Monday, November 27, 2017

(សូមទស្សនាវីដេអូ)៖ តំណាងរាស្រ្តថ្មី៤៤អង្គ/រូប ត្រូវបានរដ្ឋសភាប្រកាសទទួលស្គាល់ និងផ្តល់សុពលភាពរួចហើយ

ក្រសួងបរិស្ថានបណ្តុះបណ្តាលមន្រ្តីស្តីពី « បច្ចេកទេសសវនកម្មគម្រោងឥណទាន ក្រៅប្រទេស » 

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ តំណាង រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី « បច្ចេកទេសសវនកម្មគម្រោងឥណទានក្រៅប្រទេស»។ វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមពី លោក លោកស្រី អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានទាំង៥ចំណុះក្រសួង មន្ទីរបរិស្ថាន រាជធានី-ខេត្តទាំង២៥ សរុបចំនួន ៥១នាក់។ វគ្គបណ្តុះបណ្តានេះរៀបចំឡើង រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីបង្កើនការយល់ដឹងដល់សិក្ខាកាមក្នុងការពង្រឹងសមត្ថភាព មន្ត្រីសវនកម្មចំណុះក្រសួងបរិស្ថាន ការអនុវត្តការងារសវនកម្មផ្ទៃក្នុង លើគម្រោងឥណទានក្រៅប្រទេស ឱ្យប្រសើរឡើង។

លោក ផៃ ប៊ុនឈឿន បានលើកឡើងថា វេទិកានេះឆ្លើយតបទៅនឹងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលទី៣ ស្តីពី «ការផ្សាភ្ជាប់ថវិកាកម្មវិធីទៅនឹងគោនយោបាយ» ដែលជាតម្រូវការចាំបាច់ក្នុងការអនុវត្ត (សវនកម្មលើគម្រោងឥណទានក្រៅប្រទេស) ក្នុងការទទួលខុសត្រូវអនុវត្តមុខងារដោយឯករាជ្យ ស្របតាមស្តង់ដារវិជ្ជាជីវៈ និងក្រមសីលធ៌មសម្រាប់សវនករផ្ទៃក្នុង ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានសម្រេចគោលដៅប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ពិសេសការអនុវត្តការងារសវនកម្ម លើគំរោងឥណទានក្រៅប្រទេស ដែលកំពុងដំណើការអនុវត្ត ក៏ដូចជាការជំរុញដល់ដំណើរការកែទម្រង់ របស់រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំង និងអំពើពុករលួយ បន្ថែមតម្លៃលើប្រតិបត្តិការរបស់អង្គភាពតាមរយៈការកាត់បន្ថយហានិភ័យ ដែលមាននៅក្នុងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង។

លោក ផៃ ប៊ុនឈឿន បានបញ្ជាក់ដែរថា ការបណ្តុះបណ្តាលនេះ ជួយផ្សព្វផ្សាយ ជួយពង្រឹងការគោរពច្បាប់ និងបទបញ្ញតិ្ត ការសន្សំសំចៃ ការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រើប្រាស់ ធនធានថែរក្សាសុវត្តិភាពទ្រព្យសម្បត្តិ ព្រមទាំងជាផ្នែកមួយក្នុងការពង្រឹងដល់កិច្ចគាំពារបរិស្ថាន ការអភិវឌ្ឍន៍ជីវៈចម្រុះ ការការពារធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព៕



រដ្ឋសភា ប្រកាសទទួលស្គាល់សុពលភាពតំណាងរាស្រ្តថ្មីចំនួន៤៤រូបដែលមកពីគណបក្សចំនួន៣

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋសភាជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសផ្លូវការទទួលស្គាល់សុពលភាពតំណាងរាស្រ្តថ្មី ចំនួន៤៤រូប មកពីគណបក្សនយោបាយចំនួន៣ ដែលត្រូវមកកាន់អាសនៈដែលនៅទំនេរក្រោយតុលាការកំពូលសម្រេចរំលាយគណបក្សសង្រ្គោះជាតិកាលពីពេលកន្លងមក។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាខាងក្រោម៖





ចិនគាំទ្រកម្ពុជា ចំពោះកិច្ចការអភិវឌ្ឍន៍ និងតម្លៃនៃសន្តិភាព សេរីភាព

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នាទីស្តីការក្រសួង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យលោក ប៉េង យ៉ុង អគ្គនាយកមជ្ឈមណ្ឌលធនធានមនុស្ស ពលករចិនដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការបណ្តុះបណ្តាល និងការកសាងសមត្ថភាពសហជីព។

