Monday, February 01, 2021

ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន

ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន
ថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត

******************
(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្តអញ្ជើញអញ្ជើញបើកការដ្ឋាន និងសម្ពោធសមិទ្ធផលថ្មីទៀត សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ការបង្ហាញវត្តមានជាសាធារណៈជាលើកទី២ របស់សម្តេចតេជោ ហ៊ុន សែន នៅដើមឆ្នាំ២០២១នេះ គឺការអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន។
នៅក្នុងឱកាសសម្ពោធនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណ២ម៉ោង, ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាល ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១
* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពាក្យស្លោកលើកដោយលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកំណត់នយោបាយទឹកនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹករបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នយោបាយ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ត្រូវបានសម្តេចលើកឡើងតាំងពីពេលសម្តេចទៅចូលរួម ចរចារកសន្តិភាពនៅប្រទេសបារាំងនាឆ្នាំ១៩៨៧មកម្ល៉េះ។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការរៀបចំកម្មវិធីនៅថ្ងៃនេះ ជាសមយុទ្ធលើកទី២ សម្រាប់ការរៀបចំកម្មវិធីក្នុងបរិបទកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានហៅសមិទ្ធផលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនាពេលនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយរដ្ឋាភិបាលបារាំង និងសហភាពអឺរ៉ុប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ចំណាយថវិកាប្រមាណ ២៤៧លានដុល្លារអាមេរិក។ ក្នុងនោះថវិកាសាងសង់រោងចក្រ ១៥៥.៥លានដុល្លារ ការរៀបចំបណ្តាញចែកចាយ ៩១.៥លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ និងទី២ ចំណាយថវិកា ៣៤៨លានដុល្លារអាមេរិក។ ជំហានទី១ និងទី២នេះ អាចផលិតទឹកស្អាតបានប្រមាណ ៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះការប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ដែលបានប្រឹងប្រែងកសាងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកសាវតាររបស់លោក ចម ប្រសិទ្ធ ដែលបានផ្តើមចេញពីជំនួយការផ្ទាល់របស់សម្តេច និងបាននៅជាមួយសម្តេចប្រមាណ៤០ឆ្នាំហើយ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមនចំណាយថវិកា ៤៧.១លានដុល្លារ អាចផលិតទឹកបាន ៥២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា តំបន់អភិវឌ្ឍន៍នៅប្របមហាវិថីឈ្នះឈ្នះ ជាជម្រករបស់ខ្មែរក្រហមនោះទេ ហើយត្រូវបានសម្តេចនាំមន្ត្រីមកកាប់ឆ្កាព្រៃនៅទីនេះ កុំឱ្យខ្មែរក្រហមលាក់ខ្លួន។
* សម្តេចតេជោ បានរំលឹកថា បណ្តាញទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ មានប្រើប្រាស់មុនរបបប្រល័យពូជសាសន៍ ប៉ុល ពត តែបណ្តាញនេះ ត្រូវបានបំផ្លាញទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍នេះ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបាត់បង់កូនក្នុងផ្ទៃម្នាក់ ព្រោះតែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យោងទឹកដាក់លើផ្ទះ។ សម្តេចតេជោ បានលើកឡើងថា រហូតដល់ឆ្នាំ១៩៩៤ ទើបផ្ទះសម្តេចមានទឹកប្រើ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសរងគ្រោះដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត តែបែរជារងទណ្ឌកម្មពីប្រទេសប្រជាធិបតេយ្យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសប្រជាធិបតេយ្យ មិនដែលបង្ហាញការសោកស្តាយរបស់ពួកគេចំពោះកំហុសពីអតីតកាល តាមរយៈការគាំទ្ររបបខ្មែរក្រហមនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកំលុងពេលរាតត្បាតនៃជំងឺកូវីដ១៩នេះ កម្ពុជា នៅតែមានលទ្ធភាពក្នុងការសងបំណុលបរទេស។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជារងគ្រោះ អ្នកជំនាន់មុនបង្កើតសង្គ្រាម អ្នកជំនាន់ក្រោយដើរពន្លត់សង្គ្រាម និងបង្កើតសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណបារាំង និងសហភាពអឺរ៉ុប ដែលបានជួយសាងសង់រោងចក្រផលិតទឹកស្អាត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធស្ថានភាពចាប់ខ្លួនមេដឹកនាំ និងប្រធានាធិបតីនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាមិនថ្លែងសារអ្វីពាក់ព័ន្ធបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាទេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងរាជធានីភ្នំពេញ រដ្ឋាភិបាលជប៉ុន បានជួយច្រើនណាស់លើបញ្ហាទឹក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាតម្រូវការទឹកក្នុងភ្នំពេញ បច្ចុប្បន្នត្រូវការទឹកជាង៧០ម៉ឺនម៉ែត្រគូប ខណៈការផលិតបានត្រឹមជាង៦០ម៉ឺនម៉ែត្រគូប ខ្វះប្រមាណ ១៥ម៉ឺនម៉ែត្រគូប។ ប្រជាពលរដ្ឋ៤ម៉ឺនគ្រួសារខ្វះទឹកប្រើប្រាស់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្រូវការទឹកក្នុងរាជធានីភ្នំពេញ គឺកើនឡើងរាល់ថ្ងៃ ដូច្នេះត្រូវតែប្រឹងប្រែងក្នុងការអភិវឌ្ឍសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាត។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ថាប័នរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងទឹក។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រសួងស្ថាប័នរដ្ឋ កុំបើកម៉ាស៊ីនត្រជាក់ខ្លាំងពេក ហើយចេញត្រូវបិទភ្លើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានវិនិយោគផ្ទាល់មានទំហំថវិកា៥៩៤លានដុល្លារ។ ក្នុងនោះវិនិយោគផ្ទាល់ ៥១៤លានដុល្លារ ៧៩លានដុល្លារ ថវិកាបដិភាគ។
