Monday, March 06, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អ្នកខ្លះជេរគេថាអាយ៉ង ប៉ុន្តែសុំធ្វើជាអាយ៉ងរបស់អាយ៉ង

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បានថ្លែងរិះគន់ចំពោះការធ្វើនយោបាយរបស់គណបក្ស​ប្រឆាំងនៅ​កម្ពុជា​កន្លងមក ដែលតែងតែ ចោទប្រកាន់មកលើរូបលោក ថាជាអាយ៉ង ប៉ុន្តែជាក់​ស្តែ​ង​បែរ​ជា​មក​សុំ​វធ្វើអា​យ៉ង​របស់លោកទៅ​វិញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ ពីទំនប់កប់ស្រូវ ដល់មហាវិថីសហព័ន្ធរុស្ស៊ី។
លោក ហ៊ុន សែន បានថ្លែងថា លោក ទទួលស្គាល់សំឡេងបែកធ្លាយរវាងលោក ជាមួយ​លោក កឹម សុខា ថាជាការពិត ទោះបីជាមានអ្នកវិភាគខ្លះ បាន​លើកឡើងថាជាការកាត់​តសំឡេងក៏ដោយ។ លោក ក៏បានគូសបញ្ជាក់ថា មានអ្នកខ្លះមិនទាន់បានកាន់អំណាចផង ដើរគម្រាមគេ សុទ្ធតែត្រៀមឡើងកាន់អំណាច លឺតែឈ្នះនោះគឺតាំងពីឆ្នាំ១៩៩៨មកម៉្លះ ប៉ុន្តែ តាមការពិតគឺចាញ់រហូត។ លោក ក៏បានសង្កត់ធ្ងន់ថា ធ្វើនយោបាយ គឺគេធ្វើបែបនេះហើយ ហើយឈប់ចោទប្រកាន់ថាអាយ៉ងទៅ ដោយសារពេលនេះមានអ្នកខ្លះ​សុំធ្វើជាអាយ៉ង​របស់​អា​យ៉ង​ទៅវិញ៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់សារជាថ្មីថា សម្លេងសន្ទនាបែកធ្លាយរបស់លោក ណែនាំទៅ កឹម សុខា ជាសម្លេងពិត មិនមែនកាត់ត!

នៅព្រឹកថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៦នេះ ថ្លែងក្នុងពិធី​បើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា​សម្លេងដែលបានបែកធ្លាយ​ប៉ុន្មានថ្ងៃមុន ហើយត្រូវបានចែកចាយ​ពេញបណ្តាញសង្គម Facebook  នោះ គឺជាសម្លេងរបស់លោកពិតមែន ប៉ុន្តែ​មានធនចេញមក​និយាយថាសម្លេងបែកធ្លាយនោះជាសម្លេងកាត់ត។ លោកនាយករដ្ឋមន្ត្រី​បាន​បន្តថា​អ្នកដែលនិយាយ​ជាមួយមិនហ៊ានចេញមកនិយាយទេ ប៉ុន្តែ​អ្នកនៅក្រៅ​ចេញមកនិយាយថាជាសម្លេងកាត់ត។
លោកបានបន្ថែមថា ប្រសិនជាមិនព្រមទទួលស្គាល់ការពិត ហើយចង់សាក លោកនឹងទម្លាយចេញទាំងអស់​នូវឯកសារ SMS Line Telegram Whatsapp ដែលទាក់ទងគ្នា​កន្លង​ចេញមក​ទាំងអស់។
សូមជម្រាបផងដែរថា អ្នកដែលចេញមុខមក​និយាយបំភ្លៃថាសម្លេងបែកធ្លាយ​រវាងលោកនាយករដ្ឋមន្ត្រិ ហ៊ុន សែន ណែនាំទៅលោក កឹម សុខា ​​​ជាសម្លេងប្រឌិត ឬកាត់តនោះគឺជាអតីត​ប្រធានគណបក្ស​សង្គ្រោះជាតិ ទណ្ឌិត សម រង្ស៊ី ដែលបាន​ធ្វើការ​បង្ហោះផ្សព្វផ្សាយកាលពីថ្ងៃ០៥ ខែមិនា​ ម្សិលមិញ។


(វីដេអូ)៖ Facebook សីហា ទម្លាយសម្លេងសន្ទនាលោក កឹម សុខា ចរចាជាមួយលោក ហ៊ុន សែន រឿងកំចាត់ សម រង្ស៊ី ដើម្បីក្រសោបយកបក្សសង្គ្រោះ ជាតិទាំងមូល!

លិខិតមិត្តអ្នកអាន៖ របើកវាំងនន បក្សព្រះអាទិត្យប្រែជាពណ៌លឿង !

