Monday, October 09, 2017

លោក ហ៊ុន សែន បញ្ជាក់ថា ការទិញស្ពានព្រែកព្នៅ និងផ្លូវពីឯកជនមកគ្រប់គ្រងវិញ គឺដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងការបង់ថ្លៃ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងជាថ្មីម្តងទៀតនៅចំពោះមុខនិស្សិតជ័យលាភី អាណាព្យាបាល និងសាស្រ្តាចារ្យទាំងអស់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជាថា ការសម្រេចចិត្តទិញយកស្ពានព្រែកព្នៅ និងផ្លូវជាតិពីឯកជនមកគ្រប់គ្រងវិញ ដោយសារប្រជាពលរដ្ឋមានការលំបាកក្នុងការបង់ថ្លៃ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ លោក បានប្រកាសម្តងរួចមកហើយ តាមហ្វេសប៊ុកផ្ទាល់ខ្លួនថា ស្ពានព្រែកព្នៅ និងផ្លូវជាតិដែលគ្របដណ្តប់លើផ្ទៃដី ៤០ហិកតា ជាប់ពីផ្លូវជាតិលេខ៦ មកលេខ ៥ ដែលវិនិយោគដោយក្រុមហ៊ុនឯកជនមានរយៈពេល៤០ឆ្នាំ គឺបានទិញយកមកគ្រប់គ្រងវិញហើយ។ តាមពិតក្រុមហ៊ុនឯកជនបានអនុវត្តន៍អស់៧ ឆ្នាំហើយ គឺនៅសល់ ៣៣ ឆ្នាំទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ដោយសារប្រជាពលរដ្ឋមានការលំបាកក្នុងការបង់ថ្លៃ ដូច្នេះរាជរដ្ឋាភិបាលសម្រេចចិត្ត ទិញយកពីឯកជនមកវិញ គឺចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ គឺប្រជាពលរដ្ឋឆ្លងស្ពានព្រែកព្នៅ គឺមិនចាំបាច់បង់ថ្លៃទៀតទេ។ លោក ក៏បានសង្កត់ធ្ងន់ផងដែរថា យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ដើម្បីប្រទេសជាតិកាន់តែរីកចម្រើនតទៅមុខទៀត៕





លោក ហ៊ុន សែន ថ្លែងថា ដើម្បីក្លាយជាប្រទេសអភិវឌ្ឍបាន យើងត្រូវមានធនធានមនុស្សគ្រប់គ្រាន់ និងគ្រប់វិស័យ

នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសអភិវឌ្ឍបាន ចាំបាច់យើងត្រូវមានធនធានមនុស្ស គ្រប់គ្រាន់បម្រើគ្រប់វិស័យ និងអនុវិស័យ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាពីមុន គេឃើញថាជាទីតាំងនៃសមរភូមិ និងជាទីតាំងនៃវាលពិឃាត និងជាទីតាំងនៃសមរភូមិវាយប្រហារគ្នា ប៉ុន្តែឥឡូវ គឺជាកម្ពុជាមួយដែលមានសុខសន្តិភាព និងមានការអភិវឌ្ឍ។ ប្រទេសកម្ពុជាមួយដែលញាំញីដោយភាពក្រីក្រ១០០% យើងបន្តនូវការខិតខំទម្លាក់អត្រានៃភាពក្រីក្រ ឱ្យមកនៅត្រឹមប្រមាណ១៣%។ កម្ពុជាពីមុន ជាប្រទេសដែលមានប្រាក់ចំណូលទាប ក៏ប៉ុន្តែសព្វថ្ងៃនេះ កម្ពុជាបានក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងមានមហិច្ឆិតាសម្រេចឱ្យបានទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា គោលដៅប្រកបដោយមហិច្ឆិតា រាប់ទាំងគោលដៅដាក់ចេញជាផែនការ ផែនទីចង្អុលផ្លូវសម្រាប់ការលូតលាស់ប្រទេសរបស់យើងនៅក្នុងឆ្នាំ២០៥០ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍។ នេះជាគោលដៅប្រកបដោយមហិច្ឆិតា ប៉ុន្តែដោយសារការខិតខំរបស់យើងទាំងអស់គ្នា ក្នុងនោះមានការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់អភិវឌ្ឍឈានឆ្ពោះទៅរកប្រទេស ដែលមានប្រាក់ចំណូមមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានការអភិវឌ្ឍ គឺតម្រូវឱ្យមានធនធានមនុស្សគ្រប់គ្រាន់ និងបម្រើគ្រប់វិស័យ និងអនុវិស័យទាំងអស់ ទើបអាចក្លាយជាប្រទេសដែលមានការអភិវឌ្ឍបែបនេះ៕








ធនាគារជាតិនៃកម្ពុជា បើកសិក្ខាផ្សព្វផ្សាយដល់ស្ថាប័ន និងភាគីពាក់ព័ន្ធ អំពីការវិវត្តថ្មីៗនិងបញ្ហាប្រឈមនៃវិស័យមីក្រូហិរញ្ញវត្ថុ

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយជូនស្ថាប័ន និងភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន អំពីការវិវត្តថ្មីៗនិងបញ្ហាប្រឈមនៃវិស័យមីក្រូហិរញ្ញវត្ថុ និងរួមគ្នាអនុវត្តដំណោះស្រាយ ដើម្បីឲ្យការអភិវឌ្ឍនៃវិស័យនេះ កាន់តែមាននិរន្តរភាពនាពេលអនាគត។
សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ ភិរុណ អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល អភិបាលរង ស្ថាប័នតុលាការ ស្នងការនគរបាល កងរាជអាវុធហត្ថ និងជាពិសេស អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ទូទាំងខេត្តកណ្តាល សរុបប្រមាណ ៦០០ នាក់ ៕