* សម្រាប់ឆ្នាំ២០២០ វិនិយោគផ្ទាល់ ១,៤២៥លានដុល្លារអាមេរិក។ ក្នុងនោះវិនិយោគផ្ទាល់ ១២១៥លានដុល្លារ ប្រាក់បដិភាគ ២១០លានដុល្លារ។ ឆ្នាំ២០២១ ថវិកាវិនិយោគផ្ទាល់មានចំនួន ១,៤០០លានដុល្លារ។ ក្នុងនោះវិនិយោគផ្ទាល់ ១,១៨៩លានដុល្លារ និងបដិភាគ ២១១លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមពីអតីតកាល បានបន្សល់ទុកនូវស្នាមរបួសជាច្រើនសម្រាប់កម្ពុជា តែកម្ពុជាបានប្រឹងប្រែងងើបឡើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស នៅតែបន្តត្រូវនឹងស្ថានភាពរបស់កម្ពុជារហូតដល់ ៥០ឆ្នាំខាងមុខ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពជំងឺកូវីដ១៩មិនទាន់ស្រាកស្រាននោះទេ។ សម្តេចតេជោ បានសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកកំពុងធ្វើចត្តាឡីស័កមិនអាចកាត់បន្ថយចំនួនថ្ងៃបាននោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកចូលមកកម្ពុជាត្រូវតែធ្វើតេស្តសុខភាព និងចត្តាឡីស័ក១៤ថ្ងៃដោយមិនអាចខានបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះមិនមែនជាពេលត្រូវស្តីបន្ទោសគ្នានោះទេ តែជាពេលដែលប្រទេសទាំងអស់ ត្រូវសហការគ្នាដោះស្រាយបញ្ហា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលករខ្មែរនៅថៃចំនួន១៣៦នាក់ កើតជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវរួមគ្នាការពារឱ្យបានកុំឱ្យមានការឆ្លងចូលសហគមន៍ជាថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចូលសមរភូមិសង្គ្រាម និងសមរភូមិចរចាជាច្រើន តែមិនដែលតក់ស្លុតនឹងបញ្ហានោះទេ។ ប៉ុន្តែការប្រយុទ្ធនិងសមរភូមិកូវីដ១៩ ថ្ងៃខ្លះសម្តេចត្រូវញ័រដៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រយុទ្ធលើសមរភូមិកូវីដ១៩ មិនស្ថិតលើអ្នកមាន ឬអ្នកក្រនោះទេ តែស្ថិតលើអភិបាលកិច្ចល្អ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នាពេលកន្លងទៅ ដោយសារមានការចូលរួមពីប្រជាពលរដ្ឋ។
* ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋកុំភ្លេចវិធានការ «៣កុំ» និង «៣ការពារ»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និងជំនួយជួយទិញវ៉ាក់សាំង។ សម្តេចតេជោ បានលើកឡើងថា ព្រះរាជកាយវិការ និងកាយវិការទាំងនេះ បង្ហាញពីស្មារតីនៃសាមគ្គីភាពនៅក្នុងសង្គមកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងវិធានការរាំងខ្ទប់វ៉ាក់សាំងរបស់សហភាពអឺរ៉ុប។ សម្តេចតេជោ បានបញ្ជាក់ថា ពិភពលោកចាត់ទុកវ៉ាក់សាំងជាទំនិញរួម។ សម្តេចតេជោ ហ៊ុន សែន តាមរយៈទូតអឺរ៉ុប ជួយនាំសារនេះទៅកាន់សហភាពអឺរ៉ុប។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីប្រភពវ៉ាក់សាំង ដែលកម្ពុជានឹងទទួលបានប្រមាណ ២០លានដូស។ ក្នុងនោះទទួលបានជំនួយពីចិន ១លានដូស (មកដល់ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស), ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក ៧លានដូស, ទិញតាមកូវ៉ាក់១លានដូស និងទទួលបានតាមរយៈជំនួយពីអូស្ត្រាលីខ្ទង់៣លានដូស។ ក្រៅពីនោះកម្ពុជាពិចារណាទិញពីប្រទេសអង់គ្លេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេទ្យកងទ័ពបានហ្វឹកហ្វឺនរួចហើយ ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើវ៉ាក់សាំងមួយដូសតម្លៃចន្លោះ ៤ ទៅ៥ដុល្លារ គឺព្រះរាជអំណោយព្រះមហាក្សត្រ និងមហាក្សត្រី ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរជាង ៥៧លានដុល្លារ គឺគ្រប់គ្រាន់។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសសុំជំនួយវ៉ាក់សាំង ពីសហភាព និងអឺរ៉ុប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំនិយាយថាកម្ពុជាមើលឃើញ ឬត្រូវការតែចិននោះ។ នយោបាយរបស់កម្ពុជា ត្រូវការជុំវិញខ្លួនទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយថ្ងៃកម្មការិនីឆ្លងទន្លេជាង ២០០នាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នោះ អណ្តូងទី១ ដំណើរការបាន ៣៣ថ្ងៃ បូមបាន ១,២៣៦បារ៉ែល ក្នុងមួយថ្ងៃ។ រយៈពេល ៣៣ថ្ងៃ ផលិតបាន ៤០,៧៨៨បារ៉ែល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការវាយតម្លៃកម្ពុជាអាចចម្រាញ់ប្រេងបានចន្លោះពី ៧ពាន់ ទៅ ៧,៥០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជានេះជាចំនួនមួយតិចតួចនៅឡើយ តែជាការបោះជំហ៊ានមួយល្អលើវិស័យប្រេងនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលពីប្រេង មិនទាន់ជះវិសាលភាពដល់សេដ្ឋកិច្ចកម្ពុជានោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២១ កម្ពុជារំពឹងទទួលបានកំណើនសេដ្ឋកិច្ច ៤ភាគរយមកវិញ តែត្រូវរួមគ្នាទប់ស្កាត់ឱ្យបានលើការរីករាលដាលជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅចំពោះមុខវិបត្តិកូវីដ១៩នេះ សម្តេចមិនប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅផ្នែកណាមួយ ឬប្រទេសទាំងមូលនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២១នេះ សម្តេចមិនមានគម្រោងលុបពិធីបុណ្យចូលឆ្នាំនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១០៖១៧នាទីនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១៕

សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតាផ្សេងៗ

 សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតាផ្សេងៗ






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គោលនយោបាយយុទ្ធសាស្រ្ត៤ «មនុស្ស ទឹក ផ្លូវ ភ្លើង» នឹងត្រូវបន្តមិនតិចជាង៥០ឆ្នាំទៀតទេ

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅក្នុងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលគឺ ទឹក ផ្លូវ ភ្លើង មនុស្ស នៅតែត្រឹមត្រូវនិងមានសារៈសំខាន់ គ្រាន់តែពេលនេះយើងដូរមក មនុស្ស ទឹក ផ្លូវ ភ្លើងវិញ ក៏ប៉ុន្តែគោលនយោបាយយុទ្ធសាស្រ្តនេះនឹងនៅតែត្រឹមត្រូវមិនតិចជាង៥០ឆ្នាំទៀតនោះទេ ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសគាំទ្រនូវពាក្យស្លោករបស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែលបានលើកឡើងថា «ទឹកស្អាតសម្រាប់យើងទាំងអស់គ្នា» ផងដែរ៕






ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន

 

ក្រសួងសុខាភិបាលរកឃើញ ពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃម្នាក់ទៀត ឆ្លងកូវីដ១៩

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃម្នាក់ថែមទៀត ឆ្លងកូវីដ១៩។

នៅថ្ងៃនេះ ក្រសួងក៏បានបញ្ជាក់ថា មិនមានករណីព្យាបាលជាអ្នកជំងឺកូវីដ១៩ ជាសះស្បើយនោះទេ។

អ្នកឆ្លងកូវីដ១៩ថ្មីនេះជាស្ត្រីជនជាតិខ្មែរ អាយុ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកជំងឺ២៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