ប្រភព៖ Fresh News
រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ស្ថានភាពនយោបាយរបស់គណបក្សសង្រ្គោះជាតិហាក់មានបញ្ហាធ្ងន់ទៅៗ ក្រោ​យ​​ពីមានការបែកធ្លាយសារឆ្លងឆ្លើយ និងសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង​លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ, នៅរាត្រី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ បក្សីចាំក្រុង បាន​សរសេរ​លិខិតមួយច្បាប់មានចំណងជើងថា «របើកវាំងនន បក្សព្រះអាទិត្យប្រែជាពណ៌លឿង» ដោយ​បាន​​រៀប​រាប់ពីសេណារីយ៉ូ និងយុទ្ធសាស្រ្តជាច្រើនរបស់លោក កឹម សុខា ជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ដណ្តើមយកបក្សទាំងមូលពីលោក សម រង្ស៊ី។ ខាង​ក្រោម​នេះ​ជាខ្លឹម​សារ​ទាំងស្រុងរបស់​មិត្ត​អ្នក​អាន៖
១៖ វាំងននបានរបើកហើយ! នៅពេលសារតាមបណ្តាញ WhatsApp ចំនួន៣ផ្ទាំង ដែល​និយាយ​អំពី​ផែនការ​ក្តោប​​ក្តាប់យ​កបក្សព្រះអាទិត្យ រវាងមន្រ្តីខុទ្ទកាល័យមេបក្សទេវតា និងលោក ម៉ៅ មុនីវណ្ណ មនុស្ស​ជំនិត​របស់​លោក កឹម សុខា បែកធ្លាយជាសាធារណៈ មានអ្នកវិភាគលាក់មុខរបស់ កឹម សុខា ចេញមកវិភាគថា ជា​សា​រ​នេះ​​ក្លែង​ក្លាយ ដើម្បីបញ្ចៀសកុំឱ្យគេដឹងឧបាកលរបស់លោកមេបក្សថ្មី ហើយលោក ម៉ៅ មុនីវណ្ណ ខ្លួនឯង​ក៏​បាន ចេញមុខបដិសេធចោលផងដែរ។ ជារឿងពិត នរណាក៏អាចផលិតសារសារ​ក្លែងក្លាយ​របៀប​ឆ្លើយ​ឆ្លង​គ្នា​បែប​​នេះ​បានដែរ អាចថា ជឿក៏បាន មិនជឿក៏បាន! ប៉ុន្តែស្រាប់តែមាន​ការបែក​ធ្លាយ​សារ​ជាសំឡេង​តាម​ទូរ​ស័ព្ទ​​​រវាងមេបក្សទេវតា និងមេថ្មីនៃបក្សព្រះអាទិត្យ ដែលនិយាយអំពីផែនការ​នៃការ​ក្តោប​ក្តាប់​យក​បក្ស​ព្រះ​អាទិត្យ​​ទាំង​មូល។
អ្នកវិភាគមិនទាន់នឹងបានហើបមាត់វិភាគថា សំឡេងនេះក្លែងក្លាយ ឬកាត់តផងស្រាប់តែមេបក្សទេវតា​ចេញ​មុខ​​មកបញ្ជាក់ជូនថា សំឡេងដែលបែកធ្លាយនោះ គឺពិតជាសំឡេងរវាងរូបលោក និងមេបក្សថ្មី​នៃ​បក្ស​ព្រះ​អាទិត្យ​​មែន។ ទីបំផុតអាថ៌កំបាំងនៅតែមិនអាចលាក់ជិតបាន! ទីបំផុតអ្នក​ សម រង្ស៊ី និយម អាច​យល់​បាន​អំពី​សេណា​រីយ៉ូ​មួយនេះតាំងពីដើមមក ប៉ុន្តែមិនហ៊ាននិយាយ ព្រោះពុំមានភស្តុតាង ហើយខ្លាចបែកបាក់! តែបើ​មិន​និយាយ​មានន័យថា ទុកឱ្យបក្សពណ៌លឿងមួយនេះ ដែលបានដាក់ទុនត្រឹមតែ៣កៅអីសោះ អាចលេប​យក​បក្ស​ព្រះ​អាទិត្យ​ទាំងមូល និងលេបយកការខំប្រឹងតស៊ូនយោបាយ រយៈពេល២០ឆ្នាំ របស់លោក​មេ​បក្ស​ចាស់។ មានអ្នក​តាមដានស្ថានការណ៍នយោបាយកម្ពុជាក៏បានលើកយកព្រឹត្តិការណ៍នយោបាយថ្មីចុងក្រោយ ជាពិសេស​សកម្ម​ភាពនយោបាយរបស់លោក កឹម សុខា តាមកាលប្បវត្តិ ដែលបង្ហាញយ៉ាងច្បាស់ថា ការ​លេប​យកបក្ស​ព្រះអា​ទិត្យ​​បាននាពេលនេះ គឺស្ថិតក្នុងផែនការរបស់បុរសពីរនាក់នេះមែន ដែលបានឆ្លើយ​ឆ្លង​គ្នា​តាម​ទូរស័ព្ទ​តាំង​ពី​រដូវភ្ជុំបិណ្ឌឆ្នាំមុនម្ល៉េះ។
២៖ បក្សីចាំក្រុង សូមលើកយកព្រឹត្តិការណ៍ធំៗចំនួន៤ ដែលបានកើតឡើងនាពេលចុងក្រោយនេះ ដើម្បីធ្វើ​ជា​ទឡ្ហីករណ៍​ពន្យល់អំពីផែនការ នៃការលេបយកបក្សព្រះអាទិត្យទាំងមូលដោយលោក កឹម សុខា និងក្រុម​ពណ៌​លឿង​របស់គាត់។
ព្រឹត្តិការណ៍ធំទី១៖ គឺការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ក្នុងពេលដែល សម រង្ស៊ី ចេញទៅប្រទេសកូរ៉េ ដើម្បី​កុំឱ្យ សម រង្ស៊ី ចូលស្រុកវិញ ព្រោះទាំងមេបក្សទេវតា ទាំងលោក កឹម សុខា ដឹងចរិតអ្នក​នយោបាយ​ចាញ់​ចាស់វស្សានេះច្បាស់ណាស់ គឺត្រចៀកស កំសាកញី មិនហ៊ានជាប់គុក ដូច អង់ សាន់ស៊ូជី នោះទេ! សម រង្ស៊ី ក៏ឆោតល្ងង់ទៅទៀត នៅពេលបានវិលត្រឡប់មកកម្ពុជាវិញ និងត្រូវរ៉ូវគ្នា ជាមួយមេបក្សទេវតា ក៏​មិន​ចាប់​អារម្មណ៍ និងមិនយកចិត្តទុកដាក់ថា តើទោសរបស់ខ្លួនដែលមានសាលក្រម ឬសាលដី​កា​ស្ថាពរ​មាន​អី​ខ្លះ ដើម្បីសុំលើកលែងទោសទាំងអស់កុំឱ្យសល់ បែរជាភ្លេចគិតដល់សន្លឹកបៀមេបក្សទេវតា តាមរយៈ​ការ​លើក​លែងទោសខ្លះ ទុកខ្លះធ្វើជាសន្លឹកបៀក្នុងដៃ។ ដឹងហើយថា របៀបធ្វើនយោបាយរបស់មេបក្សទេវតា គឺ​តែង​មានសន្លឹកបៀលេងក្នុងដៃជានិច្ច។ បើទោះបីមេបក្សទេវតាអាចបញ្ជាអ្វីៗបានគ្រប់យ៉ាង ប៉ុន្តែបើគ្មាន​មូល​ដ្ឋាន​ផ្លូវច្បាប់រឹងមាំដើម្បីធ្វើនោះទេ ក៏មិនចេះតែធ្វើដែរ ជាពិសេសជាមួយបក្សប្រឆាំងត្រូវតែច្បាស់លាស់ និង​មាន​ការប្រុងប្រយ័ត្នជានិច្ច។
បើមិនដូច្នេះទេ គឺតុលាការចេញដីកាចាប់ខ្លួនតំណាងរាស្រ្តទាំង ៧នាក់ ដែលជាប់ក្តីក្តាំរឿងកុបកម្ម​នៅក្បែរ​ស្ពាន​នាគឡើងវិញហើយ។ បើមិនចេញចាប់ គឺដោយសារមិនមានមូលដ្ឋានច្បាប់ដើម្បីចេញចាប់​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ហេតុអ្វីបានត្រូវចេញដីកាចាប់នៅពេលដែល សម រង្ស៊ី ទៅក្រៅប្រទេស គឺដើម្បីទុកឱ្យ កឹម សុខា ស្រូប​យកប្រជាប្រិយភាពឱ្យបានគ្រប់គ្រាន់នៅក្នុងបក្សព្រះអាទិត្យក្នុងស្រុកសិន។
ព្រឹត្តិការណ៍ធំទី២៖ គឺការលើកលែងទោសឱ្យលោក កឹម សុខា។ តើព្រឹត្តិការណ៍នេះកើតឡើងដូចម្តេច? គឺ​កើត​ឡើងដោយភ្ញាក់ផ្អើលបំផុត ហើយដែលអាចមានមនុស្សតែពីរនាក់ទេដែលដឹង គឺមេបក្សទេវតា និង​លោក​​មេទ័ព​រងនៃបក្សព្រះអាទិត្យ។ សូម្បីតែមេទ័ពធំនៃបក្សព្រះអាទិត្យដែលរត់គេចខ្លួនយកសុខនៅឯ​ប្រទេស​​បារាំង ក៏មិនបានដឹងជាមុនដែរ ហើយក៏មិនដឹងថា តើអ្វីដែលជាថ្នូរនៃការលើកលែងទោសឱ្យ កឹម សុខា? ព្រោះលោក សម រង្ស៊ី ដឹងច្បាស់ណាស់ គឺការលើកលែងទោសនេះ មិនអាចធ្វើឡើង​ដោ​​យ​គ្មាន​ថ្នូរ​នោះ​ទេ ហើយថ្នូរនេះ គឺ​បានចាប់ផ្តើមនិយាយគ្នា តាំងពីរដូវភ្ជុំបិណ្ឌ ឆ្នាំមុនម្ល៉េះ។ គ្រប់គ្នានៅតែដាក់ជាសំណួរ​ដដែលៗ​ថា មូល​ហេតុ​អីបានជាត្រូវលើកលែងទោសឱ្យ កឹម សុខា បើថាមានសម្ពោធពីខាងក្រៅក៏មិនត្រូវ! បើថាមេបក្សទេវតាចិត្តល្អ ក៏មិនត្រូវ! ដល់ពេលគិតដល់ត្រង់នេះ បានគិតឃើញចំណោទ​មួយ​ដ៏ធំដែល​មិន​ទាន់​​រក​ចម្លើយឃើញ គឺហេតុ​អ្វី​បានជាមេបក្សទេវតា មិនចាប់ខ្លួនលោក កឹម សុខា ព្រោះជាបទ​ល្មើស​ជាក់​ស្តែង? ហេតុអ្វីបានជា កឹម សុខា មិនរត់គេចខ្លួនទៅក្រៅប្រទេស ហើយធ្វើទុក្ខខ្លួនឯងនៅក្នុង​បក្ស​ដើម្បី​ទាក់​ទាញ​ការអាណិតអាសូរ និង​ប្រជា​ប្រិយភាពដោយបង្ហាញថា មិនកំសាកញីរត់ចោលស្រុក រត់ចោលបក្ស សង្រ្គោះ​ជាតិជាដាច់ខាត។ តើអ្វីៗ​ជា​ឆាកល្ខោនដើម្បីអនុវត្តជាជំហានៗដើម្បីទៅសម្រេចផែនការរួមឬទេ?
ព្រឹត្តិការណ៍ធំទី៣៖ គឺការតែងតាំងប្រធានក្រុមភាគតិចនៅរដ្ឋសភាជំនួសលោក សម រង្ស៊ី និងការរំលាយ​ទៅ​វិញនូវប្រធានក្រុមមតិភាគតិចនេះទៅវិញ។ បើតែងតាំងហើយ ហេតុអ្វីត្រូវរំលាយទៅវិញ? ទី១-គឺត្រូវបង្ហាញ​ថា លោក កឹម សុខា មានទំនាស់នឹងមេបក្សទេវតា មិនព្រមធ្វើតាមមេបក្សទេវតា ដើម្បីការពារលោក សម រង្ស៊ី ហើយ​លួចខ្សឹបប្រាប់ សម រង្ស៊ី ថា ជារឿងសំងាត់ ហើយ កឹម សុខា ស្មោះស្ម័គ្រនឹង សម រង្ស៊ី ណាស់​ប្រាប់​រឿង​សំងាត់ ទំាងអស់ឱ្យ សម រង្ស៊ី បានដឹង! តើប្រាប់អស់ទេ ! ចុះបើរឿងនេះគ្រាន់​តែ​ជា​លេស​ស៊ី​យក​ខាង​​ក្នុង​នោះ​មិនវីវរហើយ សម្រាប់លោក សម រង្ស៊ី ! អ្វីដែលយើងត្រូវដឹងគឺថា ការធ្វើបក្សប្រហារ​ដោយ​កំលាំង គឺមិនអាច​ទៅ​រួចនោះទេ ហើយហួសសម័យទៅទៀត ហើយបើធ្វើមិនស្រួល គឺយកបានតែមួយ ចំហៀង​នោះទេ នៅមុន​ការបោះឆ្នោត។ ដូចនេះត្រូវប្តូរវិធីធ្វើវិញ គឺត្រូវធ្វើដូចម្តេចដើម្បីលេ​ប​យក​បក្ស​ព្រះ​អាទិត្យ​​ឱ្យបានទាំងមូល ហើយ​​ដោយមានហេតុផលសមរម្យទាំងផ្លូវនយោបាយ ទាំងផ្លូវច្បាប់។ ការលើក​ទង់​ប្រឆាំងនឹងមេបក្សទេវតា គឺមានន័យថា ខាបយកព្រលឹងរបស់បក្សព្រះអាទិត្យទាំងមូល ដោយរួមទាំងព្រលឹង​របស់​លោក សម រង្ស៊ី ដែល​មេបក្សទៅទៀត! ដូចនេះផែនការដើម្បីឱ្យក្រុម សម រង្ស៊ី ជឿស៊ុបមែនទែន ដោយ​រួមទាំង លោក សម រង្ស៊ី ខ្លួន​ឯង​ផងនោះ គឺត្រូវបំផ្លាញប្រធានក្រុមមតិភាគតិចនៅរដ្ឋសភាចោល ! នេះជា​ផ្នែក​មួយ​នៃផែនការ !
