Wednesday, October 07, 2015

អតីតសកម្មជនCNRP ដែលទើបនឹងចុះចូលCPP ហែក្បួនតាមគោយន្តប្រឆាំងមិនឱ្យលោក សម រង្ស៊ី និងលោក កឹម សុខា ចុះទៅមូលដ្ឋានពួកគេ

(ឧត្តរមានជ័យ)​៖ នៅព្រឹកថ្ងៃ​ទៅ០៧ ​ខែតុលា ​ឆ្នាំ២០១៥នេះ ​ប្រជាពលរដ្ឋ​មួយចំនួន​ ដែលអះអាងថា ​ជាអតីតសកម្មជន​គណបក្ស​សង្រ្គោះជាតិ ​ទើបនឹងចុះចូល​ ជាមួយ​គណបក្សប្រជាជន​ នៅខេត្ត​ឧត្តរមានជ័យ ​បានហែក្បួន​ដោយគោយន្ត​ នៅតាមភូមិ-ឃុំ ​ដើម្បីប្រឆាំងមិ​នឱ្យលោក ​សម រង្ស៊ី ​និង លោក​ កឹម សុខា ​ចុះឃោសនានយោបាយ ​នៅក្នុងមូល​ដ្ឋាន របស់ពួគេ ​។

ប្រជាពលរដ្ឋ​ បានអះអាងថា ​ពួកគេមិនចង់​ទទួលបាន​នូវការសន្យាខ្យល់ ​ឬការភូតភរ​កុហកពីថ្នាក់​ដឹកនាំរបស់​គណបក្សស​ង្រ្គោះជាតិ ​លោក សម ​រង្ស៊ី និង លោក ​កឹម សុខានោះ​ទេ ហើយពួកគេ​នឹងបន្តយុទ្ធនា​ការរបស់ខ្លួន​ឱ្យកាន់តែធំឡើង ​។ នៅលើបដារបស់​ប្រជាពលរដ្ឋទាំងនោះ ​ក៏បានសរសេរ​ដែរថា «​យើងខ្ញុំមិនឱ្យ ​សម រង្ស៊ី ​ចូលមកបោក​ប្រាស់ប្រជា​រាស្រ្តនៅខេត្ត​ឧត្តរមានជ័យ​ទៀតទេ!»​។

ទោះជាយ៉ាងនេះក្តី ​អ្នកនាំពាក្យ​គណបក្សសង្រ្គោះជាតិ ​លោក យឹម​ សុវណ្ណ ​បានចាត់ទុកថា ការ​ធ្វើយុទ្ធនាការ​ប្រឆាំងមិនឱ្យ ​ថ្នាក់ដឹកនាំ​គណបក្សសង្រ្គោះ​ជាតិ លោក ​សម រង្ស៊ី​ និងលោក ​កឹម សុខា ​ចុះទៅខេត្ត​ឧត្តរមានជ័យនេះ ​គ្រាន់តែជាឆាក​ល្ខោនដែលរៀប​ចំឡើងដោយគូ​បដិបក្ខ ​របស់គណបក្ស​សង្រ្គោះជាតិ​ប៉ុណ្ណោះ ។​ លោកថា ​នេះមិនមែនជាសកម្មភាព​លើកទី១នោះទេ​ហើយអាណត្តិមុនៗ​ក៏ធ្លាប់មានដែរ​ ប៉ុន្តែជាក់ស្តែង ​គណបក្សប្រជាជន​កម្ពុជា បាន​បាត់បង់ជាង​២០កៅអី ​ព្រោះតែបង្កើត​ សកម្មភាព​បែបនេះ ។​ លោកថា «គ្រាន់តែជា​ឆាកល្ខោនដែ​លគូដិបក្ខគណបក្ស​សង្រ្គោះជាតិរៀបចំឡើង ​ជាឆាកល្ខោន​ដែលគ្មាន ន័​យអ្វីទាំងអស់ ​សម្រាប់គណបក្ស​សង្រ្គោះជាតិ»​។


លោកបន្ថែមថា ​«បើព័ត៌មាននេះកាន់​តែច្រើន ​គណបក្សសង្រ្គោះជាតិ​កើនសម្លេង​កាន់តែច្រើន​ ដូចកាល​ឆ្នាំ២០១៣ ​ឮសូរតែ(​CNRP) ចុះចូលជាមួយគ​ណបក្សប្រជាជន ​គគ្រឹកគក្រេងរាប់ម៉ឺន​រាប់សែននាក់ដែរ​ ប៉ុន្តែទីបំផុត​គណបក្សប្រជាជន​បាត់កៅអីអស់ ជា​ង២០កៅ ​អញ្ចឹងឥឡូវនេះ​បើបានអញ្ចឹង​កាន់តែច្រើន ​មានន័យថា ​គណបក្សប្រជាជន ​បាត់បង់ការ​គាំទ្រកាន់តែច្រើន ​គណបក្ស​សង្រ្គោះជាតិកើន​សម្លេងកាន់​តែច្រើន» ​៕




បទវិ​ភាគ ដោយ៖​ សួន ចំរើន,តើ​អ្វីទៅ​​ជាមូលហេតុ​ចម្បង​នៃ​សិក្ខា​​សាលា​​ បែប​តក់ក្រ​ហល់​ របស់​គ​ណបក្ស​ស​ង្គ្រោះជាតិ​?​ ​

