Wednesday, September 30, 2015

ការដំាដុះនិងទីផ្សារកសិផលនៅខេត្តប៉ៃលិនល្អតែកសិករខ្វះបច្ចេកទេសនិងទឹក

 ឯកឧត្តម​ អៀង វុធ​ អភិបាលរងខេ​ត្តប៉ៃលិន ​បានជម្រាបជូន ​គណៈប្រតិភូនៃ​គណៈកម្មការផែនការ​ វិនិយោគ ​កសិកម្ម​ អភិវឌ្ឍន៍​ជនបទ ​បរិស្ថាន​ និងធនធានទឹក​ នៃរដ្ឋសភា ​ថាប្រជាកសិករ​នៅក្នុងខេត្ត​ត្បូងពេជ្រនេះ ​បាននិងកំពុង​ដំាដុះដំណាំកសិក​ម្មជាច្រើនមុខ​ ដែលធ្វើឲ្យជីវភាព​ពួកគាត់មាន​ការរីកចម្រើនជា​លំដាប់។​ ការងារដែល​កសិករនៅខេ​ត្តប៉ៃលិន​ធ្វើមានដូចជា ​ធ្វើស្រែ ដំា​ដំឡូងមី​ ពោតក្រហម ​ម្រេច កៅស៊ូ ​តាង៉ែន ​និងដំណាំ​ហូបផ្លែច្រើនមុខទៀត ​។

បើតាមប្រ​សាសន៍រប​ស់ ឯកឧត្តម​អភិបាលរងខេត្ត ​កសិផលរ​បស់ប្រជាក​សិករ​ នៅខេត្តប៉ៃលិន ​បាននាំទៅ​លក់នៅប្រទេស​ថៃ ក្នុងចំនួន​ប្រមាណ៧០% ​និង៣០%ទៀត ​បាននាំទៅលក់នៅ​ប្រទេសវៀតណាម។​
ការលើក​ឡើងពីវិស័យ​កសិកម្ម ​របស់ថ្នាក់ដឹ​កនាំខេត្តប៉ៃ​លិនបែបនេះ ​ធ្វើឡើងនៅក្នុ​ងជំនួបពិភាក្សា​ការងារ​ ជាមួយគណៈប្រតិ​ភូគណៈកម្មការ​ផែនការ​ វិនិយោគ ​កសិកម្ម​ អភិវឌ្ឍន៍ជនបទ​ បរិស្ថាន ​និងធនធាន​ទឹកនៃរដ្ឋសភា ​ដឹកនាំដោយ ​ឯកឧត្តម ​ប៉ុល ហំម​ ប្រធានគណៈកម្មការ​ កាលពីថ្ងៃទី២៩​ ខែកញ្ញា ​ឆ្នាំ២០១៥​ នៅក្នុងខណៈ ​ដែលគណៈកម្ម​ការជំនាញរដ្ឋសភានេះ ​ចុះបំពេញបេ​សកកម្ម​ សិក្សាស្វែងយ​ល់វិស័យការ​ងារទាក់ទងនឹ​ងការទទួលខុសត្រូ​វរបស់គណៈក​ម្មការ​ នៅក្នុងខេត្ត​ប៉ៃលិន។​

ក្នុងឱកាស​នោះ ឯកឧត្តម​ អៀង វុធ​ មានប្រសាសន៍​បន្តថា ​កសិផលរបស់​ប្រជាកសិក​រក្នុងខេត្តប៉ៃលិន ​ក្រៅពីធ្វើកា​រនាំចេញទៅលក់​នៅប្រទេសជិតខាង ​នៅមានទីផ្សារ​លក់ក្នុងខេត្តប៉ៃលិននេះ​តែម្តង ​ពិសេសពោតក្រហម​។
 “បច្ចុប្បន្ន​នៅក្នុងខេត្ត​ប៉ៃលិន ​មានក្រុមហ៊ុន​ឯកជនផលិ​តចំណីសត្វរបស់​ប្រទេសថៃ ​បានបើកដំណើរ​ការផលិត​ចំណីសត្វនៅក្នុងខេត្ត​ប៉ៃលិន ​ហើយរោងចក្រនេះ ត្រូ​វការទិញ​ពោតក្រហម ​ពីកសិករច្រើន​តោន ​ក្នុងមួយឆ្នាំៗ​ ប៉ុន្តែគេក៏ត្រូវ​ការពោតដែល​មានគុណភាព​ដែរ។ នេះជាកា​រគួសបញ្ជាក់​របស់ឯកឧត្តម​ អៀង វុធ​។

