Monday, March 06, 2017

លោក សុខ ឥសាន៖ ស្នើរៀនស្គាល់ ហ៊ុន សែន ឱ្យច្បាស់

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួនមួយដែលមានចំណងជើងថា “ស្នើរៀនស្គាល់ ហ៊ុន សែនឱ្យច្បាស់” ដែលមានអត្ថន័យទាំងស្រុងដូចតទៅ៖
ប្រជាជនកម្ពុជាទូទាំងប្រទេស និងប្រជាជនបណ្តាប្រទេសជាមិត្តមួយចំនួន បានស្គាល់ សម្តេចតេជោ យ៉ាងច្បាស់ តាមរយៈសកម្មភាពតស៊ូ ពុះពារឧបសគ្គ គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និង ប្រជាជន ចាប់តាំងពីបង្កើតរណៈសិរ្សសាមគ្គីសង្គ្រោះជាតិប្រមូលផ្តុំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់មិនឱ្យ ប៉ុល ពត ត្រទ្បប់មកវិញ ចរចាជាមួយសម្តេចព្រះនរោត្តមសីហនុរហូតដល់ចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃ ២៣តុលា១៩៩១ បើកផ្លូវឱ្យ អ៊ុន តាក់ រៀបចំការបោះឆ្នោតឆ្នាំ១៩៩៣ ដាក់ចេញនយោបាយឈ្នះ- ឈ្នះ ធ្វើឱ្យខ្មែរក្រហមត្រូវរលំរលាយទាំងចាត់តាំង និងយោធា រកសន្តិភាពទាំងស្រុងមកជូនប្រជាជននិងមាតុភូមិកម្ពុជាវិញ ដែលនឹកស្មានមិនដល់។
ឆ្លងកាត់ការអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្សតាំងពីឆ្នាំ១៩៩៣មក សម្តេចតេជោ ហ៊ុន សែន បានធ្វើជាស្នូលនិងជាបង្គោលដោះស្រាយរាល់បញ្ហាដែលកើតទ្បើងនៅក្នុងសង្គមជាតិជាប់ជានិច្ច ។ ប្រជាជនកម្ពុជា ទទួលស្គាល់ស្នាដៃ ប្រកបដោយភាពឈ្លាសវៃរបស់សម្តេច ហាក់ដូចបានភ្លក់អំបិលជាមួយសម្តេច ដឹងរស់ជាតិប្រៃ ល្វីង ជូរចត់យ៉ាងច្បាស់ជាមួយសម្តេច ដឹងចិត្ត ដឹងថ្លើមគ្នាច្បាស់លាស់ គ្មានស្រពិចស្រពិលអ្វីទ្បើយ ។
ប៉ុន្តែផ្ទុយពីប្រជាជននៅមានអ្នកនយោបាយមួយចំនួននៅតែមើលស្រាលមកលើប្រាជ្ញាឈ្លាសវៃរបស់សម្តេចដោយសន្និដ្ឋានសើរៗថាសម្តេចជាពូជពង្សកសិករ គ្មានចំណេះដឹងខ្ពង់ខ្ពស់ មូលដ្ឋានគ្រឹះចំណេះដឹងទាបមិនចង់ទទួលស្គាល់សមត្ថភាពដឹកនាំរបស់សម្តេច។
អាស្រ័យដោយការមើលស្រាលនេះហើយបានជាធ្វើឱ្យពួកគេទទួលបរាជ័យជាបន្តបន្ទាប់ ក្រោមកណ្តាប់ដៃដែករបស់សម្តេចយ៉ាងអាម៉ាស់ ។ មកដល់ពេលនេះទៀត ពួកគេនៅមិនទាន់ភ្ញាក់រលឹកទៀត
តើសម រង្ស៊ី ធ្លាក់ទឹកដោយខ្លួនឯងទៅនោះ គឺមិនមកពីការមើលងាយ ហ៊ុន សែន ទេប្ញអី ?
ឥទ្បូវដល់វេនលោកប្រធានថ្មី ត្រូវបន្តវេនម្តង បើមិនដកពិសោធន៍ ពី សម រង្ស៊ី ទេ នោះនឹងជួបវាសនាដូចសម រង្ស៊ី មិនខាន ។ បើចង់បន្តជីវិតនយោបាយរបស់ខ្លួនបានស្ថិតស្ថេរ ចាំបាច់ត្រូវស្គាល់ ហ៊ុន សែន ឱ្យច្បាស់សិន បើនៅស្រពិចស្រពិល ត្រូវលួចសួរប្រជាជនទៅ គង់បានដឹងទេ កុំខ្មាស់អៀនអី ៕


No comments:

Post a Comment