Monday, October 10, 2022

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង នៃសាលាបឋមសិក្សាប្រឡាយថ្ងូរ និងសមិទ្ធផលផ្សេងៗ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង



នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាប្រឡាយថ្ងូរ និងសមិទ្ធផលផ្សេងៗ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។



អញ្ជើញមានប្រសាសន៍ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឃុំតាប៉ុនទាំងមូល ដែលបានខិតខំប្រឹងប្រែងរួមសាមគ្គីគ្នា ដើម្បីបុព្វហេតុសុខសន្តិភាព ដើម្បីបុព្វហេតុ នៃការកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដូចជា ការខិតខំរួមគ្នាដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រួមគ្នាអភិវឌ្ឍន៍សមិទ្ធផលនានានៅក្នុងឃុំតាប៉ុន ដែលសម្ពោធនាឱកាសនេះ។


សម្ដេចក្រឡាហោម បានបន្តថា តួយ៉ាងដូចក្នុងរបាយការណ៍ លោកអភិបាលស្រុក បានបញ្ជាក់រួចមកហើយដែលថា ក្នុងដំណាក់កាលកូវីដ-១៩ កន្លងទៅនេះ ប្រជាពលរដ្ឋដោយមានការចាត់ចែងសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន បានសុខចិត្តចូលរួមគាំទ្រការចំណាយកម្លាំងពលកម្ម ដើម្បីធ្វើផ្លូវ ហើយអាជ្ញាធរវិញក៏បានផ្ដល់ជូនប្រជាជននូវថវិកាសមស្របអាចទទួលយកបាន ដែលមានន័យថា ក្នុងពេលតែមួយ ប្រជាពលរដ្ឋបានទាំងផ្លូវសម្រាប់ប្រើផលប្រយោជន៍រួម និងក៏ទទួលបានចំណូលសម្រាប់ការចូលរួមធ្វើពលកម្មផ្ទាល់។


សម្ដេចក្រឡាហោម បានចាត់ទុកការរួមចំណែកនេះថា ជាគំរូមួយក្នុងចំណោមវិធីជាច្រើនទៀត ក្នុងដំណើរការកសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈផ្សេងៗ។ សម្ដេច បន្តថា ជាការពិតហើយ ភាគច្រើនការកសាងសមិទ្ធផលនានាត្រូវប្រើគ្រឿងចក្រ ប៉ុន្តែពេលខ្លះក៏មានតម្រូវការចូលរួមជាកម្លាំងពលកម្មពីប្រជាពលរដ្ឋផងដែរ និងអ្វីដែលសំខាន់នោះ គឺឱ្យតែមានការគោរពសិទ្ធិ និងគោរពផលប្រយោជន៍របស់ប្រជាពលរដ្ឋ មុខជាមិនមានអ្វីជាការខុសឆ្គង ឬប៉ះពាល់នោះឡើយ។


សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះ ថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកាគាំទ្រដំណើរការកសាងសាលារៀនដែលក្លាយជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍សាធារណៈ ហើយសាលាក៏ដូចជាសមិទ្ធផលផ្សេងទៀតនេះ គឺមិនមែនជាសាលាសម្ដេចផ្ទាល់ ឬសប្បុរសជនណាមួយនោះទេ ពោលគឺចាប់ពីពេលនេះទៅ សមិទ្ធផលនេះជារបស់ប្រជាជន របស់អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដូច្នេះត្រូវមានការចូលរួមថែទាំ និងម្ចាស់ការក្នុងការគ្រប់គ្រងពីប្រជាពលរដ្ឋ។


សម្ដេចក្រឡាហោម ក៏បានប្រកាសពីការត្រៀមលក្ខណៈរបស់សម្ដេច និងក្រុមការងារដើម្បីគាំទ្របន្ថែមទៀតសម្រាប់ការអភិវឌ្ឍមូលដ្ឋានឃុំតាប៉ុននេះ ក៏ដូចជាមូលដ្ឋានផ្សេងទៀតដែរ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានសមល្មមទៅតាមលទ្ធភាព។ សម្ដេច បន្តថា រាជរដ្ឋាភិបាល បានដាក់ការប្ដេជ្ញាចិត្ត ហើយបាននឹងកំពុងខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍធនធានមនុស្ស ការស្ថាបនាផ្លូវថ្នល់ ជំរុញការតភ្ជាប់ និងបង្កើតប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងអគ្គិសនីជូនប្រជាពលរដ្ឋ។