ជាមួយនឹង​ការលើកឡើ​ងពីការរី​កចម្រើនជីវភាព​ប្រជាកសិករ ​ឯកឧត្តម ​អៀង វុធ​ ក៏បានជម្រាប​ ជូនគណៈកម្មកា​ររដ្ឋសភា ​ពីផលលំបាក ​ក្នុងការប្រកប​របរកសិកម្មនៅក្នុ​ងខេត្តជាប់ព្រំដែន​ថៃនេះផងដែរ​។ បញ្ហាផលលំបាកសំ​ខាន់មានពីរគឺ​ ការខ្វះទឹក​ និងខ្វះបច្ចេកទេ​សដំាដុះ។

ឯ​កឧត្តមអភិបាល​រងខេត្ត ​បានគូស​បញ្ជាក់ថា ​ប្រជាពលរដ្ឋ​បានស្នើមកថ្នាក់​ដឹកនាំខេត្ត​ ឲ្យជួយបណ្តុះប​ណ្តាលពួកគាត់ប​ន្ថែមទៀត​នូវចំណេះដឹង ​បច្ចេកទេស​កសិកម្ម ​ដើម្បីបង្កើនគុណភាព​ និងបរិមាណ​កសិផល ​ឲ្យស្របទៅនឹ​ងតម្រូវការទីផ្សារ។ ​ចំណែកប្រព័ន្ធ​ធារាសាស្ត្រវិញ ​បច្ចុប្បន្នខេត្ត​មានប្រព័​ន្ធធារាសាស្ត្រធំៗ​តែពីរប៉ុណ្ណោះ។ ​ធារាសាស្រ្ត​ចំនួនពីរនេះ មិនអាច​ផ្គត់ផ្គង់ទឹក​បានគ្រប់គ្រាន់​ ដល់ការដាំ​ដំណាំកសិកម្ម​ ទូទាំង​ខេត្តឡើយ។​
ឯកឧត្តម​ អៀង វុធ​ បានបញ្ជាក់ថា ​បញ្ហានេះអាជ្ញាធ​រខេត្តនិងស្ថាប័ន​ពាក់ព័ន្ធកំពុង​ រិះរកមធ្យោបាយ​ដោះស្រាយជូ​នប្រជាពលរដ្ឋ​

អត្ថបទ​និងរូបភាព​ពីនាយកដ្ឋាន​ព័ត៌មាន​




គណៈកម្មការមហាផ្ទៃ ការពារជាតិ និងសន្តិសុខ នៃរដ្ឋសភា កម្ពុជា-ទ្បាវ-វៀតណាម ជួបប្រជុំនៅប្រទេសទ្បាវដើម្បីគំាទ្រនិងជំរុញការអភិវឌ្ឍតំបន់ត្រីកោណ

ប្រធាន​គណៈកម្មការ​មហាផ្ទៃ ​ការពារជាតិ ​និងសន្តិសុខ​នៃរដ្ឋសភា ​ប្រទេសកម្ពុជា ​ឡាវ និង ​វៀតណាម ​បានជួបប្រជុំគ្នា ​នៅថ្ងៃទី២៨​ ខែកញ្ញា ​ឆ្នាំ២០១៥​ នៅសណ្ឋាគារ​ចំប៉ាសាក់ហ្រ្គែន ​ក្នុងខេត្តចំប៉ាសាក់​ ប្រទេសឡាវ​ ដើម្បីជំរុញ ​និងគំាទ្រ ​ដល់គម្រោង​អភិវឌ្ឍតំប​ន់ត្រីកោណអភិវឌ្ឍន៍​(CLV) ដែលរ​ដ្ឋាភិបាល​ប្រទេស ​កម្ពុជា ឡាវ ​និងវៀតណាម ​បានបង្កើតរួមគ្នា។ ​កិច្ចប្រជុំនេះ ​បានប្រារព្ធ​ពិធីបើកក្រោមអ​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ​របស់ ឯកឧ​ត្តមបណ្ឌិត សាយ​សុំផន ​ភុំវិហាន ​អនុប្រធាន​សភាជាតិ ​នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រ​ជាមានិតឡាវ​។

ប្រធានគ​ណៈកម្មការ​ជំនាញរដ្ឋសភាទំា​ងបីប្រទេស ​ដែលទទួលបន្ទុក​វិស័យមហា​ផ្ទៃ ការពារជាតិ​ សន្តិសុខ ​បានលើកឡើងថា ​កិច្ចប្រជុំនេះ​ជាការលើកស្ទួ​យតួនាទី​ ភារកិច្ច ក្នុងការពិនិត្យ ​តាមដាន ​និងគំាទ្រ ​របស់រដ្ឋសភា ​ទៅដល់គម្រោង​អភិវឌ្ឍតំបន់ត្រី​កោណអភិវឌ្ឍន៍​ ដែលរដ្ឋាភិ ​បាលប្រទេស​ទំាងបី ​កម្ពុជា ឡាវ​ និងវៀតណាម ​បាននឹងកំពុងអ​នុវត្តរួមគ្នា​។

