Thursday, December 10, 2020

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយសម្តេចម៉ែ ថ្លែងអំណរព្រះគុណចំពោះ ព្រះរាជទានថវិកា ៥សែនដុល្លារ ជូនរាជរដ្ឋាភិបាល សម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយថ្លែងអំណរព្រះគុណជាអតិបរមា ចំពោះព្រះអង្គដែលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវថវិកា ៥សែនដុល្លារ ជូនសម្តេច សម្រាប់ចូលរួមទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។


ក្នុងសារលិខិតថ្វាយសម្តេចម៉ែ, សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ តបចំពោះព្រះរាជគុណូបការៈ ព្រមទាំងព្រះរាជហឫទ័យមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត ខណៈនេះទូលព្រះបង្គំជាខ្ញុំ ព្រមទាំងសមាជិក សមាជិកាគ្រប់រូប នៃរាជរដ្ឋាភិបាល សូមលំឱនកាយថ្វាយព្រះសព្ទសាធុការពរបវរមហាប្រសើរ សូមហ្លួងម៉ែជាអម្ចាស់ ទ្រង់ស្តេចព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន វិភាគទានដ៏វិសេសវិសាលនូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ១លានដុល្លារ ជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។

ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រខ្មែរ និងសម្ដេចម៉ែ បានប្រគល់ជូនរាជរដ្ឋាភិបាល តាមរយៈលោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ។

គួរជម្រាបថា ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទានវិភាគទានដ៏វិសេសវិសាលនូវព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះមហាក្សត្រ៖







ព្រះមហាក្សត្រ និង សម្តេចម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១លានដុល្លា ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីត-១៩

នៅវេលាព្រឹកថ្ងៃទី ១០ ខែធ្នូ ២០២០នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសហការី ចូលក្រាបថ្វាយបង្គំគាល់។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះចៅក្រុងកម្ពុជាធិបតី បានប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥០០.០០០$(ហាសិបម៉ឺនដុល្លា ) និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ៥០០.០០០$ (ហាសិបម៉ឺនដុល្លារ) ហើយព្រះរាជទ្រព្យរបស់ ព្រះអង្គទាំងទ្វេផ្តល់ជូនតាមរយៈ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
(អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា)