Wednesday, October 04, 2017

ក្រសួងធនធានទឹក រៀបចំសន្និសីទស្តីពីការគ្រប់គ្រង និងការបន្សាំនឹងគ្រោះមហន្តរាយ

នៅថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០១៧ ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រសួងបរិស្ថាន រួមនិងធនាគាអភិវឌ្ឍន៍អាស៊ី និងមូលនិធិវិនិយោគបម្រែបម្រួលអាកាសធាតុ បានរៀបចំសន្និសីទស្តីពីការគ្រប់គ្រង និងការបន្សាំនឹងគ្រោះមហន្តរាយ ផ្នែកសហគមន៍ដោយមានការចូលរួមពីក្រសួង ស្ថាប័នជាតិ ប្រទេសក្នុងតំបន់ មានថៃ ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ជប៉ុន សាំប៊ី វៀតណាម ព្រមទាំងអង្គការជាតិ និងអន្តរជាតិ សរុប១៨៧នាក់។
សូមជម្រាបផងដែរថា សន្និសីទនេះបំណងបង្ហាញពីចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១-ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងស្តីពីគ្រោះមហន្តរាយនៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅថ្នាក់សហគមន៍
២-ការសម្របសម្រួលសហគមន៍ និងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា
៣-ការផ្តល់ហិរញ្ញប្បទានដល់ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ នៅមូលដ្ឋានសហគមន៍
៤-បទពិសោធន៍អន្តរជាតិការសម្របសម្រួលតាមសហគមន៍
៥-វាយតំលៃហានិភ័យ និងភាពងាយរងគ្រោះរបស់សហគមន៍
៦-ប្រព័ន្ធជូនព័ត៌មានស្តីពីគ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួតដល់សហគមន៍
៧-ការផ្តួចផ្តើមដើម្បីនិរន្តរភាពលើការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងការសម្របសម្រួលតាមសហគមន៍
៨-ចែករំលែកបទពិសោធន៍ពីការកសាងសមត្ថភាពសហគមន៍ក្នុងការបន្សាំ និងការត្រៀមបង្កាទុកជាមុនស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងការសម្របសម្រួលនៅថ្នាក់សហគមន៍
៩-ការរៀបចំផែនការ និងអនុវត្តការគ្រប់គ្រងនិងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួតរបស់សហគមន៍ ។

សូមជម្រាបផងដែរថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៧ ខាងមុខនេះ ប្រតិភូមកពីសាំប៉ី នឹងធ្វើទស្សនកិច្ចសិក្សាគម្រោងដំណាក់ឈើក្រំ ក្នុងខេត្តពោធិ៍សាត់ ៕




យុវជនស្វែងយល់ពីការដុតសំរាមលើទីវាល ដែលប៉ះពាល់បរិស្ថាន និងសុខភាពមនុស្ស

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ សាស្រ្តាចារ្យ និងនិស្សិតជាច្រើននាក់ មកពីសាកលវិទ្យាល័យមួយចំនួន ជាពិសេសក្រុមយុវជនវាគ្មិននៃ “វេទិការយុវជនឆ្នើមជជែកពិភាក្សាបញ្ហាបរិស្ថានឆ្នាំ២០១៧” បានចូលរួមស្វែងយល់ពីមន្រ្តីជំនាញក្រសួងបរិស្ថាន ក្នុងការផ្សព្វផ្សាយស្តីពីផលប៉ះពាល់ ពីការដុតសំរាមនលើទីវាល ដែលប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្ស និងវិធានការណ៍ដោះស្រាយ។

លោកស្រី ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានឲ្យដឹងថា ទម្លាប់នៃការដុតសំណល់នៅទីវាលលំហគួរត្រូវបញ្ឈប់។
លោកស្រីបានបញ្ជាក់ថា គោលបំណងនៃវេទិកានាពេលនេះ ជំរុញឲ្យសិស្ស និស្សិត បានយល់ដឹង ពីសារសំខាន់នៃការគ្រប់គ្រងសារធាតុគីមី និងសំណល់នៃសារធាតុគីមី ប្រកបដោយសុវត្ថិភាព ជាពិសេសការចូលរួមកាត់បន្ថយការបញ្ចេញសំណល់សារធាតុគីមី ការទុកដាក់សំណល់សារធាតុគីមី តាមបទដ្ឋានបច្ចេកទេស និងប្រើប្រាស់សារធាតុគីមី និងផលិតផល ដែលមានផ្ទុកសារធាតុគីមីបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីកាត់បន្ថយផលប៉ះពាល់របស់វា ទៅលើបរិស្ថាន និងសុខមាលភាពមនុស្ស។

គួរបញ្ចាក់ថា ការចូលរួមសិក្ខាសាលានាថ្ងៃនេះ មានសាស្រ្តាចារ្យ និងនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៤ រួមមានសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យស្វាយរៀង។ ក្រសួងបរិស្ថានរៀបចំពិធីនេះឡើងដើម្បី ពង្រឹងចំណេះដឹងបន្ថែមដល់យុវជន នៅតាមសាកលវិទ្យាល័យនានា ដែលជាវាគ្មិនក្នុងវេទិកាយុវជនឆ្នើម ជជែកពិភាក្សាបញ្ហាបរិស្ថានឆ្នាំ២០១៧ លេីព័ត៌មានទាក់ទងនឹងបញ្ហាបរិស្ថាន និងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ស្តីពីពីការគ្រប់គ្រងសំណល់ ក៏ដូចជាផលប៉ះពាល់របស់វា ទៅលើសុខភាពមនុស្ស និងបរិស្ថាន៕



សេចក្តីត្រូវការរបស់មនុស្សមិនចេះចប់នោះទេដូច្នេះការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតក៏មិនបញ្ចប់នោះដែរ

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជាង១ម៉ឺននាក់នៅរោងចក្រតំបន់កំបូលផ្លូវជាតិ លេខ៤ ដែលមកពីរោងចក្រចំនួន១០ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំណាស់ក្នុងការស្វែងរកការងារជូនប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ហើយសេចក្តីត្រូវការរបស់មនុស្សនៅលើលោកនេះមិនចេះចប់នោះទេដូច្នេះការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតមិនត្រូវបញ្ចប់នោះឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរម្លឹកផងដែរថា ក្នុងឆ្នាំ ១៩៩៧ កម្ពុជាមានរោងចក្រត្រឹមតែ ៦៤ ប៉ុណ្ណោះ ដែលពេលនោះមានកម្មករប្រមាណ ៨២,០០០ នាក់ ដែលទទួលបានប្រាក់ខែត្រឹមតែ ៤០ ដុល្លារ ក្នុងមួយខែ ហើយចំពោះទំហំនាំចេញវិញគឺមានប្រមាណ ២២៧ លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែពេលបច្ចុប្បន្ននេះគឺទំហំនាំចេញបានកើនឡើងប្រមាណជាង ១២,០០០ លានដុល្លារ ដែលជាចំនួនមួយមិនធ្លាប់មានទេពីមុនមក។ នេះដោយសារការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុនវិនិយោគទុន និយោជិក និយោជក និងកម្មករ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករនឹងតម្លើងដល់រវាងពី ១៦០-១៧០ ដុល្លារ បូកនឹងប្រាក់អត្ថប្រ​យោ​ជន៍ផ្សេងៗទៀតគឺច្រើនជាង២០០ដុល្លារ ដែលនឹងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកូនក្មួយកម្មករកាន់តែល្អប្រសើរឡើង។ ទន្ទឹមនឹងការ​ខិតខំរបស់រាជរដ្ឋាភិបាល ក៏មានក្រុមប្រឆាំងជំទាស់ [៣-កុំ]៖ ដែលតែងតែព្យា​យា​មរារាំងមិនឱ្យកម្ពុជាទទួលផលប្រយោជន៍ដូចជា ទី១- កុំផ្តល់ជំនួយឱ្យប្រទេសកម្ពុជា ទី២- កុំមកវិនិយោគនៅកម្ពុជា និង ទី៣- កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិឬជាទង្វើក្បត់ជាតិដែលបំផ្លាញផលប្រយោជន៍កម្មករ ដែលផ្ទុយស្រឡះពីការខិតខំរបស់លោកក្នុងការខិតខំស្នើសុំឱ្យបរទេសជួយដូចជា [៣-សុំ]៖ គឺ១- សុំឱ្យបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា ២- សុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា និង ៣- សុំឱ្យបរទេសជួយទិញទំនិញពីកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ទៅកាន់កម្មករកម្មការិនីថាកុំឱ្យរំពឹងលើបាតដៃបក្សប្រឆាំង ព្រោះពួកគេមិនបានធ្វើអ្វីក្រៅតែពីការបំផ្លាញនោះឡើយ។ លោក ក៏បានអំពាវនាវដល់កម្មករកម្មការិនី និងប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនាពេលបច្ចុប្បន្ន ព្រោះបើគ្មានសុខសន្តិភាពគ្មាន ការអភិវឌ្ឍន៍នោះឡើយ៕