ខេត្តស្វាយរៀង ត្រៀមរៀបចំពិធីសម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​អគារសាល​ប្រជុំធំ​សាលាខេត្ត​ នាខែធ្នូ​ ឆ្នាំ២០១៧​ខាងមុខនេះ​

ស្វាយរៀង៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងអភិបាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យការតុបតែងអគារសាលប្រជុំធំសាលាខេត្ត ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។

សូមបញ្ជាក់ថា អគារសាលប្រជុំធំសាលាខេត្តនេះ បានចាប់ផ្ដើមដំណើរការសាងសង់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ និងបានបញ្ចប់ការសាងសង់កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ដែលមានទំហំ ១.១០៤ម៉ែត្រការ៉េ បណ្ដោយ ៤០ម៉ែត្រ ទទឹង២៧ម៉ែត្រ កម្ពស់ ១៩,៦៥ម៉ែត្រ ស្ថិតនៅក្នុងបរិវេណសាលាខេត្តស្វាយរៀង។ អគារសាលប្រជុំនេះ គឺជាសមិទ្ធផលថ្មី និងជាហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងសម្រាប់ជួយសម្រួលដល់ការរៀបចំកិច្ចប្រជុំ និងកម្មវិធីផ្លូវការនានារបស់រដ្ឋបាលខេត្តស្វាយរៀងផងដែរ៕


លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងសម្ពោធលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីស្តីការក្រសួងការបទេស

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញសម្ពោធលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ស្អែកនេះ នាទីស្តីការក្រសួងការបរទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ។
បើតាមក្រសួងការបទេស ពិធីសម្ពោធ លេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងមានការចូលរួមពី អគ្គរាជ/រដ្ឋទូត ឬ តំណាងនៃបណ្តាប្រទេសមេគង្គ-ឡានឆាង ប្រចាំនៅកម្ពុជា រួមមាន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងចិន និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផងដែរ។
ក្រសួងការបទេសបានឲ្យដឹងថា ពិធីសម្ពោធលេខាធិការដ្ឋានជាតិនេះ បង្ហាញពីការចូលរួមរបស់កម្ពុជា ជាមួយបណ្តាប្រទេស អាស៊ីអាគ្នេយ៍បួនទៀត ដែលមានទីតាំងភូមិសាស្រ្ត នៅតាមបណ្តោយទន្លេមេគង្គ ក្នុងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីលើកកំពស់ការអភិវឌ្ឍនៅក្នុងតំបន់ ជាមួយគោលបំណងបង្កើតសហគមន៍ដែលមានអនាគតប្រកបដោយសន្តិភាព និងវិបុលភាព រួមគ្នាមួយ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ចាប់តាំងពីត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បាន អនុម័តការប្តូរវេនគ្នា រៀងរាល់ពីរឆ្នាំម្តងនៅក្នុងចំណោមប្រទេស ដែលនៅតាមបណ្តោយទន្លេមេគង្គ ដើម្បីធ្វើសហប្រធានជាមួយប្រទេសចិន ដែលជាប្រធានអចិន្រ្តៃយ៍នៃទន្លេឡានឆាង នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ ការសំរេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព ក៏ដូចជាការជំរុញការផ្លាស់ប្តូរផ្នែកសង្គម វប្បធម៌ និងរវាងប្រជាជន ផងដែរ។
គួរកត់សម្គាល់ថា ក្នុងគោលបំណងពង្រឹងបន្ថែមទៀត យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រទេសទាំង៦នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី២ កាលពីខែធ្នូ ឆ្នាំ ២០១៦ នៅខេត្តសៀមរាប បង្កើតឲ្យមានលេខាធិការដ្ឋានជាតិ/អង្គភាពសម្របសម្រួលមួយ នៅក្នុងក្រសួងការបរទេសនៃប្រទេសនីមួយៗ។ បន្ថែមពីនេះប្រទេសកម្ពុជា ក៏នឹងធ្វើជាម្ចាស់ផ្ទះ និងធ្វើសហប្រធានជាមួយប្រទេសចិន សំរាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅក្នុងខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ផងដែរ៕



លោក ហ៊ុន ម៉ានី ចុះសួរសុខទុក្ខពលករខ្មែរបម្រើការនៅប្រទេសថៃ និងប្រាប់ពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា

តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ អមដំណើរដោយ ថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូប បានទៅបំពេញទស្សនៈកិច្ច និងសាកសួរសុខទុក្ខសំណេះសំណាល ជាមួយបងប្អូន ពលករខ្មែរប្រមាណជាង៤០០នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន CPF Co.,Ltd ស្ថិតនៅ ខេត្តឆាក់ឈើងសៅ ប្រទេសថៃ។
លោក ហ៊ុន ម៉ានី បានលើកឡើងអំពីកិច្ចគាំពារ និងការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងក្លារបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះបងប្អូនពលករខ្មែរ ដែលនៅធ្វើការងារនៅក្រៅ ប្រទេស ជាពិសេសស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដែលបានខិតខំសម្របសម្រួលបំពេញឯកសារស្របច្បាប់ ជូនដល់ពលករខ្មែរ ដែលមិនទាន់មានភាព ស្របច្បាប់ក្នុងការធ្វើការងារ។
លោក ហ៊ុន ម៉ានី បន្តថា រាជរដ្ឋាភិបាល នឹងបន្តសម្របសម្រួលជូនដល់ពលករខ្មែរ រហូតដល់ទទួលបានភាព ស្របច្បាប់គ្រប់ៗគ្នា។

បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល លោក ហ៊ុន ម៉ានី បានបន្ដដឹកនាំគណៈប្រតិភូ អញ្ជើញជួបសួរសុខទុក្ខ ដោយផ្ទាល់ ជាមួយបងប្អូនពលករខ្មែរ ដោយទទួលបាននូវការស្វាគមន៍ ប្រកបដោយភាពរីករាយ រាក់ទាក់ ចំពោះប្រតិភូកម្ពុជា ព្រមទាំងបាននាំគ្នាថតរូបជុំគ្នា យ៉ាងសប្បាយរីករាយ និងគាំទ្រចំពោះដំណើរទស្សនៈកិច្ច នាពេលនេះយ៉ាងក្រៃលែង៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)

នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចំនួន ៥,៨០៨នាក់ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ថ្លែងទៅកាន់អង្គពិធី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរ និងអបអរសាទរដល់ជ័យលាភីទាំងអស់និងបានកោតសរសើរអំពីនិរន្តរភាព និងការរីកធំធាត់នៃសាកលវិទ្យាល័យ CUS។ លោក ក៏បានកោតសរសើរដល់ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យដែលបានយកចិត្តទុកដាក់ខិតខំបណ្តុះបណ្តាលនិស្សិត រហូតបានបញ្ចប់ការសិក្សា ដែលក្នុងនោះគឺមានចំនួន ៨៩% មានការងារធ្វើ។
មុននឹងបញ្ចប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) និងនិស្សិតជ័យលាភីទាំងអស់ដែលទទួលបានជោគជ័យក្នុងថ្ងៃនេះ បន្ទាប់មកលោក បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់តំណាងនិស្សិតទាំងអស់នៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង៕





ហ្វេសប៊ុក សម្លេងយើង៖ ហេតុអ្វីបានជាប្រជាធិបតេយ្យត្រូវបានបញ្ចប់បើក្រុមប្រឆាំងមិនដែលទទួលស្គាល់ថា កម្ពុជាមានប្រជាធិបតេយ្យផង?

នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ គណនីហ្វេសប៊ុក សម្លេង យើង បានបង្ហោះផ្សាយនូវអត្ថបទមួយ ដោយដាក់ចំណងជើងថា « ហេតុអ្វីបានជាប្រជាធិបតេយ្យត្រូវបានបញ្ចប់ បើក្រុមប្រឆាំងមិនដែលទទួលស្គាល់ថា កម្ពុជា មានប្រជាធិបតេយ្យផង …?» ដែលមានខ្លឹមសារដូចខាងក្រោម៖

ក្រុមនិន្នាការប្រឆាំងទាំងក្នុង ទាំងក្រៅប្រទេសមិនដែលទទួលស្គាល់ម្តងណាទេ នូវនីត្យានុកូលភាពប្រជាធិប តេយ្យនៃការបើកសម័យប្រជុំដំបូងនៃរដ្ឋសភា រួមទាំងការបង្កើតរាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោត។
សេណារីយោនៃបដិវត្តន៍ពណ៌របស់គណបក្សប្រឆាំងដែលទទួលបញ្ជាពីបរទេស គឺចាប់ផ្តើមក្រោមលេសប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដោយលាបពណ៌ថា “គ.ជ.ប. លួចសន្លឹកឆ្នោត”។

ការបញ្ឆេះកំហឹងអ្នកគាំទ្រតាមរយៈនេះ ធ្វើឲ្យមេដឹកនាំបក្សប្រឆាំងបោះជំហានសាកល្បងប្រមូលកម្លាំងតវ៉ា ដើម្បីឈានទៅ “បដិវត្តន៍មហាជន” តាមដងផ្លូវឲ្យបះ​បោរប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ ដំណាលគ្នានោះ ក្រុមបេក្ខជនជាប់ឆ្នោតរបស់បក្សប្រឆាំងប្រើវិធី “ពហិកា” ក្នុងការបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ ដើម្បីកុំឲ្យរដ្ឋសភានីតិកាលថ្មីចូលកាន់តំណែង។ ពហិកានេះ បង្កើតជាលេសដើម្បីចោទថាទាំងរដ្ឋសភា ទាំងរាជរដ្ឋាភិបាលសុទ្ធតែ “អធម្មនុញ្ញភាព” ទាំងអស់ ដោយអះអាងថា រដ្ឋាភិបាល “ខុសច្បាប់” ព្រោះកើតចេញពីរដ្ឋសភា “មិនគ្រប់ទឹក” ហើយធ្វើយុទ្ធនាការឲ្យសហគមន៍អន្តរជាតិកុំទទួលស្គាល់ និងផ្តាច់ជំនួយ។ សេណារីយោបែបទុច្ចរិតនេះត្រូវទទួល​បរាជ័យ។

