Monday, April 29, 2024

អភិបាលខេត្តកំពង់ចាម នាំយកថវិកាជាង៤២៣លានរៀល និងប្រាក់ដុល្លារជិត១ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

 



នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារខេត្ត បាននាំយកថវិការៃអង្គាសបានពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននៅក្នុងខេត្ត សរុប ៤២៣.៥៨៤.៨០០ រៀល និងប្រាក់ដុល្លារ ចំនួន ៨.៩៣៩ ដុល្លារ ទៅប្រគល់ជូនដើម្បីទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។


ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមពីឯកឧត្តម បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ លោកបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិស្វីស លោក ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែកទំនាក់ទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកស្រី ថន កេណ្ណារ័ត្ន អគ្គលេខាធិការរង និងជាប្រធានផ្នែករដ្ឋបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ចឿង ធានី ប្រធាននាយកដ្ឋាន និង ក្រុមការងារ នៃអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា។


សូមរំលឹកថា រដ្ឋបាលខេត្តកំពង់ចាម បានបើកយុទ្ធនាការជិះកង់ជុំវិញភូមិសាស្ត្រខេត្តកំពង់ចាមរយ:ពេល៧ថ្ងៃ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ពោលគឺការជិះកង់រៃអង្គាសប្រមូលថវិកាពីសប្បុរសជននានា ក្នុងក្រុង ស្រុក ទាំង១០ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម គឺបានធ្វើឡើងបន្ទាប់ពីមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា។


ក្នុងយុទ្ធនាការនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានរៀបចំផែនការជិះកង់គូក ចេញទៅតាមគោលដៅ ក្រុង-ស្រុកទាំង១០ ដែលមានសមាសភាពចំនួន ៤០០នាក់ ហើយចំណុចដែលត្រូវចាប់ផ្តើមមុនគេ គឺនៅមុខសាលាខេត្តកំពង់ចាម ក្នុងគោលបំណងទទួលថវិកាពីសប្បុរសជន សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗផងដែរ៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងព្រែកជីកហ្វ៊ូណនតេជោនេះ រាជរដ្ឋាភិបាលបានចំណាយពេលសិក្សាយ៉ាងលម្អិតរយៈពេលប្រមាណ២៦ខែមកហើយ


ពាក់ព័ន្ធនឹងរឿងគម្រោងព្រែកជីកហ្វូណនតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅអ្នកនយោបាយរត់ចោលគុក លោក សម រង្ស៉ី ថា បើមិនដឹងខ្យល់អី កុំនិយាយអំពីគម្រោងព្រែកជីកនេះ ព្រោះក្រុមការងារជំនាញបានសិក្សាយ៉ាងលម្អិត ដោយចំណាយពេលប្រមាណ២៦ខែមកហើយ និងមានការសិក្សាយ៉ាងល្អិតល្អន់ពីសារៈសំខាន់នៃព្រែកជីកនេះសម្រាប់សេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេច អញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណជាង៥នាក់។


ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញការសោកស្តាយចំពោះអ្នកនយោបាយចាស់វស្សារូបនេះ ដែលមានភាពឆោតល្ងង់ ចេញមុខមកជេរ លាភពណ៌ និងចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលវាគឺជាភាពងងឹតងងុល មិនគិតពីផលប្រយោជន៍របស់ប្រទេសជាតិទាល់តែសោះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងសាងសង់ព្រែកជីហ្វូណនតេជោរបស់កម្ពុជា បានក្លាយជាផ្ទាំងស៊ីបរបស់ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុក ដែលមិនគិតពីផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរទាល់តែសោះ ពោលគឺវិទ្យុបរទេសនិយាយភាសាខ្មែរតែងតែលើកយកមកធ្វើជាប្រធានបទ ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ដោយផ្សព្វផ្សាយមួលបង្កាច់គ្រប់រូបភាព ក្នុងន័យបម្រើមហិច្ឆតារបស់បក្ខពួកខ្លួន។


ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅក្រុមប្រឆាំងថា សូមកុំយកមនុស្សក្លែងក្លាយ មកធ្វើជាប្រភពព័ត៌មានសម្រាប់វាយប្រហារលើគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជាឱ្យសោះ។ សម្តេច មិនជឿថា នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា មានមន្ត្រីជាន់ខ្ពស់ដែលល្ងង់ ទៅផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ថាគម្រោងព្រែកជីកនេះ រាជរដ្ឋាភិបាលកម្ពុជាខ្ចីលុយចិននោះទេ។ តាមការពិតនោះគម្រោងនេះ គឺជាគម្រោង BOT ជាកម្ចីឯកជន ដែលរដ្ឋមិនមែនជាអ្នកខ្ចីនោះទេ។ ចំណុចនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា ក្រុមប្រឆាំងមានចេតនាអាក្រក់ ដើម្បីបំផ្លាញការរីកចម្រើនរបស់កម្ពុជា៕





ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូក សរុបការងា រ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។


«ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមានលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធាន តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង។


កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។


ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ឆ្អឹងខ្នងដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ តាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី ជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គម។


រាជរដ្ឋាភិបាលកម្ពុជា តាំងពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន រហូតមកដល់នីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតីតែងតែបានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើបញ្ហារបស់ស្ត្រី។ សិទ្ធិរបស់ស្ត្រីត្រូវបានលើកកម្ពស់ឱ្យកាន់តែល្អប្រសើរ និងស្មើមុខស្មើមាត់ជាមួយបុរសនៅក្នុងសង្គម ហើយស្ត្រីកាន់តែច្រើនត្រូវបានបានបញ្ចូលទៅក្នុងតួនាទីថ្នាក់ដឹកនាំ និងការសម្រេចចិត្តនៅតាមក្រសួងស្ថាប័ននានា។


ជាក់ស្តែងនៅក្នុងស្ថាប័នកំពូលរបស់កម្ពុជាទាំងស្ថាប័ននីតិបញ្ញត្តិ និងប្រតិបត្តិស្ត្រីកាន់តែច្រើនត្រូវបានបញ្ចូលទៅក្នុងតួនាទីជាថ្នាក់ដឹកនាំ។ ក្នុងនោះស្ថាប័នរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ត្រូវបានបោះឆ្នោតជាប្រធានរដ្ឋសភា។


ដោយឡែកក្នុងស្ថាប័ននីតិប្រតិបត្តិសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ លោកស្រី អ៉ឹង កន្ថាផាវី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រៅពីនោះមានស្ត្រីជាច្រើនត្រូវបានតែងតាំងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង... និងអភិបាលខេត្តជាដើម៕








ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា



សន្ទុះនៃការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុសដូចទឹកបាក់ទំនប់។ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយនិងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មានសារសំខាន់មួយនេះកំពុងក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយនិងបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំ។ 


គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា។ អាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ ព្រែកជីកនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន។


ផលប្រយោជន៍ដ៏មហិមានេះហើយដែលជំរុញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីផ្តល់ការគាំទ្រដោយឥតរារែកដល់គម្រោងព្រែកជីកនេះ។ ចម្លែកអីតែអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី ស្រាប់តែចេញមុខប្រឆាំងដោយលើកហេតុផលដូចគ្នាទាំងស្រុងទៅនឹងបរទេសដែលរារាំងគម្រោងព្រែកជីករបស់កម្ពុជា។ ការចេញមុខប្រឆាំងផលប្រយោជន៍ជាតិខ្លួនឯងកំពុងធ្វើឱ្យអ្នកនយោបាយរូបនោះត្រូវបង់ថ្លៃយ៉ាងខ្ពស់ហួសពីការស្មាននោះគឺការថ្កោលទោសពីប្រជាពលរដ្ឋគ្រប់ទិសទី ខណៈដែលសកម្មជននិងអ្នកគាំទ្ររបស់ខ្លួនបានដើរចេញជាបន្តបន្ទាប់។


សរុបមកវិញ ចលនាជាតិដ៏ធំធេងដើម្បីគាំទ្រព្រែកជីកហ្វូណនតេជោ ដែលកើតឡើងពេលនេះកំពុងបង្ហាញពីការរួបរួមរបស់ខ្មែរគ្រប់មជ្ឈដ្ឋានជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រនិងជាប្រយោជន៍ជាតិដ៏យូរអង្វែង។ ផ្ទុយទៅវិញ ចលនាជាតិនេះកំពុងដាក់ឱ្យអ្នកនយោបាយប្រឆាំងជ្រុលនិយមក្នុងសភាពឯកោកាន់តែខ្លាំងលើសពេលណាៗទាំងអស់។ នេះជាសញ្ញាបញ្ជាក់ប្រាប់ថា មនោគមន៍វិជ្ជានយោបាយជ្រុលនិយមនៅកម្ពុជាបានមកដល់ទីបញ្ចប់ហើយ៕

