Monday, October 09, 2017

លោក ហ៊ុន សែន បញ្ជាក់ថា ការទិញស្ពានព្រែកព្នៅ និងផ្លូវពីឯកជនមកគ្រប់គ្រងវិញ គឺដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងការបង់ថ្លៃ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងជាថ្មីម្តងទៀតនៅចំពោះមុខនិស្សិតជ័យលាភី អាណាព្យាបាល និងសាស្រ្តាចារ្យទាំងអស់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជាថា ការសម្រេចចិត្តទិញយកស្ពានព្រែកព្នៅ និងផ្លូវជាតិពីឯកជនមកគ្រប់គ្រងវិញ ដោយសារប្រជាពលរដ្ឋមានការលំបាកក្នុងការបង់ថ្លៃ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ លោក បានប្រកាសម្តងរួចមកហើយ តាមហ្វេសប៊ុកផ្ទាល់ខ្លួនថា ស្ពានព្រែកព្នៅ និងផ្លូវជាតិដែលគ្របដណ្តប់លើផ្ទៃដី ៤០ហិកតា ជាប់ពីផ្លូវជាតិលេខ៦ មកលេខ ៥ ដែលវិនិយោគដោយក្រុមហ៊ុនឯកជនមានរយៈពេល៤០ឆ្នាំ គឺបានទិញយកមកគ្រប់គ្រងវិញហើយ។ តាមពិតក្រុមហ៊ុនឯកជនបានអនុវត្តន៍អស់៧ ឆ្នាំហើយ គឺនៅសល់ ៣៣ ឆ្នាំទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ដោយសារប្រជាពលរដ្ឋមានការលំបាកក្នុងការបង់ថ្លៃ ដូច្នេះរាជរដ្ឋាភិបាលសម្រេចចិត្ត ទិញយកពីឯកជនមកវិញ គឺចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ គឺប្រជាពលរដ្ឋឆ្លងស្ពានព្រែកព្នៅ គឺមិនចាំបាច់បង់ថ្លៃទៀតទេ។ លោក ក៏បានសង្កត់ធ្ងន់ផងដែរថា យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ដើម្បីប្រទេសជាតិកាន់តែរីកចម្រើនតទៅមុខទៀត៕





No comments:

Post a Comment