Monday, December 19, 2022

ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប !

 នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ លោកជំទាវ គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង បានឲ្យដឹងថា ក្រសួងព្រះបរមរាជវាំង ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញពីសំណាក់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានរៀបចំជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ នៃសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប ចាប់តាំងពីដើមឆ្នាំ២០២០ និងរួចជាស្ថាពរនៅក្នុងខែតុលា ឆ្នាំ២០២២។ ក្នុងពេលវេលាបន្តបន្ទាប់មកនេះ ក្រុមការងារបានសាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ផងដែរ។ មុននឹងបង្កើតរូបមេទ័ពទាំងនេះក្រសួងបានបង្កើតក្រុមការងារសហការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យាអក្សសាស្ត្រ និងសិលាចារិកជាមួយសកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្ប: ដោយបានស្រាវជ្រាវនូវឯកសារសារជាច្រើន និងចុះទៅពិនិត្យរូបចម្លាក់មេទ័ពនៅតាមជញ្ជាំងប្រាសាទនានា ដូចជាប្រសាទបន្ទាយឆ្មា បាពួន បាយ័ន អង្គរវត្ត។ល។ ដើម្បីស្វែងយល់ និងកត់ត្រាប្រមូលទិន្នន័យពីប្រវត្តិនៃមេទ័ពដែលមានស្នាដៃ ជាពិសេសឥទ្ឋិពលធំធេងសម្រាប់ជាតិក្នុងរជ្ជកាលរបស់ខ្លួន។ ក្នុងនោះមេទ័ពជាង ៣០រូប ដែលបានបំរើរាជការនៅក្នុងរជ្ជកាលនៃសម័យអង្គរត្រូវបានក្រុមការងារកំណត់ និងប្រមូលទិន្នន័យ។ តាមរយ:អង្គសិក្ខាសាលាពាក់ព័ន្ឋនឹងការស្រាវជ្រាវនេះ ធ្វើឡើងកាលពីអំឡុងខែឧសភា ឆ្នាំ២០២១នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប:ផ្នែកសិប្បរកម្ម ក្រុមការងារបានពិភាក្សាជ្រើសរើសយកមេទ័ពបានចំនួន ១២រូប ដែលកើត និងបំរើការាជការនៅសម័យបាពួន ២រូប សម័យអង្គរ ៧រូប និងសម័យបាយ័ន ៣រូប ដែលមានប្រវត្តិអង់អាចក្លាហាន និងទិន្នន័យគ្រប់គ្រាន់ ដើម្បីចងក្រងជាឯកសារ និងបានធ្វើការសាងសង់រចនាឱ្យចេញជារូបរាងឡើងហើយយកមកដាក់តាំងក្នុងបរិវេណសួននេះ។ ផ្អែកទៅលើតឹកតាងសិលាចារិក និងរូបភាពនៅតាមជញ្ជាំងប្រាសាទ សិក្ខាសាលាបានកំណត់យករូបចំនួន១២ ដែលមានទិន្នន័យច្រើនជាងគេ នៅក្នុងសិលាចារិកនិងចម្លាក់តាមជញ្ជាំងប្រាសាទមកដាក់តាំងបង្ហាញហើយការកំណត់យកចំនួន១២រូបនេះគឺជាលេខដែលខ្មែរយើងតែងប្រើញឹកញាប់ និងតំណាងនៃនគរទាំង១២ របស់ប្រវត្តិសាស្ត្រខ្មែរ។ ជាមួយនោះទាំង រូបរាង សម្លៀកបំពាក់ អាវុធបរិក្ខា អាវក្រោះ ម៉ូដសក់នៃមេទ័ពទាំង១២ត្រូវបានស្មូនរចនាឡើងទៅតាមលំនាំសម័យកាលនៃមេទ័ពនោះ។ រូបសំណាកទាំង១២ ត្រូវបានសាងសង់ឡើងអំពីលោហ:ស្ពាន់ រចនាឡើងជាចម្លាក់មូល គឺមានលក្ខណ: និងទ្រង់ទ្រាយពេញលេញ មានកម្ពស់ ២ម៉ែត្រ ១តឹកដូចៗគ្នា ដោយមិនគិតពីជើងទម្រ និងមានទម្ងន់ពី២០០ ទៅ៣០០គ.ក្រ ទៅតាមរូបរាងសណ្ឋាន អាវុធបរិក្ខានៃរូបមួយៗ។ ទ្រង់ទ្រាយមុខមាត់នៃរូបសំណាកទាំងនេះ គឺជាងស្មូន ច្នៃឡើងតាមទម្រង់មុខ អត្តចរឹតខ្មែរបុរាណសុទ្ធសាធទៅតាមសម័យកាលដែលមេទ័ពនោះរស់នៅ និងបំរើការរាជការ តាមរយ:រូបភាព និងចម្លាក់នៅលើជញ្ជាំងប្រាសាទ។ ថ្វីត្បិតតែជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មី ប៉ុន្តែស្នាដៃដែលលេចឡើងនេះ ត្រូវបានរក្សា និងអនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ច ដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រយើងនោះឡើយ។ ការជួសជុល ពង្រីក កែកម្អរបង និងសួនផ្កាបន្ថែមនេះ គឺបង្វែទិសចរាចរណ៍ឆ្លងកាត់ទៅមករបស់ប្រជារាស្ត្រ ដើម្បីរក្សាសុវត្ថិភាព សម្រាប់ព្រះរាជដំណាក់ ព្រះវិហារព្រះអង្គចេកព្រះអង្គចម និងសុវត្ថិភាពព្រះមហាក្សត្រ ដោយសារតែព្រះរាជដំណាក់មានទីតាំងនៅកៀកជិតនឹងផ្លូវជាតិ ម្យ៉ាងទៀតចំណុចតំបន់នេះ ជាទីតាំប្រវត្តិសាស្ត្រ ដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទាមទារបានឯករាជ្យជូនជាតិមាតុភូមិពីអាណានិគមបារាំងនៅក្នុងព្រះរាជដំណាក់តូចនេះផងដែរ។