នៅថ្ងៃស្អែក ទីស្តីការគណៈរដ្ឋមន្រ្តី និង WB រៀបចំសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប»




(ភ្នំពេញ)៖ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមកិច្ចការសហការជាមួយធនាគារពិភពលោក (World Bank-WB) នឹងរៀបចំសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប» នៅថ្ងៃស្អែក ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទីព្រឹក នៅសាលប្រជុំ C អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រី្ត។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់ឯកឧត្តមជាសមាជិករាជរដ្ឋាភិបាល, នាយិកាគ្រប់គ្រងធនាគារពិភពលោក (WB) ប្រចាំកម្ពុជា, ឯកអគ្គរាជទូត-រដ្ឋទូតនៃបណ្តាប្រទេសជាមិត្តមួយចំនួន, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងស្ថាប័នស្រាវជ្រាវ អ្នកសារព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណ ៥៥០ នាក់។

សិក្ខាសាលានេះ មានគោលបំណងចែករំលែកអំពីរបកគំហើញ និងអនុសាសន៍ស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប តាមរយៈការបង្ហាញអំពីលទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោក (WB) ស្តីពីការវាយតម្លៃអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការបង្ហាញអំពីក្របខ័ណ្ឌស្តីពីបច្ច័យភាពងាយរងគ្រោះ និងការវាយតម្លៃសមត្ថភាពបន្សាំនៃប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា។

តាមកម្មវិធីដែលបានគ្រោងទុក, សិក្ខាសាលាខាងលើនេះនឹងដំណើរការប្រព្រឹត្តិទៅដោយចែកចេញជា២វគ្គ ដោយវគ្គទី១ នឹងមានការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយសមកពី WB លើប្រធានបទស្តីពីការអភិវឌ្ឍ,ការប្រែប្រួលអាកាសធាតុ, និងកំណែទម្រង់ស្ថាប័ន និងវគ្គទី ២ គឺជាកិច្ចពិភាក្សាលើគោលនយោបាយឆ្លើយតបចំពោះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដែលមានវាគ្មិនកិត្តិយសចូលរួមដូចជា៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, តំណាងក្រសួងរ៉ែ និងថាមពល, តំណាងក្រសួងធនធានទឹក និងឧតុនិយម, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងតំណាងធនាគារពិភពលោក សម្របសម្រួល ដោយឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន ECOSOCC ។


រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មាន និងក្រសួង-ស្ថាប័ន គឺជាមិត្តនិងជាដៃគូដ៏ល្អ ក្នុងការផ្សព្វផ្សាយព័ត៌មានពិតដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងសុខដុមនីយកម្មក្នុងសង្គម


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្នុងភាពជាដៃគូររវាងរាជរដ្ឋាភិបាល និងអ្នកព័ត៌មាន គឺមិនអាចកាត់ផ្តាច់នូវផ្នែកណាមួយនោះទេ ព្រោះថារាជរដ្ឋាភិបាល ត្រូវការសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាពលរដ្ឋ និងពាំនាំនូវព័ត៌មានពីប្រជាពលរដ្ឋ ដើម្បីសុខដុមនីយកម្មក្នុងសង្គម ការយល់ដឹង និងការដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលា និងឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាសារធារណៈអ្នកសារព័ត៌មាន ដើម្បីក្តាប់នូវសំណើ និងសំណូមពរ បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន។


ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា គោលដៅរួមរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសារព័ត៌មាន គឺធ្វើយ៉ាងណាធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ហើយធានាថាប្រជាពលរដ្ឋទទួលបានព័ត៌មានពិតត្រឹមត្រូវ។ ដូច្នេះជម្រើសយកភាពជាដៃគូរវាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងសារព័ត៌មាន ជាផ្នែកនៃកិច្ចសហប្រតិបត្តិការមួយប្រកបដោយសុខដុមនីយកម្មនៅក្នុងសង្គម រវាងអ្នកផ្តល់ព័ត៌មាន និងអ្នកដែលប្រមូលព័ត៌មានដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ។ 


ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីដំណើរការងាររបស់ក្រសួងព័ត៌មាន ក្នុងការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយសម្រាប់ភាគីពាក់ព័ន្ធអាចយកទៅអនុវត្តបានទាំងអស់គ្នា ក្នុងគោលបំណងរួមចំណែកលើកតម្កើងតម្លៃវិជ្ជាជីវៈសារព័ត៌មាន និងអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យកាន់រីកចម្រើនឡើងថែមទៀត។ ជាមួយគ្នានេះ ក្រសួងព័ត៌មាន បាននឹងកំពុងដំណើរការរៀបចំច្បាប់ស្តីពីរបបសារព័ត៌មានដែលមានវ័យចំណាស់ ២៩ ឆ្នាំនេះឡើងវិញ រួមនឹងបានបង្កើនសកម្មភាពបណ្តុះបណ្តាលផ្ទៃក្នុង និងការសហការជាមួយសមាគមអ្នកសារព័ត៌មាន ដើម្បីបណ្តុះបណ្តាលបង្កើនសមត្ថភាពធនធានមនុស្សក្នុងចំណោមអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពរបស់ខ្លួន។


ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាកិច្ចការអាទិភាពចម្បងក្នុងចំណោមបេសកកម្មសំខាន់ៗរបស់ក្រសួងព័ត៌មានក្នុងអាណត្តិទី៧នេះ សម្រាប់ជាមូលដ្ឋានរឹងមាំក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន កសាងបន្ថែម និងថែរក្សា ទំនុកចិត្តរបស់ប្រជាជន និងសង្គមជាតិទាំងមូលមកលើវិស័យព័ត៌មានកម្ពុជា។ ហេតុដូច្នេះ ការគោរព និងអនុវត្តក្រមសីលធម៌ ជាកាតព្វកិច្ចដែលផ្សារភ្ជាប់ជាមួយនឹងសិទ្ធិ ក្នុងការធានាសណ្តាប់ធ្នាប់ វិន័យការងារ ភាពត្រឹមត្រូវ ស្របច្បាប់ និងសុច្ចរឹតភាពក្នុងសង្គម និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបន្តលើកកម្ពស់ និងការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា៕





សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ឱ្យធ្វើនយោបាយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ កុំប្រឆាំងដើម្បីតែប្រឆាំង ប្រឆាំងសូម្បីតែប្រយោជន៍ជាតិខ្លួនឯង


សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រដៅ លោក សម រង្ស៉ី ដែលបង្ហាញចេតនាចង់រារាំងគម្រោងព្រែកជីកហ្វូណនតេជោ កាលពេលកន្លងទៅថ្មីៗនេះ ដោយបុគ្គលនេះបានចោទប្រកាន់ថា ព្រែកជីកនេះនឹងប៉ះពាល់បរិស្ថាន សង្គម ជាមូលដ្ឋានសឹករបស់កងទ័ពចិននៅរាម និងជាឈ្នាន់បម្រើនយោបាយវាតទីនិយមរបស់ប្រទេសចិន ជាដើម។ សម្តេចធិបតី បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធនិងសមាគម ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ការដឹកនាំទំនិញឆ្លងកាត់តាមព្រំប្រទល់ទៅសមុទ្រម្ដងៗ គឺកម្ពុជាត្រូវប្រើពេលវេលាយូរ និងឆ្លងកាត់នីតិវិធីច្រើនណាស់ ព្រោះនៅវៀតណាមមានច្បាប់ប៉ារ៉ាស់។ សម្ដេចបន្តថា នៅពេលដែលយើងធ្វើព្រែកជីកនេះហើយ ការឆែកឆេរក៏នឹងកាត់បន្ថយ។ សួរថាតើចំណេញឬខាត? លោក សម រង្ស៉ី ធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចទៅទៀត ប៉ុន្តែមិនយល់?


ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា នៅពេលយើងដឹកទំនិញឆ្លងកាត់ម្តងៗ យើងត្រូវសុំគោលការណ៍។ រីឯពេលដែលព្រំដែនត្រូវបិទ ដូចជាជំនាន់កូវីដ-១៩ ជាដើម ពេលយប់យើងត្រូវរង់ចាំ សូម្បីតែឥឡូវហ្នឹង បាតុភូតធម្មជាតិទឹកឡើងទឹកនាចហ្នឹង ក៏ធ្វើឱ្យកប៉ាល់យើងច្រើនគ្រឿងចេញមិនរួច ត្រូវចំណាយពេលច្រើនទៀត។ តែបើយើងដឹកតាមព្រែកជីករបស់យើង ម៉ោងណាក៏យើងអាចធ្វើដំណើរបានដែរ ដែលនឹងកាត់បន្ថយចំណាយ ពេលវេលា និងតម្លៃ ដើម្បីជួយដល់ការដឹកជញ្ជូនរបស់យើង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅកាន់ លោក សម រង្ស៉ី ទៀតថា បើដឹកទំនិញនេះចូលទៅផែអន្តរជាតិរបស់យើង តើចំណេញឬទេ? ប្រជាពលរដ្ឋទាំងអស់លោកបានយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃព្រែកជីកនេះ។ ជាថ្មីម្តងទៀត សម្តេច បានប្រដៅអ្នកនយោបាយចាស់វស្សាម្នាក់នេះឱ្យតម្កល់ផលប្រយោជន៍ជាតិជាធំ កុំប្រឆាំងដើម្បីតែប្រឆាំង ឬប្រឆាំងគ្រប់ពេល ប្រឆាំងគ្រប់ប្រធានបទ សូម្បីតែគម្រោងដើម្បីផលប្រយោជន៍ប្រជាជនខ្លួនឯង ក៏ហ៊ានជំទាស់ ក៏ហ៊ានធ្វើឱ្យមានបញ្ហាដែរ!


សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា អ្នកនយោបាយគួរតែនាំគ្នាគាំទ្រដើម្បីផលប្រយោជន៍របស់យើង ធ្វើយ៉ាងណាដើម្បីបានព្រែកជីកនេះចេញជារូបរាងប្រើប្រាស់ទាំងអស់គ្នា។ សម្ដេចមិនភ្លេចគូសរំលេចទេថា «ជំនាន់កូវីដ-១៩ លោក សម រង្ស៉ី ធ្លាប់បន្លាចប្រជាពលរដ្ឋខ្មែររឿងចាក់វ៉ាក់សាំងម្តងហើយ ហើយឥឡូវមករារាំងដល់គម្រោងព្រែកជីកនេះថែមទៀត»។


ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេស ដែលបានចេញសារគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ។ ក្នុងនោះ សូម្បីតែអ្នកនយោបាយប្រឆាំងដែលធ្លាប់រិះគន់រាជរដ្ឋាភិបាល ក៏បានសម្តែងការគាំទ្រដែរ លើកលែងតែ លោក សម រង្ស៉ី ម្នាក់នេះប៉ុណ្ណោះ។ សម្តេចធិបតីបានសង្កត់ថា កុំខ្វល់ពេករឿងនរណាជាអ្នកធ្វើព្រែកជីកនេះ ហើយក៏កុំខ្វល់ថា សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកផ្តួចផ្តើម ទទួលបានក្រេឌីត កុំខ្លាចសម្តេចនិងរាជរដ្ឋាភិបាលនឹងបានក្រេឌីតពីសមិទ្ធផលនេះ ប៉ុន្តែត្រូវគិតថា ព្រែកជីកនេះគឺជាម៌តក ជាប្រយោជន៍សម្រាប់ប្រជាជាតិរបស់យើងទាំងអស់គ្នា៕






ចាប់ពីឆ្នាំ២០២៥តទៅ ក្រសួងការងារ នឹងកំណត់យកទិវាពលកម្មអន្តរជាតិ១ឧសភា ជាថ្ងៃប្រគល់ពានរង្វាន់ដល់សហគ្រាសដែលទទួលបានជ័យលាភី


ចាប់ពីឆ្នាំ២០២៥ តទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងកំណត់យកទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាថ្ងៃប្រគល់ពានរង្វាន់ដល់សហគ្រាសដែលទទួលបានជ័យលាភី។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។


ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា សហគ្រាសជ័យលាភី ត្រូវទទួលបានការលើកទឹកចិត្ត មានជាអាទិ៍៖ ១. ពានរង្វាន់ "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលមាន ៣កម្រិត, ២. វិញ្ញាបនបត្រ”សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”, ៣. ការលើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ឆ្នាំ ដល់៣ឆ្នាំ ស្របតាមកម្រិតនៃពានរង្វាន់ដែលទទួលបាន។ ឯកឧត្តម ហេង សួរ បានថ្លែងបន្តថា ក្រសួងការងារ ខិតខំធ្វើឱ្យប្រសើរឡើងនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ 