ទីបំផុតគម្រោងបដិវត្តន៍ពណ៌នេះ ត្រូវបានលោក កឹម សុខា ទម្លាយការពិតជាសាធារណៈជាមួយនឹងអំនួតថាអាមេរិកជាអ្នកបញ្ជាដែលតម្រូវឲ្យមានចំណាត់ការផ្លូវច្បាប់ព្រហ្មទណ្ឌជាបុគ្គលក្នុង “បទក្បត់ជាតិ” ផង និងចំណាត់ការផ្លូវច្បាប់មកលើគណបក្សសង្គ្រោះជាតិ ប្រឈមនឹងការរំលាយចេញពីបញ្ជីនៃប្រព័ន្ធពហុបក្សនៅកម្ពុជាផង។ ស្ថិតក្នុងអនាគតមិនច្បាស់លាស់របស់គណបក្សសង្គ្រោះជាតិ បែរជាក្រុមនិន្នាការប្រឆាំងចោទថាប្រជាធិបតេយ្យនៅកម្ពុជាត្រូវបញ្ចប់ ដោយពួកទាំងនោះ ភ្លេចគិតថាកន្លងមកខ្លួនមិនដែលទទួលស្គាល់ថាកម្ពុជាមានប្រជាធិបតេយ្យផងនោះ។ គេថែមទាំងអះអាងថា បើគណបក្សសង្គ្រោះជាតិត្រូវរំលាយនោះរដ្ឋសភា និងរដ្ឋាភិបាល ក៏បាត់បង់ភាពស្របច្បាប់ ដែលអ្នកទាំងនោះមិនដែលទទួលស្គាល់ថា រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៥ ស្របច្បាប់ មានធម្មនុញ្ញភាពម្តងណាឡើយផងដែរហ្នឹង។

សរុបសេចក្តីទៅ កម្ពុជាជារដ្ឋឯករាជ្យអធិបតេយ្យ ដោយមិនចំណុះនឹងការដាក់ពិន្ទុពីមជ្ឈដ្ឋានបរទេសណាឡើយ ហើយម៉្យាងទៀតបុព្វហេតុនៃការអនុវត្តប្រជាធិបតេយ្យ គឺកម្ពុជាស្ថិតក្រោមកាតព្វកិច្ចរក្សាសន្តិភាព និងពង្រឹងនីតិរដ្ឋដែលគណបក្សអាយ៉ងបរទេសពុំអនុញ្ញាតឲ្យមានក្នុងប្រព័ន្ធពហុបក្សកម្ពុជាជាដាច់ខាត៕

(ប្រភព៖ ហ្វេសប៊ុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា)


បទវិភាគ៖ តើកម្ពុជាត្រូវការបក្សប្រឆាំងបែបណា?

ការផ្តួលរំលំរបបខ្មែរក្រហម ការបើកផ្លូវឲ្យមានប្រជា ធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម ការនាំមកនូវសន្តិភាពពេញលេញ និងការប្រែក្លាយប្រទេសពីគំនរផេះផង់ឲ្យស្គាល់ការអភិវឌ្ឍប្រហាក់ប្រហែល ឬលើសប្រទេសជិតខាងខ្លះផងនោះ គឺជាសមិទ្ធផលដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា។ ប្រទេសដ៏កំសត់មួយនេះបានព្យាយាមលុបបំបាត់ស្លាកស្នាមខ្មៅងងឹតពីអតីតកាលហើយកំពុងប្រឹងឈរស្មើមុខមាត់គេឯងក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ទោះជាយ៉ាងនេះក៏ដោយ ក៏កម្ពុជាដ៏កំសត់ត្រូវការបន្ត ដំណើរទៅមុខដ៏វែងឆ្ងាយទៀតដើម្បីស្វែងរកការអភិវឌ្ឍមួយដែលប្រជាពលរដ្ឋគ្រប់គ្នាទទួលបានផលប្រយោជន៍ និងទទួលបានកាន់តែច្រើនជាងមុន ហើយជាការអភិវឌ្ឍប្រកបដោយនិរន្តរភាពដោយឈរលើមូលដ្ឋានសន្តិភាព និងស្ថិរភាពនយោបាយ។ ដើម្បីសម្រេចគោលដៅនេះ វាទាមទារចាំបាច់នូវការចូលរួមពីខ្មែរគ្រប់គ្នា និងគ្រប់មជ្ឈដ្ឋានដោយប្រើប្រាស់កម្លាំងសរុប និងបញ្ញាស្មារតីសរុប ដើម្បីជួយបំពេញបន្ថែមគ្នាទៅវិញទៅមកប្រកប ដោយសុឆន្ទៈនិងភាពស្មោះត្រង់។