កាកបាទក្រហមខណ្ឌមានជ័យ ទទួលទេយ្យទានសប្បុរសធម៌ពីវត្តចំនួន៧ ក្នុងខណ្ឌមានជ័យ

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ នៅវត្តនន្ទមុនី ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រត័្នខេមារុណ ប្រធានគណៈកម្មាធិការអនុសាខា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីវត្តចំនួន៧ ក្នុងខណ្ឌមានជ័យ ។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានមានប្រសាសន៍ថ្លែងអំណរព្រះគុណ និងអំណរគុណចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យ វត្តទាំង៧ ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះ ជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម។

ជាការឆ្លើយតប ជំនួសមុខឲ្យវត្តទាំង៧ ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះអនុគណស្តីទីខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្តនន្ទមុនី បានមានព្រះថេរដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយ ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។
ទេយ្យទានដែលអនុសាខាបានទទួលរួមមាន៖ អង្ករ៥០បាវ មី៩២កេស សម្ភារៈប្រើប្រាស់៦៦ចានដែកធំ ទឹកដោះគោ១៣៣កំប៉ុង ស្ករស១៣០គីឡូក្រាម ទឹកសុទ្ធ១២កេស ទឹកក្រូច១១កេស តែ២បេ ទឹកត្រី២៣យួរ ទឹកស៊ីអ៊ីវ២០យួរ ត្រីខ២០យួរ និងថវិកាចំនួន៤លានរៀល៕




អភិបាលខណ្ឌដង្កោ ចុះពិនិត្យស្ថានភាពទឹកស្ទឹង និងទំនប់សណ្តស្ទឹងព្រែកត្នោត ត្រៀមបង្កាសម្រាប់ការពារទឹកជំនន់

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ បានចុះពិនិត្យស្ថានភាពទឹកស្ទឹង និងទំនប់សណ្តស្ទឹងព្រែកត្នោត ដើម្បីត្រៀមបង្កាសម្រាប់ការពារទឹកជំនន់ដែលអាចកើតមានឡើងនាពេលខាងមុខ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមតំបន់ងាយរងគ្រោះដោយទឹកជំនន់ សូមរាយការណ៍បន្ទាន់មកអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយជូនបងប្អូនឲ្យបានទាន់ពេលវេលា ចំពោះគ្រោះអាសន្ននានា និងសូមត្រៀមសម្រាប់ការបន្លាស់ប្តូរទីលំនៅមកនៅទីទួលសុវត្ថិភាព ដែលសង្កាត់បានផ្សព្វផ្សាយជូនបងប្អូន។

សូមបញ្ជាក់ថា ទីទួលសុវត្ថិភាពតាមបណ្តាសង្កាត់ដែលពាក់ព័ន្ធ នឹងទំនប់សណ្តស្ទឹងព្រែកត្នោតរួមមាន៖
១- សង្កាត់ស្ពានថ្ម ទីទួលសុវត្ថិភាពនៅលើផ្លូវទំនប់សណ្តស្ទឹងព្រែកត្នោត
២- សង្កាត់ទៀន ទីទួលសុវត្ថិភាពនៅលើផ្លូវទំនប់សណ្តស្ទឹងព្រែកត្នោត និងផ្លូវ៣៨A
៣- សង្កាត់គងនយ ទីទួលសុវត្ថិភាពនៅវត្តប្រាសាទ
៤- សង្កាត់សាក់សំពៅ ទីទួលសុវត្ថិភាពនៅលើផ្លូវទំនប់៧មករា និងវត្តកំពង់ក្តុល
លោកអភិបាលខណ្ឌ ក៏បានធ្វើការថ្លែងអំណរគុណដល់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានដាក់គ្រឿងចក្រដើម្បីជួសជុលរូងនាគ ផ្លូវទំនប់សណ្តស្ទឹងព្រែកត្នោត និងត្រៀមសម្រាប់គ្រោះអាសន្ននានា៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញពិសារអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករប្រកបដោយភាពស្និទ្ធស្នាល

នៅរសៀលថ្ងៃត្រង់ទី០៤ ខែតុលា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនី ដែលកំពុងធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ក្រុមហ៊ុន CAMBO HANDSOME LTD រួចហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញពិសារបាយថ្ងៃត្រង់ជាមួយបងប្អូនកម្មករ-កម្មការិនី នៅរោងអាហារខាងក្រៅរោងចក្រក្នុងបរិយាកាសរីករាយនិងស្និទ្ធស្នាលជាទីបំផុត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនដែលភ្លេចពីសុខទុក្ខបងប្អូនកូនក្មួយកម្មករ-កម្មការិនី ដែលកំពុងធ្វើការនៅតាមរោងចក្រនានាឡើយ ព្រោះសុខទុក្ខកម្មករ-កម្មការិនី គឺជាសុខទុក្ខផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕







Trump សាទរទំនាក់ទំនង «យ៉ាងខ្លាំង» ជាមួយថៃ

លោក Donald Trump បានស្វាគមន៍មេដឹកនាំរបបយោធាថៃលោក Prayuth Chan-ocha មកកាន់សេតវិមានកាលពីថ្ងៃចន្ទ​ ទី០២ ខែតុលា ដែលព្យាយាមកែប្រែស្ថានការ បន្ទាប់ពី​រដ្ឋ​ប្រហារ​បានធ្វើឲ្យរង្គោះរង្គើរដល់សម្ព័ន្ធមិត្តដ៏ចាស់ជាងគេមួយរបស់អាមេរិក។

ដោយពិពណ៌នាអំពីដំណើរទស្សនកិច្ចរបស់លោក Prayuth ថា ជា «កិត្តិយសដ៏អស្ចារ្យ» លោក Trump បានផ្តល់ការបង្ហាញនៃការឯកភាពជានិមិត្តរូបមួយជាមួយលោក Prayuth ដែល​នៅពីក្រោយការចាប់យកអំណាចឆ្នាំ ២០១៤ ដែលបណ្តាលឲ្យវ៉ាស៊ីនតោនកាត់បន្ថយជំនួយ និងធ្វើ ឲ្យទំនាក់ទំនងធ្លាក់ចុះ។

លោក Trump បានថ្លែងថា «យើងមានប្រវត្តិយូរអង្វែងជាមួយប្រទេសថៃ។ លោកបានបន្ថែម​ថា «បច្ចុប្បន្នយើងមានទំនាក់ទំនងយ៉ាងខ្លាំង»។ ហើយវាកាន់តែរឹងមាំនៅក្នុងប្រាំបួនខែចុងក្រោយនេះ។

ទំនាក់ទំនងរវាងទីក្រុងបាងកក និងទីក្រុងវ៉ាស៊ីនតោនមានចាប់តាំងពី ១៨០ ឆ្នាំមកម្ល៉េះ។ ប៉ុន្តែលោក Prayuth ដែលជាមេដឹកនាំរដ្ឋាភិបាលថៃផ្តាច់ការបំផុតនៅក្នុងមួយជំនាន់គឺជាមេដឹក​នាំ​ថៃដំបូងដែលធ្វើទស្សនកិច្ចទៅកាន់សេតវិមានចាប់តាំងពីឆ្នាំ ២០០៥។

លោក Trump បានចេញលិខិតអញ្ជើញរបស់សេតវិមាន បន្ទាប់ពីលោកកាន់តំណែងកាល​ពី​ខែមករាឆ្នាំមុន ដោយហេតុថា មានការព្រួយបារម្ភអំពីការកើនឡើងនូវទំនាក់ទំនងយោធាកាន់​តែជិតស្និទ្ធរបស់ថៃជាមួយចិន។

មន្ត្រីយោធាអាមេរិកមានការព្រួយបារម្ភអំពីការកើនឡើងនូវការទិញអាវុធរបស់ចិន និងការបាត់​ច្រកកំពង់ផែយោធាថៃដែលជាកំពង់ផែតែមួយគត់ ដែលអាចប្រើប្រាស់បានតាមបណ្តោយ​​ឆ្នេរសមុទ្រដ៏ធំ ដែលចាប់ផ្តើមពីភាគខាងជើងប្រទេសចិនឆ្លងកាត់តាមប្រ​ទេស​វៀត​ណាមទៅកាន់ប្រទេសម៉ាឡេស៊ី។