នៅក្នុង​ឆាក​នយោបាយ ​នៃ​សង្គមប្រជាធិបតេយ្យ​ សេរីពហុបក្ស​ ការគ្រប់គ្រង​ និងការ​ដឹកនាំ​របស់គណបក្ស​​មួយ​ ដែល​​​មាន​ភាពរឹងមាំ អាច​ប្រកួតប្រជែង​​​ជាមួយ​បក្ស​ដទៃ​បាន លុះត្រា​​តែ​​គណបក្ស​នយោបាយ​នោះ​ «មាន​ធនធាន​មនុស្ស​​គ្រប់គ្រាន់​ និងមាន​គោលនយោបាយ​ដឹក​នាំ​​ច្បាស់​​លាស់​ គួប​ផ្សំ​នឹង​បទពិសោធន៍​ដឹក​នាំ​ និង​ត្រូវ​តែ​មាន​ធនធាន​សេដ្ឋកិច្ច​​គ្រប់គ្រាន់​​​ដើម្បី​ផ្គត់​ផ្គង់ និង​ចិញ្ចឹមជីវិត​បក្សថែម​ទៀត»​​​។​ ទន្ទឹម​​នឹង​​នោះ​​ ក៏ត្រូវ​​មាន​អ្នក​ចូល​រួម​គាំ​ទ្រ​ ច្រើន​លើស​លុប​ផង​ដែរ​ទើប​អាច​ឈាន​ទៅ​​រក​​ពន្លឺ​​នៃ​​ជ័យ​ជំនះ​ នៅ​​ពេល​​​បោះ​ឆ្នោត​​។​
ប្រហែល​ដោយសារ​មូល​ហេតុ​មួយ​ចំនួន​ខាងលើ​នេះ​ហើយ​ ទើប​បាន​ជា​ក្រុម​អ្នក​វិភាគ​​បាន​នាំ​គ្នា​​ផ្តោត​អារម្មណ៍​​ និង​តាម​ដាន​អំពី​ការ​បើក​សិក្ខាសាលា​ដោយ​​តក់​ក្រហល់​​មួយ​​​របស់​​​គណបក្ស​​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥​ កន្លង​​ទៅ​ថ្មីៗ​​នេះ​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ​ កំពុង​​ដាំក្បាល​​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ លើ​សមរភូមិ​ប្រជាធិប​តេយ្យ​​ នា​ពេល​ចុង​ក្រោយ​នេះ​។​
ខ្លឹម​សារ​ចម្បង​​ដែល​អង្គសិក្ខាសាលា​ បាន​លើក​យក​មកពិភាក្សា​ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា​​ អនុប្រធាន​បក្ស​ លោក កឹម សុខា​ បាន​លើក​អំពី​ការ​បាត់​បង់​​ជំនឿទុក​ចិត្ត​របស់​សកម្មជន​ និង​ថ្នាក់​ដឹកនាំ​ ដែល​ធ្លាប់​គាំ​ទ្រ​ ឲ្យ​មាន​ការ​គាំទ្រ​ឡើង​វិញ​ ដោយ​ត្រូវ​រក្សា​ទាំង​រូបភាព​នយោបាយ និង​គោល​ជំហរ​នយោបាយ ដែលធ្លាប់​បង្ហាញប្រជាពលរដ្ឋពី​ពេល​មុន​ កុំឱ្យមានការផ្លាស់ប្តូរ ឬទន់ជ្រាយ ដូច​ពេល​​នេះ​។ ក្នុង​នោះ​លោកអនុប្រធាន​មិនហ៊ាន​បញ្ចេញ​ឈ្មោះ​នោះ​ទេ​ ប៉ុន្តែ​បើតាម​ប្រភព​ពី​ផ្ទៃក្នុង​​គណៈកម្មាធិការនាយ​ករបស់បក្ស​ គឺ​បាន​​ឱ្យ​តម្រុយថា​ លោក អ៊ុំ សំអាន​ លោក រៀល​ ខេមរិន្ទ្រ និង​លោកស្រី​ មួរ​សុខ​ហួរ គឺ​ជាមុខ​សញ្ញា​​​ដែល​​អសកម្មជាង​គេ​មក​ដល់​ពេល​នេះ​ ហើយ​ប្រហែល​ជាអាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​​មុខ​តំណែង​នេះទៀត​ផង​។
