Saturday, October 21, 2023

ប្រទះឃើញកាស សម័យបុរាណចំនួន១១៦កាស នៅជើងសសរនៃព្រះវិហារវត្តល្អក់ ក្នុងខេត្តសៀមរាប


ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញប្រាក់កាស(ស្លឹង)បុរាណសរុបទាំងអស់ប្រមាណ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ។


កាសបុរាណ ដែលគេប្រទះឃើញទាំងនោះ មានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី១៣-១៥មីលីម៉ែត្រ មានរូបសត្វ«ហង្ស» មួយបែបទៀតក៏មានរូប«ហង្ស»ដែរ តែលាយដោយអក្សរចិនអានថា«ជី»មានន័យថា«សំណាងល្អ»និងកាសម្យ៉ាងទៀតមានអក្សរថា«ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។


សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោក ប្លែស គីលីយ៉ង់ បានពន្យល់ថា កាសដែលមានរូប«ហង្ស»គឺបានបោះពុម្ព ឱ្យប្រើប្រាស់នៅស្រុកខ្មែរចាប់ពីអំឡុងសតវត្សរ៍ទី១៦-១៩នៃគ្រីស្ដសករាជ ឯកាសមួយបែបទៀត មានរូប«ហង្ស»ដែរនិងមានអក្សរចិនអានថា«ជី»នោះ ភាគច្រើនបានបោះពុម្ព និងដាក់ឱ្យចរាចរនៅខេត្តបាត់ដំបងក្នុងអំឡុងសតវត្សរ៍ទី១៩។ ចំណែកកាសមួយប្រភេទទៀត មានអក្សរថា«ព្រះតំបង» ហើយផ្ទៃម្ខាងទៀតមានរូបគ្រុឌគឺបោះពុម្ព និងចរាចរនៅខេត្តបាត់ដំបង អំឡុងនាសតវត្សរ៍ទី១៩។ 


គេដឹងថា ព្រះវិហារវត្តល្អក់ មានតម្លៃប្រវត្តិសាស្ត្រ ទាំងវិស័យសាសនា និងសិល្បៈដោយសារតែវត្តនេះមានអាយុកាលយូរលង់មកហើយ។ វត្តល្អក់ បានសាងសង់ឡើងដោយគ្រឿងបង្គុំធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងជុំវិញធ្វើពីឥដ្ឋបូកកំបោរបាយអរ។ សំណង់នេះ មានសសរ៤ជួរ ដោយមាន២ជួរនៅកណ្តាលជាសសរកន្លោងនិង២ជួរទៀតជាសសរជើងរាង។ បច្ចុប្បន្នសសរឈើរបស់ព្រះវិហារ ដែលកប់ក្នុងដីជាច្រើនឆ្នាំមកហើយ កំពុងមានភាពពុកផុយខូចខាតខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ការស្នាក់នៅរបស់ព្រះសង្ឃ ហើយវាទាមទារឱ្យក្រុមអ្នកជំនាញធ្វើការជួសជុលជាចាំបាច់៕


អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