ពួកគេក៏កោតសរសើរផងដែរថា មួយជំនាន់របស់ឧត្តមសេនីយ៍ថៃដែលបានធ្វើការជាមួយទ័ពអាមេរិកនៅក្នុងប្រទេសវៀតណាមត្រូវបានជំនួសមកវិញដោយមន្រ្តីវ័យក្មេង និងកាន់តែផ្តោត​លើចិន។

លោក Murray Hiebert មកពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និងអន្ដរជាតិបានមានប្រ​សាសន៍ថា «កិច្ចប្រជុំមួយរវាងលោក Prayuth និងលោក Trump ទំនងជាមិនអាចផ្សះផ្សា​សតិអាម្មណ៍ឈឺចាប់ក្នុងចំណោមឥស្សរជននយោបាយរបស់ប្រទេសថៃនោះទេ។

ប៉ុន្តែយ៉ាងហោចណាស់វាអាចធ្វើឱ្យសហរដ្ឋអាមេរិកអាចប្រកួតប្រជែងជាថ្មីជាមួយប្រទេសចិន ដើម្បីទទួលបានឥទ្ធិពលនៅក្នុងប្រទេសដែលមានទីតាំងយុទ្ធសាស្ត្រមួយនេះនៅចំបេះដូងអាស៊ីអាគ្នេយ៍ដីគោក»៕

ប្រភព៖ Channel News Asia ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧


លោក Trump ធ្វើ​ដំណើរ​ទៅ​កាន់តំបន់​អាស៊ី៖ តើ​ការ​ងារ​បន្ទាន់​អ្វី​ខ្លះដែល​ត្រូវ​ធ្វើ?

សេត​វិ​មាន​បាន​បញ្ជាក់​ថា ប្រ​ធា​នា​ធិប​តី​អា​មេ​រិក Donald Trump គ្រោង​នឹង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ដ៏​ធំជា​លើក​ទី​៣ របស់​គាត់​ទៅ​ក្រៅ​ប្រ​ទេស​។ នៅ​​ពេល​នេះ គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អា​ស៊ី​សម្រាប់​កិច្ច​ប្រ​ជុំ​កំពូល​នៅ​ខែ​វិ​ច្ឆិ​កា បន្ថែម​ពី​លើ​កិច្ច​ប្រ​ជុំ​ទ្វេ​ភាគី​ដ៏​តាន​តឹង​មួយ​ចំនួន​ទៀត​ជា​មួយ​នឹង​មេ​ដឹក​នាំ​​សម្ព័ន្ធ​មិត្ត​ ដែល​បាន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​គោល​នយោ​បាយ​​​របស់​អា​មេ​រិក​ចំពោះ​ឧ​ប​ទ្វីប​កូរ៉េ។

ចាប់​ពី​ថ្ងៃ​ទី​៣ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែវិ​ច្ឆិ​កា លោក Trump នឹង​​ធ្វើ​ដំណើរ​ទៅ​កាន់ប្រ​ទេស​ជប៉ុន កូរ៉េ​ខាង​ជើង ចិន វៀតណាម ហ្វី​លីពីន និង​ឈប់​សំចត​នៅ​កោះ​ហាវ៉ៃតាម​ផ្លូវ​ដែល​គាត់​ត្រឡប់​មកវិញ។ នៅ​ទ្វីប​អា​ស៊ី ក្រៅ​ពី​កិច្ច​ប្រ​ជុំ​ទ្វេ​​ភាគី​របស់​គាត់ លោក Trump នឹង​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ APEC ព្រម​ជា​មួយ​នឹង​កិច្ច​ប្រ​ជុំ​កំពូល​អា​ស៊ានផង​ដែរ។

របៀប​វា​រៈ​នៅ​ក្នុង​ទ្វីប​អាស៊ី តាម​ការ​លើក​ឡើង​របស់​សេត​វិ​មាន​ គឺ​មាន​លក្ខណៈសាមញ្ញ​ណាស់ ដែល​​សង្កត់​ធ្ងន់​ទៅ​លើ​អា​ទិ​ភាពរបស់​រដ្ឋ​ការ​នេះ ​ដែល​គិតផល​ប្រ​យោ​ជន៍​អា​មេ​រិកមុន​គេ​ស្តី​ពី​ពាណិជ្ជ​កម្ម និងទទួល​បាន​នូវ​​ការ​ធានា​អះ​អាង​​ពី​បណ្តា​មេ​ដឹក​នាំ​តំបន់​ដែល​ថា ពួក​គេ​នឹងគ្រប់​គ្រង​ស្ថាន​ការ​ណ៍​លើកូរ៉េ​ខាង​ជើង។

ដំណើរ​ទស្សនកិច្ច​នេះ គឺ​ជា​អ្វី​មួយ​ដែល​សាមញ្ញ។ ហើយ​កិច្ច​ការ​ដ៏​សំខាន់​សម្រាប់​ទស្ស​ន​កិច្ច​របស់​លោក Trump នឹង​ធានា​ដល់​ប្រ​ទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​នូវ​យុទ្ធ​សាស្រ្ត​ស្អិត​រមួត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​កម្ម​វិធី​មីស៊ីល​បាញ់​ឆ្លង​ទ្វីប និង​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ ហើយក៏ធានា​ឱ្យ​ពួក​គេ​ផង​ដែរ​នូវ​ការ​ប្តេជ្ញាចិត្ត​របស់អា​មេ​រិក។

នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល និង​ទី​ក្រុង​ត្យូ​ក្យូ លោក Trump នឹងត្រូវ​តែ​​ធ្វើ​ឱ្យ​ប្រា​កដ​​​ចំពោះ​ខ្លួន​ឯង។ ដូ​ច​ដែល​យើង​បាន​ឃើញ​តាម​រយៈ​សុន្ទរ​​កថា​របស់​គាត់​នា​ដើម​ឆ្នាំ​នេះ​ទៅ​កាន់​មេ​ដឹក​នាំ​អង្គ​ការ​ NATO ដែល​ថា ​នេះប្រ​ហែល​ជា​​មិន​មែន​ជា​កិច្ច​ការ​ដែល​ងាយ​ស្រួល​នោះ​ទេ។

នៅ​ក្នុង​ប្រ​ទេស​ចិន​ លោក Trump នឹង​មាន​កិច្ច​ការ​លំបាក​ផង​ដែរ​ក្នុង​ការ​គ្រប់​គ្រង​ទំនាក់​ទំនង​ទ្វេ​ភាគីដែល​បាន​សេស​សល់​យ៉ាង​ច្រើន​ ក្រោយ​ពី​កិច្ច​ប្រ​ជុំ​នៅ​រម​ណី​ដ្ឋាន Mar-a-Lago កាល​ពី​ខែ​មេ​សារវាង​គាត់ និង​ប្រ​ធា​នា​ធិប​តី​ចិន Xi Jinping។

នៅ​ក្នុង​ប្រ​ទេស​វៀត​ណាម និង​ហ្វី​លីពីន លោក Trump នឹង​មាន​កិច្ច​ការ​លំបាកពីរផ្សេងៗ​គ្នា​ផង​ដែរ។ នៅ​ក្នុង​ទី​ក្រុង​ហា​ណូយ គាត់​​ចាំបាច់​ត្រូវ​តែ​រក្សា​ទំនាក់​ទំនង​ជា​មួយ​ដៃ​គូអា​មេ​រិក​ដ៏​សំខាន់​ ដែល​ត្រូវ​បាន​ពន្លឿន​យ៉ាង​ខ្លាំងដោយ​រដ្ឋការ​របស់​លោក Obama កាល​ពី​ឆ្នាំ​មុន។ ទោះ​បី​ជាវៀត​ណាម​មានការ​​ខក​ចិត្ត​​ពី​ភាព​បរា​ជ័យនៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម TPP ជា​មួយ​នឹង​អាមេ​រិក​ក៏​ដោយ ក៏​ទី​ក្រុង​ហាណូយ​នឹង​ស្វះ​ស្វែង​ដើម្បី​រក្សា​នូវ​កម្លាំង​ចលករ​នៃ​ទំនាក់​ទំនង​របស់​ខ្លួន​ជា​មួយ​នឹង​ទី​ក្រុង​វ៉ា​ស៊ីន​តោន។

