Sunday, July 03, 2016

អាជ្ញាធរជាតិអប្សរា​កំពុងបើកវគ្គបណ្តុះ​បណ្តាល​បច្ចេកទេស​សង្គ្រោះបឋម ដល់មន្ត្រីពាក់ព័ន្ធ​ប្រចាំការក្នុងឧទ្យានអង្គរ

ប្រធានភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាតាមបណ្តាប្រាង្គប្រាសាទនានា មន្ត្រីនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ប្រចាំតំបន់ឧទ្យានអង្គរ កំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្គ្រោះបឋម ពីក្រុមអ្នកជំនាញ The CPR  Hero training center មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ វគ្គសិក្សានេះធ្វើឡើងនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។

ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះមានប្រសាសន៍ថា គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺធ្វើឲ្យប្រសើរឡើងនូវសេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរ។ ដូចយើងដឹងស្រាប់ហើយ បច្ចុប្បន្នអង្គរ គឺជាតារាមួយដួងដែលភ្ញៀវទេសចរជាច្រើនកំពុងចាប់អារម្មណ៍។ ដូច្នេះ យើងត្រូវព្យាយាមពង្រឹងគុណភាពនៃការទស្សនានេះឲ្យរឹងរឹតតែប្រសើរឡើងថែមទៀត។ ភ្ញៀវទេសចរមានច្រើន ដូច្នេះ ឧបទ្ទហេតុចំពោះពួកគាត់ច្បាស់ជាគេចមិនផុតឡើយ។ ការចេះវិធីសាស្ត្រជួយសង្គ្រោះពួកគាត់បានទាន់ពេល និងប្រកបដោយសុវត្ថិភាព ក៏ជាតម្រូវការចាំបាច់មួយសម្រាប់យើងអ្នកធ្វើការពាក់ព័ន្ធនឹងអង្គរទាំងអស់គ្នា

វគ្គសិក្សានេះ បានផ្តោតសំខាន់លើរបៀបជួយឱ្យមានដំណើរការដង្ហើមឡើងវិញនិងការវាយតម្លៃជនរងគ្រោះថា  តើគ្រោះថ្នាក់កម្រិតណាដែលអាចជួយនៅនឹងកន្លែង  ហើយកម្រិតណាដែលត្រូវការឡានពេទ្យជាចាំបាច់។ បើទោះជាត្រូវការឡានពេទ្យក៏ដោយ ក៏អ្នកដែលចេះវិធីជួយសង្គ្រោះបឋមអាចជួយឲ្យពួកគាត់រួចផុតពីគ្រោះថ្នាក់បាន ក្នុងករណីដែលត្រូវរង់ចាំឡានសង្គ្រោះបន្ទាន់។ បន្ថែមពីនោះក៏មានការហ្វឹកហាត់ឆ្លើយតបទៅនឹងឧបទ្ទវហេតុជាយថាហេតុ ធ្វើយ៉ាងណាបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យឬគោលដៅសុវត្ថិភាពដែលនៅក្បែរបំផុតបានទាន់ពេលវេលា។


  ដោយសារមេរៀននេះមានសារៈសំខាន់ ឯកឧត្តមបញ្ជាក់ថា នឹងពង្រីកវគ្គបណ្តុះបណ្តាលនេះទៅកាន់អ្នកពាក់ព័ន្ធដទៃទៀតដូចជា មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកបើកបរ ឬក៏អ្នកស្រុកផ្ទាល់តែម្តង ព្រោះចំណេះដឹងនេះចេះរឹតតែច្រើនរឹតតែល្អចំពោះសេវាទេសចរណ៍។ ដោយឡែក នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារ The CPR Hero training center នឹងចុះទៅពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរមួយចំនួនដោយឥតគិតថ្លៃផងដែរ៕


អាជ្ញាធរជាតិអប្សរាសហការ​ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត​មកពីសហរដ្ឋ​អាមេរិករៀប​ចំកម្មវិធី​ពិនិត្យសុខភាព​ជូនពលរដ្ឋ​ក្នុងតំបន់អង្គរ​ដោយឥតគិតថ្លៃ

  ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរាបានអញ្ជើញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត The CPR Hero Training Center ១០នាក់មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត SORMA Sahai និងលោកវេជ្ជបណ្ឌិត Michael Pham ជំនាញសង្គ្រោះបឋម បានចុះមកពិនិត្យសុខភាពជូនប្រជាជននៅភូមិត្នោតនិងភូមិលលៃ ស្រុកសៀមរាប ក្នុងតំបន់អង្គរចំនួន២០០នាក់ដោយឥតគិតថ្លៃ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦។
  លោកស្រី ម៉ម វណ្ណរតន៍ ឧបការីអាជ្ញាធរជាតិអប្សរា បានប្រាប់ថា ដោយមានការយកចិត្តទុកដាក់និងព្រួយបារម្ភចំពោះសុខភាពប្រជាជនក្រីក្រក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីពិនិត្យសុខភាពឥតគិតថ្លៃនេះឡើង ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីរដ្ឋកាលីហ្វ័រញ៉ាជួយពិនិត្យសុខភាពនិងប្រឹក្សាយោបល់ដល់ពួកគាត់។ ការពិនិត្យសុខភាពនេះមានដូចជា ការពិនិត្យសម្ពាធឈាម ជាតិស្ករក្នុងឈាម ថ្លឹងទម្ងន់ វាស់កម្ពស់ និងប្រព័ន្ធប្រសាទ ដើម្បីឱ្យពួកគាត់បានដឹងថាក្នុងខ្លួនគាត់មានបញ្ហាអ្វីមួយ ហើយធ្វើការណែនាំឱ្យគាត់ទៅជួបគ្រូពេទ្យជំនាញក្នុងស្រុកដើម្បីធ្វើការព្យាបាលបានទាន់ពេលវេលា។ លោកស្រីបន្តទៀតថា ក្រៅពីពិនិត្យសុខភាពនិងផ្តល់យោបល់ហើយ ក្រុមគ្រូពេទ្យក៏បាននាំប្រជាជនធ្វើចលនារាងកាយ ដើម្បីសម្រួលដល់សន្លាក់ឆ្អឹងផងដែរ។
  លោកតា កយ អាយុ៧៧ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិត្នោត សង្កាត់អំពិល ស្រុកសៀមរាប បានសម្តែងនូវសេចក្តីរីករាយដែលបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យសុខភាព ដោយឥតគិតថ្លៃ ព្រោះជីវភាពខ្សត់ខ្សោយដូចលោកតា បើចង់ដឹងថាខ្លួនឯងកើតអីនោះក៏មិនមានលទ្ធភាពទៅរកការប្រឹក្សាពីគ្រូពេទ្យដែរ។ បន្ទាប់ពីពិនិត្យសុខភាពហើយលោកគ្រូពេទ្យបានប្រាប់ថា លោកតាមានជំងឺលើសឈាម មិនត្រូវធ្វើការធ្ងន់ៗទេ ពិសេសគឺត្រូវទៅជួបគ្រូពេទ្យក្នុងស្រុកដើម្បីធ្វើការព្យាបាលជំងឺឱ្យទាន់ពេល។
  លោកយាយ ម៉ោញ វ៉ាន អាយុ៧០ឆ្នាំមកពីភូមិលលៃ បានប្រាប់ដែរថា ក្រោយពិនិត្យ សុខភាពរួច គ្រូពេទ្យប្រាប់ថាសម្ពាធឈាម និងប្រព័ន្ធប្រសាទល្អជាទេ ខ្វះតែជាតិស្ករប៉ុណ្ណោះ ទើបធ្វើឱ្យលោកយាយហត់និងខ្សោយ វិលមុខជាដើម។ គ្រូពេទ្យណែនាំឱ្យញ៉ាំបាយ ៦ដងក្នុងមួយថ្ងៃ តែញ៉ាំតិចៗ និងកាត់បន្ថយការហូបផ្អែម។ លោកយាយក៏សម្តែងនូវការអរគុណដល់ក្រុមគ្រូពេទ្យដែលបានជួយពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់។

   លោកមេភូមិត្នោតបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរាដែលបានអញ្ជើញក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្រីក្រនៅភូមិត្នោតនិងភូមិលលៃដោយឥតគិតថ្លៃ ធ្វើឲ្យអ្នកភូមិខ្លះដែលគាត់ឈឺតែគ្មានលទ្ធភាពទៅពេទ្យនោះបានដឹងពីជំងឺរបស់គាត់។ មិនតែប៉ុណ្ណោះកន្លងមក អាជ្ញាធរជាតិអប្សរាក៏បានចែកកញ្ចប់ទ្រទ្រង់សុខុមាលភាពមាតានិងទារកដល់ស្ត្រីទើបសម្រាលកូនហើយដល់អ្នកភូមិ និងជំនួយបឋមពេលភ្លើងឆេះផ្ទះ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ជាច្រើនទៀតផង៕