Friday, May 31, 2019

កម្ពុជា-ជប៉ុន ចុះហត្ថាលេខាលើពិធីសារ ២ចំណុចសំខាន់ៗ សម្រាប់ការអភិវឌ្ឍ

ក្នុងដំណើរបំពេញទស្សនកិច្ច និងបេសកកម្មការងារថ្ងៃចុងក្រោយនៅលើទឹកដីជប៉ុននាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ៊្សូ។
បញ្ហាពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបញ្ហាក្នុងតំបន់ និងនៅលើពិភពលោកផងដែរ ត្រូវបានគេរំពឹងថា នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន លើកមកជជែកនៅក្នុងជំនួបនាថ្ងៃនេះ។
ក្រៅពីជំនួបពិភាក្សាការងារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក អាបេ ស៊ីនហ៊្សូ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួនពីរ ដែលជាជំនួយឥតសំណងរបស់ជប៉ុនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។
ពិធីសារដែលចុះហត្ថលេខានោះរួមមាន៖ ទី១- ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក) និង ២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក។
បន្ទាប់ពីពិធីចុះហត្ថលេខានេះទៅ លោកនាយករដ្ឋមន្ត្រីជប៉ុន រៀបចំអាហាថ្ងៃត្រង់ទទួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូនឹងបញ្ចប់ទស្សនកិច្ចនៅលើប្រទេសជប៉ុននៅថ្ងៃនេះហើយជាមួយលទ្ធផលដ៏គាប់ប្រសើរជាច្រើនសម្រាប់ជាប្រយោជន៍កម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញមកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ៕



ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដល់កម្ពុជា

នៅព្រឹកថ្ងៃទី៣១ ឧសភា ដែលជាថ្ងៃចុងក្រោយ នៃការស្នាក់អាស្រ័យអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីជប៉ុន ហ្សិនសូ អាបេ បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារនៃកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២។
ឯកសារទាំងពីរនោះរួមមាន៖ ទី១-ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក) និងទី២-ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក។
ពិធីនេះដែរចុះហត្ថលេខារវាងលោក ហ៊ីដេហ៊ីសា ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយលោក អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន៕







អាជ្ញាធរជាតិអប្សរាបិទវគ្គអប់រំបរិស្ថានកុមារក្នុងរមណីយដ្ឋានអង្គរ

ក្រោមកិច្ចសហការរវាងមន្ទីអប់រំ យុវជន និងកីឡាខេត្តសៀមរាប ស្ថាប័នធានាគុណភាពជប៉ុន (JQA) សាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន និងអាជ្ញាធរជាតិអប្សរាបានអនុវត្តកម្មវិធីអប់រំបរិស្ថានកុមារដើម្បីបញ្ជ្រៀបចំណេះដឹងអំពីបរិស្ថាន នៅសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាត្រពាំងស្វាយ និងសាលាបឋមសិក្សាគោកគ្រើល។ កម្មវិធីបញ្ជ្រៀបចំណេះដឹងបរិស្ថាននេះមានរយៈពេល៧ខែ ពោលគឺចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០១៨ និងបានបិទបញ្ចប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងក្នុងពិធីបិទវគ្គ លោក Saturu KISHINO តំណាងស្ថាប័នធានាគុណភាពជប៉ុនបញ្ជាក់ថា ការ បណ្តុះគំនិតឱ្យកុមារមានទម្លាប់ចេះគិតនិងស្រឡាញ់បរិស្ថានពីក្មេង នឹងបណ្តុះគំនិតស្រឡាញ់បរិស្ថានរបស់ពួកគេកាន់តែច្រើននាពេលអនាគត។ កម្មវិធីនេះ បានជំរុញការផ្លាស់ប្តូរឥរិយាបថរបស់សិស្សដើម្បីលុបបំបាត់ឬកាត់បន្ថយសំរាមក្នុងសាលារៀនឱ្យមានទេសភាពស្អាត។ សម្រាប់ទិសដៅអនាគត លោកសង្ឃឹមថា សិស្សានុសិស្សនិងសាលាទាំងអស់នឹងមានភាពម្ចាស់ការ ឯករាជ្យក្នុង ការថែរក្សាបរិស្ថានដោយខ្លួនឯងព្រមទាំងអាចបង្រៀនសាលាផ្សេងៗឱ្យយល់ដឹងពីបរិស្ថានកាន់តែទូលំទូលាយ។
អ្នកគ្រូ អឿម វណ្ណៈ បង្រៀនថ្នាក់ទី៦ «ក» នៃសាលាបឋមសិក្សាដូនឪ បានកត់សម្គាល់ថា ក្រោយពីទទួលបានការអប់រំបរិស្ថាន សិស្សចេះសម្អាតបរិស្ថានជុំវិញខ្លួន ចេះញែកសំរាម និងបន្ថយការប្រើសំរាម ហើយយកចំណេះដឹងទៅអនុវត្តនៅតាមសហគមន៍បានទៀតផង។ អ្នកគ្រូនឹងបន្តជំរុញនិងបណ្តុះស្មារតីសិស្សក្នុងការស្រឡាញ់បរិស្ថានដល់ពួកគេគ្រប់ជំនាន់ព្រោះបរិស្ថានស្អាត នាំឱ្យមានសុខភាពល្អ និងអារម្មណ៍ស្រស់ថ្លា។
ក្នុងនាមប្រធានគ្រប់គ្រងប្រព័ន្ធបរិស្ថាននៃអាជ្ញាធរជាតិអប្សរា លោក សុខ លក្ខិណា ក៏បានថ្លែង អំណរគុណដល់ស្ថាប័នធានាគុណភាពជប៉ុនដែលបានចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការជំរុញនិងលើកកម្ពស់បរិស្ថានដ៏មានប្រសិទ្ធភាពក្នុងរមណីយដ្ឋានអង្គរព្រោះការងារបរិស្ថានចាំបាច់មានការចូលរួមទាំងអស់គ្នា និងប្រើរយៈពេលយូរទើបសម្រេចបានផល៕
អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន





កម្ពុជានៅតែបន្តធ្លាក់ភ្លៀងពីកម្រិតខ្សោយទៅមធ្យម ខណៈប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះបាតុភូផ្គររន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីនេះ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ថាកម្ពុជានឹងមានភ្លៀងបន្តធ្លាក់ពីខ្សោយទៅមធ្យម នៅរាជធានី និងបណ្តាខេត្តភាគខាងក្រោម ពិសេសខេត្តជាប់ព្រំដែនប្រទេសវៀតណាម។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ៕

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ទៅចូលរួមកិច្ចប្រជុំលកំពូលសន្តិសុខអាស៊ីលើកទី១៨ នៅសិង្ហបុរី

តបតាមការអញ្ជើញរបស់ លោក Jom Chipman អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន អន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ នៅប្រទេសសិង្ហបុរី។
កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសាំងហ្គីឡា ប្រទេសសិង្ហបុរី។ នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នឹងចូលរួមកិច្ចពិភាក្សា លើប្រធានបទសំខាន់ៗដែលពាក់ព័ន្ធបញ្ហាសន្តិសុខក្នុងតំបន់។
នៅក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងមានកិច្ចពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសមួយចំនួនផងដែរ។
សម្រាប់ដំណើរទៅចូលរួមក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញអមដំណើរដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋានការបរទេស, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ យ៉ាងច្រើនផងដែរ ៕



Wednesday, May 29, 2019

គោលបំណងសំខាន់ៗ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារត្រីមាសទី១ និងលើកទិសដៅបន្ត

ស្វាយរៀង៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ ឆ្នាំ២០១៩ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និង អនាម័យជនបទ ស្រុកចន្រ្ទា (DWG-RWSSH) ។
អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំនេះដែររួមមាន លោក ហុក បូទី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង លោក សួស សារិទ្ធ អភិបាលរងស្រុកចន្ទ្រា និងមានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធាននិងមន្តី្រនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង លោកនាយករដ្ឋបាលសាលាស្រុកចន្ទ្រា លោក លោកស្រីប្រធានការិយាល័យជំនាញជុំវិញស្រុក លោក លោកស្រី ប្រធានការិយាល័យ និងអង្គភាពលទ្ធកម្មចំណុះសាលាស្រុក លោកមេឃុំ ស្មៀនឃុំ និងជនបង្គោលអនាម័យឃុំ គ្រប់ឃុំទូទាំងស្រុក តំណាងអង្គការសន្តិសេនា អង្គការ I.D.E និង អង្គការស្អាតកម្ពុជា ដែលចុះធ្វើសកម្មភាពក្នុងស្រុកចន្ទ្រា សរុបវត្តមានចូលរួម៣៥នាក់ ស្រី១០នាក់ ។
លោក តូច ប៉ូ លីវ៉ា បានបន្តថា គោលបំណងនៃកិច្ចប្រជុំនេះគឺ ៖
-ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងពិភាក្សាកំណត់អំពីយុទ្ធសាស្ត្រ និង ពិនិត្យឡើងវិញនូវតួនាទី និងភារកិច្ចរបស់ក្រុមការងារ DWG-RWSSH ។
-ពិភាក្សា និងកំណត់អំពីយុទ្ធសាស្ត្រនៃការអនុវត្តឧបករណ៍ពិនិត្យឡើងវិញ លើកម្មវិធីលើកកម្ពស់អនាម័យជនបទ ។
-ពិភាក្សានីតិវិធី និងកំណត់ផែនការសកម្មភាពសម្រាប់វាយតម្លៃភូមិ ឃុំ ដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ។
-ជម្រុញ និងពង្រឹងសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរឡើងរវាងរដ្ឋបាលស្រុក និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ ។
-កំណត់ផែការសកម្មភាពសម្រាប់ត្រីមាសបន្ទាប់៕

