Thursday, February 23, 2017

ឡេង គឹមទាង នារីខ្មែរមួយរូបដែលនិយាយបានរហូតដល់ទៅ៧ភាសា

ដោយផ្តើមចេញពីការស្រឡាញ់ភាសាបរទេស និងចង់ក្លាយជាអ្នកទំនាក់ទំនងការបរទេសមួយរូប គួបផ្សំនឹងទេពកោសល្យរបស់ខ្លួនផងនោះ កញ្ញា ឡេង គឹមទាង បានស្រវាស្រទេញសិក្សារៀនសូត្រភាសាបរទេស យ៉ាងហោចណាស់៦ភាសា ដោយក្នុងនោះរួមមានភាសាអង់គ្លេស ថៃ កូរ៉េ ជប៉ុន ចិន និងភាសាអាល្លឺម៉ង់ផងដែរ។ ហេតុតែចំណង់ចង់ក្លាយជា អ្នកទំនាក់ទំនងការបរទេសដែលជាគោលបំណងចម្បង ក្នុងជីវិត បានជំរុញទឹកចិត្តកញ្ញាឱ្យតស៊ូជម្នះរាល់ការលំបាកនានា រហូតទទួលបានជោគជ័យខាងប្រើប្រាស់ភាសាបរទេសម្តងបន្តិចៗដោយឥតដឹងខ្លួន។
ថ្វីបើអ្នកអាចនិយាយបានច្រើនភាសាពុំមែនជារឿងអស្ចារ្យសម្រាប់សាធារណជនទូទៅក៏ដោយចុះ ក៏ប៉ុន្តែអ្វីដែលប្លែកនិងគួរឱ្យចាប់អារម្មណ៍នោះគឺ ប្រវត្តិសិក្សាដ៏លំបាករបស់កញ្ញា ឡេង គឹមទាង ឯណោះទៅវិញទេ។ មែនទែនទៅ ការសិក្សាត្រឹមតែមួយភាសាគឺវាពិបាកណាស់ទៅហើយ ចុះទម្រាំអ្នករៀនរហូតដល់ទៅ៧ភាសាលំបាកកម្រិតណាដែរ? ទាក់ទិននឹងដំណើរជីវិតនិងការសិក្សា កញ្ញាចេះនិយាយច្រើនភាសារូបនេះ ថ្លែងដោយសម្តីត្អូញត្អែរថា ការសិក្សាលើមុខវិជ្ជាណាក៏ដូចជាមុខវិជ្ជាណាដែរ គឺមិនស្រួលទេ ហើយប្រសិនបើប៉ះចំលើបុគ្គលណាដែលមានជីវភាពខ្សត់ខ្សោយ និងគ្មានការតស៊ូក្នុងការស្វាធ្យាយសិក្សារៀនសូត្រផងនោះគឺស្ទើរតែមិនអាចទ្រាំបាន។ ប៉ុន្តែដោយសារតែការចង់ចេះភាសាទាំងនោះ នារីខ្មែររូបនេះ ស្ទើរតែហ៊ានលះបង់គ្រប់បែបយ៉ាងចំពោះអ្វីដែលខ្លួនមាននៅក្នុងជីវិត ដើម្បីតែការសិក្សានេះ។ គេបានលះបង់ភាពសុខស្រួលដោយរស់នៅអណ្តែតត្រសែតឆ្ងាយ ពីម្តាយឪពុក ហើយក៏ព្រោះតែការចង់ចេះភាសាទាំងនេះដែរ ដែលធ្វើឱ្យនារីគ្មានភាពក្លាហានរូបនេះក្លាយទៅជា នារីម្នាក់ដ៏ស្វាហាប់ រហ័សរហួន និងហ្មត់ចត់ទៅលើកិច្ចការផងដែរ។ ក្រៅតែពីការលះបង់ច្រើន ក៏ទាមទារឱ្យមានការស្រឡាញ់ ការយកចិត្តទុកដាក់ និងទេពកោសល្យផងដែរ ទើបកញ្ញាអាចរៀនសូត្របានច្រើនភាសាយ៉ាងដូច្នេះ។
កញ្ញា ឡេង គឹមទាង បន្តថា កាលខ្លួនរៀននៅសាកលវិទ្យាល័យបាន ចាប់យកជំនាញអក្សរសាស្រ្តអង់គ្លេសផង ហើយឆ្លៀតរៀនភាសាផ្សេងៗទៀតផង។ ទន្ទឹមនឹងនោះ កញ្ញាក៏ថែមទាំងឆ្លៀតរៀនជំនាញប្រវត្តិសាស្រ្តខ្មែរផងដែរ។ ការសិក្សាបែបនេះបានធ្វើឱ្យខ្លួនរវល់ជាប់ជានិច្ច កុំថាឡើយពេលកម្សាន្ត សូម្បីតែពេលញ៉ាំបាយ និងគេងក៏សឹងតែគ្មានដែរ។
មានពេលខ្លះនោះ នាងថែមទាំងឆ្លៀតធ្វើការក្រៅម៉ោងសិក្សា ដើម្បីយកថវិកាមកផ្គត់ផ្គង់ការសិក្សារបស់ខ្លួនផង និងដើម្បីដកបទពិសោធការងារក្នុងសង្គមផង។ តាមរយៈការជម្នះឧបសគ្គទាំងនេះ បានធ្វើឱ្យនាងក្លាយទៅជាបុគ្គលម្នាក់ថ្នឹកក្នុងការសិក្សា រហូតទទួលបានជោគជ័យខាងការប្រើប្រាស់ភាសាបរទេសដែលខ្លួនបានរៀននោះម្តងបន្តិចៗដោយឥតដឹងខ្លួន។
ដ្បិតកញ្ញារូបស្រស់នេះ មានទេពកោសល្យក្នុងការប្រើប្រាស់ភាសាទាំងនេះក្តី ក៏បំណងចម្បងក្នុងជីវិតនាងនៅពុំទាន់ជោគជ័យនៅឡើយដែរ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ នាងបានសម្រេចគោលបំណងជីវិត ដែលជាជម្រើសទី២បានយ៉ាងល្អប្រសើរដែរ។ ពោលគឺ ឡេង គឹមទាង បានក្លាយទៅជានាយិការងនៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ដែលជាគ្រឹះស្ថានមួយមានឈ្មោះបោះសំឡេងខ្លាំង ក្នុងព្រះរាជាណាចក្រកម្ពុជា ខាងបណ្តុះបណ្តាលផ្នែកភាសាបរទេសដែរ៕



ធនាគារជាតិនៃកម្ពុជា បើកកិច្ចប្រជុំជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំមួយក្រោមអធិបតីភាព លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីតំណាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ និងប្រតិបត្តិករឥណទានជនបទ ប្រមាណ៣០០នាក់ ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ១). ផ្សព្វផ្សាយសេចក្តីថ្លែងការណ៍រួមរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ និង ២). ការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹងការផ្សព្វផ្សាយខ្លឹមសារ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាជារបស់ឯកជន មិនមែនជារបស់រដ្ឋ” ការបន្ថែមពាក្យ “ឯកជន” និងការប្តូរនិមិត្តសញ្ញា (Logo) របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ។
ធនាគារជាតិនៃកម្ពុជា ក៏បានផ្តល់ Poster សេចក្តីថ្លែងការណ៍រួមដល់តំណាងគ្រឹះស្ថានដែលបានចូលរួម ដើម្បីបិទផ្សាយនៅទីស្នាក់ការកណ្តាល និងសាខារបស់ខ្លួននៅទូទាំងប្រទេស៕


រដ្ឋមន្រ្តីក្រសួងការងារ ប្រកាសសមាសភាពក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុស

កិច្ចប្រជុំនាពេលនេះ រៀបចំឡើងដើម្បីប្រកាសសមាសភាព និងប្រគល់ភារកិច្ចជូនសមាជិកក្រុមការងារ ដើម្បីប្រមូល និងចងក្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុសនៅកម្ពុជារបស់ក្រសួង ស្ថាប័នតាមវិស័យរួមមាន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងបរិស្ថាន ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងអប់រំយុវជន និងកីឡា និងមានសមាជិកមកពីអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការជាតិ និងសង្គមស៊ីវិល ដែលចូលរួមតាមការស្ម័គ្រចិត្ត និងមានតួនាទីជាទីប្រឹក្សា និងជួយទ្រទ្រង់ ដូចជា អង្គការពលកម្មអន្តរជាតិILO, អង្គការសុខភាពពិភពលោកWHO, អង្គការអូស្ត្រាលីសម្រាប់សុខភាព អប់រំ និងអភិវឌ្ឍក្រៅប្រទេស APHEDA។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងសហជីព ដែលបានគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបង្កើតឱ្យមានក្រុមការងារនេះឡើង ដើម្បីរៀបចំចងក្រងកម្រងព័ត៌មាន ផែនការជាតិ និងកម្មវិធីជាតិ សម្រាប់ជាឧបករណ៍ ឬមធ្យោបាយដែលអាចប្រើជាផលប្រយោជន៍ដ៏មានប្រសិទ្ធភាព និងស័ក្តសិទ្ធ សម្រាប់ពង្រីកចក្ខុវិស័យស្តីពីការបង្ការទប់ស្កាត់ហានិភ័យនានាដែលបណ្តាលមកពីសារធាតុអាសបេស្តុស និងជាឧត្តមប្រយោជន៍ដល់ការលើកកម្ពស់សុខភាព សុវត្ថិភាពការងារដល់កម្មករនិយោជិត និងប្រជាជនទូទៅ។
សូមបញ្ជាក់ជូនថា ឧបករណ៍ និងសម្ភារៈ ដែលមានផ្ទុកសារធាតុអាសបេស្តុស រួមមាន៖ ស៊ីម៉ង់ត៍ ក្បឿង ហ្វ៊ឺប្រូស៊ីម៉ង់ត៍ ពិដានម្នាងសិលា ស្បែកហ្រាំងយានយន្ត ស្បែកអំប្រ៊ីយ៉ា រ៉ងម៉ាស៊ីន អ៊ីសូឡង់ដែលការពារកំដៅ ការពារធាតុត្រជាក់ ទប់សំឡេង គ្រឿងម៉ាស៊ីន និងបំពង់ជ័រ។ល។ សារធាតុទាំងនេះ មានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ដែលទាមទារឱ្យមានការស្រាវជ្រាវ និងចងក្រងព័ត៌មានទាក់ទងនឹងការប្រើប្រាស់សារធាតុនេះឱ្យបានជាក់លាក់ ដើម្បីគ្រប់គ្រង បង្ការ ទប់ស្កាត់ កុំឱ្យមានផលប៉ះពាល់ដល់សុខភាព និងប្រើប្រាស់សារធាតុនេះឱ្យបានត្រឹមត្រូវប្រកបដោយសុវត្តិភាព៕




ព្រះ​រាជពិធី​​បុណ្យច្រត់​ព្រះនង្គ័ល​ឆ្នាំ២០១៧​នេះ ធ្វើ​នៅ​ខេត្តព្រៃវែង​

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឱ្យដឹងថា រាជរដ្ឋាភិបាល និងព្រះបរមរាជវាំង បានឯកភាពគ្នារើសយកខេត្តព្រៃវែង ជាទីប្រារព្ធព្រះរាជពិធីបុណ្យច្រត់ ព្រះនង្គ័លសម្រាប់ឆ្នាំ២០១៧។


នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ បើគ្មានគោលនយោបាយឈ្នះ​ឈ្នះ​របស់រាជរដ្ឋាភិបាល​ សង្គ្រាមកម្ពុជាក៏នៅមិនទាន់ចប់

ភ្នំពេញ៖  នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងឱ្យដឹងថា បើគ្មានគោលនយោបាយ ឈ្នះ​ឈ្នះ​ របស់រាជរដ្ឋាភិបាល​ទេ​ សង្គ្រាមនៅកម្ពុជាមកដល់ពេលនេះ ក៏នៅមិនទាន់ចប់ផង។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បន្តថា ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ក្នងន័យបំផ្លាញសុខសន្តិភាព ដែលយើងទទួលបានយ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូច​ តែង​តែលើកតម្កើង កិច្ចព្រមព្រៀង ថ្ងៃ២៣ ​តុលា​ ដោយចោទ
​រាជរដ្ឋាភិបាលថា បានរំលោភ កិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស​ ថ្ងៃ២៣ តុលា។ បើគ្មានថ្ងៃ​៧​ ខែមករា​ទេ​ ក៍គ្មានកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ២៣ តុលា ក៍គ្មានសិទ្ធមនុស្ស គ្មានសិទ្ធរស់រានមានជីវិតសិទ្ធផ្សេងៗទៀត ហើយក៏គ្មាន​សុខសន្តិភាព​ស្ថេរភាព​ និងការអភិវឌ្ឍ​រីកចម្រើន​លូតលាស់ លើគ្រប់វិស័យ​​ ដូចសព្វថ្ងៃនេះនោះដែរ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តំណាងឱ្យ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ បានលើកឡើងបែបនេះ ខណៈលោកចូលរួម នៅក្នុងពិធីសំណេះសំណាលនិង សាកសួរសុខទុក្ខដល់បងប្អូន នាយ-ពលទាហាន កងពលថ្មើរជើងលេខ៧០ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ក្នុងនោះដែរ លោកក៍បានថ្លែងនូវការកោតសរសើរដល់លោក ម៉ៅ សុផាន់ ដែលបានយកចិត្តទុកដាក់ គ្រប់គ្រងថែរក្សាគ្រឿងចក្រ សម្ភារៈបច្ចេកទេស និងដឹកនាំអង្គភាពរីកចម្រើនយ៉ាងខ្លាំងមកដល់ពេលនេះ។
បន្ថែមពីលើនេះ លោក បានលើកឡើងថា ក្នុងកាលៈទេសៈប្រទេសជាតិកម្ពុជា មានសុខសន្តិភាព កងយោធពលខេមរភូមិន្ទខិតខំពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការទំនាក់ទំនង ជាមួយនឹងដៃគូសន្តិសុខ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត, ជំរុញការអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធ កសាងសមត្ថភាពយោធា លើគ្រប់វិស័យ ទាំងការអភិវឌ្ឍធនធានមនុស្ស ការបង្កើនសមត្ថភាព ការធ្វើទំនើបកម្ម ការបំពាក់​បច្ចេក​វិទ្យា​សមស្រប ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងការកសាងជួរមន្ត្រីយោធាវ័យក្មេង​ សម្រាប់​បន្តវេននាពេលអនាគត។
លោកបានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងបន្តសម្រេចបានជោគជ័យ ក្នុងការបង្កើតឡើងសមិទ្ធ ផលធំៗជាច្រើន ថែមទៀត តាមរយៈគោលដៅយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ចេញ ក្នុងនោះជោគជ័យនៃកិច្ចការពារ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពង្រឹងស្ថិរភាពនយោបាយ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សណ្តាប់ធ្នាប់សាធារណ រក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសជាតិ វឌ្ឍនភាពល្អ ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ដើម្បីកសាងព្រំដែនមួយច្បាស់លាស់ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើការសាកសួសុខទុក្ខដល់បងប្អូន នាយ-ពលទាហាន កងពលថ្មើរជើងលេខ៧០ ទាំងអស់ពីសំណាក់ លោកនាយរដ្ឋមន្រ្ដី និងលោកស្រីកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះផងដែរ។
លោក​ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកអំណោយរបស់លោកនាយរដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី កិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ ដល់កងពលថ្មើរជើងលេខ៧០រួមមាន អង្ករ០៥តោន, មី១០០កេស, ទឹកបរិសុទ្ធ១០០កេស, ទឹកក្រូច១០០កេស, ស្រាបៀ១០០កេស និងថវិកា ២០លានរៀល ប្រេងឥន្ទនៈ៣០០០លីត្រ និងស៉ីម៉ង់១០តោន ដោយក្នុង១អង្គភាព ប្រេងឥន្ទនៈ៣ពាន់លីត្រ៕







