Thursday, April 21, 2016

សម្តេច ហេង សំរិន ចាត់ទុកកិច្ច​ប្រជុំប្រធា​នសភាអាស៊ី-អឺរ៉ុប នៅរុស្ស៊ីមានសារៈ​សំខាន់ ក្នុងការថែរក្សា​សន្តិសុខ សេដ្ឋកិច្ច បរិស្ថាន ក្នុងតំបន់ និងពិភពលោក

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ​ចូលរួមកិច្ចប្រជុំប្រធានសភាអាស៊ី-អឺរ៉ុប​ នៅទីក្រុង ម៉ូស្គូ ប្រទេសរុស្ស៊ី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ដោយមានប្រធានស្ថាប័ននីតិប្បញ្ញតិ្តមកពីតំបន់អាស៊ី និងអឺរ៉ុប ចំនួន១៩ប្រទេសចូលរួម។ នេះជាកិច្ចប្រជុំលើកដំបូង របស់ថ្នាក់ដឹកនាំសភាតំបន់ទំាងពីរ ក្រោមការផ្តួចផ្តើមរបស់សភាឌូម៉ាសហព័ន្ធរុស្ស៊ី និងរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័នសភាទំាងពីរតំបន់ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។
ក្នុងកិច្ចប្រជុំនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ដោយសម្តេចបានចាត់ទុកថា នេះជា ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដំបូងដែលថ្នាក់ដឹកនាំសភាពីតំបន់អាស៊ី និងអឺរ៉ុប បានអង្គុយពិភាក្សាគ្នា ដើម្បីផ្លាស់ប្តូរយោបល់ ទស្សនៈ ក្នុងគោលបំណង បង្កើតនូវយន្តការសហប្រតិបត្តិការរួមគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ សំដៅពង្រឹង និងពង្រីកភាពជាដៃគូរ លើកស្ទួយស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងកិច្ចការពារបរិស្ថាន របស់ពិភពលោក។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរួម និងភាពជាដៃគូរ ជាកត្តាសំខាន់ និងចាំបាច់ក្នុងការដោះស្រាយបញ្ហារួម នៃតំបន់ ទាំងពីរ ពីព្រោះនៅពេលមានយន្តការសហប្រតិបត្តិការ រួមវានឹងជួយអោយតំបន់ទាំងពីរកាន់តែខិតជិតគ្នា និងមានសក្តានុពលកាន់​តែខ្លាំងដែល ធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព មានការផ្លាស់ប្តូរ ស្វែងយល់ពីវប្បធម៌រវាងប្រជាជន និងអំណោយផលដល់កិច្ចការពារបរិស្ថាន
សូមបញ្ជាក់ថា កិច្ចប្រជុំលើកដំបូងនៃប្រធានសភាតំបន់អាស៊ី-អឺរុប នាពេលនេះ ក្រោមប្រធានបទ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បី ភាពរុងរឿងរបស់ប្រទេសអាស៊ី-អឺរ៉ុប នាសតវត្សរ៍ទី២១ ដោយផ្តោតការពិភាក្សាទៅលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។ ឯកឧត្តម សើហ្គេ ណារីសស្គីន ប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ី និង ឯកឧត្តម ជុង អ៊ុយវ៉ា ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ ជាអ្នកដឹកនាំកិច្ចប្រជុំ ដោយមាន ប្រតិភូសភាជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ មកពីប្រទេសចំនួន​១៩ បានចូលរួម ។
កិច្ចប្រជុំ បានពិភាក្សា និងបានឯកភាពទស្សនៈរួម លើអនាគតនៃតំបន់អាស៊ី និងអឺរ៉ុប ដោយធ្វើយ៉ាងណាត្រូវជំរុញការពារសន្តិភាព យុត្តិធម៌សង្គម កិច្ចសហប្រតិបត្តិការ ការផ្តល់តម្លៃ ការផ្តល់កាលានុវត្តភាពស្មើៗគ្នា ជាមួយនឹងសិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងការ     ផ្តល់ទស្សនៈរួមពាក់ព័ន្ធគោលបំណង និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ។
កិច្ចប្រជុំដែលមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៩ និង២០ មេសានេះ ក៏បានលើកឡើងពីសារៈសំខាន់នៃតំបន់អាស៊ី និងអឺរ៉ុប សម្រាប់ការងារពាណិជ្ជកម្ម គឺអាស៊ីនិងអឺរ៉ុបជាប៉ូល សុខដុមនីយកម្មពិភពលោក ជាពិសេសអំពីសារៈសំខាន់ និងផលប្រយោជន៍នៃស្ថាប័ននីតិប្បញ្ញត្តិក្នុងការពិភា​ក្សា​សម្រាប់ លើកកំពស់កិច្ចសហប្រតិបត្តិការ ពហុភាគី លើវិស័យនយោបាយ សេដ្ឋកិច្ច ច្បាប់ និងមនុស្សធម៌ កិច្ចការពារបរិស្ថាន ។
ក្រៅពីនេះ នៅមានបញ្ហាជាច្រើនទៀត ដែលកិច្ចប្រជុំបានលើកមកពិភាក្សាផងដែរ ក្នុងនោះ បានយកចិត្តទុកដាក់ចំពោះការគំាទ្រលើការងារច្បាប់ ដោយបង្កើតជាទម្រង់ ការងារនីតិកម្មទាក់ទងនឹងតម្រូវការសេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៌ និងវប្បធម៌ក្នុងចំណោមប្រទសក្នុងតំបន់ទាំងពីរ និងការ ផ្តោតលើការការពារអ្នកវិនិយោគទៅវិញទៅមក ការចល័តទំនិញ តាមព្រំដែន ទំនើបកម្មបច្ចេកទេសតាមស្តង់ដារ និងសម្របសម្រួលឲ្យមាន សេវាកម្មទីផ្សារ ពីគ្នាទៅវិញទៅមក ។
អង្គប្រជុំបានផ្តល់សារៈសំខាន់ នៃការជួយគ្នាទៅវិញទៅមក លើការត្រួតពិនិត្យការអនុវត្តកម្មវិធី សហប្រតិបត្តិការគម្រោង សេចក្តីសម្រេច កិច្ចព្រមព្រៀងដែលបានធ្វើរួមគ្នាកន្លងមក និង ពង្រឹងក្រុមមិត្តភាពសភា និងលេខាធិការដ្ឋានសភាប្រទេសក្នុងតំបន់អាស៊ី និងអឺរុប ផងដែរ៕




No comments:

Post a Comment