សម្ដេចក្រឡាហោម ក៏បានឆ្លៀតផ្ដល់ទស្សនទានជូនអង្គពិធីអំពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយ សម្ដេច បានទាញចំណាប់អារម្មណ៍អង្គពិធីភ្ជាប់កំណែទម្រង់នេះទៅនឹងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបន្ថែមថា ការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃការផ្ដល់លទ្ធភាពឱ្យថ្នាក់ក្រោមជាតិ រួមទាំងក្រុមប្រឹក្សាឃុំ សង្កាត់ មានឱកាស និងលទ្ធភាពបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ និងប្រកបដោយទំនួលខុសត្រូវ៕


ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពី កិច្ចប្រជុំផ្សព្វផ្សាយអំពីការងារសន្តិសុខ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ គេហទំព័រ គ.ជ.ប http://www.nec.gov.kh

 សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពី

កិច្ចប្រជុំផ្សព្វផ្សាយអំពីការងារសន្តិសុខ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

គេហទំព័រ គ.ជ.ប http://www.nec.gov.kh





លោក ឌិត ទីណា ត្រូវបានរាជរដ្ឋាភិបាល ស្នើរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មជំនួស លោក វេង សាខុន

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានរាជរដ្ឋាភិបាល ស្នើរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស លោក វេង សាខុន ដែលត្រូវបានបញ្ចប់តំណែង។


យោងតាមលិខិតរាជរដ្ឋាភិបាលលេខ៩៩០ លស ចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានស្នើទៅកាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែម សមាជិករាជរដ្ឋាភិបាល។


លិខិតសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងដូច្នេះថា៖ «យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ព្រមទាំងព្រះរាជក្រឹត្យលេខ នស/រកត/០៨១៨/៨៦២ ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៨ ស្តីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាម តម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមស្នើ សម្តេចប្រធានរដ្ឋសភា មេត្តាអនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។


បើតាមលិខិតរបស់រដ្ឋសភា បានឱ្យដឹងថា រដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីពិនិត្យលើសំណើរបស់ រាជរដ្ឋាភិបាលក្នុងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


ប្រភពច្បាស់ការបានឱ្យដឹងថា ការបោះឆ្នោតអាចនឹងធ្វើនៅក្នុងកិច្ចប្រជុំពេញអង្គ នាថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ សប្តាហ៍នេះតែម្តង។


តបតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោក វេង សាខុន ត្រូវបានព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


ហេតុផលចម្បង នៃការបញ្ចប់តំណែងនេះ មិនទាន់ត្រូវបានបង្ហើបនៅឡើយទេ ប៉ុន្តែភ្លាមៗ បន្ទាប់ពីមានការបញ្ចប់តំណែងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិ អំពីស្ថានភាព នៃទឹកជំនន់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម ខណៈដែល លោក វេង សាខុន អវត្តមាននៅក្នុងប្រទេស ដោយទៅបំពេញទស្សនកិច្ចនៅអឺរ៉ុប៕






សម្តេចតេជោ ហ៊ុន សែន៖ ដោយសារតែភាពអវិជ្ជានិងការបំពានច្បាប់ ទើបពួកប្រឆាំងជាប់គុក និងរត់ចោលស្រុក

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារតែភាពអវិជ្ជា និងការរំលោភបំពានច្បាប់ ទើបពួកប្រឆាំង ចេះតែជាប់គុក និងរត់ចោលស្រុកកន្លងមក។ សម្តេចបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតកាយរឹទ្ធជាតិកម្ពុជាអាណត្តិទី៤ ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ 