 មានប្រសាសន៍​ក្នុងឱកាសបើក​កិច្ចប្រជុំ ​ឯកឧត្តម​ វីឡៃ ដួងម៉ានី​ ប្រធានគណៈកម្មាធិ​ការការពារ​ប្រទេស ​និងសន្តិសុខ ​រដ្ឋសភាឡាវ ​បានចាត់ទុក​ជំនួបនាពេលនេះ ​ថាមានសារៈសំខាន់​ក្នុងការពង្រឹ​ងពង្រីកកិច្ច​សហប្រតិបត្តិការ​ រវាងប្រទេស​ទំាងបី ​ឲ្យកាន់តែ​ល្អន្ថែមទៀត ​ដើម្បីជំរុញ​ល្បឿន នៃការ​អភិវឌ្ឍក្នុងតំបន់​ត្រីកោណ ​បានសម្រេចតាមផែ​នការ។
ឯកឧត្តម​បានសង្កត់​ធ្ងន់ថា ​កិច្ចការការពារសន្តិ​សុខ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៏​(CLV) ​ឲ្យបានល្អ ​ជាផ្នែកសំខាន់​ដើម្បីឈានដល់​ការសម្រេច ​តាមផែនការទំាង​ឡាយ ដែល​បានដាក់ចេញ។​

ចំណែក ​ឯកឧត្តម ​ង្វៀន គីមខ័រ​ ប្រធានគណៈកម្មា​ធិការសន្តិសុខ ​និងការពារប្រទេសនៃ​រដ្ឋសភាវៀតណាមវិ​ញ បានចាត់​ទុកថាតំបន់​ត្រីកោណអភិវឌ្ឍន៍​ ជាទីតាំងដ៏មាន​សក្តានុពលសម្រាប់​ប្រទេសទាំងបី ​ទាំងផ្នែក​នយោបាយ ​សេដ្ឋកិច្ច ​បរិស្ថានធម្មជាតិ​ និងសន្តិ​សុខ។

ឯកឧត្តម​បានបញ្ជាក់ថា ​រដ្ឋសភាប្រ​ទេសវៀតណាម ​បានគំាទ្រ​យ៉ាងពេញទំហឹង​ចំពោះផែនការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ ​និងត្រៀមជជែក​ផ្លាស់ប្តូរបទ​ពិសោធន៍ ​នៅក្នុងកិច្ច​ប្រជុំពេលនេះ ដើ​ម្បីធ្វើយ៉ាងណា ​ឲ្យសកម្មភាព​អភិវឌ្ឍន៍តំបន់​ត្រីកោណ មាន​ដំណើរទៅ​មុខ ដោយរលូន​

 ក្នុងកិច្ចប្រជុំនេះ ​ឯកឧត្តម ហ៊ុន​ ណេង ប្រធានគណៈកម្មការ​មហាផ្ទៃ ​ការពារជាតិ​ និងមុខងារសា​ធារណៈនៃរដ្ឋស​ភាកម្ពុជា​ បានមានប្រ​សាសន៍លើក​ឡើងថា ​រដ្ឋសភាកម្ពុជា​ បានចុះអនុស្សារណៈយោគ​យល់គ្នា ​ស្តីពីកិច្ចស​ហប្រតិបត្តិការគ្នា ​ជាមួយរដ្ឋសភាប្រទេសឡាវ​ និងបានចុះ​កិច្ចព្រមព្រៀង​ស្តីពី សហប្រតិបត្តិ​ការគ្នា ​ជាមួយរដ្ឋវៀតណាម ​ដែលកិច្ចព្រម​ព្រៀង និងអនុ​ស្សារណៈនេះ ​ជាក្របខណ្ឌ័ច្បា​ប់ដ៏សំខាន់​ ក្នុងការបង្កើនកិច្ច​សហប្រតិបត្តិការ ​ការយល់ដឹង​ពីគ្នាទៅវិញ​ទៅមក ​នៃស្ថាប័ននីតិ​ប្បញ្ញត្តិទាំងបី​ប្រទេស ​ក្នុងការជំរុញ ​និងគំាទ្រការអភិវឌ្ឍ​តំបន់កោណ​ដ៏មានសក្តានុពល។​