ដោយ​សារ​តែ​មាន​ភាព​រង្គោះរង្គើ​ នៅផ្ទៃក្នុងគណបក្ស​​ កាន់​តែ​ធ្ងន់ធ្ងរឡើងៗ​ ទើប​លោក​អនុប្រធាន កឹម សុខា​​​ បាន​ណែនាំ​ឲ្យ​មាន​ការ​រួប​រួម​គ្នា​ឡើង​វិញ​ ជាពិសេស​រវាងសកម្មជន និង​ថ្នាក់​ដឹក​នាំ​​ ដែល​ចេញ​មក​ពី​ប៉ូល​ទាំង​ពីរ​​នៃ​គណបក្ស​សមរង្ស៊ី និងគណបក្ស​សិទ្ធិមនុស្ស​។ ការ​ប្រកាន់​បក្ខពួក​ និង​សែ​ស្រឡាយ​ គឺ​នៅ​តែ​មាន ហើយមានយ៉ាងសកម្ម និងស្រួចស្រាល់បំផុតនៅ​ក្នុង​​ជួរ​គណបក្ស​សង្គ្រោះជាតិដដែល​។ ជាក់​ស្តែង​សែ​ស្រឡាយ​ខាង​គណបក្ស​សម​រង្ស៊ី គឺ​នៅ​តែ​ត្រួតត្រា​សែ​ស្រឡាយ​ខាង​គណបក្ស​​សិទ្ធិមនុស្ស​ដដែល​។ ដូច្នេះ​ហើយ​​ ទើប​លោក​ កឹម សុខា​ បាន​​ណែនាំ​​ឲ្យ​មាន​ការ​ឯកភាព​គ្នាផ្ទៃ​​ក្នុង​​ដោយ​គោរព​ និងអនុវត្ត​នូវវិន័យ​ ឬវិធាន​ផ្ទៃក្នុង​របស់គណ​បក្ស។
ចំណុច​នេះ​ ក្រុម​អ្នក​វិភាគ​ នៅ​តែ​មិន​អស់​ចិត្ត​ និង​នៅតែ​សង្ស័យ​ថា​ គណបក្ស​​​ប្រឆាំង​​មួយ​នេះ​ គឺ​​នៅ​តែ​រក្សា​ «កង់​ស៊ឺកួរ​» រៀង​ៗ​​ខ្លួន​​ដោយ​មិនហ៊ាន​រំលាយ​គណបក្ស​​​ចាំសំបុក​របស់​ខ្លួន​ចោល​នោះ​ទេ​។ ដូច្នេះ​ មាន​ន័យ​ថា​ នៅ​ថ្ងៃ​​ណា​មួយ​ នៅពេល​​ដែល​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​រវាង​លោក សម រង្ស៊ី និងលោក កឹម សុខា ឬ​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ គឺ​ពួក​គេ​នឹង​វិល​ទៅ​រក​ទ្រ​នំ​ចាស់​ជាមិន​ខាន​។​
ក្រុម​អ្នក​វិភាគ​ក៏បាន​មើល​ឃើញ​ផង​ដែរ​ថា​ ប្រការ​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​កំពុង​ប្រឈម​​ដែរ​នោះ​ គឺធន​ធាន​មនុស្ស​របស់​គណបក្សតែម្តង​​។ ​មាន​ពាក្យ​មួយ​ឃ្លារ​​ដែល​អ្នក​យុទ្ធ​សាស្ត្រ​​ក្នុ​ង​បក្ស​នយោបាយ​​តែង​លើកនោះ​ ​​គឺថា​​ «បើ​ក្នុង​បក្សនយោបាយ​មួយ​មាន​សុទ្ធ​តែ​អ្នក​នយោ​បាយភ្លើងចម្បើង ភ្នែកបន្ទោរ ហើយ​ក៏​រួមគ្នា​​​ធ្វើ​​នយោបាយ អាយុជីវិត​គណបក្ស​នយោបាយ​​នោះ នឹង​មិនអាច​​ស្គាល់​​ពន្លឺនៃ​​ជ័យជំនះ​បានទេ​»។ យ៉ាង​ណាមិញ​ ធន​ធាន​មនុស្ស​ បន្តិច​បន្តួច​របស់​​គណបក្ស​ប្រឆាំង​ ដែល​មិន​ធ្លាប់​បាន​ដឹក​នាំ​ប្រទេស​ម្តង​ណាសោះ​នោះ​ គឺ​បាន​បញ្ជាក់​ពី​ភាព​បរាជ័យ​​រួច​ទៅ​ហើយ។​ ដូចគ្នា​នេះ​ដែរ​​ ​​​​មេដឹក​នាំ​ប្រទេស​​ដែល​​គ្មាន​​បទពិសោធន៍​​​ដឹកនាំ​ វា​នឹង​នាំ​ប្រទេស​ធ្លាក់​​ទៅ​ក្នុង​សភាព​វឹក​វរ​ជា​មិន​ខាន​​។ ដូច្នេះ​ហើយ​ ទើប​លោក កឹម សុខា​ បាន​ណែនាំ​ឲ្យ​មានការបណ្តុះ​បណ្តាល​ទាំង​សមត្ថភាព គុណភាព និង​គុណធម៌​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​គ្រប់​ជាន់​ថ្នាក់​ ជាពិសេស​គឺ​គុណធម៌​នេះ​តែម្តង​ ព្រោះ​កន្លង​មក​ សកម្មជន​របស់​គណបក្ស​ តែង​ប្រើ​អំពើ​ហិង្សា នៅគ្រប់​សកម្មភាព​តវ៉ា​​។
កត្តា​មួយ​ទៀត​ដែល​ជាចំណុច​ខ្សោយ​របស់​គណបក្ស​ប្រឆាំង​ គឺ​គោល​នយោបាយ​មិន​សហការ​ជា​មួយ​​​​ក្រុម​​មនុស្ស​​ដែល​មាន​ឥទ្ធិពល​ក្នុង​សង្គម​ ជាពិសេស​ក្រុមមនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​។​ ទាំង​​លោក​ សម រង្ស៊ី និង​លោក កឹម សុខា​ តែង​ព្រមាន​ជាញឹក​ញយ​​ថា​ បើ​គណបក្ស​​ខ្លួន​ឡើង​​កាន់​អំណាច​ ពួក​គេ​នឹង​រឹប​អូស​ដីធ្លី ទ្រព្យ​សម្បត្តិ​ របស់​អ្នក​មាន​ទាំង​នោះ​ទៅឲ្យ​អ្នក​ក្រ​ ឬធ្វើ​ជា​សម្បត្តិ​​រដ្ឋ​។ នេះ​ជា​គោល​នយោ​បាយ​មួយ​ទៀត​ដែល​ប្រជា​ជន​ធ្លាប់​ឆ្លង​កាត់​របបខ្មែរក្រហម លាន់មាត់ថាជានយោបាយរបស់ខ្មែរក្រហមយ៉ាងពិតៗ។ ដូច្នេះ​ហើយ​ទើប​ក្រុម​មនុស្ស ​ដែល​មាន​ឥទ្ធិពល​ទាំង​នោះ​មិន​ហ៊ាន​ចូល​រួម​សកម្មភាព​នយោបាយ​​​ជាមួយ​គណបក្ស​​ប្រឆាំង​​ឡើយ​។​ ដូច្នេះ​​បើ​គ្មាន​អ្នក​ដែល​មាន​ធនធានសេដ្ឋកិច្ច​​ និង​ទ្រព្យ​សម្បត្តិ​​​​​ខ្ពស់​ចូល​រួម​បែប​នេះ​ បក្ស​នោះ​គឺ​មិនអាច​រក្សា​អាយុជីវិត​របស់​ខ្លួន​​បានយូ​អង្វែង​បានទេ ព្រោះ​គ្មាន​​​ការធ្វើ​​​សឹក​​ណា​មួយ​មិនត្រូវ​ការ​ស្បៀង និង​អាវុធ​នោះ​ឡើយ​។
ជារួម​ សិក្ខាសាលា​​តក់​ក្រហល់​របស់​គណបក្ស​ប្រឆាំង​ កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​​វាយ​តម្លៃ​ថា​ គណបក្ស​មួយនេះ​ ពិត​ជាកំពុង​ចុះខ្សោយ​។​ ដូច្នេះ​ប្រសិន​បើ​​ការ​ស្តារ​ប្រជាប្រិយ​ភាព​​​របស់​ខ្លួន​មិន​ទាន់​​សភាព​ការណ៍​ទេ​នោះ​ បក្ស​ប្រឆាំង​មួយ​នេះ​ច្បាស់​ជា​ក្លាយ​ជា​គណ​បក្ស​នយោបាយ​​​កំដរ​គណបក្ស​​​ប្រជាជនកម្ពុជា​​ ក្នុង​ល្បែង​ប្រជាធិបតេយ្យ​ សេរីពហុបក្ស​ ជា​រៀង​​រហូត៕​

រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួន ណារ៉ុន ថា គ្រូបង្រៀនចង់បបួលលោក សម រង្ស៊ី ប្រឡងវិញ្ញាសាខ្មែរ

រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡាលោក ហង់ ជួន ណារ៉ុន បាន​ប្រតិកម្មខ្លាំងៗ នឹង​ការលើកឡើង​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលថា​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ខ្សោយ និង​សញ្ញាបត្រ​មិនសូវ​មានតម្លៃ។ លោក ហង់ ជួន ណា​រ៉ុ​ន បានចាត់ទុកការលើកឡើងលោក​សម រង្ស៊ី ថា ជាការ​មើលងាយ និង​វាយប្រហារ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ហើយ​លោក​មិនអាច​ទទួលយក​បានឡើយ។ លោក​រដ្ឋមន្ត្រី ក៏​អះអាងថា ក្រោយពី​ការលើកឡើង​នេះ មាន​គ្រូបង្រៀន​ខ្លះ​ចង់​បបួល​លោក សម រង្ស៊ី ប្រឡង​វិញ្ញាសា​ខ្មែរ​ជាមួយគ្នា ដើម្បី​រកឲ្យដឹង​អ្នកខ្សោយ និង​អ្នកខ្លាំង។

លោកបានថ្លែង​យ៉ាងដូច្នេះថា​«យើងឃើញ​ថាគ្រូខ្លះនៅពេល​ដែលឯកឧត្តម​ សម រង្ស៊ី ​លើកឡើងថាប្រព័ន្ធ​អប់រំនៅខ្សោយ​ និងគ្រូបង្រៀន​នៅខ្សោយ​ គ្រូខ្លះគាត់ថាបើសាក​ប្រលងទាំងអស់គ្នា​ទាល់តែសាក​ប្រលងបាន​ដឹងថាអ្នកណាខ្សោយ​អ្នកណាខ្លាំង?​ ជាពិសេសប្រលង​ភាសាខ្មែរ​ ហើយមាន​គ្រូខ្លះគាត់​ក៏ចង់ប្រកួត​ប្រជែងដែរ​ គាត់ចង់​ប្រលងដើម្បី​ដឹងថាអ្នកណា​ខ្លាំង​អ្នកណាខ្សោយ​ អញ្ចឹងកន្លង​មកយើង​ក៏ឃើញដែរ​អ្នកនយោបាយ​ខ្លះតិះទៀន​ថាប្រព័ន្ធអប់រំនៅ

កម្ពុជាខ្សោយ​ ប៉ុន្តែដល់ពេល​ទៅប្រលង​ ប្រលងធ្លាក់​ ហើយពេលប្រលងធ្លាប់​ទៅវាយប្រហារគេទៀត​ វាជាការតិះ​ទៀនមួយដែល​វាយប្រហារ​ មិនមែនជាកា​រតិទៀនដែល​ជួយកែលម្អទេ ដូច្នេះ​ការវាយប្រ​ហារនេះ ​វាគ្មានន័យក៏ដូចជា ​គ្មានសារសំខាន់​អ្វីនោះទេ​ ដោយហេតុថា៖​ ទី១ (គាត់)​ ជាអ្នកនយោបាយ​បានតែថា ​ប៉ុន្តែមិនដែល​បានធ្វើយើងមិន​ដែលបានឃើញ ​ឯកឧត្តម សម រង្ស៊ី​ កៀងគរធនធាន​ទៅកសាង​សាលាណា​មួយនៅកម្ពុជា​នោះទេ​ អត់ដែល​ឃើញទេ ចំណុចទី២​ គាត់មិនដែលឱ្យ​តម្លៃការអប់រំ​នៅកម្ពុជា​ ដោយសារតែគាត់​ និងប្រពន្ធរបស់​គាត់មិនដែលរៀន​នៅកម្ពុជាទេ​ ហើយយើងក៏មិន​ច្បាស់ថា ​គាត់ចេះ​សរសេរខ្មែរ​ឱ្យបានល្អនោះដែរ ហើយទី៣​ គ្រូបង្រៀន​ជាឆ្អឹងខ្នង នៃប្រព័ន្ធអប់រំ​ដូច្នេះការវា​យប្រហារ​គ្រូបង្រៀន​បែបនេះ ក្រសួងអប់រំ​ទទួលយកអត់​បានទេ។​»

ទស្សនៈ​ ដោយ៖​ ពង្ស​ សុក្រិត, ​ល្បិច​ទុច្ចរិតរ​បស់សម រង្ស៊ី ​ត្រូវបានប​កអាក្រាត!

ដើម្បីជាការគិតពិចារណារបស់ប្រជាពលរដ្ឋកម្ពុជា យើងសូមបង្ហាញអំពីខ្លឹមសារ នៃកិច្ចព្រមព្រៀង រវាងមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលចុះហត្ថលេខាដោយលោក សម រង្ស៊ី ជាមួយមេដឹកនាំយួនសេរីឈ្មោះ ម៉ុង ឡាន នូវផែនការ និងកិច្ចសហការគ្នាមួយចំនួន ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ហើយដែលខ្លឹមសារនោះយើងសូមលើកយកតែចំណុចមួយចំនួនដែលនាំឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ មានដូចខាងក្រោម៖
ប្រការ៦៖ ក្នុងករណីមានការសង្ស័យពីសំណាក់ប្រជាពលរដ្ឋទូទៅ ដែលទៅបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត ណាមួយ កំលាំងដែលត្រៀមជួយការពារនោះ ត្រូវបង្កហេតុណាមួយ ដើម្បីទម្លាក់កំហុសទៅគណបក្សប្រជាជនកម្ពុជា។
ប្រការ៧៖ VFF នឹងរៀបចំកំលាំងដែលមានសមាសភាពជាជនជាតិវៀតណាមចំនួន២០នាក់ នៅគ្រប់ការិយាល័យបោះឆ្នោតនីមួយៗ។
ប្រការ៨៖ ការស្នាក់នៅ ការហូបចុក និងការចាយវាយផ្សេងៗ ក្នុងកំឡុងពេលឃោសនា រហូតដល់បញ្ចប់ការបោះឆ្នោត ជាបន្ទុករបស់ CNRP 
ប្រការ៩៖ ថវិកាដែលឧបត្ថម្ភដល់ CNRP ដោយសហរដ្ឋអាមេរិក កម្លាំង VFF ត្រូវទទួលបន្ទុកដាក់បញ្ចូលក្នុងហិបមូលនិធិនៅតាមគោលដៅមួយចំនួន ដែលមានប្រជាជនច្រើន និងរញ៉េរញ៉ៃ ដូចជានៅផ្សារអូរឡាំពិក ផ្សារអូរឬស្សី និងផ្សារដើមគរ ដើម្បីបំភាន់ភ្នែកមហាជន។
ប្រការ១០៖ បន្ទាប់ពីការបោះឆ្នោត ប្រសិនបើ CNRP ចាញ់ VFF នឹងរៀបចំកម្លាំងទាំងនៅក្នុងនិងក្រៅប្រទេសកម្ពុជាដើម្បីជួយតវ៉ា និងញុះញង់ឲ្យមានភាពចលាចលនានា។
ប្រការ១១៖ CNRP ធានាថា បន្ទាប់ពីទទួលបានជ័យជំនះក្នុងការបោះឆ្នោត រដ្ឋាភិបាលដែលដឹកនាំដោយCNRP នឹងបន្តរឹតចំណងទាក់ទងប្រកបដោយមិត្តភាពជាមួយ VFF ព្រមទាំងជួយសម្របសម្រួលការងារមួយចំនួនរវាងសហរដ្ឋអាមេរិក និង VFF 
ប្រការ១២៖ CNRP ធានាថានឹងដើរតួជាអ្នកសម្របសម្រួល និងជាប្រទេសកណ្តាលក្នុងការទទួលអាវុធដែលជាជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់ VFF 
ប្រការ១៣៖ កិច្ចព្រមព្រៀងនេះមានសុពលភាព ៥ឆ្នាំ ហើយនឹងបន្តសុពលភាព ៥ឆ្នាំម្តងដោយស្វ័យប្រវត្តិ វៀរលែងមានការព្រមព្រៀងសារជាថ្មី។
ប្រការ១៤៖ កិច្ចព្រមព្រៀងនេះធ្វើឡើងជា៣ភាសាច្បាប់ដើម(ខ្មែរ វៀតណាម និងអង់គ្លេស) ហើយមានសុពលភាពដូចគ្នា។
