Tuesday, March 18, 2014

ទស្សនៈ បទសម្ភាសន៍​របស់ សម រង្ស៊ី បង្ហាញ​ច្រើន​ជាង​អ្វីដែល​ចង់​បាន

លោក សម រង្ស៊ី ហាក់ដូចជាមិនចេះហត់នឿយសោះក្នុងការប្រឹងប្រែងដើម្បីកាន់អំណាច។ ចាប់តាំងពី គណបក្សសង្គ្រោះ​ជាតិរបស់​លោក​បានទទួល​បរាជ័យ​ក្នុង​ការ​បោះឆ្នោតក្នុងខែកក្កដា លោកមានការមមាញឹក យ៉ាងខ្លាំងក្នុងការធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតខាងមុខទៀត ដែលលោកចង់ឱ្យធ្វើឡើងមុនពេលកំណត់។ ការប្រឹង​ប្រែង​នេះប្រហែលជាលោកភ័យខ្លាចថានឹងអស់ថាមពល ប្រសិនបើលោកត្រូវធ្វើយុទ្ធនាការសម្រាប់ ប្រាំឆ្នាំបន្តទៀត។

          នៅពេលដែលមិនមានការបោះឆ្នោតនៅកម្ពុជានាពេលបច្ចុប្បន្ន ដើម្បីឱ្យលោកភ្ជាប់ជាមួយនោះ លោក រង្ស៊ី បានអនុវត្តន៍​ការឃោស​នាបោះ​ឆ្នោត​របស់​លោក​នៅ​ក្រៅ​ប្រទេស​យ៉ាងសប្បាយរីករាយ។ លោកយល់ថា វាងាយស្រួលក្នុងការឈ្នះសម្លេងឆ្នោតនៅក្នុងសភាអឺរ៉ុប ឬសភាអាមេរិក ឬក្នុងស្ថាប័ននានាប្រហាក់ប្រហែល គ្នាជាជាង​នៅ​កម្ពុជា។ នៅកម្ពុជា អ្នកបោះឆ្នោតបានស្តាប់ភាគីទាំងពីរសិន មុនពេលពួកគេសម្រេចចិត្តបោះ ឆ្នោត។ លោក រង្ស៊ី បាន​ព្យាយាមគ្រប់បែប​យ៉ាង​ដើម្បី​ឱ្យតំណាង​រាស្រ្តនៅបរទេស ធានាឱ្យបានថាពួកគេ ស្តាប់តែភាគីខាងលោកតែម្នាក់គត់។

          ក្នុងការប្រឹងប្រែងចុងក្រោយបំផុតរបស់លោកដើម្បីទទួលបានការគាំទ្រនៅកន្លែងដទៃទៀត លោក រង្ស៊ី បានផ្តល់បទសម្ភាសន៍ដ៏វែងមួយទៅកាន់សារព័ត៌មាន The Nation នៅទីក្រុងបាងកក ដែលបានបោះពុម្ព ផ្សាយនៅថ្ងៃទី១០ និង១១ ខែមីនា។ ក្នុងបទសម្ភាសន៍នោះ ក្នុងចំណោមបញ្ហានានា លោកបានអះអាងថា «ពិភពលោកទាំងមូលបានថ្កោលទោសការបោះឆ្នោតនៅកម្ពុជា» (ខ្ញុំមិនចង់ចោទលោក រង្ស៊ី ថាបានបំផ្លើស នោះទេ ប៉ុន្តែតើមាននរណាម្នាក់កត់សម្គាល់ថា «ពិភពលោកទាំងមូល» ឬទេ?)។ លោកបានបន្តថា «... ថ្មីៗ នេះ យើងបានទទួលសេចក្តីសម្រេចពីសភាអឺរ៉ុប ព្រឹទ្ធសភាអូស្ត្រាលី ហើយសភាអាមេរិកថ្មីៗនេះបានអនុម័ត សេចក្តីសំរេចមួយ អំពាវនាវឱ្យមានការស៊ើបអង្កេតព្រោះថាមាន អ្នកសង្កេតការណ៍ឯករាជ្យបានបង្ហាញនូវ ភាពមិនប្រក្រតីនានា ហើយបានបង្ហាញថា ការបោះឆ្នោតចុងក្រោយនេះមិនមានលក្ខណៈសេរី​ និងយុត្តិធម៌ នោះទេ»។ ក្រោយមកទៀតក្នុងបទសម្ភាសន៍នោះ លោកបានបន្ថែមថា «... វាមិនមែនគ្រាន់តែគណបក្ស ប្រឆាំងនោះទេ ប៉ុន្តែអ្នកសង្កេតការណ៍ឯករាជ្យក្នុងប្រទេស និងអន្តរជាតិទាំងអស់និយាយថា ការបោះឆ្នោត ចុងក្រោយនេះ គឺជាការបោះឆ្នោតអាក្រក់បំផុតដែលមិនធ្លាប់មាន»។

          ប៉ុន្តែ សភាអឺរ៉ុប ព្រឹទ្ធសភាអូស្ត្រាលី និងសភាអាមេរិក មិនមែនជាអ្នកសង្កេតការណ៍បោះឆ្នោត កាល ពីខែកក្កដានោះទេ។ អ្នកសង្កេត​ការណ៍​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៣​មានតិច​ជាងក្នុងការបោះឆ្នោតកន្លងទៅមុនៗ ដោយសារមួយផ្នែកមកពីលោក សម រង្ស៊ី បានខិតខំយ៉ាងណាមិនឱ្យអ្នកសង្កេតការណ៍មុនៗមកចូលរួម សង្កេតការណ៍។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ លោកបានអំពាវនាវដល់អង្គការ NGOs ក្នុងស្រុក និងក្រៅប្រទេស និង «ប្រទេសជាមិត្តនានា» មិនឱ្យបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការ បោះឆ្នោតរដ្ឋសភានោះទេ។ ដូច្នេះ សេចក្តីសម្រេចដែលលោករង្ស៊ីបានលើកឡើងនោះ មិនមែនជាការឆ្លើយតប ទៅនឹងការសង្កេតការណ៍ដោយ «អ្នកសង្កេតការណ៍ឯករាជ្យ»នោះទេ ប៉ុន្តែជាការឆ្លើយតបទៅនឹងអ្វីដែល គណបក្សសង្គ្រោះជាតិបានប្រាប់ទៅអ្នកតាក់តែងច្បាប់ទាំងនោះថា «អ្នកសង្កេតការណ៍ឯករាជ្យ» ទាំងនោះ បាននិយាយ ។

