(ភ្នំពេញ)៖ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមកិច្ចការសហការជាមួយធនាគារពិភពលោក (World Bank-WB) នឹងរៀបចំសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប» នៅថ្ងៃស្អែក ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទីព្រឹក នៅសាលប្រជុំ C អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រី្ត។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់ឯកឧត្តមជាសមាជិករាជរដ្ឋាភិបាល, នាយិកាគ្រប់គ្រងធនាគារពិភពលោក (WB) ប្រចាំកម្ពុជា, ឯកអគ្គរាជទូត-រដ្ឋទូតនៃបណ្តាប្រទេសជាមិត្តមួយចំនួន, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងស្ថាប័នស្រាវជ្រាវ អ្នកសារព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណ ៥៥០ នាក់។
សិក្ខាសាលានេះ មានគោលបំណងចែករំលែកអំពីរបកគំហើញ និងអនុសាសន៍ស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប តាមរយៈការបង្ហាញអំពីលទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោក (WB) ស្តីពីការវាយតម្លៃអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការបង្ហាញអំពីក្របខ័ណ្ឌស្តីពីបច្ច័យភាពងាយរងគ្រោះ និងការវាយតម្លៃសមត្ថភាពបន្សាំនៃប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា។
តាមកម្មវិធីដែលបានគ្រោងទុក, សិក្ខាសាលាខាងលើនេះនឹងដំណើរការប្រព្រឹត្តិទៅដោយចែកចេញជា២វគ្គ ដោយវគ្គទី១ នឹងមានការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយសមកពី WB លើប្រធានបទស្តីពីការអភិវឌ្ឍ,ការប្រែប្រួលអាកាសធាតុ, និងកំណែទម្រង់ស្ថាប័ន និងវគ្គទី ២ គឺជាកិច្ចពិភាក្សាលើគោលនយោបាយឆ្លើយតបចំពោះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដែលមានវាគ្មិនកិត្តិយសចូលរួមដូចជា៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, តំណាងក្រសួងរ៉ែ និងថាមពល, តំណាងក្រសួងធនធានទឹក និងឧតុនិយម, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងតំណាងធនាគារពិភពលោក សម្របសម្រួល ដោយឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន ECOSOCC ។
No comments:
Post a Comment