នាឱកាសនោះ លោក អ៊ិត សំហេង បានអរគុណចំពោះភាគីចិន ដែលបកន្លងមកបានគាំទ្រកម្ពុជា ចំពោះកិច្ចការអភិវឌ្ឍន៍ ពិសេសផ្តល់ការគាំទ្រចំពោះតម្លៃនៃសន្តិភាព សេរីភាព ហើយវត្តមានរបស់ លោក ប៉េង យ៉ុង នៅកម្ពុជានាពេលនេះ គឺជាកិច្ចសហប្រតិបត្តិការមួយថ្មីទៀត ក្នុងការជួយរួមចំណែកដល់វិស័យអភិវឌ្ឍន៍ ចំពោះវិស័យការងារនៅម្ពុជា ឲ្យកាន់តែប្រសើរឡើងពិសេស ទាក់ទង និងការបណ្តុះបណ្តាលធនធានមនុស្ស និងកសាងសមត្ថភាពដល់សហជីពកម្ពុជា។ លោក អ៊ិត សំហេង មានប្រសាសន៍បន្ថែមថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រចំពោះគោលនយោបាយ របស់រដ្ឋាភិបាលចិនទោះក្នុងលក្ខខណ្ឌណាក៏ដោយ។

លោក ប៉េង យ៉ុង មានប្រសាន៍ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នេះ បានដក់ជាប់បេះដូងប្រជាជនចិនគ្រប់ៗគ្នា។ លោកបន្តថា លោកដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្ព័ន្ធសហជីពជាតិកម្ពុជា ហើយក៏និងមានកិច្ចសហប្រតិបត្តិការលើ ការពង្រឹងធនធានមនុស្ស និងសមត្ថភាពដល់សហជីពកម្ពុជា ហើយគម្រោងនេះ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ ដែលវានិងជាផ្នែកមួយ ក្នុងការគាំទ្រចំពោះវិស័យការងារនៅកម្ពុជា។

លោក ប៉េង យ៉ុង បន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ កិច្ចសហប្រតិបត្តិការនេះ និងជាផ្លូវមួយជម្រុញដល់អ្នកវិនិយោគចិនឲ្យមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។ បច្ចុប្បន្នមានអ្នកវិនិយោគចិន និងនិយោជិត ជាច្រើនបានមកវិនិយោគ និងធ្វើការនៅកម្ពុជា ដូច្នេះកិច្ចសហប្រតិបត្តិការនេះ និងជម្រុញផងដែរឲ្យអ្នកវិនិយោគ និងនិយោជិតទាំងនោះគោរពទៅតាមលក្ខខណ្ឌ និងច្បាប់ការងាររបស់កម្ពុជា។ ជាមួយគ្នានោះដែរ លោកក៏សូមឲ្យមានការគាំទ្របន្ថែមទៀតពីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តការគាំទ្រចំពោះផែនការបណ្តុះបណ្តាលសមត្ថភាព ធនធានមនុស្ស ដល់សហជីពរបស់ប្រទេសកម្ពុជា។

លោក អ៊ិត សំហេង បានលើកឡើងថាលោកពិតជាសាទរចំពោះ ភាគីចិនដែលមានបំណងចង់បណ្តុះបណ្តាល សមត្ថភាពដល់សហជីពកម្ពុជា ហើយលោកគាំទ្រចំពោះ ផែនការនេះ ព្រោះវាមិនត្រឹមតែបានពង្រឹងបន្ថែមនូវកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អជាងនោះប៉ុណ្ណោះទេ តែវាបានជួយពង្រឹងដល់វិស័យការងារនៅកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនជាងនេះបន្ថែមទៀត៕






វៀតណាមផ្តល់អំណោយអគារធ្វើការងារដល់អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិកម្ពុជា

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អគ្គលេខាធិការដ្ឋាននៃក្រសួងការពារជាតិ បានប្រារព្ធពិធីផ្ទេរប្រគល់កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារធ្វើការដែលជាអំណោយរបស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សំ វណ្ណថន ឧត្តមក្រុមប្រឹក្សាការពារជាតិជាអគ្គលេខាធិការក្រសួងការពារជាតិ និងលោកវរៈសេនីយ៍ឯក ង្វៀន អាញ់យ៉ុង ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា។