ប៉ុន្តែ ឯ​កឧត្តមបាន​លើកឡើងថា ​ទោះបីរហូតមកដល់​ពេលនេះ ​កិច្ចសហប្រតិ​បត្តិការ រវាងប្រទេស​ទាំងបី ​ពិសេសរវា​ងរដ្ឋសភាប្រទេសទំាងបី​ បានទទួល​លទ្ធផលវិជ្ជមាន​ជាច្រើន យ៉ាងណាក្តី ​ក៏នៅមានប​ញ្ហាប្រឈមមួ​យចំនួនទៀត​ ដែលតម្រូវឲ្យ​ ប្រទេសកម្ពុជា ​វៀតណាម ​និងឡាវ​ បង្កើនកិច្ច​សហប្រតិបត្តិការ​រួមគ្នា ​ដំណោះស្រាយ ​បញ្ហាសេសសល់ ​ទៀត។
ឯកឧត្តម​ ហ៊ុន ណេង ​បានលើកពី​បញ្ហាប្រឈម​ ដល់ការអភិវឌ្ឍនៅ​ក្នុងតំបន់ត្រី​កោណអភិវឌ្ឍន៍​ រួមមានការ​គម្លាតឆ្ងាយ​ពីគ្នា នូវជីវភាព​រស់នៅរបស់​ប្រជាពលរដ្ឋ​ ការកសាងហេដ្ឋារចនា​សម្ព័ន្ធជនបទ​ នៃប្រទេស​ទំាងបី ​ដូចជាការ​ផ្គត់ផ្គង់ទឹក​ស្អាត អគ្គិសនី​ ជាដើមនោះ មានភាព​មិនស្មើគ្នា។​ លើសពីនេះទៀ​តបទឧក្រិដ្ឋ​ឆ្លងដែន ​ដូចការជួញ​ដូរគ្រឿងញៀន ​ការជួញដូរស្រ្តី ​និងកុមារ​ ការរត់ពន្ធ​ឆ្លងដែន​ បទល្មើសព្រៃឈើ ​ការជួញដូរអាវុធ​ជាតិផ្ទុះ និងអំពើភេរ​វកម្ម​ នៅតែមាន។​
ទោះយ៉ាងណា ​ឯកឧត្តម​ ហ៊ុន ណេង ​បានវាយតម្លៃខ្ពស់​ចំពោះកិច្ច​ប្រជុំពេលនេះ ​ដោយបានចាត់ទុ​កថា ​បានប្រារព្ធធ្វើ​ឡើងស្របទៅនឹង​ចក្ខុវិស័យរបស់​អាស៊ាន ​ដែលកំពុង​ឈានទៅសម្រេច​ឲ្យបាននូ​វ សមាហរណកម្ម​សេដ្ឋកិច្ច ​នៅចុងឆ្នាំ២០១៥នេះ​។

ឯកឧត្ត​មបណ្ឌិត ​សាយសុំផន​ ភុំវិហាន ​បានមានប្រសាសន៍ថា ​សក្ខីភាព​នៃកិច្ចសហប្រតិបត្តិការ​ រវាងប្រទេសកម្ពុជា ​វៀតណាម ​និងឡាវ​ ដ៏ល្អ និងស្អិតរមួតបា​នឆ្លុះបញ្ចាំង តាមរយៈកិច្ច​ប្រជុំនៅពេលនេះ។​ ឯកឧត្តមបាន​លើកឡើងថា ​កិច្ចប្រជុំនេះ ​បានបង្ហាញ​ពីស្មារតីអនុវត្ត​កិច្ចព្រមព្រៀង ​ស្តីពីកិច្ចសហប្រ​តិបត្តិការរវា​ងប្រទេសទាំងបី​ ក្នុងការពង្រឹងពង្រីក​ចំណងមិត្តភាព​ សាមគ្គីភាព ​និងកិច្ច​សហប្រតិបត្តិការ​ លើគ្រប់​វិស័យសំដៅ​រួមចំណែកលើ​កកម្ពស់ដល់​ការអភិវឌ្ឍន៍ប្រ​កបដោយចីរភាព​ សម្រាប់​ប្រជាពល​រដ្ឋរស់នៅតំបន់ត្រី​កោណអភិវឌ្ឍន៍​។
ឯកឧត្តម​អនុប្រធាន​រដ្ឋសភាជាតិ​ទ្បាវ បានមាន​ប្រសាសន៍​បន្តថា ស្ថា​ប័ននីតិប្បញ្ញត្តិនៃប្រទេស​ទាំងបី បានគាំទ្រ ​និងលើកទឹក​ចិត្តដល់​រដ្ឋាភិបាល​នៃប្រទេសរៀងៗខ្លួន ​ក្នុងការអនុវត្ត ​និងសម្រេច​ឲ្យបាននូវសេចក្តី​ប្រាថ្នា ក្នុ​ងការប្រែក្លាយ​តំបន់ត្រីកោណ​ឲ្យទៅជាមជ្ឈមណ្ឌល ​ដែលមាន​កំណើនសេដ្ឋកិច្ច​ និងវិបុលភាព​។