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពួកប្រឆាំងមួយចំនួន តែងតែជាប់គុក និងរត់ចោលស្រុក ប៉ុន្តែប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងរស់នៅយ៉ាងសុខសាន្តទៅវិញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យក្រុមប្រឆាំងធ្វើការសិក្សាពីច្បាប់រដ្ឋធម្មនុញ្ញមាត្រានីមួយៗឱ្យបានច្បាស់លាស់ មុននឹងចោទប្រកាន់មកលើការសម្រេចចិត្តរបស់សម្តេចក្នុងការដករដ្ឋមន្រ្តីនោះ៕



សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតនៃសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។


ឯកឧត្តម Stefan បានគោរពសម្ដែងនូវការរីករាយដែល ឯកឧត្តមត្រូវបានមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាតាមបំណងរបស់ឯកឧត្តម។ ឯកឧត្តម Stefan ក៏បានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោដែលបានដឹកនាំកម្ពុជា ឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយអាល្លឺម៉ង់ មានសេចក្ដីរីករាយណាស់ ដែលបានចូលរួមដំណើរ និងបានចូលរួមជួយដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួលបានជោគជ័យរបស់កម្ពុជា ។


ជាមួយគ្នានោះដែរ ឯកឧត្តម Stefan ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការទូតនេះ ឯកឧត្តម និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស នឹងប្រឹងប្រែងជំរុញឲ្យមានការវិនិយោគកាន់តែខ្លាំងឡើងមកកាន់កម្ពុជា។


ក្នុងឱកាសនេះដែរ ឯកឧត្តម Stefan ក៏បានគោរពវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តរបស់កម្ពុជា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន។ ឯកឧត្តម Stefan ក៏បានសំដែងនូវការវាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមដោយផ្ទាល់របស់សម្ដេចតេជោ ចំពោះការជួយស្វែងរកដំណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ា ។


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍និងសំដែងនូវការអបអរសាទរចំពោះឯកឧត្តម Stefan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា ហើយសម្ដេច បានមានប្រសាសន៍ថា រាល់ការជោគជ័យរបស់កម្ពុជា ការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ជំនួយរបស់ប្រទេសអាល្លឺម៉ង់ទេ ជាពិសេស ថ្មីៗនេះ ជំនួយរបស់អាល្លឺម៉ង់ បានជួយកម្ពុជាយើង ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។


ចំពោះសង្គ្រាមនៅអ៊ុយក្រែនសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន គឺជារឿងមួយ តែករណីដាក់ទណ្ឌកម្មហួសហេតុពេក ធ្វើឱ្យមានការប៉ះពាល់មិនត្រឹមតែរុស្ស៊ី អឺរ៉ុបទេ គឺថែមទាំងប៉ះពាល់ដល់ពិភពលោកទាំងមូលផង ក្នុងនោះ ក៏រួមទាំងកម្ពុជាផងដែរ។ ចំពោះករណីនេះ គប្បីណាមានការពិនិត្យមើលឡើងវិញ ។


ចំពោះករណីប្រទេសមីយ៉ាន់ម៉ាវិញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាល់ការប្រឹងប្រែងទាំងអស់ គឺដើម្បីសេចក្ដីសុខសន្តិភាពសម្រាប់ប្រជាជនមីយ៉ាន់ម៉ាផង សម្រាប់តំបន់ផងនិងពិភពលោកផង។ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោផ្ទាល់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នោះ គឺទី១-ដើម្បីជំរុញឱ្យមានការឈប់បាញ់គ្នា, ទី២-ចង់ឱ្យមានការជួយផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងតែត្រូវការ និងទី៣-ជំរុញឱ្យមានកិច្ចពិភាក្សាគ្នាផ្នែកនយោបាយ តែពុំទទួលបានជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានមានប្រសាសន៍ថា យើងត្រូវតែមានការអត់ធ្មត់នឹងប្រឹងប្រែងបន្តទៀត ៕






គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភានៃបណ្ដាប្រទេស G20 (P20) នៅប្រទេសឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភានៃបណ្ដាប្រទេស G20» (P20) ចាប់ពីថ្ងៃទី ៥-៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ «ការពង្រឹងតួនាទីសភាដើម្បីការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព»។

កិច្ចប្រជុំនេះត្រូវបានប្រកាសបើកក្រោមអធិបតីភាពរបស់ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី លោកស្រីបណ្ឌិត Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី និង លោក Duarte Pacheco ប្រធានសហភាពអន្តរសភា (IPU) ដោយមានការចូលរួមពីថ្នាក់ដឹកនាំសភានៃប្រទេសជាសមាជិក G20 ភ្ញៀវម្ចាស់ផ្ទះ និងអង្គការអន្តរជាតិចំនួនប្រមាណ ២០០នាក់ មកពីប្រមាណ ៣០ ប្រទេស។

កិច្ចប្រជុំបានពិភាក្សា និងចែករំលែកបទពិសោធន៍លើប្រធានបទសំខាន់ៗចំនួន ០៤ រួមមាន៖ ១-ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងសេដ្ឋកិច្ចបៃតង ២-បញ្ហាប្រឈមកំពុងលេចឡើង ស្តីពីសន្តិសុខស្បៀងអាហារ ថាមពល និងសេដ្ឋកិច្ច ៣-ប្រសិទ្ធភាពកិច្ចការសភានិងប្រជាធិបតេយ្យ រឹងមាំ និង ៤-បរិយាប័ន្នសង្គម សមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិស្រ្តី។

ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូកម្ពុជាបានជួបសម្តែងការគួរសមជាមួយប្រធាន និងអនុប្រធានសភាមកពីប្រទេសអារ៉ាប់រួមអេមីរ៉េត ឥណ្ឌា អង់គ្លេស អាហ្សែបាយហ្សង់ សិង្ហបុរី ហ្វីជី ចិន កាហ្សាក់ស្ថាន និងប្រធាន IPU។ ក្នុងជំនួបនោះដែរ គណៈប្រតិភូអារ៉ាប់រួមអេមីរ៉េតបានឯកភាពជាគោលការណ៍ទទួលការអញ្ជើញរបស់រដ្ឋសភាកម្ពុជា ដើម្បីចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខ។

ដោយឡែក គណៈប្រតិភូកម្ពុជាក៏ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការកិច្ចសហប្រតិបត្ដិការអន្ដរសភានៃរដ្ឋសភាឥណ្ឌូនេស៊ី ក្នុងនោះគណៈប្រតិភូឥណ្ឌូនេស៊ីក៏បានបញ្ជាក់អំពីការចូលរួមរបស់ប្រធានសភាឥណ្ឌូនេស៊ីនៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ នៅកម្ពុជា ផងដែរ។

កិច្ចប្រជុំបានបញ្ចប់ដោយសម្រេចចេញនូវ «សេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ» ដែលផ្តោតសំខាន់លើការពង្រឹងតួនាទីសភាក្នុងការជំរុញវប្បធម៌សន្តិភាព សមភាពយេនឌ័រ ភាពអត់ឱន និងសាមគ្គីភាពនៅក្នុងតំបន់និងពិភពលោក ដើម្បីការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព ព្រមទាំងបានប្រកាសអំពីការរៀបចំកិច្ចប្រជុំ P20 លើកទី៩ ដែលរដ្ឋសភាឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ៕





ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទសន្និបាតកាយឫទ្ធិជាតិកម្ពុជា