លោក ហេង សំរិន ជួបជាធ្វើសវនាការមួយគណៈលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម

វៀតណាម៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ បានជួបធ្វើសវនាការជាមួយឯកឧត្តម Tran Quoc Vuong គណៈលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាមនៅទីស្តីការបក្សកុំម្មុយនីស្តវៀតណាម នាទីក្រុងហាណូយ។
នៅក្នុងជំនួបនេះលោក Tran Quoc Vuongបានបានអបអរសាទរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមម្លប់ដ៍ត្រជាក់របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី និងការដឹកនាំរដ្ឋសភា របស់លោក ហេង សំរិន ហើយរាជរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។
គណៈលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម បានគូសបញ្ជាក់ថាការរីកចម្រើនរបស់ប្រទេសកម្ពុជាគឺជាការរីកចម្រើនរបស់ប្រទេសវៀតណាម។ ប្រជាជនបក្ស រដ្ឋ វៀតណាមអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជានេះ។ ជាមួយគ្នានេះ លោក ក៍បានរីករាយដែលឃើញរដ្ឋសភាកម្ពុជានិងរដ្ឋសភាវៀតណាម មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អយ៉ាងល្អនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
លោក បានគូសបញ្ជាក់ទៀតថា ទំនាក់ទំនងល្អរវាងរដ្ឋសភាប្រទេសទំាងពីរនេះ គឺជាផ្នែកសំខាន់ ដែលបានទ្រទ្រង់ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានិងវៀតណាម។
លោក ហេង សំរិន បានចូលរំលែកទុក្ខ ដ៏ក្រៀមក្រំ និងសោកស្តាយបំផុត ជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះការបាត់បង់អ្នកដឹកនាំមួយរូបដ៏ឆ្នើមរបស់ខ្លួន គឺលោក ឡេ ឌឹក អាញ់ អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយការបាត់បង់នេះគឺជាការបាត់បង់មិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា ដែលបានរួមចំណែកដ៏ធំធេងជួយរំដោះ ប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជួយស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។
លោកប្រធានរដ្ឋសភា មានជំនឿមុតមំាថា ក្រោមការដឹកនាំបន្ដរបស់ បក្សកុំម្មុយនីស្តវៀតណាម ដែលមានលោក ង្វៀន ភូជុង ជា អគ្គលេខាធិការ នឹងជាប្រធានរដ្ឋ លោកស្រី ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភា និងលោក ង្វៀន ស៊ួនហ្វុក ជានាយករដ្ឋមន្រ្តី ប្រជាជនវៀតណាម នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍប្រទេសវៀតណាម ឲ្យក្លាយជាប្រទេសឧស្សាហកម្ម ជឿនលឿន ហើយកិត្យានុភាពរបស់មិត្តវៀតណាម លើឆាកអន្តរជាតិ នឹងត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ៕




លោកប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំប្រតិភូជាន់ខ្ពស់មួយក្រុមទៅកាន់ប្រទេសវៀណាមនិងប្រទេសឡាវ