អគ្គិស​នីកម្ពុជា ផ្អាកផ្គត់​ផ្គង់ចរន្ដ​អគ្គិសនី៤ថ្ងៃ ចាប់ពីនេះ ដល់​នៅថ្ងៃ​ទី២៦ ខែកុ​ម្ភៈ នៅតំ​បន់ខ្លះក្នុ​ងក្រុងភ្នំពេ​ញនិងខេត្ត​កណ្តាល

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា (EDC) បានចេញនូវសេចក្ដីជូន ស្ដីពីការផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នាតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយមូលហេតុជួសជុល ផ្លាស់ប្ដូរ និងរុះរើគន្លងខ្សែ បណ្ដាញក្នុងការពង្រីកផ្លូវ៕




លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍គ​ម្រោងហោះ​ហើរអាកា​សចរណ៍ Air Emeritus មក​កាន់​កម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផេកផ្លូវការរបស់លោកថា «កម្ពុជាសូមស្វាគមន៍ គម្រោងហោះហើរនៃអាកាសចរណ៍ Air Emeritus មកកាន់ព្រះរាជាណាចក្រអច្ឆរិយៈ! »
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាយើងចាប់តាំងពីទទួលបានសន្តិភាពមក គឺប្រជាពលរដ្ឋរស់នៅសុខសប្បាយ ហើយមានឱកាសគ្រប់ៗគ្នា។ ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិគឺបានទាក់ទាញវិនិយោគទុនជាតិ និងអន្តរជាតិយ៉ាងច្រើនមកបណ្តាក់ទុន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមទៀតថា កំណើនទេចរណ៍កំពុងកើនឡើងជារៀងរាល់ឆ្នាំ ហើយព្រលានយន្តហោះកម្ពុជាក៏កំពុងរៀបចំពង្រីក និងកែលម្អបំពាក់ដោយឧបករណ៍ទំនើបៗដែលបង្កលក្ខណៈកាន់តែងាយស្រួលដល់អ្នកទេសចរណ៍ និងពាណិជ្ជករមកកម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជាកំពុងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើនមកវិនិយោគនៅប្រទេសយើងទៀតផង៕



លោក ថោង ខុន ជំរុញឱ្យសហគ្រិនវ័យក្មេង ក្នុងវិស័យទេសចរណ៍កម្ពុជា ត្រូវបង្កើនសមត្ថភាព ដើម្បីត្រៀមចូលប្រកួតប្រជែងថ្នាក់ពិភពលោក

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់អនុសាសន៍ជំរុញ និងលើកទឹកចិត្តដល់សហគ្រិនវ័យក្មេង ក្នុងវិស័យទេសចរណ៍ ដែលជាធនធានថ្មីៗរបស់កម្ពុជា ត្រូវបង្កើនសមត្ថភាព និងបទពិសោធន៍របស់ខ្លួន ឱ្យបានច្បាស់លាស់ទាំង ចំណេះដឹង និងចំណេះធ្វើ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតប្រជែង ជាមួយសហគ្រិនវ័យក្មេងពិភពលោក នៅឆ្នាំ២០១៧ លើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការត្រៀមខ្លួនរបស់សហគ្រិនវ័យក្មេង ក្នុងវិស័យទេសចរណ៍កម្ពុជា ដើម្បីចូលរួមប្រកួតប្រជែង វ័យក្មេងពិភពលោក ឆ្នាំ២០១៧» នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកបានណែនាំឱ្យសហគ្រិនវ័យក្មេង ដែលទើបដំណើរការ អាជីវកម្មរបស់ខ្លួន ចូលរួមប្រកួតប្រជែងសហគ្រិនវ័យក្មេងពិភពលោក ដោយក្រសួងទេសចរណ៍ និងជួយសម្រួលរៀបចំឯកសារចូលរួមប្រកួតដែលនឹងប្រកាសជ័យលាភី នាឱកាសទិវាទេសចរណ៍ពិភពលោក នៅទីក្រុង Lucern ប្រទេសស្វីស នៅខែឧសភា ឆ្នាំ២០១៧ ខាងមុខ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា «ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ និងផ្ដល់ឱកាសឱ្យសហគ្រិនវ័យក្មេងកម្ពុជា ទទួលបាននូវគំនិតថ្មីៗ ក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ព្រមទាំងចូលរួមផ្សព្វផ្សាយទេសចរណ៍ ក៏ដូចជាកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត»។
លោក ថោង ខុន បានបញ្ជាក់ថា ក្រសួងទេសចរណ៍ និងផ្ដល់អ្នកជំនាញបរទេស ជួយបណ្ដុះបណ្ដាលដល់សហគ្រិនវ័យក្មេងក្នុងវិស័យទេសចរណ៍ ដែលមានតម្រូវការផ្នែកបច្ចេកទេស ក្នុងការបង្កើតអាជីវកម្មថ្មី ដោយក្រសួងទេចរណ៍នឹងអញ្ជើញអ្នកជំនាញ ជាង៧០០នាក់ ក្នុងបណ្ដាញរបស់ខ្លួន ដែលភាគច្រើនជាអ្នកជំនាញចូលនិវត្តន៍ មានបទពិសោធន៍ខ្ពស់ ក្រោមកិច្ចសហការជាមួយអង្គការ Swisscontact។
លោកក៏បានដាក់អនុសាសន៍ឱ្យមណ្ឌលអាជីវកម្មទេសចរណ៍ទាំងអស់ ចូលរួមអប់រំបណ្ដុះបណ្ដាលជំនាញ ដល់បុគ្គលិករបស់ខ្លួន ក្នុងទម្រង់ជួយបណ្ដុះបណ្ដាលម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រង ឱ្យមានសមត្ថភាព បណ្ដុះបណ្ដាល បន្តដល់បុគ្គលិករបស់ខ្លួន។
សូមរំលឹកថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥លាននាក់ កើន៤.៦% ដោយបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា សរុប ២.៣លាននាក់ ក្នុងនោះបង្កើតការងារផ្ទាល់ ១.២លាននាក់ ស្មើនឹង១៤% នៃការងារសរុប និងនាំចំណូលចូលថវិកាជាតិ ជាង៣ពាន់លានដុល្លារ ស្មើនឹង១៣.៥% នៃផលិតផលក្នុងស្រុកសរុប (GDP)៕


លោកនាយ​ករដ្ឋមន្ត្រីអំពាវនាវឱ្យ​អាណាព្យា​បាល​គ្រប់រូបនាំ​កូន​ចៅចូលរៀន​ឱ្យបាន​គ្រប់ៗ​គ្នា​

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអំពាវនាវឱ្យឳពុកម្តាយ និងអាណាព្យាបាលត្រូវលើកទឹកចិត្ត និងជំរុញកូនចៅឱ្យចូលរៀនគ្រប់ៗគ្នា។
យោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា «“សន្តិភាព” កំពុងផ្តល់ផលប្រយោជន៍រាល់ថ្ងៃដល់ប្រទេសជាតិ ជាពិសេសក្មួយៗ និងចៅៗមានឱកាសពេញលេញក្នុងការសិក្សា។ សូមឪពុកម្តាយ អាណាព្យាបាលលើកទឹកចិត្ត និងជំរុញកូនចៅឱ្យបានចូលរៀនគ្រប់ៗគ្នា»៕