សូមជម្រាបជូនថា ក្រសួងព្រះបរមរាជវាំង  បានចាត់ទុកព្រះរាជដំណាក់ និងព្រះអង្គចេកព្រះអង្គចម ក្នុងខេត្តសៀមរាបនេះ ជាទីដ៏ពិសិដ្ឋមួយដូចគ្នាទៅនឹងព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំងនៅរាជធានីភ្នំពេញ ដែលគួរទទួលបាននូវការការពារ មានបរិស្ថានស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយល្អ ដែលទាមទារឱ្យមានការរៀបចំបរិស្ថានជុំវិញទីនេះមានសោភ័ណភាពបៃតងស្រស់ មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងការពាររពារនូវសុខសុវត្ថិភាពជាចម្បង យ៉ាងណាក្តីក៏មិនបានកាត់ផ្តាច់ទំនាក់ទំនងលំហូរនៃការមកគោរពបូជា បន់ស្រន់ដោយថ្មើរជើងនៅព្រះវិហារព្រះអង្គចេកព្រះអង្គចម លោកយាយទេព និងដើរទស្សនាក្នុងសួនព្រះរាជដំណាក់នេះនោះទេ ពោលសាធារណជនទូទៅ ភ្ញៀវជាតិ និងបរទេសអាចចូលមកទស្សនា និងគោរពបូជា បានជាធម្មតា។។ លោកជំទាវ បានបញ្ជាក់បន្ថែមថា៖ ការកសាងសូនឱ្យចេញជារូបរាងនៃមេទ័ពទាំងនេះគឺធ្វើឡើង ថ្វាយក្នុងរជ្ជកាលព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្នាដៃថ្មីនៃកូនខ្មែរ ក្នុងរជ្ជកាលនេះ ដើម្បីទុកជូនកូនខ្មែរជំនាន់ក្រោយៗបានដឹង ស្គាល់នូវមេទ័ពខ្មែរទាំងនេះ ដែលពួកគាត់បានធ្វើពលិកម្ម លះបង់កម្លាំងកាយចិត្ត អាយុជីវិត ដើម្បីការពារជាតិ ការពារទឹកដី

នៃមហានគរខ្មែររបស់យើង ដូចនេះពួកគាត់គួរបានទទួលការគោរព និងកត់ត្រាទុកបន្ថែមទៀត។ ក្រសួងចង់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថារូបសំណាកទាំងនេះជាស្នាដៃសិល្ប:ចម្លាក់សម័យថ្មី ផ្អែកលើឯកសារប្រវត្តិបុរាណ និងសិលាចារិករបស់ខ្មែរ បន្ថែមពីនេះ នៅពេលខាងមុខក្រសួងនឹងបោះពុម្ពជាផ្លូវការនូវសៀវភៅប្រវត្តិមេទ័ពទាំងអស់នេះសម្រាប់ឱ្យមហាជនទូទៅ នរៈវិទូឬអ្នកស្រាវជ្រាវ អាចស្រាវជ្រាវ សិក្សាស្វែងយល់ បានគ្រប់ៗគ្នា៕




