​សព្វថ្ងៃគឺសុទ្ឋតែ​ជាអ្នករកស៊ី​ខុសច្បាប់? ​ហើយបើខុ​សច្បាប់ ចុះ​ម៉្តេចមិនប្តឹង​ទៅតុលាការនៅ​ពេលនេះតែម្តង? ​អញ្ចឹងនៅពេល​ដែលបក្ស​ខ្លួនជាប់ឆ្នោត​គឺនឹងបង្កើតច្បាប់​និងអ្វីៗថ្មី​ទាំងអស់ ​រួមទាំងរចនា​ម្ព័ន្ឋក្រសួងមន្ទីរ​ តួនាទីមុខតំណែង​របស់មន្រ្តីរាជការ​ដូចជា ​កងទ័ពជាតិ ​និងនគរបាលជាតិ​ជាដើម ។ល។ ​តើអាចទៅរួចទេ? ហើយនឹងមាន​អ្វីកើតឡើងនៅ​ពេលសភាពការណ៍​ផ្លាស់ប្តូរច្របូក​ច្របល់កើតឡើ​ង?
មួយវិញទៀត ​គឺបក្សប្រឆាំង​តែងតែឃោស​នាអូសទាញ​អ្នកគាំទ្រដោយ​សន្យាថា ​អ្នកដែលមានមុខងារ​តួនាទីសព្វថ្ងៃ ​គឺមិនផ្លាស់​ប្តូរចេញទេអោយ​តែគាំទ្របក្សខ្លួន​ ចំណែកឯ​អ្នកគាំទ្រថ្មីៗ បើបក្សឈ្នះ​ឆ្នោតគឺនឹងបាន​ទទួលតំណែង​តួនាទីជាមិនខាន។ ​ពលរដ្ឋដែលចង់​បានបុណ្យសក្តិ​គឺពិតជាបាន​ចំណាយទុន​ ដោយលក់សព្វ​លក់គ្រប់យក​មកជួយបក្ស​។
ឧបមារថា​បក្សប្រឆាំង​ឈ្នះពិតមែន ​បើតាមការសន្យា គឺ​អ្នកចាស់មិនដក​ រីឯអ្នកថ្មីក៏​ចូលមិនបាន។ ​តើពេលនោះនឹង​មានអ្វីកើត​ឡើង? ​មន្រ្តីរាជការ​ និងអ្នកគាំទ្រ​ដែលអស់លុយ​កាក់មួយចំនួន​ធំប្រាកដជាមិន​ព្រមទេ ​អំពើហឹង្សា ​ការបះបោរនឹង​កើតមានឡើងដែ​លឈានទៅរក​សង្រ្គាមដណ្តើម​អំណាចបុណ្យសក្តិ​ ដែលកើតចេញ​ពីការសន្យារ​បស់បក្សប្រឆាំង​ខ្លួនឯង។
សូ​មប្រជាពលរដ្ឋ ​មន្រ្តីរាជការ​ និងយុវជន​ដែលកំពុងលង់​ខ្លួនអស់លុយកាក់​នឹងការសន្យាអូសទាញ​អោយមានការ​ផ្លាស់ប្តូរ​ ដែលអាចឈាន​ទៅរកសង្រ្គាម ​និងការបែកបាក់​ត្រូវពិចារណា។ ​ការឃោសនារបស់​បក្សប្រឆាំង​សព្វថ្ងៃគឺគ្មាន​អ្វីខុសពីការឃោ​សនារបស់ខ្មែរ​ក្រហមឡើយ ​ដែលមុននឹង​បានកាន់កាប់​អំណាចគឺខ្មែរ​ក្រហមបានឃោសនាថានឹ​ងកាត់ទោសមន្រ្តីរាជ​របស់អតីត​រដ្ឋាភិបាលពីមុន​ចំនួន៧ នាក់​ ដោយចោទថា​ពួកគេក្បត់ជាតិ។​ តែក្រោយពីគេក្តាប់​អំណាចពេញដៃ​ហើយ គឺខ្មែរក្រហម​បានចោទប្រកាន់​ពលរដ្ឋខ្លួនឯង​សុទ្ឋតែជាខ្មាំង និងជន​ក្បត់ជាតិទាំង​អស់ដែលខ្មែរ​ក្រហមបានស​ម្លាប់ចោលអស់​៣លាននាក់។​

សូមបងប្អូន​ពិចារណា ព្រោះ​សន្តិភាពសំខាន់​ណាស់ យើង​ខិតខំប្រឹង​ប្រែងយូរណាស់ទ​ម្រាំបានសន្តិភាព​ពេញលេញមក​ទល់សព្វថ្ងៃ។ ​សម្តេចតេជោ ​ហ៊ុន សែន ​ប្រធានគណ​បក្សប្រជាជន​ ប្តេជ្ញាថែរក្សាការពារ​សុខសន្តិភាព​ជូនពលរដ្ឋខ្មែរ​ មិនអោយមាន​ជនណាមក​បំផ្លិចបំផ្លាញបាន​ឡើយ៕​


វិដេអូបទយកការណ៍ ស្តីពីការត្រៀមលក្ខណៈសម្បត្តិឈានចូលទីផ្សារការងារប្រកបដោយប្រសិទ្ធិភាព (១៥៧)

វីដេអូឯកសារ ស្តីពី បណ្តាញផ្លូវបុរាណនៃចក្រភពខ្មែរ