          ទោះជាយ៉ាងណាក៏ដោយ ទោះបីជាមានការប្រឹងប្រែងខ្ទប់របស់លោក រង្ស៊ី ក៏ដោយ ក៏នៅតែមានអ្នក សង្កេតការណ៍ឯករាជ្យមួយចំនួនបានមកចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតដែរ។ មានស្ថាប័នអន្តរជាតិ ធំៗពីរ គឺមហាសន្និបាតអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) និងក្រុមអ្នកប្រជាធិបតេយ្យអាស៊ី ប៉ាស៊ីហ្វិកនិយមកណ្តាលអន្តរជាតិ (CAPDI) បានបញ្ជូនគណៈប្រតិភូមួយក្រុមដែលដឹកនាំដោយអតីតប្រធាន សភាតំណាងរាស្ត្រហ្វីលីពីន និងអតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី។ ស្ថាប័នទាំងពីរនេះបានសរុបការអង្កេត របស់គេថា៖
          «ICAPP-CAPDI ចាត់ទុកការបោះឆ្នោតនៅកម្ពុជា ជាជ័យជំនះដ៏ធំធេងនៃឆន្ទៈប្រជាពលរដ្ឋ និងជា ជ័យជំនះនៃប្រជាជនកម្ពុជាក្នុងដំណើរដើម្បីកសាងអនាគតដ៏ប្រសើរ ដោយផ្អែកលើអំណាច និងភាពថ្លៃថ្នូរ នៃសន្លឹកឆ្នោតចាត់ទុកថា ការបោះឆ្នោតមានលក្ខណៈសេរី យុត្តិធម៌ និងតម្លាភាព ហើយសំខាន់បំផុតនោះ គឺបានប្រព្រឹត្តទៅដោយសន្តិភាព អហឹង្សា និងរលូន ដែលជាសក្ខីភាពបង្ហាញឱ្យឃើញពិតប្រាកដថា ប្រជាធិបតេយ្យនៅកម្ពុជាមិនគ្រាន់តែមានភាពចាស់ទុំប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបានឈានដល់ដំណាក់ កាលចាស់ទុំខាងផ្នែកនយោបាយទៀតផង។ យើងសូមសម្តែងការអបអរសាទរអស់ពីដួងចិត្តចំពោះប្រជាជន គណបក្សនយោបាយ មេដឹកនាំ ប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃ ប្រទេសកម្ពុជា ដែលបានរៀបចំការបោះឆ្នោតដោយជោគជ័យ និងប្រកបដោយសណ្តាប់ធ្នាប់»។ (តើនេះ មានន័យថា ICAPP និងCAPDI  មិនមែនជាផ្នែកមួយនៃពិភពលោកទេឬអី?)

អសនៈដែលឈ្នះ - តើនៅមណ្ឌលណា?

          ដោយឆ្លៀតកេងចំណេញពីភាពមិនយល់ដឹងនៃអ្នកអានជនជាតិថៃនោះ លោករង្ស៊ីបានអះអាងថា តាមពិត​គណបក្សសង្គ្រោះជាតិពិតជាបានឈ្នះ៦៣អសនៈ លើសគណបក្សប្រជាជនដែលបាន៦០អសនៈ។ នេះគឺជារឿងចាស់ ប៉ុន្តែជារឿងដែលសំខាន់ដែលគួររំលឹកឡើងវិញ ដោយសាររឿងនេះគឺអ្វីដែលបង្ហាញឱ្យ យើងដឹងនោះគឺការជាប់ពាក់ ព័ន្ធដ៏ស្តួចស្តើងរវាងលោក សម រង្ស៊ី និងការពិត។

          នៅក្រោយពេលការបោះឆ្នោត សារព័ត៌មាន The Huffington Post បានរាយការណ៍ (នៅថ្ងៃ ទី៣១ ខែកក្កដា) ថា៖ «យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សប្រឆាំងបាននិយាយថា ផ្អែកលើរបាយការណ៍របស់ បុគ្គលិកគណបក្ស និងអ្នកសង្កេតការណ៍បោះឆ្នោត គណបក្សខ្លួនបានឈ្នះយ៉ាងតិច ៦៣អសនៈនៃអសនៈ ១២៣របស់រដ្ឋសភា»។ លោក សម រង្ស៊ី បានធ្វើការអះអាងស្រដៀងគ្នានៅល្ងាចថ្ងៃអង្គារ (ថ្ងៃទី៣០ ខែកក្កដា) ទៅកាន់អ្នកសារព័ត៌មានមួយក្រុមតូចផងដែរ។

          នេះមិនមែនជាការអះអាងអំពីថាតើអសនៈប៉ុន្មានដែលគណបក្សសង្គ្រោះជាតិបានឈ្នះនោះទេ ប្រសិន បើ «ភាពមិនប្រក្រតី» មិនត្រូវបានកើតឡើង។ នេះគឺជាការអះអាងដែលថា ការបោះឆ្នោតពិតជាក់ស្តែង បានផ្តល់ឱ្យគណបក្សសង្គ្រោះជាតិនូវសម្លេងភាគច្រើនគឺ៦៣អសនៈ។ ការអះអាងនេះ ត្រូវបានបន្ទរដោយ មន្រ្តីគណបក្សសង្គ្រោះជាតិមួយរូបទៀត គឺលោក សុន ឆ័យ នៅក្នុងអត្ថបទមួយក្នុងសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ថ្ងៃទី១ ខែសីហា។ លោក សុន ឆ័យ បានប្រាប់សារព័ត៌មាននេះថា អសនៈបន្ថែមចំនួនប្រាំបីទៀត របស់ គណបក្សសង្គ្រោះជាតិត្រូវបានមក ពីខេត្តប្រាំពីរ៖ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កណ្តាល ក្រចេះ ភ្នំពេញ និងសៀមរាប។

          អត្ថបទនោះបានបន្ថែមទៀតថា «លោក សុន ឆ័យ បាននិយាយថា សេចក្តីលំអិតជាងនេះទៀត មិន ទាន់ត្រូវបានរៀបចំរួចរាល់សម្រាប់សាធារណៈនៅឡើយទេ។ «យើងនឹងរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសអំពីសេចក្តីលំអិតទាំងអស់។ ផែនការគឺដើម្បីនាំយកព័ត៌មានទាំងអស់មកភ្នំពេញដើម្បីរាប់ និង ត្រួតពិនិត្យឡើងវិញសិន។»

          «លោក សុន ឆ័យ បានបន្តថា គណបក្សសង្គ្រោះជាតិមានរយៈពេលពីរសប្តាហ៍ដើម្បីធ្វើកិច្ចការនេះ ប៉ុន្តែ សម្រាប់ខ្ញុំ ពីរសប្តាហ៍ គឺយូរពេកហើយ»។

          លោក សុន ឆ័យ អើយ៖ ប្រសិនបើពីរសប្តាហ៍យូរពេកនោះ ចុះបើរយៈពេលប្រាំពីរខែកន្លះនោះវិញ?

