Thursday, January 15, 2015

សម្តេច​តេជោ​​នាយក​​រដ្ឋមន្ត្រី ថ្លែង​​អំណរ​​គុណ​​អាមេរិក ដែល​ជួយ​​មើល​​ថែ​ប្រជាជន​​​កម្ពុជា​​​ជំលៀស​​​​​ខ្លួន សំរាប់​​ស្វែង​​រកសិទ្ធិ​​ជ្រក​កោននៅ​សហរដ្ឋអា​មេរិក

នៅក្នុងជំនួបទ្វេភាគីដាច់ដោយឡែកជាមួយ លោក Rodney M. Elliott ​អភិបាល ក្រុងឡូ​វែ​ល រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋ​អាម​រិ​ក នៅព្រឹកថ្ងៃ​ដដែល​នោះដែរ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បានថ្លែង​អំណរគុណ​ដល់រដ្ឋា​ភិបាល និង​ប្រជាជនអាមេរិក ដែលជួយបាន​មើល​​ថែ​ប្រជា​ជន​កម្ពុជា ជាជនភៀស​​ខ្លួន ទៅស្វែង​រក​សិទ្ធិ​ជ្រក​កោននៅសហរដ្ឋអាមេរិក នៅ​ពេល​​កម្ពុជា​មានសង្គ្រាម និង​នៅក្រោយការ​​​ឆ្លងកាត់របបប៉ុលពត ។
 
ការថ្លែងអំណរគុណនេះធ្វើឡើងនៅ គ្រាដែល​អភិបាល​ក្រុងឡូវែលមកបំពេញ​ទស្សនកិច្ច​កម្ពុ​ជា ដើម្បី​រិតចំណងមិត្តភាព‑ កម្ពុជា អាមេរិកកាន់តែល្អប្រសើរឡើងថែមទៀត ជាមួយនឹងការចុះ ចុះ​​​​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នារវាងសាលា​រាជធានី​ភ្នំពេញ និង​ក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាសា​ឈូ​សេត នៃ​សហរដ្ឋអាមេរិក ស្តីពី​ការ​ចងសម្ព័ន្ធភាព ដើម្បី​បង្កើន​ចំណង ទាក់ទង លើ​វិស័យ​មួយ​ចំនួន ដូចជា​វិស័យ​វប្បធម៌ ការអប់រំ វិស័យសេដ្ឋកិច្ច កាលពីម្សិលម៉ិញ។   
 
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អភិបាលក្រុងឡូវ៉ែល ដែលបាន​យក​ចិត្តទុក​ដាក់​ចំពោះ​​ប្រជាជនកម្ពុជា ដែលបានភៀសខ្លួនទៅរស់នៅអាមេរិក ដែលសុទ្ធ​សឹងជា​ប្រជាជន​ រងគ្រោះដោយ​សារសង្គ្រាម និងឆ្លងកាត់​របបប្រល័យពូជសាសន៍ ដោយ​​បាន​ភៀសខ្លួនចេញ​ពី​ប្រទេសខ្លួនទៅនៅក្រៅ​ប្រទេស​។ ប្រជាជនទាំងនោះ មួយចំនួនមានភ័ព្វវាសនា ទៅរស់​នៅ​ប្រទេសទី៣ និងមួយចំនួន​ទៀតត្រូវបានបញ្ជូនត្រលប់មកមាតុប្រទេសវិញ នោះហើយជា​លទ្ធផល​ប្រជាជនកម្ពុជា ទទួលរងគ្រោះពីសង្គ្រាម។ អ្នកទាំងនោះភាគ ច្រើនរងគ្រោះ​បែក​បាក់​គ្រួសារ រហូត​មានអ្នកខ្លះមិនទាន់ទាំងបានជួបជុំគ្រួសារវិញផង ។
 
សម្តេចតេជោ​បាន​ថ្លែង​អំណរគុណ​​ចំពោះ​ប្រទេសនានា ដែលបានទទួលយកជនភៀសខ្លួន​ទៅរស់នៅ ពិសេស​ទីក្រុង​ឡូវ៉ែល ព្រមទាំងបានរក្សាបាននូវវប្បធម៌កម្ពុជាបាន​យ៉ាងល្អ ។
 
សម្តេច​តេជោ បាន​ជំរាប​ជូនលោកអភិបាលក្រុងថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាង​ខ្លាំង ចំពោះ​​​ប្រជាជន​កម្ពុជា ដែលទៅរស់នៅក្រៅប្រទេស ហើយវិលត្រលប់មកវិញ ក្នុងនោះ រាជ​រដ្ឋាភិបាលបានសំរួលទិដ្ឋការចេញចូលរយៈពេលវែង។ មិនតែប៉ុណ្ណោះ ក៍បាន​អនុញ្ញាត​ឲ្យ​ប្រជា​ជនទាំងនោះ អាចចូលធ្វើនយោបាយបានផងដែរ។
 
លោក Rodney M. Elliott អភិបាលក្រុង ឡូ​វែ​លបានឲ្យដឹងថា នៅក្នុងក្រុង ឡូ​វែ​ល មាន​ប្រជា​ជន មានប្រមាណ១៦ម៉ឺននាក់ ក្នុងនោះប្រមាណជាង​៣ម៉ឺនជាប្រជា​ជន​កម្ពុជា ។ ប្រជាជន​មក​ពីបណ្តាប្រទេសជាច្រើនមករស់នៅ ក្រុងឡូ​វែ​ល​ គឺដើម្បី​ស្វែង​រកចំណេះវិជ្ជា ទ្រព្យសម្បតិ្ត និង​ការរស់នៅ ប្រកបដោយភាព​សុខុដុម។ ដោយ​ឡែក​ប្រជាជនកម្ពុជាមករស់នៅ ក្រុងឡូ​វែ​ល ដើម្បី​ស្វែងរកកន្លែង​ស្នាក់​នៅ និងដើម្បី​ទទួល​ការអប់រំ ពិសេសដើម្បីស្វែងរក់ការងារធ្វើ។
 
លោក Rodney M. Elliott ថា វាជាការ​ចាំបាច់ណាស់ ដែលត្រូវស្វែងយល់ពីកម្ពុជា អំពីវប្បធម៌ ដែលប្រជាជន​កម្ពុជា​ភាគ​ច្រើន​បានទៅរស់នៅទីនោះ ហើយប្រជាជនភាគច្រើនជាអ្នក ដែល​ធ្លាប់​រស់នៅ​តាមព្រំ​ដែនជាជនភៀសខ្លួន។ លោក Rodney M. Elliott បន្តថា ដំណើរទស្សន​កិច្ច​​របស់លោក នាពេលនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង រវាងទីក្រុង ឡូវ៉ែល និង​ទីក្រុង​​​ភ្នំពេញ ពិសេសសហរដ្ឋអាមេរិក និងកម្ពុជា តាមរយៈការផ្លាស់ប្តូរវប្បធម៌ ជំរុញ​ការ​វិនិយោគ ការ​ផ្លាស់ប្តូរវិស័យអប់រំ។
 
សម្តេចបញ្ជាក់ថា រហូតមកពេលនេះ ប្រជាជនកម្ពុជា កំពុងតែមានសេចក្តី​ត្រូវ​ការ​កាន់តែខ្ពស់​ឡើងជាមួយការ​អភិវឌ្ឍសង្គមកម្ពុជា ប៉ុន្តែនៅលើពិភពលោកគ្មាន​ប្រទេសណាមួយដែលស្កប់​ស្កល់​នោះទេ រួមទាំងប្រទេសកម្ពុជាផងដែរ ដែលត្រូវតែ​​​ធ្វើអ្វីៗ​គ្រប់យ៉ាងទាំងអស់ ដើម្បី​បំពេ​ញ សេចក្តីត្រូវការរបស់ប្រជាជន។ បន្ទាប់ពីឆ្នាំ​១៩៩៨មក ក្រោមនយោបាយឈ្នះ ៗ កម្ពុជា បាន​ស្ថិត​នៅក្រោមរដ្ឋាភិបាលតែមួយ ព្រះ​មហាក្សត្រតែមួយ និងរដ្ឋ​ធម្ម​នុញ្ញ​មួយ និងកង​កំលាំ​ង​តែមួយ បន្ទាប់ពីនោះ យើងបញ្ចប់នូវការប្រើប្រាស់អាវុធក្នុងការប្រកួតប្រជែងគ្នា ជំនួសមក​វិញ​​​​ដោយការ​បោះឆ្នោត តាមរយៈការអនុវត្តលិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ  ជំនួសនូវវប្បធម៌​ជេរ​ប្រមាថគ្នា ដោយធ្វើការរួមគ្នា ដោយ​សន្តិ​ភាព និងការចរចារ ដើម្បីផ្តល់​នូវអ្វី​ដែល​ជាសេចក្តី​ត្រូវ​ការ និងជាបំណងឆន្ទៈរបស់​ប្រជាជន រួមជាមួយការអភិវឌ្ឍ​ប្រទេស​ផង​ដែរ៕