ព្រឹត្តិការណ៍ធំទី៤៖ គឺការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ! ហេតុអ្វីមិនធ្វើពីមុនមក ហើយមក​ធ្វើ​​អីពេលនេះ? ពីមុនមេបក្សទេវតា បានប្រកាសថា នឹងវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បី​ហាម​ឃាត់​អ្នកមានសញ្ជាតិពីរមិនឱ្យធ្វើជាបក្សនយោបាយ ដូចករណី នៅគជប ដែរ ប៉ុន្តែក្រោយ​មក​ហេតុ​អី​ក៏​លុប​ចោលផែនការនោះទៅវិញ? ចម្លើយដែលទើបនឹងដឹង គឺដោយសារអ្វីៗមិនទាន់រួចរាល់ ហើយបើធ្វើ​ពេល​នោះ បើលេបយកបក្សព្រះអាទិត្យបានតែមួយចំហៀងនោះទេ។ ដូចនេះ អ្វីៗត្រូវរង់ចាំ​ឱ្យ​សភាព​ការណ៍​បាន​ទុំ​ជោរ​បន្តិចសិន ពិសេសគឺពង្រឹងប្រជាប្រិយភាព របស់មេបក្សអាវលឿង នៅក្នុងបក្សព្រះអាទិត្យ។ ការធ្វើ​វិសោធ​នកម្ម​ច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីហាមអ្នកមានទោសមិនឱ្យធ្វើមេបក្ស គឺវាច្បាស់ក្រឡែត​ពេក គឺរុញ សម រង្ស៊ី ចេញដាក់ កឹម សុខា ចូល ទោះបីអ្នកមិនស៊ីជម្រៅផ្នែកនយោបាយក៏អាចយល់បានដែរ ហើយ​នេះ ជាផ្នែកសំខាន់ជាងគេក្នុងផែនការរបស់បុរសពីរនាក់ ដែលបញ្ចេញឱ្យដឹងថា តាមរយៈសារ​ជា​សំឡេង​ដែល​បែកធ្លាយ។
៣៖ ឆាកល្ខោននេះល្អិតល្អន់ណាស់ មានគ្រប់រស់ជាតិ ហើយតួសំដែងទៀតសោត គឺសំដែងបានល្អ ប្រកប​ដោយទេពកោសល្យដ៏ប៉ិនប្រសប់។ ទស្សនិកជនបានទះដៃសរសើរទាំងតួមិនទាន់សំដែងចប់ សាច់រឿង​មិន​ទាន់​យល់​អស់ផង ព្រោះអ្វីទៅ ? ព្រោះមានមេខ្យល់ជួយជំរុញបន្ថែម។ សម រង្ស៊ី ដែលមិនទាន់នឹងបានដឹងថា ខ្លឹម​សារ​ច្បាប់ដែលបក្សទេវតារៀបចំកែសម្រួលមានន័យយ៉ាងដូចម្តេចផង ក៏បានប្រកាសលាលែងភ្លាមពី​មេ​បក្ស ដោយស្លន់ស្លោខ្លាចគេរំលាយបក្ស ហើយតាំងធ្វើជាវីរបុរស​មិនស្តាយ​តំណែង! ខ្មេះ! តាម​ដាន​នយោ​បាយ​នគរនេះរាប់ឆ្នាំ រហូតដល់សក់សព្រាត ទៅហើយ រឿងអីមិនស្គាល់​ចរិត​នយោ​បា​យរបស់ សម រង្ស៊ី ! សម រង្ស៊ី ខ្លាចបំផុត រឿងគេស៊ីបក្សរហូតចុងក្រោយដាក់ឈ្មោះបក្សរបស់ខ្លួនថា «គណបក្ស សម រង្ស៊ី»។ ពេលចេញ​ទៅ​រកស៊ីចូលហ៊ុនបង្កើតបក្សជាមួយ កឹម សុខា គឺ សម រង្ស៊ី មិន​ភ្លេច​ការ​ប្រុង​ប្រយ័ត្ននោះទេ ទោះបី គង់ គាំ ធ្វើ​ប្រធាន​បក្ស ក៏ដោយ គឺបានកែប្រែលក្ខន្តិកៈចែងបន្ថែមថា ពេល សម រង្ស៊ី ត្រឡប់មកវិញ គឺនឹងបាន​ជា​ប្រធាន​បក្សដោយស្វ័យប្រវត្តិ។ ពាក្យចាស់ពោលថា «ត្រូវគិតមុខ គិត​ក្រោយ! ត្រូវមើលមុខ មើលក្រោយ!»