          គណបក្សសង្គ្រោះជាតិមិនដែលបានប្រកាសអំពីសេចក្តីលំអិតទាំងអស់នោះទេ ពីព្រោះសេចក្តីលំអិត នោះមិនបានគាំទ្រដល់ការអះអាងរបស់ខ្លួនឡើយ។ ដើម្បីបង្ហាញថាខ្លួនបានឈ្នះអសនៈច្រើនជាងអ្វីដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនោះ គណបក្សសង្គ្រោះជាតិ ត្រូវបង្ហាញចំនួនសរុបនៃ សម្លេងឆ្នោតនៅតាមខេត្តដែលពាក់ព័ន្ធហើយខុសគ្នាពីចំនួនសរុបរបស់គជប។ ចំនួនសរុបតាមខេត្តទាំងនេះ ត្រូវផ្ទៀងផ្ទាត់ដោយការពិនិត្យទៅលើចំនួនសរុបតាមឃុំ ហើយចុងក្រោយតាមស្ថានីយ៍បោះឆ្នោតនិមួយៗ។ តមកទៀត គ្រប់ដំណាក់កាលនៃដំណើរការរាប់សន្លឹកឆ្នោត អ្នកសង្កេតការណ៍ផ្ទាល់របស់គណបក្សសង្គ្រោះ ជាតិបានចុះ ហត្ថលេខាលើរាល់ឯកសារទាំងអស់របស់គជប ដែលបង្ហាញថាការរាប់បឋម និងការបូកសរុប ត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវ។

          តើលោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិដទៃទៀត ដែលនៅយប់ថ្ងៃបោះឆ្នោតនោះ បានបង្កើតតួលេខខ្យល់៦៣អសនៈមែនឬទេ? ឬក៏ពួកគេមានការយល់ច្រឡំ ដែលប្រហែលជាត្រូវបាន បំភាន់ដោយរបាយការណ៍ពុំច្បាស់លាស់ ឬមិនគ្រប់ជ្រុងជ្រោយពីតំណាងនៃគណបក្សខ្លួននៅតាមខេត្តនោះ ឬ? ខ្ញុំមិនគិតថាវាពិតជាមានបញ្ហានោះទេ។ មកដល់ពេលនេះ ពួកគេពិតជាដឹងថា តួលេខរបស់ខ្លួន គឺមិនត្រឹមត្រូវហើយ ប៉ុន្តែលោក សម រង្ស៊ី នៅតែនិយាយច្រំដែលៗអំពីតួរលេខនោះ ។

ការទម្លាក់កំហុសទៅអ្នកផ្សេង

          ការមិនទទួលស្គាល់ការពិតជាដដែលៗ ត្រូវបានគេឃើញយ៉ាងច្បាស់ នៅពេលដែលលោក សម រង្ស៊ី ងាក ទៅរកសកម្មភាពមួយដែលលោកចូលចិត្ត នោះគឺការទម្លាក់កំហុសទៅលើជនជាតិវៀតណាម និងជា ពិសេសប្រជាជនកម្ពុជាដែលមានសែស្រឡាយវៀតណាម។ លោកបាននិយាយទៅកាន់អ្នកសារព័ត៌មាន The Nation ថា៖
          «ពួកគេ(ជនជាតិវៀតណាម)បានធ្វើអាណានិគមលើកម្ពុជា។ សូមមើលទៅលើសេដ្ឋកិច្ច វាគឺស្ថិត នៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនវៀតណាមមួយ៖ ទូរគមនាគមន៍ ទូរស័ព្ទ... ។ ក្រុមហ៊ុនអាកាសចរណ៍ គឺជាក្រុមហ៊ុនវៀតណាម។ ទោះជាអង្គរវត្តក៏ត្រូវបានត្រួតត្រា និងគ្រប់គ្រងដោយក្រុមហ៊ុនវៀតណាម ឬ នរណាម្នាក់ដែលជិតដឹតនឹងវៀតណាម»។

          លោក រង្ស៊ី ខ្លួនឯងក៏មិនអាចបែងចែកឱ្យបានត្រឹមត្រូវនូវបុរេនិច្ឆ័យរបស់ខ្លួនផង។ ក្រុមហ៊ុន Royal Group ដែលជាប្រតិបត្តិករទូរគមនាគមន៍ និងទូរស័ព្ទធំជាងគេបំផុតនៅកម្ពុជានោះ គឺមិនមែនជាក្រុមហ៊ុន វៀតណាមទេ។ ក្រុមហ៊ុននេះបានត្រូវបង្កើតឡើង នៅក្រោមការគ្រប់គ្រងដោយលោក គិត ម៉េង ដែលជាជន ជាតិខ្មែរ តែមានកម្ពុជាមានសែស្រឡាយចិន ដែលបានរត់ភៀសខ្លួនក្នុងអំឡុងរបបខ្មែរក្រហមទៅនៅអូស្រ្តាលី ហើយបានសញ្ជាតិអូស្ត្រាលី មុនពេលដែលត្រឡប់មកកាន់កម្ពុជាវិញ។ រីឯលោក សុខ គង់  ដែលជាជនជាតិ ខ្មែរសញ្ជាតិវៀតណាម ដែលបានបង្កើតក្រុមហ៊ុនសូគីម៉ិចនោះ លោកមានកំណើតនៅខេត្តព្រៃវែង។ លោក បានរត់ភៀសខ្លួនពីរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ ប៉ុន្តែបានត្រឡប់មកវិញនៅឆ្នាំ១៩៧៩ ដើម្បីចូលរួមក្នុង ការស្តារជីវភាពឡើងវិញ ដែលនៅពេលនោះមានកំពូលអ្នកស្នេហាជាតិខ្មែរមួយចំនួនបានសម្រេចចិត្តរង់ចាំ សញ្ញាពី UNTAC សន្យាពួកគេថាមានសុវត្ថិភាព និងរស់នៅប្រសើរសមរម្យ។ អ្វីដែលជាសម្តីរបស់លោករង្ស៊ី បង្ហាញយ៉ាងច្បាស់នោះគឺថា៖ វាមិនសំខាន់នោះទេ ដែលថារយៈពេលយូរប៉ុណ្ណាដែល គ្រួសារមួយបានរស់ នៅប្រទេសកម្ពុជា។ ប្រសិនបើពួកគេមានសែស្រឡាយវៀតណាមនោះ លោករង្ស៊ីមានបំណងចាត់ទុកពួកគេ ជា «ជនបរទេស» និង «ជនអាណានិគម»។

          ប៉ុន្តែអ្នកសារព័ត៌មាន The Nation បានជំទាស់ហើយសួរទៀតថា៖  តើកម្ពុជាមិនមានវិនិយោគិនមក ពីប្រទេសផ្សេងៗទៀតទេឬអី? លោក រង្ស៊ី បានឆ្លើយថា «តិចតួចណាស់»។ «ប្រសិនបើលោកសិក្សាលំអិត ទៅការវិនិយោគជាពិសេសការវិនិយោគដែលមានលក្ខណៈបំផ្លិចបំផ្លាញបំផុតនោះ និងត្រូវបានគ្រប់គ្រង ដោយក្រុមហ៊ុនវៀតណាម»។

          នោះមិនមែនជាការពិតទេ ដូចដែលនរណាម្នាក់ក៏ដោយក្នុងគណបក្សសង្គ្រោះជាតិអាចដឹងអំពីបញ្ហា នេះបាន ប្រសិនបើពួកគេចាប់អារម្មណ៍អំពីការពិត ជាជាងការទម្លាក់កំហុសទៅលើអ្នកដទៃ។ ឧទាហរណ៍របាយការណ៍វិនិយោគពិភពលោកឆ្នាំ២០១៣ ដែលបានបោះពុម្ពផ្សាយដោយសន្និបាតអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៅទំព័រ២២២ ដែលបានបង្ហាញព័ត៌មាននៅក្នុងតារាងខាងក្រោម។ ព័ត៌មាន នេះប្រៀបធៀបចំនួនសរុបសុទ្ធពីការលក់នៃអាជីវកម្មកម្ពុជា និងចំនួនសរុបនៃ អាជីវកម្មទិញដូរនៅក្នុង ប្រទេសណាមួយ ដោយក្រុមហ៊ុនវៀតណាមនៅក្នុងឆ្នាំដូចគ្នា។ ដូចដែលបង្ហាញច្បាស់ហើយ ទោះបីជាយើង ធ្វើការសន្មតដោយមិនទំនងក៏ដោយថា វិនិយោគិនវៀតណាមទិញអាជីវកម្មតែក្នុងប្រទេសកម្ពុជាមួយគត់ ហើយមិនទិញអាជីវកម្មក្នុងប្រទេសផ្សេងទៀតនោះ ការធ្វើវិនិយោគរបស់វៀតណាមនឹងមានចំនួនតែ ៩៥លានដុល្លារប៉ុណ្ណោះលើចំនួន ៤៨៦លានដុល្លារនៃ អាជីវកម្មទិញលក់របស់កម្ពុជាក្នុងរយៈពេល៧ឆ្នាំ។

ការរួមបញ្ចូលគ្នា និងការទិញយក៖ ការលក់របស់កម្ពុជា និងការទិញយករបស់វៀតណាម (គិតជាលានដុល្លារ)


២០០៦
២០០៧
២០០៨
២០០៩
២០១០
២០១១
២០១២
ការលក់របស់កម្ពុជា
៣០
-
៣៣៦
១០០
ការទិញយករបស់វៀតណាម
-
២៥
-
៥៩
-

          តារាងនេះបង្ហាញតែអំពី «ការរួមបញ្ចូលគ្នា និងការទទួលបាន» ប៉ុណ្ណោះ ដែលនោះគឺការផ្ទេរភាពជា ម្ចាស់នៃអាជីវកម្មដែលមានស្រាប់មួយ។ សំខាន់បំផុតសំរាប់សេដ្ឋកិច្ចនោះ គឺដីធ្លីដែលមិនទាន់អភិវឌ្ឍដែល ទាក់ទាញបានការវិនិយោគ ដោយបង្កើតបានធុរៈកិច្ចថ្មីៗជាច្រើន។ ប្រភពផ្សេងៗនៃការវិនិយោគផ្ទាល់ពី បរទេស ដែលរួមបញ្ចូលនូវការវិនិយោគលើដីធ្លីដែលមិនទាន់អភិវឌ្ឍ និងការរួមបញ្ចូលគ្នា និងការទិញយក បង្ហាញថាវៀតណាមមិនមែនជា វិនិយោគិននាំមុខគេក្នុងប្រទេសកម្ពុជាទេ បើប្រៀបធៀបនឹងការវិនិយោគ របស់វិនិយោគិននៃប្រទេសដទៃទៀតគឺនៅមានកម្រិត «តិចតួច» នៅឡើយ។

          ការធ្វើវិនិយោគទុនទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុនបរទេស វៀតណាមមានចំណាត់ ថ្នាក់ទី៥ (http://www.thecambodiaherald.com/cambodia/detail/1?page=13&token=NjA1NjRhYTIxOTd ) ។ ការធ្វើវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ២០០៩ វៀតណាមមានចំណាត់ថ្នាក់ទី៦ នៅពីក្រោយចិន កូរ៉េខាងត្បូង សឹង្ហបូរី ម៉ាឡេស៊ី និងថៃ ( http://www.investmentnewscambodia-mirror.blogspot.com/2011/05/ foreign-direct-investment-fdi-in.html )។

          លើសពីនេះទៀត កម្ពុជាមិនបារម្ភចំពោះទំហំវិនិយោគរបស់វៀតណាមនោះទេ។ ការធ្វើវិនិយោគ ទាំងអស់របស់វៀតណាមក្នុងប្រទេសកម្ពុជាមានតែចំនួនប្រហែល៨% (  http://vnr500.com.vn/2011-7-11-more-than-20-years-of-vietnam-outboud-investment ) ។

ជាប់ទាក់ទងទៅនឹងប្រទេសថៃ?

          ប្រសិនបើលោក សម រង្ស៊ី គ្មានអ្វីក្រៅតែពីការរិះគន់ប្រជាជនវៀតណាមនោះ លោកមានឆន្ទៈច្រើន ក្នុងការជួយដល់ប្រទេសជិតខាងមួយទៀត គឺថៃ។

          អ្នកសារព័ត៌មានថៃរូបនោះបានសួរថា «តើលោកនឹងពិចារណាការអភិវឌ្ឍរួមគ្នាជាមួយថៃទៅលើ តំបន់ប្រាសាទព្រះវិហារដែរឬទេ? ហ៊ុន សែន បានបដិសេធទាំងស្រុងនូវទស្សនៈទានបែបនេះ ប៉ុន្តែរដ្ឋាភិបាល ថៃកំពុងស្នើថា ខ្លួនអាចជួយប្រទេសទាំងពីរឱ្យផ្សះផ្សាគ្នាបាន»។ រង្ស៊ីបានឆ្លើយថា៖

          «ខ្ញុំគិតថា ក្នុងចំណោមគោលការណ៍ដែលយើងបានលើកឡើងមុននេះ អធិតេយ្យភាពជាតិ និងបូរណ ភាពទឹកដី សម្រាប់ប្រទេសណាក៏ដោយ ត្រូវតែបានទទួលស្គាល់ និងគោរពជាមុនសិន ហើយចាប់ផ្តើមពី ចំណុចនេះ យើងអាចរករូបមន្តផ្សេងៗទៅតាមនោះ ដើម្បីធ្វើកិច្ចការជាមួយគ្នាសម្រាប់ផលប្រយោជន៍ទៅវិញ ទៅមក»។
          អ្នកសារព័ត៌មាននោះបានសួរបន្ថែមទៀតដើម្បីបញ្ជាក់៖ «អញ្ចឹង តើលោកត្រៀមខ្លួនហើយឬនៅ ដើម្បីពិចារណាការអភិវឌ្ឍរួមគ្នានោះ?»
         