រដ្ឋាភិបាល​ជប៉ុន នឹងបញ្ជូន​ជំនាញ​ការលើ​ការងារ​កែទំរង់​បោះឆ្នោត មក​កម្ពុជា នាពេល ឆាប់ៗខាងមុខ

ឯកឧត្តម ណាកាណេ កាហ្សូយុគិ (Nakane Kazuyuki) សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានជំរាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ១៥ មករា នេះថា រដ្ឋាភិបាលជប៉ុននឹងបញ្ជូនជំនាញការ លើការងារកែទំរង់បោះឆ្នោតមកកម្ពុជា នាពេលឆាប់ៗខាងមុខ ប៉ុន្តែនៅមិនទាន់ត្រូវបាន បញ្ជាក់ ពីកាលបរិច្ឆេទក្នុងការបញ្ជូននៅឡើយទេ។ នេះបើយោងតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់ អ្នកយកព័ត៌មាននាព្រឹកម៉ិញនេះ។ 
 
ឯកឧត្តម អ៊ាង សុផល្លែត បានស្រង់ប្រសាសន៍របស់ឯកឧត្តម ណាកាណេ ថា ឯកឧត្តម សូមស្វាគមន៍ចំពោះកំណែទម្រង់ស៊ីជម្រៅ របស់ព្រះរាជាណាចក្រកម្ពុជា រីឯបញ្ហាបោះឆ្នោត ជាមួយនឹងការបញ្ជូនអ្នកជំនាញការ មកជួយលើបញ្ហាកំណែទម្រង់ ការបោះឆ្នោត ស្របទៅតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលជប៉ុន និងកម្ពុជាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច របស់ នាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជា កាលពីឆ្នាំ ២០១៣។ ឯកឧត្តម ណាកាណេ បានសំដែងនូវក្តីរីករាយ ដែលបានអញ្ជើញមកចូលរួមចាក់បេតុង តភ្ជាប់តំណចុងក្រោយនៃស្ពានអ្នកលឿង ហើយឯកឧត្តម មានការយកចិត្តទុកដាក់យ៉ាង ខ្លាំងអំពីទំនាក់ទំនងរវាងប្រទេសតាំងពីរ កម្ពុជា និងជប៉ុន តាំងពី ឯកឧត្តម មិនទាន់ធ្វើជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុនមកម៉្លេះ ដោយឡែកនៅពេលនេះ ក្នុងនាមជាអនុរដ្ឋមន្ត្រី ការបរទេសជប៉ុន ឯកឧត្តម នឹងខិតខំប្រឹងប្រែងបន្ថែមទៀតជំរុញទំនាក់ទំនង រវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកចំរើន ។ 
 
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាព និងការកសាងប្រទេសកម្ពុជា។ សម្តេចបានមានប្រសាសន៍ថា ដំណាក់កាលនៃការស្វែងរកសន្តិភាពត្រូវសំឡឹងមើលតួនាទីរបស់ជប៉ុនមុននឹងឈានដល់កិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស  ជប៉ុនបានជួយដល់កម្ពុជា ទាំងការជំរុញលទ្ធិប្រជាធិបតេយ្យ នៅពេលដែលកម្ពុជាជួបនូវការលំបាកបំផុត គឺជប៉ុន និងសហគមន៍អឺរ៉ុប ជប៉ុនបានជួយដល់កម្ពុជាក្នុងការបោះឆ្នោត ក្នុងឆ្នាំ១៩៩៨ ដែលនៅពេលនោះ រាជរដ្ឋាភិបាលកម្ពុជាជារាជរដ្ឋាភិបាលមួយដែលមាន ឆ្មបពីរ គឺឆ្មបជប៉ុន និងសហគមន៍អឺរ៉ុប ។
 
សម្តេចក៏បានមានប្រសាសន៍បន្ថែមទៀតថា ជប៉ុន មិនត្រឹមតែជួយកម្ពុជាលើជំនួយ និងស្តារ អភិវឌ្ឍន៍កម្ពុជាប៉ុណ្ណោះទេ តែនៅពេលនេះ អ្នកវិនិយោគជប៉ុន ក៏បានមកកម្ពុជាផងដែរ។
 
សម្តេចបានអបអរសាទរចំពោះការចុះហត្ថលេខា ជាមួយនឹងអាកាសចរណ៍ស៊ីវិលកាលពីថ្ងៃទី១៤ មករា ដែលជាកិច្ចព្រមព្រៀងមួយ និងជាប្រធានបទ ដែលសម្តេចផ្ទាល់ បានពិភាក្សាគ្នាជាមួយឯកឧត្តម ហ្សីន ហ្សូអាបេ កាលពីឆ្នាំ ២០១៣ លើបញ្ហាហោះហើរត្រង់ពីជប៉ុន មកកម្ពុជា និងពីកម្ពុជា ទៅជប៉ុន ។ ពាក់ព័ន្ធអំពី ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន សម្តេចបានមានប្រសាសន៍ថា ក្រៅពីទំនាក់ទំនងរដ្ឋ និងរដ្ឋ ត្រូវជំរុញប្រជាជន និងប្រជាជន ជាពិសេស យុវជន និងយុវជន ដែលជាអ្នកបន្តវេន។  សម្តេចបន្ថែមថា ទំនាក់ទំនង រវាងយុវជន និង យុវជន គឺជប៉ុន បានធ្វើជាច្រើនមកហើយ តាមរយៈការផ្តល់អាហារូបករណ៍ ការផ្លាស់ប្តូរទស្សនកិច្ច និងតាមរយៈនាវាសន្តិភាព។ សម្តេចក៏បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលជប៉ុនបន្តជំរុញទំនាក់ទំនងនេះជាបន្តទៀត និងបានអរគុណដល់ឯកឧត្តម     ណាកាណេ កាហ្សូយុគិ ដែលបានធ្វើការងារជាច្រើន ដែលបានជួយដល់កម្ពុជាតាមរយៈការសង់សាលារៀន អណ្តូងទឹកស្អាត ជួយដល់ប្រជាជនកម្ពុជា៕




សម្តេច​​តេជោ និង​​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត សោក​ស្តាយ​​ចំពោះ​​ការ​​បាត់​បង់​​លោក ហែម ថុន ដែល​​ជា​​ធន​ធាន​​មនុស្ស​​ដ៏​មាន​​​សមត្ថភាព​​ម្នាក់​​ក្នុង​​វិស័យ​កីឡា

សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃព្រះរាជាណា​ចក្រ​កម្ពុជា និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​មរណ​ភាព​របស់​លោក ហែម ថុន អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិអូ​ឡាំពិក​កម្ពុជា ដោយ​ចាត់​ទុក​ថា ជាការ​បាត់បង់​ធនធាន​មនុស្ស​ដ៏មាន​សមត្ថភាព​នៅ​ក្នុង​វិស័យ​កីឡា។

សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ និង​សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ផ្ញើលិ​ខិត​ចំនួន ២ច្បាប់ ដើម្បី​ចូលរួម​ចែក​រំលែក​ទុក្ខ ជាមួយ​ក្រុម​គ្រួសារ​សព​លោក ហែម ថុន ដែល​ទើប​នឹង​ទទួល​មរណភាព​កាល​ល្ងាច​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ។

លិខិត​សម្ដេចតេជោ​ចុះ​ថ្ងៃទី១៣ ខែ​មករា ឆ្នាំ​២០១៥នេះ បាន​បញ្ជាក់​ថា សម្ដេច​កើត​សេច​ក្ដី​តក់​ស្លុត​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ទទួល​បាន​ដំណឹង​ថា លោក ហែម ថុន ដែល​ជា​អគ្គលេខាធិការរង NOCC និង​ជា​អគ្គលេខាធិការ​សហព័ន្ធកីឡា​ហែលទឹក​ខ្មែរ ទទួល​មរណភាព។ “ខ្ញុំ​និង​ភរិយា សូម​សម្ដែង​នូវ​ការ​ស្ដាយ​ស្រណោះ​អាឡោះ​អាឡៃ​ក្រៃលែង និង​សូម​ចូល​រួមរំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​លោក ហែម ថុន ប្រកប​ដោយ​សមាន​ទុក្ខ និង​ក្ដី​សង្វេគ​រកទីបំផុត​គ្មាន។ ខ្ញុំ​សូម​ឧទ្ទិស​បួងសួង​ដល់ដួង​វិញ្ញាណក្ខន្ធ​លោក ហែម ថុន បាន​ឆាប់​ទៅ​ចាប់​កំណើត​ក្នុង​សុគតិភព គ្រប់ៗ​ជាតិកុំបី​ឃ្លៀង​ឃ្លាត​ឡើយ”​។

រីឯ​លិខិត​របស់​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ចុះ​ថ្ងៃទី១៤ ខែ​មករា ឆ្នាំ​២០១៥​នេះ បាន​ចាត់​ទុក​ការ​បាត់បង់​ជីវិត​របស់​លោក ហែម ថុន គឺ​ពិតជា​ការបាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​មួយ​រូប ដែល​ធ្លាប់​បាន​លះបង់​ពេល​វេលា និង​កម្លាំង​កាយ​ចិត្ត​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ-កីឡាការិនី​ហែលទឹក​ជាច្រើន​ជំនាន់ ពោរពេញ​ដោយ​ស្នាដៃ កិត្តិយស កិត្តិ​នាម ល្បីល្បាញ​ជូនជាតិ​មាតុភូមិ និង​ប្រជាជនកម្ពុជា​ផងដែរ។

គួរបញ្ជាក់​ថា លោក ហែម ថុន បាន​ទទួល​មរណភាព​កាល​ពីវេលា​ម៉ោង ៦:៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៤នេះ ដោយ​រោគាពាធ ក្នុងវ័យ ៧២ឆ្នាំ ។ ប៉ុន្ដែលោក ហែម ថុន ធ្លាប់​បាន​កសាងស្នាដៃ​ជាច្រើន ទាំង​ការ​ស្វែង​រក​មេដាយ​ជូនជាតិ និង​ការ​ស្ថាបនា​ហេដ្ឋា​រចនាសម្ព័ន្ធ​កីឡា​ជាតិ ជា​ពិសេសគឺ​លោកធ្លាប់​ជាអតីត​កីឡាករ​ហែល​ទឹក​ដ៏ឆ្នើម​ក្នុង​ទសវត្ស​រ៍ទី​៦០-៧០ ទៀត​ផង៕


សន្តិភាព ការ​បង្រួប​​បង្រួម​​ជាតិ និង​​អភិវឌ្ឍន៍​ជា​សមិទ្ធ​ផល​ដែល​សម្តេច​​តេជោ​​សម្រេច​​បាន​​ក្នុង​មុ​ខ​តំណែង​ជា​​នាយក​រដ្ឋមន្ត្រីរយៈ​ពេល​ ៣០ឆ្នាំ

នៅក្នុង​ពិធី​ចាក់​បេតុង​ភ្ជាប់​តំណ​ស្ពាន​អ្នក​លឿង ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «​ស៊ូ​បា​សា​» នា​ព្រឹក​ថ្ងៃទី​១៤ ​ខែមករា ឆ្នាំ​២០១៥ វត្តមាន​ឯកឧត្តម ណា​កា​ណេ កា​ហ្សូ​យុ​គិ (NAKANE Kazuyu​ki) សមាជិក ​សភា និង​ជា​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុនចូល​រួម​ជា​អធិបតី​ផង​នោះ សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា ពេល​នេះ​ក្នុងថ្ងៃនេះ កាលពី​៣០​ឆ្នាំមុន​ (១៤មករាឆ្នាំ១៩៨៥) នៅក្នុង​រដ្ឋសភា​កំពុង​បោះឆ្នោត​ជ្រើតាំង​ខ្ញុំ​ធ្វើ​នាយករដ្ឋមន្ត្រី។ ថ្ងៃនេះ​ជា​ខួប​លើក​ទី​៣០​នៃ​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី។ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បន្ត​ថា ខ្ញុំ​អរគុណ​ទាំងអស់គ្នា "ទាំង​អ្នក​ថា​អាក្រក់​ពី​ខ្ញុំ ទាំង​អ្នក​ថា​ល្អ​អំពីខ្ញុំ" ក៏​ប៉ុន្តែ​សូម​ក្រឡេក​មើល​ថយ​ក្រោយ​បន្តិច​ទៅ។​

ម្ដេចតេ​ជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨៥ ហ៊ុន សែន ជា​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស ជា​ការ​រួមចំណែក​ដឹកនាំ ហើយពី​ឆ្នាំ​១៩៨៥ ដល់​បច្ចុប្បន្ន​ជា​នាយក​រដ្ឋមន្ត្រី ដែល​គុណ​សម្បត្តិ និង​គុណវិបត្តិ​តែងតែ​កើត​មាន “ប៉ុន្តែ​សូម​ក្រឡេក​មើលទៅ​ក្រោយ​បន្តិច នៅពេល​ខ្ញុំ​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៨៥​នោះ សង្គ្រាម​នៅ​តែ​ហែកហួរ​ប្រទេស​នេះ​នៅ​ឡើយ”។ ទាក់​ទង​ការចរចារ​បង្រួប​បង្រួមជាតិ​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​ក្នុង​ប្រទេសកម្ពុជា សម្តេច​តេជោ​បាន​មាន​ប្រសា​សន៍​បញ្ជាក់​ថា "សូមកុំ​ភាន់ច្រឡំ​បើ​គ្មាន​បាតដៃ ហ៊ុន សែន ទេ​ ក៏​គ្មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​ ខែ​តុលា ឆ្នាំ​១៩៩១ ចេញ​មក​ដែរ។ កុំ​សង្ឃឹមលើ​កិច្ច​ព្រមព្រៀង​ប៉ារីស​ថា​វា​អាច​កើតបាន ព្រោះ ហ៊ុន សែន ជា​អ្នក​ទៅ​ចរចាបើ ​ហ៊ុន សែន ប្រាប់​សម្ដេច ហេង សំរិន និង​សម្ដេច ជា ស៊ីម ថា​អត់​បានទេ មិន​ចាំ​បាច់ចរចា​ត​ទៅ​ទៀត​ទេ ដូច្នេះ​ការ​វាយ​ប្រយុទ្ធ​គ្នា​នឹង​មកដល់​សព្វ​ថ្ងៃនេះ"។​

រំលឹក​ដល់​ការ​ដាក់​អនុវត្ត​នយោបាយ​ឈ្នះឈ្នះ (ឌីហ្វីត) រំលាយ​អង្គការ​ចាត់​តាំង​យោធា និង​នយោបាយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ធ្វើ​សមាហរណកម្មកម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម កាល​ពី​ឆ្នាំ១៩៩៩ សម្ដេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា យើង​និយាយ​ពី​សមិទ្ធផល​នៃ​សន្តិភាព​នយោបាយ​ឈ្នះ​ឈ្នះ បញ្ចប់​សង្គ្រាម​ បើ​ហ៊ុន សែន មិន​ចូល​រូង​ខ្លា​ទេ តើ​ចាប់​ខ្លា​បាន​ដែរ​ឬ​ទេ? ខ្ញុំ​បាន​ប្រាប់​ម្តាយ​ខ្ញុំ និង​ម្តាយ​ធំ​របស់ខ្ញុំ​ថា ម៉ែ​និង​ធំ បើ​ខ្ញុំ​មិន​ទៅ​ តើ​អ្នកណា​ទុកចិត្ត។ បើ​ខ្ញុំ​ទៅ​ខ្ញុំ​ស្លាប់ ស្លាប់​តែ​ខ្ញុំ និង​អ្នក​រួម​ដំណើរ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​បាន​វិញ​ បាន​ផែន​ដី​ទាំងមូល​តែម្តង​។ ដូច​អ្វី​ដែល​បាន​និយាយ UNTAC ប្រើ​លុយ​២.០០០ ​លាន​ដុល្លារ​បញ្ចប់​សង្គ្រាម​អត់​បាន ប៉ុន្តែ​ខ្ញុំ​យក​បាន​ទាំងអស់ ប្រជាជន​ខ្មែរ​រួមគ្នា​កសាង​ប្រទេស។ ខ្ញុំ​ជា​អ្នកដឹកនាំ​កំណែទម្រង់​ដីធ្លី តាំងពី​ឆ្នាំ​១៩៨៥ ហើយ​បាន​ប្រគល់​កម្មសិទ្ធិ​ជូន​ប្រជា​ពល​រដ្ឋ។

ទាក់​ទង​នឹងនយោបាយ​សមាហរណកម្ម​ប្រទេស​កម្ពុជា​ទៅ​ក្នុង​សហគមន៍​អន្តរជាតិ ក៏​ដូច​ជា ការ​កសាង​អភិវឌ្ឍន៍​ប្រទេសដែល​សម្តេចបាន​ដាក់​ចេញ​នៅ​ក្នុង​យុទ្ធ​សាស្ត្រ ត្រី​កោណ និង​ចតុកោណ​ នា​ពេល​កន្លងមក និង​បច្ចុប្បន្ន សម្ដេចតេ​ជោ​បាន​ថ្លែង​ថា ស្ពាន​អ្នក​លឿង​នេះ​ពិតមែនតែ​ជប៉ុន​អ្នក​ឱ្យ ប៉ុន្តែ​អ្នកណា​អ្នក​សុំ បើ​ធ្វើ​នយោបាយ​ប្រឆាំង​ជប៉ុនៗ​ចាំតែ​ឱ្យទៅ ហើយ​បើ​ដឹកនាំ​ប្រទេស​មិនល្អ ស្មាន​តែ​ជប៉ុន​អនុម័ត​ថវិកា​មក​ធ្វើ​ស្ពាន​នេះ​ឬ?។ សម្រាប់​ការ​គ្រប់​គ្រង​ដឹកនាំ​ប្រទេសរយៈពេល ៣០ឆ្នាំ​មក​នេះ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ជា​ការ​ពិត​ខ្ញុំ​ក៏​មាន​កំហុស​ដែរ​មិនមែន​អត់​ទេ ប៉ុន្តែ​សូម​ថ្លឹងថ្លែង​រវាង​ត្រូវ និង​ខុស បើ​ដឹកនាំ​ខុស​យើង​មិនបាន​មក​ជួប​ជុំគ្នា​នៅ​ថ្ងៃ​នេះ​ទេ។ សម្ដេច​ក៏បាន​បញ្ជាក់​ថា ការ​កាន់​តំណែង​រយៈពេល​៣០​ឆ្នាំ​គឺជា​ការ​កម្រ​ណាស់ ហើយ​លោក​មាន​អាណត្តិ​រហូតដល់​ឆ្នាំ​២០១៨ បន្ទាប់​ពី​នោះ​ក៏​មិនទាន់​ចាស់ ព្រោះ​បេក្ខភាព​នាយករដ្ឋមន្ត្រី​គណបក្ស​ផ្សេងៗ មាន​អាយុ​ច្រើនជាងនាយករដ្ឋមន្ត្រី​ក្នុង​តំណែង​ផង។

ក្រោយ​ថ្ងៃរំដោះ៧មករា ឆ្នាំ​១៩៧៩ ផ្តើម​ពីប្រទេសសល់ពីគំនរផេះផង់ ធន​ធាន​មនុស្ស​ចាស់​ជរា​បាក់​កម្លាំងដែល​បង្ក​ឡើងដោយភ្លើងសង្រ្គាមក្រោយ​រដ្ឋ​ប្រហារឆ្នាំ១៩៧០ និង​នយោបាយ​កាប់​សម្លាប់​របស់​ប៉ុលពតឆ្នាំ១៩៧៥-៧៩ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ដែល​ផ្តើម​ចេញ​ពីជីវិត​ជាយុទ្ធជន តស៊ូ​ពលី​កម្លាំង​ញើស​ឈាម​ក្នុង​ព្រៃ​រូបនេះ បាន​តម្កល់​សេចក្តីសុខ​ក្សេមក្សាន្ត និង​សុខសន្តិភាព សម្រាប់​ប្រជា​រាស្រ្តខ្មែរ​ជាធំ និង​បាន​ប្រឹងប្រែង​កៀងគរ អ្នក​វិយោគ​បរទេស​ចូល​មក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជួយ​ជំរុញ​កំណើន និង​រក្សា​កំណើន​សេដ្ឋកិច្ច​ជាតិ ក្នុង​រង្វង់​ជាង ៧​ភាគ​រយ ជា​រៀងរាល់​ឆ្នាំ ធ្វើ​ឲ្យ​ប្រទេសកម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ទី​១១ នៅ​ក្នុង​ពិភពលោក។ ពិត​ណាស់​ថា សមិទ្ធិផល​ដែល​រំលេច​វត្តមាន ក្នុង​ព្រះ​រាជា​ណា​ចក្រដ៏​កម្សត់​នេះ មិន​ទាន់​បំពេញ​សេចក្តី​ត្រូវ​ការ​ជូន​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​យ៉ាង​ណា​ក្តី តែ​វាសុទ្ធ​សឹង​ជា​សមិទ្ធិផល កើត​ចេញ​ពីកិច្ច​ខិតខំ​ប្រឹង​ប្រែង ជម្នះ​គ្រប់​ឧបសគ្គ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលដឹកនាំ​ដោយ​សម្តេចតេជោ រួម​ជា​មួយ​មន្រ្តី​រាជរដ្ឋាភិបាល​កម្ពុជានៃ​គណបក្ស​ប្រជាជនកម្ពុជា​ ជា​ច្រើន​រូបទៀត ក្នុង​រយៈ​ពេល ៣០​ឆ្នាំ។

ក្រៅ​ពីសមិទ្ធិផល​ស្ពានអ្នក​លឿង (ស៊ូបាសា) នៅ​ក្នុង​ឆ្នាំ​២០១៥ និងឆ្នាំ​បន្ត​បន្ទាប់​ខាង​មុខ​ទៀត ប្រជាពលរដ្ឋ​ខ្មែរ​សង្ឃឹម​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​កើតចេញពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​មាន​ពិសោធន៍​ច្រើន​ក្នុង​ការដឹកនាំ​ប្រទេស​នេះ ជា​ពិសេស​ភាព​ឆ្លាស​វៃ​ប្រកប​ដោយ​កិត្តិ​បណ្ឌិតរបស់​សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ក្រោម​​ម្លប់ដ៏​ត្រជាក់ របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា​ព្រះបាទ សម្តេចព្រះ បរម នាថ នរោត្តម សីហមុនី នឹង​ដាក់ចេញ​នូវ​យុទ្ធសាស្រ្ត ប្រកប​ដោយ​ប្រសិទ្ធភាព និងលុប​បំបាត់​ចំណុច​អវិជ្ជមាន​ក្នុង​សង្គម ព្រម​ទាំង​អំពើ​ពុករលួយ​ធ្វើ​ឲ្យ​ជាតិ​កម្ពុជា​ស្គាល់​តែ​សុខ​សន្តិភាព និង​ភាព​រីកចម្រើន ជួយ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅប្រកប​ភាព​ថ្លៃថ្នូរ និង​សុខដុម​តរៀង​ទៅ។

សូម​បញ្ជាក់​ថា សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ដែលត្រូវបាន អ្នកកា​សែត​បរទេស​លោក ហារី មេត្តា ប្រសិទ្ធនាមក្នុង​សៀវ​ភៅរបស់​គាត់​ថាជា «បុរសខ្លាំង​នៅ​កម្ពុជា» ត្រូវ​បាន​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បច្ចុប្បន្ន​គណបក្ស​ប្រជាជន​កម្ពុជាបោះ​ឆ្នោត​គាំទ្រ​ឲ្យក្លាយ​ជាប្រធាន​ក្រុមប្រឹក្សារដ្ឋមន្រ្តី នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​១៩៨៥ ក្នុងវ័យ​៣២ឆ្នាំ ជំនួស​លោក ចាន់ ស៊ី អតីតនាយករដ្ឋមន្រ្តី ដែល​បាន​ស្លាប់​ដោយ​រោគា​ពាធ នៅ​ចុង​ឆ្នាំ​១៩៨៤​៕















សម្តេ​ច​​តេជោ​​ប្រកាស​​ដាក់​​ចរាចរ​ក្រដាស​​ប្រាក់ ៥០០​រៀល​​គំរូ​ថ្មី និង​ភ្ជាប់​​ស្ពាន​​អ្នក​លឿង​អបអរ​ខួប​ ៦០ឆ្នាំ​​នៃ​ទំនាក់​​ទំនង​ការ​​ទូត​​កម្ពុជា-ជប៉ុន

ពិធី​តភ្ជាប់​សំណង់​ស្ពាន​អ្នក​លឿង​គ្មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រទេសកម្ពុជា​នា​ពេល​កន្លង​មក ដែល​ប្រសិទ្ធ​នាម​ថា ស្ពាន “ស៊ូបាសា” ​និងក្រដាស​ប្រាក់​ ៥០០រៀល​គំរូ​ថ្មី ប្រកាសឲ្យ​ធ្វើ​ចរាចរ ដោយ​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា នា​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥ ត្រូវ​បាន​កត់សម្គាល់​ថាដើម្បី​អប​អរ​សាទរ​ខួប​លើកទី ៦០​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ព្រះ​រាជាណាចក្រកម្ពុជា និង​ប្រទេស​ជប៉ុន។

ពិធីចាក់​បេតុងមុខ​តំណ​ស្ពាន​អ្នកលឿង (ស៊ូបាសា) ដែល​មាន​ខ្សែកាប​ពណ៌លឿង​សង​ខាង​នៃ​ស្លាប​ប្រៀប​ដូចជា​បក្សី​ពណ៌លឿង ២ក្បាល ​ហើរ​ត្រដាង​ស្លាប​កាន់ដៃគ្នា ​សាង​សង់​ឡើង​ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិ​បាល​ជប៉ុន ត្រូវ​បាន​សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី និង​ឯកឧត្តម ណាកាណេ កាហ្សូយុគិ (NAKANE Kazuyuki) សមាជិក​សភា និង​ជា​អនុរដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​ដែល​មាន​វត្តមាន​ក្នុង​ពិធី​នោះ​ដែរ​កត់សម្គាល់ថា ស្ពាន​នេះ​មានអត្ថន័យ​ ដែល​ជាតំណាង​ឱ្យ​ទំនាក់ទំនង​រវាងព្រះរាជា​ណា​ចក្រកម្ពុជា និង​ប្រទេសជប៉ុន​កាន់​ដៃគ្នា​ហោះទៅ​កាន់កិច្ច​សហប្រតិបត្តិ​ការ​ដ៏រុង​រឿង​នៅ​ថ្ងៃ​អនាគត ។

ដោយ​ឡែក​សម្រាប់​ក្រដាស​ប្រាស់​ប្រភេទ ៥០០​រៀល​គំរូ​ថ្មី ដែល​ម្ខាងមាន​ព្រះឆាយា​ល័ក្ខណ៍​ព្រះករុណា​ព្រះមហាក្សត្រ និង​ម្ខាង​មាន​រូបស្ពាន​គីហ្សូណា (ខេត្ត​កំពង់​ចាម) និង​ស្ពាន​ស៊ូបាសា (ខេត្តកណ្តាល-ខេត្តព្រៃវែង) សម្តេច​តេជោបាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ដើម្បី​បង្ហាញ​ពីចំណងមិត្តភាព កិច្ច​សហ​ប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យចរាចរ​នូវ​ក្រដាស​ប្រាក់ ៥០០រៀល ដែលនេះ​ជា​ផ្នែកមួ​យ​នៃ​ពិធី​ថ្ងៃនេះ និងជាផ្នែក​ដ៏សំខាន់​មួយ​នៃ​ពិធី​ពង្រឹង​ចំណង​ទាក់ទង​ក្នុង​ខួប​៦០ នៃ​ទំនាក់​ទំនង​ព្រះរាជាណាចក្រ​កម្ពុជា-ជប៉ុន ដែល​យើង​ទាំង​អស់​គ្នា​សូមអបអរសាទរ។

សម្តេច​តេជោ នាយក​រដ្ឋមន្រ្តី​ក៏​បាន​ចាត់​ទុក​សំណង់​ស្ពាន​នេះ គឺ​ជាសមិទ្ធផល​ដែល​ជា​ទ្រព្យ​សម្បត្តិ​មហា​សាល​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា ដែល​រួម​ចំណែក​ដល់ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រជាជន​កម្ពុជា​ផងដែរ។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សម្តេច​បាន​ខិតខំ​ចរចា និង​ជម្នះ​ឧបសគ្គ​ជា​ច្រើន​ដើម្បី​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេមេគង្គ​មួយ​នេះ ព្រោះ​វាមាន​សារៈ​សំខាន់ ដោយ​មិន​ត្រឹម​តែ​ភ្ជាប់​ត្រើយ​ខាង​លិច និង​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការភ្ជាប់​អាស៊ាន​ហាយវេ​ផងដែរ។

សម្តេច​តេជោ​បាន​បញ្ជាក់​ថា សម្តេច​បាន​ដាក់សំណើ​ចំនួន​៤ ទៅ​កាន់​ភាគី​ជប៉ុន ដើម្បី​ទទួល​បាន​សមិទ្ធផល​ស្ពាន​អ្នក​លឿង ដែល​សំណើរ ទី១-ជំនួយ​ឥត​សំណង​ទាំង​អស់ រាជ​រដ្ឋាភិ​បាល​ជប៉ុន, ទី២-ជំនួយ​ខ្លះ កម្ចី​ខ្លះ, ទី៣-ខ្ចី​ទាំង​ស្រុង និង​ទី៤-ជំនួយ​ខ្លះ និង​ប្រាក់​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ខ្លះ។ សម្តេច​តេជោ​ក៏មាន​ប្រសាសន៍​បង្ហាញ​មហិច្ឆ​តា​ក្នុង​ការ​កសាង​ស្ពាន​អ្នក​លឿង​នេះ​ថា ប្រសិន​បើ​ជប៉ុន​មិន​ជួយទេ សម្តេច​នឹង​ជម្នះ​សាង​សង់ស្ពាន ដោយ​ប្រើ​ថវិកាជាតិ​ផ្ទាល់​តែម្តង ដើម្បី​សាងសង់​ស្ពាន​នេះ។
ជាមួយ​នឹង​វត្តមាន​ស្ពាន​អ្នកលឿង ដែល​នឹងបញ្ចប់​ការសាងសង់​ជាស្ថាពរ​នា​អំឡុង​ខែ​មីនា ឆ្នាំ​២០១៥ ខាង​មុខ​នេះ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី បាន​សំណូមពរ​ឲ្យ​ប្រជា​ពល​រដ្ឋ​ចៀសវាង​នូវ​ចំណុច​អវិជ្ជមាន​ចំនួន​៣ រួមមាន៖ ទី១-កុំ​ឲ្យ​យក​ស្ពាន​អ្នកលឿង​ជា​កន្លែង​ធ្វើអត្តឃាត​បញ្ចប់​វិបត្តិ, ទី២-សុំ​កុំ​ដឹកលើស​ទម្ងន់​នាំ​ឲ្យ​ខូច​ស្ពាន និង​ទី៣-សុំកុំ​ឲ្យ​បើក​លឿន​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។

សម្តេច​តេជោ​សែន បាន​មាន​ប្រសាសន៍​នៅក្នុងពិធីតភ្ជាប់​ស្ពាន​អ្នក​លឿង បន្ត​ទៀត​ថា «នៅ​ពេល​ដែលស្ពាន​ចាប់​ដំណើរការ ប្រជាពលរដ្ឋ​យើង​លែង​ខ្វល់ខ្វាយ ពីការ​លំបាក​ទៀត​ហើយ​ក្នុង​ការ​ឆ្លង​កាត់។ ពេល​សាឡាង​ឆ្លងកាត់​ទន្លេ ឪពុក-ម្តាយ​ព្រួយ​បារម្ភ​អំពី​កូន ព្រោះ​ពេលខ្លះ​ទឹកវា​ធំមាន​ភ្លៀង​មាន​រន្ទះទៀត​ផង ហើយ​បញ្ហា​នេះ រាជរដ្ឋាភិបាល បារម្ភ​ដូច​គ្នា»។

ព្រម​ជាមួយ​គ្នានេះ​ដែរ សម្តេច​ក៏បាន​សុំអភ័យ​ទោស ចំពោះ​អ្នករត់​សាឡាង និង​រត់ទូក ព្រោះ​ពេល​ស្ពាន​ដំណើរការ​ហើយ ពួក​គាត់​នឹងផ្អាក​អាជីព​ដែរ ប៉ុន្តែ​សម្តេច​ក៏បាន​ឲ្យ​អ្នក​រត់​សាឡាង និង​ទូក​ទាំង​អស់ ទៅ​ដាក់ទីតាំង​នៅកន្លែង​ដែល​ពុំទាន់​មាន​ស្ពាន។

សម្ដេច​តេជោ​នាយករដ្ឋមន្រ្តី បាន​ធ្វើ​ការអំពាវនាវ​ទៅ​ដល់​កូន​ចៅ​រស់​នៅ​ក្នុង​ខេត្តព្រៃ​វែង និង​កណ្ដាល​ឲ្យនាំ​ឪពុក-ម្ដាយ ជីដូន-ជីតា របស់​ពួកគេ​ឆ្លងកាត់​ស្ពាន​អ្នក​លឿង នៅ​ពេល​ដែល​ស្ពាន​នេះ ដាក់​ឲ្យដំណើរការ​បណ្ដោះ​អាសន្ន​នៅ​ខែមេសា​ខាង​មុខ។ «ឥឡូវ​ខ្ញុំ​សូម​អំពាវនាវ​ធ្វើយ៉ាងណា​ទាំង​អ្នក​នៅ​ព្រៃវែង និង​កណ្ដាល ខិតខំ​ថែរក្សា​ចាស់​ៗ​ដែល​ជាឪពុក មា្ដយ ឬ ជីដូន ជីតា ប្រឹង​យ៉ាងម៉េច​ឲ្យគាត់​រស់បានឆ្លង​ផុត​ឆ្នាំ​នេះ​ដល់​ពេល​ស្ពាន​រួចរាល់។ សូម​ខ្លួន​ជាកូន ជាចៅ ឬ​ចៅទួត មេត្តា​ដឹកគាត់​មក​ឆ្លងកាត់​ស្ពាន​ហ្នឹង ដែល​គាត់រស់​នៅមួយ​ជីវិត​របស់គាត់​មិនដែល​បានឃើញ​ស្ពាន មុន​គាត់​ចែក​ឋាន។ សូម​ថែទាំ​គាត់ ហើយ​សូមកុំ​កំណាញ់ កុំ​ខ្ជិល ក្នុង​ការដឹកនាំ​គាត់​មកមើល​ស្ពាន»។

ឯកឧត្តម ណាកាណេ កាហ្សូយុគិ (NAKANE Kazuyuki) ក៏បាន​ជូនពរដល់​ប្រទេស​ទាំង​ពីរ​កម្ពុជា-ជប៉ុន កាន់​ដៃគ្នា​បន្ត​អភិវឌ្ឍន៍​ដោយ​ត្រដាងស្លាប​ដូចជា​ស្ពាន​នេះ ដែល​ប្រៀប​ដូច​ជាបក្សី​ដែល​កំពុង​តែហោះហើរ​យ៉ាង​ដូច្នេះ​ដែរ។ ឯកឧត្តម​មាន​ប្រសាសន៍​បន្ត​ថា ស្ពាន​នេះជាអំណោយ​របស់​ប្រទេស​ជប៉ុន​ផ្តល់​ជូនប្រទេស និង​ប្រជាជន​កម្ពុជា តាម​រយៈ​ការផ្តល់​នូវ​ជំនួយ​ឥតសំណង​មាន​ទឹកប្រាក់ ១២៧​លានដុល្លារ​អាមេរិក។

ឯកឧត្តម​មានជំនឿយ៉ាង​មុតមាំ​ថា បន្ទាប់​ពីការ​សាងសង់​រួច​ស្ពាននេះ​នឹង​ក្លាយជា​ស្ពាន​ធំ​ជាង​គេ និងវែង​ជាងគេ​នៅ​ប្រទេស​កម្ពុជា និង​ធ្វើ​ឱ្យចរាចរ​នៅ​លើផ្លូវជាតិ​លេខ​១ ដែល​ជាច្រក​មួយ​នៃរបៀង​សេដ្ឋកិច្ច​ខាងត្បូង មាន​ភាពល្អ​ប្រសើរ​ឡើង​ក្នុង​កម្រិត​ខ្ពស់ និង​ចូលរួម​ចំណែក​យ៉ាងធំធេង​ក្នុង​ការជំរុញ​ការតភ្ជាប់ ឆ្ពោះ​ទៅ​សម្រេច​បាន​នូវការ​បង្កើត​នូវ​សហគមន៍អាស៊ាន​នៅបំណាច់​ឆ្នាំ២០១៥​នេះ។
ឯកឧត្តម ត្រាំ អ៊ីតឹក រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​មាន​ប្រសាសន៍​ថា ស្ពាន​អ្នក​លឿង និង​ផ្លូវ​តភ្ជាប់​ត្រង់​ចំណុច​អ្នកលឿង​មានប្រវែង​សរុប ៥.៣១៥ម៉ែត្រ ដែល​ផ្គំ​ឡើង​ដោយ​កំណាត់​តួស្ពានសុទ្ធសាធ​ប្រវែង ២.២១៥ម៉ែត្រ និង​កំណាត់​ផ្លូវ​តភ្ជាប់​ស្ពាន​ប្រវែង ៣.០១០​ម៉ែត្រ។ តួ​ស្ពាន​ប្រវែង ២.២១៥​ម៉ែត្រ ចែក​ចេញ​ជា ៣ផ្នែក គឺ​ស្ពាន​ជាប់​ផ្លូវ​ត្រើយ​ខាង​លិច ស្ពាន​ជាប់​ផ្លូវត្រើយ​ខាង​កើត និង​ស្ពានមេនៅ​កណ្តាល។ ស្ពាន​តភ្ជាប់​ផ្លូវ​ត្រើយ​ខាងលិច​មាន​ប្រវែង ៩០០​ម៉ែត្រ ស្ពានភ្ជាប់​ផ្លូវ​ត្រើយ​ខាង​កើត​មាន​ប្រវែង ៦៧៥​ម៉ែត្រ និង​ស្ពានមេ​មាន​ប្រវែង ៦៤០​ម៉ែត្រ មាន​៣​ប្រឡោះ​កណ្តាល​សម្រាប់​ឱ្យនាវា​សមុទ្រ​ឆ្លងកាត់ មាន​ប្រវែង ៣៣០​ម៉ែត្រ។ ស្ពាន​មេនេះ​ត្រូវ​បាន​ប្រើ​បង្គោល​សសរ២ មាន​កម្ពស់​ពីជើង​តាងស្ពាន​ដល់កំពូល​របស់​បង្គោល​សសរស្ពាន មាន កម្ពស់ ១៣០​ម៉ែត្រ។

បន្ទាប់​ពីសាងសង់​រួច ស្ពាននេះ​នឹងតភ្ជាប់ចរាចរ​ដឹកជញ្ជូន​ដ៏សំខាន់​រវាង​រាជធានី​ភ្នំពេញ និង​ផ្នែក​ខាងលិច​ទៅនឹង​ផ្នែកខាង​កើត​របស់​កម្ពុជា មាន​ខេត្ត​ព្រៃវែង ស្វាយរៀង​ជា​បណ្តា​ខេត្ត​ដែល​មានសក្តានុពល​ខាង​កសិកម្ម ដែល​ជាជង្រុក​ស្រូវ និងមាន​ប្រជាជន​រស់​នៅ​ច្រើន​កុះករ ព្រមទាំង​តភ្ជាប់​បណ្តា​ខេត្ត​ភាគ​ខាង​ជើង ដែល​មាន​សក្តា​នុពល​ខាង​កសិកម្ម កសិ-ឧស្សាហកម្ម និង​ទេសចរណ៍​ធម្មជាតិ និង​ក្លាយ​ជាប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា នៅ​ពេល​អនាគត​ខាង​មុខ និង​ក្លាយជា​ផ្លូវអាស៊ាន​ហៃវ៉េទី១ (AH1) និង​ផ្លូវ​មហាអនុ​តំបន់​ទន្លេមេគង្គ R1 ដែល​នឹង​ភ្ជាប់​ចរាចរណ៍​ដឹក​ជញ្ជូន​ដោយ​រលូន​ពីទី ក្រុង​បាងកក​មក​ភ្នំពេញ និង​ឆ្ពោះ​ទៅ​ទីក្រុង​ហូជីមិញ។ ស្ពាននេះ​នឹង​ជួយ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម ទេសចរណ៍​ជាមួយ​ទីក្រុង​ហូជីមិញ និង​ភាគខាងត្បូង​របស់​វៀតណាម និង​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​មហាអនុ​តំបន់​មេគង្គ និង​អាស៊ាន។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បង្ហាញ​ថា ស្ពាន​អ្នក​លឿង មិន​ត្រឹមតែ​ជាស្ពានខ្សែ​កាបយោងទី១ ប៉ុណ្ណោះទេ តែ​នឹង​ទៅជា​ស្ពាន​វែង​ជាង​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប ៩៥​លាន​ដុល្លារ​ក្នុង​នោះ​មាន​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ​២លាន ​៩សែន​ដុល្លារ ​សម្រាប់​ដោះ​ស្រាយផលប៉ះពាល់​គម្រោង ប៉ុន្តែ​ឯកឧត្តម​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បញ្ជាក់​ថា ស្ពាន​អ្នក​លឿង​ជាជំនួយ​ឥតសំណង​របស់​ជប៉ុន ដែល​មានទឹក​ប្រាក់រ​ហូត​ដល់ទៅ ១២៧​លាន​ដុល្លារអាម៉េរិក។ ចំពោះ​តួលេខ​ទឹកប្រាក់​ចំណាយ​លើការ​សាង​សង់​ស្ពាន​ដែល​គិតខុស​គ្នា​នេះ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​លើកឡើង​ថា អាច​មក​ពី​អត្រា​ប្ដូរ​ប្រាក់​យ៉េន ដោយសារ​ប្រាក់យ៉េន​ជប៉ុន​ឡើង​ថ្លៃ។ គម្រោង​សាង​សង់​ស្ពាន​អ្នកលឿង អនុវត្ត​ដោយ​ក្រុមហ៊ុន​សំណង់ ស៊ូមីតូម៉ុ មីតស៊ុយ (Sumitomo Mitsui Construction Co., Ltd) និង​ត្រួត​ពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន ចូដាយ សហការ​ជា​មួយ ក្រុម​ហ៊ុន អូរីយ៉ង់តាល់ (Chodai Co., Ltd and Oriental Consultant Co., Ltd) របស់​ប្រទេស​ជប៉ុន។ គម្រោង​សាងសង់​ស្ពាន​នេះ គ្រោង​នឹង​បញ្ចប់​នា​ខែមីនា ឆ្នាំ​២០១៥៕.







បទ​​អត្ថា​ធិប្បាយ ដោយ៖ សុខ អភិវឌ្ឍន៍៖ ក្រុ​ម​​ប្រឆាំង​​កំពុ​ង​​តែ​​បែក​ម៉ាំ

រំលឹក​ដល់​ថ្ងៃ​ដែល​​បក្ស​សង្រ្គោះ​ជាតិ បាន​បង្កើត​ឡើង​ដោយ​មាន​ការ​ស្ទាក់ស្ទើរ និង​មិន​ច្បាស់​ការ​ក្នុង​ការ​ចាប់​ច្របាច់​បញ្ចូល​គ្នា​ពី​ដំបូង​ រវាង​គណបក្ស​សម រង្ស៊ី និង​​គណបក្ស​សិទ្ធិ​មនុស្ស ​​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​ ១៧ កក្កដា ២០១២ រហូត​ដល់​ពេល​បច្ចុប្បន្ននេះ គឺ​មិន​ដល់​ ៣​ឆ្នាំ​ផង​ ដែល​គណបក្ស​នេះ បាន​​ដើរ​ទៅ​រក​ផ្លូវ​បំបែក​មួយ​ ដូច​ជា​ការ​ទស្ស​ន៍​ទាយ​របស់​ហោរាសាស្ដ្រ​ថៃដ៏​ល្បីល្បាញ​ថា បក្ស​សង្រ្គោះ​ជាតិ​នឹង​ជួប​គ្រោះ​ធំ​ប្រៀប​ដូច​ពស់អត់​ក្បាល និង​ដាច់​​​ដង​ខ្លួន។
​ការ​ទស្សន៍​​​​ទាយ​នេះ ពិត​ជា​មិន​ខុស​មែន! រឿង​អាស្រូវ និង​ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្រ្គោះជាតិ តាំងពី​ការបែង​ចែក​ការ​​គ្រប់​​គ្រង​នូវ​ថវិកា​ ដែល​គណបក្ស​នេះ​ប្រមូ​ល​បាន​ពី​ការ​ធ្វើ​បាតុកម្ម និង​ការ​ផ្ដល់​ជំនួយ​ពី​ក្រៅ​ប្រទេស​ផង​នោះ ធ្វើ​ឲ្យ​សមាជិក​បក្ស​​មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា និង​ដណ្ដើម​គ្នា​គ្រប់​គ្រង​ថវិកា​ទាំងនេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​​ថវិកា​ជាង ១០ម៉ឺន​ដុល្លារ ​ដែល​ប្រមូល​បាន​មក​ពី​ការ​ធ្វើ​បាតុកម្ម​យ៉ាង​អនាធិបតេយ្យ ត្រូវ​បាន​​​​លោក យឹម សុវណ្ណ ​ធ្វើឲ្យ​​បាត់​​ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់​​ផង​ដែរ។​
រឿង ​បន្ដ​បន្ទាប់​មក​​ទៀត​នោះ​ គឺ​​​​សមាជិក​តំណាង​រាស្ដ្រ​បក្ស​សង្រ្គោះ​ជាតិ​ បាន​បង្កើត​នូវ​រឿង​អាស្រូវ​​ជា​ហូរ​ហែ​ ដូច​ជា​ករណី​លោក រៀល ខេមរិន្ទ្រ ជ្រៀត​ជ្រែត​សុភមង្គល​គ្រួសារ​និង​លួច​សាហាយ​ស្មន់​ជាមួយ​លោក​ស្រី យ៉ោម បុប្ផា ​ដើម្បី​កុំ​ឲ្យ​ខ្មាស់​គេ​ ក៏​សម្រេច​ចិត្ត​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ។ ​លោក សុន ឆ័យ ប្រើ​អំណាច​ក្នុង​នាម​ជា​សភា​តំណាង​រាស្ដ្រ​រំលោភ​បំពាន​លើ​ស្ថាប័ន​ស្វ័យត​ រដ្ឋ​បាល (អាជ្ញាធរ​អប្សរា) ​ទៅ​កាន់​កាប់​ដី​ខុស​ច្បាប់ និង​បង្កើត​​គំនុំ​ជាមួយ​អាជ្ញាធរ​អប្សរា និងលេច​ឮ​ពី​ពាក្យ​ចចាម​អារាម​ការ​ដើរ​​គោះ​យក​លុយ​ក្រុម​ហ៊ុន​សុខា​អូតែល។ ​ស្រប​ជាមួយ​គ្នានេះ បែក​ធ្លាយ​រឿងលោក​ស្រី ឡាក់​ សុភាព​ ជំនួយ​ការ​ផ្ទាល់​របស់​លោក កឹម សុខា បក​អាក្រាត​មេដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ថា​ជា​មេដឹកនាំ​​ពុក​រលួយ រឿង​លុយ ៤០​លាន​ដុល្លារ និង​ការ​បែក​បាក់​ផ្ទៃ​ក្នុង ទាំង​ក្នុង និងក្រៅ​ស្រុក លោក​អ៊ូ ច័ន្ទឫទ្ធិ ធ្វើ​ខុស​នីតិ​វិធី​ ដោយ​​សំអាង​ខ្លួន​ជា​ប្រធាន​គណៈ​កម្មការ​វិន័យ​ ធ្វើ​ការ​​​សម្រេច​ដក​​លោក​ស្រី ឡាក់​ សុភាព ​​​ពី​សមាជិក​គណបក្ស​ ដោយ​មិន​គិត​ថា រាល់​ការ​ដក​ហូត តែង​តាំង ឬ​ផ្លាស់​ប្ដូរ​ ត្រូវ​តែ​មានគណៈ​កម្មការ​ទាំង​អស់​របស់​បក្ស និង​មេដឹកនាំ​បក្ស​ចូល​រួម​ក្នុង​ការ​សម្រេច​ សកម្មជន សមាជិក សមាជិកា​គណបក្ស​សង្រ្គោះ​ជាតិ ខេត្ត​កណ្ដាល​​​ប្រមាណ ២៥៦នាក់ បាន​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​​មក​ដល់​ពេល​ចុង​ក្រោយ​នេះ លោក ប៉ែន សុវណ្ណ និង​លោក ថាច់ សេដ្ឋា ត្រូវ​បាន​ក្លាយ​​ជា​បុគ្គល​ដែល​​​សហរដ្ឋ​អាមេរិកលែង​ទទួល​ស្វាគមន៍​ និង​បាន​​ដាក់​ឈ្មោះ​អ្នក​ទាំង​នេះ​នៅ​​ក្នុង​បញ្ជី​ខ្មៅ ដោយ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិកពាក់​ព័ន្ធនឹង​ ករណី​នាំ​មនុស្ស​​ដោយ​ខុស​ច្បាប់​​យក​ទៅ​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក។
លើស​ពី​នេះ​ទៅ​ទៀត តាម​ប្រភព​ព័ត៌មាន​មួយ​​បាន​ឲ្យ​ដឹង​ថា គណបក្សសង្រ្គោះ​​ជាតិ​បាន​បង្កើត​​ក្រុម​យុវជន​​មួយ​ក្រុម ​ដើម្បី​តាម​ដាន​នូវ​រាល់​មន្ដ្រី​​គណបក្ស​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​និយាយ​ការ​ពិត ​​​មន្ដ្រី និង​សមាជិក​បក្ស​ដែល​មាន​បំណង​ចង់​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​ដទៃ ដែល​សកម្ម​ភាព​នៃ​ការ​បង្កើត​ឡើ​ង​នេះ ត្រូវ​បាន​អ្នក​វិភាគ​ក្នុង​ស្រុក​លើក​ឡើង​​ថា បាន​យក​យុទ្ធ​សាស្ដ្រ​ភ្នែក​ម្នាស់​​របស់​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត យក​មក​តាម​ដាន​គ្នាឯង

ហេតុ​ការណ៍​ដូច​បាន​រៀប​រាប់​ត្រួស​ៗ​មក​​នេះ ​បង្ហាញ​ថា ជោគ​វាសនា​របស់​បក្ស​សង្រ្គោះ​ជាតិ អាច​នឹង​ត្រូវ​ដើរ​ដល់​ផ្លូវ​បំបែក​ ដោយសារ​តែ​ភាព​អសោច​របស់​ខ្លួន​ គឺ​នៅ​ពេល​នេះ​បក្ស​ប្រឆាំង​កំពុងតែ​បែក​ម៉ាំ​។

បទ​អត្ថា​ធិប្បាយ​ដោយ៖ ​រត្ន័ សណ្ដាប់៖ ល្បិច​កល​ ស្វា​ស៊ី​បាយ លាប​មាត់​ពពែ

នៅក្នុង​សង្គមខ្មែរ បើនិយាយ អំពី​ការកត់ចំណាំ​​អត្ដចរិត​មនុស្ស​​​ បុព្វបុរស​តែងតែផ្សារភ្ជាប់​សង្គមទៅ​នឹង​ធម្ម​ជាតិ​​ ក្នុងន័យ​ប្រៀបធៀប​រវាង​មនុស្ស​ល្អនឹង​អាក្រក់​ ​ ហេតុនេះ​ហើយ បាន​ជា​គេឃើញមាននូវ​​សុភាសិត ដែល​គេតែងលើក​យកមកដំណាលជាអាទិ៍ថា​​ «គោដំ​បៅខ្នង​ ក្អែក​ហើរ​រំលង​រំសាយ​កន្ទុយ»​ ​ ជា​ភាសា​​សាមញ្ញ ​អាច​និយាយ​បាន​ថា​ « ចោរ​នៅ​ពេល​​ឃើ​ញ​ប៉ូលី​ស​តែង​តែ​រអៀស​ខ្លួន​ ឬ​ក៏​ថា​ អ្នក​មាន​ចរិត​ ឥរិយា​បទ​មិនល្អ​ និងវៀច​វេរតែង​តែ​រអើ​ល​ខ្លួន​ជានិច្ច​»។​ ​​ជាក់ស្ដែង​ ​ ​គេឃើញក្រុម​​មាន​ចរិត​វៀច​វេរ ក្នុង​​ករណី​​រឿង​លោក​សង្ឃ២អង្គ​​ ដែលបាន​ឈ្លោះ​ប្រកែក​​វាយ​តប់​គ្នា​នៅ​វត្ដ​សាមគ្គី​រង្ស៊ី​ រហូត​ដល់​បាត់បង់​ព្រះ​ជន្ម​​គ្រូសូត្រ​ឆ្វេង​​ម្នាក់​ កាលពី​ថ្ងៃ​ទី​១២ ខែ​មករា​ ឆ្នាំ​២០១៥​ កន្លង​មក​នេះ​​ គេឃើញ​ក្រុម​អគតិ​បានរកលេស​​ចោទ​ថា​ ប្រ​ហែល​មាន​​​ក្រុម​សមត្ថ​កិច្ច​​នៅ​ក្រោយ​ខ្នង​លោក​សង្ឃ​ដែល​មាន​ព្រះ​ជន្ម​វ័យក្មេង​​ ដែលជាអ្នកបាន​បង្កឲ្យ បាត់បង់​ជីវិត​​។ ដោយ​ទ្បែក​ចំពោះបញ្ហានេះ ​យើង​យល់ថា​​ រឿងនេះ​លាយ​ទ្បំ​ទៅ​នឹង​រឿង​នយោបាយ​ផង​ និង​សីលធម៌ផង​ ដែល​ហៅ​ថា​ «ស្វាស៊ី​បាយ​ លាប​មាត់​ពពែ»។​ ចំពោះ​រឿង​សីលធម៌​​ ជា​ការ​គួរ​ឲ្យ​សោក​ស្ដាយ​​ណាស់​​​ ដែល​លោក​សង្ឃ​ទំាង​ពីរ​អង្គ​នេះ​ មាន​ប្រវត្ដិ​ពី​ខ្មែរ​កម្ពុ​ជា​​ដូច​គ្នា​ ​ក្នុង​ឋានៈ​ខ្លួន​គ្រង​​ស្បង់​ចីពរ តំណាង​ឲ្យ​​ព្រះ​ពុទ្ធសាសនា​​ បែរ​ជាមិន​ចេះ​​ខន្ដី​ បង្ក​ហិង្សា​​ទៅ​វិញទៅមក ​​ជាមួយ​គ្នា​។​ ប្រ​ជាពលរដ្ឋ​ទូ​ទំាង​ប្រ​ទេស​​ ក៏​ដូច​ជា​អ្នក​មាន​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​ទូ​ទំាង​សាកល​លោក​​ គេ​គោរព​​ណាស់​ អ្នក​គ្រង​ស្បង់​ចីពរ​នេះ គឺ​ជា​បព្វ​ជិត​​​ ជា​អ្នក​ទ្រ​ទ្រង់​សាសនា​ ដើរ​តាម​គន្លង​ទូ​ន្មាន​របស់​ព្រះ​សម្មាសម្ពុទ្ធ ដែល​រៀង​រាល់​ពេល​ទេសនា​ អប់រំ​ប្រ​ជាជន​ឲ្យ​ចេះខន្ដី តែ​ផ្ទុយ​ទៅ​វិញ​ សង្ឃទំាង​ពីរ​អង្គ​នេះ​ គ្មាន​ខន្ដី​​ទាល់​តែ​សោះ។​ ពាក្យ​ចាស់​លោក​ពោល​ថា​ «បើ​ទំពក់​មិន​វារ​ទៅ ព្នៅ​ក៏​មិន​ជ្រុះ»​ ដែរ​។​ រី​ឯរឿ​ង​នយោបាយ​នោះ ​​នរណា​ក៏​ដឹង​ដែរ​ថា​ វត្ដសាមគ្គី​រង្ស៊ី​ នេះ​​ ជាវត្ដមូល​ដ្ឋាន​របស់​ក្រុម​ប្រឆំាង​នឹង​រាជរដ្ឋាភិបាល​ ជាញឹកញាប់​តែងតែ​បង្ក​រឿង​ ដោយចូលរួម​បាតុកម្ម​ ញុះ​ញុងបំបែក​បំបាក់​សង្គម ​​ប្រើ​ហិង្សា​ ច្រងេង​ច្រងា​ង​ ដែល​គេ​គ្រប់​គ្នា​មើល​ខ្សែ​វីដេអូ​ ច្បាស់​ជាបាន​ឃើ​ញ​លោក​សង្ឃទំាងពីរ​​អង្គនេះ​ បាន​​លោត​ចុះ​លោត​ទ្បើង​ដូចស្វា។​ ត្រង់ចំណុច​នេះ​ បើ​គេធ្វើការ​​ពិចារណាលើ​ករណី​​ទី​១​ ទៅ​នឹងករណី​​ទី២​ ជា​ការ​សម​ស្រប​ណាស់​ ​ដែល​លោក​សង្ឃ​​ទំាង​ពីរអង្គ​នេះ​ ប្រើ​ហិង្សា​ដាក់​គ្នា គឺ​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​ឯង​ ​​ ​ព្រោះដោយ​សារ​តែ​ទង្វើ​​​​គ្មាន​បេះ​ដូង​ខន្ដី​លើ​គ្នា​ទៅវិ​ញទៅ​មកនេះឯង​។​ ប៉ុន្ដែ​ជា​អកុសល​​ណាស់​​​ ដែលក្រុម​អគតិ​​មួយ​ក្រុម ​បានឆ្លៀតឱកាស​នេះ ធ្វើការ​​វាយ​តម្លៃ​ទំាង​ងងើលទម្លាក់កំហុស​មកលើ​គេឯង​ដើម្បី​បំរើ​ឲ្យបេះដូង​ដ៏ខ្មៅកខ្វក់​​របស់ក្រុមខ្លួន​ ​ដែលយើង​ហៅ​ថា​​ ​ជា​​ទង្វើ​​មួយ​ផ្ដេះផ្ដាស់​ ​​ ហើយ​ដែល ​តែងបង្ក​ទ្បើង​ដោយ​ក្រុម​សកម្មជន​ប្រឆំាងនឹង​រដ្ឋាភិបាល​​ ​ក្នុង​គោល​បំណង​លាប​ពណ៌មក​លើរដ្ឋា​ភិបាល​ តែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ គេ​ត្រូវ​គិត​ថា​ ប្រ​ទេស​មាន​ច្បាប់ ស្រុ​ក​មាន​ទម្លាប់​ គឺអាជ្ញា​ធរ​សមត្ថកិច្ច​មិន​អាច​អនុញ្ញាត​ឲ្យ​ជន​​ជាប់​ចោទ​​នេះ​ ដែល​គេ​ចាត់​ទុក​​ថា​ ​ជា​​ឃាតកររួច​ខ្លួន​បាន​ទ្បើយ​។ យើង​សូម​ឲ្យ​ជន​អគតិ​​ទំាង​ទ្បាយ​ មាន​អារម្មណ៍​ស្ញៀម​ស្ញាត់ ​​កុំចេះ​តែដើរ​​​ចោទ​គេឯង​​​ ឬ​ធ្វើ ឫក​​ដូច​ខ្លួន​ឯង​ជា​តុលា​ការ​ ឬដើម​បណ្ដឹង​ សូម​ទុក​ឱកាស​ឲ្យ​សមត្ថកិច្ច​​របស់រដ្ឋ ​​ជាអ្នក​វិនិច្ជ័យ។​ ព្រះ​ពុទ្ធ​​ព្រះបរម​គ្រូ​​ ព្រះ​អង្គ​មាន​ព្រះ​ពុទ្ធ​ដីកាថា «សាសនា​​រីកដុះ​ដាលគឺ​​ដោយ​​សារ​ពុទ្ធបរិស័ទ​​ ហើយ​សាសនារលត់រលាយ​​​ ក៏ដោយសារ​តែ​ពុទ្ធបរិស័ទ​​​»​​ ដែរ៕