Wednesday, January 24, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 


នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមជូនចំពោះ សម្ដេចធិបតី និងក្រុមគ្រួសារ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញជំនឿយ៉ាងមុតមាំផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី កម្ពុជានឹងសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់បន្ថែមទៀត។  ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ភាគីវៀតណាមនៅក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលេីគ្រប់វិស័យរវាងប្រទេសទាំងពីរ  ឱ្យកាន់តែរស់រវើកបន្ថែមទៀត  ជាពិសេសលើផ្នែកនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាពហុភាគី។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាតិ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការពង្រីកកិច្ចសហប្រតិបត្តិការ លេីវិស័យឌីជីថល រវាង ក្រសួង នគរបាលវៀតណាម  និង ក្រសួង មហាផ្ទៃកម្ពុជា  តាម រយៈ ការ  ចែករំលែក ព័ត៌មាន   និង ផ្លាស់ ប្តូរ បទ ពិសោធន៍ លេីវិ័ស័យឌីជីថលនេះ  ដោយសារ វៀតណាម ក៏បាន និងកំពុង មាន កិច្ចសហប្រតិបត្តិការ លេីវិស័យឌីជីថលនេះ  ជាមួយ នឹង សិង្ហបុរី  និង ម៉ាឡេស៊ីផងដែរ។ 

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និង ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាម ជាពិសេសកិច្ចប្រតិបត្តិការក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបទល្មើសផ្សេងៗទៀតផងដែរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏ស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដែលភាគីវៀតណាមនឹងចែករំលែកនូវបទពិសោធន៍នេះជាមួយនឹងក្រសួងមហាផ្ទៃកម្ពុជាផងដែរ។

មុននឹងបញ្ចប់ សម្តេចធិបតី និង ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការកសាងធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរសិក្ខាកាមនៃប្រទេសទាំងពីរលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណ:។




សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការហួសចិត្តចំពោះអ្នករិះគន់ថា រាជរដ្ឋាភិបាលបង្ហាញយន្តូបករណ៍កងទ័ពដើម្បីបន្លាចប្រជាជន



ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ - ២៤ មករា ២០២៤ ដែលប្រារព្ធនៅខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការហួសចិត្តចំពោះអ្នករិះគន់មួយចំនួនដែលបានលើកឡើងថា រាជរដ្ឋាភិបាលបង្ហាញយន្តូបករណ៍កងទ័ពដើម្បីបន្លាចប្រជាជន និងទុកសម្រាប់វាយប្រជាជន។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មយោធា ក៏ដូចជាការបង្ហាញរថយន្តដឹកជញ្ជូនកងទ័ព គឺដើម្បីការពារជាតិ និងបម្រើផលប្រយោជន៍ជូនប្រជាជន មិនដូចជាការលើកឡើងរបស់មតិរិះគន់មួយចំនួននោះទេ។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ជាក់ស្តែងនៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ទទួលរងគ្រោះពីជំងឺកូវីដ-១៩ យើងឃើញតែរថយន្តដឹកជញ្ជូនកងទ័ពនេះហើយ ដែលដឹកស្បៀងអាហារជួយសង្រ្គោះប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់។ សម្តេចធិបតីបានបន្តថា នៅក្នុងគ្រាដែលមានគ្រោះអាសន្នដូចជាទឹកជំនន់ជាដើម យើងឃើញយានយន្តទាំងនេះដឹកស្បៀងអាហារ និងកងកម្លាំងដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋជានិច្ច៕





សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើសន្តិភាវូបនីយកម្ម គឺជាស្នូលនៃការបង្រួបបង្រួមជាតិ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្នូលនៃការបង្រួបបង្រួមជាតិគឺការធ្វើសន្តិភាវូបនីយកម្ម ហើយសន្តិភាវូបនីយកម្មនេះបានន័យថា គឺការធ្វើយ៉ាងណាអោយសន្តិភាពដែលយើងទើបតែទទួលបាននៅឆ្នាំ ១៩៩៨ មានចរីភាព និងមាននិរន្តភាព។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអនុវត្តជោគជ័យនូវនយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិចប់សង្រ្គាម ថែរក្សាបាននូវសន្តិភាព ការឯកភាពទឹកដីពេញលេញ ការបង្រួបបង្រួមឯកភាពជាតិពេញលេញ និងការបង្រួបបង្រួមទឹកដី ដែល ៥០០ ឆ្នាំកន្លងទៅ យើងមិនដែលមាន។ សម្ដេចបន្តថា នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាននៃកងយោធពលខេមរភូមិន្ទទាំងអស់ ជាពិសេសកងទ័ពជើងគោក។


នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ - ២៤ មករា ២០២៤»  នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរ និងដឹងគុណចំពោះនាយទាហានទាំងអស់នៅក្នុងដំណាក់កាលដ៏លំបាកនេះ៕





សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពជាកម្លាំងស្នូលក្នុងការចូលរួមថែរក្សាសុខសន្តិភាព


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា មូលដ្ឋានធំបំផុតរបស់កម្ពុជា គឺសុខសន្តិភាព និងស្ថិរភាពសង្គម។ បើគ្មានសន្តិភាព យើងមិនអាចអភិវឌ្ឍប្រទេស និងធានាបានការឯកភាពទាំងជាតិ ទាំងការឯកភាពកងទ័ពបានឡើយ។ 


សម្តេចធីបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានវិវដ្ដខ្លួនពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ អត្រានៃភាពក្រីក្របានធ្លាក់ចុះជាលំដាប់ ដោយសារតែកម្ពុជាមានសុខសន្តិភាព។ ហើយសុខសន្តិភាពដែលកម្ពុជាមាននាពេលបច្ចុប្បន្ននេះ គឺបានមកពីការចូលរួមចំណែកដ៏សំខាន់ពីសំណាក់កងទ័ព។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាពដែលសម្តេចបានចូលរួមចំណែកនាពេលកន្លងមក ក្នុងការដឹកនាំធ្វើកំណែទម្រង់និងអភិវឌ្ឍន៍កងទ័ព តាមរយៈការពង្រឹងសមត្ថភាពកម្លាំងទ័ព និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ដើម្បីថែរក្សាសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។


សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កន្លងមកកងទ័ពបានថែរក្សានិងកសាងសមិទ្ធិផលនានា បម្រើឲ្យការអភិវឌ្ឍ ក្នុងនោះមានការចូលរួមជួយប្រជាពលរដ្ឋ ការថែរក្សាសន្តិភាព សន្តិសុខសង្គម និងការជួយសង្គ្រោះពលរដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗ កាងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាដើម នៅក្នុងតំបន់អតីតសមរភូមិ និងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការចូលរួមបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ។ សម្តេចបានបន្តថា កងទ័ពកម្ពុជា មិនត្រឹមតែការពារសុខសន្តិភាពក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយការពារសុខសន្តិភាពនៅបណ្តាប្រទេសផ្សេងៗទៀតលើសកលលោកទៀតផង។


សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអំពាវនាវជាថ្មីម្តងទៀតដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវតែការពារនូវសុខសន្តិភាពឲ្យខាងតែបានគ្រប់កាលៈទេសៈទាំងអស់ ខណៈសន្តិភាពនេះហើយដែលធានាបាននូវការអភិវឌ្ឍប្រទេសជាតិរបស់យើង៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា គ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណាមួយនោះទេ


ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ - ២៤ មករា ២០២៤ ដែលប្រារព្ធនៅខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាកម្ពុជា បានខិតខំធ្វើទំនើបកម្មយោធា និងពង្រឹងសមត្ថភាពកងទ័ពដើម្បីការពារជាតិនិងប្រជាជន ហើយកម្ពុជាគ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណាមួយនោះទេ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាមានសិទ្ធិក្នុងការពង្រឹងសមត្ថភាពកងទ័ព ដូចបណ្តាប្រទេសផ្សេងៗដែរ ហើយកម្ពុជាគ្មានបំណងទៅបង្កើតសង្រ្គាមជាមួយអ្នកណានោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជា ធ្វើទំនើបកម្មកងទ័ពនេះ ក៏ដើម្បីចូលរួមក្នុងការថែរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពអាចជាអ្នកផ្តើមសង្រ្គាម ហើយក៏អាចជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការបញ្ចប់សង្រ្គាមផងដែរ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាលជាង ៤០ ឆ្នាំនៃការវិវឌ្ឍប្រែប្រួលនៃស្ថានភាពប្រទេសជាតិ កងទ័ពជើងគោកបានចូលរួមគ្រប់ដំណាក់កាលទាំងអស់ ទោះបីជាមិននៅក្រោមឆត្រនៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលទើបតែបង្កើតនៅឆ្នាំ ១៩៩៩ ក៏ដោយ។ 

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កងទ័ពគឺជាកម្លាំងមួយដ៏សំខាន់ ព្រោះកងទ័ពអាចផ្តើមសង្រ្គាម ហើយក៏អាចដើរតួយ៉ាងសំខាន់ក្នុងការបញ្ចប់សង្រ្គាមផងដែរ ពោលគឺនៅក្នុងទស្សវត្សរ៍ទី ៧០ រដ្ឋប្រហារកើតឡើងដោយសារកងទ័ព ធ្វើអោយប្រទេសធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ការប្រយុទ្ធគ្នា បែកបាក់ទឹកដី។ ដោយឡែកនៅឆ្នាំ ១៩៩៨ ដោយមានការចូលរួមពីកងទ័ពពីគ្រប់ភាគី ជាពិសេសកងទ័ពអតីតខ្មែរក្រហម ទើបកម្ពុជាទទួលបានសន្តិភាពពិតប្រាកដ។ បើគ្មានការចូលរួមពីសំណាក់កងទ័ពទេ ពីសំណាក់បណ្តាមេបញ្ជាការតាមបណ្តាអង្គភាពកងពលទេ នោះការចូលរួមរបស់មេដឹកនាំនយោបាយក៏មិនទទួលបានជោគជ័យដែរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដំណាក់កាលជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះរបស់អគ្គមហាសេនាបតីតេជោ គឺមិនអាចខ្វះបានការចូលរួមរបស់ប្រតិបត្តិករសំខាន់ៗនោះទេ ក្នុងនោះកងទ័ពគឺជាអ្នកដើរតួនាទីស្នូល។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ - ២៤ មករា ២០២៤»  នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រទេសមួយដែលធ្លាប់តែទទួលរងនូវការភ័យខ្លាចនិងឯកោ បច្ចុប្បន្នបានថ្លាស់ប្តូរមុខមាត់ថ្មីសន្លាង

 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាពីមុនដែលធ្លាប់បានហែកហួរដោយសារសង្គ្រាម ធ្លាប់តែល្បីថាជាវាលពិឃាដ ជាតំបន់អសន្តិសុខ គេភ័យខ្លាចគ្រប់ៗគ្នា ឥឡូវនេះបានក្លាយទៅជារដ្ឋអធិបតេយ្យ និងជារដ្ឋឯករាជ្យ ដែលមានសុខសន្តិភាព នីតិរដ្ឋ និងស្ថិរភាពនយោបាយ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសរីពហុបក្ស និងមានព្រះមហាក្សត្រគោរពដ៏ខ្ពង់ខ្ពស់ ទ្រង់គង់ជាម្លប់ដ៏ត្រជាក់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក 

(២៤ មករា ១៩៩៩ ~ ២៤ មករា ២០២៤)។


សម្តេចធិបតី បានថ្លែងបន្តថា កម្ពុជាពីមុនធ្លាប់បានដាក់ឱ្យឯកោទាំងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះកម្ពុជា បានធ្វើសមារណកម្មពេញលេញនៅក្នុងរចនាសម្ព័ន្ធក្នុងតំបន់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការថែរក្សាសណ្តាប់ធ្នាប់ និងសន្តិភាពក្នុងសកលលោក ក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ៕








សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពត្រូវការពារឱ្យបានដាច់ខាតនូវស្ថាប័នជាតិ សាសនា ព្រះមហាក្សត្រ


ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ - ២៤ មករា ២០២៤ ដែលប្រារព្ធនៅខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពពិតជាបានដើរតួយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការការពារឱ្យបានដាច់ខាតនូវស្ថាប័នជាតិ សាសនា ព្រះមហាក្សត្រ ជាពិសសកងទ័ពត្រូវប្តេជ្ញាការពារជាតិឱ្យខាងតែបាន ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដូចកាលពីអតីតកាល។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីឆ្នាំ១៩៩៩ គឺជាចំណាត់ការដ៏ត្រឹមត្រូវបំផុត ខណៈកងទ័ពជើងគោកបានចូលរួមប្រតិបត្តិការយ៉ាងសកម្ម ក្នុងការប្រមូលផ្តុំកងទ័ពគ្រប់ភាគីទាំងអស់ ចូលរួមក្នុងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ រួមទាំងបានការពារនូវយន្តការជាច្រើនទៀត ធ្វើឱ្យកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍ រហូតដល់សព្វថ្ងៃនេះ។


លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យកងទ័ពទាំងអស់ ត្រូវតែចូលរួមថែរក្សាឱ្យបាននូវសមិទ្ធផលសុខសន្តិភាពដែលយើងរកបានដោយលំបាក ព្រមទាំងការពារនូវសមិទ្ធផលទាំងឡាយនៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។ សម្តេចធិបតី បានបន្តថា កងទ័ពក៏ត្រូវពង្រឹងខ្លួនដើម្បីកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិនិងប្រជាជនកម្ពុជាផងដែរ៕





សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជ័យជម្នះ ៧មករា នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ

 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្តើមចេញពីជ័យជម្នះថ្ងៃ ៧មករា កម្ពុជាបានឈានទៅមុខឥតឈប់ឈរ ទៅតាមទិសដៅដ៏ត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក 