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក វាយតម្លៃចំពោះស្ថានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (USABC) នៅរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជម្រាបជូនភាគីភ្ញៀវសង្ខេបពីតួនាទីភារកិច្ច ទទួលខុសត្រូវរបស់ក្រសួងលើការងារស្នូលរបស់ខ្លួន ដោយលោកបានលើកពីវិស័យសំខាន់ៗមួយចំនួន ដូចជា៖ វិស័យសហគ្រាសធុនតូច និងមធ្យម ទឹកស្អាត បច្ចេកវិទ្យា ស្តង់ដារ មាត្រាសាស្ត្រ វាយតម្លៃទទួលស្គាល់ និងកម្មសិទ្ធិបញ្ញាជាដើម ដែលវិស័យទាំងអស់នេះ ក្រសួងកំពុងយកចិត្តទុកដាក់ជំរុយ៉ាងខ្លាំងក្លា ដើម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍរបស់ក្រសួង ក៏ដូចជាយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីលក្ខណៈពិសេស និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដោយកម្ពុជាមានច្រកទីផ្សារនាំចេញទៅក្រៅប្រទេសនូវមុខទំនិញរាប់ពាន់មុខដោយមិនជាប់ពន្ធ និងមិនជាប់កូតា ក្នុងលក្ខខណ្ឌកម្ពុជា ជាប្រទេសអភិវឌ្ឍតិចតួច ជាសមាជិកអាស៊ាន និងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ លោកបានអំពាវនាវ ឱ្យវិនិយោគិនអាមេរិកចាប់អារម្មណ៍ មកបណ្តាក់ទុននៅ កម្ពុជាឱ្យបានកាន់តែ ច្រើនឡើង ស្របពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ និងតម្លាភាពនៃក្របខណ្ ឌច្បាប់ដែលអាច ប៉ាន់ប្រមាណបាន។
លោក Mark Lewis ប្រធានក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក បានវាយតម្លៃខ្ពស់ចំពោះស្ថានភាព សេដ្ឋកិច្ចរីកចម្រើននៅកម្ពុជា។ ក្នុងនោះ បានកោតសរសើរនូវការដឹកនាំប្រកបដោយបទពិសោធន៍របស់លោក ចម ប្រសិទ្ធ ដែលធ្វើឱ្យវិស័យសំខាន់ៗរបស់ក្រសួង ត្រូវបានលើកកម្ពស់ និងពង្រឹងគុណភាព ជាពិសេសគឺវិស័យស្តង់ដារ ទឹកស្អាត និងវិស័យកម្មសិទ្ធិបញ្ញា ។
សូមបញ្ជាក់ថា USABC តំណាងដោយក្រុមហ៊ុនធំៗ ជាង៥០០ ក្រុមហ៊ុន ដូចជាក្រុមហ៊ុន Ford, Coca-Cola, Microsoft, Chevron ជាដើម។ ក្នុងជំនួបពិភាក្សាថ្ងៃនេះ មានតំណាងក្រុមហ៊ុនចំនួន១៤ មានដូចជា RMA Group ,Ford, Microsoft, Coca-Cola, 3M, DOW, Elanco. ConocoPhillips និង GE ជាដើម ។
ស្ថិតក្នុងឱកាសនោះ លោក ចម ប្រសិទ្ធ ក៏បានឆ្លើយសំណួរភាគីក្រុមហ៊ុន ដែលចង់ស្វែងយល់ពីវិស័យស្តង់ដារ ទំនិញ ស្តង់ដាររថយន្ត និងវិស័យកម្មសិទ្ធិបញ្ញា។ ទាក់ទងវិស័យកម្មសិទ្ធិបញ្ញានេះផងដែរ លោកបានជម្រាប ជូនពីកិច្ចសហការរបស់ក្រសួងជាមួយការិយាល័យកម្មសិទ្ធិបញ្ញា សឹង្ហបុរី ជប៉ុន និងសហគមន៍អឺរ៉ុប លើការងារចុះបញ្ជី ទទួលស្គាល់ និងកិច្ចការពារផ្នែកប្រកាសនីយបត្រតក្កកម្ម (Patent) គ្នាទៅវិញទៅមក និងក៏មានបំណងសហការធ្វើជាមួយសហរដ្ឋអាមេរិកផងដែរ ដើម្បីទាញទំនុកចិត្តវិនិយោគិនអាមេរិកមកបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនឡើង៕




លោក សុខ ឥសាន្ត៖ មីក្រូហិរញ្ញវត្ថុ?

មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាន​លើក​​ឡើងថា មីក្រូហិរញ្ញវត្ថុ ជាអង្គភាពហិរញ្ញវត្ថុឯកជន មានតួនាទីបំរើសេវាឥណទានឲ្យ​ប្រជាជនខ្ចី​ប្រាក់​តាម​សេចក្តីត្រូវការសំរាប់យកទៅប្រើប្រាស់ប្រកបអាជីវកម្មផ្សេងៗ និងការងារ​បង្កបង្កើន​ផលផ្សេងៗ​សំរាប់​ទ្រទ្រង់​ជីវភាពរស់នៅ។
ទោះយ៉ាងនេះក្តីលោក សុខ ឥសាន បញ្ជាក់ថា ប៉ុន្តែកន្លងទៅ មានប្រជាជនតាមជនបទមួយចំនួន​មានការ​ភាន់​ច្រទ្បំថា មីក្រូហិរញ្ញវត្ថុ ជាស្ថាប័ន និងជាអង្គភាពរបស់រដ្ឋ ដែលជាហេតុធ្វើឲ្យការទទួលខុសត្រូវ​សងបំណុល​មាន​ការធ្លាក់ចុះ ដោយសំអាងថា ជារបស់រដ្ឋ រដ្ឋមិនដែលធ្វើបាបរាស្ត្រទេ។ ជាពិសេស ក្នុងពេលដែលបក្ស​ប្រឆាំង​ឃោសនាថា បើគេឈ្នះឆ្នោត គេនឹងលប់ចោលបំណុលរបស់ប្រជាជនដែលជំពាក់ធនាគារទាំងអស់ ដែល​កាន់តែធ្វើឲ្យប្រជាជនភាន់ច្រទ្បំ និងមានបំណុលវណ្ឌកថែមទៀត ត្រូវគេរឹបអូសទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីស្រែអស់ គ្មានអ្នកណាជួយសង។
អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ហេតុនេះហើយបានជាប្រមុខរាជរដ្ឋាភិបាល បានបញ្ជាឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញ​វត្ថុ​ទាំង​អស់ ដែលមានសញ្ញាសំគាល់ប្រហាក់ប្រហែល នឹងសញ្ញាសំគាល់របស់ធនាគារជាតិ ក្រសួងហិរញ្ញវត្ថុ ត្រូវ​កែ កុំឲ្យដូច ឬប្រហាក់ប្រហែល នឹងស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ  ព្រមទាំងសំណូមពរ ឲ្យប្រព័ន្ធផ្សព្វផ្សាយ ជួយ​ផ្សាយ​ជូនប្រជាជនទូទៅបានជ្រាបតទៅ។ នេះជាបំណងដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជា​អ្នកឈឺ​ឆ្អាល​ចំពោះ​សុខទុក្ខរបស់ប្រជាជន៕

មន្ត្រី​ការ​ទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​ម៉ាឡេស៊ី​ស្ថិត​ក្នុង​ចំណោម​ជន​សង្ស័យ​ដែល​នៅ​ពី​ក្រោយ​អំពើ​ឃាតកម្ម​លើ​លោក គីម ជុងណាម

