Wednesday, October 07, 2015

បទវិ​ភាគ ដោយ៖​ សួន ចំរើន,តើ​អ្វីទៅ​​ជាមូលហេតុ​ចម្បង​នៃ​សិក្ខា​​សាលា​​ បែប​តក់ក្រ​ហល់​ របស់​គ​ណបក្ស​ស​ង្គ្រោះជាតិ​?​ ​

នៅក្នុង​ឆាក​នយោបាយ ​នៃ​សង្គមប្រជាធិបតេយ្យ​ សេរីពហុបក្ស​ ការគ្រប់គ្រង​ និងការ​ដឹកនាំ​របស់គណបក្ស​​មួយ​ ដែល​​​មាន​ភាពរឹងមាំ អាច​ប្រកួតប្រជែង​​​ជាមួយ​បក្ស​ដទៃ​បាន លុះត្រា​​តែ​​គណបក្ស​នយោបាយ​នោះ​ «មាន​ធនធាន​មនុស្ស​​គ្រប់គ្រាន់​ និងមាន​គោលនយោបាយ​ដឹក​នាំ​​ច្បាស់​​លាស់​ គួប​ផ្សំ​នឹង​បទពិសោធន៍​ដឹក​នាំ​ និង​ត្រូវ​តែ​មាន​ធនធាន​សេដ្ឋកិច្ច​​គ្រប់គ្រាន់​​​ដើម្បី​ផ្គត់​ផ្គង់ និង​ចិញ្ចឹមជីវិត​បក្សថែម​ទៀត»​​​។​ ទន្ទឹម​​នឹង​​នោះ​​ ក៏ត្រូវ​​មាន​អ្នក​ចូល​រួម​គាំ​ទ្រ​ ច្រើន​លើស​លុប​ផង​ដែរ​ទើប​អាច​ឈាន​ទៅ​​រក​​ពន្លឺ​​នៃ​​ជ័យ​ជំនះ​ នៅ​​ពេល​​​បោះ​ឆ្នោត​​។​
ប្រហែល​ដោយសារ​មូល​ហេតុ​មួយ​ចំនួន​ខាងលើ​នេះ​ហើយ​ ទើប​បាន​ជា​ក្រុម​អ្នក​វិភាគ​​បាន​នាំ​គ្នា​​ផ្តោត​អារម្មណ៍​​ និង​តាម​ដាន​អំពី​ការ​បើក​សិក្ខាសាលា​ដោយ​​តក់​ក្រហល់​​មួយ​​​របស់​​​គណបក្ស​​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥​ កន្លង​​ទៅ​ថ្មីៗ​​នេះ​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ​ កំពុង​​ដាំក្បាល​​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ លើ​សមរភូមិ​ប្រជាធិប​តេយ្យ​​ នា​ពេល​ចុង​ក្រោយ​នេះ​។​
ខ្លឹម​សារ​ចម្បង​​ដែល​អង្គសិក្ខាសាលា​ បាន​លើក​យក​មកពិភាក្សា​ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា​​ អនុប្រធាន​បក្ស​ លោក កឹម សុខា​ បាន​លើក​អំពី​ការ​បាត់​បង់​​ជំនឿទុក​ចិត្ត​របស់​សកម្មជន​ និង​ថ្នាក់​ដឹកនាំ​ ដែល​ធ្លាប់​គាំ​ទ្រ​ ឲ្យ​មាន​ការ​គាំទ្រ​ឡើង​វិញ​ ដោយ​ត្រូវ​រក្សា​ទាំង​រូបភាព​នយោបាយ និង​គោល​ជំហរ​នយោបាយ ដែលធ្លាប់​បង្ហាញប្រជាពលរដ្ឋពី​ពេល​មុន​ កុំឱ្យមានការផ្លាស់ប្តូរ ឬទន់ជ្រាយ ដូច​ពេល​​នេះ​។ ក្នុង​នោះ​លោកអនុប្រធាន​មិនហ៊ាន​បញ្ចេញ​ឈ្មោះ​នោះ​ទេ​ ប៉ុន្តែ​បើតាម​ប្រភព​ពី​ផ្ទៃក្នុង​​គណៈកម្មាធិការនាយ​ករបស់បក្ស​ គឺ​បាន​​ឱ្យ​តម្រុយថា​ លោក អ៊ុំ សំអាន​ លោក រៀល​ ខេមរិន្ទ្រ និង​លោកស្រី​ មួរ​សុខ​ហួរ គឺ​ជាមុខ​សញ្ញា​​​ដែល​​អសកម្មជាង​គេ​មក​ដល់​ពេល​នេះ​ ហើយ​ប្រហែល​ជាអាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​​មុខ​តំណែង​នេះទៀត​ផង​។
