Thursday, April 21, 2016

អាជ្ញាធរជាតិអប្សរាធ្វើការបំភ្លឺការភ័ន្តច្រឡំផ្សេងៗពាក់ព័ន្ធស្ពានបុរាណ ”ស្ពានរលុះ” នៅខេត្តសៀមរាប

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់​លោក ខៀវ ធី ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ បានផ្សាយព័ត៌មានថា គាត់មាន​ការឆ្ងល់ហេតុអ្វីបានជាក្រុមហ៊ុនវាយកូនហ្គោលរបស់ថៃ មានសិទ្ធិសាង​សង់លើតំបន់ស្ពាន​បុ​រាណ​​នៅខាងលិចទីរួមស្រុកខេត្តសៀមរាប។ សារនេះត្រូវបានចែកចាយតគ្នា និងមានការ​បញ្ចេញ​យោបល់ជាច្រើនពីសំណាក់សាធារណជនដែលធ្វើឲ្យមានការភ័ន្តច្រឡំផ្សេងៗ។
ដើម្បីឲ្យសាធារណជនបានជ្រាបច្បាស់ពីបញ្ហានេះ អាជ្ញាធរជាតិអប្សរាសូម​ធ្វើការបំភ្លឺ​ដូច​ខាង​ក្រោម ៖
១. ទីតាំងស្ពានបុរាណដែលលោក ខៀវ ធី បាន​ផ្សព្វផ្សាយនេះមានឈ្មោះថា ស្ពានរលុះ មាន​ទីតាំងស្ថិតនៅទិសពាយ័ព្យនៃបារាយណ៍ទឹកថ្លា ក្នុងភូមិរលុះ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ខាងលិចទីប្រជុំជនស្រុកពួក ប្រមាណ៤គីឡូម៉ែត្រ ដែលទីនេះជាតំបន់​ការពារ​ស្ថានីយ៍បុរាណ​ស្ថិតនៅក្រៅតំបន់ឧទ្យានអង្គរ។ ម្យ៉ាងទៀត ដោយសារតែទីតាំងនេះស្ថិតជាមួយនឹង​ទីតាំង​ក្រុម​ហ៊ុនវាយកូនហ្គោល នាំឲ្យមានការយល់ច្រលំថាទីនេះគ្រប់គ្រងដោយឯកជន តែតាមពិត​ទី​នេះជា​តំបន់អភិរក្សបេតិកភណ្ឌជាតិដែលក្រុមហ៊ុនមិនអាចរំលោភបំពានបានឡើយ។
២.ស្ថានភាពបច្ចុប្បន្ន ស្ពាននេះទទួលបាននូវការថែទាំ និងអភិរក្សយ៉ាងល្អដោយមិនមាន​ការ​រំ​លោ​ភ​បំពានទេ។ ថ្វីត្បិតតែស្ពាននេះ ស្ថិតនៅក្នុងតំបន់ទីលានវាយកូនហ្គោល តែយើងបាន​កំ​ណត់​តំបន់ការពារយ៉ាងច្បាស់លាស់ ស្របតាមច្បាប់ស្តីពី កិច្ចការពារបេតិកភណ្ឌរបស់ជាតិ ព្រម​​​​ទាំង​បានដាក់ស្លាកសញ្ញាដោយរៀបរាប់ ពីប្រវត្តិស្ពាន និងការអភិរក្សស្ពាន​បុរាណនេះ​។
៣.ប្រវត្តិសង្ខេបរាជធានីអង្គរជាមជ្ឈមណ្ឌលកណ្តាល​នៃអាណាចក្រអង្គរ ដែលបុរីផ្សេងៗ​នៃ​អារ្យ​​ធម៌នេះ បានភ្ជាប់ខ្លួនជាមួយមជ្ឈមណ្ឌលកណ្តាល តាមរយៈបណ្តាញ​គមនាគមន៍​ជា​ច្រើន​។ នៅតាមផ្លូវនីមួយៗ យើងតែងឃើញមានសាលាសំណាក់ហោបន់នៃមន្ទីរពេទ្យ និង​សំណង់​រក្សា​ទឹក​នៅអមសងខាង។ ចុងសតវត្សទី១២ ព្រះបាទជ័យវរ្ម័នទី៧ បានស្ថាបនាក្រុងអង្គរធំ ដោយ​រក្សាទុកឈ្មោះដើម យសោធរ ដដែល។ រាជធានីយសោធរថ្មីនេះ មានថ្នល់ទទឹង និង​បណ្តោយ​ថ្ងៃ ដែលចេញពីក្រុងឆ្ពោះទៅទិសទាំង៤ តាមលំនាំការរៀបចំក្រុង។ ថ្នល់បណ្តោយ​ថ្ងៃ​ឆ្ពោះទៅទិសខាងលិច កាត់តាមខ្លោងទ្វារតាកាវភ្ជាប់ទៅថ្នល់បារាយណ៍ទឹកថ្លា។ នៅជ្រុង​ពាយ័ព្យ​នៃបារាយណ៍ទឹកថ្លា មានថ្នល់មួយខ្សែរត់ទៅទិសខាងលិច ដោយរត់ងាក​ទៅ​ទិស​ខាង​ជើង​បន្តិច។ យោងតាមសិលាចារឹកស្តុកកក់ធំ ដែនដីនៅខាងលិចរាជធានីយសោធរ បាន​ចែក​ជា​​មណ្ឌលរដ្ឋបាលជាច្រើន។ ទំនាក់ទំនងរវាងរាជធានី និងមណ្ឌលទាំងនោះ ប្រាកដ​ជាដើរ​តាម​ផ្លូវចេញពីជ្រុងពាយ័ព្យទំនប់ក្រៀមឈ្មោះស្ពានរលុះបារាយណ៍ទឹកថ្លានេះឯង។ ថ្នល់​នេះ​​រត់​កាត់តាមស្ថានីយមួយ អ្នកស្រុកហៅថា កំពែងព្រះស្រុក ដែលមានកំពែងសាងពីថ្ម​បាយ​ក្រៀម​និងមានគូទឹកព័ទ្ធជុំវិញ។
៤.កិច្ចអន្តរាគមន៍របស់អាជ្ញាធរជាតិអប្សរា អ្នកជំនាញផ្នែកបុរាណ​វិទ្យា​ របស់អាជ្ញាធរជាតិ​អប្សរា​បានចុះធ្វើការសិក្សា នៅទីតាំងស្ថានីយ៍បុរាណដែលស្ថិតនៅ​ក្នុងទីតាំងរៀបចំសាងសង់​ទី​លាន​វាយកូនហ្គោលនេះ នៅថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ដើម្បីស្វែង​យល់​ពី​តម្លៃស្ថាបត្យកម្មសំណង់ស្ពានបុរាណ ថ្នល់បុរាណ និងទួលប្រាសាទដែលមាននៅក្នុង​បរិ​វេណ​​ទីលានវាយកូនហ្គោលនេះ ព្រមទាំងវាយតម្លៃពីផលប៉ះពាល់ នៃគម្រោង​អភិវឌ្ឍន៍​ចំ​ពោះ​​​ស្ថានីយ៍បុរាណវិទ្យាទាំងនេះ ដើម្បីកំណត់ផែនការ ការពារសំណង់បេតិកភណ្ឌ សំ​ណល់​​បុរាណ​វិទ្យា និងទេសភាពវប្បធម៌។ ការធ្វើអន្តរាគមន៍ផ្នែកបុរាណវិទ្យានៅទីនេះ គឺដើម្បី​សង្គ្រោះ​​លើកតម្លៃ និងអភិរក្សមត៌កបេតិកភណ្ឌជាតិ។
បន្ទាប់ពីកិច្ចអន្តរាគមន៍ ​របស់អាជ្ញាធរជាតិ​អប្សរា ភាគីក្រុមហ៊ុនបានឯកភាព​ទាំងស្រុង​ចំពោះ​ការ​​អភិរក្សស្ពានរលុះនេះ ដោយបានចូលរួមគ្រប់សកម្មភាពក្នុងការងារស្រាវជ្រាវ ធ្វើកំណាយ​បុរាណវិទ្យា និងការធ្វើសម្រង់ប្លង់ ទម្រង់រូបរាងដើមរបស់ស្ពាន ដើម្បីចងក្រងជាឯកសារ ក៏​ដូច​ជាការរៀបចំជួសជុល លើកតម្លៃ និងបង្ហាញដល់សាធារណជនឲ្យបានស្ពាល់​នូវស្ថានីយ៍​បុរាណ​​ដ៏មានតម្លៃនេះ។ ម្យ៉ាងទៀតចំពោះការរៀបចំនានាត្រូវបានរក្សាទុកជាតំបន់ការពារ ដែល​​​មានចំងាយយ៉ាងតិច១៥ម៉ែតពីបរិវេណខាងក្រៅនៃស្ពាន ហើយរហូតដល់បច្ចុប្បន្ន ស្ពាន​នេះ​​​​ ក៏មិនមានការរំលោភបំពានបំផ្លិចបំផ្លាញដែរពោលគឺមានការអភិរក្សបានយ៉ាងល្អពី​ ស្ថាប័ន​​​​អាជ្ញាធរជាតិអប្សរា៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា










No comments:

Post a Comment