ម៉ាឡេស៊ី៖ នគរបាលម៉ាឡេស៊ីបានបង្ហាញឈ្មោះមន្ត្រីស្ថានទូតជាន់ខ្ពស់កូរ៉េខាងជើង ដែលពួកគេចង់សួរចម្លើយពាក់ព័ន្ធនឹងការសម្លាប់លោក គីម ជុងណាម បងប្រុសម្ដាយ ទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។លោក ហុង ក្វាងសុង ស្ថិតនៅក្នុងចំណោម ជនសង្ស័យកូរ៉េខាងជើង ៣នាក់ផ្សេងទៀតដែលគេតាមរក ជាមួយនឹងនិយោជិកម្នាក់ នៅក្នុង ក្រុមហ៊ុនអាកាសចរណ៍រដ្ឋកូរ៉េខាងជើង។
គួរឲ្យដឹងថា ក្រុមនគរបាលបានអះអាងថា លោក គីម ជុងណាម បានស្លាប់ក្រោយពេលស្ត្រី ២នាក់យកក្រណាត់ដែលសារធាតុពិលមកគ្របមុខលោក នៅឯអាកាសយានដ្ឋានកូឡាឡាំពួរ។ ទោះបីជាយ៉ាងណាក៏ដោយស្ថានទូតកូរ៉េខាងជើងប្រចាំនៅប្រទេសម៉ាឡេស៊ី បានធ្វើច្រានចោលអំណះអំណាងមួយនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយពួកគេបានអះអាងថា ការពិតនោះត្រង់ថា សារធាតុមាននៅក្នុងដៃរបស់ស្ត្រីទាំងពីរនាក់នេះបង្ហាញថា គ្មានជាតិពុលនោះទេ ហើយពួកគេបានអំពាវនាវសុំឲ្យដោះលែងស្ត្រីសង្ស័យ ២នាក់ និងបុរសជនជាតិកូរ៉េខាងជើងម្នាក់។
ថ្លែងទៅកាន់សន្និសីទកាសែតកាលពីព្រឹកថ្ងៃពុធម្សិលមិញ នៅក្នុងទីក្រុងកូឡាឡាំពួរស្នងការនគរបាលជាតិម៉ាឡេស៊ីលោក ខាលីដ អាប៊ូបាកា បាននិយាយថា ពួកគេកំពុងស្វែងរកជនជាតិកូរ៉េខាងជើង ៣នាក់បន្ថែមទៀត ហើយម្នាក់ក្នុងចំណោមពួកគេគឺលោក យ៉ុង ក្វាងសុង អាយុ ៤៤ឆ្នាំដែលជារដ្ឋមន្ត្រីថ្នាក់ទី២ ក្នុងស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងកូឡាឡាំពួរ។ រីឯ ២នាក់ផ្សេងទៀតគឺលោក គីម អ៊ុក អាយុ ៣៧ឆ្នាំបម្រើការនៅក្រុមហ៊ុនអាកាសចរណ៍ Air Koryo និងម្នាក់ទៀតគឺជាជនជាតិកូរ៉េខាងជើងឈ្មោះ រី ជូអ៊ូ។ លោក ខាលីដ អាប៊ូបាកា បាននិយាយថា ពួកលោកបានផ្ញើលិខិតជាលាយលក្ខណ៍អក្សរ ទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ី ដើម្បីសុំឲ្យប្រគល់ខ្លួនលោក យ៉ុង មកឲ្យក្រុមនគរបាលសាកសួរ និងជងសង្ស័យដ៏ទៃទៀត។ លោកបានបញ្ជាក់ថា បើសិនជាឯកអគ្គរដ្ឋទូតមិនព្រមសហការ យើងនឹងបង្ខំឲ្យពួកគេឲ្យចូលខ្លួន។ ក្រុមនគរបាលបាននិយាយផងដែរថា សន្តិសុខត្រូវបានរឹតបន្តឹងផងដែរនៅសាលតម្កល់សពលោក គីម ជុងណាម ក្រោយមានការប៉ុនប៉ងទម្លាយចូលកាលពីដើមសប្ដាហ៍នេះ៕

ក្រសួង​ទេសចរណ៍ បង្ហា​ញលទ្ធផល​នៃកិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ជាតិវាយ​តម្លៃទី​ក្រុងស្អាត​

ភ្នំពេញ៖ នៅទីស្តីការក្រសួងទេសចរណ៍ មានការរៀបចំកិច្ចប្រជុំគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត មកពីក្រសួង-ស្ថាបន័ពាក់ពន្ធ័ និងតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត សរុបប្រមាណ៧០រូប នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។
សូមជម្រាបផងដែរថា កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈចំនួន ៣ សំខាន់រួមមាន៖ ទី១-ការត្រៀមរៀបចំទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ ទី២-ការរាយការណ៍ពីជ័យលាភីរង្វាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ និងទី៣-ការរាយការណ៍ពីជ័យលាភីបដិសណ្ឋាកិច្ចល្អក្នុងសេវាសាធារណៈរបស់ក្រុង/ខណ្ឌ បេក្ខភាពក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាត និងបដិសណ្ឋារកិច្ចល្អរបស់ច្រកទ្វារអន្តរជាតិលើកទី១។
ទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ នឹងត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ» អមជាមួយនឹងពិធីចែកជ័យលាភី «រង្វាន់លោកនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» លើកទី២ និងជ័យលាភី «បដិសណ្ឋារកិច្ចល្អក្នុងសេវាសាធារណៈរបស់ក្រុង/ខណ្ឌ បេក្ខភាពក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាត និងបដិសណ្ឋារកិច្ចល្អរបស់ច្រកទ្វារអន្តរជាតិ» លើកទី១ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ដោយឡែកក្នុងឆ្នាំ២០១៧នេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបន្ថែមប្រភេទរង្វាន់រហូតដល់ចំនួន ៧ប្រភេទ ដោយបន្ថែម១ប្រភេទរង្វាន់ទៀតគឺ «រង្វាន់ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការប្រើប្រាស់ផលិតផលខែ្មរ» ដែលរង្វាន់នេះចូលរួមគាំទ្រដល់ការប្រើប្រាស់ផលិតផលរបស់ប្រជាកសិករ សិប្បករ សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងចូលរួមដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
តាមការគ្រោងទុក ក្រសួងទេសចរណ៍នឹងរៀបចំពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពី «ការគាំទ្រការប្រើប្រាស់ផលិតផលខែ្មរក្នុងឧស្សហកម្មទេសចរណ៍» នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងវេទិការជាតិធុរកិច្ចបៃតង ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕

លោក ហ៊ុន ម៉ាណែត ទាមទារឱ្យសារព័ត៌មានដើមត្នោតបង្ហាញឈ្មោះជំនួយការសក្តិ៥ របស់លោកទាំងជាង ២០នាក់នោះ