(២៤ មករា ១៩៩៩ ~ ២៤ មករា ២០២៤)។


សម្តេចធិបតី បានថ្លែងបន្តថា នៅក្នុងរយៈពេល ៤៥ឆ្នាំ កន្លងទៅនេះ គឺជារយៈពេលនៃសាមគ្គីភាព ពីព្រោះថ្ងៃ ៧មករា គឺជាចំណុចសូន្យនៃការចាប់ផ្តើមកសាងឡើងវិញនូវសមិទ្ធផលគ្រប់បែបយ៉ាងរបស់ប្រជាជន និងសង្គមកម្ពុជា រួមទាំងអាយុជីវិត ប្រពៃណី ជំនឿ សាសនា លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីទើបបង្កើតក្នុងរយៈពេល ២៥ ឆ្នាំក៏ដោយ ប៉ុន្តែកងទ័ពជើងគោកបានចូលរួមគ្រប់ដំណាក់កាលនៃការអភិវឌ្ឍប្រទេសជាតិ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសង្រ្គាម និងធ្លាប់តែល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខដែលគ្រប់គ្នាភ័យខ្លាច ឥឡូវបានប្រែក្លាយជារដ្ឋអធិបតេយ្យនិងឯករាជ្យ ដែលមានសុខសន្តិភាព នីតិរដ្ឋ និងស្ថិរភាពនយោបាយ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់ ទ្រង់គង់ជាម្លប់ដ៏ត្រជាក់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្ពុជាដែលត្រូវបានដាក់អោយឯកោទាំងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានធ្វើសមាហរណកម្មពេញលេញ ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិភាពនៅក្នុងសកលលោក ក្រោមឆត្រនៃអង្គការសហប្រជាជាតិ។


នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ - ២៤ មករា ២០២៤» នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណុចទាំងអស់នេះបញ្ជាក់អោយឃើញថា ទោះបីជាបញ្ជាការដ្ឋានកងទ័ពជើងគោកទើបតែបង្កើតក្នុងរយៈពេល ២៥ ឆ្នាំ ក៏ដោយ ប៉ុន្តែកងកម្លាំងរបស់កងទ័ពជើងគោក ពោលគឺនាយទាហាន នាយទាហានរង និងពលទាហាន បានចូលរួមក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍប្រទេសជាតិ រាប់ចាប់ពីការចូលរួមកសាងរណៈសិរ្សសាមគ្គីសង្រ្គោះជាតិឆ្នាំ ១៩៧៨ ផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពកម្ពុជា បានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ


ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ - ២៤ មករា ២០២៤ ដែលប្រារព្ធនៅខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពកម្ពុជា មិនត្រឹមតែបានចូលរួមថែរក្សាសុខសន្តិភាពរបស់ប្រទេសជាតិយើងនោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា ក្រោមឆត្រនៃអង្គការសហប្រជាជាតិទៀតផង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា យើងមិនត្រូវបានអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពនៅក្រៅប្រទេសបានទេ លើកលែងតែនៅក្រោមឆត្រអង្គការសហប្រជាជាតិ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តចូលរួមក្នុងការថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ព្រោះកម្ពុជាយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភ្លើងសង្គ្រាម៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រារព្ធឡើងនៅពេលដែលកម្ពុជាសម្រេចបានសមិទ្ធិផលធំៗជាច្រើនលើគ្រប់វិស័យ

 


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រារព្ធធ្វើឡើងនៅពេលដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធិផលធំៗជាច្រើនលើគ្រប់វិស័យ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏បាននិងកំពុងបន្តឈានទៅប្រកបដោយភាពជឿជាក់លើមាគ៌ាសុខសន្តិភាព និងការអភិវឌ្ឍ ជាមួយនិងសមិទ្ធិផលថ្មីៗរបស់ខ្លួនលើឆាកអន្តរជាតិ ខណៈពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងរស់នៅយ៉ាងសុខដុមរមនា ប្រកបដោយសេចក្តីសុខ និងផ្លែផ្កានៃសុខសន្តិភាព។


ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោពលខេមរភូមិន្ទដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជំនះគ្រប់ឧបសគ្គក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិកម្ពុជា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ - ២៤ មករា ២០២៤» នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចូលរួមរបស់កងទ័ព អាចធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាមបានជោគជ័យ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន


ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ - ២៤ មករា ២០២៤ ដែលប្រារព្ធនៅខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពមានបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព ហើយការចូលរួមរបស់កងទ័ព អាចធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាមបានជោគជ័យ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កងទ័ពគឺជាអ្នកបង្កើតសង្រ្គាមផង ហើយក៏ជាអ្នកដែលចូលរួមក្នុងការបញ្ចប់សង្រ្គាមផងដែរ ជាពិសេសក្នុងដំណាក់កាលនៃការអនុវត្តនយោបាយឈ្នះឈ្នះ ដើម្បីនាំមកនូវសុខសន្តិភាពពេញលេញជូនជាតិ និងប្រជាជនកម្ពុជា។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា បើពុំមានការចូលរួមពីសំណាក់កងទ័ពគ្រប់ភាគី ដែលនាំមកនូវការទុកចិត្តគ្នាទេ នោះយើងនឹងមិនអាចសម្រេចបាននូវជោគជ័យនៃនយោបាយឈ្នះឈ្នះបានទេ៕




សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន

 CMF:

ឯកឧត្តម លោកជំទាវ លោក លោកស្រី
គណៈធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
អង្គពិធីទាំងមូលជាទីមេត្រី

ថ្ងៃនេះ ខ្ញុំមានសេចក្តីសប្បាយរីករាយ ដែលបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤» របស់ក្រសួងព័ត៌មាន នាពេលនេះ។

អង្គសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យព័ត៌មាននេះ ពិតជាមានសារៈសំខាន់ ដើម្បីឆ្លុះបញ្ចាំងលទ្ធផលការងារសម្រេចបាននាពេលកន្លងទៅ ក៏ដូចជាបញ្ហាប្រឈម និងការកំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំបន្ទាប់។ កិច្ចពិភាក្សា និងការផ្លាស់ប្តូរយោបល់ តាមជំនាញ បទពិសោធន៍ និងឧត្តមានុវត្តន៍របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន គ្រប់ជាន់ថ្នាក់ ភាគីពាក់ព័ន្ធនានា និងអ្នកចូលរួមក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ នឹងផ្តល់ជាធាតុចូលយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា ឱ្យបានល្អ សំដៅបម្រើផលប្រយោជន៍ឱ្យបានច្រើនជាអតិបរមា ជូនជាតិមាតុភូមិនៃយើង។

តាមរយៈរបាយការណ៍បូកសរុប និងទិសដៅការងាររបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស លទ្ធផលការងារក្នុងរយៈពេលជិត ៥ខែដំបូងរបស់ក្រសួងព័ត៌មាន ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដែលបាននិងកំពុងជំរុញប្រែក្លាយក្រសួងព័ត៌មាន ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព និងបុរេសកម្ម។ ខ្ញុំក៏សូមយកឱកាសនេះ សម្តែងនូវការដឹងគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានដឹកនាំក្រសួងព័ត៌មាន បានយ៉ាងល្អប្រសើរក្នុងរយៈពេលជាង ២ ទសវត្សរ៍មកនេះ និងថែមទាំងបានបណ្តុះបណ្តាលមន្ត្រីជាច្រើនរូប ឱ្យក្លាយជាថ្នាក់ដឹកនាំ និងមន្ត្រីបន្តវេនដ៏មានសក្តានុពលរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈអាជីព ក្នុងការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និងរហ័សទាន់សភាពការណ៍ ទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសភាពការណ៍ពិតប្រាកដជាក់ស្តែងនៅកម្ពុជា។

ក្នុងន័យនេះ ខ្ញុំសូមគាំទ្រចំពោះដំណើរការនៃការងារកែទម្រង់ និង ពង្រឹងអភិបាលកិច្ចល្អ ដោយយកចិត្តទុក ដាក់លើការធានានូវគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការរៀបចំសណ្ដាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ដោយផ្អែកលើ អភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន »។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

(១) គាំទ្រវិធានការកែសម្រួលនិងពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុង ពង្រឹងធនធានមនុស្ស

ខ្ញុំក៏សូមគាំទ្រទៅលើវិធានការណ៍ជាក់ស្ដែងរបស់ក្រសួង ក្នុងការកែសម្រួល ពិនិត្យនៅក្នុងពង្រឹងរចនាសម្ព័ន្ធផ្ទៃ​ក្នុងរបស់ក្រសួង ការពង្រឹងធនធានមនុស្ស និងការរៀបចំប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ ការបែងចែកនិងបង្កើតសមត្ថភាពធនធានដែលមានស្រាប់។ នេះជាគោលដៅសំខាន់នៅក្នុងការពង្រឹងស្ថាប័ន គឺប្រើប្រាស់ឱ្យអស់លទ្ធភាពនូវអ្វីដែលយើងមាន។ ត្រូវពិនិត្យមើលតើហេដ្ឋារចនាសម្ព័ន្ធសមស្របទៅតាមសភាពការណ៍ជាក់ស្ដែង ឬមួយក៏មិនទាន់សមស្រប។ ការត្រួតស៊ីគ្នាយ៉ាងណា​ ឱ្យទាន់នូវសម័យឌីជីថល។ យើងមិនអាចប្រែក្លាយឧបករណ៍អាណាឡូក (Analog) ទៅឌីជីថលនោះទេ បើសិនជាយើងគ្មានរចនាសម្ព័ន្ធសម្រាប់អនុវត្ត រៀបចំផែនការ ដឹកនាំអនុវត្តប្រើប្រាស់ប្រព័ន្ធថ្មី​ត្រឹមត្រូវ មិនមានបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងវា ហើយមិនមានធនធានមនុស្សប្រើប្រាស់និងដឹកនាំ​ដោយមានប្រសិទ្ធភាព ដើម្បីទាញផលប្រយោជន៍អំពីឧបករណ៍ និងបច្ចេកវិទ្យាទំនើបនោះបានដែរ។

(២) កែសំរួលប្រព័ន្ធលើកទឹកចិត្ត សំខាន់ក្នុងការរៀបចំធនធានមនុស្សនិងលើកទឹកចិត្តកំណែទំរង់

ការកែសម្រួលប្រព័ន្ធលើកទឹកចិត្ត គឺជាការសំខាន់ក្នុងការរៀបចំធនធានមនុស្ស និងការលើកទឹកចិត្តក្នុងកំណែទម្រង់ ពង្រឹងរបស់យើងនេះ ក្នុងអាណត្តិទី៧ គឺយកមនុស្សជាគោល។ ការពង្រឹងសមត្ថភាព សុខភាព ចំណេះដឹងរបស់ធនធានមនុស្សយើងតាំងពីក្រោមមក។ នៅក្នុងក្រសួងស្ថាប័ន គឺយកមនុស្សជាគោល, មន្រ្តីរាជការជាគោល ក្នុងការជ្រើសរើសមន្រ្តី ការរៀបចំ ការផ្ដល់ ការចាត់តាំងផ្សេងៗ និងការបណ្ដុះបណ្ដាល ដើម្បីបង្កើនប្រសិទ្ធភាព។ យើងដាក់ទិសដៅជាសូចនាករសមិទ្ធកម្មជាច្រើនដែលក្រសួងចង់ធ្វើ តែត្រូវមើលខ្លួនឯងសិន តើសុខភាពយើងមាំឬនៅ? ត្រូវពង្រឹងខ្លួនឯង រៀបផ្ទះឱ្សស្អាត សុខភាពឱ្យមាំ។ មន្រ្តីរបស់យើង ការបែងចែកតួនាទីភារកិច្ចរឹងមាំ ទើបយើងឈានទៅអាចសម្រេចបាននូវគោលដៅដែលដាក់ចេញ ហើយមានចីរភាពនិងភាពធន់។ ខ្ញុំសូមគាំទ្រចំពោះការដាក់ចេញនូវគោលការណ៍និងវិធានការ ៣ចំណុច អម្បាញ់មិញដែលបានលើកឡើង ទៅលើ ៣មុំ នៃការពង្រឹងស្ថាប័ន។

[ចប់សេចក្ដីអធិប្បាយ១]

វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់ ក្នុងការបង្កើតខ្លឹមសារ និង ជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិ និងការបង្ហាញអំពីតថភាពសង្គម និងការអភិវឌ្ឍ។ ជាក់ស្តែង ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសកន្លងមក, វិស័យព័ត៌មានបានរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗ ដូចជា៖

ទី១. ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ,

ទី២. បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល,

ទី៣. ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង,

ទី៤. ជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់, និង

ទី៥. ចូលរួមកែលម្អសង្គម តាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព និងជាអ្នកផ្ដល់ធាតុចូលក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល​។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(៣) សិទ្ធិទទួលបានព័ត៌មាន ពីគ្រប់មធ្យោបាយអំពីសង្គមជាតិនិងជីវភាពប្រចាំថ្ងៃ

សារព័ត៌មានជាអំណាចទី៤។ អំណាចនេះ បើប្រើប្រាស់ត្រឹមត្រូវ គឺមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រ​ទេសជាតិរបស់យើង សម្រាប់ថែរក្សាសន្ដិភាព ស្ថិរភាព សម្រាប់ផ្ដល់ថាមពលឱ្យប្រជាពលរដ្ឋយើង អាចធ្វើការសម្រេចចិត្ត ក៏ដូចជា រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការប្រសិទ្ធភាព។

ទី១ ប្រជាពលរដ្ឋយើងមានសិទ្ធិទទួលបានព័ត៌មាន ដែលពាក់ព័ន្ធនឹងសង្គមជាតិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ តាមរយៈការទទួលបាននូវព័ត៌មានពីគ្រប់មធ្យោបាយគ្រប់ច្រក។ យើងឃើញថា បច្ចេកវិទ្យាទំនើបបានធ្វើវិមជ្ឈការការប្រមូលនិងផ្ដល់ព័ត៌មាន។ ឥឡូវយើងមានជាង ២០០០ អង្គភាពសារព័ត៌មាន ហើយភាគច្រើនអត់ត្រូវការច្រើនទេ។ ពីមុន ដើម្បីបង្កើតសារព័ត៌មានមួយត្រូវមានរោងពុម្ភ ត្រូវមានអ្នកសរសេរ ត្រូវមានថវិកាជួលផ្ទះ ការប្រតិបត្តិការថ្លៃណាស់។ ឥឡូវគឺ TV online បង់តែថ្លៃអ៊ីនធើណែត មានតែអាជ្ញាប័ណ្ណ ហើយមានបុគ្គលិក។ ជួនកាល ប៉ុន្មាននាក់អាចធ្វើបានដូចគ្នា។ នេះហើយ គឺអំណាចនិងវិមជ្ឈការនៃលទ្ធភាពក្នុងការធ្វើ។ សម្រាប់ប្រជាពលរដ្ឋ អ្នកទទួលព័ត៌មាន ក៏គាត់នឹងបានច្រើនប្រភព ដើម្បីធ្វើការសម្រេចចិត្តនិងអាចដឹង។ គ្រាន់តែរៀបចេញពីផ្ទះ ក៏អាចដឹងថាផ្លូវណាក៏ស្ទះ។ Google ឬមួយក៏(ប្រភព)ព័ត៌មាន(ខ្លះ)អាចចេញអស់។ ស្ថានភាពទឹកជំនន់ ស្ថានភាពអីយ៉ាងម៉េច? ភ្លៀង(នៅខេត្តណាខ្លះ)។ នេះគឺជាការទទួលព័ត៌មានពិតប្រាកដ។