ប៉ុន្តែគួរឲ្យសោកស្តាយជាពន់ពេកណាស់ ខណៈដែលប្រទេសកំពុងត្រូវការអ្នកជួយចូកជួយចែវដើម្បីឲ្យនាវាកម្ពុជាលឿនលយទៅមុខបែរជាកម្ពុជាមានបក្សប្រឆាំងមួយដែលដើរបញ្ច្រាសពីចរន្តនេះទៅវិញ។ មួយថ្ងៃៗ គេលឺតែពាក្យញុះញង់ វាយប្រហារ ប្រមាថកាតទាន និងលាបពណ៌ ដើម្បីតែគោលដៅដណ្តើមអំណាចតែមួយ មុខគត់។ ជាងពីរទសវត្សរ៍បន្ទាប់ពីមានវត្តមានបក្សប្រឆាំង គណបក្សនេះគ្មានបានកសាងសមិទ្ធផលសូម្បីតែប៉ុនក្រចកដៃសម្រាប់ប្រទេសជាតិ និងប្រជាជន មិនបានកសាងផ្លូវសូម្បីមួយចំអាម បង្គន់សូម្បីតែមួយ ប្រឡាយទឹកសូម្បីកន្លះម៉ែត្រសូម្បីបង្កាន់ដៃស្ពានតែមួយ ឬសូម្បីសាលារៀនតែមួយបន្ទប់ក៏គ្មានដែរ….ប៉ុន្តែ អ្វីដែលបក្សប្រឆាំងបានកសាងគឺ វប្បធម៌ស្តីបន្ទោស ចងគំនុំ និងការស្អប់ខ្ពើមគ្នា ស្អប់ខ្ពើមជាតិសាសន៍ ដែលធ្វើឲ្យសង្គមបែកបាក់យ៉ាងជ្រាលជ្រៅ។ ខ្មែរចេះចាប់កំហុស បន្តុះបង្អាប់ មើលបំណាំ និងរិះគន់វាយ ប្រហារគ្នាតាមបែបក្តិចត្រួយ ដែលជាវប្បធម៌ដ៏អាក្រក់បំផុត។ បក្សប្រឆាំងចេះតែបំផុសគំនិតឲ្យមានរឿងចលាចល ហិង្សា ក្រោមលេសថា ជាការប្រើប្រាស់សេរីភាពតាមបែបប្រជាធិបតេយ្យ។

កំហុសដ៏ធ្ងន់ធ្ងរបំផុតរបស់បក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួននារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះគឺ ពួកគេបង្រៀនមនុស្សឲ្យចេះបះបោរប្រឆាំងរដ្ឋាភិបាល បង្រៀនមនុស្សឲ្យចេះប្រើហិង្សា ដុតបំផ្លាញ និងវាយ កម្ទេច តាមរយៈការបញ្ចូលមនោគមន៍វិជ្ជាឲ្យពលរដ្ឋជឿថា នោះជាសេរីភាព។ ប៉ុន្តែ ពួកគេមិនដែលបានបង្រៀនទាល់តែសោះអំពីការទទួលខុសត្រូវ សីលធម៌ និងសុវជីវធម៌ក្នុងការរស់នៅ អំពីការគោរពច្បាប់ និងអំពីទោស ទណ្ឌដែលបង្កដោយដោយអំពើខុសច្បាប់នោះទេ។

ផ្ទុយទៅវិញ មន្ត្រីបក្សប្រឆាំងតាំងពីថ្នាក់លើដល់ថ្នាក់ ក្រោមដើរតួជាគំរូអាក្រក់ក្នុងការបំពានច្បាប់។ ជាក់ស្តែង លោក សម រង្ស៊ី អតីមេបក្សប្រឆាំងគឺជាតួអង្គដែលបង្រៀនឲ្យអ្នកគាំទ្ររបស់ខ្លួនចេះប្រសម្តីវាយប្រហារ ចាក់ដោត ញុះញង់ និងបំផុសកំហឹងស្អប់ពូជសាសន៍។ លោក សម រង្ស៊ី ខ្លួនឯងហ៊ានរហូតដល់ទៅដឹកនាំប្រជា ជនទៅដកបង្គោលព្រំដែនថែមទៀត។ លោក ហុង សុខហួរ ធ្វើដល់ទៅសមាជិកព្រឹទ្ធសភា បែរជាហ៊ានបង្ហោះសន្ធិសញ្ញាក្លែងក្លាយហើយនិយាយញុះញង់តាមហ្វេសប៊ុកឲ្យពលរដ្ឋជឿថា រដ្ឋាភិបាលកម្ពុជាចុះសន្ធិសញ្ញាជាមួយវៀតណាមដើម្បីរំលាយបន្ទាត់ព្រំដែន។ លោក អ៊ុ សំអាន ដែលជាតំណាងរាស្ត្រហ៊ានរហូតដល់ទៅបង្ហោះផែនទីក្លែងក្លាយក្នុងគោលបំណងបំភាន់ប្រជាជនឲ្យបះបោរប្រឆាំងរដ្ឋាភិបាល។ នៅមានរឿងរ៉ាវជាច្រើនទៀតដែលពិបាកនឹងពិពណ៌នាឲ្យអស់សេចក្តី។ ជំនាញដ៏សំខាន់មួយទៀតរបស់បក្សប្រឆាំងនៅកម្ពុជាគឺ ការដើរចាក់រុកសហគមន៍អន្តរជាតិឲ្យផ្តាច់ជំនួយឈប់ជួយកម្ពុជាពីព្រោះពួកគេយល់ថា ជំនួយទាំងនោះអាចជួយឲ្យប្រទេសជាតិរីកចម្រើន។ បើប្រទេសរីកចម្រើន ពួកគេព្រួយបារម្ភថា គុណសម្បត្តិនឹងធ្លាក់ទៅលើរដ្ឋាភិបាលបក្សកាន់អំណាច។ និយាយតាមបែបផ្សេង បក្សប្រឆាំងនៅកម្ពុជាដើរតួនាទីជាអ្នកប្រឆាំងនឹងការអភិវឌ្ឍប្រឆាំងនឹងភាពស្ងប់សុខ ប្រឆាំងនឹងសន្តិភាព ពីព្រោះរបស់ទាំងនេះជាឧបសគ្គដែលធ្វើឲ្យពួកគេពិបាករកលេសអ្វីដើម្បីស្វែងរកសំឡេងឆ្នោត។