សូមបញ្ជាក់ថា ​រដ្ឋាភិបាល​ប្រទេសកម្ពុជា​ ឡាវ និងវៀត​ណាម បានបង្កើត ​តំបន់អភិវឌ្ឍន៍​ត្រីកោណកម្ពុជា ​វៀតណាម ​និងឡាវ(CLV) ​នៅក្នុងខេត្ត​ចំនួន១៣ ​ក្នុងនោះ ប្រ​ទេសកម្ពុជាមាន​ខេត្តចំនួន៤ ​គឺ ខេត្ត​ស្ទឹងត្រែង ​រតនគីរី​ មណ្ឌលគីរី​ និងខេត្តក្រចេះ។ ប្រ​ទេសឡាវមា​នចំនួន​៤ខេត្ត និងប្រទេស​វៀតណាម ​មានខេត្ត​ចំនួន៥ ។​ នេះជាលើកទី២ ​ហើយដែលគណៈកម្មកា​រ ឬគណៈកម្មាធិការ​ រដ្ឋសភាប្រទេស​ទំាងបី ដែ​លទទួលបន្ទុក​វិស័យសន្តិ​សុខ ការពារជាតិ ​បានជួបប្រជុំគ្នា​ដើម្បីគំាទ្រ​ និងជំរុញ​ការអភិវឌ្ឍន៍​តំបន់ត្រីកោណអ​ភិវឌ្ឍន៍ របស់​រដ្ឋាភិបាលខ្លួន ​ឲ្យដំណើរការ​ទៅមុខបានលឿន​ ដើម្បីជាប្រយោជន៍​ដល់ប្រជាជន​និងប្រទេស​ទំាងបី៕​





សម្តេចតេជោ ផ្ញើសារជូនជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នៅថ្ងៃទី៣០​ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​សម្តេចអគ្គ​មហាសេនា​បតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋម​ន្ត្រី ​នៃព្រះរាជាណាច​ក្រកម្ពុជា ​បានបង្ហោះ​សារនៅក្នុងទំព័រ​ Facebook​ ផ្លូវការរបស់សម្តេច ​ថា សម្តេច​សូមអរគុណ​ប្រជាពលរដ្ឋខ្មែរ​ ដែលបាន​ចូលរួមថែរក្សា​សន្តិភាព ​ដល់សង្គម​ជាតិយើង ​ដែលជាសេចក្តី​ត្រូវការចាំបាច់​បំផុត ក្នុ​ងការអភិវឌ្ឍ​ប្រទេសជាតិអោ​យរីកចម្រើន។ ​សម្តេចតេជោ ​និងគណៈប្រតិ​ភូកម្ពុជា ​បានវិលត្រឡ​ប់មកពីការ​ចូលរួមកិច្ច​ប្រជុំកំពូល​អង្គការសហ​ប្រជាជាតិនៅ​ទីក្រុង ​New York សហរដ្ឋអា​មេរិកកាល​ពីម្សិលមិញនេះ​ ប្រកបដោយ​ផ្លែផ្កាជាទី​មោទនៈបំផុត។​

សម្តេចតេជោបា​នលើកឡើងថា​ ពេលនេះក៏​ជារដូវ​បុណ្យភ្ជុំ ​ដែលប្រជាពលរដ្ឋ​ខ្មែរទូទាំងប្រទេស​ បានចូលរួម​កាន់បិណ្ឌតាំង​ពីថ្ងៃទី ​២៨ ខែ ​កញ្ញា រហូត​មកទល់ថ្ងៃនេះ ​គឺដល់ពិធីកាន់​បិណ្ឌទី៣ហើយ។ ​ទន្ទឹមនឹង​ប្រជាពលរដ្ឋ​ ជាពិសេស ​កម្មករ​ កម្មការិនី​ត្រូវទៅជួប​ជុំក្រុមគ្រួសារ​ នៅតាមបណ្តាខេត្តនានា ​សម្តេចតេជោ ​បានស្នើឲ្យ​ក្រសួង ​និង អាជ្ញាធ​រមានសមត្ថកិច្ចទូ​ទាំងប្រទេស​ជួយពិនិត្យ ​រៀបចំការពារ​សុខសុវត្ថិភាព​ជូនប្រជាពល​រដ្ឋអោយបាន​ល្អបំផុត។​ ជាមួយគ្នានេះដែរ​ សូមអាជ្ញាធ​រមានសមត្ថកិច្ច​ពិនិត្យតម្លៃសំ​បុត្ររថយន្ត​ឈ្នួលគ្រប់ប្រភេទ ​កុំអោយតម្លើង​ថ្លៃក្នុងពេលរ​ដូវបុណ្យទាន ​ជាពិសេសក្នុង​ពិធីបុណ្យភ្ជុំបិណ្ឌនេះ​តែម្តង។ជាមួយ​គ្នានេះដែរ ​សម្តេចតេជោបា​នស្នើដល់បង​ប្អូនដែល​បញ្ជាយាន្តយន្តគ្រប់​ប្រភេទ​មេត្តាប្រុងប្រយ័ត្ន​ក្នុងការបើកបរ​ ដោយត្រូវ​គោរពច្បាប់ច​រាចរណ៍ គោ​រពជីវិតខ្លួនឯង ​នឹងគោរពជិវិតអ្នកដ៏ទៃ​ និងស្នើដល់​បងប្អូនដែលធ្វើ​ដំណើរតាមទូក​ កាណូត ​សុំមេត្តាកុំដឹក​លើសចំណុះ នឹងកុំ​ធ្វើដំណើរពេ​លធាតុអាកាស​មិនល្អដែលនាំ​មកនូវគ្រោះ​ថ្នាក់ជាយថាហេ​តុ។