៤៖ តាមពិត នៅពេលសម្រេចលាលែងពីប្រធានបក្ស សម រង្ស៊ី ក៏បានត្រៀមទុកដែរនូវសេណារីយ៉ូ សម្រាប់​បន្ត​ដឹកនាំបក្សក្នុងឋានៈជាប្រធានស្រមោល ហើយតំណែងប្រធានបក្សរបស់ខ្លួនត្រូវទុកឱ្យនៅទំនេរសិន ឬ​ដាក់​ប្រធានបក្សដែលជាមនុស្សជំនិតរបស់គាត់ ដើម្បីបង្កើតសេណារីយ៉ូ ថាក់ស៊ីន។ ប៉ុន្តែ ការលាលែង​របស់​លោក សម រង្ស៊ី គឺជាឱកាសមាសរបស់ កឹម សុខា ដែល១០០០ឆ្នាំមិនទាន់ជួបម្តងផង ! ដូចនេះអ្វីដែល កឹម សុខា ត្រូវធ្វើ គឺត្រូវខិតខំធ្វើដូចម្តេចឱ្យ សម រង្ស៊ី ក្រៅពីលាលែងគឺប្រគល់កៅអីមេបក្សព្រះអាទិត្យនេះ មក​ឱ្យ​ខ្លួន​ដោយ​ស្ម័គ្រចិត្ត ដោយដៃពីរ! ដូចនេះក្រៅពីបំភ័យ រឿងបក្សព្រះអាទិត្យអាចត្រូវបានរំលាយ បើ សម រង្ស៊ី នៅ​បន្តធ្វើជាប្រធានបក្ស ដោយសារ សម រង្ស៊ី មានស្ពាយទោសជាប់ខ្លួននោះ កឹម សុខា ត្រូវ​រៀបចំ​ផែន​ការ​បន្ត​ទៀត​ជាមួយមេបក្សទេវតា ដើម្បីបំផ្លាញសេណារីយ៉ូប្រធានស្រមោលរបស់ សម រង្ស៊ី។ ទីបំផុត សេណា​រីយ៉ូ​នេះ បានស្លាប់ទាំង មិនទាន់កើត! ច្បាប់ថ្មីក៏បានចែងថា គណបក្ស​ទាំងអស់ដាច់​ខាត​ត្រូវ​ជ្រើស​រើស​ឱ្យ​មាន​ប្រធាន​បក្ស បើពុំដូច្នោះ គឺខុសច្បាប់។ ចំពោះសេណារីយ៉ូ ថាក់ស៊ីន ក៏មិនអាចអនុវត្តបាន ព្រោះវា​នឹ​ង​ធ្វើ​ឲ្យ​បក្សបែក​ជា​ពីរ ដោយសារតែ កឹម សុខា មិនព្រមឲ្យមានអ្នកនៅពីលើ។ ម្យ៉ាងដែរ ដើម្បីកុំឲ្យបក្សបែក សុខ​ចិត្ត​ឱ្យ កឹម សុខា លេបយកបក្សទាំងមូល! គួរឱ្យសរសើរ គួរឱ្យសរសើរចំពោះពលីកម្មនេះ! ប៉ុន្តែសួរថា តើអ្នកតស៊ូ​នយោ​បាយ​ជាមួយ សម រង្ស៊ី ទាំងអស់ ទាំងថ្នាក់ក្រោម ទាំងថ្នាក់លើ យល់ព្រមឱ្យ សម រង្ស៊ី លក់​ឲ្យ កឹម សុខា ដោយ​គ្មាន​តំលៃបែបនេះដែរ ឬទេ?
៥៖ ផែនការជំហានទី១ ដើម្បីឡើងធ្វើប្រធានបក្សមិនអាចពន្យារបានទេ ទាន់ឱកាសមាសមកដល់! ដូចនេះ​សមាជ​វិសាមញ្ញត្រូវតែធ្វើ ហើយជំរុញធ្វើឱ្យ បានលឿនបំផុត ដើម្បីឡើងធ្វើប្រធានបក្សឱ្យបានឆាប់ មុន​ពេល​វាំង​នន​ត្រូវរបើក! ចឹងហើយបានជាអ្នកវិភាគខ្លះលើកឡើងថា ការលាលែងរបស់ សម រង្ស៊ី គឺធ្វើឡើ​ង​ដោយ​ឆោត​ល្ងង់! បើលោក សម រង្ស៊ី មិនទាន់លាលែង ហើយត្រូវនៅរង់ចាំមើល​ខ្លឹមសារច្បាប់​សិន​ដើម្បី​គេច​ច្បាប់​ឱ្យ​បាន​ល្អ និងរៀបចំ យុទ្ធសាស្រ្តឱ្យបានត្រឹមត្រូវ នោះអាចធានាដំណោះស្រាយគេ​ចផែនការ​លេបបក្ស​របស់​ក្រុម​ពណ៌លឿ​ងបាន។ បើ សម រង្ស៊ី មិនទាន់លាលែង គឺ សម រង្ស៊ី នៅសល់ពេលវេលាធ្វើ​ជាប្រធាន​បក្ស​ព្រះ​អាទិត្យ រហូតដល់ការបោះឆ្នោតឃុំសង្កាត់ចប់សព្វគ្រប់ ព្រោះច្បាប់ទុកពេលឱ្យគាត់៩០ថ្ងៃ ក្រោយច្បាប់ចូល​ជាធរ​មាន ដើម្បីលាលែង។
៦៖ អ្វីដែល កឹម សុខា គិតបារម្ភជាទីបំផុត គឺនៅពេលឡើងធ្វើជាប្រធានបក្សហើយនោះ បក្សព្រះអាទិត្យ​នឹងបែកជាពីរវិញហើយ កឹម សុខា នឹងនៅសល់ តែដៃទទេ ព្រោះកាបោះឆ្នោតមិនទាន់បានធ្វើនៅឡើយ។ វាសនា​បក្សព្រះអាទិត្យរបស់ កឹម សុខា ក៏នឹងមិនខុសគ្នានឹងវាសនា របស់បក្សហ្វុនស៊ិនប៉ិច ពីមុនដែរ។ ដូច​នេះ កឹម សុខា ត្រូវប្រមូលផ្តុំយុទ្ធសាស្រ្ត និងរៀបចំផែនការលួងលោម សម រង្ស៊ី និងក្រុមរបស់គាត់ ដើម្បី​ប្រើ​សិន និងដើម្បីកុំបែកចេញ នៅមុនការបោះឆ្នោតឃុំសង្កាត់ ការបោះឆ្នោតព្រឹទ្ធសភា និងការបោះ​ឆ្នោត​តំណាង​រាស្រ្ត។ ដូចនេះពីពេលនេះតទៅ សារនយោបាយរបស់ កឹម សុខា គឺការរួបរួមគ្នា សាមគ្គីភាពគ្នា ដើម្បី​សង្រ្គោះ​ជាតិ និងដើម្បីជ័យជំនះនាពេលបោះឆ្នោតខាងមុខ ដើម្បីកុំឱ្យមានការបែកបាក់ ហើយ​កុំឱ្យ​គិតពី​រឿង​ផែន​ការ កឹម សុខា លេបយកបក្ស! បើ សម រង្ស៊ី និងក្រុមរបស់គាត់ បែកចេញពីបក្ស​ព្រះ​អាទិត្យ​ក្រោយ​ការ​បោះ​ឆ្នោតឃុំសង្កាត់ ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតតំណាងរាស្រ្តនោះគឺ សម រង្ស៊ី និង​ក្រុម​របស់​គាត់ ត្រូវដើរចេញដោយខ្លួនទទេ ដោយទុកកៅអី និងអាសនៈទាំងអស់ឱ្យនៅជាមួយ បក្ស​ព្រះអាទិត្យ​របស់​លោក កឹម សុខា និងក្រុមរបស់គាត់។ ក្នុងសេណរីយ៉ូនេះ បក្សព្រះអាទិត្យ នឹងប្រែក្លាយជាពណ៌លឿង ហើយ​មិនត្រឹមតែមិនមាន វាសនាដូចបក្សហ្វុនស៊ិនប៉ិច ប៉ុន្តែបែរជាកាន់តែរឹងមាំទៅវិញ ដោយសារ​មាន​កំលាំង​គាំទ្រ​នៅថ្នាក់ក្រោម និងថ្នាក់កណ្តាល កាន់តែច្រើន! ពីបក្សពណ៌ លឿងមួយដែលមានតែ៣កៅអី ក្លាយទៅ​ជា​បក្ស​ពណ៌​លឿងដែលគ្រប់គ្រងបានមួយចំហៀងប្រទេសទៅវិញ! «បើព្រះអាទិត្យដែលអាចបញ្ចេញកាំរស្មី មក​ជា​ព៌ណ​លឿងដូចនេះ នោះគឺជាព្រះអាទិត្យដែលមិនត្រូវការពន្លឺភ្លើងទៀតឡើយ!»