ទីបំផុត លោក កឹម សុខា ប្រធានបក្សសង្គ្រោះជាតិក៏បាននិយាយចេញមកដោយខ្លួនឯងអំពីផែនការក្បត់ជាតិដ៏ធំតាមរយៈគំរោងការផ្តួលរំលំរដ្ឋាភិបាលទៅតាមការបង្គាប់ បញ្ជានិងផែនការ យុទ្ធសាស្ត្រនិងយុទ្ធវិធីរបស់សហរដ្ឋ អាមេរិក។ ពាក្យសម្តីលោក កឹម សុខា អាចឆ្លុះបញ្ចាំងបានយ៉ាងល្អនូវទង្វើទាំងឡាយរបស់បក្សប្រឆាំងដូចបានរៀបរាប់ខាងដើម។ គោលដៅរបស់ពួកគេគឺការផ្តួលរំលំរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានេះឯង។

អំពើអាក្រក់របស់បក្សសង្គ្រោះជាតិទាំងអស់នេះហើយ​ដែលបាន​រុញច្រានគណបក្សប្រឆាំងឲ្យធ្លាក់ដល់ចំណុចមាត់ជ្រោះគ្រោះថ្នាក់។ គណបក្សនេះកំពុងប្រឈមមុខ​នឹងការរំលាយចោលក្នុងពេលដ៏ខ្លីខាងមុខ។ ទោះជាគណបក្សនេះព្យាយាមទម្លាក់កំហុសមកលើរដ្ឋាភិបាល ប៉ុន្តែ តាមពិតទៅនេះជាអំពើបាបកម្មដែលពួកគេបានសាងតែប៉ុណ្ណោះ ។ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ការរំលាយបក្សសង្គ្រោះជាតិនៅពេលនេះវាគឺជាការសង្គ្រោះជាតិនិងរំដោះគ្រោះដ៏អាក្រក់មួយទៅវិញទេ ពីព្រោះប្រសិនបើគេអនុញ្ញាតឲ្យគណបក្សនេះបន្តស្ថិតនៅទៀតនោះ ប្រទេស ជាតិអាចនឹងធ្ល

ធ្លាក់ទៅក្នុងភាពវឹកវរ កលិយុគ សារជាថ្មីជាក់ជាមិនខាន។

បន្ទាប់ពីបក្សសង្គ្រោះជាតិនឹងរលាយបាត់ទៅតើកម្ពុជាត្រូវការបក្សប្រឆាំងរបៀបណា? ចម្លើយគឺ កម្ពុជាត្រូវការបក្សប្រឆាំងដែលចេះជួយបំពេ ញបន្ថែមចំណុចខ្វះខាតរបស់បក្សកាន់អំណាច តាមរយៈការរិះគន់ស្ថាបនា ការកៀរគរជំនួយពីបរទេសមកជួយអភិវឌ្ឍន៍ប្រទេស ការកសាងវប្បធម៌សន្តិភាព និងបង្រួបបង្រួមជាតិ ការប្រណាំងប្រជែងជាមួយបក្សកាន់ អំណាចដោយប្រើគោលនយោបាយដោយប្រើសមត្ថភា ពដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេស ការធ្វើជាគំរូដល់ពលរដ្ឋក្នុងការគោរពច្បាប់ ការបង្រៀនពលរដ្ឋឲ្យចេះទទួលខុសត្រូវ និងចេះសន្ទនាប្រកបដោយភាពស្មោះ ត្រង់ជាមួយបក្សកាន់អំណាច ចេះបង្ហាញសាមគ្គីភាព និងមោទនភាពជាតិជាមួយបក្សកាន់អំណាចក្នុងនាមជាខ្មែរក្នុងកាលៈទេសៈចាំបាច់មួយចំនួនដូចជាក្នុងករណីដែលបរទេសឈ្លានទឹកដីឬ ក្នុងការបង្ហាញមោទនភាពជាតិដូចជាការចុះបញ្ជីប្រាសាទបូរាណណាមួយជាសម្ប ត្តិបេតិកភណ្ឌពិភពលោកឬក៏ក្នុងករណីដែលកីឡាករខ្មែរទទួលបានមេដាយមាសពីការប្រកួតជាលក្ខណៈអន្តរ ជាតិជាដើម។

គឺខុសពីបក្សប្រឆាំងសព្វថ្ងៃដែលចាត់ទុករដ្ឋាភិបាលបក្សកាន់អំណាចជាសត្រូវចាត់ទុកប្រមុខដឹកនាំប្រទេសជាជនដែលត្រូវកម្ទេច និងចេះតែប្រឆាំងគ្រប់រឿងសូម្បីតែរឿងនោះល្អក៏ដោយពីព្រោះគោលដៅរបស់ពួកគេគឺប្រ ឆាំងតែមួយមុខ ប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាល ប្រឆាំងដើម្បីអំណាចទោះជាសុខចិត្តដាក់ខ្លួនជាអាយ៉ងនិងជាខ្ញុំបម្រើបរទេសដាច់ថ្លៃក៏ដោយចុះ។ ប្រឆាំងដោយយកឈាម ទឹកភ្នែក និងអាយុជីវិតពលរដ្ឋ ធ្វើជាដើម ទុន។ ការប្រឆាំងបែបនេះមិនត្រឹមតែមិនផ្តល់ប្រយោជន៍ដល់ជាតិប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញជាតិទៅវិញ។ ទីបំផុត គឺបំផ្លាញខ្លួនឯងតែម្តង។