សម្តេចតេជោ​បានបន្ថែមថា​ ប្រជាពលរ​ដ្ឋទូទាំងប្រទេស​ពិតជាបាន​យល់ច្បាស់ណាស់​ថា ពេលដែល​ប្រទេសជាតិ​មានសុខសន្តិភាព​ គឺប្រជាពល​រដ្ឋកាន់តែ​មានឱកាសច្រើន ​ហើយជាពិសេស​ យើងទាំងអ​ស់គ្នាបានចូលរួម​ជួបជុំក្រុមគ្រួ​សារអបអរសាទ​រពិធីបុណ្យភ្ជុំ​នេះជាដើម។​ សម្តេចតេជោ​សង្កត់ធ្ងន់ថា ​ការឃោសនា​ញុះញុងបំពុលប​រិយាកាសន​យោបាយ ដែ​លធ្វើអោយច​លាចល ​គឺនឹងបំផ្លាញ​សេចក្តីសុខ​របស់ប្រជា​ពលរដ្ឋ ​ហើយនឹងធ្វើ​អោយអន្តរាយដល់​ជាតិទាំងមូល។​ ទង្វើបែបនេះក៏​ប្រាសចាកជាមួ​យនឹងទង្វើ​អ្នកកាន់ព្រះពុទ្ធ​សាសនាផងដែរ៕​


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី 60 លានដុល្លារអាមេរិក ដើម្បីបង្កើនផលិតកម្មកសិកម្មនៅក្នុងខេត្តកំពង់ធំ និងខេត្តបាត់ដំបង

ធនាគារ​អភិវឌ្ឍន៍អាស៊ី ​ហៅកាត់ថា ​ADB បាន​អនុម័តលើកម្ចីក្នុង​ទឹកប្រាក់ ​៦០ លាន​ដុល្លារអាមេរិក​ ក្នុងគោលបំ​ណងបង្កើន​ផលិតកម្មកសិកម្ម ​តាមរយៈការ​ស្តារឡើងវិញនិ​ងការធ្វើការធ្វើ​ទំនើបកម្ម ​ប្រព័ន្ធធារាសាស្ត្រ​ក្នុងខេត្ត​កំពង់ធំ​ និងខេត្តបាត់​ដំបង ​ដើម្បីទប់ទល់នឹ​ងការប្រែប្រួល​អាកាសធាតុ។​

 សេចក្តី​ប្រកាសព័ត៌​មានរបស់ ​ADB នៅ​ថ្ងៃទី២៩ ​ខែកញ្ញានេះ ​បានលើក​ឡើងថា ​លោក Raza Mahmood Farrukh អ្នកឯកទេស​ខាងធនធាន​ទឹក នៃនាយក​ដ្ឋានតំបន់​អាស៊ីអាគ្នេយ៍របស់ ​ADB បាន​មានប្រសាសន៍ថា ​ផលិតភាពក​សិកម្មទាប ​គឺជាបញ្ហាធ្ងន់​ធ្ងរមួយ ​សម្រាប់កសិករខ្មែរ ​ដែលពឹងពាក់​លើប្រព័ន្ធ​ធារាសាស្ត្រ ​ដែលមិនសូវ​ទទួលបានកា​រថែទាំ ស​ម្រាប់បង្កបង្កើន​ផលស្រូវរបស់ខ្លួន។ ​ការផ្តល់ហិរញ្ញប្បទាន​នេះ នឹងផ្ត​ល់ការគាំ​ទ្រដល់កិច្ច​ខិតខំប្រឹងប្រែង​របស់រដ្ឋា​ភិបាល ​ដើម្បីពង្រីកទំ​ហំដី ​ដែលទទួលបា​នការស្រោចស្រព ​និងការគ្រប់គ្រ​ងធនធានទឹ​កឲ្យកាន់​តែមានប្រសិទ្ធភាព។​