នៅ​ក្នុងទី​ក្រុង​​ម៉ានីល លោក Trump នឹង​ជួប​ទល់​មុខ​គ្នា​ជា​មួយ​នឹង​ប្រ​ធា​នា​ធិបតី Rodrigo Duterte ផង​ដែរ ហើយ​ស្វះ​ស្វែង​ដើម្បី​បន្ត​​ការ​គាំទ្រ​​របស់​អាមេ​រិក​ចំពោះ​ការ​ប្រ​យុទ្ធ​​របស់​ហ្វី​លីពីនប្រ​ឆាំង​នឹង​កង​ជីវ​ពល​អ៊ី​ស្លាម​នៅ​ភាគ​ខាង​ត្បូង​ប្រ​ទេស​នេះ៕

​ប្រភព៖ The Diplomat ចុះថ្ងៃទី០៣ ខែ​​​​​​តុ​លា​​​ ឆ្នាំ២០១៧


ការគិត​ដល់រឿងមិនគួរគិតដល់នៅក្នុងប្រទេសចិន គឺបោះបង់កូរ៉េខាងជើង

កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធភាពជាមួយចិនទៅ​ដល់​ចំណុច​មួយដែលថា ទីក្រុងប៉េកាំងកំពុងអនុញ្ញាតឱ្យរឿងដែលមិនគួរគិតដល់ ត្រូវលើក​យក​មក​ពិភាក្សា។ តើចិនដល់ពេលត្រៀមខ្លួនសម្រាប់ការដួលរលំនៃរបបនៅកូរ៉េខាងជើងមែនទេ?

ខណៈពេលដែលគោលបំណងរបស់ចិនគឺនាំយកទីក្រុង Washington និងទីក្រុង Pyongyang មកតុចរចានោះ មន្រ្តីចិនក៏អនុញ្ញាតមានការជជែកវែកញែកអំពីយថាហេតុ ក្នុងករណីដែលសង្គ្រាមផ្ទុះឡើងផងដែរ ជាពិសេសនៅតំបន់ព្រំដែនភាគឦសានរបស់ខ្លួន។

អ្នកសង្កេតការណ៍និយាយថា ការជជែកជាសាធារណៈប្រហែលជាយុទ្ធសាស្រ្តមួយដើម្បីព្យា​យាម និងបង្ខំទីក្រុង Pyongyang ឱ្យគិតគូឡើងវិញអំពីកម្មវិធីអាវុធរបស់ខ្លួន ជាពិសេសមីស៊ីល និងអាវុធនុយក្លេអ៊ែរ ដែលធ្វើឱ្យចិនមានការខឹងសម្បារជាខ្លាំង។

លោក Jia Qingguo ព្រឹទ្ធបុរសនៃសាលាសិក្សាស្រាវជ្រាវអន្តរជាតិនៃសាកវិទ្យាល័យ Peking​ បានសម្តែងនូវការភ្ញាក់ផ្អើល នៅពេលដែលគាត់ចេញផ្សាយអត្ថបទមួយដែលមានចំ​ណងជើងថា “ពេលវេលាដើម្បីត្រៀមខ្លួនសម្រាប់មហន្តរាយនៅកូរ៉េខាងជើង។”

អត្ថបទនោះត្រូវបានចេញផ្សាយជាភាសាអង់គ្លេសនៅក្នុងសារព័ត៌មាន East Asia Forum ក៏ប៉ុន្តែ វាមិនទំនងជាងថា គាត់អាចចេញផ្សាយអត្ថបទនោះ ដោយពុំមានការអនុញ្ញាតពី​អាជ្ញាធរ​ចិន​នោះទេ។

លោក Jia បានជំរុញទីក្រុងប៉េកាំងឱ្យចាប់ផ្តើមពិភាក្សាអំពីផែនការបម្រុងទុកមួយជាមួយអា​មេរិក និងកូរ៉េខាងត្បូង ដែលជាផែនការមួយដែលប្រទេសទាំងពីរនេះ បានស្វែងរកកាលពីអតីតកាល ក៏ប៉ុន្តែ ចិនបានប្រឆាំង ដោយព្រួយបារម្ភថា នឹងធ្វើឱ្យទីក្រុង Pyongyang មានការខកចិត្ត។

គាត់បន្តថា នៅពេលដែលសង្រ្គាមក្លាយជាការពិតនោះ ចិនត្រូវតែត្រៀមខ្លួន។ ចិនត្រូវតែមានឆន្ទៈកាន់តែខ្លាំងក្នុងការពិភាក្សាជាមួយប្រទេសពាក់ព័ន្ធអំពីផែនការបម្រុងទុកនេះ”។

គាត់បន្តទៀតថា ទីក្រុងប៉េកាំងអាចពិភាក្សាថា តើអ្នកណាជាអ្នកគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទាំងអាមេរិក និងចិន។

ដើម្បីការពារលំហូរចូលនៃជនភៀសខ្លួនឆ្លងកាត់ព្រំដែន ចិនអាចបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់កូរ៉េខាងជើងដើម្បីបង្កើត “តំបន់សុវត្ថិភាពមួយ”។

គាត់លើកឡើងទៀតថា បញ្ហាមួយផ្សេងទៀត គឺថា តើនរណាជាអ្នក “ស្ថារសណ្តាប់ធ្នាប់ក្នុងស្រុកនៅកូរ៉េខាងជើង ក្នុងករណីសង្រ្គាមផ្ទុះឡើង”។ ចិននឹងមិនអនុញ្ញាតឱ្យកងទ័ពអាមេរិកឆ្លងកាត់ខ្សែស្របទី ៣៨ ចូលទៅក្នុងកូរ៉េខាងជើងទេ។

អ្នកការទូតប្រទេសលោកខាងលិចបាននិយាយថា កិច្ចពិភាក្សាអំពីការបញ្ចប់របបនៅកូរ៉េខាងជើង អាចមានគោលបំណងបំភ័យលោក Kim Jong-Un ហើយលួងលោមលោក Trump មុន​​ពេលមេដឹកនាំអាមេរិកធ្វើដំណើរមកទីក្រុងប៉េកាំងនៅខែវិច្ឆិកាខាងមុខនេះ។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson បានជួបជាមួយប្រធានាធិបតី Xi Jingping និងអ្នកការទូតចិនកំពូលៗនៅទីក្រុងប៉េកាំងកាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង។

ជាយូរមកហើយ ចិនបានគាំទ្រកូរ៉េខាងជើង ពីព្រោះកូរ៉េខាងជើងគឺតំបន់រណបពីកងទ័ពអា​មេរិក ដែលបោះទីតាំងនៅកូរ៉េខាងត្បូង ក៏ប៉ុន្តែ លោក Barthelemy Courmont អ្នកជំនា​ញ​ចិននៅឯវិទ្យាស្ថានយុទ្ធសាស្រ្ត និងទំនាក់ទំនងអន្តរជាតិនៅទីក្រុងប៉ារីសបាននិយាយថា ការ​ដួល​រលំរបស់ទីក្រុង Pyongyang អាចជារឿងល្អសម្រាប់ទីក្រុងប៉េកាំង ជាពិសេស សេដ្ឋកិច្ច។

ប្រសិនបើកូរ៉េខាងជើង ដួលរលំដោយសន្តិវិធី ចិននឹងមានតួនាទីល្អបំផុតសម្រាប់ការស្ថារឡើងកូរ៉េខាងជើងឡើងវិញ។ ចិនគឺជាប្រទេសតែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រងការស្ថារកូរ៉េខាងជើងឡើងវិញ។”

លោក Deng Yuwen បាននិយាយនៅក្នុងអត្ថបទមួយ ដែលចេញផ្សាយដោយវិទ្យាស្ថានអ្នកសិក្សាស្រាវជ្រាវ Charhar ថា “ប្រសិនបើកូរ៉េទាំងពីររួបរួមគ្នា នោះនឹងមិនចាំបាច់មានវត្តមានកងទ័ពអាមេរិកនៅកូរ៉េខាងត្បូងនោះទេ​ ហើយប្រជាជនកូរ៉េខាងត្បូងនឹងមិនអនុញ្ញាតឱ្យពួកគេស្នាក់នៅផងដែរ”។

ជាងនេះទៅទៀត គាត់បន្តថា កូរ៉េខាងត្បូងមិនយូរទេនឹងមិនត្រូវការប្រព័​ន្ធការពារមីស៊ីល THAAD របស់អាមេរិកដែរ។ ការដាក់ពង្រាយនៃប្រព័ន្ធការពារមីស៊ីលនេះ បានប៉ះពាល់ដល់ទីក្រុងប៉េកាំង ពីព្រោះ មានការព្រួយបារម្ភថា កម្លាំងរ៉ាដារបស់វា អាចចាប់យកព័ត៌មានកាន់ជ្រៅនៅក្នុងប្រទេសចិន និងធ្វើឱ្យតំបន់អស្ថិរភាព។​