ដោយ៖ បក្សីចាំក្រុង

Facebook សម្លេងយើង ៖ទីបំផុត អាមេរិកាំង ច្រឡំកំចាយលោក សម រង្ស៊ី ដាក់លោក កឹម សុខា មិនដឹងថាជា “អាយ៉ងសម្តេចតេជោ”

ចរិតនយោបាយជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដើម្បីភូមិសាស្ត្រនយោបាយក្នុងសម័យសង្គ្រាមត្រជាក់ រហូតដល់ឈ្លានពានទម្លាក់គ្រាប់បែកមកលើបូរណភាពដែនដីកម្ពុជា សំដៅគាំទ្រជួយ “ទាហានយួនធីវគី” (វៀតណាមខាងត្បូង) ប្រឆាំងនឹង “ចលនាវៀតកុង” (វៀតណាមខាងជើង) បានទទួល បរាជ័យម្តងរួចមកហើយ ក្នុងសង្គ្រាមវៀតណាម។
ឥឡូវនេះ ចាប់តាំងពីកម្ពុជាប្រកាន់យករបបនយោបាយក្នុងស្រុក តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស គឺសហរដ្ឋអាមេរិក វិលមកឈ្លានពានកម្ពុជា បន្តទៀត ដោយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ក្រោមលេសសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ។ ក្នុងនោះ គឺក្រុមអ្នកនយោបាយអាមេរិកាំង តាមរយៈអង្គការ IRI, NDI, ក្រុមការងារ Peace Corp បានជួយគណបក្សប្រឆាំង ដោយផ្ទាល់ ជាមួយល្បិចកលខ្ពស់ និងសម្ងាត់។ ទិដ្ឋភាពនេះ បង្ហាញថា សហរដ្ឋអាមេរិក កំពុងលេងនយោបាយមុខពីរ មកលើកម្ពុជា ពោលគឺ ដៃម្ខាងសហប្រតិបត្តិការណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា រីឯដៃម្ខាងទៀតជួយគណបក្សប្រឆាំង តាមរយៈក្រុមអ្នកនយោបាយអាមេរិកាំង។ ជាក់ស្តែង គឺក្រុមនេះ បានដើរតួឱ្យគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា រួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិ។ តួនាទីនេះ បានធ្វើឱ្យក្រុមអ្នកនយោបាយអាមេរិកាំង ក្លាយជាចៅហ្វាយនាយ និងជាម្ចាស់នៃការកំណត់ជោគវាសនានយោបាយរបស់គណបក្សសង្គ្រោះជាតិ។
ជាមួយនឹងការធ្វើវិសោធនកម្មច្បាប់គណបក្ស ត្រូវបានក្រុមអ្នកនយោបាយអាមេរិកាំងនេះ ឆ្លៀតឱកាសកំចាយលោក សម រង្ស៊ី ពីប្រធានបក្ស ដាក់លោក កឹម សុខាជំនួសវិញ។ ថ្វីត្បិតតែសេណារីយ៉ូនយោបាននេះ បាន សម្រេចក៏ពិតមែន ប៉ុន្តែអាមេរិកាំង ពិតជាច្រឡំធំចំពោះបុគ្គលិកលក្ខណៈរបស់លោក កឹម សុខា ព្រោះលោក កឹម សុខា ក៏ចេះប្រើនយោបាយមុខពីរដូចចៅហ្វាយនាយរបស់ខ្លួនដែរ ពោលគឺ ដៃម្ខាងប្រើអាមេរិកជាបង្អែកនយោបាយប្រជាភិថុតិជាមួយអ្នកគាំទ្រ រីឯ ដៃម្ខាងទៀត គឺជា “អាយ៉ងសម្តេចតេជោ” តាំងពីការបង្កើតគណបក្សសិទ្ធិមនុស្ស រហូតដល់ឡើងធ្វើប្រធានគណបក្សសង្គ្រោះជាតិ។ ការបែកធ្លាយទំនាក់ទំនងសម្ងាត់រវាងលោក កឹម សុខា និងលោក ម៉ៅ មុន្នីវណ្ណ ជាមួយខុទ្ទកាល័យសម្តេចតេជោ ជាពិសេស ការសន្ទនាតាមទូរស័ព្ទរវាងលោក កឹម សុខា ជាមួយសម្តេចតេជោ គឺជាទឡ្ហីករណ៍មិនអាចប្រកែកបាន។
ដូច្នេះ អាមេរិកាំង ត្រូវគិតយ៉ាងម៉េចទៀត ចំពោះលោក កឹម សុខា តើត្រូវទុកឲ្យបន្តធ្វើប្រធានបក្ស ឬក៏តម្រូវឱ្យលោក កឹម សុខា លាលែង ដើម្បីបោសសំអាតសមាសភាព “អាយ៉ងសម្តេចតេជោ” …?!