លោក រង្ស៊ីបានឆ្លើយតបថា៖ «បាទ ប៉ុន្តែផ្អែកលើគោលការណ៍ដែលបានលើកឡើង។ មិនមែនមាន តែករណីប្រាសាទព្រះវិហារនោះទេ ប៉ុន្តែបញ្ហាដែលមានសក្តានុពលផ្សេងៗទៀត ដូចជាតំបន់សេដ្ឋកិច្ចត្រួត ស៊ីគ្នា ដែលមានរ៉ែប្រេង និងឧស្ម័ននៅបាតសមុទ្រ។ ដូច្នេះ មានរូបមន្តជាច្រើនដែលអាចទៅរួចសម្រាប់សហការ គ្នាដើម្បីវិបុលភាពរួម»។

          តើនរណាម្នាក់នៅក្នុងគណបក្សសង្គ្រោះជាតិមេត្តាឱ្យលោក សម រង្ស៊ី នូវឯកសារមួយច្បាប់នៃសាល ដីកា របស់តុលាការយុត្តិធម៌អន្តរជាតិស្តីពីប្រាសាទព្រះវិហារបានឬទេ? បញ្ហាប្រាសាទព្រះវិហារ មិនដូចការ ទៅនឹងការទាមទារតំបន់ត្រួតស៊ីគ្នាដែលមានរ៉ែប្រេង និងឧស្ម័ននៅបាតសមុទ្រទាល់តែសោះ ដែលមិនទាន់ ត្រូវបានសម្រេចយ៉ាងណានោះទេ ហើយសក្តិសមដើម្បីចរចា។ សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ មានន័យថា ថៃមិនមានហេតុផលដើម្បីទាមទារ «ការអភិវឌ្ឍរួមនៃតំបន់ប្រាសាទព្រះវិហារ» ដូចដែលថៃគ្មាន ហេតុផលក្នុងការទាមទារ «ការអភិវឌ្ឍរួមនៃតំបន់អង្គរវត្ត» ដែរ។ ជាច្រើនដងនៅក្នុងកិច្ចសម្ភាសន៍នោះ លោក សម រង្ស៊ី និយាយថា គោលដៅសំខាន់របស់លោកគឺ «នីតិរដ្ឋ» ប៉ុន្តែលោកស្នើឱ្យបោះចោលគោលការណ៍ ច្បាប់អន្តរជាតិ ដែលផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា ដើម្បីធ្វើឱ្យអ្នកអានសារព័ត៌មាន The Nation ចូលចិត្ត រូបលោក។

          ប៉ុន្តែ អ្នកអានសារព័ត៌មាន The Nation ដែលមានគំនិតសេរីនិយម ប្រាកដជាមានអារម្មណ៍ខ្មាស អៀនដែលបានអានអ្វីដែលលោកសម រង្ស៊ី បានសរសើរបែបបញ្ជោរថា៖ «... ថៃគឺមានភាពចាស់ទុំច្រើន[ជាង កម្ពុជា] បើនិយាយអំពីការវិវត្តនយោបាយ។ អ្នកមានប្រព័ន្ធតុលាការឯករាជ្យ ដែលនេះគឺសំខាន់ណាស់... ក្នុងប្រទេសថៃ យ៉ាងហោចណាស់ក៏ប្រព័ន្ធតុលាការមានភាពឯករាជ្យ ហើយអាចចេញសេចក្តីសម្រេចដែល អាចធ្វើឱ្យស្ថានការណ៍ដំណើរការទៅមុខបាននៅក្នុងលក្ខណៈយុត្តិធម៌... ក្នុងប្រទេសថៃ អ្នកមានគណៈកម្មការ បោះឆ្នោតឯករាជ្យ គ្មាននរណាតវ៉ាអំពីលទ្ធផលនៃការបោះឆ្នោតទេ»។

          ជាថ្មីម្តងទៀត មិនពិតនោះទេ។ មនុស្សមួយចំនួននៅក្នុងប្រទេសថៃ ជាញឹកញាប់បានតវ៉ា និងប្រែ ក្រឡាស់លទ្ធផលនៃការបោះឆ្នោត។ ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២មក ក្រុមយោធាថៃបានធ្វើ រដ្ឋប្រហារជោគជ័យ១១ដង និងមិនជោគជ័យ៦ដង ដែលមិនរាប់ទាំងករណីខ្លះៗដែលកម្លាំងយោធាបានបង្ខំ រដ្ឋាភិបាលឱ្យលាលែងពីតំណែង ដោយការគម្រាមធ្វើរដ្ឋប្រហារ។ តើសម​ រង្ស៊ី ពិតជាចាត់ទុករដ្ឋប្រហារញឹក ញាប់ជាភ័ស្តុតាងនៃ «ភាពចាស់ទុំនយោបាយ» មែនឬទេ?

          ចំពោះភាពឯករាជ្យនៃប្រព័ន្ធតុលាការ សូមសាកល្បងប្រាប់រឿងនេះទៅកាន់នាយករដ្ឋមន្ត្រី Yingluck Shinawatra ដែលត្រូវបានស៊ើបអង្កេតក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយពេលដែលបណ្តឹងត្រូវបានដាក់ទៅកាន់ តុលាការជាតិប្រឆាំងអំពើពុករលួយ ដែលជាតុលាការតែមួយ ដែលអស់រយៈពេលច្រើនឆ្នាំហើយ មិនទាន់ បានដោះស្រាយករណីចោទប្រកាន់ធ្ងន់ធ្ងរខ្លាំងជាងនេះទៅលើសមាជិកនៃរដ្ឋាភិបាល អាភីស៊ីត វីជ្ជាជីវ៉ា កន្លង មកនោះទេ។ ហើយ ក្នុងឆ្នាំ២០០៦ «គណៈកម្មការបោះឆ្នោតឯករាជ្យ» របស់ថៃនេះត្រូវបានបណ្តេញចេញ និងជំនួសវិញដោយរដ្ឋាភិបាលយោធាថ្មី។ ប៉ុន្មានខែក្រោយមក បទបញ្ជាមួយរបស់រដ្ឋាភិបាលយោធានេះ ដើម្បី មួលបង្កាច់គណបក្សដែលគាំទ្រលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា Shinawatra ពីបទប្រមាថព្រះមហាក្សត្រ បានត្រូវលេចធ្លាយដែលនាំឱ្យមានការប្តឹងតវ៉ា។ គណៈកម្មការបោះឆ្នោតឯករាជ្យនេះ បានទាត់ចោលបណ្តឹង តវ៉ាទាំងនេះ ដោយផ្អែកលើហេតុផលថារដ្ឋាភិបាលយោធានេះមានអភ័យឯកសិទ្ធិ។

          តើអ្វីទៅដែលនៅពីក្រោយសម្តីមិនសមហេតុផលរបស់លោក សម រង្ស៊ី នេះ? តម្រុយដែលមិនសូវជា ច្បាស់លាស់មួយ ត្រូវបានលើកឡើងនៅជិតចុងក្រោយនៃបទសម្ភាសន៍នោះ នៅពេលដែលលោកបាន និយាយថា «ខ្ញុំគិតថាមានមនុស្សមួយចំនួន ឬប្រទេសមួយដែលចង់ធ្វើឱ្យអស្ថិរភាពដល់ប្រទេសថៃ ដើម្បី គោលបំណងរយៈពេលវែងផ្ទាល់ខ្លួនរបស់ពួកគេ។ នេះគឺជាការគួរឱ្យសោកស្តាយណាស់ និងគ្រោះថ្នាក់ណាស់។ ខ្ញុំសង្ឃឹមថាប្រជាជនថៃទាំងអស់ ដោយមិនគិតអំពីនិន្នាការនយោបាយ នឹងចូលរួមគ្នាដើម្បីពង្រឹងឯកភាព ជាតិ។ សូមកុំឱ្យនរណាម្នាក់បំផ្លាញស្ថិរភាពអ្នក និងបំបែកបំបាក់អ្នក»។