លោកវរៈសេនីយ៍ឯក ង្វៀន អាញ់យ៉ុង បានលើកឡើងថាដោយកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការរពារជាតិនៃប្រទេសទាំងពីរ ក្រសួងការពារជាតិនៃប្រទេសវៀតណាម នឹងបន្តជួយឧបត្ថម្ភដល់ក្រសួងការពារជាតិកម្ពុជា តាមពិធីសារនៃកិច្ចសហប្រតិបត្តិការ ពិសេសអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងអំណរគុណ ដល់ក្រសួងការពារជាតិប្រទេសវៀតណាម ដែលតែងតែជួយឧបត្ថម្ភដល់កងយោធនពលខេមរភូមិន្ទ និងថ្លែងអំណរចំពោះលោក ង្វៀន អាញ់យ៉ុង ដែលតែងតែមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អក្នុងនាមមិត្តភក្តិល្អ ពិសេសបានផ្តល់នូវអគារធ្វើការងារដែលដល់អគ្គលេខាធិការដ្ឋាននាពេលនេះ ដែលកំពុងត្រូវការចាំបាច់ និងមានការខ្វះខាតកន្លែងបម្រើការងារ របស់បងប្អូនឱ្យបានសមរម្យ ដែលស្តែងឱ្យឃើញពីរបងប្អូនល្អ មិត្តភាពល្អ និងកិច្ចសហប្រតិបត្តិការយូរអង្វែង៕






លោក សុខ ឥសាន បញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យកម្ពុជានៅតែរឹងមាំ

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានមានប្រសាសន៍ថា ស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបញ្ហាកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានតម្រង់ទិសឲ្យកម្ពុជាដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ លោកបន្តថា ខ្លឹមសារនេះត្រូវបានបញ្ចូលទៅក្នុងខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអនុវត្តប្រកបដោយផ្លែផ្កាក្នុងរយៈពេលជាងម្ភៃឆ្នាំមកហើយ ។
លោក សុខ ឥសាន បានមានប្រសាសន៍បន្តថា ក្នុងរយៈពេលជាងម្ភៃឆ្នាំមកនេះ ទោះបីមានឧបសគ្គខ្លះៗក៏លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានដំណើរការទៅមុខយ៉ាងខ្ជាប់ខ្ជួន ប្រកាន់ខ្ជាប់នូវគោលការណ៍ជាសារវន្តនៃលទ្ធិប្រជាធិបតេយ្យ អាស្រ័យដោយបានផ្សារភ្ជាប់ជាមួយនឹងនីតិរដ្ឋ តាមរយៈការគោរព និងអនុវត្តច្បាប់បានយ៉ាងត្រឹមត្រូវតាមបណ្តាមាត្រាច្បាប់ដែលបានកំណត់ ។ ដោយសារការគោរព និងអនុវត្តន៍ច្បាប់នេះហើយបានជាលទ្ធិប្រជាធិបតេយ្យ ត្រូវបានពង្រឹង និងមាននិរន្តរភាពគង់វង្សរហូតមកដល់សព្វថ្ងៃនេះ ។
លោក សុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា ការពង្រឹងនិងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងអនុវត្តច្បាប់នេះ ធ្វើឲ្យកម្ពុជាធានា បាននូវស្ថេរភាពនៃការដឹកនាំនិងគ្រប់គ្រងប្រទេសមានការអភិវឌ្ឈន៍រីកចម្រើនជាលំដាប់ស្របតាមបរិបទនៃលក្ខណៈពិសេសរបស់កម្ពុជា។ បណ្តាជននិង បណ្តាអង្គការដែលមានទំនាស់នឹងការអនុវត្តច្បាប់ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺជាជន និងអង្គការមានជាប់និន្នាកានយោបាយ និងប្រព្រឹត្តល្មើសច្បា់ប ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ តែបែរជាមិនហ៊ានទទួល ហើយនិយាយថាស្ថិតនៅក្រោមគំនាបរបស់រាជរដ្ឋាភិបាលទៅវិញ ។ ប៉ុន្តែទោះជាមានការបញ្ចេញមតិ ការវិភាគលំអៀងយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបោះជំហានទៅមុខជាធម្មតា តាមទិសដៅដែលបានកំណត់ គ្មានការារថយឡើយ ។
លោក សុខ ឥសាន បញ្ជាក់ថា ការវាយតម្លៃ និងនិយាយថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រួមតូចចង្អៀត ឬបានស្លាប់ទៅហើយនោះ វាគ្រាន់តែជាការមួលបង្កាច់ការពិត និងជាការប្រឆាំងលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងច្បាប់ ហើយថែមទាំងជាការឃុបឃិតរវាងខាងក្នុង និងខាងក្រៅ ដើម្បីបម្រើឧបាយកលនិងមហិច្ឆតាណាមួយតែប៉ុណ្ណោះ ។
លោក សុខ ឥសាន បញ្ជាក់ទៀតថា ជារួមគេមិនអាច និងមិនត្រូវយកលទ្ធិប្រជាធិបតេយ្យ មកធ្វើជាឡប់ឡែ ឬជារបាំងដើម្បីប្រព្រឹត្តឧបាយកលនយោបាយណាមួយបានឡើយ ។ ក្នុងករណីនេះ ទោះបីចេញតាមរូបភាពណាក៏ដោយ ដែលជាការរំលោភលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ឧបាយកលទាំងនោះនឹងត្រូវទទួលបរាជ័យក្រោមឥទ្ធិពលនៃការប្រកាន់យកនីតិរដ្ឋជាមិនខាន៕