សម្តេចតេជោ ហ៊ុន សែន ៖ សន្តិភាពជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បាន៧ %ជាមធ្យមប្រចាំឆ្នាំ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការបង្រួមបង្រួមជាតិ សន្តិភាព និងស្ថិរភាពនយោបាយ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» នៅវិមានសន្តិភាព រាជធានីភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សន្តិភាពបានក្លាយទៅជាចលករ និងចន្ទល់ដ៏រឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានក្នុងអត្រា ៧ភាគរយ ជាមធ្យមប្រចាំឆ្នាំ រហូតធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ ហើយកម្ពុជាកំពុងបោះជំហ៊ានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០៕





សម្តេចតេជោ ហ៊ុន សែន៖ ចិន ជាដៃគូពាណិជ្ជកម្មធំបំផុតទី១របស់អាស៊ាន

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី១របស់អាស៊ាន ដោយពាណិជ្ជកម្មសរុបរវាងអាស៊ាន និងចិន បានកើនឡើងរហូតដល់ប្រមាណ៦៦៩ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ខណៈដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ពីចិនមកអាស៊ាន មានចំនួន១៣,៦ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដែលកើនឡើងជិតទ្វេដងធៀបនឹងឆ្នាំ២០២០។សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលពិធីប្រគល់ និងទទួលពានរង្វាន់នេះ ត្រូវប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានរីកចម្រើនជាលំដាប់ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដោយឆ្លុះបញ្ចាំងតាមរយៈការបង្កើត «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» កាលពីឆ្នាំ២០២១ ហើយក៏កំពុងឈានទៅស្ថាបនា «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានទម្រង់៣.០»នាពេលឆាប់ៗខាងមុខ៕






សម្តេចតេជោ ហ៊ុន សែន ៖ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានបានជោគជ័យ គឺជាមោទនៈភាពសម្រាប់កម្ពុជាលើឆាកអន្តរជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ក្នុងឆ្នាំ១៩៩៩ កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក បានកសាងចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើរជាមួយបណ្តាប្រទេសនានា ហើយបានកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាពក្នុងកិច្ចការអន្តរជាតិទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា កិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យនៅឆ្នាំ២០០២ ២០១២ និង២០២២ គឺជាមោទនៈភាពជាតិសម្រាប់កម្ពុជា លើឆាកអន្តរជាតិ ដែលបង្ហាញដល់ពិភពលោកអំពីស្មារតីរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសកលលោក និងតំបន់៕





សម្តេចតេជោ ហ៊ុន សែន ៖ ទោះបីជួបសម្ពាធនានា តែកម្ពុជានៅបន្តដឹកនាំនាវាអាស៊ានប្រកបដោយជោគជ័យ និងដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា សម្រាប់ឆ្នាំ ២០២២នេះ កម្ពុជាបានទទួលជាប្រធានអាស៊ានប្តូរវេនជាលើកទី ៣ ស្របពេលដែលតំបន់ និងសកលលោកកំពុងប្រឈមនឹងសម្ពាធគ្រប់ទិសទី ដែលសម្ពាធទាំងនោះរួមមាន ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាម ជំងឺកូវីដ១៩ វិបត្តិស្បៀងអាហារ និងថាមពល និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា សម្តេចតេជោ ថ្លែងបញ្ជាក់ថា បើទោះបីជួបប្រទះនូវបញ្ហាប្រឈមជាច្រើនក្តី កម្ពុជាបានដឹកនាំនាវាអាស៊ានប្រកបដោយជោគជ័យ ក្រោមមូលបទ អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់លើរបៀបវារៈសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការព្យាយាមប្រមូលមុខដាក់គ្នារវាងប្រទេសមហាអំណាចធំៗ បណ្តុះបណ្តាលទំនាក់ទំនងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងសង្គម និងសេដ្ឋកិច្ច កសាងទំនុកចិត្តជាមួយប្រទេសដៃគូសហមារណកម្មតំបន់ និងសម្រេចឱ្យបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០២៥៕





សុន្ទករថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលពានរង្វាន់ សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»។

ពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់ មេដឹកនាំឆ្នើម នឹងត្រូវប្រព្រឹទ្ធទៅនៅវិមានសន្តិភាព។ ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។

ខាងក្រោមជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖


********

Remarks by Samdech Techo HUN SEN, Prime Minister of the Kingdom of Cambodia, At the Conferment Ceremony of the Distinguished World Leader Lifetime Achievement Award, by Strategic Institute for Asia Pacific (KSI), On "Enhancing ASEAN-China Relations"
Peace Palace,19th December 2022