          អ្នកសារព័ត៌មាននោះបានសួរថា «តើលោកកំពុងតែលើកឡើងថា ប្រទេសក្រៅមួយកំពុងព្យាយាម ធ្វើឱ្យមានអស្ថិរភាពដល់ប្រទេសថៃមែនឬទេ?»។ លោក រង្ស៊ី បានឆ្លើយថា៖ «ក្នុងប្រទេសកម្ពុជាក៏ដូចគ្នា ពួកគេ កំពុងព្យាយាមធ្វើឱ្យប្រទេសកម្ពុជាមានអស្ថិរភាព»។

          ជម្លោះបច្ចុប្បន្ននៅក្នុងប្រទេសថៃ គឺជាលទ្ធផលនៃការធ្វើអស្ថិភាពកម្មរបស់វៀតណាម! នេះបង្កើត នូវស្តង់ដារថ្មីមួយនៃជម្ងឺផ្លូវចិត្តផ្នែកនយោបាយ។ ហើយវាបង្ហាញយើងនូវនយោបាយការបរទេសដែលអាច នឹងកើតមានឡើងរបស់រដ្ឋាភិបាលដឹកនាំដោយលោក សម រង្ស៊ី៖ ចងសម្ព័ន្ធមិត្តជាមួយក្រុមយោធាថៃ និង ក្រុមអាវលឿង ហើយផ្តល់ឱ្យពួកគេនូវឱកាសថ្មីមួយ ដើម្បីចូលមកក្នុងតំបន់ប្រាសាទព្រះវិហារ ដោយសង្ឃឹម ថា នឹងដាក់បញ្ចូលប្រទេសថៃក្នុងការតស៊ូប្រឆាំងវៀតណាមរបស់រង្ស៊ី។ សង្គ្រាមមាននរណាចង់បានឬទេ?

ដោយ  Allen Myers

មតិ​សំណេះ​សំណាល ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធ​ផល​​ការងារ របស់​ក្រុម​ប្រឹក្សា​ខេត្ត​តាកែវ​អាណត្តិ​ទី១ និង​បូក​សរុប​លទ្ធ​ផល​​ការ​ងារ​​ប្រចាំ ឆ្នាំ២០១៣ និង​ទិស​ដៅ​ការងារ​របស់​រដ្ឋបាល​ខេត្ត

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាខេត្តតាកែវអាណត្តិទី១ និងបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៣ និងទិសដៅការងាររបស់រដ្ឋបាលខេត្ត និងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែង អភិបាល អភិបាលរងខេត្ត និងអភិបាលក្រុង ស្រុកមួយចំនួននៃខេត្តតាកែវ
ខេត្តតាកែវ ថ្ងៃទី ១៨ ខែមីនាឆ្នាំ២០១៤

-    ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
-    ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភានិងរាជរដ្ឋាភិបាល
-    ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការនិង​កងកម្លាំង​ប្រដាប់​អាវុធទាំងអស់ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាខេត្តតាកែវអាណត្តិទី១ ពិធី​បូក​​សរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៣​ និងទិសដៅការងាររបស់រដ្ឋបាលខេត្ត និងពិធីប្រកាសផ្ទេរ​ភារ​កិច្ច​តែងតាំងមុខតំណែងនៃអភិបាល អភិបាលរងខេត្ត និងអភិបាលក្រុង ស្រុកមួយចំនួន នៃ​ខេត្ត​តាកែវ។​​       

ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល​ការងាររបស់​ក្រុមប្រឹក្សា​​ខេត្ត​តាកែវ​អាណត្តិ​ទី១ លទ្ធផលការងារប្រចាំឆ្នាំ២០១៣និងទិសដៅការងាររបស់រដ្ឋបាល​ខេត្ត ដូចដែលបានលើកឡើងក្នុងរបាយការណ៍របស់ឯកឧត្តម ស្រី បេន។ លទ្ធផលទាំងនេះ គឺជា​កិច្ចខិតខំ​ប្រឹង​ប្រែងរួម​​របស់ថ្នាក់ដឹកនាំ​​ខេត្ត មន្រ្តីរាជការ​គ្រប់លំដាប់ថ្នាក់និងកងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ដែលយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញា​ស្មារតី​ក្នុងការបន្តបំពេញ​​តួនាទី ភារកិច្ច និង​កាតព្វកិច្ច ដើម្បីបម្រើ និងការពារ​ជាតិមាតុភូមិ និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកប​​ដោយ​ស្មារតី​ទទួលខុស​ត្រូវខ្ពស់។

រដ្ឋបាលថ្នាក់ក្រោមជាតិ មិនត្រឹមតែមានតួនាទីជាអ្នកការពារសន្តិភាព សុវត្ថិភាពនិងសណ្តាប់ ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីជា​អ្នកផ្តល់សេវាសាធារណៈនិងជាសេនាធិការផ្ទាល់ និងជាតំណាងរបស់​រាជរដ្ឋាភិបាលក្នុងមូលដ្ឋានទៀតផង។ ក្នុងន័យនេះ រដ្ឋបាល​​​ថ្នាក់ក្រោមជាតិ ដែលរួមមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក និង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​ ដោយ​​​ស្មារតីម្ចាស់ការ ភក្តីភាព សីលធម៌វិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ក្នុងគោលដៅធ្វើ​យ៉ាង​ណា​​គឺ “បម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង”។ ដើម្បីសម្រេចបាននូវវត្ថុបំណងនេះ រដ្ឋបាល​ថ្នាក់ក្រោមជាតិដែលជាអ្នកផ្តល់សេវាសាធារណៈ ត្រូវមានទស្សនាទានប្រែក្លាយរដ្ឋបាលសាធារណៈ​ពី “អ្នកគ្រប់គ្រងនិងអនុវត្តវិធាននិងនីតិវិធី” ឱ្យទៅជា “អ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ” គឺ មន្រ្តី​ដែល​ជាអ្នកផ្ដល់សេវាត្រូវផ្លាស់ប្តូរឥរិយាបថនិងផ្នត់គំនិតពី “ភាពជាអ្នកត្រួតត្រា” ទៅជា “អ្នកផ្តល់សេវា” ហើយ​ប្រជាពលរដ្ឋដែលពីមុនត្រូវបានចាត់ទុកថាជា “អ្នកត្រូវគេត្រួតត្រា” ឱ្យទៅជា “អ្នកប្រើប្រាស់​សេវា”។ ទាំងនេះជាទស្សនាទានដ៏សំខាន់សម្រាប់មន្រ្តីរាជការគ្រប់រូប ដែលត្រូវប្រកាន់យកនៅ​ក្នុង​បរិការណ៍​នយោបាយបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។

ទស្សនាទានខាងលើនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយនៃ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម ដែលត្រូវបានដាក់ឱ្យដំណើរការដោយរាជរដ្ឋាភិបាលកម្ពុជាក្រោម​ការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា រហូតដល់ថ្នាក់មូលដ្ឋាន តាមរយៈការបោះឆ្នោតដោយផ្ទាល់ក្នុងការ​ជ្រើសរើស​​​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋនៃឃុំ សង្កាត់របស់ខ្លួន តាមរយៈការបោះឆ្នោតទូទៅ សកល សេរី​ ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ចំពោះ និងសម្ងាត់ និងការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តដែលត្រូវបានជ្រើសរើសឡើងដោយការបោះឆ្នោតអសកល​ មិន​ចំពោះ ដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ផងដែរ។ ដូច្នេះ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សា​ឃុំ សង្កាត់ ក៏ដូចជាគណៈអភិបាលខេត្ត ក្រុង ស្រុក ត្រូវចងចាំថា ខ្លួនជារដ្ឋបាលរបស់ប្រជាពល​រដ្ឋ កើតឡើងដោយប្រជាពលរដ្ឋ និងធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋ។