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ដែលមានខ្លឹមសារដូចខាងក្រោម៖
ដល់ខួបបង្កើតរឿងប្លែកៗទៀតហើយ គ្រាន់តែចុះពីលើយន្តហោះភ្លាមម៉ោងជិត១ភ្លឺ បើកទូរសព្ទមើលក៏ភ្ញាក់ព្រើត ព្រោះមានមិត្តម្នាក់គាត់ផ្ញើព័ត៌មានប្លែកមួយថ្មីដែលសារព័ត៌មានដើមត្នោតបានសរសេរហើយយកចុះលើគេហទំព័ររបស់គេ ដោយថាខ្ញុំមានជំនួយការដល់ទៅជាង២០នាក់ ហើយពាក់សុទ្ធតែសក្តិ៥។ អានភ្លាម ខ្ញុំផ្ទុះសំណើចហើយគ្រវីក្បាលរហូតដល់អ្នកដើរក្បែរងាកមើល ព្រោះវាជាព័ត៌មានមួយថ្មីដែលធ្វើឱ្យខ្ញុំអស់សំណើច សើចដោយហួសចិត្ត។
ពេលជាមួយគ្នា ខ្ញុំក៏ឆ្ងល់ថាតើជំនួយការរបស់ខ្ញុំសក្តិ៥ ទាំង ២០នាក់ជាងនោះមកពីណាហើយមានឈ្មោះអ្វីខ្លះ? ខ្ញុំ ក៏បន្តអានអត្ថបទដែលបានចុះនោះ ២ ទៅ ៣ ដងហើយខំប្រឹងមើលថាតើមានអ្វីដែលឆ្លើយនឹងការងឿងឆ្ងល់របស់ខ្ញុំខាងលើទេ ពោលគឺមានបង្ហាញជាមូលដ្ឋាននូវឯកសារអ្វីច្បាស់លាស់ទេ ក្រែងខ្ញុំភ្លេច។ ប៉ុន្តែអានប៉ុន្មានដង ក៏មិនឃើញមានអ្វីដែលសារព័ត៌មានដើមត្នោតបង្ហាញជាភស្តុតាងច្បាស់លាស់ ក្រៅតែពីនិយាយចោលថា ខ្ញុំមានជំនួយការជាង ២០នាក់ដែលសុទ្ធតែជាសក្តិ៥។
ដើម្បីឱ្យខ្ញុំបានអស់ចម្ងល់ ក៏ដូចជាឱ្យអ្នកអានព័ត៌មានដើមត្នោត បានឃើញការពិត ខ្ញុំសូមឱ្យសារព័ត៌មានដើមត្នោត មេត្តាជួយបង្ហាញឈ្មោះជំនួយការសក្តិ៥ របស់ខ្ញុំទាំងជាង ២០នាក់នោះផង និងសូមបង្ហាញឯកសារតែងតាំងក្រុមជំនួយការនោះផង ដូចដែលបានយកឯកសារតែងតាំងខ្ញុំមកបង្ហាញអ៊ីចឹង។ បើបានដូច្នេះ នឹងជួយឱ្យខ្ញុំអស់ឆ្ងល់ និងឱ្យបងប្អូនអ្នកតាមដានព័ត៌មានដើមត្នោតបានទទួលភាពកក់ក្តៅពីសារព័ត៌មាននេះថាជាសារព័ត៌មានមួយដែលអាចទុកចិត្តបាន មិនមែនចេះតែចុះផ្សាយព័ត៌មានដោយអត់មានការទទួលខុសត្រូវ ឬដោយគ្មានមូលដ្ឋាន ភស្តុតាង ឯកសារច្បាស់លាស់នោះទេបាទ។
ប៉ុន្តែបើមិនអាចបង្ហាញភស្តុតាងនោះទេ ខ្ញុំសូមឱ្យសារព័ត៌មានដើមត្នោត ធ្វើនូវការងារមួយដែលសារព័ត៌មានដែលមានលក្ខណៈជាអាជីព និងមានការទទួលខុសត្រូវខ្ពស់គួរធ្វើ នោះគឺកែសម្រួលខ្លឹមសារព័ត៌មានរបស់ខ្លួន និងទទួលស្គាល់ការពិតថា ខ្លួនមិនមានឯកសារ ឬភស្តុតាងគ្រប់គ្រាន់ដើម្បីជាមូលដ្ឋានសម្រាប់ព័ត៌មានដែលខ្លួនបានចុះផ្សាយនោះទេ។ ខ្ញុំជឿថា បងប្អូនជាច្រើននាក់ ប្រាកដជាសង្ឃឹមដូចខ្ញុំដែរថា សារព័ត៌មានដើមត្នោតនឹងឆ្លើយតបជាមិនខានទៅនឹងសំណូមពររបស់ខ្ញុំ ព្រោះពេលនោះយើងទាំងអស់គ្នា នឹងបានដឹងការពិត ហើយក៏អាចឃើញថាសារព័ត៌មានដើមត្នោតជាសារព័ត៌មានប្រភេទណា។ សូមអរគុណទុកជាមុន៕


តុលាការសម្រេចតម្កល់ការចោទប្រកាន់សកម្មជន ទេព វន្នី តាមការសម្រេចរបស់សាលាឧទ្ធរណ៍

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីបានបើកសវនាការកាត់ទោសសកម្មជន ទេព វន្នី តំណាងសហគមន៍បឹងកក់ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ សវនាការនេះដឹកនាំដោយលោក ឡុង កេសភីរម្យ ជាចៅក្រមជំនុំជម្រះ និង លោក សៀង សុខ ជាតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ។
តំណាងអយ្យការសម្រេចតម្កល់ការចោទប្រកាន់លោកស្រី ទេព វន្នី តាមការសម្រេចរបស់សាលាឧទ្ធរណ៍។
សកម្មជន ទេព វន្នី ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥៦ ចុះថ្ងៃទី ២៦ មិនា ២០១៣៕



កម្ពុជាលើកយកការរីកចម្រើន នៃវិស័យទូរគមនាគមន៍បង្ហាញអន្តរជាតិ ក្នុងសន្និសីទស្តីពីការតភ្ជាប់ឌីជីថលអាស៊ាន-ឥណ្ឌា

ឥណ្ឌា៖ លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូ ចំនួន៦រូប ចូលរួមក្នុងសន្និសីទស្តីពីការតភ្ជាប់ឌីជីថលអាស៊ាន-ឥណ្ឌា (ASEAN-India Digital Connectivity) ដែលជាការរំលឹកដល់ខួបលើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា (Commemoration of 25th Anniversary of ASEAN-India Dialogue Partnership) និងពិធីតាំងពិព័រណ៌ធុរកិច្ចអន្តរជាតិស្តីពី ទូរគមនាគមន៍នៅប្រទេសឥណ្ឌា នៅថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
កម្មវិធីនេះ រៀបចំឡើងដោយក្រសួងគមនាគមន៍ឥណ្ឌា និងក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញ ឧបករណ៍សម្ភារៈបរិក្ខារ និងសេវាទូរគមនាគមន៍ឥណ្ឌា។
នៅក្នុងសន្និសទីនៃកម្មវិធីខាងលើ លោក Manoj Sinha រដ្ឋមន្ត្រីក្រសួងគមនាគមន៍ឥណ្ឌា បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌាមានបំណងចង់ធ្វើជាដៃគូជាមួយអាស៊ានក្នុងការតភ្ជាប់ឌីជីថល រវាងអាស៊ាន និងឥណ្ឌា ដែលមានដូចជា ការតភ្ជាប់អ៊ីនធើណិតល្បឿនលឿននៅក្នុងបណ្តាប្រទេសអាស៊ាន ការអភិវឌ្ឍធនធានមនុស្ស និងការតភ្ជាប់អ៊ីនធើណិតល្បឿនលឿនរវាងបណ្តាប្រទេសអាស៊ានជាមួយនឹងប្រទេសឥណ្ឌា។
លោក Manoj Sinha បានបន្ថែមឱ្យដឹងថា ការតភ្ជាប់នេះមានសារៈសំខាន់ណាស់ សម្រាប់ជួយដល់
ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់អាស៊ាន និងឥណ្ឌា ហើយឥណ្ឌានឹងជួយដល់ បណ្តាប្រទេស អាស៊ាននូវការគាំទ្រផ្នែកបច្ចេកទេស និងឥណទានសម្រាប់ការអភិវឌ្ឍគម្រោងនៃការតភ្ជាប់នេះ។
ជាមួយគ្នានោះដែរ លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើង អំពីការរីកចម្រើននៃវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា ហើយ លោកក៏បានរំលឹកផងដែរអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ក្នុងវិស័យនេះនាពេលបច្ចុប្បន្ន និងពេលកន្លងមក។
លោកបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានអត្រានៃការប្រើប្រាស់ស៊ីមកាតទូរសព្ទដៃចំនួន ១២៣% និងអត្រានៃការប្រើប្រាស់អ៊ីនធើណិតចំនួន ៤៨% ។ កម្ពុជាបានតភ្ជាប់បណ្តាញខ្សែ កាបអុបទិក ស្ទើរតែពាសពេញប្រទេស ហើយកំពុងតភ្ជាប់ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ដែលតភ្ជាប់ដោយផ្ទាល់ ជាមួយប្រទេសថៃ និងមាឡេស៊ី និងតភ្ជាប់ទៅកាន់ខ្សែកាបអុបទិកក្រោមបាតសមុទ្រអន្តរជាតិអាស៊ី-អាមេរិក និងខ្សែកាបអុបទិកក្រោមបាតសមុទ្រអន្តរជាតិអាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប។
លោក ខាយ ឃុនហេង សង្ឃឹមថា គម្រោងតភ្ជាប់ឌីជីថលអាស៊ាន-ឥណ្ឌានឹងឆ្លើយតបទៅនឹងការអនុវត្តផែនការ ច្បាប់និងគោលនយោបាយនេះហើយអាចចូលរួមចំណែកនៅក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា។
គួរបញ្ជាក់កម្មវិធីខាងលើ ក៏មានមានការអញ្ជើញចូលរួមដោយ តំណាងក្រសួងទូរគមនាគមន៍ -បច្ចេកវិទ្យា គមនាគមន៍  និងព័ត៌មាននៃបណ្តាប្រទេសអាស៊ាន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងព័ត៌មាន វិទ្យាបង់ក្លាដែស រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃព្រះរាជាណាចក្រប៊ូតាន ព្រមទាំងតំណាង ក្រុមហ៊ុនទូរគមនាគមន៍នៃបណ្តាប្រទេសអាស៊ាន អាហ្វ្រិក និងតំណាងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៃ ប្រទេសឥណ្ឌា៕