នៅរសៀល ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតកាយឫទ្ធិជាតិកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សមាគមន៍កាយឫទ្ធិគឺជាចលនាអប់រំក្រៅប្រព័ន្ធយ៉ាងសកម្មមួយដែលបានចូលរួមគាំទ្រដល់ប្រព័ន្ធអប់រំនៅកម្ពុជា និងបានចូលរួមយ៉ាងជោគជ័យក្នុងសកម្មភាពស្ម័គ្រចិត្តក៏ដូចអនុវត្តគម្រោងសហគមន៍ផ្សេងៗ តាមរយៈការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍នានា។ កម្ពុជាបានបង្កើតក្រុមកាយឫទ្ធិកាលពីឆ្នាំ ១៩៤៣ តែមិនទាន់ចូលជាកាយឫទ្ធិពិភពលោកនោះទេ។ ដោយសារសង្គ្រាម ក្រុមកាយឫទ្ធិនេះក៏ត្រូវបានរំសាយ ហើយក្រោយចប់សង្គ្រាមគឺនៅឆ្នាំ ១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ ២០០៦ ក៏មានការប្រជុំធំមួយរហូតដល់ឆ្នាំ ២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាពកាយឫទ្ធិពិភពលោក។ កាយឫទ្ធិជាតិកម្ពុជា គឺជាធនធានដ៏មានសារៈសំខាន់ដែលត្រូវតែអភិវឌ្ឍធនធានទាំងនេះឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវក្នុងសង្គម និងជាសមាជិកសកម្មក្នុងសហគមន៍នៅតាមមូលដ្ឋានរស់នៅដោយផ្អែកលើមូលដ្ឋានរៀនដោយអនុវត្តជាក់ស្តែង និងវិធីកាយឫទ្ធិធកម្ម។

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទខ្នារផ្ទោលស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប

 ប្រាសាទខ្នារផ្ទោល ជាប្រាសាទសង់អំពីឥដ្ឋ និងថ្មបាយក្រៀមដែលមានចំនួន២ប៉ម ដោយប៉មនីមួយៗមានទំហំទទឹង៤ម៉ែត្រ បណ្តោយ៦ម៉ែត្រ និងកម្ពស់៦ម៉ែត្រ ឈរទន្ទឹមគ្នា ជើង ត្បូងនៅលើរចនាសម្ពន្ធបុរាណមានកសិន្ធុទឹកពទ្ធ័ជុំវិញ។ ប្រាសាទនេះ បច្ចុប្បន្នស្ថិតនៅដាច់ស្រយាលចម្ងាយប្រមាណ៧០គីឡូម៉ែត្រ ភាគខាងជើងឈៀងខាងលិច ពីទីរួមខេត្តសៀមរាប និងឆ្ងាយពីទីប្រជុំជននៃស្រុកវ៉ារិន ហើយកន្លងមក ការថែទាំ និងអភិរក្សពុំទាន់បានអនុវត្តគ្រប់ជ្រុងជ្រោយនៅឡើយ។ ហេតុដូច្នេះហើយ បច្ចុប្បន្នគេសង្កេតឃើញថា រចនាសម្ពន្ធរបស់ប៉មថ្ម និងប៉មឥដ្ឋទាំងមូលរងការខូចខាតធ្ងន់ធ្ងរ ដោយសាររុក្ខជាតិតូចធំជាច្រើនដុះលើប៉មប្រាសាទ និងមានបញ្ហា ទទួលនូវជម្រាបទឹកជាប្រចាំបណ្តាលឱ្យរចនាសម្ពន្ធប្រាសាទរងនូវការខូចទ្រង់ទ្រាយដោយផ្នែកៗ។


អ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណមួយនេះ ដើម្បីឱ្យគេចផុតពីការបាត់បង់ទៅថ្ងៃមុខ តាមរយៈមធ្យោបាយជួយសង្រ្គោះបន្ទាន់ដោយប្រើប្រាស់បច្ចេកទេសទល់ទ្រ និងជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋដោយផ្នែកៗ។ 


លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សំណង់ប្រាសាទខ្នារផ្ទោលនេះ ជាមរតកបេតិកភណ្ឌជាតិមានតម្លៃខ្លាំង ដែលត្រូវយកចិត្តទុកដាក់ថែរក្សា និងការពារកម្រិតខ្ពស់ ព្រោះវាកំពុងស្ថិតនៅរូបរាងច្បាស់លាស់ដែលអាចឱ្យភ្ញៀវទេសចរទស្សនា និងស្វែងយល់បានច្បាស់អំពីសំណង់ស្ថាបត្យកម្មខ្មែរ និងប្រវត្តិនានាទាក់ទងទៅនឹងសិល្បៈនៃការសាងសង់ប្រាសាទនេះឡើងនាសម័យអតីតកាល។


 កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ គឺមួយផ្នែកត្រង់រចនាសម្ពន្ធរបស់ខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង រួមមាន ផ្តែរ សសរពេជ្របានរលុះចេញពីទីតាំងដើមដោយសារកត្តាធម្មជាតិ។ ចំណែក ស្រទាប់ឥដ្ឋដែលសេសសល់ស្ថិតនៅខាងលើផ្តែរ ក៏កំពុងប្រឈមនឹងបន្តការលុះនាពេលបន្ទាប់ខាងមុខ។  ដូចនេះ អាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងរកវិធីទប់ស្កាត់ និងជួយសង្គ្រោះបន្ទាន់ដោយប្រើប្រាស់បច្ចេកទេសទល់ទ្របណ្តោះអាសន្ននៅត្រង់ខ្លោងទ្វារខាងកើតគឺក្នុងបំណងកាត់បន្ថយរាល់ហានិភ័យទាំងនោះ និងអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សាលម្អិតអំពីកម្រិតខូចខាតទាំងមូល រួមទាំងរៀបចំកម្មវិធីអភិរក្ស និងជួសជុលសម្រាប់រយៈពេលវែងក្នុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤។


លោក តាន់ សុផល បានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមអ្នកបច្ចេកទេសខ្មែរនៃអាជ្ញាធរជាតិអប្សរា កំពុងប្រតិបត្តិផ្នែកអភិរក្សប្រាសាទនេះឡើងវិញ ក្នុងដំណាក់កាលទី២បន្ទាប់ពីធ្វើការទល់ទ្របឋមរួចរាល់កន្លងមក ក្នុងនោះកិច្ចការសង្គ្រោះបន្ទាន់ គឺនឹងរៀបចំជួសជុលសសរពេជ្រដែលបាក់បែកទាំងសងខាង ដើម្បីមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដំឡើងថ្មផ្តែរដាក់នៅត្រង់ទីតាំងដើមវិញក្នុងស្ថានភាពមានសុវត្ថិភាពគ្រប់គ្រាន់ រួមទាំងជួសជុលជញ្ជាំងឥដ្ឋ និងសសរផ្អោបទាំងពីរនៅខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង។


ការសិក្សាលម្អិតអំពីប្រវត្តិសាស្រ្តនៃសំណង់ប្រាសាទខ្នារផ្ទោល នឹងបន្តអនុវត្តដោយបង្កើតឱ្យមានកម្មវិធីកំណាយស្រាវជ្រាវ ផ្នែកបុរាណវិទ្យា ពិនិត្យរាល់ស្លាកស្នាមនានាទាំងចម្លាក់វត្ថុសិល្បៈ និងភស្តុតាងដទៃទៀតសម្រាប់ជាអំណះអំណាងបញ្ជាក់អំពី ប្រវត្តិនៃសំណង់ពិតប្រាកដ៕


អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ លោក យី សុថា





គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត

(ភ្នំពេញ)៖ យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ (បញ្ជីបោះឆ្នោតចុងក្រោយ) និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ត្រូវបានបិទផ្សាយជាសាធារណៈ នៅតាមបណ្ដាឃុំ សង្កាត់ទូទាំងប្រទេស នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។


ក្នុងដំណើរការនេះ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត សហការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ទាំង ១,៦៥២។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានបង្ហោះបញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត នៅលើគេហទំព័រ www.nec.gov.kh ព្រមទាំងនៅក្នុងកម្មវិធីទូរស័ព្ទដៃ (App) NEC KH ផងដែរ។


សូមបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត មានគោលបំណងឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត និងដឹងពីទីតាំងការិយាល័យដែលត្រូវចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត។


ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយកត់ត្រាមិនបានត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានប្រើប្រាស់នៅពេលចុះឈ្មោះបោះឆ្នោតកន្លងមកទេ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២៕