តាមពិត លទ្ធិប្រជាធិបតេយ្យគ្រាន់តែជាគោលការណ៍ទូទៅ ដែលបញ្ជាក់ថាប្រជាពលរដ្ឋជា ម្ចាស់អំណាច ក៏ប៉ុន្តែក្នុងសកលលោកយើងនេះ មិនមានគំរូនៃលទ្ធិប្រជាធិបតេយ្យណាមួយ ដែល​អាច​យកទៅអនុវត្តបានគ្រប់ប្រទេសបានឡើយ។ ប្រជាធិបតេយ្យភាវូបនីយកម្មត្រូវអនុវត្ត ដោយ​ស្រប​តាមស្ថានភាពនយោបាយទូទៅ កាលៈទេសៈ វប្បម៌​ ប្រពៃណី សាសនា និងចំណេះដឹង​ទូទៅ​របស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះ ព្រះរាជាណាចក្រកម្ពុជា ក៏មានលទ្ធិប្រជាធិបតេយ្យខ្លួន​ដែល​អាច​អនុវត្ត​បាននៅក្នុងដែនដីអធិបតេយ្យរបស់យើងផងដែរ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាការពារ ពង្រឹង និងកែទម្រង់ឱ្យកាន់តែប្រសើរជាងនេះទៀត។

ជាមួយគ្នានេះដែរ គោលយោបាយកំណែទម្រង់វិមជ្ឈការ​​​​និងវិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល​​​​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន។ ជាក់ស្តែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជាបន្តបន្ទាប់​ ព្រមទាំង​​ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង​​ស្រុក ខណ្ឌ បានប្រព្រឹត្ត​ទៅ​​យ៉ាងរលូន ហើយ​លទ្ធផលនៃការបោះឆ្នោតនេះក៏បានជំរុញឱ្យដំណើរការ​កែទម្រង់​វិមជ្ឈការនិង​វិសហ​មជ្ឈការ​នេះ​មានលក្ខណៈល្អប្រសើរ និង​កាន់តែស៊ីជម្រៅជាងមុនថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និង​អបអរសាទ​រ​ចំពោះសមិទ្ធផល​ការងារ​ជាច្រើន​របស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង ជាពិសេស ជោគជ័យ ក្នុងការដ្ឋាននៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការអនុវត្តគោលនយោបាយ​ភូមិឃុំមានសុវត្ថិភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនសង្គមជាតិ​ទាំងមូល។

ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី !
ថ្មីៗនេះ ក្នុងគោលបំណងពង្រឹងអភិបាលកិច្ចល្អ និងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែ ប្រសើរឡើងថែមទៀត រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣​របស់​រាជរដ្ឋាភិបាល នៅគ្រប់រាជធានីខេត្តទូទាំងប្រទេស។ ចំពោះខេត្តតាកែវ​យើងនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យ​ខ្ញុំទទួលបន្ទុកជាប្រធានក្រុមការងារថ្នាក់ជាតិនេះ ព្រមទាំងមាន​សមាជិកសមាជិកា រាជរដ្ឋាភិបាល​និងឥស្សរជន ជាច្រើនរូបទៀតចូលរួមផងដែរ។ ក្រុមការងារថ្នាក់ជាតិនេះ​នឹងជំរុញ លើកកម្ពស់​កិច្ចសហការសម្របសម្រួលក្នុងការដោះស្រាយបញ្ហានានា និងលើកកម្ពស់ការទទួលខុសត្រូវ​របស់​ក្រសួងស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅ​មូលដ្ឋាន​។  ក្រុមការងារក៏នឹងមានការរៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់សំណូមពរ និងបញ្ហានានារបស់​មូលដ្ឋាន ជាពិសេស គឺស្តាប់​សំឡេង​ និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ មូលដ្ឋាន ហើយយក​ចិត្ត​ទុកដាក់​ដោះស្រាយនូវរាល់សំណូមពរដោយផ្អែកលើ​ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។ ប៉ុន្តែក្រុមការងារពុំមានតួនាទី និងសម្រេចជំនួសក្រសួងស្ថាប័នមាន សមត្ថកិច្ចឡើយ ហើយក៏​មិន​ចាត់ចែង​កិច្ចការជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនានាឡើយ។ ព្រមជាមួយ​គ្នានេះ ក្រុមការងារថ្នាក់ជាតិនេះនឹង​មាន​តួនាទីផ្សព្វផ្សាយ ឱ្យកាន់តែទូលាយនូវគោលនយោបាយ កម្មវិធីនយោបាយ យុទ្ធសាស្រ្ត ផែនការ​អភិវឌ្ឍជាតិ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជា​សភាពការណ៍រួមរបស់ប្រទេសជាតិ ដោយផ្សារភ្ជាប់ជាមួយនឹងសភាពការណ៍នៅមូលដ្ឋាន។ ក្នុង​ស្ថានភាព​នយោបាយបច្ចុប្បន្ន ការ​ចោទប្រកាន់នានាដោយគ្មានភស្តុតាង​សមស្រប​របស់​គណបក្ស​ប្រឆាំង ក៏ដូចជាអង្គការមិនមែន​រដ្ឋាភិបាលនានាមួយចំនួនតូច ទៅលើការរៀបចំការបោះឆ្នោត​សកល​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា នៅតែជាប្រធានបទស្រួចស្រាល់ ដែល​បាន​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិនាមនៃស្ថាប័ន កំពូលៗរបស់ជាតិមានជាអាទិ៍ ស្ថាប័នព្រះមហាក្សត្រ រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ រាជរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត និង​ឥស្សរជន​មួយចំនួន។ ឆ្លៀតក្នុងឱកាស​ដ៏​មហោឡារិក​នេះ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមយកចិត្តទុកដាក់និងឆ្លើយបំភ្លឺ ចំពោះការលើកឡើងនានាដែលទាក់ទងនឹងបញ្ហានេះ។ ចំពោះការស្រាយ​បំភ្លឺឆ្លើយតប​នឹងបញ្ហា​ទាំងនេះ រាជរដ្ឋាភិបាលបានចេញឯកសារគោលពីរ គឺ សៀវភៅ​​ស​ស្តីពីការបោះឆ្នោតសកល​ជ្រើស​តាំង​តំណាងរាស្ត្រនីតិកាលទី៥​ នៃ​រដ្ឋសភា​ នៃ​ព្រះ​រាជា​ណា​​ចក្រកម្ពុជាឆ្នាំ២០១៣ និងការ​ស្រាយបំភ្លឺ​របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សចំពោះ​របាយការណ៍​​រួមស្តី​ពីការរៀបចំ​ការបោះឆ្នោត​​នៅក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ២០១៣របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​​។

ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី!
​ខ្ញុំសូម​យក​ឱកាស​នេះ​​ សំដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃខ្ពស់​​ផងដែរ​​ ចំពោះ​សមិទ្ធផល ​​នានា​របស់ខេត្តតាកែវ​ ក្រោមការដឹកនាំរបស់ឯកឧត្តម ស្រី បេន អតីតអភិបាល​នៃ​គណៈអភិបាលខេត្តតាកែវ និងខ្ញុំសូម​រំឭក ដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកា​នៃ​ក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត និងក្រុង ស្រុកដែលទទួលការតែងតាំង មុខតំណែងថ្មី ក៏ដូចជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអភិបាលរងខេត្ត​ អភិបាលក្រុង ​អភិបាលស្រុកទាំងអស់ នៃខេត្តតាកែវ ព្រមទាំង​មន្រ្តីរាជការ ​កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ឱ្យបន្តរួមសហការ​គ្នា​​​ពង្រឹងការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមវិស័យរបស់ក្រសួងស្ថាប័ននានា ព្រមទាំងផ្តោត​ការយកចិត្ត​ទុកដាក់លើការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាអាទិភាព។ ជាមួយគ្នានេះដែរ ត្រូវបន្តរួមគ្នា​ថែរក្សា​ការពារ​សុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ឱ្យ​បាន​ល្អ​នៅទូទាំងខេត្ត​ឱ្យ​​កាន់តែប្រសើរ​ឡើងថែមទៀត តាមរយៈការជំរុញនិងលើកទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធទាំងអស់ ជាពិសេស ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យចូលរួម​អនុវត្តគោលនយោបាយ​ភូមិឃុំ​មានសុវត្ថិភាព។ ទន្ទឹមនឹង​នេះ ត្រូវបន្ត​ទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ការលេងល្បែងស៊ីសង សកម្ម​ភា​ពក្មេង​​​ទំនើង ដែលអាចជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ និងជាពិសេសដល់ក្មួយៗយុវជន ព្រមទាំង​ត្រូវលើកកម្ពស់ការគ្រប់គ្រងច្រក​ទ្វារព្រំដែនច្រករបៀង​រួមគ្នា​បង្ការទប់ស្កាត់​ និង​បង្រ្កាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព​នូវ​បទ​ល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ហើយក៏​ត្រូវ​បន្ត​ខិតខំបង្កើនកិច្ចសហប្រតិបត្តិការ​ឱ្យបានកាន់​ល្អ​ថែមទៀត​ជាមួយ​អាជ្ញាធរ ​​និង​​​កម្លាំង​មានសមត្ថកិច្ចនៅតាម​តំបន់​ព្រំដែននៃប្រទេសជិតខាង ដើម្បីអភិវឌ្ឍ​​តំបន់​ព្រំដែន​​ឱ្យមាន​ការ​រីក​ចម្រើន​​ថែមទៀត។ លើសពី​នេះទៀត ដើម្បីពង្រឹង​របៀប​របប​ការងារឱ្យកាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​ និង​ប្រកប​​​ដោយការ​ទទួល​ខុសត្រូវ ត្រូវយកចិត្តទុកដាក់លើការកសាងសមត្ថភាពធនធានមនុស្សនិង​ការអភិវឌ្ឍស្ថាប័ន​គ្រប់ជាន់ថ្នាក់នៅ​រដ្ឋបាលថ្នាក់ក្រោមជាតិ។

ជារួម ក្នុងឋានៈជារដ្ឋបាលដែលនៅជាប់នឹងប្រជាពលរដ្ឋរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ អាជ្ញាធរ​ថ្នាក់ក្រោមជាតិត្រូវ​ប្រកាន់​ខ្ជាប់នូវជំហរជាអ្នកការពារនិងបម្រើប្រជាពលរដ្ឋ តាមរយៈការ ធានា​​ឱ្យបាននូវ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍក្នុងមូលដ្ឋាន និង អភិបាល​កិច្ចល្អ ជាពិសេស​ការទប់ស្កាត់ឱ្យបានទាន់ពេលវេលារាល់ទង្វើអសកម្មដែលប៉ះពាល់ដល់ សុខុមាលភាព​​​របស់​ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ​ត្រូវបន្តយកចិត្តទុកដាក់ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន​​មានជំនឿទុកចិត្តលើ​រដ្ឋបាលរបស់ខ្លួន ហើយក៏​ត្រូវបន្តបំផុសចលនាមហាជនឱ្យយល់​ដឹង​កាន់តែស៊ីជម្រៅថែមទៀតអំពីតួនាទីរបស់បងប្អូន​ប្រជាពលរដ្ឋ ក្នុងការចូលរួមជាមួយ​រាជរដ្ឋា​ភិបាល ក្នុងកិច្ចអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។

ជាថ្មីម្តងទៀត ខ្ញុំសូមអបអរ​សាទរ​ចំពោះឯកឧត្តម ឡាយ វណ្ណៈ ដែលទទួលបាន​ការទុក​ចិត្ត​ពី​ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល តែងតាំងជា​​អភិបាល​នៃគណៈអភិបាលខេត្តតាកែវ នាពេលនេះ ​ព្រមទាំង​អភិបាលរងខេត្ត និងអភិបាលក្រុង ស្រុក ដែលទទួលការតែងតាំងមុខតំណែងថ្មី ដូច​សុភាសិត​ខ្មែរ​បាន​ពោល​ថា «ទំពាំង​ស្នង​ឫស្សី​»។ ខ្ញុំក៏សូម​កោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ​ចំពោះ​កិច្ចខិតខំប្រឹងប្រែងមិនខ្លាច​នឿយ​ហត់​របស់អាជ្ញាធរ​មាន​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃ​ខេត្ត​តាកែវ​​ក្នុងការបំពេញតួនាទីជាអ្នកការពារ និង​បម្រើ​ប្រជាពលរដ្ឋ​ ​និងប្រទេសជាតិប្រកប​ដោយ​ជោគ​ជ័យ​។

  ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី​ ថ្នាក់​ដឹកនាំ ​និងសមាជិក សមាជិកានៃក្រុមប្រឹក្សា គណៈអភិបាល ក៏ដូចជា មន្រ្តីរាជការ កងកម្លាំងប្រដាប់​អាវុធ និង​បងប្អូន​​​ប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងអស់ សូមមាន​សុខភាព​​​​​​​ល្អ ទទួលបាន​ជោគជ័យ​គ្រប់​​ភារកិច្ច និង​មាន​​សុភមង្គល​ក្នុងក្រុមគ្រួសារ៕
សូមអរគុណ!

សុន្ទរកថា ឯកឧត្តម ស្រី បេន ស្តីពី​សភាព​ការណ៍​ទូ​ទៅ របស់​រដ្ឋ​បាល​​ខេត្ត​​​លទ្ធ​​ផល​​​ការ​ងារ របស់​​ក្រុម​​ប្រឹ​ក្សា​​ខេត្ត​​តាកែវ​​អាណ​ត្តិ​ទី១