ទន្ទឹមគ្នានេះ ក្រសួងការងារការងារ ក៏បានខិតខំប្រឹងប្រែងផ្តល់សេវាស្វែងរកការងារ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីជួយស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋដោយបានចុះឈ្មោះអ្នកស្វែងរកការងារនិងផ្គូផ្គងបញ្ជូនអ្នកស្វែងរកការងារទៅឱ្យនិយោជក ហើយក្រសួង បានបន្តការធ្វើសមាហរណកម្ម និងទំនើបកម្មការធ្វើអធិការកិច្ចការងារ ពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ចការងារ ផ្អែកលើកម្រិតហានិភ័យរបស់សហគ្រាស គ្រឹះស្ថាននីមួយៗ និងវិធីសាស្ត្រអធិការកិច្ចប្រកបដោយវិជ្ជាជីវៈ និងចុះអធិការកិច្ចការងារតែ ១ដង/ឆ្នាំ ចំពោះអធិការកិច្ចសាមញ្ញ ត្រូវអនុវត្តតាមរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។


ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងការងារដោយបង្ខំដោយបានចុះផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងចុះធ្វើអធិការកិច្ច ដាក់កំហិត និងផាកពិន័យ ព្រមទាំងព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះម្ចាស់សហគ្រាស គ្រឹះស្ថាន សិប្បកម្មឡឥដ្ឋ និងកសិឧស្សាហកម្មទាំងឡាយណាដែលមិនអនុវត្តបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលអនុញ្ញាតឱ្យប្រើប្រាស់ពលកម្មកុមារ។


បើតាមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សង្កេតឃើញថា បងប្អូនកម្មករនិយោជិត មានការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់ក្រសួង ក្នុងការដាក់ចេញវិធានការបង្ការទប់ស្កាត់បានទាន់ពេលវេលា នូវរាល់បញ្ជដែលអាចកើតឡើងជាយថាហេតុ និងដំណោះស្រាយរាល់បាតុភាពនានាប្រកបដោយបុរេសកម្ម ក៏ដូចជាការដោះស្រាយវិវាទការងារ ករណីរោងចក្រក្ស័យធនដោយថៅកែរត់ចោល ឬដោយអគ្គិភ័យឆេះរោងចក្រជាដើម ព្រមជាមួយនឹងការផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព និងទាន់ពេលវេលា៕

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធយោធិន២០រូប ដែលបានពលី ដោយឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣



ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធយោធិន២០រូប ដែលបានពលី ដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ និងនាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនក្រុមគ្រួសារសព។


នៅក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធយោធិនដែលបានពិលីនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា បាននាំយកនូវសារចូលរួមរំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារសព។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បាននាំយកថវិកាប្រគល់ជូនក្រុមគ្រួសារសពយោធិន ដោយ១គ្រួសារទទួលបាន ២ម៉ឺនដុល្លារជាថវិការបស់សម្តេចធិបតី, ៣លានរៀលជាថវិកាក្រសួងការពារជាតិ, ៥ពាន់ដុល្លារជាថវិកាបានមកពីសប្បុរសជននានា និង១គ្រួសារ១លានរៀល ជាថវិការបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី។


ទន្ទឹមនឹងនោះដែរ សម្រាប់យោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ថវិកា ក្នុងម្នាក់ៗចំនួន ២០លានរៀលផងដែរ៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា បន្តរកក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

 


ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិកន្លងមក បានធ្វើឱ្យប្រទេសកម្ពុជាបន្តរកក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ធានាបានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការធានាបាននូវធនធានមនុស្ស និងការដាក់ចេញនូវគោលនយោបាយអំណោយផលនានាដើម្បីលើកទឹកចិត្ត និងបង្កើតបរិយាកាសវិនិយោគប្រកបដោយបរិយាប័ន្ន។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល តែងបានផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន ជាពិសេសបងប្អូនកម្មករនិយោជិតទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធនៅគ្រប់ដំណាក់កាល បង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំជំរុញឱ្យមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងបានជួយកែប្រែជីវភាពរស់នៅ ប្រាក់ចំណូល និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត រួមទាំងការទទួលបាននូវកិច្ចគាំពារសង្គមកាន់តែប្រសើរ មានឱកាសទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារកាន់តែទូលំទូលាយទាំងក្នុងនិងក្រៅប្រទេស។


សម្រាប់វិស័យការងារវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាល បន្តដើរតួនាទីប្រៀបបានទៅនឹងអាណាព្យាបាលរបស់គូស្វាមីភរិយាមួយគូ គឺនិយោជក និងកម្មករ និយោជិត តាមបណ្តារោងចក្រសហគ្រាស ដើម្បីរក្សាបាននូវសុខដុមនីយកម្ម តាមរយៈការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព អត្ថប្រយោជន៍របបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការបង្ការ និងដោះស្រាយវិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ រក្សាបាននូវភាពសុខសាន្តនៅគ្រប់ទីតាំងសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិតក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព៕