ក៏ប៉ុន្តែ ការផ្តួលរលំទីក្រុង Pyongyang គឺមិនជារឿងធម្មតាទេ។ បញ្ហានោះគឺថា តើអ្នកកាត់ខ្សែពួរនេះដោយរបៀបណា ពីព្រោះគ្មាននរណាដឹងថា កូរ៉េខាងជើងនឹងធ្វើអ្វីនោះទេ”៕

ប្រភព៖ AFP ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧




រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយស្ដីពីការចុះតាមដានត្រួតពិនិត្យ និងវាយតំម្លៃលើការអនុវត្តកិច្ចការរបស់មន្ត្រីរាជការ

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ឆ្នាំង បានប្រជុំផ្សព្វផ្សាយ ស្ដីពី ការចុះតាមដានត្រួតពិនិត្យ និងវាយតំម្លៃលើការអនុវត្តកិច្ចការរដ្ឋបាលរបស់មន្ត្រីរាជការសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោក ជួន រក្សា អនុប្រធាននាយកកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និង មន្ត្រីរាជការសាលាខេត្តចំនួន១០០នាក់។

នាឱកាសនោះដែរ លោក ជួន រក្សា ប្រធានក្រុមការងារចុះត្រួតពិនិត្យវាយតម្លៃរបស់ក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ការចុះតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការរដ្ឋបាលរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង គឺក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលខេត្តឱ្យកានតែមានប្រសិទ្ធភាព សំដៅលើកកំពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាពិសេសជំរុញការចាត់ចែងអនុវត្តការងារផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធផលខ្ពស់។

លោក លោក ជួន រក្សា បានបន្តថា ការតាមដាន និងវាយតម្លៃ គឺមានពីរផ្នែក។ ផ្នែកទី១ ការបំពេញកម្រងសំណួរ និងផ្នែកទី២ ការសម្ភាសន៍ផ្ទាល់។ ដោយឡែកការសម្ភាសន៍ ក្រុមការងារមិនបានសម្ភាសន៍គ្រប់បុគ្គលិកនោះទេ គឺចុចចំឈ្មោះដោយចៃដន្យ ដោយមិនគិតលើនិន្នាការនយោបាយឡើយ។ លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ការបំពេញក្នុងកម្រងសំណួរ និងការសម្ភាសន៍ផ្ទាល់ ដាច់ខាតត្រូវតែបំពេញ និងនិយាយការពិត កុំខ្លាចក្រែង ព្រួយបារម្ភអ្វីឡើយ។

សូមជម្រាបផងដែរថា នៅក្នុងកម្រងសំណួរនោះដែរ តម្រូវឱ្យមន្ត្រីរាជការគ្រប់រូបបំពេញ ផ្ដោតទៅលើការងារគ្រប់គ្រង និងចាត់ចែងកិច្ចការរដ្ឋបាល និត្យានុកូលភាពលើសំណុំឯកសារ ដីការ និងសេចក្ដីសម្រេច ការគ្រប់គ្រង និងការបំពេញតួនាទី ភារកិច្ចរបស់មន្ត្រីរាជការ និងការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈនានា៕



ខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំវាយតម្លៃទីក្រុងស្អាត

កំពង់ឆ្នាំង៖ លោក ជួន ជ័យសត្យា អគ្គលេខាធិការរងគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានមាន ប្រសាសន៍ថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត ក្នុងគោលបំណងលើកកំពស់សោភ័ណភាព និងសណ្តាប់ ទីក្រុង ជាពិសេសគឺធ្វើការឆ្លុះបញ្ចាំងពីវឌ្ឍនៈភាពរបស់ថ្នាក់ក្រោមជាតិ ក្នុងការចូលរួមចំណែក អនុវត្តតាមយុទ្ធ សាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក ជួន ជ័យសត្យា បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ នៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំវាយតម្លៃទីក្រុងស្អាតដោយមានការចូលរួមពីលោក ហ៊ី ណាត អភិបាលរង ខេត្តកំពង់ឆ្នាំង លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង ប្រធានអង្គភាពពាក់ព័ន្ធក្នុងខេត្ត ប្រតិភូគណៈកម្មា ធិការជាតិវាយតម្លៃទីក្រុងស្អាត មន្រ្តីសាលាក្រុងនិងចៅសង្កាត់ទាំង៤ផងដែរ។

លោក ជួន ជ័យសត្យា បានមានប្រសាសន៍បន្តថា ការវាយតម្លៃគឺស្របតាមនីតិវិធី ដែលតម្រូវឱ្យមានកិច្ចប្រជុំ ពិភាក្សាវាយតម្លៃ ការពិនិត្យសំណុំឯកសារភ្ជាប់ការចុះពិនិត្យទីតាំងជាក់ស្ដែង និងការស្ទង់មតិប្រជាពលរដ្ឋ ផងដែរ។

លោក ហ៊ី ណាត បានរាយការណ៍ជូនប្រតិភូនូវសមិទ្ធផលថ្មីៗ ដែលជាគំរោងអធិភាពរបស់ខេត្ត ក្នុងក្រុង កំពង់ឆ្នាំងរួមមាន ធ្វើទំនប់ការពារទឹកជំនន់អាងចម្រោះទឹកខ្វក់, រណ្តៅសំរាម, អភិវឌ្ឍន៍ច្រាំងទន្លេ, សួនច្បារ ថ្មីមុខស៊ីម៉ាក់, បង្គន់អនាម័យសាធារណៈតាមស្តង់ដា, រៀបចំតំបន់ទេចរណ៍ និងរៀបចំបណ្តាញភ្លើង បំភ្លឺផ្លូវ សាធារណៈធានាអោយបានស្ថេរភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋ ធ្វើដំណើរជាពិសេសធានា សុវត្ថិភាព ជូនសិស្សានុសិស្ស ចេញពីរៀននៅពេលយប់ ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សន្យាថានឹងបន្តខិតខំដោះស្រាយបញ្ហាប្រឈមនិងតម្រូវការចាំបាច់របស់កម្មករបន្តទៀត

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូលផ្លូវជាតិលេខ៤ រួចហើយនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចុះមកសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនី ដែលកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់នៃក្រុមហ៊ុន CAMBO HANDSOME LTD. (ខេមបូ ហ៊ែនសាំ អិលធីឌី ) ដែលស្ថិតសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានកម្មករ កម្មការិនីធ្វើការ ប្រមាណជាង ២,០០០នាក់ លើផ្នែកកាត់ដេរសំលៀកបំពាក់ ដើម្បីនាំចេញទៅទីផ្សារបរទេស។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែគិតគូអំពីសុខទុក្ខបងប្អូនកូនក្មួយកម្មករប្រៀបដូចជាសុខទុក្ខរបស់លោកផ្ទាល់។ ទន្ទឹមនឹងនេះដែរ លោក សន្យាថានឹងបន្តខិតខំដោះស្រាយបញ្ហាប្រឈម និងតម្រូវការចាំបាច់នានាដើម្បីកម្មករកាន់តែទទួលបាននូវផលប្រយោជន៍ច្រើនថែមទៀត៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាការធ្វើបាតុកម្មកន្លងទៅគឺជាបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងតំបន់នេះគឺជាតំបន់ដែលគេមកទម្លាយទ្វាររោងចក្រដើម្បីឱ្យទៅធ្វើបាតុកម្មក្នុងពេលវេលាដែលគេចង់ផ្តួលរំលំកាលពីឆ្នាំ២០១៣កន្លងទៅ ប៉ុន្តែជាការល្អដែលក្មួយៗទាំងអស់កំពុងធ្វើការ។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជាង១ម៉ឺននាក់នៅរោងចក្រតំបន់កំបូលផ្លូវជាតិលេខ៤ ដែលមកពីរោងចក្រចំនួន១០ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្មួយៗទាំងអស់មានតម្រូវការធ្វើការងារ ប៉ុន្តែអ្នកនយោបាយតម្រូវការឱ្យក្មួយៗចេញទៅធ្វើបាតុកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ នោះហើយជាទង្វើក្បត់ជាតិដែលគេត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលបាននិងកំពុងដំណើរការខាងផ្លូវច្បាប់នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា រឿងដែលធ្វើពីថ្ងៃមុន មិនមែនរួចខ្លួននោះទេ ត្រូវតែទទួលខុសត្រូវព្រោះនេះមិនមែនជាការធ្វើបាតុកម្មទាមទារលក្ខខណ្ឌការងារនោះទេ ក៏ប៉ុន្តែជាបាតុកម្មផ្តួលរំលំតាមបែបបដិវត្តន៍ពណ៌ព្រោះការបោះឆ្នោតបានធ្វើរួចទៅហើយ ហើយអ្នកឯងចង់ផ្តួលរំលំរដ្ឋាភិបាល អ្នកឯងមកប្រមូលកម្មករ គេមិនព្រមទៅ អ្នកឯងមកទម្លាយទ្វារគេ៕