(៤) ព័ត៌មានពិត រហ័ស គ្រប់ជ្រុងជ្រោយ ជួយដល់ការមានវិធានការនិងដំណោះស្រាយចំគោលដៅ/ប្រសិទ្ធភាព

ទី២ រាជរដ្ឋាភិបាលថ្នាក់ជាតិ និងក្រោមជាតិ ក៏ត្រូវការព័ត៌មានពិត រហ័សទាន់ពេលវេលាគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញនូវវិធានការ និងដំណោះស្រាយទាន់ពេលវេលា ចំគោលដៅ និងប្រសិទ្ធភាពខ្ពស់។ នៅក្នុងរយៈពេល ៥ ខែនេះ, ឥឡូវថ្ងៃទី ២៣(មករា​២០២៤), រដ្ឋាភិបាលបាន ៥ខែ ១ថ្ងៃគត់។ ខ្ញុំបានដោះស្រាយបញ្ហាជាច្រើន គឺតាមរយៈការទទួលបានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ ខ្ញុំដោះស្រាយផ្ទាល់ ហើយខ្ញុំបញ្ជូនទៅឱ្យស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិចាត់វិធានការដោះស្រាយផ្ទាល់ ភ្លាមៗ។ ពិតណាស់ ព័ត៌មានទាំងអស់ដែលផ្សព្វផ្សាយតាម(បណ្ដាញសង្គម)នោះ​ មិនមែនសុទ្ធតែព័ត៌មានគ្រប់ជ្រុងជ្រោយ ឬមួយក៏ព័ត៌មានទាំងអស់(ពិតនោះទេ) ប៉ុន្តែព័ត៌មានណាដែលយើងអាចបាន ដើម្បីស្រាវជ្រាវបន្ត ចាត់វិធានការបន្ត។ ខ្ញុំក៏សូមអរគុណទៅដល់ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិជាច្រើន ដែលបានចូលរួមដោះស្រាយបញ្ហា ដោះស្រាយដោយទាន់ពេលវេលា និងបានលឿន។

(៥) ព័ត៌មានពិត រហ័ស គ្រប់ជ្រុងជ្រោយ អាចពន្លឿនដំណោះស្រាយនិងជួយកុំអោយរឿងតូចក្លាយជារឿងធំ

ទាក់ទងទៅនឹងការអនុវត្តលើស(បទបញ្ជា) ឧទាហរណ៍រឿងទៅទារផាស៊ីប្រជាពលរដ្ឋលក់(ដូរ)កញ្ចែងល្អី ពេលដែលរដ្ឋាភិបាលមិនឲ្យទារ។ អញ្ចឹងព័ត៌មានចេញតាមហ្វេសប៊ុកភ្លាម យើងឲ្យអាជ្ញាធរឆែកមើលភ្លាម ពិតអត់? បើពិតបញ្ឈប់ភ្លាម។ ពាក់ព័ន្ធនឹងរឿងដី កន្លែងណាទំនាស់ វិវាទអីកន្លែងណា ដែលមានភាពមិនត្រឹមត្រូវតាមច្បាប់ បញ្ជូនទៅឲ្យខេត្ត ខេត្តពិនិត្យមើលភ្លាម ដោះស្រាយភ្លាម ដើម្បីពន្លត់រឿងកុំឲ្យវាទៅជារឿងធំ។ (ការផ្សាយព័ត៌មានពិតនិងរហ័ស)នេះគឺជាមធ្យោបាយធំណាស់។ កន្លងទៅ ក្រសួង ស្ថាប័នមួយចំនួន អាជ្ញាធរក្រោមជាតិក៏បានប្រើវិធានការនេះវិធីសាស្ត្រនេះ ដើម្បីក្តាប់ព័ត៌មានឲ្យទាន់។ ខ្ញុំសូមឲ្យអភិបាលខេត្ត អភិបាលរាជធានីខេត្ត ក៏ដូចជាប្រធានស្ថាប័នទាំងអស់ គឺត្រូវប្រើវិធានការហ្នឹងឲ្យច្រើន ជាពិសេសអ្វីដែលពាក់ព័ន្ធនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គឺត្រូវចាត់ចែងកិច្ចការអស់ហ្នឹង ព្រោះជួនកាលចាំលិខិតបទដ្ឋាន របាយការណ៍ពីក្រោមយូរណាស់ ជួន​កាលរបាយការណ៍ពីក្រោម តាមនិតីវិធីរដ្ឋបាល គឺផ្អូមបាត់ទៅហើយ។ រឿងដែលតូចក្លាយជាធំបាត់ទៅហើយ។ តែបើយើងអាចបញ្ជូនទម្ងន់អភិបាលខេត្ត ទម្ងន់ប្រធានសា្ថប័ន(ទៅទាន់ពេលវេលា យើង)អាចបញ្ជាពន្លត់បាន។ ជួនកាលកើតនៅក្នុងភូមិឃុំ ហើយអាជ្ញាធរភូមិឃុំ ផុតសមត្ថកិច្ច។ តែបើខេត្តដឹង នៅក្នុង(ដែន)សមត្ថកិច្ច(ខ្លួន)ដោះបានភ្លាម។

(៦) ប្រើប្រាស់ប្រព័ន្ធឌីជីថល ទទួលនិងដោះស្រាយ ធានាប្រសិទ្ធភាពការដឹកនាំគ្រប់ជាន់ថ្នាក់បំរើប្រជាពលរដ្ឋ

កិច្ចការខ្លះ យើងបញ្ជាភ្លាម គឺដោះស្រាយបានភ្លាម (…)។ ខ្ញុំគិតថាសម័យឌីជីថល យើងមិនត្រឹមតែប្រើប្រាស់ឌីជីថលដើម្បីទទួលព័ត៌មានទេ ប៉ុន្តែប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីថែមទាំងទទួលព័ត៌មាន និងដោះស្រាយបញ្ហា។ ហើយនេះគឺជាកិច្ចការសំខាន់។ អ្នកសារព័ត៌មាន និងប្រព័ន្ធព័ត៌មានដែលត្រឹមត្រូវ គឺជួយផ្សព្វផ្សាយ។ ខ្ញុំសូមអរគុណចំពោះការដែលអាចចូលរួមនៅក្នុងការដោះស្រាយបញ្ហា ដើម្បីធានានូវប្រសិទ្ធភាពនៃការដឹកនាំបំរើប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់។ នេះគឺសូមអរគុណណាស់។

[ចប់សេចក្តីអធិប្បាយ២]

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការធ្វើឱ្យកាន់តែប្រសើរ ឡើងថែមទៀត នូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន ដូចជាដែលឯកឧត្តម នេត្រ ភក្រ្ដា បានលើកឡើង សេរីភាពនៅក្នុងការបោះពុម្ពផ្សាយ សេរីភាពខាងការបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការធានានូវបរិយាកាសបើកទូលាយ ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា តាមរយៈការធានាការគោរពសិទ្ធិ គ្មានការរើសអើង គ្មានការគំរាម និងមិនប្រកាន់និន្នាការនយោបាយ។

ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយចាំ​បាច់ត្រូវធ្វើបរិវត្តកម្មឌីជីថល ដើម្បីធានានូវវិសាលភាពនៃការផ្សាយគ្របដណ្តប់បានទូទាំងប្រទេស ឱ្យបានលឿន រហ័ស និងមានគុណភាពខ្ពស់។ ទន្ទឹមនឹងការវិវត្តឥតឈប់ឈរនេះ យើងកំពុងប្រឈមនូវបញ្ហាមួយចំនួន ដែលចាំបាច់ត្រូវមានចំណាត់ការវិធានការច្បាប់ និងបច្ចេកទេសជាបន្តបន្ទាប់។ ដូចដែលឯកឧត្ដម នេត្រ ភក្រ្តា បានលើក៖

ទី១, បញ្ហាប្រឈមទាំងអស់ទាក់ទងនឹងកង្វះខាត នៃបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស ដើម្បីលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ ស្របតាមការវិវត្តនៃសង្គម និងបច្ចេកវិទ្យា។

ទី២. ឥទ្ធិពលនៃបញ្ញាសិប្បនិមិត្ត ដែលយើងហៅ Artificial Intelligence (AI) ដែលកំពុងជ្រៀតចូលកាន់តែខ្លាំង ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។

ទី៣. ការរីកចម្រើននៃបច្ចេកវិទ្យាផ្នែកបណ្តាញសង្គម និងបង្កឱ្យមានការផ្សព្វផ្សាយព័ត៌មានជាច្រើនដែលជាព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំពុលសង្គម និងធ្វើឱ្យមានការបែកបាក់អរិភាព ការបែកបាក់សង្គមជាតិ ដែល បង្កផលប៉ះពាល់ដល់ជំនឿសាសនា និងវប្បធម៌ ជាដើម។

ទី៤. តម្រូវការអភិវឌ្ឍចំណេះដឹងស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងនិម្មាបនកម្មពិភពលោក។

ទី៥. ការបិទអាជីវកម្មរបស់អង្គភាពសារព័ត៌មាន ទាំងបែបប្រពៃណី និងបែបទំនើបមួយចំនួន ដោយសារវិបត្តិហិរញ្ញវត្ថុ និងកង្វះខាតគុណភាពផលិតមាតិកាផ្សេងៗ។

ទី៦. ចំណេះដឹងមូលដ្ឋាន និងបទពិសោធការងាររបស់អ្នកសារព័ត៌មានមួយចំនួន នៅមានកម្រិត ដែលចាំបាច់ត្រូវការអភិវឌ្ឍបន្ថែម។ (ចំណុចដែលឯកឧត្តម នេត្រ ភក្ត្រា បានលើក)

ទី៧. ការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន របស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន និងជះឥទ្ធិពលអាក្រក់ដល់សង្គម។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]

(៧) ក្រមសីលធម៌វិជ្ជាជីវៈ បង្កើតនិងរក្សាតម្លៃនៃវិជ្ជាជីវៈ

ខ្ញុំសូមរំលេចបន្តិចថាក្រមសីលធម៌វិជ្ជាជីវៈរបស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានសំខាន់ណាស់។ យើងរៀបចំក្រមសីលធម៌​វិជ្ជាជីវៈដើម្បីអ្វី? ដើម្បីបង្កើតនិងរក្សាតម្លៃនៃវិជ្ជាជីវៈ។ មិនថាជាពេទ្យ មិនថាអ្នកកាសែត មិនថាវិស្វករ សុទ្ធតែមានក្រមសីលធម៌ទាំងអស់។ មិនមែនមានតែក្នុងព្រះរាជាណាចក្រកម្ពុជាទេ។ ក្រមប្រតិ​បត្តិមាន(នៅ)គ្រប់(ប្រទេសនិងជំនាញ)ទាំងអស់ … ព្រោះជំនាញមួយៗខុសគ្នា។ ការទទួលខុសត្រូវខុសគ្នា។ សិទ្ធិសេរីភាពខុសគ្នា។ អញ្ចឹងវាទាមទារឲ្យមានបទដ្ឋានមួយ មានព្រំដែនមួយ ដើម្បីយើងអាចដឹងថាលំហនៃសិទ្ធិសេ​រី​ភាពរបស់យើងធ្វើដល់ណា ទទួលខុសត្រូវអ្វីខ្លះ ដើម្បីកុំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរអ្នកដទៃ ឬប៉ះពាល់ទៅដល់ស្ថិរភាព ឬសន្តិសុខសង្គម។ ការរៀបចំក្រមសីលធម៌ព័ត៌មាននេះ គឺអ្នកសារព័ត៌មានជាប្រតិបត្តិករសំខាន់នៅក្នុងវិស័យព័ត៌មាន។ កិច្ចការងារទាំងអស់នេះ គឺត្រូវចាំបាច់ថែរក្សាដោយអង្គភាពព័ត៌មាននិងស្ថាប័ន​ព័ត៌មាន និងអ្នកសារព័ត៌មានផ្ទាល់តែម្តង។

(៨) អ្នកសារព័ត៌មានត្រូវឱ្យតម្លៃអាជីពសារព័ត៌មាន ប្រតិបត្តិក្រមសីលធម៌ ដើម្បីក្លាយជាប្រភពអំណាចទី៤

អាជីពអ្នកណាត្រូវតែអ្នកនោះស្រឡាញ់។ តម្លៃនៃអាជីពមួយៗ អ្នកណាជាអ្នកឲ្យតម្លៃ? ត្រូវហើយ គឺមហាជន ប្រជាពលរដ្ឋ(ជាអ្នកអោយតម្លៃ) ប៉ុន្តែខ្ញុំធ្លាប់លើកម្តងកាលពីប៉ុន្មានឆ្នាំមុន ផ្តើមចេញធំជាងគេបំផុតគឺទាល់តែអ្នកសារព័ត៌មានខ្លួនឯងស្រឡាញ់អាជីពជាសារព័ត៌មាន ស្រឡាញ់វិជ្ជាជីវៈ និងឲ្យតម្លៃនូវវិជ្ជាជីវៈសារព័ត៌មានខ្លួនឯងទើបជាមូលដ្ឋានរឹងមាំ។ ឲ្យតម្លៃតាមណា? ឲ្យតម្លៃតាមការប្រតិបត្តិឲ្យបានត្រឹមត្រូវ ទៅតាមក្រមសីលធម៌ និងការទទួលខុសត្រូវលើអាជីពរបស់យើង ដើម្បីយើងក្លាយទៅជាប្រភពមួយ ជាអំណាច អ្នកប្រតិបត្តិនៃអំ​ណាចទី៤ ដែលប្រជាពលរដ្ឋគ្រប់គ្នាអាចទុកចិត្តបាន។ បើសិនជាស្ថាប័នសារព័ត៌មាន ហើយអ្នកសារព័ត៌មានយើងអនុវត្តតាមរបៀប free style នោះហើយនឹង(ធ្វើអោយ)បាត់នូវតម្លៃ។ បានន័យថាអត់មានអ្នកណាទទួលស្គាល់​ អត់អ្នកណាដឹងថាតើព័ត៌មាននេះយកជាការបានឬទេ? តើស្អីទៅជាការពិត ស្អីទៅជាការមិនពិត? ដល់ទីបំផុតគឺបាត់តម្លៃទាំងអស់គ្នា។