លោកបន្តថា ​ហិរញ្ញប្បទាននេះ ​នឹងកាត់បន្ថយ​ភាពងាយរង​គ្រោះរបស់ប្រជាក​សិករ ដោយសារ​តែមុខសញ្ញា​គ្រោះថ្នាក់ធម្មជាតិ ​ដូចជា ​ទឹកជំនន់ ​ជាដើម ​ដែលកើតឡើ​ងដោយសារតែ​ការប្រែប្រួលអា​កាសធាតុ។​ គម្រោងនេះ ​នឹងបង្កើនប្រសិទ្ធភាព ​និងភាព​ធន់ទៅនឹងអា​កាសធាតុនៃប្រ​ព័ន្ធធារាសាស្ត្រ ​ក្នុងខេត្តកំពង់ធំ​ និងបាត់ដំបង។​

 សេចក្តីប្រកាស ​លើកឡើងថា ​គិតត្រឹម​ឆ្នាំ២០២១ ​ផ្ទៃដីដាំដុះ​សរុប ទាំង​រដូវប្រាំង ​និងរដូវវស្សា ​នឹងកើន​ឡើងទ្វេរដង​ដល់ ២៩៥០០​ ហិចតា ​ពី ១៣៥០០​ ហិចតា ​ក្នុងឆ្នាំ ​២០១៥ ហើយប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន ៣ ​នឹងសម្រេច​បាននូវប្រសិទ្ធភាព​ស្រោចស្រពបា​ន ១០០%។

សេចក្តីប្រកាស ​ក៏បានបង្ហាញថា ​តាមរយៈការ​កែលំអប្រព័ន្ធ​ធារាសាស្ត្រ ​និងការផ្គត់​ផ្គង់ទឹកគ្រប់គ្រាន់​ ដល់កសិករ​ ក្នុងខេត្តកំពង់ធំ​ និងខេត្តបាត់​ដំបង ​កម្ចីនេះនឹងជួយប​ង្កើនផលិតភាពកសិកម្ម​ និងបង្កើន​ប្រាក់ចំណូលដ​ល់កសិករនៅ​តាមមូលដ្ឋាន ​ដោយសារតែ​ពួកគេអាចមាន​លទ្ធភាពបង្កបង្កើន​ផលស្រូវ ​បន្លែ និងដំណាំហូ​បផ្លែ ផ្សេងៗ ​បានម្តងទៀត ​នៅរដូវប្រាំង។
សេចក្តីប្រកាស ​លើកឡើងថា​ គម្រោងនេះ ​នឹងផ្តល់ការ​បណ្តុះបណ្តាលដល់​មន្ត្រីរដ្ឋាភិបាល និង​សហគមន៍ក​សិករប្រើប្រាស់ទឹក ​អំពីរបៀប​គ្រប់គ្រងធន​ធានទឹកឲ្យបាន​ត្រឹមត្រូវ ដែលក្នុ​ងនោះសមាជិក​និងអ្នកគ្រប់គ្រង​សហគមន៍ ​នេះយ៉ាងតិច​បំផុត ៣០% ​ត្រូវតែជាស្ត្រី។ ​សហគមន៍កសិករ​ប្រើប្រាស់ទឹក ​នឹងទទួលខុសត្រូ​វលើការប្រើប្រាស់​ និងការថែ​ទាំប្រឡាយរងទី២។
​គម្រោងនេះ ​ក៏នឹងបំពេញ​បន្ថែមឲ្យគំ​និតផ្តួចផ្តើម​ ដែលគាំទ្រដោ​យធនាគារអភិវឌ្ឍន៍​អាស៊ីផ្សេងទៀត ​ក្នុងតំបន់នេះ ​ដូចជា ​កម្មវិធីអភិវឌ្ឍន៍​វិស័យពាណិជ្ជកម្ម​ស្រូវដែលធ​ន់នឹងអាកាសធាតុ ​ដែលកំពុង​តែអនុវត្ត​ ព្រោះកសិករ​អាចទទួលបាន​គ្រាប់ពូជដែល​មានគុណភាពខ្ពស់​ ដោយមាន​ការបញ្ជាក់​ត្រឹមត្រូវ។​


