សម្ដេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានថ្លែងលើកទឹកចិត្ដ ដល់ក្រុមហ៊ុននានា ជាពិសេស ក្រុមហ៊ុន រូយ ហ្វេង ដែលជាក្រុមហ៊ុនផលិតស្កសររបស់ប្រទេសចិន
អោយធ្វើសមាហរណកម្មមុខរបបជាមួយប្រជាពលរដ្ឋ ដែលជាកសិករ
ដើម្បីផលប្រយោជន៍រួមរវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ។ សម្ដេច តេជោនាយករដ្ឋមន្រ្ដី បានថ្លែងដូច្នេះ
គឺនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតស្កសរ ក្រុ មហ៊ុន រូយ ហ្វេង ខេមបូឌា
អ៊ិនធើណេសិនណល ខមភេនី លីមីតធីត ដែលមានទីតាំងស្ថិតនៅឃុំម្លូព្រៃមួយ
ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្ដព្រះវិហារ នាព្រឹកថ្ងៃទី១៩ ខែមេសានេះ។
ប្រមុខរាជរដ្ឋាភិបាល
បានថ្លែងពន្យល់ថា ការធ្វើសមាហរណកម្មមុខរបប គឺក្រុមហ៊ុននានា ជាពិសេសក្រុមហ៊ុន
រូយ ហ្វេង តែម្ដង ត្រូវចងសម្ព័ន្ធភាព និងបង្កើនទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ
ដែលជាកសិករ ដោយក្រុមហ៊ុនរូយហ្វេង នឹងក្លាយជាទីផ្សាររបស់កសិករ
តាមរយៈការទទួលទិញអំពៅពីកសិករ មកផ្គត់ផ្គង់ផលិតកម្មរបស់ខ្លួន។
សម្ដេចតេជោ ក៏បានជំរុញដល់ក្រុមហ៊ុនរូយ ហ្វេង
សូមជួយប្រជាកសិករនៅខេត្ដព្រះវិហារ តាមរយៈការផ្ដល់ពូជអំពៅ
និងផ្ដល់ទុនសម្រាប់ឲ្យពួកគាត់បង្កើនការដាំដុះ ឲ្យបានកាន់តែច្រើនថែមទៀត
ដើម្បីយកមកផ្គត់ផ្គង់ឲ្យរោងចក្ររបស់ក្រុមហ៊ុនរូយ ហ្វេងនេះផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្រ្ដី
ក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋរស់នៅខេត្ដព្រះវិហារ
បានទទួលផលប្រយោជន៍ជាច្រើន បន្ទាប់ពីរោងចក្រផលិតស្កសររបស់ក្រុមហ៊ុនចិនរូយ
ហ្វេង បានបង្កើតឡើង នៅលើទឹកដីនៃខេត្ដព្រះវិហារនេះ។ ផលប្រយោជន៍ដំបូងបំផុតនោះ
គឺការបានទទួលបាននូវការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់
សាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធានាសាស្រ្ដជាដើម។ ម្យ៉ាងទៀត
ប្រជាពលរដ្ឋក៏កាន់តែងាយស្រួលនៅក្នុងការលក់អំពៅ
ព្រោះក្រុមហ៊ុនបានខិតជិតនៅក្បែរផ្ទះរបស់ពួកគាត់ហើយ។
ជាមួយគ្នានេះសម្ដេចតេជោ ក៏បានលើកឡើងថា ក្រុមហ៊ុន រូយ ហ្វេង
បានបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់
នៅពេលដែលក្រុមហ៊ុននេះ បញ្ចប់គម្រោងសាងសង់រោងចក្ររបស់ខ្លួនទាំងអស់
ដោយជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ
ទៅធ្វើការនៅក្រៅប្រទេស។
ឯកឧត្ដមទេសរដ្ឋមន្រ្ដី
ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា
បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានក្រុមហ៊ុនចំនួន៥
ដែលទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល ឲ្យបង្កើតរោងចក្រផលិតស្កសរ
មាននៅខេត្ដក្រចេះ, កំពង់ស្ពឺ,
កោះកុង, និងខេត្ដព្រះវិហារ។
ចំណែករោងចក្រដែលសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃនេះ
ជារោងចក្រដែលធំជាងគេនៅកម្ពុជា ហើយក៏ជារោងចក្រមួយ
ដែលមានសមត្ថភាពផលិតធំជាងគេនៅអាស៊ី ។ ក្រុមហ៊ុន រូយហ្វេងនេះ
បាននឹងកំពុងបង្កើតរោងចក្រចំនួន៤ លើផ្ទៃដី៥៦ហិកតា
ដែលមានទីតាំងស្ថិតនៅឃុំម្លូព្រៃមួយ ឃុំម្លូព្រៃពីរ និងឃុំសង្កែពីរ ស្រុកឆែប
ខេត្ដព្រះវិហារ ដែលរួមមានៈ រោងចក្រផលិតស្កសរ រោងចក្រផលិតថាមពលអគ្គសនី
រោងចក្រផលិតអាល់កុល និងរោចក្រផលិតជីសរីរាង្គ
ព្រមទាំងសាងសង់អាងស្ដុកទឹក៦លានម៉ែត្រត្រីគុណ
សម្រាប់ប្រើប្រាស់ក្នុងរោងចក្រផង និងសម្រាប់ស្រោចស្រពដំណាំអំពៅផង។
ឯកឧត្ដមទេសរដ្ឋមន្រ្ដី
ចម ប្រសិទ្ធ មានប្រសាសន៍បន្ដថា ការអភិវឌ្ឍន៍គម្រោងដ៏ធំនេះ
ត្រូវរៀបចំគម្រោងផែនការអភិវឌ្ឍន៍ពង្រឹងផលិតកម្មបន្ថែមជា៣ដំណាក់ធំៗ
មានដូចជាៈ
-ដំណាក់កាលទី១ រោងចក្រ
និងចាប់ផ្ដើមដំណើរការផលិតស្កសរចំនួន៣សែន៦ម៉ឺនតោនក្នុងមួយឆ្នាំ
ហើយមានផ្ទៃដីដាំដុះប្រមាណជាង៤ម៉ឺនហិកតា និងមានរោងចក្រផលិតអគ្គិសនី
ដើរដោយជីវម៉ាស ដែលអាចផលិតបាន៣៩មេហ្គាវ៉ាត់ ដោយនៅដំណាក់កាលនេះ
មានទុនវិនិយោគ៣៦០លានដុល្លារសហរដ្ឋអាមេរិក។
-ដំណាក់កាលទី២ ក្រុមហ៊ុនគ្រោងរៀបចំដំណើររោងចក្រចំនួន២ទៀត
នៅក្នុងខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ គឺរោងចក្រផលិតអាល់កុល ពីទឹករងូ
ដែលមានសមត្ថភាពផលិត ចំនួន៥ម៉ឺនតោនក្នុងមួយឆ្នាំ សម្រាប់នាំចេញទៅប្រទេសចិន
និងសហគមន៍អឺរ៉ុប និងទី២ រោងចក្រផលិតជីសរីរាង្គ
មានសមត្ថភាពផលិតចំនួន១សែនតោនក្នុងមួយឆ្នាំ សម្រាប់ប្រើប្រាស់ក្នុងចំការអំពៅ
របស់ក្រុមហ៊ុនផ្ទាល់ ដោយប្រើប្រាស់ថវិកា៣៦០លានដុល្លារសហរដ្ឋអាមេរិក។
-ដំណាក់កាលទី៣ ដើម្បីសម្រេចតាមគម្រោងផលិតស្កសរ ឲ្យបាន១លាន៤សែនតោន
ក្នុងមួយ ក្រុមហ៊ុនត្រូវការពង្រីកផ្ទៃដីដាំដុះចំនួន៦ពាន់ហិកតា
និងប្រើប្រាស់ទុនរហូតដល់១ពាន់លានដុល្លារសហរដ្ឋអាមេរិកដូចដែលបានគ្រោងទុក។
តម្រូវកម្លាំងពលកម្មនៅដំណាក់កាលទី១ ចំនួន៧ពាន់នាក់ ក្នុងនោះផ្នែករោងចក្រ
៤រយនាក់ និងដំណាក់កាលទី២ និងបន្ដដំណាក់កាលទី៣ នឹងកើនឡើងដល់ ២ម៉ឺន
១ពាន់នាក់ ក្នុងនោះផ្នែករោងចក្រចំនួន ១ពាន់
២រយនាក់។
លោក
Liu Feng(លូ ហ្វេង) ប្រធានក្រុមហ៊ុន
រូយហ្វេង ខេមបូឌែ អ៊ិនធើណេសិនណល ខមភេនី លីមីតធីត បានមានប្រសាសន៍ថា តាមគម្រោងផែនការជាដំណាក់កាលនីមួយៗ
លើគម្រោងទុនចំនួន១ពាន់លានដុល្លារសហរដ្ឋអាមេរិក
ក្រុមហ៊ុនប្ដេជ្ញាចិត្ដយ៉ាងមុះមាត់ថា នឹងជំរុញការអភិវឌ្ឍន៍
និងអនុវត្ដគម្រោងនេះ អោយទទួលបានជោគជ័យ ហើយនឹងតាមការគម្រោងទុក
នឹងប្រែក្លាយតំបន់ខេត្ដព្រះវិហារ អោយជាកន្លែងផ្គត់ផ្គង់ស្កសរធំជាងគេ នៅអាស៊ី
និងជារោងចក្រលំដាប់ពិភពលោក។ សូមបញ្ជាក់ថា
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹង ថា
បច្ចុប្បន្នវិស័យឧស្សាហកម្ម បានចូលរួមចំណែកប្រមាណជា ២៧ភាគរយ
នៃផលិតក្នុងស្រុកសរុប ព្រមទាំងចូលរួមអនុវត្ដគោលនយោបាយ
កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលបានយ៉ាងមានប្រសិទ្ធភាព
តាមការបង្កើតការងារជូនប្រជាពលរដ្ឋ៕