(៩) កុំជួយលាក់ព័ត៌មាន និងកុំបង្កើតព័ត៌មានក្លែងក្លាយ

សារព័ត៌មានរបស់យើងបានរីកចម្រើនខ្លាំង។ អ្នកសារព័ត៌មានយើងច្រើន។ អម្បាញ់មិញ តាមទិន្នន័យ អ្នកចុះឈ្មោះនិងអ្នកមិនចុះឈ្មោះ មានជិតដល់ ១ ម៉ឺននាក់ ក្នុងនោះភាគច្រើនណាស់បានធ្វើការល្អ។ ភាគច្រើនគឺបានប្រព្រឹត្តិតាមក្រមសីលធម៌ អនុវត្តដោយទទួលខុសត្រូវ ប៉ុន្តែពេលជាមួយគ្នាក៏មានករណីមួយចំនួនតូច អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានមួយចំនួន(តូច) (ដែល)ខ្ញុំឧស្សាហ៍បានទទួលព័ត៌មាន(ពីការអនុវត្តខ្វះការទទួលខុសត្រូវ) ហើយពេលខ្លះមានទាំងទៅជួយដោះរឿងផង។ កន្លែងខ្លះគឺការបង្កើតព័ត៌មាន ឬមួយការយកព័ត៌មានមួយជាថ្នូរ ប្រហែលជាអាចបងប្អូនអាចដឹងហើយ “ចង់ឲ្យខ្ញុំចុះ(ផ្សាយ)ឬមិនឲ្យ​ចុះ(ផ្សាយ), ប៉ះពាល់កិត្តិយស ឬមួយឲ្យផលប្រ​យោជន៍ខ្ញុំ?” តើនេះជាការប្រតិបត្តិត្រឹមត្រូវឬទេ? បែបនេះ គឺខុសទាំងស្រុង។ ទី១ បើដឹងរឿងហើយទៅជួយលាក់ព័ត៌មាន ស្មើនឹងស៊ុមគ្រលុំបើរឿងនោះពិត។ ទី២ បើសិនជាបង្កើតព័ត៌មានក្លែងក្លាយដើម្បីទៅគាបគេ ហ្នឹងកាន់តែខុសច្បាប់ទៅទៀត។ មានតែយើងត្រូវរួមគ្នា ជាពិសេសអ្នកសារព័ត៌មានតែម្តងដើម្បីថែរក្សាតម្លៃរួមរបស់វិស័យព័ត៌មាន និងអ្នកសារព័ត៌មាន។ ត្រូវរួមគ្នាដើម្បីទប់ស្កាត់អ្នកមួយចំនួនតូច កុំឲ្យគាត់ប្រព្រឹត្តបែបនេះ។

(១០) រួមគ្នាលះបង់ភាពអវិជ្ជមានក្នុងវិស័យសារព័ត៌មាន

ខ្ញុំជាអ្នកជឿថា ធ្វើអ្វីមួយត្រូវតែមានការចូលរួម ដើម្បីរក្សាតម្លៃក្រមសីលធម៌នៃសារ​ព័ត៌មានរាប់ម៉ឺននាក់។ មិនអាចក្រសួងព័ត៌មានចាត់មន្ត្រីឬមួយប៉ូលីសដើរចាប់នោះទេ។ វាត្រូវការបងប្អូនជិត ១ម៉ឺននាក់ហ្នឹងរួមគ្នាថែរក្សាស្អីដែលជាតម្លៃរបស់យើង។ ចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសបងប្អូននៅក្នុងវិស័យអ្នកសារព័ត៌មានផ្ទាល់តែម្តង ដើម្បីយើងលះបង់នូវភាពអវិជ្ជមាន និងរួមគ្នាបំពេញកិច្ចការដោយស្មោះត្រង់។ រដ្ឋត្រូវតែមានច្បាប់ ត្រូវតែមានបទដ្ឋានគតិយុត្តិតម្រង់ហើយ ប៉ុន្តែខ្ញុំមិនចង់ឃើញថា អ្វីៗ ត្រូវតែរដ្ឋដាក់គោលការណ៍ អ្វីៗត្រូវតែមន្ត្រីរាជរដ្ឋាភិបាល ឬមួយក៏ប៉ូលិស(យកវិធានការ) ដែលឈានទៅដល់ការប្តឹងផ្តល់គ្នានៅតុលាការនោះ​ទេ។ នេះមិនមែនជាការថែរក្សាតម្លៃនៃសារព័ត៌មាន ឬបរិស្ថានពត៌មានល្អទេ។ នេះគឺជាអ្វីដែលអាចប៉ះពាល់ទៅដល់ផលប្រយោជន៍រួមទាំងអស់គ្នា។

(១១) ធានាសិទ្ធិសេរីភាពផ្សព្វផ្សាយព័ត៌មានលឿន រហ័ស ប៉ុន្តែត្រូវការពារសិទ្ធិរបស់បុគ្គល

មួយទៀត សូមមើលការផ្សព្វផ្សាយ LIVE មួយចំនួន។ កន្លែងខ្លះវាអាចប៉ះពាល់ដល់សិទ្ធិឯកជនរបស់គេ។ កន្លែងខ្លះរឿងជាការខ្មាសអៀន។ តែអ្នកផ្សាយព័ត៌មានមិនបានបិទមុខ។ គ្នាខ្មាស់ … ជាពិសេសពាក់ព័ន្ធនឹងស្ត្រី។ ជួន​កាលរឿងគាត់ពាក់ព័ន្ធស្អីមួយទៅដល់កេរ្ដិ៍ខ្មាស់ ដល់តែដាក់ទៅ វាធ្វើឱ្យ​មួយជីវិតគ្នាហ្នឹងមានបញ្ហា។ អញ្ចឹងខ្ញុំសុំឱ្យមានការណែនាំ ទូរទស្សន៍ ស្ថាប័នមួយចំនួន(ពិនិត្យពីកិច្ចការនេះ)។ កន្លែងខ្លះអាណោចអាធម៌ដែរ។ ដូចថ្ងៃមុនរូបគេធ្វើឃាតអី រហូតទៅដល់មានអាកអាអី … (សូមមាន)ការគោរពទៅដល់គ្រួសារសពផងពេល​ខ្លះ។ ខ្ញុំដឹងថាបច្ចេកវិទ្យាពេលខ្លះពិបាកធ្វើបងប្អូនទៅថត LIVE ក្រែងលោវាអត់មានអីមកដាក់​ បើទូរទស្សន៍គេអាចដាក់ Blur ដាក់អី ប៉ុន្តែយើងមើលរបៀបថតអីកម្រិតណា អត់ចាំបាច់ទៅជិតហ្នឹង ឬមួយក៏អី ឬថតពីចម្ងាយ ដើម្បីឱ្យដឹងសាច់រឿងកម្រិតណាមួយ។

ខ្ញុំគិតថាគួរណែនាំអោយមានក្រមសីលធម៌ រួមគ្នាធ្វើជាការគោរពសិទ្ធិ។ គ្រោះថ្នាក់ចរាចរណ៍ ជួនកាលយើងអត់ចាំបាច់ទៅថត​មុខអ្នកនៅកន្លែងហ្នឹងកៀកពេកទេ។ យើងគ្រាន់តែថតជាទិដ្ឋភាព ដើម្បីឱ្យដឹងថាមានការស្លាប់ រូបភាពយំស្រែកអីផ្សេងៗ ហ្នឹងសុំឱ្យក្រសួងព័ត៌មានជាមួយក្លឹបអ្នកកាសែត ជា​មួយសមាគមផ្សេងៗ ពិនិត្យមើល។ ខ្ញុំឃើញមានការបណ្តុះបណ្តាល … វិមជ្ឈការនៃលទ្ធភាពជាអ្នកកាសែតនោវាបង្កនូវបញ្ហាមួយចំនួនដែលត្រូវពិនិត្យមើលដើម្បីធានានូវសិទ្ធិសេរីភាពបងប្អូនក្នុងការជួយផ្សព្វផ្សាយព័ត៌មានលឿន រហ័ស ប៉ុន្តែពេលជាមួយគ្នាក៏ត្រូវមានតុល្សភាពក្នុងការការពារសិទ្ធិរបស់បុគ្គលកម្រិតណាមួយ។

(១២) ពិនិត្យនិងពង្រឹងឡើងវិញការត្រួតពិនិត្យជាតិអាកុល

អម្បាញ់​មិញនិយាយរឿងគ្រោះថ្នាក់ចរាចរណ៍។ ខ្ញុំសូមលើកបន្តិចរឿងនេះ។ ព័ត៌មានអាចជួយ។ ទី១ រឿងស្រវឹងបុកអីនេះ។ ខ្ញុំសុំឯកឧត្តម ស ថេត ពិនិត្យមើលនិងពង្រឹងឡើងវិញនូវការត្រួតពិនិត្យជាតិអាកុល ព្រោះហ្នឹងជាសោកនាដកម្មណាស់។ ឧទាហរណ៍៖ រឿង(គ្រោះថ្នាក់ចរាចរណ៍)ថ្ងៃមុននេះ យើងមើលដឹងហើយ អត់មានអ្នកណាចង់ទេ។ សូម្បីអ្នកបើកក៏មិនចង់ដែរ ប៉ុន្តែ(ស្រា)ហ្នឹងវានៅក្នុងខ្លួន។ អញ្ចឹងទប់កុំឱ្យវាចូលខ្លួន ហើយទៅបើកបរដោយអត់ប្រយ័ត្នប្រយែង។ ពង្រឹងច្បាប់និងពង្រឹងការត្រួតពិនិត្យ។ មហាជនត្រូវចូលរួម។ សាមីខ្លួនតែម្តង ដូច​គ្នា។​ ជាការសង្វេគដែលបាត់បង់សមាជិកគ្រួសារដោយសារបែបនេះ។

ថ្ងៃមុនកីឡាករម្នាក់ដែលមានអនាគតខ្ពស់។ ឥឡូវយើង Calculate អត់ចេញថាតើលទ្ធភាពយ៉ាងម៉េច។ បាត់ម្នាក់ហ្នឹងគេមិនអាច Calculate ជាសំណងស្អីទេគឺការដោះស្រាយសម្របសម្រួលគ្នា។ ការប្រឈមមុខច្បាប់ ប៉ុន្តែជីវិតមនុស្ស។ ៤នាក់ថ្ងៃ​មុន ដល់មើលទៅសុទ្ធតែអ្នកខំប្រឹងរៀន អ្នកខ្លះគ្រួសារក្រីក្រ អនាគតវែងឆ្ងាយ។ យើងសង្វេគណាស់។ គ្រោះថ្នាក់ធំរបស់យើងឥឡូវគឺរឿងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងឯង ស្លាប់ច្រើនជាងគ្រាប់បែក គ្រាប់មីនទាំងអស់។ អញ្ចឹងសុំអនុវត្តនូវវិធានច្បាប់។ យើងមានច្បាប់ហើយ។ យើងគ្រាន់តែអនុវត្តពង្រឹងនូវវិធានការឆែក(ជាតិអាកុល) នេះឱ្យបាន។ ពិនិត្យមើលបន្តិចដើម្បីជួយ។ ប៉ុន្តែដាក់នីតិវិធីយ៉ាងណាដើម្បីឱ្យងាយស្រួល កុំឱ្យបង្កើតបញ្ហាផ្សេងៗ តែយើងត្រូវការការពារទៅលើកិច្ចការងារនេះ។

(១៣) ហាមសកម្មភាពផ្សព្វផ្សាយគ្រឿងស្រវ៉ឹងលើសព្រំដែន

ទី២ ខ្ញុំគិតថាសារព័ត៌មានអាចចូលរួមផងដែរក្នុងការផ្សព្វផ្សាយអប់រំឱ្យប្រជាជន ដឹងយល់អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ប្រើប្រាស់គ្រឿងស្រវឹងបើកបរអីនេះ។ ថ្ងៃមុន ខ្ញុំបញ្ជាពីក្រៅមក ឯកឧត្តម នេត្រ ភក្ត្រា ភ្លាម រឿងផ្សាយពាណិជ្ជកម្មមួយ ថាត្រូវមានព្រំដែនដែរ … មានអ្នកបញ្ជូនមកឱ្យខ្ញុំ “(ករណីក្រុមយុវជន)ឡើងទៅលើវេទិកា គាស់ផឹកនៅលើហ្នឹង”។ ខ្ញុំបានឱ្យ ឯកឧត្តម នេត្រ ភក្ត្រា ហៅទូរទស្សន៍ឱ្យបិទនិងដកចេញភ្លាម។ ឈប់ឱ្យមានទៀត។ ថ្ងៃមុនបានប្រជុំហើយជាមួយស្ថានីយ៍ទូរទស្សន៍ គឺឥឡូវហាមការផ្សាយបិទប៉ាន់ណូរឿងមួយ ប៉ុន្តែដាក់ពាក្យអប់រំជាមួយថា “ស្រវឹងកុំបើកបរ” ស្អីៗអញ្ចឹងទៅ។ ប៉ុន្តែរឿងឡើងវាយបុកហៅមនុស្សទៅគាស់​ផឹកគាស់អី អត់ទេ។ សូមឱ្យស្ថានីយ៍ទូរទស្សន៍ទាំងអស់ឈប់ឱ្យធ្វើរឿងហ្នឹង។ វាមិនចាំបាច់ពិធីការិនីទៅគាស់ទេ។ ចប់កម្មវិធីទៅហូបនៅ Restaurant តិចតួចជាមួយមិត្តភក្តិចុះ ប៉ុន្តែកុំទៅឡើងគាស់ LIVE TV។ ខ្ញុំគិតថា ក្រុមហ៊ុនស្រាបៀរ បើមិនបានហៅមនុស្សទៅគាស់នៅលើហ្នឹង ក៏មានវិធីផ្សេងក្នុងការធ្វើពាណិជ្ជកម្មដែរ។ យើងត្រូវពិនិត្យមើលថា សកម្មភាពយ៉ាងណាដែលវាលើសព្រំដែន ហើយជាពិសេសការផ្សព្វផ្សាយតាមទូរទស្សន៍​ដែលមនុស្សរាប់ម៉ឺនមើលក្នុងកម្មវិធីល្បីៗ ខនសឺតអីនេះឯង។ ខ្ញុំបានដាក់បទបញ្ជានេះហើយ ក្នុងពេលដែលនៅបារាំង … ឱ្យតែចេញទៅក្រៅប្រទេស ក្ដាប់បានតែតាមហ្នឹង។ រុញមក ឱ្យធ្វើ។

