Monday, March 06, 2017

អង្គការសហប្រជាជាតិ​សម្តែង​ក្តីបារម្ភ​ពី​ការ​បន្ត​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ស្រីលង្កា

អង្គការ​សហប្រជាជាតិ​បាន​សម្តែង​ក្តីបារម្ភ​របស់​ខ្លួន​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ស្រីលង្កា។ ក្តីបារម្ភ​នេះ​ត្រូវ​បាន​ស្តែង​ឡើង​ដោយ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​ថា ការ​ធ្វើ​ទារុណកម្ម និង​ការ​ប្រើ​កម្លាំង​ជ្រុលហួសហេតុ​របស់​ប៉ូលិស​ទៅ​លើ​ប្រជាពលរដ្ឋ​បាន និង​កំពុង​បន្ត​មាន ហើយ​ដែល​ទង្វើ​របៀប​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព​យូរអង្វែង និង​ដំណើរការ​ផ្សះផ្សាជាតិ ។
ក្តីបារម្ភ​របស់​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​មួយ​ដែល​នឹង​ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដែល​កំពុង​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ នៅ​ក្នុង​របាយការណ៍​ដែល​នឹង​បញ្ជូន​ទៅ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នា​ថ្ងៃទី២២ មីនា​ខាង​មុខ ឧត្តមស្នងការ​សិទ្ធិមនុស្ស​បាន​កត់​សម្គាល់​ឃើញ​ពី​ភាព​រីកចម្រើន​តិចតួច​ក្នុង​ផ្នែកសិទ្ធិមនុស្ស និង​កំណែទម្រង់​ច្បាប់រដ្ឋធម្មនុញ្ញ​ក្នុង​ប្រទេស​ស្រីលង្កា។ តែ​ទន្ទឹម​គ្នា​នេះ ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ក៏​កំពុង​បន្ត​មាន​តាម​រយៈ​ការ​ធ្វើ​ទារុណកម្ម ឬ​មួយ​ក៏​ការ​ប្រើ​កម្លាំង​ជ្រុលហួសហេតុ​ពី​សំណាក់​កម្លាំង​ប៉ូលិស។
របាយការណ៍​ដដែល​បាន​សម្គាល់​ឃើញ​ទៀត​ថា វប្បធម៌និទណ្ឌភាព​ពិត​ជា​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​មួយ​នេះ​កាន់​តែ​ធ្លាក់​ដុនដាប់​ខ្លាំង ព្រោះ​វា​បាន​លើក​ទឹកចិត្ត​ចំពោះ​ជន ឬ​ក្រុមមនុស្ស​ដែល​បាន​ប្រព្រឹត្តិ​ផ្ទាល់។ រូប​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ថ្លែង​ដោយ​សោកស្តាយ​ថា នៅ​ពេល​ដែល​ស្រីលង្កា​បាន​រួច​ផុត​ពី​សង្រ្គាមស៊ីវិល​ហែកហួរ​គ្នា លោក​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ជម្លោះ និង​ពលរដ្ឋ​ស្រីលង្កា​ទាំងអស់​ឆ្លៀត​យក​ឱកាស​ជា​ប្រវត្តិសាស្រ្ត​មួយ​នេះ​ដើម្បី​ផ្សះផ្សា និង​ដោះស្រាយ​តាម​ផ្លូវតុលាការ​ឲ្យ​ចប់​ដាច់​ស្រឡះ​រឿងរ៉ាវ​អតីតកាល​ដ៏​ល្វីង​ជូរចត់។
តែ​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ទីក្រុង​កូឡុំបូ​មិន​បាន​បើក​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ស្តីពី​ឧក្រិដ្ឋកម្ម​សង្រ្គាម ការ​សងជម្ងឺចិត្ត​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​គេ ឬ​មួយ​ក៏​បង្កើត​ឲ្យ​មាន​ស្ថាប័ន​មួយ​សម្រាប់​ដំណើរ​ការផ្សះផ្សា។ អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ទុក​ជា​មុន​ថា ភាព​យឺតយ៉ាវ​ផ្លូវតុលាការ និង​កង្វះ​យុទ្ធសាស្រ្ត​រួម​ក្នុង​ការ​ដោះស្រាយ​ឲ្យ​មាន​តម្លាភាព​រឿង​ឧក្រិដ្ឋកម្ម​កន្លង​មក​ជា​ហានិភ័យ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែង​រក​សន្តិភាព​យូរអង្វែង។
គួរ​ជម្រាប​ជូន​ថា សង្រ្គាមស៊ីវិល​រវាង​កម្លាំង​រដ្ឋាភិបាល និង​ពួកឧទ្ទាម​តាមូល​មាន​រយៈពេល ៣៧ឆ្នាំ​ដោយ​បាន​សម្លាប់​មនុស្ស​ជាង ១០ម៉ឺននាក់។ សង្រ្គាមស៊ីវិល​បាន​បិទបញ្ចប់​យ៉ាង​បង្ហូរ​ឈាម​ក្នុង​ឆ្នាំ ២០០៩ ដោយ​កម្លាំង​រដ្ឋាភិបាល​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​លើ​ពួក​ឧទ្ទាម​តាមូល។ តែ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នៃ​ការ​បញ្ចប់​សង្រ្គាម មាន​ជនស៊ីវិល​តាមូល​ប្រមាណ​ជា ៤០ ០០០នាក់​ត្រូវ​បាន​កម្លាំង​រដ្ឋាភិបាល​សម្លាប់​ចោល៕

No comments:

Post a Comment