Hun Maneth asks DTN to provide names of his 20 assistants

Hun Maneth, the oldest son of the prime minister HUN SEN wrote on his Facebook page today to ask DTN news to provide names of his 20 assistants.
He wrote: Getting off the plane at around 1AM this morning from a long flight and turned on my phone. Suddenly, I busted laughing because of a news report by Deum Thnot News (DTN) which stated I have more than 20 assistants with the ranks of Colonel.
I was at the same time trying to figure out who are those 20 plus supposed assistants of mine that DTN wrote about. I tried to read the article 2 to 3 times to see if it gives any clues who are those assistants of mine just in case I forgot.
Unfortunately, DTN did not show any evidence such as names or supporting documents to support their article. As a result, I still have no clue what DTN is talking about. For this reason, I would politely ask DTN to provide names and supporting documents to support their claim that I have more than 20 assistants with the ranks of Colonel.
Should it be unable to provide, I would ask ask DTN to do what a professional and responsible media would do, which is to rectify the story and acknowledgement that it has no sufficient proof to support what it wrote. I hope to get answer to my above request from DTN daily soon.


ក្រសួងពាណិជ្ជកម្ម ជួយសម្របសម្រួលដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ផ្លាស់ប្តូរស្លាកសញ្ញាថ្មី

ភ្នំពេញ៖ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយលោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរស្លាកសញ្ញាថ្មី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។
សូមជម្រាបផងដែរថា កិច្ចប្រជុំនេះ បានធ្វើឡើងដោយអនុលោមតាមច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់ ដែលអនុម័តដោយរដ្ឋសភាជាតិ កាលពីឆ្នាំ២០០២ ព្រមទាំងសំណើរបស់ប្រមុខរាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។
ជាការឆ្លើយតប លោក សាយ សូនី តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានឯកភាពធ្វើការកែតម្រូវម៉ាកពាណិជ្ជកម្មរបស់ខ្លួន ដោយដកនិមិត្តសញ្ញាប្រាក់រៀល “៛” ដែលមានលក្ខណៈស្រដៀងទៅនឹងនិមិត្តសញ្ញារបស់ធនាគារជាតិនៃកម្ពុជាចេញ និងដាក់ជំនួសវិញដោយពាក្យ “ប្រាសាក់” ដើម្បីបញ្ចៀសរាល់ការភ័ន្តច្រលំរបស់ប្រជាពលរដ្ឋ មកលើគ្រឹះស្ថានសាធារណៈ។
លោកនាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ ក៏បានសន្យាបញ្ឈប់រាល់ការប្រើប្រាស់និមិត្តសញ្ញាប្រាក់រៀល “៛” នៅលើសម្ភារៈ និងបរិក្ខាផ្សព្វផ្សាយរបស់គ្រឹះស្ថាន ព្រមទាំងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងពាណិជ្ជកម្ម ដែលបានជួយសម្របសម្រួលនូវកិច្ចការទាំងអស់នេះ៕




លោក សុខ ឥសាន ៖ ការបង្ក្រាបអ្នកតវ៉ា លទ្ធផលបោះឆ្នោត

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៣កុម្ភៈឆ្នាំ២០១៧នេះ បាន​លើក​ឡើង​ថា ចាប់តាំងពីមានការបោះឆ្នោតសកលប៉ុន្មានលើកកន្លងទៅ សម រង្សី មេបក្សប្រឆាំង តែងតែដឹកនាំធ្វើ​បាតុ​កម្ម​តូច-ធំ និងប្រព្រឹត្តអំពើអនាធិបតេយ្យផ្សេងៗ តវ៉ាលទ្ធផលបោះឆ្នោត ដោយសំអាងទ្បេះនេះ ទ្បេះនោះ តាមការ​នឹក​ឃើញរបស់ខ្លួន រហូតដល់បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ បាត់បង់​អាយុ​ជីវិត​របស់​មនុស្សទៀតផង។ លោក សុខ ឥសាន បញ្ជាក់ថា ពេលនោះទាំងបក្សប្រឆាំង និងមជ្ឈដ្ឋានប្រឆាំង សុទ្ធតែនាំគ្នា​ថ្កោល​ទោសរាជរដ្ឋាភិបាលថា ប្រើអំពើហិង្សា រំលោភសិទ្ធិមនុស្ស ធ្វើឲ្យប៉ះពាល់ដល់​លទ្ធិប្រជាធិប​តេយ្យរបស់​ប្រទេស។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះបន្តថា ប៉ុន្តែ នាពេលថ្មីៗនេះ សម រង្សី ដែលភ្លើតភ្លើន នឹងជ័យ​ជំនះ​ខ្យល់របស់ខ្លួន ក៏ស្រមើស្រមៃថា ខ្លួនឈ្នះឆ្នោត ទាំងមិនទាន់ដល់ថ្ងៃបោះឆ្នោតផងថា នឹងបង្ក្រាប​រាល់​សកម្មភាព​ណា ដែលប្រឆាំងលទ្ធផលបោះឆ្នោត ហើយមិនព្រមប្រគល់អំណាច។
លោក សុខ ឥសាន អះអាងថា ដូច្នេះ ពាក្យនិយាយរបស់អតីតមេបក្សប្រឆាំងរូបនេះមានន័យថា ការបង្ក្រាប​សកម្មភាព​តវ៉ាប្រឆាំងលទ្ធផលបោះឆ្នោតដឹកនាំដោយ សម រង្សី កន្លងទៅ គឺជាការត្រឹមត្រូវ ហើយរាល់ការ​ខូច​ខាត និងបាត់បង់អាយុជីវិតមនុស្ស គឺជាការទទួលខុសត្រូវរបស់មេដឹកនាំបាតុកម្មតវ៉ានោះ៕

ប្រធានរដ្ឋឡាវ៖ ភ្នំពេញអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ មានអគារខ្ពស់ៗ ជីវភាពពលរដ្ឋរីកចម្រើន