(១៤) ត្រូវយកចិត្តទុកដាក់លើខ្លឹមសារនិងរូបភាពដែលផ្សព្វផ្សាយ

ថ្ងៃមុន បានប្រជុំជាមួយនឹងស្ថានីយ៍ទូរទស្សន៍ ក៏បានឯកភាពគ្នាទៅលើប៉ុន្មានចំណុចនេះ។ អញ្ចឹងក៏សូមអរគុណ ដល់ស្ថានីយ៍ទូរទស្សន៍ដែលចូលរួមសហការគ្នា ព្រោះយើងជាប្រព័ន្ធផ្សព្វផ្សាយ។ ផ្សព្វផ្សាយព័ត៌មានគ្រប់បែបយ៉ាងត្រូវគិតពី Content ដែលយើងត្រូវផ្សាយ។ ខ្លឹមសារដែលយើងត្រូវផ្សាយ រូបភាពដែលយើងត្រូវផ្សាយ។ អញ្ចឹងសង្ឃឹមថានឹងមានការចូលរួម(ពិនិត្យ)ករណីនេះដើម្បីឱ្យបងប្អូនមានការទទួលខុសត្រូវ។ យើងសោកស្តាយណាស់រឿងគ្រោះថ្នាក់នេះ ជាពិសេសរឿងគ្រោះថ្នាក់ចរាចរណ៍របស់យើង។ នៅតាមបណ្តាខេត្តមួយចំនួនក៏មានច្រើន មិនមែនតែនៅរាជធានីភ្នំពេញ ជាពិសេសនៅផ្លូវល្បឿនលឿន ផ្លូវជាតិលេខ ៥ … បើផ្លូវកាន់តែស្រួល ជិះកាន់តែលឿន អញ្ចឹងក៏មានបញ្ហា។ កន្លែងខ្លះ បើសិនចេញពីពិធី(ហូប)ការ ពិធីអីហ្នឹង មករៀងទោផងផ្លូវមួយស្មានតែផ្លូវពីរ ឬមួយផ្លូវមួយជិះម្នាក់ឯង …។

អញ្ចឹងគឺខ្ញុំសូមចាប់អារម្មណ៍ចំណុចនេះពីរឿងក្រមសីលធម៌ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានរបស់យើងនិងការជួយគ្នា។ ខ្ញុំឃើញនៅក្នុងផែនការរបស់ក្រសួង គឺភាពជាដៃគូនេះសំខាន់ណាស់។ ភាពជាដៃគូដើម្បីរួមគ្នាពង្រឹងនូវអាជីព នូវវិជ្ជាជីវៈ គឺអាស្រ័យលើការរួមគ្នា ជាពិសេសគឺបងប្អូននៅក្នុងវិស័យនេះតែម្តង។

[ចប់សេចក្ដីអធិប្បាយ៣]

ដើម្បីឆ្លើយតបទៅនឹង​បញ្ហាដែលប្រឈម ដែលកើនឡើងចេញពីការវិវត្ត នៃបច្ចេកវិទ្យាឌីជីថលក្នុងព័ត៌មាន ព្រមទាំងសម្រាប់តម្រង់ទិសការរៀបចំគោលនយោបាយយុទ្ធសាស្ត្រវិស័យសារព័ត៌មាន និងសោតទស្សន៍ រយៈពេលខ្លី មធ្យម និងរយៈពេលវែង ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ខ្ញុំសូមជូនជាអនុសាសន៍មួយចំនួនដូចខាងក្រោម៖

ទី ១ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រសួងព័ត៌មាន ត្រូវរៀបចំ វិធានការច្បាប់ និងបទដ្ឋានបច្ចេកទេសសម្រាប់គ្រប់គ្រង និងលើកកម្ពស់ គុណភាពការផ្សាយ និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន រួមទាំងការពិនិត្យឡើងវិញលើច្បាប់ស្តីពីរបបសារព័ត៌មានដែលមានវ័យចំណាស់ ដើម្បីឆ្លើយតប នឹងការវិវត្តរបស់សង្គម។

ទី២. ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងព័ត៌មាន សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំ ក្រមស្តង់ដាប្រតិបត្តិក្រមសីលធម៌សារព័ត៌មានជាតិ ដែលជាធម្មនុញ្ញសារព័ត៌មានមួយ សម្រាប់អង្គភាពសារព័ត៌មាន និង អ្នកសារព័ត៌មានគោរព និងអនុវត្ត។

[ផ្ដើមសេចក្ដីអធិប្បាយ៤]

(១៥) ក្រមសីលធម៌ការពារអ្នកសារព័ត៌មានដែលប្រព្រឹត្តត្រឹមត្រូវតាមច្បាប់

ចំណុចនេះ ខ្ញុំសូមគាំទ្រចំពោះទិសដៅយុទ្ធសាស្រ្តទាំង៥ របស់ក្រសួងដែលដាក់ចេញក្នុងឯកសារដែលដាក់មក។ យើងឃើញថា យុទ្ធសាស្រ្តទាំង៥នេះពាក់ព័ន្ធទៅនឹងការធ្វើទំនើបកម្មស្ថាប័ន ការពង្រឹងបទដ្ឋានបច្ចេកទេសរៀប​ចំអភិវឌ្ឍធនធានមនុស្ស រៀបចំប្រព័ន្ធនិងយន្តការគ្រប់គ្រងលំហព័ត៌មាន ដែលមានបទដ្ឋានគតិយុត្តិត្រឹមត្រូវ និងស្របតាមច្បាប់ និងបង្កើនភាពជាដៃគូដោយបរិយាបន្នស័ក្ដិសិទ្ធ។ ខ្ញុំសូមបញ្ជាក់បន្តិចថា កន្លងទៅឲ្យតែយើងនិយាយអំពីបទដ្ឋាន រៀបចំច្បាប់ការគ្រប់គ្រង គឺតែងតែមានទស្សនៈមួយចំនួនសង្ស័យ ហើយកន្លែងខ្លះរហូតទៅដល់ចោទថា រាជរដ្ឋាភិបាលធ្វើដើម្បីតែបិទលំហប្រជាធិបតេយ្យ សិទ្ធិសេរីភាព ជាពិសេសពាក់ព័ន្ធនឹងព័ត៌មាន។ ខ្ញុំសូមបញ្ជាក់ នៅគ្រប់ប្រទេសតែងតែមានច្បាប់។

ខ្ញុំរស់នៅប្រទេសប្រជាធិបតេយ្យយូរឆ្នាំដែរ។ ប្រជាធិបតេយ្យដែលមានសុពលភាព ភាពធន់ និងនិរន្តរភាព គឺយកមូលដ្ឋានច្បាប់គឺជាគោល។ ប្រជាធិបតេយ្យអត់មានច្បាប់ គេហៅថា អនាធិបតេយ្យ។ ជាភាសាអង់គ្លេស ដែលខ្ញុំធ្លាប់លើកមកនិយាយគឺ Democracy អត់មានច្បាប់ គេហៅ Democrazy។​ ពាក្យនេះបញ្ជាក់ច្បាស់ហើយ​ តាមពិតការចេញច្បាប់ដើម្បីអី? មិនមែនដើម្បីបិទសិទ្ធិអ្នកសារព័ត៌មាននោះទេ។ ផ្ទុយទៅវិញ គឺដើម្បីការពារអ្នកសារព័ត៌មាន​។ ការពារអ្នកសារព័ត៌មានដែលប្រ​ព្រឹត្តត្រឹមត្រូវតាមច្បាប់ ការពារតម្លៃរបស់ខ្លួនទៅវិញ។ គាត់ធ្វើអីមួយ គាត់មានច្បាប់ការពារ។ បើសិនគាត់អនុវត្តតាមក្រមសីលធម៌ និងត្រូវច្បាប់។ នេះគឺជាការការពារសិទ្ធិសេរីភាពរឹងមាំទៅវិញទេ …។

(១៦) ច្បាប់មិនបិទ ប៉ុន្តែការ​ពារសិទ្ធិសេរីភាព របស់អ្នកសារព័ត៌មាន និងរបស់ប្រជាពលរដ្ឋ

បើសិនជាអត់មានច្បាប់ … ប្រហែលជាវាយគ្នាពេញហ្នឹង មិនដឹងកន្លែងណាព្រំដែនសិទ្ធិអ្នកណាៗ ជាន់គ្នាពេញហ្នឹង។ សិទ្ធិរបស់ប្រជាពលរដ្ឋក៏មិនត្រូវបានការពារ។ ផ្ទុយទៅវិញ យើងមានច្បាប់ដើម្បីរៀបចំលំហនៃសិទ្ធិសេរីភាព នូវបន្ទាត់ព្រំដែន ដើម្បីយើងទាំងអស់គ្នាដឹងថាតើយើងមានសិទ្ធិអី កាតព្វកិច្ចអី ធ្វើយ៉ាងណា។ ប្រជាពលរដ្ឋក៏មិនលំបាកនៅក្នុងការព្រួយបារម្ភ ថាតើសិទិ្ធសេរីភាពរបស់គាត់យ៉ាងណា។ តើអ្នកសារព័ត៌មានមានសិទ្ធិចូលផ្ទះខ្ញុំយកព័ត៌មានដោយគ្មានការអនុញ្ញាតនោះទេ? តើអ្នកសារព័ត៌មានមានសិទ្ធិថតខ្ញុំនៅក្នុងផ្ទះខ្ញុំ ដោយ(មិនគោរព)សិទ្ធិសេរីភាពឯកជនរបស់ខ្ញុំ និងគ្រួសារឬទេ? នេះគឺជាសំណួរដែលត្រូវឆ្លើយនៅក្នុងក្របខណ្ឌច្បាប់ និង​ក្របខណ្ឌគតិយុត្តិ ដើម្បីបញ្ជាក់ឲ្យគ្រប់គ្នាដឹង។ អញ្ចឹង ច្បាប់មិនមែនសម្រាប់បិទសិទ្ធិសេរីភាពទេ ប៉ុន្តែសម្រាប់ការ​ពារសិទ្ធិសេរីភាពឲ្យរឹងមាំ (ទាំង)សិទ្ធិសេរីភាពរបស់អ្នកកាសែត និងរបស់ប្រជាពលរដ្ឋ។ (បង្កើត)ច្បាប់ ដើម្បីឲ្យប្រព័ន្ធព័ត៌មានមានការទទួលខុសត្រូវ និងជាព័ត៌មានមួយដែលគាត់ទទួលខុសត្រូវ។ ប្រជាពលរដ្ឋត្រូវការព័ត៌មាន។ អញ្ចឹង បើសិនជា(ប្រព័ន្ធព័ត៌មានមានការទទួលខុសត្រូវ) មើលព័ត៌មាននៅស្រុកខ្មែរយើង ប្រាកដជាថាអាចទុកចិត្តបាន ព្រោះភាគច្រើនអ្នកដែលមានចុះឈ្មោះក្នុងបញ្ជី ឬមួយប្រតិកម្មអនុវត្តតាមក្រមនេះ។ អញ្ចឹងជឿ ៨០% ទៅ ៩០%។ បើសិនជាមិនមាន(ការទទួលខុសត្រូវដោយក្រមសីលធម៌)ទេ អ្នកណាចេញស្អីមក ក៏ចេះតែទៅៗ ថ្ងៃក្រោយគេលែងជឿទៅហើយ ហើយវាច្របូកច្របល់។

ព្រឹកមិញនេះ ឯកឧត្ដម ប៉េង ពោធិ៍នា រុញឲ្យខ្ញុំមួយ រឿងរទេះភ្លើងបើកលើដី។ បងប្អូនប្រហែលជាឃើញហើយលើ Tiktok។ រទេះភ្លើងវាបើកកាត់ផ្លូវ ៣១ ហើយមាន track របស់គេអញ្ចឹង គេបើកមករាប់ឆ្នាំហើយ តែអ្នកថតហ្នឹង ថតទៅមើលអត់ឃើញ (track) ឃើញដូចបើកនៅលើដី។ អញ្ចឹងដាក់ទៅ ប្រជាពលរដ្ឋយើងចាប់ផ្ដើមឆ្ងល់ និងភ័យតែម្ដង ថាស្រុកខ្មែរមានរទេះភ្លើងបើកលើដី មិនបុកគេស្លាប់ទៅហើយ? តាមពិត វាមិនអញ្ចឹង។ នេះហើយសិទ្ធិរបស់ប្រជាពលរដ្ឋ គាត់ចាប់ផ្ដើមព្រួយបារម្ភថាម៉េចទៅដល់ថ្នាក់ហ្នឹង។ តាមពិត វាអត់ពិតសោះ គ្រាន់តែឧទាហរណ៍មួយតូចប៉ុណ្ណេះ។ បើសិនការផ្សាយព័ត៌មានមានក្រមសីលធម៌ត្រឹមត្រូវ ហើយបញ្ជាក់អ្នកថតប្រាកដជាដឹងថាអញ្ចឹងហើយ មាន Track មានអីហើយ មិនអាចទៅថតរបៀបហ្នឹងហើយប្រាប់ថារទេះភ្លើង(បើកធម្មតា) វាអត់បាន Likes បាន views ទេ។ នេះគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលព័ត៌មានពិត។

(១៧) ពង្រឹងក្រមសីលធម៌/បទដ្ឋានគតិយុត្តិសារព័ត៌មាន ការពារសិទ្ធប្រជាពលរដ្ឋធំណាស់

លទ្ធិប្រជាធិបតេយ្យមួយដែលប្រជាជនជាម្ចាស់ត្រូវដឹងនូវអ្វីដែលកើតឡើងជុំវិញខ្លួនគាត់ និងកើតក្នុងប្រទេសគាត់ ចាំបាច់ត្រូវបានព័ត៌មានសុក្រឹតនេះ។ អញ្ចឹងការពង្រឹងក្រមសីលធម៌ ក៏ដូចជាបទដ្ឋានគតិយុត្តិ ដើម្បីធានាថា អង្គភាពសារព័ត៌មាន និងបណ្ដាញព័ត៌មានយើងប្រព្រឹត្ត និងអនុវត្តច្បាប់របស់ខ្លួននៅក្នុងក្រមមួយដែលអាចទុកចិត្តបាន នេះគឺជាការការពារសិទ្ធិធំណាស់របស់ប្រជាពលរដ្ឋរបស់យើង។ សិទ្ធិនៅក្នុងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋដោយសុក្រឹត ដោយគ្រប់ជ្រុងជ្រោយ មិនចាំបាច់បន្លាច … បើសិនជាបង្កើតព័ត៌មានក្លែងក្លាយពីរឿងវាយកាប់ចាក់គ្នាអីផ្សេងៗ ឲ្យមានការសងសឹកចុះឡើង នេះគឺជាបញ្ហាគ្រោះថ្នាក់ធំ។