ប្រភពសម្លេងយើង ៖

បញ្ជី​បេក្ខជនបណ្តោះអាសន្ន នៃ​គណបក្សនយោបាយ​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ ទូទាំងប្រទេស

តាម​លទ្ធផល​បណ្តោះអាសន្ន នៃ​ការចុះបញ្ជី​បេក្ខជន នៃ​គណបក្សនយោបាយ​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ បាន​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​បេក្ខជន​ឈរឈ្មោះ​គ្រប់​២៥​រាជធានី ខេត្ត ដោយមាន​បេក្ខជន​សរុប​ចំនួន ១៤,២៦៣​នាក់ ស្រី​៣០៩៤​នាក់​។
​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​បេក្ខជន​ឈរឈ្មោះ​២៤​រាជធានី ខេត្ត ដោយមាន​បេក្ខជន​សរុប​ចំនួន ៩០៣៤​នាក់ ស្រី​១៤៤៧​នាក់​។
គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានដាក់​បេក្ខជន​ឈរឈ្មោះ ១៤​រាជធានី ខេត្ត ដោយមាន​បេក្ខជន​សរុប​ចំនួន ១១០០​នាក់ ស្រី​៣៤៣​នាក់​។
គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានដាក់​បេក្ខជន​ឈរឈ្មោះ ១៩​រាជធានី ខេត្ត ដោយមាន​បេក្ខជន​សរុប​ចំនួន ២៨៧៣​នាក់ ស្រី​៩១៨​នាក់​។
គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានដាក់​បេក្ខជន​ឈរឈ្មោះ ៦​រាជធានី ខេត្ត ដោយមាន​បេក្ខជន​សរុប​ចំនួន ៥១៥​នាក់ ស្រី​១៧៥​នាក់​។
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានដាក់​បេក្ខជន​ឈរឈ្មោះ ៤​រាជធានី ខេត្ត ដោយមាន​បេក្ខជន​សរុប​ចំនួន ១២០​នាក់ ស្រី​២៣​នាក់​។
គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានដាក់​បេក្ខជន​ឈរឈ្មោះ ១៥​រាជធានី ខេត្ត ដោយមាន​បេក្ខជន​សរុប​ចំនួន​១០៥៧​នាក់ ស្រី​៣០៥​នាក់​។ គណបក្ស​សញ្ជាតិ​កម្ពុជា បានដាក់​បេក្ខជន​ឈរឈ្មោះ ២​ខេត្ត ដោយមាន​បេក្ខជន​សរុប​ចំនួន​៥៤​នាក់ ស្រី​២៨៨​នាក់​។​

ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក៏បាន​ជម្រុញ​ឲ្យ​គ្រប់​គណបក្សនយោបាយ​ដែល​មានបំណង​ប្រកួតប្រជែង ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ សូម​រួសរាន់​ដាក់​ពាក្យសុំ​ចុះបញ្ជី​ឲ្យ​បាន​ទាន់ពេលវេលា​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៧៕​








អង្គការសហប្រជាជាតិ​សម្តែង​ក្តីបារម្ភ​ពី​ការ​បន្ត​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ស្រីលង្កា

អង្គការ​សហប្រជាជាតិ​បាន​សម្តែង​ក្តីបារម្ភ​របស់​ខ្លួន​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ស្រីលង្កា។ ក្តីបារម្ភ​នេះ​ត្រូវ​បាន​ស្តែង​ឡើង​ដោយ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​ថា ការ​ធ្វើ​ទារុណកម្ម និង​ការ​ប្រើ​កម្លាំង​ជ្រុលហួសហេតុ​របស់​ប៉ូលិស​ទៅ​លើ​ប្រជាពលរដ្ឋ​បាន និង​កំពុង​បន្ត​មាន ហើយ​ដែល​ទង្វើ​របៀប​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព​យូរអង្វែង និង​ដំណើរការ​ផ្សះផ្សាជាតិ ។
ក្តីបារម្ភ​របស់​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​មួយ​ដែល​នឹង​ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដែល​កំពុង​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ នៅ​ក្នុង​របាយការណ៍​ដែល​នឹង​បញ្ជូន​ទៅ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នា​ថ្ងៃទី២២ មីនា​ខាង​មុខ ឧត្តមស្នងការ​សិទ្ធិមនុស្ស​បាន​កត់​សម្គាល់​ឃើញ​ពី​ភាព​រីកចម្រើន​តិចតួច​ក្នុង​ផ្នែកសិទ្ធិមនុស្ស និង​កំណែទម្រង់​ច្បាប់រដ្ឋធម្មនុញ្ញ​ក្នុង​ប្រទេស​ស្រីលង្កា។ តែ​ទន្ទឹម​គ្នា​នេះ ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ក៏​កំពុង​បន្ត​មាន​តាម​រយៈ​ការ​ធ្វើ​ទារុណកម្ម ឬ​មួយ​ក៏​ការ​ប្រើ​កម្លាំង​ជ្រុលហួសហេតុ​ពី​សំណាក់​កម្លាំង​ប៉ូលិស។
របាយការណ៍​ដដែល​បាន​សម្គាល់​ឃើញ​ទៀត​ថា វប្បធម៌និទណ្ឌភាព​ពិត​ជា​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​មួយ​នេះ​កាន់​តែ​ធ្លាក់​ដុនដាប់​ខ្លាំង ព្រោះ​វា​បាន​លើក​ទឹកចិត្ត​ចំពោះ​ជន ឬ​ក្រុមមនុស្ស​ដែល​បាន​ប្រព្រឹត្តិ​ផ្ទាល់។ រូប​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ថ្លែង​ដោយ​សោកស្តាយ​ថា នៅ​ពេល​ដែល​ស្រីលង្កា​បាន​រួច​ផុត​ពី​សង្រ្គាមស៊ីវិល​ហែកហួរ​គ្នា លោក​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ជម្លោះ និង​ពលរដ្ឋ​ស្រីលង្កា​ទាំងអស់​ឆ្លៀត​យក​ឱកាស​ជា​ប្រវត្តិសាស្រ្ត​មួយ​នេះ​ដើម្បី​ផ្សះផ្សា និង​ដោះស្រាយ​តាម​ផ្លូវតុលាការ​ឲ្យ​ចប់​ដាច់​ស្រឡះ​រឿងរ៉ាវ​អតីតកាល​ដ៏​ល្វីង​ជូរចត់។