Sunday, April 28, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សេដ្ឋកិច្ចជាតិរីកចម្រើន ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែធូរធារ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ នេះជាពាក្យមួួយមានអត្ថន័យខ្លាំងណាស់ បានន័យថា គ្រួសារមានសុភមង្គលល្អ រាជរដ្ឋាភិបាល បានដាក់ទិសដៅសំខាន់ក្នុងការបង្កើតការងារដែលជាអាទិភាពធំចាំបាច់ ដើម្បីជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤។


សម្តេចធិបតី បានថ្លែងបន្តថា សេដ្ឋកិច្ចជាតិដើរបានដោយសារប្រជាពលរដ្ឋ ពីព្រោះជីវភាពរស់នៅរបស់គ្រួសារនីមួយៗ ត្រូវលើកតម្កើង ប៉ុន្តែការលើកតម្កើងនេះ គឺចាំបាច់ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពនៅក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារដោយខ្លួនឯង៕






សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចសហការការងារល្អ ធ្វើឱ្យចរន្តការងារកាន់តែលេចធ្លោរ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធានាឱ្យបានជាអតិបរមាដែលអាចមានលទ្ធភាពឱ្យប្រជាពលរដ្ឋ ទទួលបានការសិក្សា រៀនសូត្រ ធ្វើការ សេរីភាពក្នុងការប្រកបមុខរបរ ពីព្រោះការទាក់ទាញអ្នកវិនិយោគ បង្កើនការងារនេះជាកិច្ចការសំខាន់ ពីព្រោះមនុស្សគ្រប់រូបសុទ្ធតែមានការងារធ្វើទាំងអស់គ្នាទាំងវិស័យរដ្ឋ និងវិស័យឯកជនផងដែរ។


សម្តេចធិបតី បានថ្លែងបន្តថា សូម្បីតែនាយករដ្ឋមន្ត្រី ក៏មានការងារធ្វើដែរ ពីព្រោះនាយករដ្ឋមន្ត្រី មិនមែនជាម្ចាស់ប្រទេសនោះទេ គឺជាអ្នកបម្រើប្រជាពលរដ្ឋដូចថ្នាក់ដឹកនាំក្នុងក្រសួង ស្ថាប័ននានា និងដូចថៅកែក្រុមហ៊ុន គឺត្រូវគិតគូរផែនការដើម្បីសេចក្តីត្រូវការរបស់បុគ្គលិក ដោយគិតគូររៀបចំផែនការ និងខិតខំរកទីផ្សារ ដើម្បីផលិតផលឱ្យដើរ បានប្រាក់ចំណេញ យកថវិការមកចែកជាប្រាក់បៀវត្ស និងលើកទឹកចិត្តផ្សេងៗដល់បុគ្គលិករបស់ខ្លួន។


ទន្ទឹមនោះ សម្តេចធិបតី ហុ៊ន ម៉ាណែត បានថ្លែងបញ្ជាក់ថា ចង្វាក់ចរន្តការងារបែបនេះ មិនមានពាក្យថា អ្នកណាជាថៅកែទេ ប៉ុន្តែមានការងារស្មើគ្នា គឺកាតព្វកិច្ច ដើម្បីជួយគ្នា ពង្រឹងឱ្យគ្នាទៅវិញទៅមក ហើយរដ្ឋក៏ដូចគ្នា គឺជាអ្នកបម្រើប្រជាពលរដ្ឋ។ កម្មករ កម្មការិនី និយោជក និងបងប្អូននៅការងាររដ្ឋបាលផ្សេងៗ គឺត្រូវធ្វើការទាំងអស់គ្នា ហេតុដូច្នេះហើយ ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាព មានការបង្កើននូវឱកាសការងារ ជាពិសេសការលើកស្ទួយនូវវិស័យឯកជន គឺជាកិច្ចដ៏សំខាន់ណាស់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ ក្នុងឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤៕







សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ត្រូវធានាសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញដល់ការវិនិយោគ



ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ប្រមាណជាង៥ពាន់នាក់ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ នៅសាលសន្និបាតនិងពិព័រណ៍ជ្រោយចង្វារ OCIC នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ប្តេជ្ញាចិត្តធានាសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញដល់ការវិនិយោគទាក់ទាញវិនិយោគពីក្រៅប្រទេស។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសញ្ជាក់ថា បើសិនកម្ពុជាគ្មានសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនោះទេ ក៏ពុំមានការវិនិយោគបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសយើងដែរ ពោលគឺគេមិនមកវិនិយោគនៅក្នុងតំបន់អសន្តិសុខនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសញ្ជាក់ថា ដើម្បីទាក់ទាញការវិនិយោគនានាទៅបាន រាជរដ្ឋាភិបាល ក៏ត្រូវធានាធនធានគន្លឹះ រួមមាន មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកវិនិយោគ រួមទាំងការដាក់ចេញនូវវិធានការនិងគោលនយោបាយលើកទឹកចិត្តនានា ដើម្បីផ្តល់អំណោយផលដល់វិស័យឯកជន និងការវិនិយោគផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ គឺលើកទឹកចិត្ត និងទាក់ទាញវិនិយោគ និងលើកកម្ពស់វិស័យឯកជន



ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ប្រមាណជាង៥ពាន់នាក់ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ នៅសាលសន្និបាតនិងពិព័រណ៍ជ្រោយចង្វារ OCIC នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺយើងត្រូវលើកទឹកចិត្ត និងទាក់ទាញវិនិយោគ និងលើកកម្ពស់វិស័យឯកជនដើម្បីធ្វើឱ្យប្រជាពលរដ្ឋក៏ដូចជាកម្មករនិយោជិត មានជម្រើសការងារ និងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសញ្ជាក់ថា គោលការណ៍រក្សាចាស់ បង្កើតថ្មី គឺត្រូវតែអនុវត្ត តាមរយៈការទាក់ទាញវិនិយោគថ្មី និងត្រូវធ្វើយ៉ាងណា ថែរក្សាអ្នកចាស់ ដើម្បីឱ្យគាត់ទទួលបានជោគជ័យរីកចម្រើន។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការលើកកម្ពស់វិស័យឯកជន គឺជាកិច្ចការមួយសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អបអរសាទរស្មារតីអាស៊ាន «សាមគ្គីភាពក្នុងពហុភាព» ក្នុងកម្មវិធីបើកការតាំងពិព័រណ៍អាស៊ាន


នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជាកិត្តិយសអបអរសាទរស្មារតីអាស៊ាន «សាមគ្គីភាពក្នុងពហុភាព» ក្នុងកម្មវិធីបើកការតាំងពិព័រណ៍អាស៊ាន ដែលរៀបចំដោយស្ថានទូតឥណ្ឌូណេស៊ីនៅរាជធានីភ្នំពេញ។

 

នៅក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ក្នុងការបង្ហាញអំពីផលិតផល និងហត្ថកោសល្យប្រកបដោយគុណភាពខ្ពស់របស់អាស៊ាន បង្កើនការយល់ដឹងអំពីអាស៊ានក្នុងចំណោមសាធារណជន និងលើកកម្ពស់បន្ថែមទៀតនូវការផ្លាស់ប្តូរវប្បធម៌ បេតិកភណ្ឌ ប្រពៃណី និងអាហារដ៏សម្បូរបែបរបស់អាស៊ាន។


ការតាំងពិព័រណ៍នេះ ក៏ជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច ដែលស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាពិសេសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៤-២០២៨។


Deputy PM celebrates the spirit of ASEAN - unity in diversity - through the ASEAN Bazaar


On 27 April 2024, His Excellency SOK Chenda Sophea, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, celebrated the spirit of ASEAN - unity in diversity - through the ASEAN Bazaar organized by the Indonesian Embassy in Phnom Penh. 


In his opening remarks, the Deputy Prime Minister highlighted the significance of the event to showcase ASEAN high quality products and craftsmanship, raise ASEAN awareness among the public, and further promote an exchange of ASEAN diverse culture, heritage, long tradition and foods. 

 

The Bazaar was also part of economic diplomacy which aligned perfectly with the vision of the Ministry of Foreign Affairs and International Cooperation's Economic Diplomacy Strategy and particularly the Economic Diplomacy Strategy 2024-2028.







Saturday, April 27, 2024

ឯកឧត្តម ទិត សុធា ចេញញ្ញតិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ


ឯកឧត្តម ទិត សុធា រដ្ឋលេខាធិកា ទីស្តីការគណៈរដ្ឋមន្រ្តី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងមន្ត្រីក្រោមឱវាទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។

គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា !

យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