(១៨) ប្រើ AI ដោយការទទួលខុសត្រូវដើម្បីផ្តល់ថាមពលថ្មី ប្រសិទ្ធភាពថ្មី ផលិតភាពថ្មី

នេះហើយដែល AI ចាប់ផ្ដើមមានបញ្ហា។ គ្រប់ប្រទេសទាំងអស់ និងរហូតទៅដល់មានការគិតគូរជាក្របខណ្ឌអន្តរជាតិរួចទៅហើយ ព្រោះ AI វិវត្តធ្វើឲ្យមនុស្ស(កាន់តែជឿ)។ បច្ចេកវិទ្យាកាលមុនត្រឹមតែយកសម្លេងក្លែងក្លាយមកដាក់ទេ ឥឡូវធ្វើរូបឲ្យនិយាយតែម្ដង។ ចេញវព័ត៌មានតែម្ដង។ នេះគឺជាគ្រោះថ្នាក់ធំណាស់សម្រាប់ជាតិរបស់យើង សម្រាប់សកលលោក។ ប៉ុន្តែ AI មិនមែនអាក្រក់ទាំងអស់ទេ។ AI នឹងផ្ដល់នូវថាមពលថ្មី ប្រសិទ្ធភាពថ្មី ផលិតភាពថ្មី ក្នុងការធ្វើការ។ យើងមិនអាចហាម ដូចយើងមិនអាចហាម Internet ហាម Facebook ហាមអីចឹងដែរ តែយើងត្រូវប្រើប្រាស់គាត់ដោយប្រសិទ្ធភាព និងដោយការទទួលខុសត្រូវ។ អញ្ចឹងការរៀបចំបទដ្ឋានគតិយុត្តិ និងគិតប្រមើលមើលមុននេះ គឺកុំរត់តាមគោ ត្រូវធ្វើក្រោលមុនគោមកដល់។ AI មកហើយ មកដល់យើងហើយ។ ធ្វើឲ្យលឿនដើម្បីយើងដាក់ជាបន្ទាត់សំរាប់គ្រប់គ្នា។ AI មិនមែនត្រឹមតែក្នុងវិស័យសារព័ត៌មានទេ វាបម្រើនៅគ្រប់វិស័យទាំងអស់។ អញ្ចឹងត្រូវមានការគ្រប់គ្រង …។

(១៩) បន្តការពារតាមផ្លូវច្បាប់ អ្នកសារព័ត៌មានដែលអនុវត្តត្រឹមត្រូវតាមក្រមសីលធម៌

កន្លងទៅ សិទ្ធិសេរីភាពនៅក្នុងការបំពេញការងាររបស់អ្នកកាសែតត្រូវបានយកចិត្តទុកដាក់ណាស់។ យើងលើកទឹកចិត្តបងប្អូនដើម្បីធ្វើការងារព័ត៌មានហ្នឹង។ ការការពារផ្សេងៗ សូម្បីតែសម្ដេចតេជោ ក៏មានមេធាវីរបស់លោកបានការពារអ្នកកាសែត។ យើងនឹងពិនិត្យមើលក្របខណ្ឌការពារបន្តទៀត ​ដែលយើងអាចធ្វើបានដើម្បីការពារសិទ្ធិ និងលើកទឹកចិត្តក្នុងការបំពេញការងារ។ ប៉ុន្តែមិនការពារអ្នកខូចទេ ការពារអ្នកដែលអនុវត្តត្រឹមត្រូវតាមក្រមសីលធម៌ ការពារអ្នកដែលប្រើប្រាស់អំណាចទី៤ របស់ខ្លួនដើម្បីជួយសង្គមជាតិ មិនមែនបំពុលសង្គមជាតិ។ រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់លើកិច្ចការទាំងអស់នេះតទៅទៀត។ យើងនឹងបន្តគោលការណ៍ដែលមានពីមុនមក។ យើងនឹងគិតគូរអំពីក្របខណ្ឌបន្តទៀតដើម្បីជួយដល់បងប្អូននៅក្នុងការងារនេះ។ ភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងវិស័យព័ត៌មាន ជាមួយអ្នកសារព័ត៌មាននេះចាំបាច់ត្រូវតែធ្វើ។

(២០) រដ្ឋាភិបាលមិនយកអ្នកសារព័ត៌មានជាសត្រូវទេ

រាជរដ្ឋាភិបាលមិនយកបងប្អូនធ្វើជាសត្រូវទេ។ យើងជាដៃគូ។ ប្រទេសនេះ ប្រទេសយើងរស់នៅទាំងអស់គ្នា។ ព័ត៌មានខ្ញុំក៏ត្រូវការដែរ មិនមែនតែប្រជាពលរដ្ឋ មិនមែនតែអ្នកកាសែតទេ សូម្បីតែប្រមុខរាជរដ្ឋាភិបាល​ក៏ត្រូវការព័ត៌មានឲ្យលឿន និងសុក្រឹតដែរ … ថ្ងៃមុន រឿងតែងតាំងមេប៉ុស្តិមួយនៅកំពង់ធំ។ ចន្លោះប្រហោង ឆែក Background មិនច្បាស់នោះ ប្រជាពលរដ្ឋប្រតិកម្ម។ ស្អែកឡើងដកចោលភ្លាម … ព្រោះជួនកាលការងារយើងមិនមែនល្អឥតខ្ចោះទេ។ គ្មានរាជរដ្ឋាភិបាលណាដែលល្អឥតខ្ចោះ ហើយជាព្រះដែលថាដឹងសព្វដឹងគ្រប់នោះទេ។ គោលការណ៍យើងដាក់ចេញ យើងត្រូវតាមដានត្រួតពិនិត្យ។ ពេលខ្លះត្រូវការផ្ដល់ព័ត៌មានតាមរយៈមធ្យោបាយផ្សេងៗ។ ជាពិសេស អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានត្រូវចូលរួមជួយ​។ អញ្ចឹងភាពជាដៃគូនេះសំខាន់ណាស់ បង្កើតការទុកចិត្ត និងការជួយយកអាសាគ្នា។ អ្នកសារព័ត៌មានជួយអាសារាជរដ្ឋាភិបាលតាមរយៈការជួយកុំឲ្យរដ្ឋាភិបាលចន្លោះប្រហោងច្រើនពេក តាមរយៈការផ្តល់ព័ត៌មានឲ្យលឿនដើម្បីយើងចាត់វិធានការដោះស្រាយ។ យ៉ាងហោចណាស់ក៏បានឆ្លើយតបបំភ្លឺដែរ ព្រោះព័ត៌មានខ្លះវាផ្អូម។ រឿងវាចប់ទៅហើយ តែចេញមកបងប្អូនអត់យល់ បានកាសែតចេញមកអញ្ចឹងទៅ សារព័ត៌មានចេញមក ខេត្តចេញព័ត៌មានបំភ្លឺភ្លាមថារឿងហ្នឹង រឿងគេដោះចប់ឬយ៉ាងណា? ប្រជាពលរដ្ឋក៏គាត់ចង់ដឹង។

(២១) យុទ្ធសាស្រ្ត ៥ របស់ក្រសួងព័ត៌មានជាមូលដ្ឋានកសាងផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍនិងពង្រឹងខ្លួន

នេះហើយគឺជាអ្វីដែលយើងត្រូវត្រូវរួមគ្នាពង្រឹងទិសដៅយុទ្ធសាស្រ្តទាំងអស់នេះ។ យុទ្ធសាស្រ្តទាំង ៥ របស់ក្រសួងដែលដាក់ចេញគឺជាមូលដ្ឋានកសាងផែនទីបង្ហាញផ្លូវមួយសម្រាប់យើងអភិវឌ្ឍនិងពង្រឹងខ្លួន។ ផែនការសកម្មភាពផ្សេងៗគឺធ្វើទៅតាមសូចនាករទាំង៥។ នេះគឺជាកិច្ចការដែលត្រូវធ្វើក្នុងការកំណែទម្រង់ពង្រឹងស្ថាប័ន ពង្រឹងភារកិច្ចរបស់ខ្លួន ពង្រឹងសមត្ថភាពរបស់ខ្លួននៅក្នុងការបម្រើប្រជាពលរដ្ឋ ជាអ្នកផ្តល់ព័ត៌មាន​ ចែកចាយព័ត៌មានជូនប្រជាពលរដ្ឋដោយសុក្រឹត ដើម្បីឲ្យប្រទេសជាតិយើងផ្អែកទៅលើមូលដ្ឋានជាក់លាក់នៅក្នុងការធ្វើការ។ ប្រជាពលរដ្ឋយើងមានភាពជឿទុកចិត្ត កក់ក្តៅ លើអ្វីដែលគាត់អាចទទួលបាន ដោយមិនឲ្យមានភាពភ័យខ្លាចដោយមិនចាំបាច់ តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ ឬការបង្កើតអាទិភាពផ្សេងៗនៅក្នុងសង្គម ហើយនេះហើយ គឺជាអ្វីដែលយើងត្រូវធ្វើ។

[ចប់សេចក្តីអធិប្បាយ៤]

ទី៣. ក្រសួងព័ត៌មាន ដោយសហការជាមួយក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ និងស្ថាប័នពាក់ព័ន្ធ ត្រូវតាមដាន និងវាយតម្លៃជាប្រចាំនូវព័ត៌មានដែលបានផ្សព្វផ្សាយបំភ្លៃ បំផ្លើស និងបំភាន់ និងត្រូវឆ្លើយតបទាន់ពេល ដើម្បីទប់ស្កាត់នូវផលប៉ះពាល់ជាអវិជ្ជមានដល់សង្គមជាតិ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៥]

(២២) មន្ទីរព័ត៌មានធ្វើជាសេនាធិការព័ត៌មាន ធ្វើការងារសាធារណមតិ និងមានបុរេសកម្ម

ខ្ញុំសូមអរគុណចំពោះក្រសួងស្ថាប័ន ក៏ដូចជាអាជ្ញាធររាជធានីខេត្តមួយចំនួនបានធ្វើការងារលឿន ប៉ុន្តែមិនទាន់ស្មើដៃទេ។ កិច្ចការខ្លះគឺត្រូវបណ្តែតនៅលើកាសែតព័ត៌មានហ្នឹង ចែកចាយ ៣ ទៅ ៤ថ្ងៃ ហើយទម្លាក់ទៅឲ្យ បានចាប់ផ្តើមរស់រវើក។ ឥឡូវអភិបាលរាជធានីខេត្តមកទាំងអស់ដែរ។ សូមប្រើប្រាស់មន្ទីរព័ត៌មានរបស់យើងជាសេនាធិការ ព័ត៌មាន ក្រសួងព័ត៌មាន មន្ទីរព័ត៌មាន កុំឲ្យដើរតួនាទីតែជាអ្នកប្រមូល និងចែកចាយព័ត៌មាន ដើរតួនាទីជាអ្នកធ្វើការងារសាធារណមតិ បុរេសកម្ម កុំចាំបាច់វាផ្ទុះខ្លាំងហើយបានយើងទៅពន្លត់។ ការដោះស្រាយវាមានដំណាក់កាល កុំវ៉ាប់ឡើងដល់ថ្នាក់ជាតិ។ ឡើងតាមឋានានុក្រមដោះ។ ដោះមិន(បាន ដោយ)ផុត(សិទ្ធអំ​ណាច)​ចាំឡើងមកលើ។ កិច្ចការនេះគឺសំខាន់។ ក្រសួងស្ថាប័ននីមួយៗ ក៏ដូចគ្នា។ កិច្ចការអីដែលមិនច្បាស់គឺយើងម្ចាស់ការនៅក្នុងការផ្សព្វផ្សាយបំភ្លឺតែម្តងទៅ។ អ្វីដែលច្បាស់យកមកកែសម្រួលភ្លាមៗ។

(២៣) គប្បីចេះវេចខ្ចប់ព័ត៌មានអោយមានភាពទាក់ទាញ

នេះគឺជាយន្តការដែលសំខាន់ធ្វើការងារសាធារណមតិ និងមានបុរេសកម្ម ហើយត្រូវផ្សព្វផ្សាយនូវអ្វីដែលយើងធ្វើផង។ ខ្ញុំនិយាយច្រើនលើក ហើយកន្លងទៅក៏មានការលើកច្បាស់និងរៀបចំយន្តការច្រើន។ ឥឡូវយើងរៀបចំគណៈកម្មាធិការសម្របសម្រួលកិច្ចការព័ត៌មានសារធារណៈមតិ ឯកឧត្តម ស្វាយ ស៊ីថា ដឹកនាំ នៅថ្នាក់ជាតិតាមបណ្តាក្រសួង ថ្នាក់ខេត្ត ឲ្យពិនិត្យមើលដើម្បីយើងធ្វើការងារយ៉ាងម៉េច។ ខេត្តមួយៗធ្វើច្រើនណាស់ ប៉ុន្តែបញ្ហាច្រើនជាងគេ គឺយើងមិនសូវផ្សាយនូវអ្វី(ដែលយើងបានធ្វើ)។ បើផ្សាយហើយ ភាគច្រើនហៅថាផ្សាយព័ត៌មានឆៅ។ បើសិនជាព័ត៌មានអវិជ្ជមានគេចេះវេចខ្ចប់ ធ្វើឲ្យមនុស្សទាក់ទាញ។ ដល់ព័ត៌មានវិ​ជ្ជមានយើងអត់សូវចេះវេចខ្ចប់ទេ។

(២៤) ក្រៅពីមន្ទីសារព័ត៌មាន ខេត្តនីមួយៗ គប្បីមានក្រុមតូចមួយជាសេនាធិការលើការងារសាធារណមតិ

ថ្ងៃមួយ ខ្ញុំបានឲ្យគោលការណ៍ដើម្បីពិនិត្យមើល។ ក្នុងខេត្តមួយៗ គួរតែមានមន្ទីរព័ត៌មានជាសេនាធិការក្នុងយន្តការសម្រាប់ផ្សព្វផ្សាយហើយ។ ប៉ុន្តែគួរតែមានក្រុម ១តូច សម្រាប់ជាសេនាធិការឲ្យអភិបាលរាជធានីខេត្ត ជាជំនាញសម្រាប់ធ្វើកិច្ចការងារហ្នឹង។ កាលមុន ក្រសួងបរិស្ថានឃើញធ្វើការល្អជាមួយនឹងអប្សរា។ យើងមានមធ្យាបាយច្រើន។ កុំឲ្យគេឃើញមួយថ្ងៃល្អស្ងាត់ជ្រាប ដល់ពេលអាក្រក់ឃើញ។ រឿងសាធារណមតិគឺជារឿងធ្វើជាប្រចាំ។ យើងធ្វើល្អតែមិនផ្សាយ ប្រជាពលរដ្ឋអត់ដឹងទេ។ តែបញ្ហាអវិជ្ជមានគេដឹង ដល់យូរទៅគេឃើញតែអវិជ្ជមាន … បូកសរុបប្រជាជនឃើញតែអវិជ្ជមានទាំងអស់។ កុំភ្លេចថាបេះដូង វាកើតចេញពីភ្នែកនិងត្រចៀក។ ភ្នែកមើលឃើញ ត្រចៀកស្តាប់ឮជាប្រចាំ ចូលទៅដល់ខួរក្បាល calculate ហើយបានចូលមកបេះដូងថាស្រលាញ់មិនស្រលាញ់។ កុំឲ្យបេះដូងគេប្រែពណ៌ហើយ បានទៅរកចាប់មកវិញ។ ពិបាក។ បេះដូងត្រូវនៅជាមួយយើង។