តបតាមការអញ្ជើញរបស់របស់លោកស្រី ង្វៀងធី គីមងិន ប្រធានសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងលោកស្រី ផានី យ៉ាថូទូ ប្រធានសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោក ហេង សំរីន ប្រធានរដ្ឋសភានៃ កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមួយក្រុមចេញដំណើរទៅកាន់ប្រទេសវៀតណាមនិងប្រទេសឡាវដើម្បីបំពេញទស្សនកិច្ចផ្លូវការ ដែលដំណើទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែឧសភា រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការនៃរដ្ឋសភាបានបញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចនៅបរទេសវៀតណាម លោកប្រធានសភាកម្ពុជានឹងជូបពិភាក្សាទ្វេភាគីជាមួយឥស្សរៈជនសំខាន់ៗរបស់វៀតណាមរួមមាន លោកស្រី ង្វៀងធី គីមងិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម.ជួបសវនាការនិងសម្ដែងការគួរសម លោក ង្វៀង ភូជុង អគ្គលេខាធិការ មជ្ឈឹមបក្សកុម្មុយនីស្ដវៀតណាមនិងជាប្រធានរដ្ឋវៀតណាមជួបសវនាការជាមួយលោក ង្វៀង ស៊ុនហ្វុក នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួបសម្ដែការគួតសមលោក ជីន ថាញ់មិញ ប្រធានគណកម្មាធិការមជ្ឈឹមរណសិរ្យកសាងមាតុភូមិវៀតណាម ព្រមទាំងអនុញ្ញាត្តិឲ្យលោក វ៉ ម៉ៅ ប្រធានសមាគមមិត្តកម្ពុជាវៀតណាមចូលជួបសម្ដែងការគួរសម ដើម្បីជំរាបជូនពីសកម្មភាពការងាររបស់សមាគមដែលបានអនុវត្តន៍កន្លងមក។
ដោយឡែកសំរាប់ដំណើរទស្សកិច្ចទៅកាន់សាធារណរដ្ឋប្រធិបតេយ្យប្រជាមានិតឡាវ បើតាមការគ្រោងទុក ក្រៅពីចូលរួមកិច្ចប្រជុំផ្លាស់ប្ដូរបទពិសោធន៍រវាង អគ្គលេខាធិការរដ្ឋសភា កម្ពុជា និងអគ្គលេខាធិការរដ្ឋសភាឡាវ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជានិងអញ្ជើញជួបពិភាក្សាការងារទ្វេរភាគីជាមួយលោកស្រី ប្រធានរដ្ឋសភាឡាវ ព្រមទាំងចូលជួបសម្ដែងការសម លោក ប៊ុន ញ៉ាំងវ៉ូរ៉ាជិត ប្រធានាធិបតីនៃសាធារណរដ្ឋប្រធិបតេយ្យប្រជាមានិតឡាវផងដែរ ៕







រដ្ឋសភាកម្ពុជា-វៀតណាម ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំាងទ្វេភាគី និងពហុភាគី

វៀតណាម៖ ក្នុងថ្ងៃទី១នៃដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោក ហេង សំរិន ប្រធានរដ្ឋសភា បានជួបសវនាការ និងពិភាក្សាការងារជាមួយលោកស្រី ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាម នៅវិមានរដ្ឋសភាវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យរឹងមាំ និងគ្រប់ជ្រុងជ្រោយទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
លោក ហេង សំរិន បានជម្រាបប្រធានរដ្ឋសភាវៀតណាមថា រដ្ឋសភាកម្ពុជានៅក្នុងនីតិកាលទី៦ បានកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភាតាមរយៈសកម្មភាពចូលរួមក្នុងវេទិកាសភាអន្តរជាតិនានា សំដៅរួមចំណែកលើកកំពស់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងក្របខណ្ឌតំបន់ និងសកលលោក។ ជាក់ស្តែងនៅឆ្នាំ២០២០ ខាងមុខនេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១។
លោក ហេង សំរិន បានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជា បានពង្រីកបន្ថែមទៀតនូវក្រុមមិត្តភាពសភាកម្ពុជា ជាមួយបណ្តាសភាប្រទេសជាមិត្តក្នុងតំបន់ និងសកលលោក តាមការស្នើសុំពីសភាប្រទេសជាមិត្តភាព និងភាពចាំបាច់របស់រដ្ឋសភាកម្ពុជាខ្លួនឯង។ រដ្ឋសភាកម្ពុជាបានបង្កើតក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្ដី តាំងពីឆ្នាំ២០១៥ សម្រាប់ជាសេនាធិការរបស់រដ្ឋសភា ក្នុងគោលដៅអនុវត្ដគោលនយោបាយ លើកកំពស់សមភាពយេឌ័រ និងផ្ដល់ភាពអង់អាចដល់ស្រ្ដី ចូលរួមក្នុងវិស័យនយោបាយ និងសកម្មភាពសង្គមគ្រប់កម្រិត។
ចំពោះទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជា និងវៀតណាម លោកប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភានៃប្រទេសទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបានយ៉ាងល្អប្រសើរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារសភាទាំងក្នុងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងមន្រ្តីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ រដ្ឋសភាកម្ពុជាបានគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាអន្តរសភា។
លោកស្រី ង្វៀន ធីគីមងិន បានគំាទ្រប្រសាសន៍លើកឡើងរបស់លោកប្រធានរដ្ឋសភា និងបានប្តេជ្ញាចិត្តថា នឹងខិតខំជំរុញទំនាក់ទំនងប្រទេស និងរដ្ឋសភានៃប្រទេសទាំងពីរដែលមានតំាងពីយូរលុង និងជាប្រពៃណីស្រាប់នេះ ឲ្យកាន់តែរឹងមាំឡើង។
លោកស្រី បានគូសបញ្ជាក់ថា ក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងផលប្រយោជន៍សកល ក៏ដូចជាផលប្រយោជន៍រវាងប្រទេសទំាងពីរលោកស្រី នឹងលៃលកពេលវេលា ដើម្បីមកចូលរួមកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ ខាងមុខនោះ។
លោកស្រី បានជម្រាបលោកប្រធានរដ្ឋសភាដែរថា នៅក្នុងឆ្នាំ២០២០នោះ ប្រទេសវៀតណាម នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអន្តរសភាអាស៊ាន (អាយប៉ា) ផងដែរ។
លោកស្រីប្រធានសភាវៀតណាម បានស្នើសុំរដ្ឋសភាកម្ពុជាគំាទ្រ និងចូលរួមកិច្ចប្រជុំខាងលើនេះដែរ។ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ។ លោកស្រីប្រធានរដ្ឋសភា សំណូមពរលោក ហេង សំរិន ជំរុញការផ្លាស់ប្តូរទស្សនកិច្ចរវាងសមាជិករដ្ឋសភាវ័យក្មេង និងសមាជិករដ្ឋសភាស្រ្តី រួមនិងការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍រវាងគណៈកម្មការជំនាញគ្រប់វិស័យ និងនៅក្នុងកម្រិតអគ្គលេខាធិការដ្ឋានផងដែរ ពិសេសការបន្តជំរុញដល់ដំណើរការរៀបចំសន្និសីទប្រចំាឆ្នាំរវាងគណៈកម្មការសេដ្ឋកិច្ច គណៈកម្មការកិច្ចការបរទេស និងគណៈកម្មការការពារជាតិ រវាងរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ឲ្យបានទៀងទាត់ដើម្បីគំាទ្រនិងជំរុញដល់ការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ដែលរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាមបានបង្កើតឡើងនោះ។
ប្រធានរដ្ឋសភាវៀតណាម បានស្នើសុំភាគីកម្ពុជាជួយសម្រួលដល់ការងារស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសវៀតណាមវិញ។
លោកស្រី ង្វៀន ធីគីមងិន បានមានជំនឿយ៉ាងមុតមាំថា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងក្រោមការដឹកនាំរដ្ឋសភារបស់ លោក ហេង សំរិន និងការដឹកនាំរាជរដ្ឋាភិបាល របស់លោក ហ៊ុន សែន ប្រទេសនិងប្រជាជនកម្ពុជានឹងទទួលបានសមិទ្ធផលថ្មីៗបន្តបន្ទាប់ទៀត។
លោក ហេង សំរិន បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេង ដែលរដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរីកចម្រើន ជឿនលឿនយ៉ាងឆាប់រហ័ស ស្របតាមទិសដៅ នៃមហាសន្និបាតលើកទី១២ របស់បក្សកុំម្មុយនីស្តវៀតណាម។ លោកបានអគុណដល់ការគំាទ្ររបស់ប្រទេសវៀតណាមចំពោះកម្ពុជា ពិសេសរដ្ឋសភាកម្ពុជា រាប់តំាងពីការជួយបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយអគាររដ្ឋបាលក្នុងទឹកប្រាក់២៥លានដុល្លារ ដែលនឹងលេចជារូបរាងនៅពេលខាងមុខនេះ។
បន្ទាប់មកលោក ហេង សំរិន និងលោកស្រី ង្វៀន ធីគីមងិន បានចុះហត្ថលេខាលើឯកសារអនុស្សរណៈយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ និងបានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជានិងវៀតណាម ដែលចុះហត្ថលេខាដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងលោក ង្វៀន ហាញ់ហ្វុក ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមផងដែរ ៕








រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ នៅសឹង្ហបូរី

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ (The 18 TISS Shangri-La Dialogue) នៅប្រទេសសិង្ហបុរី ។
សូម ជម្រាប ថា កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នេះ ។
កិច្ចប្រជុំកំពូលនេះ នឹងបើឱកាសដល់ប្រមុខការពារជាតិទាំងអស់ពីគ្រប់ប្រទេស ធ្វើការប្រជុំពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាស្តីពីបញ្ហាសន្តិសុខក្នុងតំបន់ ។
គួរជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចការងារនេះ លោកឧ បនាយក រដ្ឋមន្ត្រី ទៀ បាញ់ នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមក្នុងកិច្ចប្រជុំទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសពាក់ព័ន្ធក្នុងតំបន់ផងដែរ ៕

ធនាគារអភិវឌ្ឍន៍អាស៊ី ADB គ្រោងនឹងផ្តល់ ហិរញ្ញប្បទានប្រមាណ ៩២១,៥ លានដុល្លារ អាមេរិក ដើម្បីកម្ពុជាសម្រេចបាននូវគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោក វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំ បូកសរុបស្តីពីការរៀបចំកម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (Country Operation Business Plan-COBP) ឆ្នាំ២០២០-២០២២ស្ថិតនៅក្រោមក្របខ័ណ្ឌ យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា និងតំណាងមកពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសនោះ លោក វង្សី វិស្សុត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ADB ដែលជាជាដៃគូដ៏ស្មោះត្រង់ និងមានតួនាទីដ៏សំខាន់នៅកិច្ចអភិវឌ្ឍប្រទេសកម្ពុជា។ ជាងនេះទៅទៀត ADB គឺជាស្ថាប័ន ដែលមានបទពិសោធន៍នៅក្នុងកិច្ចការអភិវឌ្ឍន៍នៅក្នុងតំបន់ច្បាស់លាស់ ព្រមទាំងបានចូលរួមយ៉ាងសកម្ម នៅក្នុងការលើកកម្ពស់ភាពជាម្ចាស់ លើគម្រោងអភិវឌ្ឍន៍របស់ប្រទេសសាមី។
សូមជម្រាបផងដែរថា តាមរយៈកម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ២០២០-២០២២ នេះ, ADB គ្រោងនឹងផ្តល់ ហិរញ្ញប្បទានប្រមាណ៩២១,៥លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងការសម្រេចបាននូវគោលដៅក្លាយជាប្រទេស មានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បើគិតទាំងសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល កម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២០-២០២២ របស់ ADB មានទឹកប្រាក់ចំនួនប្រមាណ១ប៊ីលានដុល្លារអាមេរិក ដោយក្នុងនោះ ទំហំហិរញ្ញប្បទានសម្រាប់៖ ១-វិស័យកសិកម្ម, ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ មានទឹកប្រាក់វិនិយោគប្រមាណ ២៥០,៤ លានដុល្លារអាមេរិក, ២-វិស័យអប់រំមានទឹកប្រាក់វិនិយោគប្រមាណ ១០០លានដុល្លារអាមេរិក, ៣-វិស័យថាមពលមានទឹកប្រាក់វិនិយោគប្រមាណ ១០០ លានដុល្លារអាមេរិក, ៤-វិស័យការដឹកជញ្ជូន និងគមនាគមន៍មានទឹកប្រាក់វិនិយោគ ប្រមាណ៨០លានដុល្លារអាមេរិក, ៥-វិស័យសាធារណៈមានទឹកប្រាក់វិនិយោគប្រមាណ១១០លានដុល្លារអាមេរិក, ៦-វិស័យហិរញ្ញវត្ថុ មានទឹកប្រាក់វិនិយោគប្រមាណ៨០លានដុល្លារអាមេរិក, និង៧-វិស័យផ្គត់ផ្គង់ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសេវាកម្ម មានទឹកប្រាក់វិនិយោគប្រមាណ ២៣០,២ លានដុល្លារអាមេរិក។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក វង្សី វិស្សុត ក៏បានស្នើសុំ ADB ពិនិត្យលទ្ធភាពពង្រីកទំហំហិរញ្ញប្បទានបន្ថែមទៀត ហើយការវិនិយោគនេះទៀតសោត ត្រូវជំរុញនៃការប្រើប្រាស់បច្ចេកវិទ្យា (Technological Mainstream) ដែលកន្លងមករាជរដ្ឋាភិបាលបានអនុវត្តកិច្ចការនេះជាមួយដៃគូអភិវឌ្ឍន៍ផេ្សងទៀតផងដែរ។
លោកក៏បានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ត្រូវរៀបចំនូវផែនការវិនិយោគតាមវិស័យរបស់ខ្លួន ដោយផ្អែកលើផែនការមេច្បាស់លាស់ ដើម្បីធ្វើការវិនិយោគជាលក្ខណៈប្រព័ន្ធ ដែលនឹងផ្តល់ផលចំណេញរយៈពេលវែងដល់សេដ្ឋកិច្ច ដោយជៀសវាងការវិនិយោគតាមអភិក្រម «ធ្វើកន្លែងនេះ បន្តិចកន្លែងនោះបន្តិច» (Piece Meal Approach) ដែលអាចនឹងខាតបង់ធំទៅថ្ងៃក្រោយ។ទន្ទឹមនេះ ក្នុងកិច្ចការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង លោកបានស្នើឲ្យ ADB សិក្សាជាកញ្ចប់លើបញ្ហាអគ្គិសនី, ការគ្រប់គ្រងកាកសំណល់រឹង រាវ និងការប្រើប្រាស់ទឹក នៅខេត្តសៀមរាប និងទីក្រុងបាវិតនៃខេត្តស្វាយរៀង ដែលជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទាន គម្រោងអភិវឌ្ឍន៍នានា មានទឹកប្រាក់សរុបចំនួនប្រមាណ ៣,១៩៤លានដុល្លារអាមេរិក ដែលក្នុងនោះឥណទានសម្បទានចំនួនប្រមាណ ២,៧០៤លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៤៩០លានដុល្លារអាមេរិក។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍នានានៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានា សម្រេចឲ្យបាននូវចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង៕