ដោយ​សារ​តែ​មាន​ភាព​រង្គោះរង្គើ​ នៅផ្ទៃក្នុងគណបក្ស​​ កាន់​តែ​ធ្ងន់ធ្ងរឡើងៗ​ ទើប​លោក​អនុប្រធាន កឹម សុខា​​​ បាន​ណែនាំ​ឲ្យ​មាន​ការ​រួប​រួម​គ្នា​ឡើង​វិញ​ ជាពិសេស​រវាងសកម្មជន និង​ថ្នាក់​ដឹក​នាំ​​ ដែល​ចេញ​មក​ពី​ប៉ូល​ទាំង​ពីរ​​នៃ​គណបក្ស​សមរង្ស៊ី និងគណបក្ស​សិទ្ធិមនុស្ស​។ ការ​ប្រកាន់​បក្ខពួក​ និង​សែ​ស្រឡាយ​ គឺ​នៅ​តែ​មាន ហើយមានយ៉ាងសកម្ម និងស្រួចស្រាល់បំផុតនៅ​ក្នុង​​ជួរ​គណបក្ស​សង្គ្រោះជាតិដដែល​។ ជាក់​ស្តែង​សែ​ស្រឡាយ​ខាង​គណបក្ស​សម​រង្ស៊ី គឺ​នៅ​តែ​ត្រួតត្រា​សែ​ស្រឡាយ​ខាង​គណបក្ស​​សិទ្ធិមនុស្ស​ដដែល​។ ដូច្នេះ​ហើយ​​ ទើប​លោក​ កឹម សុខា​ បាន​​ណែនាំ​​ឲ្យ​មាន​ការ​ឯកភាព​គ្នាផ្ទៃ​​ក្នុង​​ដោយ​គោរព​ និងអនុវត្ត​នូវវិន័យ​ ឬវិធាន​ផ្ទៃក្នុង​របស់គណ​បក្ស។
ចំណុច​នេះ​ ក្រុម​អ្នក​វិភាគ​ នៅ​តែ​មិន​អស់​ចិត្ត​ និង​នៅតែ​សង្ស័យ​ថា​ គណបក្ស​​​ប្រឆាំង​​មួយ​នេះ​ គឺ​​នៅ​តែ​រក្សា​ «កង់​ស៊ឺកួរ​» រៀង​ៗ​​ខ្លួន​​ដោយ​មិនហ៊ាន​រំលាយ​គណបក្ស​​​ចាំសំបុក​របស់​ខ្លួន​ចោល​នោះ​ទេ​។ ដូច្នេះ​ មាន​ន័យ​ថា​ នៅ​ថ្ងៃ​​ណា​មួយ​ នៅពេល​​ដែល​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​រវាង​លោក សម រង្ស៊ី និងលោក កឹម សុខា ឬ​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ គឺ​ពួក​គេ​នឹង​វិល​ទៅ​រក​ទ្រ​នំ​ចាស់​ជាមិន​ខាន​។​
ក្រុម​អ្នក​វិភាគ​ក៏បាន​មើល​ឃើញ​ផង​ដែរ​ថា​ ប្រការ​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​កំពុង​ប្រឈម​​ដែរ​នោះ​ គឺធន​ធាន​មនុស្ស​របស់​គណបក្សតែម្តង​​។ ​មាន​ពាក្យ​មួយ​ឃ្លារ​​ដែល​អ្នក​យុទ្ធ​សាស្ត្រ​​ក្នុ​ង​បក្ស​នយោបាយ​​តែង​លើកនោះ​ ​​គឺថា​​ «បើ​ក្នុង​បក្សនយោបាយ​មួយ​មាន​សុទ្ធ​តែ​អ្នក​នយោ​បាយភ្លើងចម្បើង ភ្នែកបន្ទោរ ហើយ​ក៏​រួមគ្នា​​​ធ្វើ​​នយោបាយ អាយុជីវិត​គណបក្ស​នយោបាយ​​នោះ នឹង​មិនអាច​​ស្គាល់​​ពន្លឺនៃ​​ជ័យជំនះ​បានទេ​»។ យ៉ាង​ណាមិញ​ ធន​ធាន​មនុស្ស​ បន្តិច​បន្តួច​របស់​​គណបក្ស​ប្រឆាំង​ ដែល​មិន​ធ្លាប់​បាន​ដឹក​នាំ​ប្រទេស​ម្តង​ណាសោះ​នោះ​ គឺ​បាន​បញ្ជាក់​ពី​ភាព​បរាជ័យ​​រួច​ទៅ​ហើយ។​ ដូចគ្នា​នេះ​ដែរ​​ ​​​​មេដឹក​នាំ​ប្រទេស​​ដែល​​គ្មាន​​បទពិសោធន៍​​​ដឹកនាំ​ វា​នឹង​នាំ​ប្រទេស​ធ្លាក់​​ទៅ​ក្នុង​សភាព​វឹក​វរ​ជា​មិន​ខាន​​។ ដូច្នេះ​ហើយ​ ទើប​លោក កឹម សុខា​ បាន​ណែនាំ​ឲ្យ​មានការបណ្តុះ​បណ្តាល​ទាំង​សមត្ថភាព គុណភាព និង​គុណធម៌​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​គ្រប់​ជាន់​ថ្នាក់​ ជាពិសេស​គឺ​គុណធម៌​នេះ​តែម្តង​ ព្រោះ​កន្លង​មក​ សកម្មជន​របស់​គណបក្ស​ តែង​ប្រើ​អំពើ​ហិង្សា នៅគ្រប់​សកម្មភាព​តវ៉ា​​។
កត្តា​មួយ​ទៀត​ដែល​ជាចំណុច​ខ្សោយ​របស់​គណបក្ស​ប្រឆាំង​ គឺ​គោល​នយោបាយ​មិន​សហការ​ជា​មួយ​​​​ក្រុម​​មនុស្ស​​ដែល​មាន​ឥទ្ធិពល​ក្នុង​សង្គម​ ជាពិសេស​ក្រុមមនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​។​ ទាំង​​លោក​ សម រង្ស៊ី និង​លោក កឹម សុខា​ តែង​ព្រមាន​ជាញឹក​ញយ​​ថា​ បើ​គណបក្ស​​ខ្លួន​ឡើង​​កាន់​អំណាច​ ពួក​គេ​នឹង​រឹប​អូស​ដីធ្លី ទ្រព្យ​សម្បត្តិ​ របស់​អ្នក​មាន​ទាំង​នោះ​ទៅឲ្យ​អ្នក​ក្រ​ ឬធ្វើ​ជា​សម្បត្តិ​​រដ្ឋ​។ នេះ​ជា​គោល​នយោ​បាយ​មួយ​ទៀត​ដែល​ប្រជា​ជន​ធ្លាប់​ឆ្លង​កាត់​របបខ្មែរក្រហម លាន់មាត់ថាជានយោបាយរបស់ខ្មែរក្រហមយ៉ាងពិតៗ។ ដូច្នេះ​ហើយ​ទើប​ក្រុម​មនុស្ស ​ដែល​មាន​ឥទ្ធិពល​ទាំង​នោះ​មិន​ហ៊ាន​ចូល​រួម​សកម្មភាព​នយោបាយ​​​ជាមួយ​គណបក្ស​​ប្រឆាំង​​ឡើយ​។​ ដូច្នេះ​​បើ​គ្មាន​អ្នក​ដែល​មាន​ធនធានសេដ្ឋកិច្ច​​ និង​ទ្រព្យ​សម្បត្តិ​​​​​ខ្ពស់​ចូល​រួម​បែប​នេះ​ បក្ស​នោះ​គឺ​មិនអាច​រក្សា​អាយុជីវិត​របស់​ខ្លួន​​បានយូ​អង្វែង​បានទេ ព្រោះ​គ្មាន​​​ការធ្វើ​​​សឹក​​ណា​មួយ​មិនត្រូវ​ការ​ស្បៀង និង​អាវុធ​នោះ​ឡើយ​។
ជារួម​ សិក្ខាសាលា​​តក់​ក្រហល់​របស់​គណបក្ស​ប្រឆាំង​ កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​​វាយ​តម្លៃ​ថា​ គណបក្ស​មួយនេះ​ ពិត​ជាកំពុង​ចុះខ្សោយ​។​ ដូច្នេះ​ប្រសិន​បើ​​ការ​ស្តារ​ប្រជាប្រិយ​ភាព​​​របស់​ខ្លួន​មិន​ទាន់​​សភាព​ការណ៍​ទេ​នោះ​ បក្ស​ប្រឆាំង​មួយ​នេះ​ច្បាស់​ជា​ក្លាយ​ជា​គណ​បក្ស​នយោបាយ​​​កំដរ​គណបក្ស​​​ប្រជាជនកម្ពុជា​​ ក្នុង​ល្បែង​ប្រជាធិបតេយ្យ​ សេរីពហុបក្ស​ ជា​រៀង​​រហូត៕​

No comments:

Post a Comment