ការ​ធ្វើ​បដិវត្តិ​បាន​វិល​ទៅ​រក​ទ្វីបអឺរ៉ុបវិញ

អ្នក​វិភាគ​នយោ​បាយ​កំពុង​មិន​ជឿ​លើ​​ព្រឹត្តិការណ៍​កាលពី​ថ្ងៃអាទិត្យ​​នៅ​តំបន់ Catalonia ដែល​ព្យាយាម​ទទួល​ស្គាល់​បាតុភូត​នយោ​បាយ​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ទាំង​មូល​ភ្ញាក់​ផ្អើល​នៅ​ចុង​សប្តាហ៍នេះ។ ជា​លើក​ដំបូង​ចាប់​ពី​បញ្ចប់​សង្គ្រាម​លោក​លើកទីពីរ​មក ចលនា​បដិវត្ត​បាន​បង្កើន​កម្លាំង​របស់ខ្លួន​នៅ​ក្នុង​តំបន់​ដ៏សំខាន់​មួយ​របស់​អឺរ៉ុប​។ ការ​ធ្វើ​ប្រជាមតិ​ទាម​ទារ​ឯករាជ្យ​របស់​ Catalan គឺជា​ការងើប​បះបោរ​ដែល​បាន​របៀ​ប​ចំ​ឡើង​យ៉ាង​ហ្មត់ចត់​​ទាក់​ទង​នឹង​សង្គម​ស៊ីវិល​ទាំង​មូលចាប់​ពី​ Catholic Church របស់​តំបន់​នោះ​រហូត​ដល់​ក្រុម​សុវត្ថិភាព​សា​ធា​រណៈ។ មិន​ដូចជា​ចលនា​ទាម​ទារ​ឯករាជ្យ​បរាជ័យ​របស់​តំបន់​ Quebec ឬ Scotland នោះ វា​មិន​មែន​​ជា​កិច្ច​ការ​​ដែល​លើកកម្ពស់​ដោយ​ឥស្សរជន​នយោ​បាយ​តូច​មួយ ​ជា​មួយ​នឹង​ការ​គាំទ្រ​​ស្មា​រតី​របស់​ក្រុម​ប្រជាជន​មតិភាគតិចនោះទេ។ មិន​ដូចជា​តំបន់​ Lega Lombarda របស់​អ៊ីតាលីនោះ​ វា​មិន​មែន​ជា​ការ​បញ្ចុះ​បញ្ចូល​របស់​តំបន់​មួយ​ដែល​តស៊ូ​ដើម្បី​គ្រប់គ្រង​កាន់តែ​ច្រើន​លើ​ថវិកាពន្ធ​នោះទេ។​ ចលនា​ឯករាជ្យ​​របស់​តំបន់ Catalan គឺជា​​ឧទាហរណ៍​ដ៏ច្បាស់ល្អ​មួយ។

គេ​មិន​ដែល​ឃើញ​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ក្រោយ​សង្គ្រាម​របស់​អឺរ៉ុប​ដែល​ប្រជាជន​រាប់​សិប​ពាន់​នាក់​បាន​សហការគ្នា​ក្នុង​យុទ្ធនាការ​​នៃ​ការ​ប្រឆាំងការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​​ ដែល​រៀប​ចំ​យ៉ាង​ល្អ​​ និង​បាន​តទល់​យ៉ាង​ជោគ​ជ័យ​ដល់​ការ​ដាក់ពង្រាយ​ប៉ូលិសជាតិ​ និង​ក្រុម​ឆ្មាំ​ទាហាន​ប៉ារ៉ា​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ និង​ដោយ​មាន​​ភាព​អង់អាចក្លាហាន​គ្រប់គ្រាន់​ក្នុងការ​ទទួល​រង​​របួស​ជិត ១០០០ នាក់​បែបនេះទេ ដែល​តម្រូវ​ឲ្យ​មានការ​ព្យាបាល​។ ប្រជាជន Catalan បាន​រក្សា​ស្ថានីយ៍​បោះ​ឆ្នោត​ជាង ២០០០ ឲ្យ​បើក​ដំណើរ​ការ​ និង​សង្គ្រោះឆ្នោត​​របស់​គេ​មិន​ឲ្យ​គេ​រឹបអូស​យក​ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​បោះ​ឆ្នោត​ជាង ២,៤ លាន​នាក់​នៅ​ក្នុង​តំបន់​ដែល​មាន​ប្រជាជន​ ៧ លាន​នាក់​ទៅ​បោះឆ្នោត​។ ពួក​គេ​ជាង ៩០ ភាគ​រយ​បាន​គាំទ្រ​ដល់ការ​បង្កើត​សាធារណរដ្ឋ Catalan ឯករាជ្យ​មួយ។​

ដើម្បី​ធ្វើ​ឲ្យ​ខក​ចិត្ត​ដល់​ចេតនា​របស់​រដ្ឋាភិបាល​ក្រុង​ Madrid ក្នុងការ​បង្ក្រាប​ការ​ធ្វើ​ប្រជាមតិ​នោះ ចលនាឯករាជ្យ​នោះ​បាន​សហការ​កាន់​កាប់​​ស្ថានីយ៍​បោះ​ឆ្នោត​រាប់​​រយ​កន្លែង​ ដោយ​ប្រជាជន​សាមញ្ញ រាប់​បញ្ចូលទាំង​គ្រួសារ​​ និង​កូនៗ​របស់គេ​ផង។ ចលនា​នោះ​បានបញ្ចុះ​បញ្ចូល​ដល់​ប៉ូលិស​តំបន់​ Mossos dÉsquadra ឲ្យ​ទប់​ទល់​ជា​មួយ​ពួក​ឆ្មាំទាហាន​ប៉ារ៉ា​ និង​ប៉ូលិស​ជាតិ។

ចលានានោះ​បាន​រៀបចំ​ក្រុម​ពន្លត់​អគ្គិភ័យ​របស់​បណ្តាក្រុង​របស់​តំបន់​ Catalan ដើម្បី​បង្កើត​ជា​​រនាំង​មនុស្ស​រវាង​ស្ថានីយ៍​បោះឆ្នោត​​ និង​ពួកឆ្មាំ​ប៉ារ៉ា។ គេ​បាន​បង្កើត​យន្តការ​​ដើម្បី​លាក់​ហិប​ឆ្នោត​​ពីប៉ូលិស​ជាតិ ​និង​ដឹកជញ្ជូន​វា​ទៅកាន់ទីតាំ​ង​សម្ងាត់​មួយ​ដើម្បីរាប់​វា។ នៅទីដែល​កម្លាំង​ប៉ូលិស​ជាតិ​ចូល​បំបែក ប្រជាជន​សាមញ្ញ​បាន​ការពារ​ការ​បោះឆ្នោត​នោះ​ជា​មួយ​ខ្លួន​ប្រាណ​រប​ស់​គេ ដែល​នាំ​ឲ្យ​មាន​របួស​ជិត ១០០០ នាក់​ ដោយ​ប៉ូលិស​រងរបួសត្រឹម​តែ​​ប៉ុន្មាន​នាក់ប៉ុណ្ណោះ​​ នៅ​​ក្នុង​ការ​បង្ហាញ​ពី​ការ​ប្រឆាំង​​យ៉ាង​ប្តេជ្ញាចិត្ត​ ប៉ុន្តែ​អហិង្សា។​

ប្រជាជន​ Catalan បាន​ធ្វើ​បែបនេះ​ដោយ​មានការ​គាំទ្រ​ដោយ​ផ្ទាល់ពី​វិហារ​សាសនា​របស់គេ​ ដែល​ពួក​អាចារ្យ​ចំនួន ៤០០ រយ​របស់​គេ​បាន​ចុះ​ហត្ថលេខា​លើ​ពាក្យ​សច្ចារពី​​ឯករាជ្យ​​កាលពី​សប្តាហ៍មុន រាប់បញ្ចូលទាំង​អាចារ្យ​ធំ​ខ្លះ​ផង។ មិន​ដូចជា​ចលនា​ឆ្វេងនិយម​ប្រឆាំង​ក្រុម​អាចារ្យ​​កាល​ពី​អតីតកាល​នោះ ការ​ធ្វើបដិវត្ត​របស់​ Catalan បាន​បង្ហាញ​ច្បាស់​នូវ​គោល​ដៅ​​របស់​ពួក​វណ្ណៈ​កណ្តាល។ ក្នុង​​ចលនា​បដិវត្ត​ ប្រជាជន​ Catalan បាន​ប្រមូល​ផ្តុំ​គ្នា​ល្អជាង​ប្រជាជន​អា​មេរិក​នៅ​ឆ្នាំ ១៧៧៦ ប្រជាជន​​បារាំង​នៅឆ្នាំ ១៧៨៩ ប្រជាជន​រុស្ស៊ីឆ្នាំ ១៩១៧ ឬ​ចលនា​បដិវត្ត​ Catalan នៅ​ចុង​ទសវត្សរ៍ទី ៣០ ដែល​នៅទីបំផុត​ត្រូវ​បាន​កំទេច​ដោយ​ Francisco Franco។ ពួកគេធុញទ្រាន់​នឹង​ការ​ផ្តល់​ឧបត្ថម្ភធន​ប្រាក់​កាន់តែ​ថយចុះ​របស់​បណ្តា​ខេត្ត​ភាគ​ខាងត្បូង​របស់​​អេស្ប៉ាញ។ ពួក​គេ​ពូកែធ្វើ​ការ ​និង​ផលិត​ការងារ​បាន​ច្រើន​ និង​ចង់​ផ្តាច់ខ្លួន​ចេញពី​ផ្នែក​នៃការ​មិន​អាច​ជួសជុល​​សេដ្ឋកិច្ច​របស់​អេស្ប៉ាញ។

បើ​ក្រលែក​មើល​នៅ​អតីតកាល មានការ​ងាយស្រួល​យល់​ចំពោះភាព​ស្លន់​ស្លោរ​របស់​នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ​លោក Mariano Rajoy។ ដោយ​ទទួល​ការ​ថ្កោល​ទោស​យ៉ាង​ទូលំទូលាយ​ចំពោះ​ការ​ធ្វើ​ប្រតិកម្មជ្រុល​​ចំពោះ​​ចលនាឯករាជ្យ​ Catalan នោះ លោក Rajoy ស្ទើ​តែ​គ្មានជម្រើស​នោះទេ។ គាត់​ដឹង​ថា គាត់​កំពុង​ដោះស្រាយ​ មិនមែនជា​មួយ​អ្នក​នយោ​បាយ​​មួយ​ចំនួន​តូច​នោះទេ ប៉ុន្តែ​ជា​មួយ​ចលនា​មួយ​ដែល​បាន​ឈាន​​ដល់​សសៃឈាម​សង្គម​ស៊ីវិល។ ប្រសិន​បើ​គាត់​បរាជ័យ​ក្នុងការ​សម្លាប់ចលនានោះ​ដល់​ឫសគល់ គាត់​នឹង​មិន​មាន​ឱកាស​ម្តងទៀត​ដើម្បីបញ្ឈប់វាទេ។ ដោយ​សារតែ​ការ​របៀបចំ​យ៉ាងហ្មតចត់ ​និង​​ភាព​អង់អាច​របស់​ប្រជាជន​សាមញ្ញនោះ លោក Rajoy បាន​បរាជ័យ​ខក​ចិត្ត​។ សេចក្តី​ថ្លែងការណ៍​របស់គាត់​កាលពី​ម្សិល​មិញ​ដែល​ថា មិន​មាន​ការ​ធ្វើ​ប្រជា​មតិ​នោះ គឺ​មិនពិត​នោះទេ។​ វា​បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​សេចក្តី​ថ្លែងការណ៍​​​ដ៏ល្បី​របស់​នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ​​នៅ​ពាក់កណ្តាល​សតវត្សរ៍ទី ១៩ លោក Duke of Valencia ដែល​នៅពេល​គេ​សួរ​ថា តើ​គាត់​លើក​លែង​ដល់​សត្រូវ​របស់គាត់​ដែរ​ឬទេ គាត់​បាន​និយាយថា “ខ្ញុំ​មិន​មាន​សត្រូវ​ទេ។ ខ្ញុំ​បាន​សម្លាប់​ពួក​គេ​អស់​ហើយ”។

ប្រាកដណាស់ ប្រជាជន Catalan បាន​ជាន់ឈ្លី​រដ្ឋ​ធម្មនុញ្ញអេស្បាញ។ ប៉ុន្តែ ធម្មនុញ្ញ​​ពឹង​លើ​ការ​យល់​ព្រម​ពី​អ្នក​ដែល​គេ​គ្រប់​គ្រង ហើយ​ប្រជាជន​​ Catalan បាន​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ក្រុង​ Madrid។ លោក Rajoy នាពេល​នេះ​បាន​ប្រឈម​វិបត្តិ​នយោ​បាយ​​ដោយ​គ្មាន​ដំណោះ​​ស្រាយ​ច្បាស់​នោះទេ។ រដ្ឋាភិបាល​សម្លេង​ភាគ​តិច​របស់គាត់​ពឹង​លើ​ការ​គាំទ្រ​របស់​បក្សតំបន់​របស់​ពួក​ Basque ហើយ​​ពួក​ Basque មាន​សមានចិត្ត​នឹង​ពួក Catalan។ អភិ​បាល​​តំបន់​ស្វ័យ័ត​ Basque បាន​ស្នើ​កាលពី​ម្សិល​មិញថា ទីក្រុង​ Madrid គួរ​តែ​ទទួល​ដំណោះ​ស្រាយ​​របស់​អង់គ្លេស ឬ​កាណាដា ដោយ​អនុញ្ញាត​ដល់​ពួក Catalan បោះ​ឆ្នោត​ផ្តាច់ខ្លួន​ ដូចដែល​​ពួក Scotland បាន​ធ្វើ​នៅ​ឆ្នាំ ២០១៤ អញ្ចឹង។ តាម​ពិត​ ភាព​ខុស​គ្នា​នោះគឺថា ពួក​ Scotland ពឹង​លើ​ការ​ផ្តល់​ឧបត្ថម្ភ​ធន​របស់​អង់គ្លេស​​និង​បាន​បោះឆ្នោត​នៅ​រួម​រស់​ជាមួយ​ដដែល ក្នុង​ខណៈ​ពួក Catalan បាន​ផ្តល់​ឧបត្ថម្ភ​ធន​ដល់​ប្រទេស​អេស្ប៉ាញ​ ហើយ​នឹង​បោះ​ឆ្នោត​ចាកចេញ។​ ពួក Basque អាច​នឹង​ដើរ​តាម​ក្រោយ​ផង​ដែរ។​

នេះជា​វិបត្តិ​ដ៏ធំ​សម្រាប់​ប្រទេស​អេស្ប៉ាញ។ អេស្ប៉ាញ​គឺ​ស្ថិតជា​ចំណុច​បែក​បាក់​​​​នៃ​ការ​ងើប​ឡើង​យ៉ាង​ខ្លាំង​​ក្នុងក្រុម​​អ្នក​ក្នុ​ង​បន្ទុក​ជាមនុស្ស​ចាស់ (ពី​ ២៥ ភាគ​រយ​នៃ​ប្រជាជន​​ដែល​សកម្ម​ខាង​សេដ្ឋកិច្ច​ដល់​ចំនួន ៥០ ភាគ​រយ​នៃ​ប្រជាជន​ដែល​មិន​អាច​គេ​ជួយ​ផ្គត់​ផ្គង់​បាន​​នៅ​ត្រឹមឆ្នាំ ២០៥០)។ សំណួរ​​បាន​លេច​ឡើង​ថា តើ​នរណា​នឹង​រងគ្រោះ​មុន​គេ ពោល​ដោយ​សារ​មាន​អត្រា​​​កើត​ទាបបំផុត​នៅ​ក្នុង​ប្រទេស​ធំៗ​ទាំង​អស់​នៅ​អឺរ៉ុបនោះ អេស្បាញ​មិន​អាច​គាំទ្រ​ពួក​មនុស្ស​ចាស់​របស់ខ្លួន​ទេ ហើយ​ប្រជាជន​ Catalan ចង់​ជួយ​ខ្លួនឯ​ង​មុន​សិន។​

