Thursday, October 31, 2013

Is the Royal Government of the Fifth Mandate Really Illegitimate







បទអត្ថាធិប្បាយ ដោយ ស្វាយ សុវណ្ណរិទ្ធ «ការប៉ុនប៉ងបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាតិ គឺជានយោបាយអត្តឃាតខ្លួនឯង»


បទអត្ថាធិប្បាយ
ការប៉ុនប៉ងបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាតិ គឺជានយោបាយអត្តឃាតខ្លួនឯង

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានចេញលិខិតចំហមួយរបស់ខ្លួនដែល​ធ្វើឲ្យ​មតិជាតិ និង អន្តរជាតិ មានការភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ មិនគួរគណបក្សនេះ ហ៊ានសម្រេច​ចិត្ត​បែប​នេះ​ ​ដែលផ្ទុយ​ពីបំណងប្រា​ថ្នាជាក់ស្តែងរបស់ប្រជា​​ពល​រដ្ឋខ្មែរ​ទូទាំង​ប្រទេស។
គោលដៅរបស់បក្សប្រឆាំង នៃការបញ្ជាក់ជំហរចំពោះប្រទេសនានា ស្ថាប័នផ្តល់ប្រាក់កម្ចី និង ក្រុម​ហ៊ុន​វិនិ​យោគ គឺជាការប៉ុនប៉ងបង្វែរ​ការ​ចាប់​​​អារម្មណ៍របស់ស្ថាប័នទាំងនោះ ឲ្យផ្អាកសកម្មភាពផ្តល់ជំនួយ និង ការវិនិ​យោគរបស់ពួកគេ នៅកម្ពុជា នៅពេលដែលសកម្មភាពនយោបាយរបស់បក្សប្រឆាំង នាពេលកន្លងមក ទាំង​ការធ្វើបាតុកម្ម សមាជគណបក្ស (នៅទីលានប្រជាធិបតេយ្យ) និង ការប្រមូលស្នាមមេដៃអ្នកគាំទ្រខ្លួន ទទួល​បរាជ័យ គ្មានប្រសិទ្ធភាពណាមួយមកលើរាជរដ្ឋាភិបាល និងរដ្ឋសភា ក៏ដូចជាគ្មាន​ការគាំទ្រពី​អន្តរជាតិ​នោះ។
ជម្រើសចុងក្រោយរបស់ពួកគេ គឺការចាប់យកសេដ្ឋកិច្ចជាតិ មកចោទជាបញ្ហា ដោយពួកគេយល់ថា ជាអាវុធនយោបាយមួយ អាចបង្កចលាចលសេដ្ឋកិច្ច សង្គម ដោយជំរុញឲ្យទំនិញ​ឡើង​ថ្លៃ ប្រាក់រៀលចុះថ្លៃ លទ្ធភាពរបស់​រដ្ឋ​ក្នុង​ការ​បន្តសាង​សង់​ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យ ប្រព័ន្ធ​ស្រោច​ស្រប់​។ល។ ជាពិសេស​​បច្ចុប្បន្ន កម្ពុជាកំពុងជួបប្រទះ​ការ​លំ​បាក នៅ​ក្រោយ​ពេលទឹក​ជំនន់ដែលប៉ះពាល់ដល់អាយុជីវិត និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដោយផ្ទាល់ និង ដោយប្រយោល ប្រមាណ១៥ ខេត្ត។ អំពើនេះ ប្រទេស​ខ្លះ គេ​ចាត់ទុកថាជាអំពើក្បត់សេដ្ឋកិច្ចជាតិទៅហើយ ដែលអាចចោទប្រកាន់ឲ្យមានទោសគុកអស់មួយជីវិត ឬក៏ទោសប្រហារជីវិត។
តើជម្រើសនេះ មានផលអ្វីខ្លះ មកលើសង្គមជាតិ និង ប្រជាពលរដ្ឋខ្មែរ? ប្រសិនបើល្បិច​កល​​នយោ​​​បាយ​នេះ បានសម្រេចនោះ មិន​​​មែនរាជរដ្ឋាភិបាល និង គណបក្សប្រជាជនកម្ពុជា ជាអ្នកចាញ់នោះ​ឡើយ គឺ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេសនោះទេ ដោយប្រជាជន គ្រប់ស្រទាប់វណ្ណៈ ជួបប្រទះការលំបាក់​ជីវ​ភាព​​ប្រចាំ​ថ្ងៃ ប្រជាជនគ្មានការងារធ្វើ ផលិតផលកសិកម្ម ស្រូវអង្ករ ពោតសណ្តែក ដំឡូងមី សិប្បកម្ម សេវាកម្ម ឧស្សា​ហ​កម្ម គ្មាន​ទីផ្សា ដែលប្រជាជន ជាអ្នកចាញ់ទៅវិញ គឺចាញ់ប្រកប​ដោយ​​​​មហន្ត​រាយ​បំផុត មិនមែន​គណ​បក្ស​ប្រឆាំង ដែលកំពុងតែចាញ់នោះទេ។