អភិបាលខេត្តកំពង់ឆ្នាំង ជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ត្រូវបន្តចុះជួយ​ដោះស្រាយ​បញ្ហាជូនប្រជាពលរដ្ឋ​ជួបការ​លំបាកឲ្យ​បានទាន់​ពេលវេលា​

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ត្រូវចុះជួបបងប្អូនប្រជាពលរដ្ឋ និងដោះស្រាយសំណូមពរដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងធានាបានសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញបែបនេះនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំខេត្កកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដោយមានការចូលរួមពីលោក លោកស្រីក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត លោក លោកស្រីប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សរុបចំនួន៦០៣នាក់។

លោក ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់អង្គភាព និងអាជ្ញាធរដែនដីទាំងអស់ត្រូវធ្វើការពង្រឹងស្មារតី ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ឲ្យកាន់តែបានល្អប្រសើរជាងមុន និងត្រូវខិតខំបំពេញការងារស្នូលរបស់ខ្លួនក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដើមី្បធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវានិងការអភិវឌ្ឍដើមី្បបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងអង្គភាព និងក្នុងមូលដ្ឋានរបស់ខ្លួន៕



លោកស្រី ម៉ែន សំអន ថ្លែងថាសុខដុមនីយកម្មសាសនាគឺជាមូលដ្ឋានគ្រឹះនៃសុខសន្តិភាព

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយតំណាងអាចារ្យ អាចារិនីមកពីបណ្តាខេត្តទូទាំងប្រទេសចំនួន១០០០នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២៧ខែ វិច្ឆិកា ឆ្នាំ២០១៧។ ថ្លែងក្នុងឱកាសនោះដែរ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ការលើកស្ទួយវប្បធម៌តាមរយៈការបណ្តុះបណ្តាលអាចារ្យ អាចារិនី ដើម្បីពង្រឹងវប្បធម៌ប្រពៃណីខ្មែរឱ្យមានគោលដៅតែមួយទូទាំងប្រទេស។ កន្លងមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែឱ្យតម្លៃខ្លាំងណាស់ក្នុងពង្រឹងសមត្ថភាពដល់អាចារ្យ អាចារិនី ដើម្បីពង្រឹងទំនៀបទំលាប់ប្រពៃណីខ្មែរឱ្យបានគង់វង្ស និងបណ្តុះបណ្តាលក្រមសីលធម៌អាចារ្យ អាចារិនី។

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានបន្ថែមទៀតថា រាជរដ្ឋាភិបាលបានធានានូវការ អភិរក្សប្រពៃណី វប្បធម៌ខ្មែរ ដែលបុព្វបុរសបានបន្សស់ទុកឱ្យដែលមានបង្កប់នូវមេត្តា ករុណា បុតិតា ដែលបានធ្វើឱ្យកម្ពុជា មានវប្បធម៌រុងរឿងរហូតមកលើកលែងតែសម័យប៉ុលពត ដែលមានតែការកាប់សម្លាប់យ៉ាងរង្គាលទៅវិញ។ ចំណែកឯតួនាទីអាចារ្យ អាចារិនី ក៏មានសារៈសំខាន់ណាស់ នៅសម័យតេជោសែន ដែលបានចូលរួមថែរក្សាសន្តិភាព ស្ថេរភាព និងមានការរូកចំរើនគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិមានក៏មានការរីកចំរើនយ៉ាងខ្លាំងជាពិសេសប្រជាពលរដ្ឋមានសេរីភាពប្រតិបត្តិជំនឿសាសនាដែលខ្លួនពេញចិត្ត។