នេះគឺជា​ពាក្យ​សម្តីនិយាយតៗគ្នា​ដ៏ខ្លាំង​បំផុត​អំពី​ការ​ដែល​អាច​មាន​ឥទ្ធិពល​​​​ធ្វើ​បន្តកន្ទុយ​គ្នា​​នៅ​ក្នុង​ទូទាំង​ទ្វីបអឺរ៉ុប។ ពួក Catalan គឺមាន​ភាព​ចម្លែក​ជាងគេ។ ពួក​ Catalan បាន​យល់​ឃើញ​ថា បញ្ហា​នេះ​គឺជា​ការ​ស្លាប់​រស់​របស់​ពួក​គេ ហើយ​នឹង​មិន​ដក​ថយ​នោះទេ។​

ការ​ឆ្លើយ​តបដំបូង​​ពី​អឺរ៉ុប​ទាំង​មូល​នឹង​ស្នើរ​ឲ្យ​ប្រជាជន​ Catalan និង​រដ្ឋាភិបាល​លោក Rajoy ឲ្យ​​បញ្ឈប់​សកម្មភាព​របស់គេ​វិញ។ ចំណុច​ត្រង់​នោះ​បាន​ដើរ​កន្លងហួស​បាត់​ទៅ​ហើយ។ បន្ទាប់​ពី​ការ​បង្ហាញ​ថា ការ​ប្រឆាំង​របស់​ជន​ស៊ីវិល​មិន​គោរពតាម​ការ​អនុវត្តច្បាប់​របស់​អជ្ញាធរ​​អាច​យក​ឈ្នះ​លើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​កន្តាប់​ដៃ​ធ្ងន់​ៗ​របស់​រដ្ឋាភិបាល​អេស្បាញ​ក្នុងការ​បង្រ្កាប​ពួក​គេ​នោះ ប្រជា​ជន Catalan នឹង​មិន​វិល​ត្រឡប់​ថយក្រោយ​ទេ។ ពួក​គេ​ក៏​មិន​គួរ​ត្រឡប់​ថយ​ក្រោយ​ដែរ។ អត្រា​ស្លាប់​របស់​អឺរ៉ុប​​​ទុក​ឲ្យ​តំបន់​ដែល​មាន​ផលិត​ភាព​ច្រើន​របស់​ទ្វីប​អឺរ៉ុប​​នូវ​ជម្រើស​នៃ​ការ​មាន​មន្ទិល​ដល់​អនាគត​ខ្លួន​ឯង​ដោយ​ការ​ជ្រើ​ស​រើស​យកការ​​​បង់​ពន្ធ​ជួយ​អ្នក​ចូល​​និវត្ត​ដែល​មិន​សូវ​ធ្វើ​ការងារ​របស់​ទ្វីប​នោះ ឬ​ចាកចេញដើម្បី​រស់ដោយ​ខ្លួន​ឯង។

រដ្ឋាភិបាល​ Catalan មាន​ភាព​ចម្លែក​នៅ​ក្នុង​នយោ​បាយទំនើប។ ប៉ុន្តែ គោល​បំណង​សំខាន់​សម្រាប់​ចលនាឯករាជ្យ​នោះ​គឺ​រំដោះ​ខ្លួន​ចេញពី​នាវា​សង្គ្រោះ​របស់​ទ្វីបអឺរ៉ុប។ ដូច​ដែល​បាន​លើក​​ឡើង​នៅ​ក្នុង​អត្ថបទ​ថ្ងៃទី ៣០ ខែ​កញ្ញា ប្រធាន​បទ​សំខាន់​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃទី ២៤ ខែ​កញ្ញា​របស់​អាល្លឺម៉ង់​គឺ​ការ​ប្រឆាំង​របស់​អ្នក​បោះឆ្នោត​ដល់​ការ​ផ្តល់​កញ្ចប់​ថវិការ​សង្គ្រោះ​​ដល់​ប្រទេស​ជិត​ខាង​របស់​អាល្លឺម៉ង់។ នោះគឺជា​​កម្លាំ​ងអូសទាញ​ដ៏សំខាន់​នៃការ​ចាកចេញរបស់​អង់​គ្លេស ដែល​អ្នក​គាំទ្រ​ការ​ចាកចេញនោះ​បាន​ប្រមូល​ការ​គាំទ្រ​ដោយ​ការ​ប្រកាស​ថា ពួកគេ​ចង់​ផ្តល់​​ប្រាក់​ច្រើន​ដល់​សេវាសាធារណៈ​ជាតិ​អង់គ្លេស​ជាង​ទៅ​ឲ្យ​កញ្ចប់ថវិការ​របស់​សហភាព​អឺ​រ៉ុប។​

ព័ត៌មាន​សំខាន់​បែប​ឆ្វេងនិយម​របស់ Earnest Hemingway នៅ​សង្គ្រាមស៊ីវិល​របស់​អេ​ស្បា​ញ​​មាន​ចំណង​ជើង​ថា “ជួង​បាន​បន្លឺ​ឡើងប្រាប់​​ដល់​អ្នក​ពាក់ព័ន្ធ​ឲ្យ​បាន​ដឹង”។ នៅ​ក្នុង​ពេ​ល​​នេះ សូម​​កុំ​សួរ​ថា តើ​ជួង​បន្លឺ​ឡើង​ប្រាប់​នរណា គឺ​វា​បន្លឺ​ឡើង​ប្រាប់​ទ្វីបអឺរ៉ុប៕

ប្រភព៖ Asia Times ចុះថ្ងៃ០៣ ខែតុលា​ ​ឆ្នាំ២០១៧


នៅថ្ងៃស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមខួប៥០ឆ្នាំ នៃការគ្រងរាជ្យរបស់ព្រះមហាក្សត្រប៊្រុយណេ

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃស្អែកនេះ គឺថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ លោកនឹងអញ្ជើញចូលរួមខួប៥០ឆ្នាំ នៃការគ្រងរាជ្យរបស់ព្រះមហាក្សត្រប្រទេសប៊្រុយណេ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅតំបន់កំបូលផ្លូវជាតិលេខ៤ ដែលមកពីរោងចក្រចំនួន១០ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី០៨ និងទី១៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ លោកមិនបានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនៅកោះពេជ្រឡើយ ដោយឡែកនៅរៀងរាល់ថ្ងៃពុធ នឹងមានការជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីដដែល៕






ធនាគារពិភពលោក ចេញរបាយការណ៍ជាផ្លូវការបញ្ជាក់ពីកំណើនសេដ្ឋកិច្ច ដ៏រឹងមាំរបស់កម្ពុជា នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨

ធនាគារពិភពលោក (World Bank) នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ បានចេញរបាយការណ៍ជាផ្លូវការ បញ្ជាក់អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំ របស់កម្ពុជា ក្នុងអត្រាកំណើន៦.៨% ក្នុងឆ្នាំ២០១៧ និង៦.៩% ក្នុងឆ្នាំ២០១៨។

របាយការណ៍របស់ ធនាគារពិភពលោក បានលើកឡើងថា «កំណើននឹងកើនឡើង ៦.៨% ក្នុងឆ្នាំ២០១៧ និង៦.៩% ក្នុងឆ្នាំ២០១៨ ដោយមានការគាំទ្រពីការធ្វើពិពិធកម្មនៃការនាំចេញ ការបង្កើនចំណាយសាធារណៈ និងការងើបឡើងវិញនៃវិស័យទេសចរណ៍។ ហានិភ័យ ដែលអាចធ្វើឲ្យលទ្ធផលជាក់ស្ដែងទាបជាងអ្វី ដែលព្យាករណ៍ក្នុងទស្សនវិស័យនេះរួមមាន ការថមថយយ៉ាងគំហុកនៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងភាពមិនប្រាកដប្រជា ដែលអាចកើតឡើង ពាក់ព័ន្ធនឹងការបោះឆ្នោត»។

ធនាគារពិភពលោក បានបញ្ជាក់ទៀតថា ការថយល្បឿននៃវិស័យវាយភ័ណ្ឌ និងសំណង់ អាចបង្កផលប៉ះពាល់ដល់ការរកចំណូល ទទួលទានរបស់ប្រជាពលរដ្ឋ ដោយសារចំនួនម៉ោងធ្វើការបន្ថែម ឫចំនួនថ្ងៃធ្វើការបន្ថែម អាចមានការថយចុះ។

សូមជម្រាបថា ការព្យាការណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពីធនាគារពិភពលោកនេះ មានអត្រាកំណើនដូចគ្នាទៅនឹងការព្យាករណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទាបជាងការព្យាករណ៍ របស់ធនគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយ ADB អះអាងថា សេដ្ឋកិច្ចកម្ពុជា កើនឡើងក្នុងអត្រាកំណើន ៧ភាគរយ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ៕