នៅពេលអញ្ជើញ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា លោក ប៊ុនញុំាង វ៉ូរ៉ាជិត អគ្គលេខាធិការ​បក្ស និងជាប្រធានរដ្ឋនៃ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​​​ប្រជា​មានិត​ឡាវ បានចូលជួបសវនាការជាមួយ ប្រធានរដ្ឋសភា លោក ហេង សំរិន នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយនៅក្នុងឱកាសនោះ លោកបាន អបអរសាទរ ជាមួយលោកប្រធានរដ្ឋសភា ពីការរីកចម្រើនគួរឲ្យកត់សម្គាល់របស់រាជធានីភ្នំពេញ ដែលជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានរដ្ឋបានលើកឡើងថា ការអញ្ជើញមកដល់កម្ពុជានាឱកាសនេះ លោកនិងគណៈប្រតិភូ មានក្តីរីករាយយ៉ាងខ្លំាង ដោយបានឃើញ ការរីកចម្រើនរបស់រាជធានីភ្នំពេញ។ ភ្នំពេញមានអគារខ្ពស់ៗព្រោងព្រាត ហើយបើពិនិត្យមើលប្រាក់ចំណូលរបស់ពលរដ្ឋ គឺមានការកើនឡើង ពិសេស កំណើនសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងរង្វង់៧%។
“ការរីកចម្រើនរបស់កម្ពុជា គឺជាសញ្ញាល្អណាស់ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសយើងទំាងពីរ ដែលជាបងប្អូន នឹងគ្នានោះ។ យើងខ្ញុំសប្បាយរីករាយ និងចូលរួមអបអរសាទរ ជាមួយប្រជាជនកម្ពុជា” លោកប្រធានរដ្ឋ បានគូសបញ្ជាក់ ជាមួយក្តីរីករាយយ៉ាង ក្រៃលែង។
លោក ហេង សំរិន បានស្វាគមន៍ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកប្រធានរដ្ឋ និងគណៈប្រតិភូនៅកម្ពុជា ក្នុងឱកាសនេះ។ លោកបានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាកិត្តិយស និងមាន​អត្ថន័យជាប្រវត្តិសាស្រ្ត សម្រាប់ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាជនកម្ពុជា ដែលបានឆ្លុះ​បញ្ចាំងយ៉ាងមុតមាំពីទំនាក់ទំនងចំណង​​មិត្តភាពជាប្រពៃណី និង​​កិច្ចសហ​ប្រតិបត្តិការស្អិតរមួតរវាងកម្ពុជា-ឡាវ ដែលមាន យូរលង់មកហើយឲ្យ​កាន់​តែរឹងមាំ ស្ថិតស្ថេរ​គង់វង្សយូរអង្វែង។
ក្នុងនាមប្រធានរដ្ឋសភា លោកបាន សម្តែងក្តីសោមនស្សរីករាយ ដោយសង្កេតឃើញ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្លាស់ប្តូរទស្សនកិច្ចរវាងគ្នា យ៉ាងមមាញឹក ចាប់តាំងពីថ្នាក់​ដឹក​នាំ​កំពូល រហូតដល់ថ្នាក់មូលដ្ឋាន នៃប្រទេសទំាងពីរ។ លោកគូសបញ្ជាក់ថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញ ទៅមកទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនោះ បានបង្ហាញពី​ទំនាក់​ទំនងស្អិតរមួត មិត្តភាព សាមគ្គីភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ រវាងប្រទេសយើង​ទំាងពីរ កម្ពុជា​-​ឡាវ ជា​បងប្អូន ត្រូវបានពង្រឹងនិងពង្រីក។
លោកក៏បានគូសបញ្ជាក់ថា “អ្វីដែលថ្នាក់ដឹកនាំជំនាន់យើងត្រូវខិតខំបន្ត គឺធ្វើយ៉ាងណាពិនិត្យរួមគ្នា ដើម្បីជម្រុញដោះស្រាយបញ្ចប់ ឲ្យបានឆាប់ នូវការបោះបង្គោលកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសយើងទំាងពីរ ប្រែក្លាយជាព្រំដែន មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ សម្រាប់ជាមរតកដល់កូនចៅជំនាន់ក្រោយ”។
លោក ប៊ុនញុំាង វ៉ូរ៉ាជិត បានគំាទ្រ ប្រសាសន៍លើកឡើង របស់លោកប្រធានរដ្ឋសភា។ ជាមួយគ្នានេះ លោកក៏បាន ជម្រាបលោកប្រធានរដ្ឋសភា ពីស្ថានការណ៍នៅប្រទេស ពិសេសនៅក្នុងរយៈពេល១ឆ្នាំ បន្ទាប់ពីប្រទេសបានជ្រើសតាំងថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ខ្លួន ពោលឃើញថា ឡាវក៏ មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ដែរ ប៉ុន្តែកំណើនសេដ្ឋកិច្ច គឺនៅក្នុងរង្វង់៦,៩%។
លោកប្រធានរដ្ឋបានគោរពអញ្ជើញ លោក ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅ ប្រទេសឡាវ តាមពេលសមស្របណាមួយ។ លោក ហេង សំរិន បានទទួលយកសំណើគោរពអញ្ជើញនេះ។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុនញុំាង វ៉ូរ៉ាជិត ប្រធានរដ្ឋ នៃ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​​​ប្រជា​មានិត​ឡាវ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចំនួនពីរថ្ងៃ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧៕



ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រធានរដ្ឋប្រទេសឡាវ បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ព្រំដែននៃប្រទេសទាំងពីរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានជួបពិភាក្សាការងារកម្រិតទ្វេភាគីជាមួយប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) នៅវិមានសន្តិភាព។
នៅក្នុងជំនួបពិភាក្សាការងារនេះ ប្រមុខរដ្ឋនៃប្រទេសកម្ពុជានិងឡាវបានផ្តោតសំខាន់ទៅលើការជំរុញការតភ្ជាប់រវាងប្រទេសទាំងពីរ ជាពិសេសភាគខាងត្បូងនៃប្រទេសឡាវ និងភាគឥសាន នៃព្រះរាជាណាចក្រកម្ពុជាតែម្តង។ នៅក្នុងចំណុចនេះ គឺភាគីទាំងពីរបានឯកភាពជំរុញឱ្យមានការតភ្ជាប់ទាំងបណ្តាញអគ្គីសនី បណ្តាញផ្លូវគោក ផ្លូវទឹក និងផ្លូវដែកជាដើម។ ជាងនេះទៅទៀត ស្របពេលដែលមានការកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងប្រទេស កម្ពុជា-ឡាវ ក្នុងរយៈពេលមួយឆ្នាំមកនេះ មានភាពល្អប្រសើរហើយនោះ លោក ប៊ុនញ៉ាំង វរជិត ក៏ចង់ជំរុញបន្ថែមទៅលើការផ្លាស់ប្តូរបទពិសោធន៍ ការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមកផងដែរ ដើម្បីរួមគ្នាអភិវឌ្ឍតំបន់ត្រីកោណ។
នៅក្នុងចំណុចនេះ ប្រមុខរដ្ឋទាំងពីរក៏បានឯកភាពគ្នាក្នុងការអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម ការវិនិយោគ វិស័យឧស្សាហកម្ម កសិកម្ម និងវិស័យសេវាកម្ម រវាងប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ថា ភាគីកម្ពុជា និងឡាវ កាលពីថ្ងៃទី១០ខែមករា ឆ្នាំ២០១៧ កន្លងមកនេះ បានបើកសម្ពោធច្រកទ្វារអន្តរជាតិ រួមនឹងអគារទីស្នាក់ការច្រកត្រួតពិនិត្យ ត្រពាំងក្រៀល-ណងណុកខៀន ដែលជាច្រកទ្វារអន្តរជាតិទ្វេភាគីដំបូងរវាងប្រទេសទាំងពីរដែលជាការជួយសម្រួលយ៉ាងសំខាន់ដល់ទំនាក់ទំនងនៅតាមបន្ទាត់ព្រំដែន នៃខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់។
ហើយភាគីទាំងពីរក៏បានឯកភាពបន្តសហការគ្នាឱ្យកាន់តែប្រសើរក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទផងដែរ៕