សេចក្តីប្រកាស​ លើកឡើងថា ​កម្ចីនេះ ​មានប្រភពពីមូល​និធិអភិវឌ្ឍន៍​អាស៊ី ដែ​លជាកម្ចីសម្បទានរបស់​ ADB ​ហើយរដ្ឋាភិបាល​កម្ពុជា ​នឹងផ្តល់ថវិកា​បដិភាគចំនួន ​៦,១ លានដុល្លារ។ ​គម្រោងនេះ ​នឹងមានរយៈពេល ​៥ ឆ្នាំ ដោយ​នឹងបញ្ចប់ក្នុង​ខែមីនា ​ឆ្នាំ២០២១៕​

ក្រសួងការងារបន្ថែមថ្ងៃឈប់សំរាកបុណ្យភ្ជុំបិណ្ឌ១ថ្ងៃទៀត ដើម្បីសម្រួលដល់ការឈប់សំរាករបស់កម្មករ និយោជិត

យោងតាម​សេចក្តីជូន​ដំណឹង ​របស់ក្រសួង​ការងារ​ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចុះថ្ងៃទី​ ២៩ ខែកញ្ញា ​ឆ្នាំ២០១៥​ បានបញ្ជាក់​ឲ្យដឹងថា ​ដើម្បីបង្កល​ក្ខណៈងាយ​ស្រួលដល់បង​ប្អូនកម្មករ និយោជិត ​ក្នុងឱកាសបុណ្យ​ភ្ជុំបិណ្ឌខាង​មុខនេះ ​សូមម្ចាស់ ​និងនាយកស​ហគ្រាស គ្រឹះ​ស្ថានទាំងអស់​ ដែលស្ថិត​ក្នុងដែន​អនុវត្តនៃច្បាប់ ​ស្តីពីការងា​រអនុវត្តនូ​វចំណុច២៖​ គឺទី១. អនុញ្ញាត​ឲ្យកម្មករ​ និយោជិត​ទាំងអស់​របស់ខ្លួន ​ឈប់សម្រាក​ដោយមាន​ប្រាក់ឈ្នួលនាឱកាស​បុណ្យភ្ជុំបិណ្ឌ​ខាងមុខនេះ ​ក្នុងកំឡុង​ពេល៤​ថ្ងៃគឺ ថ្ងៃទី ​១១-១២-១៣ ​និងថ្ងៃទី ​១៤ ខែតុលា ​ឆ្នាំ២០១៥​ ជំនួសថ្ងៃអាទិត្យទី​១១។ ​ទី២. ខិតខំ​រៀបចំបើក​ប្រាក់ឈ្នួលក​ម្មករ និយោជិត​ឲ្យបានមុន​ថ្ងៃបុណ្ឌភ្ជុំបិណ្ឌ។ ​បើពុំមានលទ្ធភាព​បើកប្រាក់​ឈ្នួលទាន់​ពេលទេ សូមអ​នុញ្ញាតឲ្យកម្មករ​ និយោជិត​ទទួលប្រាក់​បុរេប្រទាន​យ៉ាងតិច ​៥០% មុនពេល​បុណ្យភ្ជុំបិណ្ឌ៕​


កម្ពុជានឹងរៀបចំទិវាគ្រូបង្រៀន នៅថ្ងៃទី ០៧ ខែតុលា ខាងមុខនេះ

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ របស់ក្រសួង​អប់រំ យុវជន​ និងកីឡា ​ចុះថ្ងៃទី ២៩ ​ខែកញ្ញា ឆ្នាំ២០១៥​ បានឲ្យដឹងថា ​ក្រសួងអប់រំ​ យុវជន ​និងកីឡា នឹ​ងរៀបចំទិវា​គ្រូបង្រៀនឆ្នាំ​២០១៥ ក្រោម​ប្រធានប​ទ «លើកកម្ពស់​សក្កានុពល​គ្រូបង្រៀន ​ដើម្បីកសាង​សង្គមប្រកប​ដោយនិរន្តរភាព​» ក្នុងគោល​បំណង ​ជាការដឹង​គុណដល់​គ្រូបង្រៀន​ទាំងអស់​ ដែលបាន​បូជាកម្លាំង​កាយចិត្ត​ ប្រាជ្ញាស្មារតី​ ក្នុងការខិតខំ​ព្យាយាមបង្ហាត់​បង្រៀនសិក្សានុ​សិស្ស-​និស្សិត ទទួល​បានលទ្ធផល​ល្អគួរជាទី​មោទនៈ។ ​ទិវាគ្រូប​ង្រៀនឆ្នាំ២០១៥​ នឹងប្រារព្ធ​ធ្វើនៅ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​ថ្ងៃទី ០៧​ ខែតុលា ​ឆ្នាំ២០១៥ វេលាម៉ោ​ង ៨: ០០ ​នាទីព្រឹក៕​