ជម្រើសនេះ មានចេតនា ទី១ ធ្វើឲ្យបរទេសមួយចំនួនដែលស្គាល់កម្ពុជា មិនច្បាស់នោះ យល់ថា មាន​បញ្ហា ដែលជាហេតុនាំឲ្យប្រឡាក់ដល់ភាពស្របច្បាប់របស់រដ្ឋសភា និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ​កម្ពុជា។ ទី២ ធ្វើឲ្យប្រជាជន ដកសេចក្តីទុកចិត្តលើរាជររដ្ឋាភិបាល និង រដ្ឋសភា ដែលកើតចេញពីការ​បោះ​ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ក៏ប៉ុន្តែជម្រើសនយោបាយរបស់បក្សប្រឆាំង គឺកំពុងដើរផ្ទុយពីបំណងប្រាថ្នាជាក់ស្តែង និង ជាមូល​ដ្ឋាន របស់ប្រជាពលរដ្ឋខ្មែរ ដែល​​ចង់ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិភាព ស្ថេរភាពនយោបាយ សន្តិ​សុខ សណ្តាប់ធ្នាប់សាធារណៈ ពោលគឺចង់ឲ្យមានទីផ្សារលក់ផលិតផលកសិកម្ម ឲ្យ​បានកាន់ទូលំ​ទូ​លាយ​​ថែម​​​ទៀត ស្ថានភាពតម្លៃគ្រឿងឧបភោគបរិភោគ មានតម្លៃថោកសមរម្យ និង កាត់បន្ថយអត្រាអតិផរណា ឲ្យ​បាន​​កាន់តែប្រសើរឡើងថែមទៀត ហើយជីវភាពរស់នៅរបស់ពួកគាត់ ត្រូវបានកែលំអរ ដែលទាំងអស់នេះ គឺ  ​ជា​​គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការធានា​បន្តនិរន្តរ​ភាពនៃភាពល្អប្រសើរ និង ភាពរីកចំរើននៃសេដ្ឋកិច្ចសង្គមកម្ពុជា។
ជាងនេះទៅទៀត បណ្តាប្រទេស ស្ថាប័នផ្តល់ប្រាក់កម្ចី និង ក្រុមហ៊ុនវិនិយោគទាំងនោះ បានយល់​យ៉ាងច្បាស់អំពីភាពស្របច្បាប់នៃរដ្ឋសភា និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំណងផ្លូវ​ច្បាប់អន្តរជាតិ ដែលទាមទារឲ្យរាជរដ្ឋាភិបាលនៅក្នុងអាណត្តិបន្តបន្ទាប់ មានកាតព្វកិច្ចត្រូវតែគោរពជាដាច់​ខាត មិនអាចប្រកែកបាន ពីព្រោះប្រជាពលរដ្ឋកម្ពុជា បានបោះឆ្នោតឲ្យគណបក្សប្រឆាំង ដើរតួនាទី និង ប្រើ​សិទ្ធិ​អំណាចគ្រប់គ្រាន់តាមផ្លូវច្បាប់​ក្នុងការត្រួតពិនិត្យរាល់សកម្មភាពរបស់រាជរដ្ឋាភិបាល នៅក្នុងអំណាច​នីតិ​បញ្ញត្តិ គឺរដ្ឋសភា និង ព្រឹទ្ធសភា មិនមែនតាមរយៈការអំពាវនាវបែបនេះឡើយ។
ដូច្នេះជំហររបស់គណបក្សសង្គ្រោះជាតិ ក្នុងការមិនទទួលស្គាល់ និង ការពិនិត្យសើរើកិច្ចសន្យា កិច្ច​ព្រម​ពៀងវិនិយោគ ក៏ដូច​ជា​​ការផ្តល់បា្រក់កម្ចីវិនិយោគនានា របស់រាជរដ្ឋាភិបាល គឺជាអំពើក្បត់​សេដ្ឋកិច្ច​ជាតិ ជា​ការ​សម្លាប់ប្រជាជន​ខ្មែរ​ទាំងមូល រួមទាំងសកម្មជន និងអ្នកគាំទ្ររបស់គណបក្ស​សង្គ្រោះជាតិរបស់​ខ្លួន​ផង​​ដែរ។
ម្យ៉ាងទៀត ជម្រើសនយោបាយបែបនេះ គឺបានឆ្លុះបញ្ចាំងនូវភាពទល់ច្រកផង នូវចរិត​នយោ​បាយ​ផង និង ប្រៀបបានទៅនឹងចលនាជំរុញដល់នយោបាយអត្តឃាត នៅពេលដែលគណបក្សនេះ មិនអាច​ឆ្លើយ​តប​បាន ទៅនឹងការសន្យារបស់ខ្លួនចំពោះម្ចាស់ឆ្នោត។

ដោយ ស្វាយ សុវណ្ណរិទ្ធ