ការបែកធ្លាយឯកសារសម្ងាត់នៃកិច្ចព្រមព្រៀង រវាងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ(CNRP)ជាមួយមេដឹកនាំយួនសេរី(VFF) ឈ្មោះ ម៉ុង ឡាន (Mong Lan) ដែលបានផ្សព្វផ្សាយព្រោងព្រាតលើបណ្តាញសង្គម ហ៊្វេសប៊ុក នាពេលថ្មីៗនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវគំនិតទុច្ចរិត និងល្បិចប្រជាភិថុតិ របស់បក្សប្រឆាំង ក្នុងការបោកប្រាស់កម្លាំងប្រជាជនមកចូលរួមតវ៉ា មិនទទួលយកនូវលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៣ កន្លងមក។ គម្រោងផែនការនេះ គឺដូចគ្នាបេះបិទទៅនឹងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ក្រោយការចាញ់ការបោះឆ្នោត ដែលពួកគេបានរៀបចំសេណារីយូ ដើម្បីបង្កចលាចលទាំងក្នុងអំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត។
ចរិតជាអាយ៉ងបរទេសលោកខាងលិច របស់លោក សម រង្ស៊ី ត្រូវបានបង្ហាញក្នុងកិច្ចព្រមព្រៀងនោះថានឹងយកទឹកដីកម្ពុជា ជាឈ្នាន់សម្រាប់ពួកយួនសេរីធ្វើការតស៊ូ ដើម្បីរំដោះទឹកដីប្រទេសវៀតណាមពីប្រទេសកុំម្មុយនីស្ត និងជាទីតាំងដឹកជញ្ជូនគ្រឿងសព្វាវុធថែមទៀត។ នយោបាយដ៏ឆ្កួតលីលាបែបនេះ វានឹងនាំប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមសារជាថ្មី ដូចសម័យកាលយួនយៀកកុងខ្ចីទឹកដីកម្ពុជា វាយរំដោះវៀតណាមខាងត្បូងដូច្នោះដែរ។
ដូច្នេះ ការចាត់វិធានការច្បាប់ទាន់ពេលវេលា របស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតនាពេលកន្លងមក គឺជារឿងដ៏ត្រឹមត្រូវបំផុត ដើម្បីបញ្ចៀសនូវភ័យន្តរាយដែលរៀបគម្រោងការណ៍ដោយគណបក្សប្រឆាំង ក្នុងការដណ្តើមអំណាចដោយប្រើវិធីបដិវត្តប្រជាជន។ មួយវិញទៀត ភាពជាអ្នកនយោបាយក្មេងខ្ចី របស់លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ដែលស្តែងចេញតាមរយះការបែកធ្លាយនូវកិច្ចព្រមព្រៀងខាងលើនេះ ទោះបីជាពេលកន្លងទៅ និងក្នុងពេលអនាគត វានឹងនាំប្រទេសជាតិ ឈានទៅរកភាពវឹកវរ និងសង្គ្រាម ជាមួយប្រទេសជិតខាងយ៉ាងពិតប្រាកដ។
យើងមិនចង់ឃើញប្រទេសយើងធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមសារជាថ្មី ដូចការធ្វើបដិវត្តពណ៌ដូចបណ្តាប្រទេសនៅអារ៉ាប់ និងប្រទេសស៊ីរីនាពេលនេះឡើយ។ វាជារឿងមួយដ៏អាក្រក់បំផុតដែលមកដល់សតវត្សទី២១ទៅហើយ បែរជាមានជនភៀសខ្លួនរហូតដល់រាប់លាននាក់ ត្រូវបានជម្លៀសចេញពីភ្លើងសង្គ្រាមនៅតំបន់អឺរុប ដែលសុទ្ធសឹងជាប្រទេសអភិវឌ្ឍន៍។ ដូច្នេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេស ប្រកបដោយសុខសន្តិភាព៕

សេចក្តី​ថ្លែង​ការណ៍ អ.វ.ត.ក ស្តីពី​អូស្រ្តាលី​ផ្តល់​ជំនួយ​ថវិកាប​ន្ថែម​ចំនួន ៣​២៥០​០០០ ដុល្លារអូស្រ្តាលី​ដល់ អ.វ.ត.ក


សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា