Wednesday, January 25, 2023

ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ

 នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ យើងនឹងចាប់ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលយើងត្រូវបំពេញបន្ថែមឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីអោយកម្ពុជាយើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ៕



សម្តេចតេជោ ហ៊ុន សែន គាំទ្រការបកស្រាយរបស់ឯកឧត្តម ស សុខា ជុំវិញរឿងបុរសលើកម៉ូតូក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ

នៅយប់ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៣ បានសម្តែងនូវការគាំទ្រចំពោះការបកស្រាយ និងពន្យល់របស់ឯកឧត្តម ស សុខា ជុំវិញរឿងបុរសម្នាក់ជួយលើកម៉ូតូជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ ។






សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តាំផ្ញើឯកអគ្គរាជទូតកម្ពុជាដែលទើបតែងតាំងប្រចាំបណ្តាប្រទេស នានាថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច

 សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីចំនួន១០រូប ប្រចាំនៅបណ្តាប្រទេសជាមិត្តនានា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញចេញ ទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស។ 

ឯកឧត្តម កុយ គួង ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា បានគោរព ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីទាំងអស់ បានចូលជួបសម្តែងការគួរសម ជម្រាបលា ពិសេសទទួលអនុសាសន៍ដ៏ថ្លៃថ្លាដើម្បីអនុវត្តការងារក្នុងការបម្រើប្រទេសជាតិនៅលើឆាកអន្តរជាតិ។ 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តមទាំង ១០ រូប  ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ចំនួន ១២ប្រទេស។  សម្តេចបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ឯកឧត្តម គឺជាឥស្សរជនជាន់ខ្ពស់តំណាងឱ្យព្រះរាជាណាចក្រកម្ពុជានៅបរទេស មានតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនង  មិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងនោះ ពិសេសការលើកតម្កើងកិត្យានុភាពជាតិ ឯករាជ្យ និងការការពារអធិបតេយ្យជាតិរបស់យើងឱ្យខាងតែបាន។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឯកឧត្តមឯកអគ្គរាជទូត មានការងារសំខាន់ៗជាច្រើន ដែលត្រូវបំពេញ លើការងារនយោបាយការបរទេស ក្នុងស្ថានភាពដែលពិភពលោក មានការប្រែប្រួលក្នុងបរិបទថ្មី នៃសណ្ដាប់ធ្នាប់ពិភពលោក។ ក្នុងកាលៈទេសៈបច្ចុប្បន្ន ការស្តាសេដ្ឋកិច្ចសង្គម ឱ្យងើបឡើងវិញបានឆាប់រហ័ស ជាកត្តាមួយដ៏សំខាន់ និងចាំបាច់ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។ 

នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តល់ជាអនុសាសន៍ មួយចំនួនដល់ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតកម្ពុជាផងដែរ ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ។ ទោះក្នុងកាលៈ ទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច ។ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និង ដោះស្រាយបញ្ហានានារបស់ពលរដ្ឋយើងឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការបង្កើតទំនាក់ទំនង ឱ្យបានខ្ជាប់ខ្ជួនជាមួយបងប្អូនពលរដ្ឋខ្មែរ ជាដើម។

សូមជម្រាបថា ឯកអគ្គរាជទូតថ្មីទាំង១០រូបដែលបានចូលជួបទទួលអនុសាសន៍ និងជម្រាបលាសម្តេចប្រធានរដ្ឋសភា នាឱកាសនេះមាន ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា ឯកឧត្តម ស្មាន ម៉ាណាន ឯកអគ្គរាជទូត ប្រចាំប្រទេសគូវ៉ែត ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូត ប្រចាំនៅប្រទេសថៃឡង់ដ៍ ឯកឧត្តម ជឺនបូរាណ ច័ន្ទបុរី ឯកអគ្គរាជទូតប្រចាំនៅប្រទេសអូស្រ្តាលី ឯកឧត្តម ជា ធីរៈ ឯកអគ្គរាជទូតប្រចាំប្រទេសគុយបា ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតប្រចាំប្រទេសរុស្ស៊ី ឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូតប្រចាំប្រទេសស្វីស ឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គរាជទូត ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តម លឹម ហុកសេង ឯកអគ្គរាជទូតប្រចាំនៅប្រទេសប្រ៊ុយណេ ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូត ប្រចាំនៅប្រទេសម៉ាឡេស៊ី៕






អាជ្ញាធរជាតិអប្សរាធ្វើកម្រាលផ្លូវដើរថ្មី សម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត

ចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលដៅ កាត់បន្ថយភាពសឹករិចរឹលរបស់ថ្ម នឹងគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរចូលមកទស្សនាក្នុងប្រាសាទ ឱ្យមានភាពល្អប្រសើរ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គោលដៅចម្បង នៃការរៀបចំកម្រាលផ្លូវដើរ នៅបរិវេណប្រាសាទអង្គរវត្តនេះ ដើម្បីកាត់បន្ថយភាពសឹករិចរឹលនៃថ្មប្រាសាទ ដោយសារកន្លងមក ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ បណ្តាលឱ្យមានភក់ជាប់មកជាមួយនូវបាតស្បែកជើង ជាហេតុនាំយកដី ទាំងនោះទៅកកិតជាមួយនឹងថ្ម។ ម្យ៉ាងទៀតគឺដើម្បីគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរឱ្យសមរម្យ ចៀសវាងការដើរនៅលើស្មៅ និងលើដី  រក្សាបានរបៀបរៀបរយ និងរួមចំណែកលើកកម្ពស់សោភណ្ឌភាពប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតងគ្រប់រដូវកាល។

លោកបន្តទៀតថា គម្រោងរៀបចំកម្រាលផ្លូវដើរនៅប្រាសាទអង្គរវត្ត ត្រូវបានអនុវត្តចំនួន៣ដំណាក់កាល ដោយដំណាក់កាលទី១នេះ អាជ្ញាធរជាតិអប្សរាទទួលបានថវិកាឧបត្ថម្ភពីមូលនិធិរបស់GIZ ក្រោមការសម្រួលរបស់អង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា សម្រាប់រៀបចំកម្រាលផ្លូវដើរមានប្រវែងសរុប៤៧៦ម៉ែត្រ។ ជំហានដំបូង ដំណើរការរៀបចំកម្រាល សម្រេចលទ្ធផលប្រមាណ៦០ភាគរយហើយ មកដល់ពាក់កណ្តាលខែមករានេះ ដោយរំពឹងថា នឹងអាចរួចរាល់ជាស្ថាពរនៅចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។

លោកបានបន្តទៀតថា កម្រាលផ្លូវដើរថ្មី ដែលអាជ្ញាធរជាតិអប្សរា ធ្វើការរៀបចំនេះ មានចំនួន៤កន្លែងផ្សេងគ្នា ចំណែកកម្រាលឈើចាស់ ក៏នៅរក្សាទុកដដែល។

អាជ្ញាធរជាតិអប្សរា មានក្តីសង្ឈឹមថា ក្រោយពេលរៀបចំកម្រាលផ្លូវថ្មីរួចរាល់ ភ្ញៀវទេសចរទាំងអស់ និងធ្វើដំណើរនៅលើកម្រាលផ្លូវនេះ ចៀសវាងការដើរជាន់លើវាលស្មៅ និងចូលរួមគោរពទៅតាមក្រមប្រត្តិបត្តិអង្គរ។ ក្នុងនោះដែរក៏សូមសំណូមពរដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមថែរក្សាបរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងអស់គ្នា ដោយដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ៕






គម្រោងជួសជុលជ្រុងខាងជើងប្រាសាទភ្នំបាខែងសម្រេចបាន៥០ភាគរយហើយ

គម្រោងអភិរក្ស និងជួសជុសជ្រុងខាងជើងប្រាសាទភ្នំបាខែង ដែលអនុវត្តន៍គម្រោងដោយ មូលនិធិប្រាសាទពិភពលោក (World Monuments Fund) កំពុងបន្តទៅមុខ ដែលមកដល់បច្ចុប្បន្ន គម្រោងសម្រេចបានប្រមាណ ៥០ភាគរយហើយ។

លោកស្រី Ginevra Boatto អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF បានឱ្យដឹងថា គម្រោងជួសជុលនៅជ្រុងខាងជើងប្រាសាទភ្នំបាខែង ជំហានទី៣ អនុវត្តន៍ពីឆ្នាំ២០១៩ ដែលមកដល់ បច្ចុប្បន្ននេះសម្រេចបាន៥០ភាគរយហើយ។ លោកស្រីបញ្ជាក់ថា ការងារនេះអាចចំណាយពេលខ្ទង់ ៦ឆ្នាំទៀត ដើម្បីរួចរាល់ជាស្ថាពរ។ 

មិនខុសពីប្រាសាទដទៃទៀតដែរ ប្រាសាទភ្នំបាខែងរងការខូចខាតដោយសារកត្តាពេលវេលា អាកាសធាតុ ដែលធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទនេះខូចខាត និងទ្រេត ហើយកន្លែងខ្លះរលំផងដែរ ដូចជានៅតាមជ្រុង នីមួយៗ ដោយសារមានទឹកហូរច្រោះ។ ការជួសជុល គេត្រូវកាយថ្មនៅបាតគ្រឹះចេញ ដោយបុកបង្ហាប់ គ្រឹះថ្មី និងធានាថា ទឹកមិនហូរច្រោះតទៅទៀត។ ក្រៅពីនោះ ក៏មានការជួសជុលតួប៉ម នៅតាមជ្រុងនីមួយៗផងដែរ ដែលបានបាក់ និងដួលរលំ។ល។

អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF បានបញ្ជាក់ថា គម្រោងអភិរក្ស និងជួសជុលប្រាសាទ ភ្នំបាខែង ដែលជាគម្រោងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមពីឆ្នាំ២០០៩មក។ ហើយនៅជំហានបន្ទាប់ WMF នឹងគិតគូរជួយអភិរក្សប្រាសាទដទៃទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ។ បន្ទាប់ពីមានវត្តមាននៅខេត្តសៀមរាបជាង ៣០ឆ្នាំមក WMF បានជួយកិច្ចអភិរក្សនៅប្រាសាទមួយចំនួន ដូចជា ប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែងជាដើម៕





អាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម

អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអ្នកជំនាញឥណ្ឌា ជួសជុល រៀបចំកម្រាលថ្មភក់ប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម ដោយកំណាយរកថ្មភក់ដែលនៅរាយប៉ាយ ដើម្បីយកទៅដាក់នៅទីតាំងដើម នឹងយកជើងទម្របដិមាធំមួយដែលត្រូវបានរំកិលចេញកាលពីមុន មកតម្កល់នៅទីតាំងដើម នៅចំចំណុចកណ្ដាលនៃប្រាសាទតាព្រហ្ម ដែលការងារនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ចុងខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក Sing Sood មានប្រសាសន៍ថា  ថ្មកម្រាលទីតាំងនេះបានបែកបាក់ច្រើនអន្លើរ និងចល័តខុសពីតាំងដើម បន្ថែមពីលើនោះ មានថ្មកំពូលតួប្រាង្គប្រាសាទនេះក៏បានរលុះធ្លាក់មកខាងក្រោមនៅរាយប៉ាយជាមួយនិងជើងទម្រ។ លោកបណ្ឌិតបន្តថា កន្លងមក ដើម្បីសម្រួលចរាចរភ្ញៀវទេសចរអាជ្ញាធរជាតិអប្សរាបានរំកិលជើងទម្រនេះចេញទៅទីតាំងមានសុវត្ថិភាព និងក្រាលកម្រាលឈើពីលើ ដើម្បីឱ្យភ្ញៀវឆ្លងកាត់។ ប៉ុន្តែ មកដល់បច្ចុប្បន្នកម្រាលឈើបានពុកផុយ  ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរផង និងលើកតម្លៃទីតាំងនេះឡើងវិញ ទើបស្ថាប័នទាំងពីរសម្រេចជួសជុលកម្រាលថ្មភក់ឡើងវិញ។ 

លោក Sing Sood មានប្រសាសន៍ទៀតថា ជាដំបូង ក្រុមការងារបានធ្វើកំណាយស្វែងរកថ្ម សិក្សារកទីតាំងដើមនៃថ្ម សម្អាតថ្ម និងជួសជុលថ្ម ប្រសិនរកឃើញមានថ្មដំបូលដែលជ្រុះធ្លាក់មកទីតាំងនេះ ក្រុមការងារនឹងយកទៅដាក់នៅទីតាំងដើមវិញ។ អ្នកជំនាញរូបនេះបន្តថា បន្ទាប់ពីរៀបចំកម្រាលថ្មភក់បានល្អប្រសើរឡើងវិញហើយ នឹងយកជើងទម្រដែលគេជឿថាសម្រាប់តម្កល់បដិមាប្រាជ្ញាបារមីមកតម្កល់នៅទីតាំងនេះឡើងវិញ ហើយភ្ញៀវទេសចរក៏បានដើរឆ្លងកាត់ដោយមានសុវត្ថិភាព ព្រមទាំងបានស្វែងយល់កាន់តែច្បាស់ពីស្ថានភាពដើមប្រាង្គកណ្តាលរបស់ប្រាសាទតាព្រហ្មនេះ ពីព្រោះទីតាំងនេះមានភាពល្បីល្បាញ ហើយជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេញចូលឆ្លងកាត់ទៅទស្សនាទីនេះមិនលុះពេល។

លោក Sing Sood បញ្ជាក់ថា តួប្រាង្គកណ្តាលរបស់ប្រាសាទតាព្រហ្មនេះមានលក្ខណៈពិសេស ដែលមានស្លាកស្នាមបិទកំបោរបាយអរដែលមាននៅសេសសល់មកដល់សព្វថ្ងៃ ដែលលោក Sing Sood សន្និដ្ឋានថា កាលពីសម័យកសាងប្រាង្គកណ្តាលនេះអាចគេបិទមាសឬប្រាក់ទៀតផង៕