លោកស្រី ម៉ែន សំអន ក៏បានបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមានវប្បធម៌អរិយធម៌សំបូរបែបក្នុងអាស៊ី ហើយបានបង្កប់នូវអត្ថន័យនិងការអប់រំយ៉ាងជ្រាលជ្រៅដូច្នេះចាំបាច់ត្រូវការអ្នកចេះដឹង គឺអាចារ្យជាអ្នកដឹកនាំពិធីសាសនានីមួយៗ ស្របតាមក្បួនច្បាប់បូរាណហើយស្របគ្នាពីតំបន់មួយទៅតំបន់មួយទៀត។ ជាមួយគ្នានោះលោកស្រីក៏បានស្នើដល់អាចារ្យ អាចារិនីទាំងអស់ត្រូវចូលរួមចំណែកថែរក្សាអត្តសញ្ញាណខ្មែរឱ្យបានគង់វង្ស នូវសាសនា ប្រពៃណី ទំនៀមទំលាប់ និងការអភិវឌ្ឍន៍គ្រប់វិស័យតាមរយៈការបណ្តុះបណ្តាលសមត្ថភាពអាចារ្យ អាចារិនី ទៅទូទាំងប្រទេសដែលអនុវត្តការងារដោយក្រសួងធម្មការនិងសាសនារួមចំណែកអប់រំសីលធម៌ដល់យុវជន កុមារ និងប្រជាជនទាំងអស់មានសីលធម៌ សុជីវធម៌ល្អ ប្រឆាំងការរើសអើងផ្នែកសាសនា។

ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាអាចារ្យ អាចារិនីទាំងអស់អញ្ជើញចូលរួមបុណ្យចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៧ នាពេលខាងមុខនេះឱ្យបានច្រើនកុះករដើម្បីអានុមោទនាកុសលរៀងៗខ្លួនកុំបីខាន៕
















បេឡាជាតិអតីតយុទ្ធជន នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែវិច្ឆិកា ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន នៅថ្ងៃទី២៨ស្អែកនេះ

បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខ សង្គមប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង២រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ស្អែកនេះតទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដានៅទូទាំងប្រទេស។

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ បងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។

បើតាមសេចក្តីជូនដំណឹង ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិអតីតយុទ្ធជន តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ២១៣ ៥៨០៕


នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះក្រុមជនទុច្ចរឹតដែល Hack ចូល Facebook Fresh News ះហើយផ្សាយពត៌មានបង្កអសន្តិសុខជាតិ

នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហារង និងពលទាហាននៃបញ្ជាការដ្ឋានអង្គរក្សលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទាំងមូល បានចេញមកប្រកាស បដិសេធចោលព័ត៌មានមិនពិត និងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះក្រុមអនាមិកដែលបាន Hack ចូល Facebook Page របស់ Fresh News ហើយផ្សាយព័ត៌មាននាំ ឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ពាក់ព័ន្ធជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។

នាយឧត្តមសេនីយ៍ទាំង២រូប តាងនាមឱ្យមេបញ្ជាការអង្គរក្សទាំងអស់ ដែលបាននិងកំពុងបំពេញតួនាទី យ៉ាងមានប្រសិទ្ធភាពលើកិច្ចការពារសុវត្ថិភាព របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុនរានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារទាំងមូល បានប្រកាសថា ការផ្សាយព័ត៌មានបំពុលសង្គមរបស់ក្រុម Hacker នៅក្រៅប្រទេសទាំងនេះ គឺជាអំពើ និងមានចរិកវិទ្ធង្សនា ហើយជាអំពើខ្មៅងងឹត នាំឱ្យប៉ះពាល់ដល់ សន្ដិសុខជាតិ យ៉ាងធ្ងន់ធ្ងរបំផុត។

នាយឧត្តមសេនីយ៍ទាំង២រូប បានប្រកាសសារជាថ្មីអំពីជំហរឥតងាករេ និងការគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជាទីបំផុតដើម្បីការពារសុវត្ថិភាព ជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារអោយបាន ដាច់ខាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕



ព្រឹទ្ធសភា​ ប្រកាសលទ្ធផលផ្លូវការ នៃកិច្ចប្រជុំពេញអង្គ នៅព្រឹកមិញ ដោយពិនិត្យលើរបៀបវារៈចំនួន៤

ក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភាកម្ពុជា បានប្រកាស លទ្ធផលផ្លូវការមួយ ដោយសម្រេចលើរបៀបវារៈធំៗចំនួន៤ ។ នេះបើតាមសេចក្តីប្រកាសដែល ទទួលបាន នៅមុននេះ។

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ព្រឹទ្ធសភា៖