លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៣កុម្ភៈឆ្នាំ២០១៧នេះ បានលើកឡើងថា ចាប់តាំងពីមានការបោះឆ្នោតសកលប៉ុន្មានលើកកន្លងទៅ សម រង្សី មេបក្សប្រឆាំង តែងតែដឹកនាំធ្វើបាតុកម្មតូច-ធំ និងប្រព្រឹត្តអំពើអនាធិបតេយ្យផ្សេងៗ តវ៉ាលទ្ធផលបោះឆ្នោត ដោយសំអាងទ្បេះនេះ ទ្បេះនោះ តាមការនឹកឃើញរបស់ខ្លួន រហូតដល់បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ បាត់បង់អាយុជីវិតរបស់មនុស្សទៀតផង។ លោក សុខ ឥសាន បញ្ជាក់ថា ពេលនោះទាំងបក្សប្រឆាំង និងមជ្ឈដ្ឋានប្រឆាំង សុទ្ធតែនាំគ្នាថ្កោលទោសរាជរដ្ឋាភិបាលថា ប្រើអំពើហិង្សា រំលោភសិទ្ធិមនុស្ស ធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេស។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះបន្តថា ប៉ុន្តែ នាពេលថ្មីៗនេះ សម រង្សី ដែលភ្លើតភ្លើន នឹងជ័យជំនះខ្យល់របស់ខ្លួន ក៏ស្រមើស្រមៃថា ខ្លួនឈ្នះឆ្នោត ទាំងមិនទាន់ដល់ថ្ងៃបោះឆ្នោតផងថា នឹងបង្ក្រាបរាល់សកម្មភាពណា ដែលប្រឆាំងលទ្ធផលបោះឆ្នោត ហើយមិនព្រមប្រគល់អំណាច។
លោក សុខ ឥសាន អះអាងថា ដូច្នេះ ពាក្យនិយាយរបស់អតីតមេបក្សប្រឆាំងរូបនេះមានន័យថា ការបង្ក្រាបសកម្មភាពតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោតដឹកនាំដោយ សម រង្សី កន្លងទៅ គឺជាការត្រឹមត្រូវ ហើយរាល់ការខូចខាត និងបាត់បង់អាយុជីវិតមនុស្ស គឺជាការទទួលខុសត្រូវរបស់មេដឹកនាំបាតុកម្មតវ៉ានោះ៕
No comments:
Post a Comment