តែ​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ទីក្រុង​កូឡុំបូ​មិន​បាន​បើក​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ស្តីពី​ឧក្រិដ្ឋកម្ម​សង្រ្គាម ការ​សងជម្ងឺចិត្ត​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​គេ ឬ​មួយ​ក៏​បង្កើត​ឲ្យ​មាន​ស្ថាប័ន​មួយ​សម្រាប់​ដំណើរ​ការផ្សះផ្សា។ អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ទុក​ជា​មុន​ថា ភាព​យឺតយ៉ាវ​ផ្លូវតុលាការ និង​កង្វះ​យុទ្ធសាស្រ្ត​រួម​ក្នុង​ការ​ដោះស្រាយ​ឲ្យ​មាន​តម្លាភាព​រឿង​ឧក្រិដ្ឋកម្ម​កន្លង​មក​ជា​ហានិភ័យ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែង​រក​សន្តិភាព​យូរអង្វែង។
គួរ​ជម្រាប​ជូន​ថា សង្រ្គាមស៊ីវិល​រវាង​កម្លាំង​រដ្ឋាភិបាល និង​ពួកឧទ្ទាម​តាមូល​មាន​រយៈពេល ៣៧ឆ្នាំ​ដោយ​បាន​សម្លាប់​មនុស្ស​ជាង ១០ម៉ឺននាក់។ សង្រ្គាមស៊ីវិល​បាន​បិទបញ្ចប់​យ៉ាង​បង្ហូរ​ឈាម​ក្នុង​ឆ្នាំ ២០០៩ ដោយ​កម្លាំង​រដ្ឋាភិបាល​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​លើ​ពួក​ឧទ្ទាម​តាមូល។ តែ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នៃ​ការ​បញ្ចប់​សង្រ្គាម មាន​ជនស៊ីវិល​តាមូល​ប្រមាណ​ជា ៤០ ០០០នាក់​ត្រូវ​បាន​កម្លាំង​រដ្ឋាភិបាល​សម្លាប់​ចោល៕

លោក សុខ ឥសាន៖ ស្នើរៀនស្គាល់ ហ៊ុន សែន ឱ្យច្បាស់

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួនមួយដែលមានចំណងជើងថា “ស្នើរៀនស្គាល់ ហ៊ុន សែនឱ្យច្បាស់” ដែលមានអត្ថន័យទាំងស្រុងដូចតទៅ៖
ប្រជាជនកម្ពុជាទូទាំងប្រទេស និងប្រជាជនបណ្តាប្រទេសជាមិត្តមួយចំនួន បានស្គាល់ សម្តេចតេជោ យ៉ាងច្បាស់ តាមរយៈសកម្មភាពតស៊ូ ពុះពារឧបសគ្គ គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និង ប្រជាជន ចាប់តាំងពីបង្កើតរណៈសិរ្សសាមគ្គីសង្គ្រោះជាតិប្រមូលផ្តុំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់មិនឱ្យ ប៉ុល ពត ត្រទ្បប់មកវិញ ចរចាជាមួយសម្តេចព្រះនរោត្តមសីហនុរហូតដល់ចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃ ២៣តុលា១៩៩១ បើកផ្លូវឱ្យ អ៊ុន តាក់ រៀបចំការបោះឆ្នោតឆ្នាំ១៩៩៣ ដាក់ចេញនយោបាយឈ្នះ- ឈ្នះ ធ្វើឱ្យខ្មែរក្រហមត្រូវរលំរលាយទាំងចាត់តាំង និងយោធា រកសន្តិភាពទាំងស្រុងមកជូនប្រជាជននិងមាតុភូមិកម្ពុជាវិញ ដែលនឹកស្មានមិនដល់។
ឆ្លងកាត់ការអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្សតាំងពីឆ្នាំ១៩៩៣មក សម្តេចតេជោ ហ៊ុន សែន បានធ្វើជាស្នូលនិងជាបង្គោលដោះស្រាយរាល់បញ្ហាដែលកើតទ្បើងនៅក្នុងសង្គមជាតិជាប់ជានិច្ច ។ ប្រជាជនកម្ពុជា ទទួលស្គាល់ស្នាដៃ ប្រកបដោយភាពឈ្លាសវៃរបស់សម្តេច ហាក់ដូចបានភ្លក់អំបិលជាមួយសម្តេច ដឹងរស់ជាតិប្រៃ ល្វីង ជូរចត់យ៉ាងច្បាស់ជាមួយសម្តេច ដឹងចិត្ត ដឹងថ្លើមគ្នាច្បាស់លាស់ គ្មានស្រពិចស្រពិលអ្វីទ្បើយ ។
ប៉ុន្តែផ្ទុយពីប្រជាជននៅមានអ្នកនយោបាយមួយចំនួននៅតែមើលស្រាលមកលើប្រាជ្ញាឈ្លាសវៃរបស់សម្តេចដោយសន្និដ្ឋានសើរៗថាសម្តេចជាពូជពង្សកសិករ គ្មានចំណេះដឹងខ្ពង់ខ្ពស់ មូលដ្ឋានគ្រឹះចំណេះដឹងទាបមិនចង់ទទួលស្គាល់សមត្ថភាពដឹកនាំរបស់សម្តេច។
អាស្រ័យដោយការមើលស្រាលនេះហើយបានជាធ្វើឱ្យពួកគេទទួលបរាជ័យជាបន្តបន្ទាប់ ក្រោមកណ្តាប់ដៃដែករបស់សម្តេចយ៉ាងអាម៉ាស់ ។ មកដល់ពេលនេះទៀត ពួកគេនៅមិនទាន់ភ្ញាក់រលឹកទៀត
តើសម រង្ស៊ី ធ្លាក់ទឹកដោយខ្លួនឯងទៅនោះ គឺមិនមកពីការមើលងាយ ហ៊ុន សែន ទេប្ញអី ?
ឥទ្បូវដល់វេនលោកប្រធានថ្មី ត្រូវបន្តវេនម្តង បើមិនដកពិសោធន៍ ពី សម រង្ស៊ី ទេ នោះនឹងជួបវាសនាដូចសម រង្ស៊ី មិនខាន ។ បើចង់បន្តជីវិតនយោបាយរបស់ខ្លួនបានស្ថិតស្ថេរ ចាំបាច់ត្រូវស្គាល់ ហ៊ុន សែន ឱ្យច្បាស់សិន បើនៅស្រពិចស្រពិល ត្រូវលួចសួរប្រជាជនទៅ គង់បានដឹងទេ កុំខ្មាស់អៀនអី ៕