Tuesday, May 28, 2019

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ

កំពង់ឆ្នាំង៖ ដើម្បីពង្រឹងនៃការអនុវត្តនៃការប្រមូលពន្ធអោយកាន់តែមានប្រសិទ្ធភាពនោះ សាខាពន្ធដារ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋាននៃការគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទិ្ធកាន់កាប់អចលនទ្រព្យដល់មន្រ្តីនិងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តកំពង់ឆ្នាំងដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩  ក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

លោក លោក វង្ស ឌីណា  ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កន្លងទៅរាជរដ្ឋាភិបាលបានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញនៅឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា ដែលបាននិងកំពុងអនុវត្តអស់រយៈពេលជិត១០ឆ្នាំកន្លងមកហើយដើម្បីស្របតាមការរីកចម្រើន នៅកម្ពុជាក៏ដូចជានៅក្នុងបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញនូវប្រកាសស្ដីពីការកំណត់ មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដាឆ្នាំ ២០១៩ នេះតទៅ។

បើយោងតាមប្រកាសថ្មីនេះ ការកំណត់តម្លៃ គឺមិនឲ្យលើសពី ៧០% នៃតម្លៃជាក់ស្តែងនៅលើទីផ្សារនៅឡើយ ក្រៅពីការធ្វើបច្ចុប្បន្នភាព តម្លៃប្រការនេះ ក៏មានការកែសម្រួលទាក់ទងទៅនឹងភូមិសាស្ត្រនានា ដោយបន្ថែមឬកែសម្រួល កំណត់ផ្លូវមេបន្ថែមតំបន់អភិវឌ្ឍន៍ ដែលទើបតែបង្កើតថ្មីជាដើម។