ខេត្តនីមួយៗ ស្រុកនីមួយៗ ឃុំនីមួយៗ អាជ្ញាធរ បងប្អូនយើងខំធ្វើច្រើនណាស់ សមិទ្ធផល គួរតែផ្សព្វផ្សាយរំលេច គិតថាផ្លូវមួយខ្សែនៅក្នុងឃុំហ្នឹង ឲ្យតែអ្នកឃុំហ្នឹងដឹងបានហើយ អ្នកឃុំផ្សេងទៀតមិនចាំបាច់ដឹងខ្លាចគេច្រណែន។ អត់ទេ! ផ្សាយទៅឲ្យគេដឹងថានៅក្នុងស្រុកយើង ទោះជាឃុំហ្នឹងមិនទាន់បាន ក៏រាជរដ្ឋាភិបាលខិតខំធ្វើបានច្រើនហើយដែរ។ ហ្នឹងវាអញ្ចឹង។ សមិទ្ធផលធ្វើជាបន្តបន្ទាប់។ យើងដោះស្រាយជាបន្តបន្ទាប់។ តម្លាភាពនៃព័ត៌មានយើងចែកឲ្យគាត់ដឹង ឲ្យគាត់ឮ។ អញ្ចឹង ខ្ញុំសុំឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្តសូមសហការជាមួយឯកឧត្តមគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិជាមួយនឹងក្រសួងព័ត៌​មានដើម្បីយើងធ្វើការងាររៀបចំយន្តការនេះ សំខាន់ណាស់។

(២៥) ការងារព័ត៌មានគប្បីជាអាទិភាពមួយនៃការប្រើប្រាស់ថវិកាវិមជ្ឈការ

យើងមានឱកាស ៥ ឆ្នាំដើម្បីបម្រើប្រជាជន ដើម្បីប្រមូលនូវព័ត៌មាន និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គួរឲ្យគាត់ដឹងផង។ កិច្ចការនេះ មិនមែនតែថ្នាក់ជាតិ មិនមែនតែក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ និងគណៈកម្មាធិការសម្របសម្រួលព័ត៌មាន និងសាធារណមតិនោះទេ សូមឲ្យក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់ទាំងអស់ ពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី ដែលមានមន្ទីរព័ត៌មាន យកចិត្តទុកដាក់លើកទឹកចិត្តដល់មន្ទីរព័ត៌មានក្នុងការធ្វើការងារនេះ។ យើងបានធ្វើវិមជ្ឈការថវិកាទៅច្រើនហើយ គិតគូរចាយទៅលើអ្វីដែលសំខាន់ ពិសេសការងារព័ត៌មាននេះ គួរឲ្យអាទិភាពមួយក្នុងចំណោមអាទិភាពផ្សេងៗ ព្រោះខំប្រឹងធ្វើចង់ធ្លាក់ខ្យល់ បើអត់មានការផ្សព្វផ្សាយ (វាធ្វើអោយសមិទ្ធផលទាំងនោះកប់បាត់)។

(២៦) គប្បីពិនិត្យមើលរចនាសម្ព័ន្ធ ការផ្តល់សិទ្ធិ និងការជួយបណ្តុះបណ្តាលមន្ទីរព័ត៌មាន ឱ្យធ្វើការងារសកម្ម និងផ្តល់លទ្ធភាពធ្វើការ

មន្ទីរព័ត៌មានទទួលផែនការ ទទួលធ្វើកិច្ចការនេះ ព្រោះរាល់ការងារទាំងអស់ គ្រប់វិស័យទាំងអស់នៅក្រោមខេត្ត គឺខេត្តជាអ្នកផ្សាយ នៅថ្នាក់ជាតិ។ ពិតណាស់មានក្រសួងមួយៗផ្សាយ ប៉ុន្តែក្រោមជាតិ មន្ទីរសាធារណការខំធ្វើផ្លូវក៏ឲ្យខេត្តផ្សាយដែរ … អញ្ចឹងខេត្តនិងមន្ទីរព័ត៌មានជាអ្នកទទួលខុសត្រូវ និងផ្សព្វផ្សាយនូវសមិទ្ធផលគ្រប់វិស័យទាំងអស់ គ្រប់មន្ទីរទាំងអស់របស់ខេត្ត។ អ្នកនាំពាក្យ អ្នកដែលជួយផ្សព្វផ្សាយធ្វើការងារ ជួយបង្ហាញប្រជាជន ដើម្បីលើកទឹកចិត្តដល់គ្រប់ស្ថាប័នផ្សេងថាឲ្យប្រជាជនទទួលស្គាល់ គឺខាងមន្ទីរព័ត៌មាននេះ។ ខ្ញុំសង្ឃឹមថានឹងមានការចុះទៅពិនិត្យ​មើល structure ពិនិត្យមើលរចនាសម្ព័ន្ធ ការផ្តល់សិទ្ធិ និងការជួយបណ្តុះបណ្តាលយ៉ាងម៉េច ដើម្បីមន្ទីរព័ត៌មានមួយៗ ដើម្បីធ្វើការងារសកម្មនិងផ្តល់លទ្ធភាពធ្វើការនេះ។

(២៧) ផ្សព្វផ្សាយការងារវិជ្ជមាន ទប់ស្កាត់បញ្ហាអវិជ្ជមាន អ្នកផ្សព្វផ្សាយព័ត៌មានជាអ្នកធ្វើទីផ្សារ

ការធ្វើការងារព័ត៌មាននេះសំខាន់ណាស់។ មនុស្សមានអីទៀត? គឺអារម្មណ៍។ មនុស្សមិនមែន robot ដោយ program ទេ។ មនុស្សមានអារម្មណ៍។ បើសិនជាយើងចង់ឲ្យប្រជាពលរដ្ឋកក់ក្តៅជាមួយរដ្ឋបាលយើង ឲ្យគាត់មានអារម្មណ៍ថាយើងធ្វើការបម្រើគាត់រាល់ថ្ងៃ បើមួយថ្ងៃៗ គាត់ឃើញតែនៅខេត្ត ឃើញតែមានមានបញ្ហានេះ បញ្ហានោះ តើគាត់មានអារម្មណ៍កក់ក្តៅជាមួយយើងទេ? តើឯកឧត្តម លោកជំទាវ អភិបាលខេត្តនីមួយៗមានដឹងទេ? យើងកាន់តួនាទី ៤ ឆ្នាំ ៨ ឆ្នាំ គឺជាឱកាសដើម្បីកសាងនូវស្នាដៃ ប៉ុន្តែស្នាដៃនេះមិនអាចតែគ្នាយើងដឹងទេ។ ត្រូវចែកប្រជាជនឲ្យមានការចូលរួមទុកចិត្តជាមួយយើងផង។ អញ្ចឹងការងារព័ត៌មាននេះ ​ពិសេសថ្នាក់ក្រោមជាតិ ក៏សុំយកចិត្តទុកដាក់។ ជួនកាលព័ត៌មានយើងអត់មានអីសោះ គេមក(មួល)ប្រកាច់ឲ្យយើងអង្គុយតែឈឺក្បាល។ យើងអត់មានយន្តការសម្រាប់គ្របទៅវិញ។ នេះជាបញ្ហាចោទ។ អញ្ចឹងធ្វើទាំងការងារវិជ្ជមាន និងទប់ស្កាត់ទាំងបញ្ហាអវិជ្ជមាន ហើយផ្សព្វផ្សាយនូវអ្វីដែល(យើងបាន)ធ្វើ ហើយសំខាន់ គឺព័ត៌មានជាអ្នក marketing របស់យើងហើយ។ ក្រុមហ៊ុនមួយៗដើរខ្លាំង លក់ផលិតផលខ្លាំង គឺដោយសារ marketing ហ្នឹងតើ។ គេវិនិយោគច្រើនណាស់ទៅលើ marketing អ្នកដើរលក់ ដើរផ្សព្វផ្សាយ ផ្សព្វផ្សាយតាមប្រព័ន្ធទូរទស្សន៍ផ្ទាល់ ចំ​ណាយលុយច្រើនណាស់ដើម្បីធ្វើ។ អញ្ចឹងការគិតគូរពីការធានានិងជួយលទ្ធភាព​និងផ្ដល់ទៅដល់កិច្ចការនេះ តិចច្រើន យើងត្រូវពិនិត្យមើល ផ្ដល់លទ្ធភាព អាទិភាព។

(២៨) ខេត្តនីមួយ គប្បីបង្កើតសេនាធិការផ្ទាល់ធ្វើការងារនិងផ្សាយព័ត៌មាន

ម្ដងទៀត ក្រសួងព័ត៌មាន គណៈកម្មាធិការសម្របសម្រួលព័ត៌មាន ស្ថាប័នពាក់ព័ន្ធ ជាមួយអាជ្ញាធររាជធានីខេត្ត សូមយកចិត្តទុកដាក់ទៅលើកិច្ចការនេះ ហើយរៀបចំយន្តការ។ អត់ចំណាយច្រើនទេ។ រើសមនុស្សឱ្យត្រូវ ប៉ុន្មាននាក់ដើម្បីធ្វើជាសេនាធិការផ្ទាល់ឱ្យយើង ជាស្ពានរវាងយើងជាមួយនឹងមន្ទីរ ជាមួយនឹងគ្រប់ស្ថាប័ន។ អ្នកហ្នឹងជាសេនាធិការ មិនបាច់ធ្វើអីច្រើនទេ ធ្វើតែការងារព័ត៌មានទៅ កុំឱ្យគាត់ធ្វើការអីផ្សេង នាំរវល់ ធ្វើអីមិនបាន ព្រោះព័ត៌មាននេះគឺជាការងាររវល់ហើយ។ ខ្ញុំគិតថា វិនិយោគទៅលើអ្នកដែលសម្របសម្រួលហ្នឹង មួយខេត្ត ៣-៤-៥ នាក់ អត់លំបាកទេ ហើយមិនបាច់ឱ្យធ្វើអីទេ។ បញ្ហាកន្លងទៅ វាអញ្ចេះ ជួនកាលរកអ្នកដែលពូកែឱ្យគាត់ធ្វើការងារហ្នឹង តែគាត់រវល់ច្រើនគាត់អត់ធ្វើ។ រកអ្នកដែលអត់សូវមានរវល់ តែអត់ពូកែធ្វើក៏អត់ចេញ។ អញ្ចឹងបានខ្ញុំបើកច្រក។ ខ្ញុំបើកសិទ្ធិ។ មិនចាំបាច់ចាំមន្រ្តីក្របខណ្ឌទេ។ បើចាំបាច់ មន្រ្តីកិច្ចសន្យាដែលមានជំនាញ យកមកឱ្យធ្វើក៏បានដែរ។ ការផ្ដល់សិទ្ធិ គឺអាស្រ័យទៅលើអភិបាលរាជធានីខេត្តនីមួយៗ ព្រោះនៅក្រោមដៃជាសេនាធិការផ្ទាល់។ យើងកុំចងក្រឡា។ កុំថាទាល់តែយកអភិបាលរងមួយឱ្យគាត់មកធ្វើការងារហ្នឹង។ បើអញ្ចឹងគាត់អត់មានឥទ្ធិពល។ ឥទ្ធិពលរបស់យើង យើងជាអ្នកឱ្យតើ។ បើគាត់ជាសេនាធិការផ្ទាល់ឱ្យអភិបាលរាជធានីខេត្ត គាត់មានសិទ្ធិ។ គាត់ត្រូវការព័ត៌មានអីពីមន្ទីរណា (មន្ទីរនោះត្រូវ)សហការជាមួយ។

(២៩) កិច្ចការនៃអ្នកផ្សព្វ​ផ្សាយព័ត៌មាននិងការងារសាធារណមតិ

យើងអាចធ្វើបាន ហើយគាត់ជាអ្នកជំនាញទៀត។ ខ្ញុំគិតថា យើងគួរប្រើយុទ្ធសាស្រ្ត marketing ហ្នឹងតែម្ដង រឿងព័ត៌មាននេះ។ កិច្ចការនេះ ថ្ងៃមុន ឯកឧត្តម ស្វាយ ស៊ីថា បានលើកយោបល់ថា គួរឱ្យមន្ទីរព័ត៌មានធ្វើ។ ខ្ញុំថា មន្ទីរព័ត៌មានត្រូវតែធ្វើហើយ ប៉ុន្តែត្រូវមានវិធីមួយទៀតដែលជាសេនាធិការសម្របសម្រួលតែម្ដង ជាសេនាធិការផ្ទាល់ព្រោះប្រធានមន្ទីរព័ត៌មាន ជួនកាលគាត់អត់មានសិទ្ធិទៅច្បាមលើមន្ទីរផ្សេងៗទៀតទេ ហើយគាត់ក៏រវល់ការងាររបស់គាត់ដែរ។ អញ្ចឹងគឺមានអ្នកដែលជា team មានសមាជិក ៣ទៅ៥ នាក់ … ដែលមានសិទ្ធិ ហើយមានជំនាញធ្វើកិច្ចការនេះ។ សាកហ្នឹងមើល។ អ្នកនាំពាក្យ ក៏មិនចាំបាច់តែអ្នកនាំពាក្យដែរទេ។ អ្នកផ្សព្វ​ផ្សាយព័ត៌មាននិងការងារសាធារណមតិ ត្រូវធ្វើកិច្ចការងារហ្នឹងជាមួយគ្នា ព្រោះអ្នកនាំពាក្យ ជួនកាលទាល់តែមានអីកើតឡើង បានយើងបញ្ចេញព័ត៌មាន ត្រូវការបំភ្លឺអី បានយើងបញ្ចេញ។​ ប្រជុំអីចប់មួយ​ បានបញ្ចេញ តែអ្នកដែលធ្វើការការងារសាធារណមតិ មិនចាំបាច់មានព្រឹត្តិការណ៍អីទេ គឺធ្វើតែម្ដង។ យកអ្វីដែលមាននៅខេត្ត(មកផ្សព្វផ្សាយ)។ ខ្ញុំគិតថា កិច្ចការទាំងអស់នេះ គឺកិច្ចការសំខាន់។