សរុបមកវិញ ការរំលាយគណបក្សសង្គ្រោះជាតិគឺជាគ្រោះអាក្រក់សម្រាប់គណបក្សនេះតែប៉ុណ្ណោះ តែវាជាការរំដោះគ្រោះពីប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។ បន្ទាប់ពីនោះទៅ កម្ពុជានឹងមានបក្សប្រឆាំងដែលល្អ បក្សប្រឆាំងដែលចេះគិតគូរពីផលប្រយោជន៍ជាតិពិតប្រាកដ បក្សប្រឆាំងដែលមិនគិតតែពីដណ្តើមអំណាច ដូចបក្សប្រឆាំងបច្ចុប្បន្ននេះទៀតឡើយ៕

ដោយ៖ សូរ គងជ័យ


Facebook បង្ហើបថា៖ គណបក្សសង្រ្គោះជាតិនឹងរលាយយ៉ាងពិតប្រាកដនៅមុនបំណាច់ឆ្នាំនេះ មិនអាចរាំងស្កាត់បុរសខ្លាំង ហ៊ុន សែន ឡើយ!

ក្រោយពីក្រសួងមហាផ្ទៃ បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូលដើម្បីរំលាយគណបក្សសង្គ្រោះជាតិ តាមពាក្យបណ្តឹងរបស់គណបក្សចំនួនពីរគឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ដោយ សារតែគណបក្សនេះបាននិងកំពុងអនុវត្តសកម្មភាពខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយនៃព្រះរាជាណាចក្រកម្ពុជា ដោយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧នេះ Facebook មួយឈ្មោះ «កូននាគអាស៊ី» ដែលធ្លាប់ទម្លាយរឿងរ៉ាវពិតជាច្រើនបានបន្តទម្លាយថា «គណបក្សសង្រ្គោះជាតិនឹងរលាយយ៉ាងពិតប្រាកដនៅមុខបំណាច់ឆ្នាំនេះ គ្មានអ្នកណាអាចរាំងស្កាត់បុរសខ្លាំង ហ៊ុន សែន បានឡើយ ដូច្នេះមន្រ្តី និងសមាជិករបស់គណបក្សមួយនេះគួររត់រកកន្លែងជ្រកឲ្យហើយជាការល្អ»។

Facebook ដែលវិភាគមិនសូវខុសឈ្មោះ កូននាគអាស៊ី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះកូននាគអាស៊ី ! សុំចេញយោបល់ពិសេសមួយពាក់ព័ន្ធនឹងស្ថានការណ៍របស់បក្សសង្រ្គោះជាតិ ដែលនឹងជិតរលាយក្នុងពេលឆាប់ៗនេះ។ ខ្ញុំគិតថា បុរសខ្លាំង ហ៊ុន សែន នឹងកម្ទេចគណបក្សដែលគាំទ្រដោយបរទេសមួយនេះឲ្យរលាយជាក់ជាមិនខាន ក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះថាសម្តីរបស់លោកនិយាយហើយ គឺធ្វើតែម្តងមិនមានអ្វីមករាំងស្កាត់នោះទេ សូម្បីតែពួកបរទេសក៏មិនអាចដែរមើលទៅ។ ខ្មែរក្រហមដែលល្បីថាខ្លាំង ក៏នៅចាញ់ក្រោមស្នាដៃរបស់បុរសខ្លាំង ហ៊ុន សែន ហើយស្ថានភាពគណបក្សសង្រ្គោះជាតិនៅពេលនេះ គឺកំពុងធ្វើដំណើរទៅរកជ្រោះមរណៈយ៉ាងពិតប្រាកដហើយ។

មន្រ្តីរបស់គណបក្សមួយនេះគួររកកន្លែងជ្រកឲ្យហើយទៅ ហើយនៅស្ងៀមស្ងាត់ក៏កាន់តែល្អ ព្រោះតាមខ្ញុំគិត លំដាប់ដល់ថ្នាក់មេបក្សហើយ ក៏បុរសខ្លាំង ហ៊ុន សែន បញ្ជាឲ្យចាប់វាយខ្នោះបែបអាមេរិកដល់ក្នុងផ្ទះទាំងកណ្តាលយប់ទៀត ចុះត្រឹមកូនចៅ វាគឺងាយស្រួលណាស់សម្រាប់លោក ហ៊ុន សែន ចង់វៃខ្នោះពេលណា ក៏បានដែរ ដូច្នេះគួរកុំធ្វើឲ្យអ្វីឲ្យសោះវាអាចជាការប្រសើរ។

មកនិយាយអំពីលោកតា លឺ ឡាយស្រេង ឯណោះវិញ គាត់ប្រហែលចាស់ជរាពេកហើយ ទៅនិយាយអ្វីដែលមិនយល់ពីច្បាប់បន្តិចណាសោះ បែរជានិយាយថានៅពេលរំលាយបក្សប្រឆាំង គឺសភាក៏រលាយ ហើយរដ្ឋាភិបាលក៏សូន្យដែរ នេះពិតជាសម្តីឡប់លាយឆ្កួតហើយមើលទៅ។ ចំពោះខ្ញុំគិតថាលោកតា គួរប្រយ័ត្នខ្លួនហើយកុំមាត់អីទៀត លោកតាក៏គួរដឹងច្បាស់ណាស់ពីស្នាដៃ និងចរិតរបស់បុរសខ្លាំងនៅកម្ពុជាមួយនេះ ព្រោះលោកតាធ្លាប់ធ្វើការក្រោមបង្គាប់បញ្ជារបស់គាត់ជិត ២០ឆ្នាំដែរ។ តាមខ្ញុំដឹងព័ត៌មានខ្លះថា មានមនុស្សមួយចំនួនធំកំពុងស្ថិតនៅក្នុងបញ្ជីបិសាចរបស់បុរសខ្លាំង។ ខ្ញុំទស្សនទាយថា គណបក្សសង្រ្គោះជាតិ នឹងរលាយនៅមិនយូរដល់ដាច់ឆ្នាំនេះទេ ហើយនេះក៏គេមិនភ្លេចនឹកឃើញដល់ហោរាទស្សន៍ទាយថៃដ៏ល្បីមួយរូបថា បក្សប្រឆាំងនឹងដាច់ក្បាល រលាយខ្លួនដូចអំបិល»។

ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីប្តឹងរំលាយគណបក្សសង្រ្គោះជាតិពីសំណាក់គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា តាមរយៈក្រសួងមហាផ្ទៃនេះ មិនទាន់អាចសុំការបំភ្លឺពីមន្រ្តីជាន់ខ្ពស់ ក៏ដូចជាអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិនៅឡើយទេ៕


អ្នកនាំពាក្យCPP ៖ ចំណេះជិះកឯង មកដល់ហើយ!

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានលើកឡើងថា ដោយសារកម្មវិធីនយោបាយរបស់គណបក្សប្រឆាំងនៅកម្ពុជាគ្មានគោលការណ៏ច្បាស់លាស់ មិនមានគំនិតខ្លួនឯងសោះ ចាំតែអនុវត្តតាមការគូសវាស និងចង្អុលបង្ហាញពីបរទេស ទើបមេដឹកនាំគណបក្សប្រឆាំងមួយនេះ ទទួលផលមិនល្អទាល់តែសោះ។

លោក សុខ ឥសាន បន្តថា លោក សម រង្ស៊ី នៅមិននៅ ដាក់ពាក្យលាលែងពីតំណែង និងពីសមាជិកបក្ស ដោយខ្លួនឯង ដោយបញ្ជាក់មូលហេតុ បញ្ហាផ្ទាល់ខ្លួន ។ចំណែក លោក កឹម សុខា នៅមិននៅបានលាតត្រដាងគ្មានលាក់លៀម និងប្រកបដោយមោទនភាពយ៉ាងខ្លាំង ដែលបានទទួលការចាត់តាំងរបស់បរទេសឲ្យប្រព្រឹត្តអំពើក្បត់ជាតិ តាមផែនការយុទ្ធសាស្ត្រ យុទ្ធវិធី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវប្រឈមមុខចំពោះមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពីបទសន្និដ្ឋិភាពជាមួយបរទេស បង្កឲ្យមានអំពើប្រទូសរ៉ាយចំពោះប្រទេសជាតិថ្នាក់ក្បត់ជាតិ ដែលជាហេតុនាំឲ្យសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ តាមនីតិវិធីច្បាប់ ។

ដូច្នេះ លោក សម រង្សី ត្រូវឃ្លាតចេញពីតំណែង និងជាសមាជិកបក្ស ក៏ដោយសារខ្លួនឯង ។ លោក កឹម សុខា ត្រូវចាប់ខ្លួន និងទទួលចោទប្រកាន់ពីតុលាការ ក៏ដោយសារការលាតត្រដាងការពិតនៃអំពើប្រព្រឹត្តល្មើសច្បាប់ និងរំលោភគោលការណ៏លទ្ធិប្រជាធិបតេយ្យ លោភលន់ចង់បានអំណាចមិនប្រកួតប្រជែងត្រឹមត្រូវតាមរយៈការបោះឆ្នោតទេ បែរជាធ្វើសកម្មភាពតាមការបញ្ជាណែនាំរបស់បរទេសទាំងស្រុងតែម្តង ដែលត្រូវប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគាររាប់សិបឆ្នាំ ។

ការឈានដល់ដំណាក់កាលដូចបច្ចប្បន្ននេះ គឺចេញមកពីអំពើប្រព្រឹត្តខុសឆ្គងរបស់សាម៉ីជន សម រង្សី និង កឹម សុខា ផ្ទាល់ គ្មានការគាបសង្កត់ ការគំរាមកំហែង ប្ញការធ្វើទុកបុកម្នេញពីខាងក្រៅខ្លួនគាត់ទេ តែគឺជាផលវិបាកនៃនយោបាយចំណេះជិះកឯងតែប៉ុណ្ណោះ សមដូចពាក្យទស្សន៏ទាយរបស់លោកហោរាល្បីឈ្មោះជនជាតិថៃ មិនខុសមែន ។
នយោបាយខុសឆ្គងរបស់មេបក្សប្រឆាំងទាំង២នាក់នេះ បាននាំដល់គុណវិបត្តិធ្ងន់ធ្ងរដល់គណបក្សសាង្គ្រោះជាតិ ដែលត្រូវប្រឈមចំពោះមុខច្បាប់ស្តីពីគណបក្សនយោបាយ ដែលនឹងត្រូវរំលាយថែមទៀត ដែលនេះហើយហៅថាចំណេះជិះកឯង ។
ចំណែក លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា គ្រាន់តែជាអ្នកធានាការអនុវត្ត លទ្ធិប្រជាធិបតេយ្យឲ្យ ដំណើទៅដោយរលូន និងពង្រឹងនីតិរដ្ឋនៅកម្ពុជា ឲ្យមានប្រសិទ្ធភាព ដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយ សង្គម ស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ និងតាមខ្លឹមសាររដ្ឋធម្មនុញ្ញ តែប៉ុណ្ណោះ ៕