ថ្លែងក្នុងឧកាសនោះ លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា សិក្ខាសាលាស្តីពីការផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ នេះគឺពិតជាមានសារៈសំខាន់ធ្វើឡើងក្នុងគោលបំណងអោយមន្រ្តីរាជការរបស់យើង ទាំងថ្នាក់ដឹកនាំខេត្ត ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ដែលជាអ្នកអនុវត្តផ្ទាល់ទទួលបាននៅចំណេះដឹងក្នុងការចែករំលែកទៅដល់មូលដ្ឋាន។ លោកបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ អោយកាន់តែស៊ីជម្រៅថែមទៀត ក្នុងនោះបានលើកឡើងនៅវិធានការបង្កើនប្រសិទិ្ធភាពក្នុងការគ្រប់គ្រង និងការប្រមូលពន្ធអោយកាន់តែកាន់តែមានតម្លាភាព អង្គសិក្ខាសាលាដែលរៀបចំនាពេលនេះ ក៏ជាផ្នែកមួយនៃកិច្ចការសំខាន់ៗដទៃទៀតរបស់សាខាពន្ធដារខេត្តក្នុងការប្រមូលពន្ធជូនរដ្ឋប្រកបដោយជោគជ័យតាមផែនការសកម្មភាពដែលក្រសួងបានកំណត់៕





លោកអ៊ុំ រាត្រី៖ ប្រទេសជាតិរីកចម្រើនវិស័យសាសនាក៏មានភាពរីកចម្រើនដើរទន្ទឹមគ្នា

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្រោមម្លប់សុខសន្តិភាព និងការរីកចម្រើន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងបានគិតគូចំពោះសាសនិកឥស្លាម និងសាសនាដទៃទៀត ដោយគ្មានការរើសអើងនិន្នាការសាសនានោះឡើយ។

លោកអភិបាលខេត្តបានថ្លែងបែបនេះ នៅក្នុងឱកាសចូលរួមជាអធិបតីពិធីស្រាយបួសរ៉ាម៉ាឌន នៃសាសនាឥស្លាមខេត្តបន្ទាយមានជ័យ ជាមួយថ្នាក់ដឹកនាំគ្រួសារឥស្លាមខេត្ត មកពីបណ្តាក្រុង ស្រុក ក្នុងខេត្ត នៅម៉ាស្ទិតឌើរុសសាឡាម ភូមិរោងម៉ាស៊ីន សង្កកាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៧ឧសភា។

លោកអ៊ុំ រាត្រីរី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងមនោសញ្ចេតនារីករាយ និងអបអរសាទរ ជូនពរដល់គ្រួសារសាសនិកឥស្លាមទាំងអស់ ក្នុងឱកាសខែបួសរ៉ាម៉ាឌន ដែលប្រព្រឹត្តិទៅរយៈពេល ២២ថ្ងៃ និងអបអរសាទរសម្រាប់ថ្ងៃជួបជុំគ្នាក្នុងវេលាស្រាយបួល ក្នុងបរិយាសរីករាយ និងសាទរ។

លោកអភិបាលខេត្តបានបញ្ជាក់ទៅកាន់សាសនិកឥស្លាមថា ក្រោមម្លប់សុខសន្តិភាព និងការរីកចំរើន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់គិតគូរចំពោះសាសនិកឥស្លាម ដោយគ្មានការរើសអើងនិន្នាការសាសនានោះឡើយ។ ប្រទេសជាតិរីកចម្រើន វិស័យសាសនាក៏មានភាពរីកចម្រើន ដើរទន្ទឹមគ្នា មានភាពសុខុមនីយកម្មសាសនា មានភាពសុខុមក្នុងគ្រប់គ្រួសារ ប្រទេសជាតិមានរីកចម្រើន។

ជាមួយគ្នានោះ លោកអភិបាលក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងសាសនិកឥស្លាមទាំងអស់ដែលបានចូលរួមសកម្មភាពការងារក្នុងសង្គម ជាមួយរដ្ឋបាលមូលដ្ឋាន អាជ្ញាធរដែនដីគ្រប់ថ្នាក់ ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍មូលដ្ឋាន។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានផ្តល់ថវិកាឧបត្ថម្ភ ១លានរៀល និងលោកអភិបាលក្រុងសិរីសោភ័ណថវិកាមួយចំនួនផងដែរ។

លោក ម៉ាត់ ហ៊ីម អ៊ីមាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សាសនិកឥស្លាមរស់នៅក្នុងខេត្ត មានវិហារឥស្លាម ១០ភូមិ មានសូរ៉ាវ៤ ដែលមានចំណុះគ្រួសារមានចំនួន ១៩៣៥គ្រួសារ សរុបមនុស្សរួម ៧៧៤០នាក់៕