(៣០) មហាផ្ទៃអាចគិតពីសូចនាករប្រឡងប្រណាំងការងាររួមនិងព័ត៌មានសាធារណមតិសំរាប់ខេត្តទាំងឡាយ

ខ្ញុំគិតថា ខេត្តនីមួយៗ គួរតែមានការប្រលងប្រណាំង។ ទៅមុនទៀត ប្រហែលជានឹងត្រូវរៀបចំសូចនាករមួយចំនួនដើម្បីខេត្តនីមួយៗប្រលងប្រណាំងគ្នាលើកិច្ចការខ្លះ។ ប្រហែលជាឱ្យខាងក្រសួងមហាផ្ទៃគិតគូរមើលបន្ដិច ដាក់ការប្រលងប្រណាំងដល់ខេត្តនីមួយៗ ទៅលើកិច្ចការរួម ទាំងការងារព័ត៌មានសាធារណមតិហ្នឹងផង។ បើធ្វើច្រើន និយាយតិច ក៏គ្រាន់បើធ្វើច្រើន អត់និយាយសោះដែរ។ បើអ្នកវាយយើងវិញ អត់ធ្វើអីសោះ និយាយច្រើនណាស់។ កុំភ្លេចថា អ្វីដែលចូលតាមភ្នែក អ្វីដែលចូលតាមត្រចៀក ញឹកញយ ហ្នឹងក្លាយជាការពិត នៅពេលដែលម្ខាងទៀត អត់មានព័ត៌មានដែលគេមើលឃើញ គេស្ដាប់ឮ … ចូលទៅដល់ខួរក្បាល ចូលដល់បេះដូង គេចាត់ទុករដ្ឋបាលថាអសកម្ម នៅពេលដែលអត់ដឹងថាយើងបានធ្វើច្រើន។ នេះហើយជាបញ្ហារបស់យើង។ យើងដើរយឺត(នៅក្នុងការផ្សព្វផ្សាយព័ត៌មាន)។ ចាំ ៥ឆ្នាំម្ដង ពេលដែលជិតដល់យុទ្ធនាការ បានយើងចាប់ផ្ដើមផ្សព្វផ្សាយ។ ហ្នឹងអត់កើតទេ។ ហើយចាំតែក្រុមការងារថ្នាក់ជាតិ ក្រុមការងារពង្រឹងចុះទៅផ្សព្វផ្សាយ ក៏មិនកើតដែរ (ត្រូវ)ធ្វើជាប្រចាំ។ នេះហើយ គឺជាកិច្ចការសំខាន់ណាស់ ទៅលើ(ការផ្សព្វផ្សាយព័ត៌មាន)។

[ចប់សេចក្ដីអធិប្បាយ៥]

ទី៤. ក្រសួងព័ត៌មាន ត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងលុបបំបាត់នូវព័ត៌មានអវិជ្ជមាន បំភ្លៃ បំផ្លើស ឬ បំភាន់ ប្រាសចាកពីតថភាពជាក់ស្តែងក្នុងសង្គមកម្ពុជា និងធ្វើឱ្យខូចមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។

ទី៥. ក្រសួងព័ត៌មាន ត្រូវរៀបចំគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីតម្រង់ទិសការផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធអាណាឡូក ទៅប្រព័ន្ធឌីជីថល និងការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថលក្នុងតំបន់ និងអន្តរជាតិ។

ទី៦. ក្រសួងព័ត៌មាន ត្រូវរៀបចំផែនការអភិវឌ្ឍធនធានមនុស្ស សម្រាប់គ្រប់គ្រងដំណើរការថ្នាលទូរទស្សន៍ឌីជីថល ព្រមទាំងលើកកម្ពស់ការបណ្តុះបណ្ដាលអក្ខរកម្ម ឌីជីថល និងអក្ខរកម្មព័ត៌មាន ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងព័ត៌មាន ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងវិស័យឯកជន ពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈសារព័ត៌មានឱ្យបានកាន់តែល្អ។

ទី៧. ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងព័ត៌មាន កំណត់យន្តការ និងប្រព័ន្ធគ្រប់គ្រង ដើម្បីពង្រឹងស្ថាប័ន​ព័ត៌មាន គុណភាពព័ត៌មាន សុវត្ថិភាព និងសិទ្ធិទទួលព័ត៌មាន សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វ​ផ្សាយព័ត៌មាន ក៏ដូចជា វិស័យព័ត៌មាននៅកម្ពុជា។

ទី៨. ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រសួងព័ត៌មានត្រូវពង្រឹងយន្តការក្រសួង ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិផ្អែម ជាដើម តាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារជំងឺមិនឆ្លង ដែលជំងឺនេះបានសម្លាប់មនុស្សជាច្រើននៅក្នុងពិភពលោក។

ទី៩. ក្រសួងព័ត៌មាន ត្រូវបន្តសហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងដឹកនាំធ្វើយុទ្ធនាការ ដើម្បីបញ្ជ្រាបចំណេះដឹងដល់សាធារណជនឱ្យបានយល់ច្បាស់ពីព័ត៌មានក្លែងក្លាយ និងផលប៉ះពាល់នៃព័ត៌មានប្រភេទនេះ ព្រមទាំងមានវិធានការទប់ស្កាត់ និងការពារទាន់ពេល ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន សណ្តាប់ធ្នាប់ និងសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមជាតិ។

មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចដ៏ថ្លៃថ្លានេះជូនជាតិ និងសូមអបអរសាទរនូវសមិទ្ធផលការងារទាំងឡាយ ដែលក្រសួងព័ត៌មានសម្រេចបានកន្លងមក។ ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤» របស់ក្រសួងព័ត៌មាននាពេលនេះ, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី, សូមមានសុខភាពល្អបរិបូណ៌, មានសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចបានជោគជ័យក្នុងគ្រប់ភារកិច្ចរៀងៗខ្លួន, និងសូមប្រកបដោយពុទ្ធពរ និងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត។ សូមអរគុណ! ៕



Selected Comments Samdech Moha Bovor Thipadei Hun Manet, in the meeting to review the work results for 2023 and work directions for 2024 of the Ministry of Information

[Unofficial Translation]

*********

CMF:

[1]

(1) Support measures to adjust and strengthen the internal structure and human resources

I would like to support the Ministry of Information’s practical measures to revise the internal structure, to strengthen human resources and to organize the use of existing human resources, while allocating and building capacity of existing resources or using the existing resource to the fullest extent possible […] we cannot turn from analog devices into digital if we do not have the structure to implement, plan, direct, implement, use the new system, or to have no legal standards to manage it, and do not have the human resources to use and guide effectively to benefit from modern equipment and technology […]

(2) Incentive system adjustment critical in human resource management and encouraging reform

Adjusting the incentive system is important in organizing human resources, and the motivation in our reform consolidation in the seventh mandate that is people-centered. Strengthening the health capacity, knowledge of our human resources from the bottom up. In ministries and institutions, people are the key, civil servants are the key in recruiting, organizing, assigning, and training to increase efficiency. We set goals as many as performance indicators needed that the Ministry has to do, but must first see for ourselves whether their health is strong or not? […]

[2]

(3) The right to receive information on society and daily life from all means

The press is the fourth power. This power, if used properly, is very important for the development of our nation, for maintaining peace and stability, to provide energy to our people, and the Royal Government can make decisions as well as put in place effective measures […]

Firstly, our people have the right to access information related to society and their daily lives from all means. We see that modern technology has decentralized the collection and provision of information. We now have over 2,000 press media units […]

Secondly, the Royal Government at the national and sub-national levels also needs accurate, timely, and comprehensive information in order to put in place timely and targeted measures and solutions effectively. In these 5 months, […] (the 7th legislative term) government is now 5 months and 1 day old, I have solved many problems through the information I accessed on social media. I solved those problems by sending them to the relevant sub-national authority to take immediate actions […]

(4) Accurate, fast and comprehensive information speeds up the solution and helps prevent small issue from becoming big

(Accurate and fast coverage information) is a very big means. In the past, some ministries and institutions and sub-national authorities have used this measure to capture information. I urge the provincial governors, the provincial capitals, as well as the heads of all institutions to use those measures, especially those that are relevant in their jurisdiction, to manage all the work, because sometimes, waiting for the report from below takes a long time, or the information that passed through administrative procedures are long gone. Things that are small become big. But if we empower the provincial governor, the head of the relevant institutions, with the information, (we will be) able to put out the fire […]

(5) Use digital system to receive information and to solve problems effectively to serve the people

In the digital age, we not only use digital means to receive information. We also use digital systems to both receive information and solve problems […] I would like to thank you for being able to participate in problem solving to ensure the effective leadership of the people at all levels of the Royal Government […]

[3]

(6) Professional ethics establishes and maintains professional values

The professional ethics of the press and journalists is very important. Why do we develop professional ethics? It is to create and maintain the value of the profession. Whether you are a doctor, a journalist, or an engineer, you all need ethical codes […] so as to understand the scope of your freedoms and responsibilities, and not to infringe on the rights, freedoms, dignity of others or stability or social security. With the established information ethics, people working in information are key operator in this field. All this work needs to be taken care of by the media outlets and the journalists themselves […]

(7) Journalists must value journalism, execute ethics to become the fourth source of power

I once mentioned a few years ago that the critical starting point is when the journalist himself loves his press career, loves the profession and values of his journalism career. How to value that? We can value that through our ethical practices and professional responsibilities so that we become a source of executive power of the fourth power that all citizens can trust. If the media and journalists follow the free style practices, then all value is lost […]

(8) Do not help hide information and do not create fake information

Our press means has grown tremendously. We have a great number of our journalists. At the moment, according to the data, there are nearly 10,000 registered and unregistered media personnel, most of whom have done a great job. Most of them acted in accordance with the code of ethics, but at the same time there were a small number of cases. Firstly, if you know the issue but you help hide the information, it is equal to you act in collusion, should the issue be true. Secondly, if you create fake information and use the fake information to oppress concerned parties, it is even more illegal. Only we, especially journalists, work together to preserve the common values of the media and journalists […]

(9) Promotion of alcohol beyond acceptable standard prohibited

I think the media can also be involved in educating people about the effects of drug and alcohol abuse. The day before, I ordered from outside (Paris), to HE Neth Pheaktra, to immediately call a TV to turn off and remove its alcohol advertisement immediately […] we need to see as to what kind of advertisement goes beyond the boundaries, especially the television broadcasts of popular concerts that tens of thousands of people watch. I put this order in place while in France […] the media has to think about the content and image to be published and/or broadcast […]

[4]

(10) Code of ethics to protect journalists who act in accordance with the law

I render support to the five strategic directions of the Ministry (of Information) […] related to institutional modernization, strengthening technical standards, developing human resource, setting up information systems and mechanisms to manage the information space with the correct and legal standards, and enhancing effective and inclusive partnerships […] A democracy is valid, resilient and sustainable is based on the rule of law. Democracy without laws is called anarchy. In English, I used to say, the democracy that has no law is democrazy […]

Why do we issue a law? It is not to block the rights of journalists. Instead, it is to protect journalists. To protect journalists who act in accordance with the law, and protect their values. Should they run into problem, they have the legal protection, if they follow the code of ethics and the law […] the law is not to block […], but to protect the rights and freedoms (both) of journalists and the people. (Establishing) a law is to make the information system responsible and to make journalists responsible […]

(11) Use AI responsibly to provide new energy, new efficiency, new productivity

AI has evolved […] in the past, they only used fake sound. Now they make an image that speaks. They make information out of it right away. This is a great danger for our nation and for the universe. AI, however, is not all bad. AI will give new energy, new efficiency, new productivity to our works. We cannot ban it as we cannot ban the Internet, and other social media like Facebook, etc. We must find a way to use it effectively and responsibly […]

(12) Continue to provide legal support to journalists who follow the code of ethics

In the past, the rights and freedoms of journalists have been taken seriously […] Samdech Techo also had his lawyers to protect journalists. We will continue to look at the framework of providing protection of rights and motivating their jobs. However, we do not protect the corrupt. We will protect those who follow the code of ethics, who use their fourth power to help the society, not to pollute the society, and the Royal Government will continue to pay attention to all this […] the Royal Government does not take journalists as enemy. We are partners. This country is where we live together. Not only the people or the journalists, even the head of the Royal Government needs accurate and immediate information […]

[5]

(13) The Information Office acts as an information assistant, doing the information and public coordination job and is proactive

Please use the (provincial) Information Office as the information assistant of the Ministry of Information, […] and should not only act as a collector and distributor of information, but a proactive information and public coordination conductor, […] we should not wait for an issue to explode to extinguish it […] the important mechanisms is the information and public coordination and working in proactive manner […] we set up a National Committee for Information and Public Coordination (NPCC) at the national, ministerial and provincial levels […] provinces have done a lot of works but the biggest problem was that we did not publish much (of what we did). If it is published, it is mostly called raw news broadcast. Negative information, with the repackaging skills, they attract people. Positive information, very often, we do not know much about repackaging it […]

(14) Information work should be a priority for use of decentralized budgets

[…] We have a five-year opportunity to gather information and solve problems for the people […] not only at the national level, the Ministry of Information and the Ministry of Interior and the National Committee for Information and Public Coordination (NPCC), but also the ministries, national institutions, sub-national administrations […] with the Office of Information encouraged to carry out this work. We have decentralized the budget a lot […] and should prioritize on this information work among other priorities […]

(15) Review the structure, rights and training, and provide ability for the Office of Information to work actively

[…] Provinces and Information Offices are responsible for disseminating achievements in all areas of all provincial departments. The spokesperson helps to spread the word, to show the people, to encourage all institutions to gain recognition from the people […] I hope that there will be visits to review the structure, the granting of rights and the training assistance for each information office to work actively and to have the ability to do this job […]

(16) Interior to consider indicators for contest on general achievements and the work of information and public coordination among provinces

[…] Each province should take part in a contest. For the time to come, maybe the Ministry of Interior will have to think a little bit about preparing some indicators for the competition/contest for each province on the works in general, and the work of NPCC (at the provincial level) included. If you do a lot, but you talk less, it is a better thing still that doing more, but do not talk at all. From those who attack us, they do nothing, but they talk a lot […]./.