Thursday, April 11, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនបានព្រងើយកន្តើយចំពោះការលំបាករបស់ប្រជាពលរដ្ឋនោះទេ




ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងគិតគូរយកចិត្តទុកដាក់ក្នុងការកសាងមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពប្រជាជន ដោយមិនបានព្រងើយកន្តើយចំពោះការលំបាករបស់ប្រជាពលរដ្ឋនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធានានូវបរិស្ថានសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីទាក់ទាញវិនិយោគទាំងក្នុងនិងក្រៅប្រទេស លើកទឹកចិត្តដល់កសិកម្ម កម្មករ និយោជិត មន្រ្តីរាជការ ឱ្យខិតខំរៀនសូត្រ ប្រកបការងារ ថែរក្សាសុខភាពល្អ ដែលទាំងអស់នេះហើយជាចលករជំរុញសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ខិតខំជំរុញសេដ្ឋកិច្ចឱ្យបានដល់មូលដ្ឋាន ដែលនឹងធ្វើឱ្យមានថវិកាចូលហោប៉ៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរៀងៗខ្លួន តាមរយៈការបង្កើតរោងចក្រនៅមូលដ្ឋានដែលផ្តល់ចំណូលដល់ប្រជាជនជាដើម។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានបាននៅគ្រប់ទីកន្លែងតែម្តងពោលគឺពីមួយជំនាន់ទៅមួយជំនាន់ឱ្យកាន់តែល្អប្រសើរឡើង៕