យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ
និងក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី១៩ ខែមេសា
ឆ្នាំ២០១៦បានឲ្យដឹងថា ដើម្បីលើកកម្ពស់ សោភ័ណភាព
និងដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវក្នុងរាជធានីភ្នំពេញ
ឲ្យកាន់តែល្អប្រសើរនៅថ្ងៃទី២១ ខែមេសា
ឆ្នាំ២០១៦
សាលារាជធានីភ្នំពេញសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន
នឹងចុះអនុវត្តការងារគូសគំនូសចរាចរណ៍ថ្មីលើមហាវិថីចំនួន ០៥ ខ្សែ រួមមាន៖ ១-មហាវិថីម៉ៅសេទុង ចាប់ពីចំណុចប្រសព្វមហាវិថីព្រះនរោត្តម
ដល់ចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី
ជាជំនួយរបស់ក្រុមហ៊ុន China Road
& Bridge Cooperation តាមរយៈក្រសួងសាធារណការ
និងដឹកជញ្ជូន។ ២- មហាវិថីព្រះសីហនុ ចាប់ពីចំណុចប្រសព្វមហាវិថីព្រះមុនីរ៉េត
ដល់ចំណុចប្រសព្វមហាវិថីសុធារស ជាជំនួយរបស់ក្រុមហ៊ុន China Road & Bridge
Cooperation តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន។ ៣- មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីចំណុចប្រសព្វមហាវិថីព្រះនរោត្តម
ដល់រង្វង់មូលចោមចៅ អនុវត្តដោយក្រុមហ៊ុនដូនពេញ ខនស្ត្រាក់សិន ជាគម្រោងរបស់រដ្ឋាភិបាលរាជធានីរដ្ឋាភិបាភ្នំពេញ។ ៤- មហាវិថីកម្ពុជាក្រោម ចាប់ពីចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស
ដល់ស្ពានអាកាស ៧មករា អនុវត្តដោយក្រុមហ៊ុនដូនពេញ
ខនស្ត្រាក់សិន ជាគម្រោងរបស់សាលារាជធានីភ្នំពេញ។ ៥- មហាវិថីព្រះនរោត្តម
ចាប់ពីរង្វង់មូលវត្តភ្នំ ដល់ស្ពានអាកាសក្បាលថ្នល់ អនុវត្តដោយក្រុមហ៊ុន ដូនពេញ ខនស្ត្រាក់សិន ជាគម្រោងរបស់រដ្ឋាភិបាលរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងនេះក៏បានបន្តទៀតថា
ដើម្បីបញ្ចៀសបានជាអតិបរមានូវផលប៉ះពាល់នានា
និងដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍តាមដងផ្លូវ ការអនុត្តគម្រោងខាងលើ នឹងត្រូវដំណើរការការដ្ឋាននៅវេលាយប់ចាប់ពីម៉ោង ២១:០០ នាទីយប់ ដល់ម៉ោង
០៦: ០០ នាទីព្រឹក ដោយត្រូវចាប់ផ្តើមពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦
ចំពោះមហាវិថីម៉ៅសេទុង និងមហាវិថីព្រះសីហនុ។ ដោយឡែកចំពោះមហាវិថីសហព័ន្ធរុស្ស៊ី
មហាវិថីកម្ពុជាក្រោម និងមហាវិថីព្រះនរោត្តម
បានចាប់ផ្តើមដំណើរការការដ្ឋានតាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នេះតទៅ។
សាលារាជធានីភ្នំពេញក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ
និងសាធារណៈជនទាំងអស់ចូលរួមសហការជាមួយនិងសមត្ថកិច្ចពាក់ព័ន្ធ
ដោយឈរលើស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ ចំពោះផលរំខាននានាដែលអាចកើតមានឡើង
ដើម្បីឲ្យដំណើរការនៃការអនុវត្តគម្រោងនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ៕